ជំពូក​ទី ២

សេចក្ដី​ប្រោស​លោះ​នឹង​បាន​មក​តាម​រយៈ​ព្រះ​មែស៊ី​ដ៏​បរិសុទ្ធ — សេរីភាព​ខាង​ការ​ជ្រើសរើស (សិទ្ធិ​ជ្រើសរើស) មាន​សារៈសំខាន់​ជា​ចាំបាច់​ដល់​វត្តមាន និង​ការ​លូតលាស់ — លោក​អ័ដាម​ធ្លាក់​ដើម្បី​ឲ្យ​មាន​មនុស្ស​លោក — មនុស្ស​លោក​មាន​សេរី​ដើម្បី​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ ប្រមាណ​ជា​ឆ្នាំ ៥៨៨–៥៧០ ម.គ.ស.។

 ១ ហើយ​ឥឡូវ​នេះ យ៉ាកុប ឪពុក​និយាយ​ទៅ​កូន​ថា ៖ កូន​គឺជា​កូន​ច្បង​របស់​ឪពុក ដែល​បាន​កើត​នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​វេទនា​របស់​ឪពុក​នៅ​ក្នុង​ទីរហោស្ថាន។ ហើយ​មើល​ចុះ កាល​ពី​វ័យ​ក្មេង កូន​បាន​រងទុក្ខ​វេទនា និង​ការ​សោកសៅ​ដ៏​ច្រើន ដោយ​ព្រោះ​ការ​ទ្រគោះ​របស់​បងៗ​កូន។

 ២ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ យ៉ាកុប ឱ​កូន​ច្បង​របស់​ឪពុក ដែល​បាន​កើត​នៅ​ក្នុង​ទីរហោស្ថាន​អើយ កូន​បាន​ស្គាល់​ភាព​ខ្លាំងក្លា​របស់​ព្រះ ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​ទាំង​ឡាយ​របស់​កូន ក្លាយ​ទៅ​ជា​ផលប្រយោជន៍​ដល់​កូន​វិញ។

 ៣ ហេតុ​ដូច្នោះ​ហើយ ព្រលឹង​កូន​នឹង​បាន​ពរ ហើយ​កូន​នឹង​រស់នៅ​ដោយ​សុខសាន្ត​ជាមួយ​នឹង​បង​របស់​កូន​គឺ​នីហ្វៃ ហើយ​ជីវិត​របស់​កូន នោះ​នឹង​ត្រូវ​បាន​ចំណាយ​ក្នុង​ការ​បម្រើ​ព្រះ​របស់​កូន។ ហេតុ​ដូច្នោះ​ហើយ ឪពុក​ដឹង​ថា កូន​ត្រូវ​បាន​ប្រោសលោះ​ឲ្យ​រួច ពី​ព្រោះ​តែ​សេចក្ដី​សុចរិត​នៃ​ព្រះ​ដ៏​ប្រោសលោះ​របស់​កូន ត្បិត​កូន​បាន​ឃើញ​ថា ដល់​កាល​ដ៏​ពេញ​កំណត់ នោះ​ទ្រង់​នឹង​យាង​មក​ប្រទាន​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​លោក។

 ៤ ហើយ​កូន​បាន​ឃើញ​សិរីល្អ​របស់​ទ្រង់ កាល​កូន​នៅ​វ័យ​ក្មេង ហេតុ​ដូច្នោះ​ហើយ កូន​មាន​ពរ​ដូច​ជា​អ្នក​ឯ​ទៀត ដែល​ទ្រង់​នឹង​ធ្វើ​ការងារ​បម្រើ​នៅ​ក្នុង​សាច់ឈាម ត្បិត​ព្រះ​វិញ្ញាណ​នៅ​តែ​ដដែល ទោះ​ពី​ថ្ងៃ​ម្សិល​ថ្ងៃ​នេះ និង​រហូត​ត​ទៅ។ ហើយ​ផ្លូវ​ត្រូវ​បាន​រៀបចំ​ជាស្រេច ចាប់​តាំង​ពី​ការ​ធ្លាក់​នៃ​មនុស្ស​មក​ម្ល៉េះ ឯ​សេចក្ដី​សង្គ្រោះ​នឹង​បាន​ដោយ​ឥត​គិត​ថ្លៃ។

 ៥ ហើយ​មនុស្ស​លោក​បាន​ប្រៀនប្រដៅ​គ្រប់គ្រាន់ ឲ្យ​ដឹង​ខុស និង​ត្រូវ។ ហើយ​ក្រឹត្យវិន័យ​ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស ហើយ​តាម​ក្រឹត្យវិន័យ នោះ​គ្មាន​សាច់ឈាម​ណា​បាន​រាប់​ជា​សុចរិត​ឡើយ ឬ​ក៏​តាម​ក្រឹត្យវិន័យ នោះ​មនុស្ស​លោក​ត្រូវ​បាន​កាត់​ចេញ។ មែន​ហើយ តាម​ក្រឹត្យវិន័យ​ខាង​សាច់ឈាម នោះ​ពួក​គេ​ត្រូវ​បាន​កាត់​ចេញ ហើយ​តាម​ក្រឹត្យវិន័យ​ខាង​វិញ្ញាណ​វិញ នោះ​ពួក​គេ​វិនាស​ពី​អ្វី​ដែល​ល្អ ហើយ​ក្លាយ​ទៅ​ជា​វេទនា​ជា​រៀង​រហូត​តទៅ។

 ៦ ហេតុ​ដូច្នោះ​ហើយ សេចក្ដី​ប្រោស​លោះ​នឹង​មក​ដោយ និង​តាម​រយៈ​ព្រះ​មែស៊ី​ដ៏​បរិសុទ្ធ ត្បិត​ទ្រង់​ពោរពេញ​ទៅ​ដោយ​ព្រះគុណ និង​សេចក្ដី​ពិត។

 ៧ មើល​ចុះ ទ្រង់​ថ្វាយ​រូបអង្គ​ទ្រង់​ជា​យញ្ញ​បូជា​ជំនួស​អំពើ​បាប ដើម្បី​តបស្នង​ការ​ចុង​បំផុត​នៃ​ក្រឹត្យវិន័យ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប ហើយ​គ្មាន​អ្នក​ណា​ទៀត​សោះ ដែល​អាច​តបស្នង​ការ​ចុង​បំផុត​នៃ​ក្រឹត្យវិន័យ​បាន។

 ៨ ហេតុ​ដូច្នោះ​ហើយ គឺជា​ការ​សំខាន់​បំផុត ដើម្បី​ធ្វើ​ឲ្យ​ការណ៍​ទាំង​នេះ​បាន​ដឹង​ដល់​បណ្ដាជន​នៅ​លើ​ផែនដី ដើម្បី​ឲ្យ​ពួក​គេ​អាច​ដឹង​ថា គ្មាន​សាច់ឈាម​ណា​អាច​រស់នៅ​ក្នុង​វត្តមាន​នៃ​ព្រះ​បាន​ឡើយ លើក​លែង​តែ​ដោយ​បុណ្យ​គុណ និង​សេចក្ដី​មេត្តាករុណា និង​ព្រះ​គុណ​នៃ​ព្រះ​មែស៊ី​ដ៏​បរិសុទ្ធ ទ្រង់​បាន​ប្ដូរ​ជីវិត​របស់​ទ្រង់ ស្រប​តាម​សាច់ឈាម ហើយ​យក​មក​វិញ ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ ដើម្បី​ទ្រង់​អាច​បណ្ដាល​ឲ្យ​មាន​ដំណើរ​រស់​ឡើងវិញ​ដល់​មនុស្ស​ស្លាប់ ដោយ​ទ្រង់​ជា​អ្នក​ទី​មួយ ដែល​ត្រូវ​បាន​ប្រោស​រស់​ឡើងវិញ។

 ៩ ហេតុ​ដូច្នោះ​ហើយ ទ្រង់​គឺជា​ផល​ដំបូង​ថ្វាយ​ព្រះ ដរាប​ដល់​ទ្រង់​នឹង​អង្វរ​ជំនួស​កូន​ចៅ​មនុស្ស​ទាំង​អស់ ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​នឹង​បាន​សង្គ្រោះ។

 ១០ ហើយ​ដោយ​មក​ពី​ការ​អង្វរ​ជំនួស​មនុស្ស​ទាំង​អស់ ទើប​មនុស្ស​លោក​ទាំង​អស់​មក​រក​ព្រះ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​ឈរ​នៅ​វត្តមាន​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​ជំនុំជំរះ ស្រប​តាម​សេចក្ដី​ពិត និង​សេចក្ដី​បរិសុទ្ធ ដែល​នៅ​ក្នុង​ទ្រង់។ ហេតុ​ដូច្នោះ​ហើយ ការ​ចុង​បំផុត​នៃ​ក្រឹត្យវិន័យ ដែល​ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់​បាន​ប្រទាន​មក ចំពោះ​ការ​ធ្វើ​ទុក្ខទោស​ដល់​ទោស​ដែល​ភ្ជាប់​ទៅ​នឹង​ក្រឹត្យវិន័យ រីឯ​ទោស​ដែល​ភ្ជាប់​ទៅ​នឹង​ក្រឹត្យវិន័យ​នេះ ជា​ការ​ផ្ទុយ​ទៅ​នឹង​សុភមង្គល ដែល​ភ្ជាប់​ទៅ​នឹង​ក្រឹត្យវិន័យ​ទាំង​អស់​នេះ ដើម្បី​តបស្នង​ការ​ចុង​បំផុត​នៃ​ដង្វាយ​ធួន —

 ១១ ត្បិត​ជា​ការ​ចាំបាច់ ត្រូវ​តែ​មាន​ការ​ផ្ទុយ​ចំពោះ​រឿង​សព្វសារពើ។ បើ​ពុំ​នោះ​សោត​ទេ ឱ​កូន​ច្បង​របស់​ឪពុក ដែល​កើត​នៅ​ក្នុង​ទីរហោស្ថាន​អើយ សេចក្ដី​សុចរិត​ពុំ​អាច​កើត​ឡើង​បាន​ទេ ឯ​សេចក្ដី​ទុច្ចរិត​ក៏​ដូច្នោះ​ដែរ ទាំង​សេចក្ដី​បរិសុទ្ធ និង​សេចក្ដី​ទុក្ខវេទនា ទាំង​សេចក្ដី​ល្អ ឬ​ក៏​សេចក្ដី​អាក្រក់​ក៏​គ្មាន​ដែរ ហេតុ​ដូច្នោះ​ហើយ គ្រប់​អ្វីៗ​ទាំង​អស់​ត្រូវ​តែ​ប្រមូល​គ្នា​ជា​ដុំ​មួយ ហេតុ​ដូច្នោះ​ហើយ ប្រសិនបើ​អ្វីៗ​ជា​រូបកាយ​តែ​មួយ នោះ​នៅ​ដូច​ជា​ស្លាប់ ដោយ​ពុំ​មាន​ទាំង​ជីវិត ឬ​ក៏​សេចក្ដី​ស្លាប់​ដែរ គ្មាន​ការ​ពុក​រលួយ ឬ​ការ​ពុំ​ពុក​រលួយ គ្មាន​សុភមង្គល ឬ​សេចក្ដី​វេទនា គ្មាន​ការ​ចាប់អារម្មណ៍ ឬ​ពុំ​ចាប់អារម្មណ៍​ឡើយ។

 ១២ ហេតុ​ដូច្នោះ​ហើយ ជា​ការណ៍​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឥតប្រយោជន៍ ម្ល៉ោះ​ហើយ នឹង​គ្មាន​ប្រយោជន៍​អ្វី​នៅ​ទី​ចុង​បំផុត​នៃ​ការ​បង្កើត​វត្ថុ​នោះ​ឡើយ។ ហេតុ​ដូច្នោះ​ហើយ ការណ៍​នេះ​ច្បាស់​ជា​ត្រូវ​បំផ្លាញ​ប្រាជ្ញា​នៃ​ព្រះ និង​គោលបំណង​ទាំង​ឡាយ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ហើយ​ព្រម​ទាំង​ព្រះ​ចេស្ដា និង​សេចក្ដី​មេត្តាករុណា និង​សេចក្ដី​យុត្តិធម៌​របស់​ព្រះ​ដែរ។

 ១៣ ហើយ​បើ​សិន​ជា​កូន​រាល់​គ្នា​នឹង​និយាយ​ថា គ្មាន​ក្រឹត្យវិន័យ​ទេ កូន​រាល់​គ្នា​ក៏​ត្រូវ​និយាយ​ថា គ្មាន​បាប​ដែរ។ បើ​សិន​ជា​កូន​រាល់​គ្នា​នឹង​និយាយ​ថា គ្មាន​បាប​ទេ កូន​រាល់​គ្នា​ក៏​ត្រូវ​និយាយ​ថា គ្មាន​សេចក្ដី​សុចរិត​ដែរ។ ហើយ​បើ​សិន​ជា​គ្មាន​សេចក្ដី​សុចរិត​ទេ នោះ​ក៏​គ្មាន​សុភមង្គល​ដែរ។ ហើយ​បើ​សិន​ជា​គ្មាន​សេចក្ដី​សុចរិត ឬ​សុភមង្គល​ទេ នោះ​ក៏​គ្មាន​ទោស និង​សេចក្ដី​ទុក្ខវេទនា​ដែរ។ ហើយ​បើ​សិន​ជា​គ្មាន​អ្វី​ទាំង​នេះ​ទេ នោះ​ក៏​គ្មាន​ព្រះ​ដែរ។ ហើយ​បើ​សិន​ជា​គ្មាន​ព្រះ​ទេ ក៏​គ្មាន​ពួក​យើង ឬ​ផែនដី​ដែរ ត្បិត​ពុំ​អាច​មាន​នូវ​ការ​បង្កើត​អ្វី​ទាំង​ឡាយ ដែល​នឹង​ធ្វើ​សកម្មភាព ឬ​ទទួល​សកម្មភាព​ដែរ ហេតុ​ដូច្នោះ​ហើយ អ្វីៗ​សព្វសារពើ​ត្រូវ​តែ​សាបសូន្យ​បាត់​អស់។

 ១៤ ហើយ​ឥឡូវ​នេះ ឱ​កូន​ទាំង​ឡាយ​របស់​ឪពុក​អើយ ឪពុក​និយាយ​ទៅ​កូន​អំពី​ការណ៍​ទាំង​នេះ​ដើម្បី​ជា​ប្រយោជន៍ និង​ជា​តម្រិះ​ដល់​កូន ត្បិត​មាន​ព្រះ​មួយ​អង្គ ហើយ​ទ្រង់​បាន​បង្កើត​អ្វីៗ​សព្វសារពើ ទាំង​ផ្ទៃ​មេឃ និង​ផែនដី​ដែរ ហើយ​នឹង​គ្រប់​ទាំង​អ្វីៗ​សព្វសារពើ​ដែល​នៅ​លើ​នោះ ដើម្បី​ធ្វើ​សកម្មភាព និង​ទទួល​សកម្មភាព​ផង។

 ១៥ ហើយ​ដើម្បី​សម្រេច​នូវ​គោលបំណង​ទាំង​ឡាយ​របស់​ទ្រង់​ដ៏​អស់កល្ប​ជានិច្ច​សម្រាប់​មនុស្ស​លោក បន្ទាប់ពី​ទ្រង់​បាន​បង្កើត​ឪពុក​ម្ដាយ​ដើម​របស់​យើង និង​សត្វព្រៃ សត្វស្រុក និង​សត្វ​ហើរ​លើ​អាកាស ហើយ​សរុប​សេចក្ដី​ថា គ្រប់សព្វសារពើ​ដែល​បាន​បង្កើត​មក ត្រូវ​តែ​មាន​ការ​ផ្ទុយ សូម្បីតែ​ផ្លែ​ដែល​ហាមឃាត់ ក៏​ផ្ទុយ​ទៅ​នឹង​ដើម​ជីវិត​ដែរ មួយ​មាន​រសជាតិ​ផ្អែម ឯ​មួយ​ទៀត​ល្វីង​ជូរចត់។

 ១៦ ហេតុ​ដូច្នោះ​ហើយ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​ប្រទាន​ដល់​មនុស្ស​ថា គេ​ត្រូវ​ប្រព្រឹត្ត​អ្វីៗ​ដោយ​ខ្លួន​ឯង។ ហេតុ​ដូច្នោះ​ហើយ មនុស្ស​ពុំ​អាច​ប្រព្រឹត្ត​អ្វីៗ​ដោយ​ខ្លួន​ឯង​បាន​ទេ លើកលែង​តែ​មាន​អ្វី​មក​ល្បួង​ខាង​នេះ​មួយ ឬ​ខាង​នោះ​មួយ។

 ១៧ ហើយ​ឪពុក លីហៃ ស្រប​តាម​រឿង​ដែល​ឪពុក​បាន​អាន​មក សន្និដ្ឋាន​ជា​ចាំបាច់​ថា មាន​ទេវតា​មួយ​នៃ​ព្រះ ស្រប​តាម​ដែល​បាន​សរសេរ​ទុក បាន​ធ្លាក់​មក​ពី​លើ​មេឃ ហេតុ​ដូច្នោះ​ហើយ ទេវតា​នោះ​បាន​ក្លាយ​ទៅ​ជា​អារក្ស ដោយ​បាន​ព្យាយាម​ស្វែងរក​អ្វី​មួយ ដែល​អាក្រក់​ចំពោះ​ព្រះ។

 ១៨ ហើយ​ព្រោះ​ទេវតា​នោះ​បាន​ធ្លាក់​មក​ពី​លើ​មេឃ ហើយ​ក្លាយ​ទៅ​ជា​មាន​ទុក្ខវេទនា​នៅ​អស់កល្ប​ជានិច្ច នោះ​វា​ក៏​បាន​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​លោក​ទាំង​អស់​មាន​ទុក្ខវេទនា​ដែរ ហេតុ​ដូច្នោះ​ហើយ ទើប​វា​និយាយ​ទៅ​នាង​អេវ៉ា មែន​ហើយ គឺ​ជា​សត្វ​ពស់​ពី​ដើម​នោះ ដែល​ជា​អារក្ស ជា​បិតា​នៃ​សេចក្ដី​កុហក ហេតុ​ដូច្នោះ​ហើយ វា​និយាយ​ថា ៖ ចូរ​ទទួល​ទាន​ផ្លែ​ដែល​ហាមឃាត់​ទៅ ហើយ​អ្នក​នឹង​ពុំ​ស្លាប់​ទេ ប៉ុន្តែ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ ដោយ​ដឹង​ខុស និង​ត្រូវ។

 ១៩ ហើយ​បន្ទាប់ពី​លោក​អ័ដាម និង​នាង​អេវ៉ា​បាន​ទទួល​ទាន​ផ្លែ​ដែល​ហាមឃាត់​ហើយ នោះ​ពួក​គេ​ត្រូវ​បាន​ដេញ​ចេញ​ពី​សួនច្បារ អេដែន ដើម្បី​ទៅ​ភ្ជួរ​រាស់​នៅ​លើ​ផែនដី។

 ២០ ហើយ​ពួក​គេ​បង្កើត​បាន​កូន មែន​ហើយ គឺ​គ្រួសារ​ទាំង​ឡាយ​នៃ​អស់​ទាំង​ផែនដី។

 ២១ ហើយ​ជីវិត​របស់​កូន​ចៅ​មនុស្ស​ត្រូវ​បាន​ពន្យារ​វែង ស្រប​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ ដើម្បី​ឲ្យ​ពួក​គេ​អាច​ប្រែចិត្ត កាល​គេ​នៅ​ក្នុង​សាច់ឈាម​នៅ​ឡើយ ហេតុ​ដូច្នោះ​ហើយ ស្ថានភាព​របស់​គេ​បាន​ក្លាយ​ទៅ​ជា​ស្ថានភាព​សាកល្បង ហើយ​ពេលវេលា​របស់​ពួក​គេ ត្រូវ​បាន​ពន្យារ​វែង ស្រប​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​ប្រទាន​ដល់​កូន​ចៅ​មនុស្ស។ ត្បិត​ទ្រង់​បាន​បញ្ជា​ថា មនុស្ស​លោក​ទាំង​អស់​ត្រូវ​តែ​ប្រែចិត្ត ត្បិត​ទ្រង់​បាន​បង្ហាញ​ដល់​មនុស្ស​លោក​ទាំង​អស់​ថា ពួក​គេ​វង្វេង​បង់ ព្រោះ​តែ​អំពើ​រំលង​ច្បាប់​របស់​ពួក​ឪពុក​ម្ដាយ​របស់​ពួក​គេ។

 ២២ ហើយ​ឥឡូវ​នេះ មើល​ចុះ បើ​សិន​ជា​លោក​អ័ដាម​ពុំ​បាន​រំលង​ច្បាប់​ទេ លោក​ក៏​ពុំ​បាន​ធ្លាក់​ខ្លួន​ដែរ ប៉ុន្តែ​លោក​ច្បាស់​ជា​នៅ​ក្នុង​សួនច្បារ​អេដែន​នៅ​ឡើយ។ ហើយ​អ្វីៗ​សព្វសារពើ​ដែល​បាន​បង្កើត​ឡើង​នឹង​នៅ​ក្នុង​សណ្ឋាន​ដើម​ដដែល បន្ទាប់ពី​បាន​បង្កើត​មក ហើយ​នឹង​ស្ថិត​នៅ​ដូច្នោះ​រហូត​តទៅ ហើយ​គ្មាន​ចុង​បំផុត​ឡើយ។

 ២៣ ហើយ​ពួក​គេ​ក៏​ពុំ​មាន​កូន​ចៅ​ដែរ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​នឹង​នៅ​ក្នុង​ភាព​ឆោតល្ងង់ ដោយ​គ្មាន​សេចក្ដី​អំណរ ព្រោះ​ពួក​គេ​មិន​ស្គាល់​សេចក្ដី​ទុក្ខវេទនា ដោយ​មិន​ប្រព្រឹត្ត​អំពើ​ល្អ ត្បិត​ពួក​គេ​មិន​ស្គាល់​អំពើ​បាប។

 ២៤ ប៉ុន្តែ​មើល​ចុះ អ្វីៗ​សព្វសារពើ​បាន​ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​ប្រាជ្ញា​របស់​ទ្រង់ ដែល​ជ្រាប​គ្រប់​ការណ៍​ទាំង​អស់។

 ២៥ លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ។

 ២៦ ហើយ​ព្រះ​មែស៊ី​នឹង​យាង​មក​នៅ​កាល​ដ៏​ពេញ​កំណត់ ដើម្បី​ទ្រង់​អាច​ប្រោសលោះ​កូន​ចៅ​មនុស្ស​ឲ្យ​រួច​ពី​ការ​ធ្លាក់។ ហើយ​ពី​ព្រោះ​ពួក​គេ​ត្រូវ​បាន​ប្រោសលោះ​ឲ្យ​រួច​ពី​ការ​ធ្លាក់ ទើប​ពួក​គេ​មាន​ឥស្សរភាព​រហូត​តទៅ ដោយ​ដឹង​ខុស និង​ត្រូវ ដើម្បី​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ឯង ហើយ​ពុំ​មែន​ទទួល​សកម្មភាព​ទេ លើក​លែង​តែ​ដោយ​ការ​ធ្វើ​ទោស​តាម​ក្រឹត្យវិន័យ​នៅ​ក្នុង​ថ្ងៃ​ដ៏​មហិមា ហើយ​ចុង​ក្រោយ​បង្អស់ ស្រប​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក។

 ២៧ ហេតុ​ដូច្នោះ​ហើយ មនុស្ស​លោក​មាន​សេរីភាព ស្រប​តាម​សាច់ឈាម ហើយ​អ្វីៗ​សព្វសារពើ​ត្រូវ​បាន​ផ្ដល់​ដល់​ពួក​គេ ដែល​ជា​ការ​ចាំបាច់​ដល់​មនុស្ស។ ហើយ​ពួក​គេ​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច តាម​រយៈ​ព្រះ​ជា​អ្នក​សង្រួបសង្រួម​ដ៏​ធំ​របស់​មនុស្ស​លោក​ទាំង​អស់ ឬ​ក៏​រើស​យក​ការ​ជាប់​ឃុំឃាំង និង​ការ​ស្លាប់ ស្រប​តាម​ការ​ជាប់​ឃុំឃាំង និង​អំណាច​របស់​អារក្ស ត្បិត​វា​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​លោក​ទាំង​អស់​មាន​ទុក្ខវេទនា​ដូច​វា​ដែរ។

 ២៨ ហើយ​ឥឡូវ​នេះ ឱ​កូន​ទាំង​ឡាយ​របស់​ឪពុក​អើយ ឪពុក​ចង់​ឲ្យ​កូន​រាល់​គ្នា​សម្លឹង​ទៅ​ព្រះ​ជា​អ្នក​សង្រួបសង្រួម​ដ៏​ធំ​នោះ ហើយ​ប្រុង​ស្ដាប់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​ដ៏​មហិមា​របស់​ទ្រង់​ចុះ ហើយ​ចូរ​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​ទ្រង់ ហើយ​រើស​យក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ស្រប​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ចុះ។

 ២៩ ហើយ​ចូរ​កុំ​រើស​យក​សេចក្ដី​ស្លាប់​ដ៏​អស់កល្ប​ជានិច្ច ស្រប​តាម​ចំណង់​របស់​សាច់ឈាម និង​សេចក្ដី​អាក្រក់​ដែល​នៅ​ក្នុង​នោះ​ឡើយ ដែល​ផ្ដល់​អំណាច​ដល់​វិញ្ញាណ​អារក្ស​ឲ្យ​ចាប់​ឃុំឃាំង ដើម្បី​នាំ​កូន​ចុះ​ទៅ​ស្ថាន​នរក ដើម្បី​វា​អាច​សោយរាជ្យ​លើ​កូន​នៅ​ក្នុង​នគរ​វា។

 ៣០ ឪពុក​បាន​និយាយ​ពាក្យ​បន្តិច​បន្តួច​ទាំង​នេះ​ដល់​កូន​ទាំង​អស់​គ្នា ឱ​កូន​ទាំង​ឡាយ​របស់​ឪពុក​អើយ គឺ​នៅ​គ្រា​ក្រោយ​បង្អស់​នៃ​ការ​សាកល្បង​របស់​ឪពុក ហើយ​ឪពុក​បាន​រើស​ខាង​ផ្នែក​ល្អ ស្រប​តាម​ពាក្យ​ទាំង​ឡាយ​នៃ​ព្យាការី។ ហើយ​ឪពុក​ពុំ​មាន​គិត​អ្វី​ទៀត​ទេ ក្រៅពី​សុខុមាលភាព​ដល់​ព្រលឹង​ដ៏​អស់កល្ប​ជានិច្ច​របស់​កូន​ទាំង​ឡាយ​ប៉ុណ្ណោះ។ អាម៉ែន ៕