ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
បុណ្យ​គ្រីស្ទម៉ាស់—រដូវ​កាល​ដើម្បី​ស្រឡាញ់ បម្រើ និង​អត់ទោស​គ្នា​ទៅវិញទៅមក


បុណ្យ​គ្រីស្ទម៉ាស់—រដូវ​កាល​ដើម្បី​ស្រឡាញ់ បម្រើ និង​អត់ទោស​គ្នា​ទៅវិញទៅមក

ខ្ញុំ​ចូលចិត្ត​មើល​ក្តីរំភើប និង​ក្តីរំពឹង​ទុក​របស់​កុមារ​ពេញ​មួយ​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​ទាំង​មូល ! ខ្ញុំ​ចាំ​ពី​ក្តីរំពឹង​ទុក​ផ្ទាល់​របស់​ខ្ញុំ​កាល​ខ្ញុំ​នៅក្នុង​ថ្នាក់​អង្គការបឋមសិក្សា​ក្នុង​ប្រទេស​អាហ្សង់ទីន ។ មាន​ឆ្នាំ​មួយ​នោះ គ្រូបង្រៀន​ថ្នាក់​អង្គការ​បឋម​សិក្សា​របស់​យើង​បាន​សុំ​ឲ្យ​យើង​សម្អាត​ប្រដាប់ប្រដា​ក្មេង​លេង​ចាស់ៗ លាង​សម្អាត​សក់​តុក្កតា​របស់​យើង ហើយ​ជួសជុល​សម្លៀកបំពាក់​របស់​វា ដើម្បី​យើង​អាច​បរិច្ចាគ​វា​ឲ្យទៅ​ក្មេង​តូចៗ​ដែល​ស្នាក់នៅ​មន្ទីរពេទ្យ​អំឡុងពេល​បុណ្យគ្រីស្ទម៉ាស់ ។

អំឡុង​សប្តាហ៍​នោះ ពេល​ខ្ញុំ​កំពុង​សម្អាត​តុក្កតា ម្តាយ​ខ្ញុំ​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ជាមួយ​តុក្កតា​នោះ ។ ខ្ញុំ​បាន​ពន្យល់​គាត់​នូវ​អ្វី​ដែល​គ្រូបង្រៀន​ថ្នាក់​អង្គការ​បឋម​សិក្សា​របស់​យើង​បាន​សុំ​ឲ្យ​ពួកយើង​ធ្វើ ហើយ​គាត់​បាន​តប​ថា « កូន​ក៏​គួរតែ​ឲ្យ​តុក្កតា​ស្អាត​មួយ​របស់​កូន​ទៅ​ក្មេងៗ​ផងដែរ » ។

ខ្ញុំ​បានឆ្លើយ​ថា « ហេតុអ្វី​កូន​ត្រូវធ្វើ​ដូច្នោះ ? »

រួច​គាត់​បាន​ថ្លែង​អ្វី​មួយ​ដែល​បានដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​រហូត​ដល់ឥឡូវ​នេះ ។ គាត់​បាន​ថ្លែង​ថា « គ្រីស្ទ វា​ជា​រឿង​ល្អ​ណាស់​ដើម្បី​ឲ្យ​អ្វី​មួយ​ដែល​យើង​ពិតជា​ចូលចិត្ត អ្វី​មួយ​ដែលយើង​ពិបាក​នឹង​ឲ្យ​ទៅ​គេ ដោយសារ​យើង​ចូលចិត្ត​វា អ្វី​មួយ​ដែល​ជា​ការលះបង់​ ។ នោះ​គឺ​ជា​អំណោយ​ដែល​ព្រះវរបិតា​សួគ៌​យើង​បាន​ប្រទាន​ឲ្យ​យើង ។ ទ្រង់​បាន​បញ្ជូន​ព្រះ​រាជ​បុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ—ពុំ​មែន​បុត្រ​ណា​ក៏​បាន​នោះ​ទេ ។ ទ្រង់​បាន​បញ្ជូន​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់ និង​ឥតខ្ចោះ​របស់​ទ្រង់ ដើម្បី​យើង​អាច​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ទ្រង់​វិញ​ម្តង​ទៀត » ។

នៅ​ឆ្នាំ​នោះ ពេល​ខ្ញុំបាន​ឲ្យ​តុក្កតាមួយ​​ដែល​ខ្ញុំ​ពេញចិត្ត​ទៅ​គេ ខ្ញុំ​បាន​យល់​កាន់តែ​ប្រសើរ​ជាមុន​បន្តិច​អំពី​អំណោយ​របស់​ព្រះវរបិតា​សួគ៌​មាន​ចំពោះ​យើង—គឺ​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​ថ្វាយ​ព្រះជន្ម​ទ្រង់​ដោយ​ក្តីស្រឡាញ់ និង​មិន​គិតពី​អង្គទ្រង់​សម្រាប់​ពួក​យើង ។

រៀងរាល់​ឆ្នាំ ផ្នែកមួយ​នៃ​ការប្រារព្ធ​បុណ្យ​គ្រីស្ទម៉ាស់​របស់​យើង ឪពុក​ខ្ញុំ​នឹង​អាន​ដំណើរ​រឿង​ដ៏​អស្ចារ្យ​ក្នុង​គម្ពីរ​លូកា ។

« នៅ​គ្រា​នោះ សេសារ-អូគូស្ទ បាន​ចេញ​ព្រះរាជឱង្ការ​មួយ​ច្បាប់​ឲ្យ​មនុស្ស​ទាំងអស់​ដែល​នៅ​ផែនដីបាន​ចុះ​បញ្ចី ។…

មនុស្ស​ទាំងអស់​ក៏​ទៅ​ឯ​ស្រុក​កំណើត​រៀង​ខ្លួន​ដើម្បី​ចុះ​បញ្ជី ។

ឯ​យ៉ូសែប​គាត់​ក៏​ចេញ​ពី​ណាសារ៉ែត ស្រុក​កាលីឡេ ឡើងទៅ​ស្រុក​យូដា ដល់​ក្រុង​របស់​ហ្លួង​ដាវីឌ ដែល​ឈ្មោះ​ថា បេថ្លេហិម ។…

ដើម្បី​នឹង​ចុះ​បញ្ជី​ជាមួយ​នឹង​ម៉ារា​ដែល​បាន​បម្រុង​ទុក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​គាត់ ដែល​នាង​មាន​គភ៌​នោះ ។

កាល​កំពុង​តែ​នៅ​ទីនោះ វេលា​ដែល​នាង​ត្រូវ​ប្រសូត​ក៏​មក​ដល់ ។

ហើយ​នាង​ប្រសូត​បាន​បុត្រា​ជា​ចម្បង​មក រួច​រុំ​នឹង​សំពត់​ផ្តេក​ក្នុង​ស្នូក ពី​ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​ណា​នៅ​ទេ ។

រី​ឯ​នៅ​ស្រុក​នោះ ឯង​មាន​ពួកអ្នក​គង្វាល ដែល​ចាំ​យាម​រក្សា​ហ្វូង​ចៀម​របស់​ខ្លួន​នៅ​ឯ​វាល​ក្នុង​វេលា​យប់ ។

នោះ​មើល មាន​ទេវតា​នៃ​ព្រះអម្ចាស់​មក​ឈរ​ជិត​គេ ឯ​សិរី​ល្អ​របស់​ទ្រង់​ក៏​ភ្លឺ​ឆ្វាត់ជុំវិញ ហើយ​គេ​មាន​សេចក្តី​ភ័យ​ខ្លាច​ជា​ខ្លាំង ។

តែ​ទេវតា​ប្រាប់​ថា កុំ​ខ្លាច​អី មើល​ខ្ញុំ​មក​ប្រាប់​ដំណឹងល្អ​ដល់​អ្នករាល់គ្នា​ពី​សេចក្ដីអំណរ​យ៉ាង​អស្ចារ្យ ដែល​សម្រាប់​បណ្ដាជន​ទាំងអស់​គ្នា ។

ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​មួយអង្គ​ប្រសូត​ដល់​អ្នក​រាល់​គ្នា នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ ។

ហើយ​នេះ​ជា​ទីសម្គាល់​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះឱរសមួយរុំ​នឹង​សំពត់​ផ្តេក​នៅក្នុង​ស្នូក ។

នោះ​ស្រាប់តែ​មាន​ពួក​ពល​បរិវារកកកុញ​ស្ថានសួគ៌មក​នៅ​ជាមួយ​នឹង​ទេវតា​នោះ ក៏​ពោលសរសើរ​ដល់​ព្រះថា

សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្តី​សុខសាន្ត​នៅ​ផែនដី​នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់ » ។

បងប្អូន​ប្រុសស្រី ថ្ងៃ​នេះ​តើ​យើង​អាច​មាន​អំណរ​ចំពោះ​ភាពសុខសាន្ត និង​នៅ​កណ្តាល​មនុស្ស​ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់​យ៉ាង​ដូចម្តេច​ទៅ ?

ពេល​ខ្ញុំ​ពិចារណា​សំណួរ​នេះ​អស់បួន​ប្រាំ​សប្តាហ៍​មក​នេះ ដោយ​គិត​ក្នុង​ចិត្ត​ថា បុណ្យ​គ្រីស្ទម៉ាស់​គឺ​ជា​រដូវកាល​ដើម្បី​ផ្តល់​ឲ្យ ដើម្បី​ធ្វើ​កិច្ចការបី​យ៉ាង —ប្រាកដ​ណាស់​ជា​អំណោយ​បីយ៉ាង​ដែល​យើងម្នាក់ៗ​អាច​ផ្តល់​ឲ្យ—បាន​ផុស​ឡើង​ក្នុង​ចិត្ត​ខ្ញុំ ។ ប្រាកដ​ណាស់ យើង​ផ្តល់​អំណោយ​ទាំង​នេះ​ពេញ​មួយ​ឆ្នាំ ប៉ុន្តែ​នៅក្នុង​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​ប្រពៃ​នេះ យើង​ចងចាំ​អំពី​អំណោយ​របស់​ព្រះវរបិតា​គឺ​អំណោយ​ព្រះរាជបុត្រ​ទ្រង់ ហើយ​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ពួកទ្រង់ ពេល​យើង​បង្កើន​សមត្ថភាព និង​បំណង​ប្រាថ្នា​រៀងៗខ្លួន​របស់​យើង​ដើម្បី​ផ្តល់​ឲ្យ ។

១. បុណ្យ​គ្រីស្ទម៉ាស់​គឺ​ជា​រដូវកាល​ផ្តល់​នូវ​ក្តីស្រឡាញ់ ។

ព្រះវរបិតាដែល​គង់នៅស្ថានសួគ៌របស់យើង និង​ព្រះអង្គសង្គ្រោះ​របស់​យើង​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​គំរូ​ដ៏​អស្ចារ្យ​បំផុត​អំពី​សេចក្តី​ស្រឡាញ់ ។ ខគម្ពីរ​យ៉ាង​គាប់​ចិត្ត​មួយ​បង្រៀន​ថា « ដ្បិត​ព្រះទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ ដើម្បីឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ​មិន​ត្រូវ​វិនាស​ឡើយ​គឺ​ឲ្យ​មាន​ជីវិត​អស់កល្បជានិច្ចវិញ » ។

ព្រះអង្គ​សង្គ្រោះយើង​បាន​បង្រៀន​យើងឲ្យស្រឡាញ់​មនុស្ស​គ្រប់​រូប​តាមរយៈ​គំរូ ។ ទ្រង់​ក៏​បាន​បង្រៀន​យើង​ផងដែរ​ឲ្យ​ស្រឡាញ់​ព្រះ និង​អ្នក​ជិត​ខាង​របស់​យើង​ឲ្យ​ដូច​ខ្លួន​យើង ។

អែលឌើរ ចន អេ វិតសូ បាន​ពន្យល់​ថា ៖

« យើង​អាច​ពុំ​យល់​ពី​លក្ខណៈ​សំខាន់ និង​ពេញលេញនៃ​សេចក្តីស្រឡាញ់​នោះ ប៉ុន្តែ​មាន​ការល្បង​នានា​ដែល​យើង​អាច​ដឹង​ពី​វា ។

សេចក្តីស្រឡាញ់​គឺ​រក​ឃើញ​នៅក្នុង​សេចក្តីពិត​ជានិច្ច ។… ការកុហក និង​ការបោក​ប្រាស់ ឬ​ការបំពាន​លើ​ច្បាប់​សីលធម៌​ផ្សេង​ទៀត​គឺ​ជា​ភស្តុតាង​នៃ​អវត្តមាន​របស់​សេចក្តីស្រឡាញ់​ហើយ ។ សេចក្តីស្រឡាញ់​វិនាស​នៅក្នុង​ចំណោម​ភាពពុំ​ពិត ។… ដូច្នេះ … [ បុរស ] ដែល​ក្លែង​បន្លំ​ចំពោះ​អស់​អ្នក​ដែល​ខ្លួន​ស្រឡាញ់ ឬ​ផ្តល់​ដល់​នាង​នូវ​ទង្វើ​ដែល​ផ្ទុយ​នឹងការពិត នោះ​ពុំ​ស្រឡាញ់​នាង​ពិតប្រាកដ​ឡើយ ។

លើសពីនោះ​ទៀត សេចក្ដី​ស្រឡាញ់​ពុំ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ខ្លួន​ស្រឡាញ់​អាក់អន់ចិត្ត ឈឺ​ចាប់ ឬ​រង​គ្រោះ​ឡើយ ។… ភាពឃោរឃៅ​គឺ​ជា​អវត្តមាន​នៃ​សេចក្តីស្រឡាញ់…ដូច​ជា​សេចក្តីពិត​ខុស​ពី​សេចក្តីមិន​ពិត​ដូច្នោះ​ដែរ ។…

សេចក្តីស្រឡាញ់​គឺ​ជា​អនុភាព​វិជ្ជមាន​ដ៏​សកម្ម ។ វា​ជួយ​មនុស្ស​ជាទីស្រឡាញ់ ។ ប្រសិនបើ​មាន​សេចក្តីត្រូវការ នោះ​សេចក្តីស្រឡាញ់​ព្យាយាម​បំពេញ​តម្រូវការ​នោះ ។ ប្រសិនបើ​មាន​ភាព​ទន់ខ្សោយ នោះ​សេចក្តីស្រឡាញ់​ជំនួស​វា​ដោយ​ភាព​រឹងមាំ ។ សេចក្ដី​ស្រឡាញ់​ដែល​ពុំ​ជួយ​គឺ​ជា​សេចក្តីស្រឡាញ់​ក្លែងក្លាយ ឬ​មិន​ឋិតថេរ ។

ទោះបើ​ការល្បង​ទាំង​នេះ​ល្អ​ប៉ុណ្ណា​ក៏​ដោយ ​គង់​តែ​មាន​សេចក្តីស្រឡាញ់​កាន់តែ​ធំ​អស្ចារ្យ​ជាងដែរ ។ សេចក្ដី​ស្រឡាញ់​ពិត​គឺ​ហ៊ាន​លះបង់​សម្រាប់​អស់​អ្នក​ដែល​ខ្លួន​ស្រឡាញ់ ។… នោះ​គឺជា​ការល្បង​ចុង​ក្រោយ​គេ​បង្អស់ ។ ព្រះគ្រីស្ទ​បាន​ប្រទាន​អង្គ​ទ្រង់ ព្រះជន្មទ្រង់​សម្រាប់​ពួកយើង ដោយ​កិច្ចការ​នោះ​ទ្រង់​បាន​ប្រកាស​សេចក្តីស្រឡាញ់​ដ៏​ពិតប្រាកដ​របស់​ទ្រង់​ចំពោះ​បងប្អូន​ប្រុស​ស្រី​ដែល​មាន​ជីវិត​រមែង​ស្លាប់​នេះ » ។

ព្រះវរបិតាដែល​គង់នៅស្ថានសួគ៌របស់យើង​អញ្ជើញ​យើងទាំងអស់​គ្នា​ដែល​ជា​កូនចៅ​ទ្រង់​ឲ្យ​ផ្តល់ និង​លះបង់​សម្រាប់​សេចក្តីស្រឡាញ់​នេះ ។ ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូលថា ៖ « ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​មក​អ្នក​ដែរ » ។ « អ្នក​រាល់​គ្នា​បាន​ទទួល​ទទេ ត្រូវ​ឲ្យ​ទទេ​ដែរ » ។

២. បុណ្យ​គ្រីស្ទម៉ាស់​គឺ​ជា​រដូវកាល​ផ្តល់​ការបម្រើ ។

ព្រះអម្ចាស់ដែលជា​ព្រះអង្គសង្គ្រោះ​យើង​បាន​បម្រើ​មនុស្ស​ដោយ​ផ្ទាល់ លើក​ស្ទួយ​ពួក​អ្នក​ដែល​គេ​ជិះជាន់ ផ្តល់​ក្តីសង្ឃឹម​ដល់​អ្នក​បាក់​ទឹកចិត្ត និង​ស្វែងរក​អ្នក​ដែល​វង្វេង ។ ទ្រង់​ព្យាបាល​អ្នក​ខ្វាក់​ឲ្យ​មើល​ឃើញ អ្នក​ឈឺ​ឲ្យ​បាន​ជា និង​អ្នក​ពិការ​ឲ្យ​ដើរ​បាន និង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើងវិញ ។

នា​រដូវបុណ្យគ្រីស្ទម៉ាស់​នេះ ខ្ញុំ​គិត​អំពី​ពួកអ្នកផ្សព្វផ្សាយ​សាសនា—អែលឌើរ ស៊ីស្ទើរ អ្នកផ្សព្វផ្សាយសាសនា​រៀមច្បង និង​ប្រធាន​បេសកកម្ម​ទូទាំង​ពិភពលោក—ដែល​ជា​អ្នក​តំណាង​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ ផ្តល់​ការបម្រើ និង​ចំណាយ​ពេល​ទាំងស្រុង​របស់​ពួកគេ​ក្នុង​ការបម្រើ​មនុស្ស​គ្រប់រូប ។ ខ្ញុំ​គិត​អំពី​បងប្អូន​ប្រុសស្រី​ទាំងអស់​ដែល​ចំណាយ​ពេល​អស់​ជាច្រើន​ម៉ោង​ក្នុងការបម្រើ​ដោយ​ស្មោះត្រង់​ក្នុង​ការហៅ​របស់​ពួកគេ ។ នា​គ្រា​នេះ​ផងដែរ ខ្ញុំ​ក៏​គិត​អំពីបុរស និង​ស្ត្រី​ដែល​បម្រើ​នៅក្នុង​កងទ័ព​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ពួក​យើង ។ សូម​អរគុណ​ចំពោះ​ការបម្រើ​របស់​បងប្អូន !

ប៉ុន្តែ​ទោះបី​យើង​ពុំ​កំពុង​បម្រើ​ព្រះអម្ចាស់ ឬ​ប្រទេស​ជាតិ​របស់​យើង​ពេញ​ម៉ោង​ក្តី ឱកាស​បម្រើ​របស់​យើង​គឺ​គ្មាន​ព្រំដែន​ឡើយ ។ ពាក្យ​ផ្អែមល្ហែម និង​ទង្វើ​សប្បុរស​អាច​សម្រាល​បន្ទុក និង​ធ្វើ​ឲ្យ​ដួងចិត្ត​រីករាយ ! ព្រះវរបិតា​ដែល​គង់នៅស្ថាន​សួគ៌​យើង​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​ផ្តល់​ការបម្រើ ។ ហើយ​ពេល​យើង​ធ្វើ​ដូច្នោះ « នោះ​ស្ដេច​នឹង​ឆ្លើយ​ទៅ​ [ យើង ] ថា យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់គ្នា​បាន​ធ្វើការ​ទាំងនោះ​ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា​បាន​ធ្វើ​ដល់​យើង​ដែរ » ។

៣. បុណ្យ​គ្រីស្ទម៉ាស់​គឺ​ជា​រដូវកាល​ផ្តល់​ការអត់ទោស ។

ការអត់ទោស​ឲ្យ​អ្នកដទៃ​នាំ​ភាពសុខសាន្ត និង​អំណរ​ដល់​ជីវិត​យើង ។ ប្រធាន ហ៊ីប៊ើរ ចេ. ក្រាន្ត បាន​បង្រៀន​ថា ៖ « គ្មាន​អ្វី​ដែល​អាច​នាំ​ព្រះវិញ្ញាណ​នៃ​ព្រះ​មក​យើង​កាន់តែ​ច្រើន​ជាង​ការ … មាន​សន្តានចិត្ត​ល្អ ចេះ​គិតគូរ​ដល់​អ្នកដទៃ មាន​ក្តីសប្បុរស ចេះ​អត់ធ្មត់ និង​ចេះ​អត់ទោស​ឡើយ ។ គ្មាន​អ្វី​ដែល​អាច​នាំ​អំណរ​កាន់តែ​ខ្លាំង​ដល់​យើង ជាង​ការត្រៀម​ខ្លួន​រួច​ជាស្រេច និង​មាន​ឆន្ទៈអត់​ទោសដល់​ការរំលង​របស់​អ្នកជិតខាង​យើង​ដែល​ទាស់​នឹង​យើង​ឡើយ ហើយ​គ្មាន​អ្វី​ដែល​នឹង​នាំមក​នូវ​ការកាត់ទោស​យើង​ខ្លាំង​ជាង​ការពង្រឹង​ចិត្ត​យើង និង​បៀម​ការជូរចត់ និង​ការមិន​ចេះ​លើកលែង​នៅក្នុង​អារម្មណ៍​យើង ចំពោះ​អ្នក​ដែលនៅ​ជុំវិញ​យើង​ឡើយ » ។

ដើម្បី​ទទួល​បាន​ការអត់ទោស​ពី​អំពើបាប​របស់​យើង យើង​ត្រូវតែ​អត់ទោស​ដល់​អ្នកដទៃ ។

ការអត់ទោស​ដល់​អ្នកដទៃ​អនុញ្ញាត​ឲ្យ​យើង​យក​ឈ្នះ​លើ​អារម្មណ៍​នៃ​កំហឹង ភាពល្វីងជូរចត់ ឬ ការសងសឹក ។ ហើយ​តើ​នរណា​ចង់​មាន​អារម្មណ៍​ទាំង​នោះ​នៅ​បុណ្យ​គ្រីស្ទម៉ាស់​នោះ ? ការអត់ទោស​ក៏​អាច​ព្យាបាល​ដំបៅ​ខាង​វិញ្ញាណ និង​នាំ​ភាពសុខសាន្ត និង​ក្តីស្រឡាញ់​ដែល​មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​ប្រទាន​ឲ្យ​បាន​ផងដែរ ។

ព្រះវរបិតា​ដែលគង់​នៅ​ស្ថានសួគ៌​យើង​សព្វព្រះទ័យ​ឲ្យ​យើង​ប្រែចិត្ត ហើយ​អត់ទោស​ដល់​មនុស្ស​គ្រប់រូប—រួមទាំង​ខ្លួន​យើង​ផង ។ ដូច​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​ថ្លែង ៖ « ថ្វីបើ​អ្នក​គិត​ថា អ្នក​យឺត​ពេល​ក៏​ដោយ ទោះជា​អ្នក​មិន​បាន​ធ្វើ​ជាច្រើន​ដង​ក៏​ដោយ ទោះជា​អ្នក​មាន​អារម្មណ៍​ថា អ្នក​មាន​កំហុស​ច្រើន​យ៉ាងណា​ក៏​ដោយ ឬ ទេពកោសល្យ​ដែល​អ្នក​គិត​ថា អ្នក​ពុំ​មាន ឬ​ទោះជា​អ្នក​មាន​អារម្មណ៍​ថា អ្នក​បាន​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​ផ្ទះ និង​ក្រុមគ្រួសារ និង​ព្រះ​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ថា អ្នក ពុំ បាន​ធ្វើ​ដំណើរ​ហួស​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​នោះទេ ។ វា​មិន​អាច​ទៅ​រួច​សម្រាប់​អ្នក ដើម្បី​លិច​ទៅ​ជ្រៅ​ជាង​ពន្លឺ​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​ដ៏​និរន្ដរ ដែល​អាច​ចែងចាំង​ដល់​បាន​ទេ » ។

បងប្អូន​ប្រុស​ស្រី នៅ​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​នេះ ចូរ​យើងទាំងអស់គ្នា​ផ្តល់​អំណោយ​ដ៏​ល្អ​បំផុត ។ ចូរ​យើង​លះបង់​តុក្កតា​ដែល​យើង​ចូលចិត្ត​ដោយ​ចិត្ត​មាន​អំណរគុណ—ពុំមែន​ជា​តុក្កតា​ដែល​យើង​បោះចោល​នោះ​ទេ ។ ហើយ​សូម​ឲ្យ​យើង​ផ្តល់​អំណោយ​នៃ​សេចក្តីស្រឡាញ់ អំណោយ​នៃ​ការបម្រើ​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ​យើង និង​អំណោយ​ពិតប្រាកដ​នៃ​ការអត់​ទោស ។ ដ្បិត​នៅពេល​យើង​ប្រែចិត្ត នោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​អភ័យទោស​ដល់​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ។ ទ្រង់​គឺ​ជា​ស្តេច​នៃ​អស់​ទាំងស្តេច ជា​ម្ចាស់​នៃ​មេត្រីភាព ជា​ព្រះអង្គសង្គ្រោះ ព្រះប្រោសលោះ និង​ជា​សំឡាញ់​របស់​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។