បណ្ណាល័យ
ជួយ​ពួកគេ​នៅក្នុង​ដំណើរ​របស់​ពួកគេ​ទាំងមូល


« ជួយ​ពួកគេ​នៅក្នុង​ដំណើរ​របស់​ពួកគេ​ទាំងមូល » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

រូបភាព
ឪពុក និង​កូនប្រុស​ដើរ​ជាមួយ​គ្នា

ការជួយ​អ្នកដទៃ​ជាមួយនឹង​សំណួរ​របស់​ពួកគេ

ជួយ​ពួកគេ​នៅក្នុង​ដំណើរ​របស់​ពួកគេ​ទាំងមូល

មនុស្ស​មួយ​ចំនួន​ដែល​មាន​បញ្ហា​នឹង​សំណួរ​អំពី​សេចក្តី​ជំនឿ​របស់​ពួកគេ ដោះស្រាយ​កង្វល់​របស់​ពួកគេ​យ៉ាងឆាប់​រហ័ស​ហើយ​បន្ត​ទៅមុខ ។ សម្រាប់​មនុស្ស​ជា​ច្រើន​ការតស៊ូ​ត្រូវការ​ពេលវេលា ។ សេចក្ដី​ស្រឡាញ់ ការលើក​ទឹកចិត្ត និង​ឆន្ទៈ​របស់​បងប្អូន​ក្នុង​ការធ្វើដំណើរ​ជាមួយ​គ្នា អាច​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​សេចក្ដី​សង្ឃឹម​បាន ។

សូម​បន្ត​រស់​នៅ​តាម​ដំណឹងល្អ ខណៈ​ដែល​បងប្អូន​ជួយ​មិត្តភក្តិ ឬ​មនុស្ស​ជាទីស្រឡាញ់​នៅក្នុង​ដំណើរ​របស់​ពួកគេ ។ ផ្លូវ​ផ្សេង​គ្នា​របស់​បងប្អូន​អាច​ប្រសព្វ​គ្នា និង​ជួយ​បងប្អូន​រក្សា​ទំនាក់ទំនង ជាជាង​ការនាំ​បងប្អូន​ឲ្យ​បែក​ពី​គ្នា ។ អែលឌើរ ហ្គើរីត ដបុលយូ ហ្គង បាន​បង្រៀនថា « ដំណើរ​ជីវិត​យើង​ម្នាក់ៗ​មាន​លក្ខណៈ​បុគ្គល ប៉ុន្តែ​យើង​អាច​មក​រក​ព្រះ​ជា​ព្រះបិតា​របស់យើង និង​ព្រះរាជ​បុត្រាដ៏​ស្ងួនភ្ញា​របស់​ទ្រង់​ម្តង​ទៀត តាមរយៈ​ការទុក​ចិត្ត​ព្រះ ទុក​ចិត្ត​គ្នា និង​ទុក​ចិត្ត​លើ​ខ្លួនឯង » ។ ទាំងនេះ​ជា​គោលការណ៍​មួយ​ចំនួន​សម្រាប់​ការគាំទ្រ និង​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដទៃ ៖

  • សូម​ធ្វើ​ជា​ប្រភព​សុវត្ថិភាព​សម្រាប់​ពិភាក្សា ។ នៅ​ពេល​ដែល​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​នាំ​យក​សំណួរ​របស់​ពួកគេ​មក​រក​បងប្អូន ពួក​គេ​ប្រហែល​ជា​មិន​កំពុង​ស្វែង​រក​នរណា​ម្នាក់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ ប៉ុន្តែ​ប្រហែលជា​ស្វែងរក​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​មាន​ឆន្ទៈ​ដើរ​ក្បែរ​ពួកគេ​នៅ​លើ​ដំណើរ​របស់​ពួក​គេ​ប៉ុណ្ណោះ ។ សូម​មាន​ចិត្ត​អាណិតអាសូរ ។ សូម​ប្រាប់​ពួកគេ​ថា​បងប្អូន​នឹង​បន្ត​ខ្វល់ខ្វាយ​អំពី​ពួកគេ ដោយ​មិន​គិត​អំពី​កង្វល់ និង​ជម្រើស​របស់​ពួកគេ​ឡើយ ។

  • សូម​ជួយ​ពួកគេ​ស្វែងរក​ចម្លើយ ។ វិធី​មួយ​ដើម្បី​ជួយ​អាច​ជា​ការចែកចាយ​គោលការណ៍​ដែល​បាន​ពិភាក្សា​នៅ​ក្នុង​ផ្នែក « ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​បងប្អូន » នៅក្នុង​ធនធាន​នេះ ។ សូម​ជួយ​មិត្ត ឬ​សមាជិក​គ្រួសារ​របស់​បងប្អូន​ឲ្យ​រក​ឃើញ​សម្ភារ​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​ដោយ​សាសនាចក្រ អំពី​សំណួរ​ទូទៅ ហើយ​សូម​មាន​បំណង​និយាយ​អំពី​ធនធាន​ទាំង​នេះ​ជាមួយនឹង​ពួក​គេ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​បង្កើត​ទស្សនៈវិស័យ​ដ៏​ស្មោះ​ត្រង់​អំពី​សំណួរ​ដ៏​លំបាក​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការសិក្សា​របស់​ពួកគេ ។ នៅពេល​បំផុស​គំនិត​ដោយ​ព្រះ​វិញ្ញាណ សូម​រំឭក​ពួកគេ​អំពី​បទ​គម្ពីរ​ដែល​មាន​ប្រយោជន៍ ហើយ​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​បន្ត​អធិស្ឋាន ។

  • សូម​ធ្វើ​ជាគំរូ​ដូចជា​ព្រះគ្រីស្ទ ។ វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​គឺ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ និង​ការរស់​នៅ​ក្នុង​ជីវិត​មួយ​ដែល​មាន​សេចក្ដី​ល្អ ។ នៅ​ពេល​ដែល​បងប្អូន​នៅ​ស្មោះ​ត្រង់ ហើយ​រក្សា​សេចក្ដីសញ្ញា​របស់​បងប្អូន នោះ​បងប្អូន​បង្ហាញ​ពី​អំណរ​នៃ​ការរស់​នៅ​តាម​ដំណឹង​ល្អ​ដល់​អ្នកទាំងឡាយ​ដែល​បងប្អូន​ជួយ ។ ពួកគេ​ប្រហែល​ជា​ជ្រើសរើស​មិន​ស្តាប់​ដំបូន្មាន ឬ​ទីបន្ទាល់​របស់​បងប្អូន​ទេ ប៉ុន្តែ​ពួកគេ​នឹង​ទទួល​ឥទ្ធិពល​ពីគំរូ​របស់​បងប្អូន​អំពី​សេចក្ដី​ស្រឡាញ់ និង​ភាព​ស្មោះ​ត្រង់ ។

  • ចាប់ផ្តើម​ឡើង​ពី​អ្វី​ដែល​មាន​ដូចគ្នា បងប្អូន​អាច​រក្សា​ទំនាក់ទំនង​របស់​បងប្អូន​ឲ្យ​រឹង​មាំ​បាន ដោយ​ស្ថាបនា​លើ​ជំនឿ និង​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​មាន​ដូច​គ្នា ។ ជៀសវាង​ការធ្វើ​ឲ្យ​សំណួរ​របស់​ពួកគេ​ផ្តោត​ទៅលើ​ប្រតិកម្ម​របស់​បងប្អូន​ឡើយ ។ ដោយ​គ្រាន់​តែ​ពួក​គេ​មានបញ្ហា​ជាមួយ​រឿង​មួយ​ចំនួន មិន​មាន​ន័យ​ថា​ពួកគេ​បាន​ច្រាន​ចោល​អ្វីៗ​ទាំងអស់​នោះ​ទេ ។ សូម​បន្ត​ចំណាយ​ពេល​ជាមួយ​ពួកគេ​ដោយ​រីករាយ​នឹង​សកម្មភាព​ដែល​បងប្អូន​បាន​ធ្វើរួមគ្នា​កាល​ពី​មុន ។ នៅក្នុង​ដំណើរការ​នេះ បងប្អូន​ប្រហែលជា​រកឃើញ​រឿង​ថ្មីៗ ដើម្បី​ស្វែងយល់ និង​ចែកចាយ​ជាមួយគ្នា ។

  • សូម​ស្វែងរក​វិធី​ធ្វើល្អ​ជាមួយគ្នា ។ សូម​អញ្ជើញ​មិត្ត ឬ​សមាជិក​គ្រួសារ​របស់​បងប្អូន​ឲ្យ​ចូលរួម​ជាមួយ​នឹង​បងប្អូន​នៅ​ពេល​ដែល​បងប្អូន​ធ្វើ​សកម្មភាព លើ​គោលការណ៍​នៃ​ដំណឹង​ល្អ​ដែល​នាំ​ឲ្យ​បងប្អូន​មាន​អំណរ ។ បងប្អូន​អាច​សុំ​ឲ្យ​ពួកគេ​បម្រើ​អ្នក​ដទៃ​ជាមួយ​បងប្អូន ចូលរួម​ក្នុង​សកម្មភាព​លើក​ទឹក​ចិត្ត ឬ​ពង្រឹង​សហគមន៍​របស់​បងប្អូន​ជាមួយ​គ្នា ។ បងប្អូន​ទាំង​ពីរ​មាន​បំណង​ចង់​ធ្វើ​ឲ្យ​ពិភពលោក​នៅ​ជុំវិញ​ខ្លួន​របស់​បងប្អូន​ប្រសើរ​ឡើង មិនថា​ពួកគេ​មាន​សំណួរ​អំពី​សេចក្ដី​ជំនឿ​របស់​ពួកគេ​ឡើយ ។

  • សូម​ទទួល​ស្គាល់ថា​រឿង​នេះ​អាច​នឹង​ត្រូវការ​ចំណាយ​ពេល ។ នៅ​ពេល​នរណា​ម្នាក់​ដែល​ជិត​ស្និទ្ធ​នឹង​យើង​មាន​ការព្រួយ​បារម្ភ ឬ​មាន​សំណួរ​អំពី​សេចក្ដី​ជំនឿ​របស់​ពួកគេ នោះ​យើង​ប្រហែល​ជា​សង្ឃឹម​ថា​អំណះអំណាង​ដែល​គួរ​ឲ្យ​ជឿ ឬ​ទីបន្ទាល់​ដ៏​អស់ពី​ចិត្ត​នឹង​ដោះស្រាយ​រឿង​នោះ​យ៉ាង​ឆាប់​រហ័ស ។ សូម​ចងចាំ​ថា វា​មិន​តែងតែ​មាន​ដំណោះស្រាយ​ឆាប់រហ័ស​ចំពោះ​កង្វល់ ឬ​សំណួរ​ខាង​វិញ្ញាណ​នោះ​ទេ ។ សូម​ត្រៀម​ខ្លួន​ក្នុង​ដំណើរ​ដ៏​យូរ​នេះ​ជាមួយនឹង​ពួក​គេ ។ ផ្តល់​ឲ្យ​ពួកគេ​នូវ​ពេលវេលា និង​កន្លែង​ដើម្បី​លូតលាស់ ។ សូម​ទទួល​ស្គាល់ថា​របៀប​ដែល​ពួកគេ​បង្ហាញ​សេចក្តី​ជំនឿ​របស់​ពួកគេ​អាច​មើល​ទៅ​ខុសប្លែក​ពី​បងប្អូន​កាលពី​អតីតកាល​ហើយ​នោះ​មិន​ជា​អ្វីទេ ។

ព្រះគម្ពីរ​សំខាន់ៗ ៖ អេសាយ ៣៥:៣–៤; កាឡាទី ៦:២; ពេត្រុស ទី១ ៣:១៥; ម៉ូសាយ ១៨:៩; គោលលទ្ធិ និង​សេចក្តីសញ្ញា ១១:២១

កំណត់​ចំណាំ

  1. ហ្គើរីត ដបុលយូ ហ្គង « ទុកចិត្តជាថ្មី » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៩៩ ។