បណ្ណាល័យ
ទុកចិត្ត​លើ​ព្រះអម្ចាស់


« ទុកចិត្ត​លើ​ព្រះអម្ចាស់ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

រូបភាព
បុរស និង​ស្ត្រី​លុតជង្គង់​អធិស្ឋាន​ជាមួយ​គ្នា

ការជួយ​អ្នកដទៃ​ជាមួយនឹង​សំណួរ​របស់​ពួកគេ

ទុកចិត្ត​លើ​ព្រះអម្ចាស់

នៅពេល​មិត្តភក្តិ និង​មនុស្ស​ជា​ទី​ស្រឡាញ់​មក​រក​យើង​ដោយ​មាន​ការព្រួយ​បារម្ភ​អំពី​សេចក្ដី​ជំនឿ​របស់​ពួកគេ នោះ​ប្រតិកម្ម​ដំបូង​របស់​យើង​អាច​ជា​ការបារម្ភ ឬ​ថែម​ទាំង​តក់ស្លុត​ផង​ដែរ ។ ការព្រួយ​បារម្ភ​របស់​ពួកគេ​អាច​នាំ​ឲ្យ​បងប្អូន​សួរ​សំណួរ​ដ៏​លំបាក​ថា « តើ​ការណ៍នេះ​នឹង​មាន​ន័យ​យ៉ាង​ណា​សម្រាប់​គ្រួសារ​របស់​ខ្ញុំ ? » « តើ​ខ្ញុំ​មាន​បាន​ធ្វើ​អ្វី​ខុស​ទេ ? »

នៅ​ពេល​ដែល​នរណា​ម្នាក់​ជិត​ស្និទ្ធ​នឹង​បងប្អូន​សួរ​អំពី​ជំនឿ​របស់​ពួកគេ នេះ​មិនមែន​មាន​ន័យ​ថា​បងប្អូន​បរាជ័យ​ក្នុង​ការផ្តល់​ជំនួយ​ដល់​ពួកគេ​នោះទេ ។ មូលហេតុ​នៃ​កង្វល់​របស់​ពួកគេ​ប្រហែល​ជា​ស្មុគស្មាញ ។ យើង​គួរ​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ពួកគេ ប៉ុន្តែ​យើង​ក៏​គួរតែ​ទុក​ចិត្ត​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ផង​ដែរ ។ ទ្រង់​ទាំងទ្វេ​ស្រឡាញ់​អស់អ្នក​ទាំងឡាយណា​ដែល​មាន​សំណួរ ។ ទាំងនេះ​ជា​រឿង​មួយ​ចំនួន​ដែល​បងប្អូន​អាច​ធ្វើ ដើម្បី​រក្សា​ភាពសុខសាន្ត​នៅក្នុង​ចិត្ត និង​គំនិត​របស់​បងប្អូន​នៅពេល​ដែល​បងប្អូន​គាំទ្រ​អ្នក​ដទៃ ៖

  • សូម​ទុកចិត្ត​ថា​ព្រះ​ជ្រាបដឹង ។ ព្រះអម្ចាស់​ប្រាថ្នា​ឲ្យ​មាន​ការរីកចម្រើន និង​សុភមង្គល​សម្រាប់​មនុស្ស​គ្រប់​រូប ។ ទ្រង់​លើក​ទឹក​ចិត្ត​ចំពោះ​សំណួរ​ដ៏​ស្មោះ​របស់​យើង ។ ទ្រង់​ជ្រាប​ពី​ការតស៊ូ​របស់​យើង ហើយ​ព្រះកន្សែង​ចំពោះ​ការឈឺ​ចាប់​របស់​យើង ។ ទ្រង់​នឹង​បន្ត​ពង្រីក​សេចក្ដី​ស្រឡាញ់ និង​ជំនួយ​ដល់​មនុស្ស​ដែល​តស៊ូ ឬ​ចាកចេញ​ពី​សាសនាចក្រ ។

  • សូម​អញ្ជើញ​យាង​ព្រះអម្ចាស់​ឲ្យ​ចូល​ទៅ​ក្នុង​ដំណើរការ​នេះ ។ សូម្បី​តែ​ធនធាន​ដ៏​ល្អ​បំផុត និង​សារលិខិត​ដែល​បាន​គិត​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត​ក៏​អាច​គ្មាន​ប្រសិទ្ធិ​ភាព​ដែរ ប្រសិន​បើ​ខុស​ពេល ឬ​ខុស​សម្លេង ។ សូម​អធិស្ឋាន​សុំ​ឲ្យ​ព្រះអម្ចាស់​នឹង​ជួយ​បងប្អូន​ធ្វើ​ការបម្រើ ។ ព្រះវិញ្ញាណ​អាច​ជួយ​បងប្អូន​ឲ្យ​យល់​អំពី​តម្រូវការ​ជាក់លាក់​របស់​មនុស្ស​ម្នាក់ ហើយ​ដឹង​ថា​ពេល​ណា​ត្រូវ​អង្គុយ​ស្តាប់​ជា​ជាង​និយាយ ឬ បង្រៀន ។ វា​ក៏​អាច​ជួយ​បងប្អូន​ឲ្យ​ដឹង​អំពី​របៀប និង​ពេល​វេលា​ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន ឬ​អញ្ជើញ​ពួកគេ​ឲ្យ​ចាត់​វិធានការ​ដើម្បី​ខិត​ទៅកាន់តែ​ជិត​ព្រះ ។

  • សូម​ផ្ដោត​ទៅលើ​ទស្សនៈ​យូរអង្វែង និង​អស់កល្ប ។ សេចក្ដី​ជំនឿ និង​អារម្មណ៍​របស់​មនុស្ស​ម្នាក់​អំពី​ព្រះ​តែងតែ​ផ្លាស់​ប្ដូរ​ទៅតាម​ពេល​វេលា ។ ហើយ​យើង​ទាំងអស់​គ្នា​នឹង​នៅ​តែ​ត្រូវការ​រៀនសូត្រ និង​រីក​ចម្រើន បន្ទាប់​ពី​យើង​ស្លាប់​ទៅ​កាន់​ជីវិត​បន្ទាប់ ។ បងប្អូន​អាច​រក​ឃើញ​សេចក្តី​សង្ឃឹម​នៅ​ពេល​ដែល​បងប្អូន​មើល​ការតស៊ូ​របស់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​បងប្អូន​ជាមួយ​នឹង​ទស្សនៈវិស័យ​ដ៏​ទូលំទូលាយ​នេះ ។ ចូរ​បន្ត​ដាំ​គ្រាប់​ពូជ​ដោយ​អត់ធ្មត់ ដោយ​ដឹង​ថា​ពេល​វេលា​នៃ​ការច្រូតកាត់​គឺ​ស្ថិត​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះ ។

  • សូម​ស្វែងរក​សេចក្ដី​សង្ឃឹម​ក្នុង​ចំណេះ​ដឹង​របស់​បងប្អូន​អំពី​និស្ស័យ​របស់​ព្រះ ។ ទស្សនវិស័យ​របស់​យើង​នៅក្នុង​ជីវិត​នេះ​គឺ​មាន​កម្រិត ។ យើង​ដឹង​ថា​ព្រះ​មាន​ព្រះបញ្ញាញាណ អត់ធ្មត់ និង​សេចក្តី​ស្រឡាញ់ ។ ទ្រង់​បាន​ផ្តល់​ឲ្យ​យើង​ម្នាក់ៗ​នូវ​សិទ្ធិ​ជ្រើសរើស​របស់​យើង ។ ទ្រង់​បាន​ដឹង​ថា​យើង​ទាំងអស់​គ្នា​នឹង​មាន​ឧបសគ្គ​និង​ការ​សាកល្បង ។ ហើយ​ទ្រង់​បាន​ប្រទាន​ព្រះ​សង្រ្គោះ​ដែល​មាន​អំណាច​ដើម្បី​ទាញ​យើង​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។

ព្រះគម្ពីរ​សំខាន់ៗ ៖ សុភាសិត ៣:៥–៦; អេសាយ ៥៥:៨–៩; ធីម៉ូថេ ទី២ ១:៧-៨; អាលម៉ា ២៦:១១-១២