បណ្ណាល័យ
ចិញ្ចឹម​បីចាប់​សេចក្តី​ជំនឿ​របស់​ខ្លួន


« ចិញ្ចឹម​បីចាប់​សេចក្តី​ជំនឿ​របស់​ខ្លួន » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

រូបភាព
ស្ត្រី​ពីរនាក់​កំពុង​ថែទាំ​សួន​ច្បារ

ការជួយ​អ្នកដទៃ​ជាមួយនឹង​សំណួរ​របស់​ពួកគេ

ចិញ្ចឹម​បីចាប់​សេចក្តី​ជំនឿ​របស់​ខ្លួន

ការ​ជួយ​សម្រាល​បន្ទុក​របស់​អ្នក​ផ្សេង​ទៀត​ត្រូវការ​ការខិតខំ​ប្រឹងប្រែង ហើយ​អាច​ឲ្យ​យើង​តានតឹង​ក្នុង​របៀប​មួយ​ដែល​មិន​បាន​រំពឹង​ទុក​ផងដែរ ។ សូម​ប្រាកដ​ថា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខាង​វិញ្ញាណ​របស់​បងប្អូន​ផ្ទាល់ ហើយ​នៅ​តែ​រឹងមាំ​នៅ​ក្នុង​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នៅ​ក្នុង​គ្រា​អាសន្ន អ្នកដំណើរ​នៅ​លើ​យន្តហោះ​ត្រូវ​បាន​ណែនាំ​ឲ្យ​ពាក់​ម៉ាស​អុកស៊ីសែន​ផ្ទាល់​ខ្លួន​ដើម្បី​ឲ្យមាន​សុវត្ថិភាព​ជា​មុនសិន ទើប​ជួយ​អ្នក​ដទៃ​ទៀត ។ ស្រដៀង​គ្នា​នេះ​ដែរ យើង​អាច​លើកស្ទួយ​អ្នក​ដទៃ​បាន​លុះត្រាតែ​យើង​ថែទាំ​កិច្ចការ​ដ៏​សំខាន់​នៃ​ការចិញ្ចឹម​បីបាច់​សេចក្តី​ជំនឿ និង​ទីបន្ទាល់​របស់​យើង​ផ្ទាល់ ។

គោលការណ៍​ខាង​ក្រោម​នេះ អាច​ជួយ​បងប្អូន​ឲ្យ​ពង្រឹង​សេចក្តី​ជំនឿ​របស់​បងប្អូន​ខណៈ​ដែល​កំពុង​ធ្វើ​ការងារ​បម្រើ​ដល់​អ្នក​ដទៃ ៖

  • សូម​ចងចាំ​នូវ​អ្វី​ដែល​បងប្អូន​ជឿ និង​បាន​មាន​បទពិសោធន៍ ។ សូម​ជញ្ជឹងគិត​អំពី​គ្រា​ដែល​បងប្អូន​បាន​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ចងចាំ​ពី​ពេលវេលា​ដែល​បងប្អូន​បាន​ជួប​ប្រទះ​នូវ​សេចក្តី​សុខសាន្ត អំណរ សេចក្តីស្រឡាញ់ និង​ភាពច្បាស់លាស់ ។ សូម​គិត​អំពី​ពេល​ដែល​បងប្អូន​មាន​អារម្មណ៍​ថា ព្រះ​បាន​មាន​បន្ទូល​ទៅកាន់​បងប្អូន​តាម​របៀប​ឯកជន ដើម្បី​បញ្ជាក់​ពី​សេចក្ដី​ជំនឿ​របស់​បងប្អូន ។ បទពិសោធន៍​ខាង​វិញ្ញាណ​ពី​អតីតកាល​របស់​បងប្អូន​អាច​ជា​ប្រភព​នៃ​កម្លាំង និង​ការការពារ​ពី​មន្ទិលសង្ស័យ និង​ការភ័យខ្លាច ។

  • សូម​បន្ត​ការបណ្តុះ​ទីបន្ទាល់​របស់​បងប្អូន ។ វា​សំខាន់​ណាស់​ក្នុង​ការបន្ត​ធ្វើ​អ្វី​ដែល​បាន​ជួយ​បងប្អូន ស្ថាបនា​ទីបន្ទាល់​របស់​បងប្អូន​អំពី​ដំណឹង​ល្អ ។ ទាំង​នេះ​អាច​រួម​បញ្ចូល​ទាំង​ការអាន​ព្រះគម្ពីរ ការអធិស្ឋាន ការទទួលទាន​សាក្រាម៉ង់ ការថ្វាយបង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការបម្រើ​ដល់​អ្នក​ដទៃ ។ ការអនុវត្ត​ដ៏​សាមញ្ញ​ទាំង​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​មាន​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ហើយ​នៅ​រក្សាភាព​ស្មោះ​ត្រង់ ។

  • សូម​ឈោង​ទៅ​ជួយ​ដល់​អ្នក​ដទៃ ។ ប្រសិន​បើ​បន្ទុក​នៃ​ការបម្រើ​ដល់​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​មាន​អារម្មណ៍​ថា​ធ្ងន់ សូម​ចាំ​ថា​បងប្អូន​មិន​នៅ​តែ​ម្នាក់​ឯង​ទេ ។ បងប្អូន​អាច​ទាក់ទង​ទៅ​សមាជិក​គ្រួសារ មិត្តភក្តិ ថ្នាក់​ដឹកនាំ​សាសនាចក្រ ឬ​អ្នក​ជំនាញ​បាន ។ ការ​អាណិត​អាសូរ ការ​អធិស្ឋាន និង​ជំនាញ​របស់​ពួកគេ​អាច​ជួយ​បងប្អូន​ឲ្យ​ចងចាំ​ថា តើ​ព្រះ​ស្រឡាញ់​បងប្អូន​ខ្លាំង​ប៉ុណ្ណា ។ ពួក​គេ​ក៏​អាច​គាំទ្រ​បងប្អូន​នៅ​ពេល​ដែល​បងប្អូន​ស្វែងរក​ចម្លើយ ចំពោះ​សំណួរ​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ផង​ដែរ ។

  • សូម​បង្កើត​ព្រំដែន​ប្រកប​ដោយ​ផាសុកភាព ។ ខណៈ​ដែល​យើង​គួរតែ​ខិតខំ​ស្ដាប់ និង​គាំទ្រ​អ្នក​ដទៃ​ចំពោះ​សំណួរ ឬ​កង្វល់​របស់​ពួកគេ យើង​ក៏​គួរ​តែ​ទទួល​ស្គាល់​ពី​តម្រូវការ​ផ្ទាល់ខ្លួន និង​ដែនកំណត់​របស់​យើង​ផង​ដែរ ។ សតិ និង​អារម្មណ៍​របស់​បងប្អូន​ក៏​សំខាន់​ដែរ ។ បងប្អូន​ប្រហែលជា​ជួបប្រទះ​ការភ័យខ្លាច ការខកចិត្ត និង​ទុក្ខព្រួយ​ក្នុង​អំឡុងពេល​ដំណើរការ​នេះ ។ ប្រសិន​បើ​ការសន្ទនា​មាន​អារម្មណ៍​លើសលប់​ពេក សូម​បង្ហាញ​ពី​អារម្មណ៍​របស់​បងប្អូន ហើយ​រៀបចំ​ពេល​មួយ​ទៀត​ដើម្បី​និយាយ ។ មនុស្ស​ជា​ទី​ស្រឡាញ់​របស់​បងប្អូន​ប្រហែល​ជា​ចង់​ធ្វើឲ្យ​ចម្ងល់​របស់​ពួកគេ​ក្លាយជា​ប្រធាន​បទ​នៃ​រាល់​ការសន្ទនា ឬ​និយាយ​អំពី​ប្រធាន​បទ​មួយ​តាម​របៀប​ដែល​បង្អាប់​ដល់​បងប្អូន ឬ​សេចក្តី​ជំនឿ​របស់​បងប្អូន ។ ដូច​ដែល​បងប្អូន​ត្រូវ​គោរព​ដំណើរ​ជីវិត​របស់​អ្នក​ដទៃ ពួក​គេ​ក៏ត្រូវ​គោរព​ដល់​ដំណើរ​ជីវិត​របស់​បងប្អូន​ផងដែរ ។ បងប្អូន​មិន​ចាំបាច់​មាន​អារម្មណ៍​ថា​តូចចិត្ត ឬ​មិន​ឆ្លាត​នោះ​ទេ ប្រសិន​បើ​បងប្អូន​មាន​ការសន្និដ្ឋាន​ផ្សេង​ពី​នរណា​ម្នាក់ ។

  • សូម​ទទួល​បាន​ព័ត៌មាន​កាន់តែ​ប្រសើរ ។ បងប្អូន​មិន​ចាំបាច់​ក្លាយ​ជា​អ្នក​ជំនាញ​លើ​បញ្ហា​មួយ ដើម្បី​ធ្វើ​ជា​អ្នក​គាំទ្រ​ល្អ​នោះ​ទេ ។ ប៉ុន្តែ​វា​អាច​មាន​ភាពវិជ្ជមាន​ខ្លាំង​ក្នុង​ការរៀន​អំពី​ប្រធាន​បទ​ដែល​បងប្អូន​មិន​មាន​បរិបទ ។ សូម​បន្ត​ការសិក្សា​ប្រកប​ដោយ​ការគិតគូរ​អំពី​គោលលទ្ធិ និង​ប្រវត្តិសាស្រ្ត​របស់​សាសនាចក្រ ។ ចាប់ផ្តើម​ស្គាល់​ឲ្យ​កាន់តែ​ច្បាស់​អំពី​សំណួរ​ទូទៅ​នានា ។ សូម​រៀន​អំពី​អ្វី​ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​អ្នក​ជំនាញ​ដ៏​ស្មោះ​ត្រង់​បាន​និយាយ​អំពី​ប្រធាន​បទ​ទាំង​នេះ ។ នៅក្នុង​ដំណើរការ​នេះ បងប្អូន​អាច​រៀន មិនរៀន និង​រៀន​ឡើងវិញ​នូវ​រឿង​ជាច្រើន ។

  • សូម​ស្គាល់​នូវ​គោលការណ៍​សម្រាប់​ស្វែងរក​ចម្លើយ ។ សូម​សិក្សា ហើយ​ធ្វើ​សកម្មភាព​លើ​គោលការណ៍​ដែល​បាន​ពិភាក្សា​នៅ​ក្នុង​ផ្នែក « ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​បងប្អូន » ក្នុង​ធនធាន​នេះ ។

ព្រះគម្ពីរ​សំខាន់ៗ ៖ លូកា ២២:៣១-៣២; នីហ្វៃ ទី ១ ១៥:៨-១១; យ៉ាកុប ៤:៦; អាលម៉ា ៣២:៤១–៤៣; គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:១៤