២០២២
ថ្នាក់​ដឹកនាំ​សាសនាចក្រ​ធ្វើ​ការងារបម្រើ​ដល់​ប្រជាជាតិ​ជាច្រើន
ខែ វិច្ឆិកា ឆ្នាំ ២០២២


ព័ត៌មាន​សាសនាចក្រ

ថ្នាក់​ដឹកនាំ​សាសនាចក្រ​ធ្វើ​ការងារបម្រើ​ដល់​ប្រជាជាតិ​ជាច្រើន

ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​បន្ត​ការងារ​បម្រើ​ទូទាំង​ពិភពលោក​របស់​ពួកលោក​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​កន្លង​ទៅ ។ នេះ​គឺជា​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ពី​សកម្មភាព​ជាច្រើន​របស់​ពួកលោក ចាប់តាំង​ពី​សន្និសីទទូ​ទៅចុង​ក្រោយ ។

ប្រធាន អូក បាន​គិតពិចារណា​ពី​ឥទ្ធិពល​របស់ស្ត្រី

នៅក្នុង​វីដេអូ​របស់​សាសនាចក្រ​ដែល​បាន​ចេញផ្សាយ​នៅ​ខែ កញ្ញា ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ បាន​មាន​ប្រសាសន៍​អំពី​ឥទ្ធិពល​របស់​ម្ដាយ និង​ជីដូន​របស់​លោក​ក្នុង​ការ​ជួយ​លោក​អភិវឌ្ឍ​ទីបន្ទាល់ និង​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ ។ ឥទ្ធិពល​របស់​ស្ត្រី​នៅក្នុង​ជីវិត​របស់​លោក​បាន​បន្ត​ជាមួយនឹង​ភរិយា​របស់លោកគឺ ស៊ីស្ទើរ ជូន អូក ហើយ​បន្ទាប់ពី​គាត់​ស្លាប់​ទៅ បន្ត​ជាមួយ​ភរិយា​របស់​លោក ស៊ីស្ទើរ គ្រីស្ទីន អូក ។

ប្រធាន អូក បាន​មាន​ប្រសាសន៍​ថា « គ្រូបង្រៀន​ដ៏​សំខាន់​បំផុត​ដែល​ខ្ញុំ​មាន​នៅក្នុង​ផ្នែក​នៃ​គោលលទ្ធិ និង​ការបម្រើ​របស់​សាសនាចក្រ និង​ទំនួលខុសត្រូវ​ក្នុង​គ្រួសារ—ដែល​មាន​ឥទ្ធិពល​ដូច​គ្នា​នឹង​ប្រធាន​នៃ​សាសនាចក្រ​ដែរនោះ—គឺ​ស្ត្រី » ។

អែលឌើរ អុជដូហ្វ បាន​ថ្លែង​ទៅកាន់​ជន​ភៀស​ខ្លួន

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​អញ្ជើញ​ទៅ​ប្រទេស ប៉ូឡូញ នៅ​ខែ​មេសា ។ លោក​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​ជន​ភៀសខ្លួន​អ៊ុយក្រែន ដែល​បាន​ជ្រកកោន​បណ្ដោះ​អាសន្ន​នៅ​ទីនោះ ។

នៅ​ដំណើរ​ទស្សនកិច្ច​នោះ អែលឌើរ អុជដូហ្វ ដែល​ធ្លាប់​ជា​ជនភៀស​ខ្លួន​ម្នាក់​តាំងពី​ក្មេង បាន​មាន​ប្រសាសន៍​ថា បេះដូង​របស់​លោក​ពោរពេញ​ដោយ « ទុក្ខសោក​យ៉ាង​ខ្លាំង​ចំពោះ​ទុក្ខ​លំបាក » នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ និង​អ្នក​ដទៃ​ទៀត​នៅ​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្រ្គាម ប៉ុន្តែ​ក៏​មាន​អំណរគុណ​ផងដែរ ។

លោក​បាន​មាន​ប្រសាសន៍​ថា « បុគ្គល និង​គ្រួសារ​ទាំង​នេះ​បាន​ពង្រឹង និង​លើកស្ទួយ​យើង​ដោយ​សេចក្ដី​ល្អ ទំនុកចិត្ត និង​សេចក្ដី​ជំនឿ​របស់​ពួកគេ​នៅលើ និង​សម្រាប់​ព្រះអង្គ​សង្គ្រោះ និង​គោលបំណង​ដ៏​ទេវភាព​របស់​ទ្រង់ » ។ « ហ៊ែរៀត និង​ខ្ញុំ​សង្ឃឹម​ថា​នឹងអាច​ពង្រឹង ហើយ​លួងលោម​ដល់​ពួកគេ ប៉ុន្តែ​ពួកគេ​បែរជា​នាំ​មក​នូវ​ពន្លឺ​នៃ​ស្ថានសួគ៌ ក្តីសង្ឃឹម និង​ការលួងលោម​ដល់​ដួងចិត្ត​របស់​យើង​ទៅវិញ » ។

អែលឌើរ បែដណា បាន​មាន​ប្រសាសន៍​ទៅកាន់​ក្លឹប​សារព័ត៌មាន​ជាតិ​នៅ​វ៉ាស៊ីនតោន ឌី.ស៊ី. ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ទៅកាន់​ក្លឹប​សារព័ត៌មាន​ជាតិ នៅ​ខែ​ឧសភា ដោយ​រៀបរាប់​លម្អិត​អំពី​អ្វី និង​មូលហេតុ​នៃ​គំនិត​ផ្តួចផ្តើម​ផ្នែក​មនុស្សធម៌ សុខុមាលភាព ការអប់រំ ព្រះវិហារបរិសុទ្ធ និង​ពង្សវលី​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

អែលឌើរ បែដណា « គោលបំណង​មូលដ្ឋាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​រៀន​អំពី​និស្ស័យ និង​លក្ខណៈ​របស់​ព្រះ ឲ្យ​ស្រឡាញ់​ព្រះ ឲ្យ​ធ្វើជា​សិស្ស​របស់​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដើម្បី​ស្រឡាញ់ និង​បម្រើ​បងប្អូន​​ប្រុស​ស្រី​របស់​យើង » ។

ប្រធាន​សមាគម​សង្គ្រោះ និង​អង្គការ​បឋមសិក្សា​បាន​ធ្វើ​ទស្សនកិច្ច​នៅទ្វីប​អាមេរិក​ខាង​ត្បូង

ប្រធាន ខាំមៀល អិន ចនសុន ជា​ប្រធាន​សមាគម​សង្រ្គោះ​ទូទៅ និង​ប្រធាន​ស៊ូសាន អេច ផតធ័រ ជា​ប្រធាន​អង្គការបឋមសិក្សា​ទូទៅ បាន ជួប​ជាមួយ​មេដឹកនាំ​ស៊ីវិល និង​សមាជិក​សាសនាចក្រ​នៅ​អាហ្សង់ទីន ស៊ីលី អ៊ុយរូហ្គាយ និង​ប៉ារ៉ាហ្គាយ​នៅអំឡុង​ធ្វើ​ការងារបម្រើ​ក្នុង​រយៈពេល ១០ ថ្ងៃ និង​ទស្សនកិច្ច​ដែល​ផ្តល់​ជា​ជំនួយ ។

ពួកលោក​បាន​ជួប​ជាមួយ​អង្គការ​រដ្ឋាភិបាល​ដែល​ជួយ​ដល់​ស្ត្រី​ដែល​ប្រឈមមុខ​នឹង​ស្ថានភាព​ងាយ​រងគ្រោះ​នៅ​ប្រទេស​ប៉ារ៉ាហ្គាយ និង​ប្រទេស​អាហ្សង់ទីន ។

ប្រធាន ចនសុន បាន​មាន​ប្រសាសន៍​ថា ៖ « សាសនាចក្រ​របស់​យើង​ទន្ទឹង​រង់ចាំ​ធ្វើការ​ជាមួយ​អ្នក ដើម្បី​កែលម្អ​ឱកាស​សម្រាប់​ការអប់រំ និង​ភាព​ខ្លួន ទីពឹង​ខ្លួន​សម្រាប់​ស្រ្តី » ។

បន្ថែម​ពី​លើ​ជំនួយ​របស់​រដ្ឋាភិបាល ប្រធាន ចនសុន និង ផតធ័រ ក៏​បាន​ធ្វើការងារ​បម្រើ​ដល់​សមាជិក​សាសនាចក្រ​ផងដែរ ។ ពួក​លោក​បានធ្វើ​ការប្រជុំ​សម្រាប់​ឪពុកម្តាយ​វ័យក្មេង ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​ស្ត្រី​នៅលីវ ការប្រជុំ​អន្តរកម្ម​សម្រាប់​ក្រុម​គ្រួសារ​ដែល​មាន​កូន និង​ការបណ្តុះ​បណ្តាល​ដល់​ថ្នាក់​ដឹកនាំ​ក្នុង​ក្រុមជំនុំ​ផងដែរ ។