ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
អំណោយទាន​សួគ៌ា


អំណោយទាន​សួគ៌ា

យុវជន

ពុំ​មាន​យុវជន​ណា​ទន្ទឹង​រង់ចាំ​បុណ្យ​គ្រីស្ទម៉ាស់​ខ្លាំង​ដូច​ខ្ញុំ​នោះ​ទេ ។ ខ្ញុំ​ចូលចិត្តបុណ្យ​គ្រីស្ទម៉ាស់​ណាស់ ! ហើយ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ពូកែ​ខាង​ធ្វើ​ឲ្យ​ផ្ទះ​របស់​ពួក​យើង​ក្លាយ​ជា​ស្ថាន​ដ៏​មនោរម្យ និង​កក់ក្ដៅ​នា​រដូវ​រងារ ។ មាន​ការតុបតែង តន្ត្រី ពន្លឺភ្លើង នំចំណី និង​អំណោយ ។ មែនហើយ ខ្ញុំ​ទន្ទឹង​ចាំ​អំណោយ​ទាំងឡាយ ។ រាល់​ឆ្នាំ ខ្ញុំ​បាន​ធ្វើ​បញ្ជី​ក្ដី​ប្រាថ្នា​ដ៏​ស្មោះ​មួយ​អំពី​បំណង​ដ៏​ធំ​បំផុត​នៃ​ដួងចិត្ត​ខ្ញុំ ។

ដោយសារ​តែ​យើង​រស់​នៅ​ធ្វើ​ចម្ការ ដូច្នេះ​ពី​មុន​យើង​បើក​អំណោយ​របស់​យើង​រាល់​ព្រឹក​បុណ្យ​គ្រីស្ទម៉ាស់ នោះ​យើង​ពាក់​ខោ​អាវ​កក់​ក្ដៅ​ដើម្បី​ចេញ​ទៅ​ក្រៅ​ផ្ទះដែលមាន​អាកាសធាតុ​ត្រជាក់ ហើយ​មើល​ថែ​សត្វ​នៅ​ចម្ការ​របស់​យើង ។ គ្មាន​អ្វី​ល្អ​ប្រសើរ​ជាង​ការបញ្ចប់​ការងារ​របស់​យើង ហើយ​ត្រឡប់​ទៅ​រក​សកម្មភាព​ដ៏​អស្ចារ្យ​នៃ​ព្រឹក​នោះ​ទេ ។

ខ្ញុំ​ទើប​តែ​ចាប់​ផ្ដើម​រៀន​អំពី​បុរស​ម្នាក់​នេះ ព្រះយេស៊ូវគ្រីស្ទ ដែល​យើង​ប្រារព្ធ​ពិធី​កំណើត​របស់​ទ្រង់ ។ ប៉ុន្តែ​វា​ជា​ស្ថានភាព​ដ៏​ល្អ​មួយ ។ វា​គឺ​ជា​បុណ្យ​កំណើត​ទ្រង់ ប៉ុន្តែ​យើង​ទទួល​បាន​អំណោយ​ទាំងអស់ ។ តើ​ក្មេង​ណា​ដែល​ថា​មិន​ចូលចិត្ត​នោះ ! បុណ្យ​គ្រីស្ទម៉ាស់​គឺ​អ្វីៗ​សុទ្ធ​តែ​ល្អ ។

ទីបំផុត នៅពេល​ខ្ញុំ​ធំ​ឡើង ខ្ញុំ​បាន​យល់​អំពី​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ច្រើន—ការប្រសូត និង ថ្ងៃ​កំណើត​របស់​ទ្រង់, ជីវិត និង​អព្ភូតហេតុ​របស់​ទ្រង់ អំណាច និង​ពលិកម្ម​របស់​ទ្រង់ ដង្វាយធួន និង​ការមានព្រះជន្ម​រស់ឡើង​វិញ​របស់​ទ្រង់ ប៉ុន្តែ​ដែល​សំខាន់​បំផុត​នោះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​មហិមា និង​ពុំ​អាច​ថ្លែង​បាន​របស់​ទ្រង់ ។ មែនហើយ បុណ្យ​គ្រីស្ទម៉ាស់​គឺ​អ្វីៗ​សុទ្ធ​តែ​ល្អ តែ​នោះ​ជា​រឿង​ធម្មតា​ទេ ពី​ព្រោះ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្វីៗ​ដ៏​ល្អ​នោះ​ហើយ ។ ឬ​និយាយ​ឲ្យ​កាន់តែ​ប្រសើរនោះ​គឺ​ថា ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​អ្វីៗ​ដ៏​អស្ចារ្យ !

ការបម្រើ​បេសកកម្ម

ដូច​ជា​យុវ​វ័យ​ជាច្រើន​ដែរ ខ្ញុំ​ទន្ទឹង​ចាំ​បម្រើ​បេសកកម្ម​ដោយ​ក្ដីសង្ឃឹម​យ៉ាង​ខ្លាំង ប៉ុន្តែ​នៅ​បុណ្យ​គ្រីស្ទម៉ាស់​លើក​ដំបូង​ដែល​ខ្ញុំ​នៅ​ឆ្ងាយ​ពី​ផ្ទះ ខ្ញុំ​មាន​ការតក់ស្លុត​បន្ដិច ។ នៅ​ជា​ច្រើន​ខែ​ទៀត​នឹង​ដល់​ខួប​កំណើត ១៩ ឆ្នាំ​របស់​ខ្ញុំ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​អាច​គិត​គឺ​ទៅ​បេសកកម្ម ។ កាល​នោះ​ខ្ញុំ​នៅ​ក្មេង​ជាង​មិត្ត​រួម​ថ្នាក់ និង​មិត្តភក្ដិ​របស់​ខ្ញុំ ហើយ​ពួកគេ​ជា​ច្រើន​ដែល​បាន​ចេញ​​បេសកកម្ម​ចោល​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គឺជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​រួច​ទៅហើយ ។ អ្វី​តែ​មួយ​គត់​ដែល​រារាំង​ផ្លូវ​របស់​ខ្ញុំ​គឺ​ខួប​កំណើត​របស់​ខ្ញុំ ។

បន្ទាប់​ពី ការរង់​ចាំ​ដ៏​យូរ​មក ទី​បំផុត​ពេល​វេលា​របស់​ខ្ញុំ​បាន​មក​ដល់ ហើយ​ខ្ញុំ​បាន​ចូល អិម ធី ស៊ី ។ នៅ​ដើម​ខែ​ធ្នូ ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​តាម​យន្ដហោះ​ទៅ​កាន់​បេសកកម្ម​របស់​ខ្ញុំ​នៅ សាន់​ទីអាហ្គោ ប្រទេស ឈីលី ។ ទីបំផុត​ខ្ញុំ​បាន​ចេញ​ដំណើរ ហើយ​អ្វី​ដែល​កាន់តែ​ល្អ​នោះ​គឺ​បុណ្យ​គ្រីស្ទម៉ាស់​ពិតជា​ខិត​ជិត​មក​ដល់​ហើយ ។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ខ្ញុំ​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​បទពិសោធន៍​ដ៏​រុងរឿង​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ ។

ប៉ុន្តែ​នៅពេល​ខ្ញុំ​ចុះ​ពី​លើ​យន្ដហោះ ខ្ញុំ​បាន​ឃើញ​ភ្លាម​ថា មាន​ភាពខុសគ្នា​ទាំង​ស្រុង​ពី​អ្វី​ដែល​មាន​នៅ​យូថាហ៍ ។ មែនហើយ បុណ្យ​គ្រីស្ទម៉ាស់​ខិត​ជិត​មក​ដល់​មែន ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ដូច​ជា​នៅ​កណ្ដាល​រដូវ​ក្ដៅ​អញ្ចឹង ។ តើ​ព្រិល​ទឹក​កក​នៅ​ឯ​ណា ? តើស្បែក​ជើង​ក​វែង និង​​អាវ​រងា​នៅ​ឯ​ណា ?

មិន​យូរ​ប៉ុន្មាន​ខ្ញុំ​បាន​ចូល​ប្រឡូក​នឹង​បញ្ហា​នានា​ក្នុង​កិច្ចការ​នោះ ។ ខ្ញុំ​រងទុក្ខ​នឹង​ការប្ដូរ​ម៉ោង​ពេល ហើយ​ពេល​ខ្លះ​​ឃើញ​ថា ខ្លួន​ខ្ញុំ​ដេក​លក់​ពេល​កំពុង​បង្រៀន​គេ ។ វប្បធម៌​មាន​ភាពខុស​គ្នា ខ្ញុំ​មិន​យល់​ភាសា​គេ​ទេ—វា​មិន​ដូចជា​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នៅ អិម ធី ស៊ី សោះ— ហើយ​អាហារ​ក៏​ប្លែក​ដែរ ។ និយាយ​អំពី​អាហារ ដៃ​គូ​ខ្ញុំ និង​ខ្ញុំ​ច្បាស់​ជា​បាន​ញ៉ាំ​អ្វី​ដែល​មិន​ល្អ​ហើយ ពីព្រោះ​យើង​ទាំងពីរ​នាក់​បាន​ឈឺ​ធ្ងន់ ។ ក្រោយ​មក លើស​ពី​បញ្ហា​ផ្សេង​ទៀត​ទាំងអស់​នោះ​ នៅ​យប់​ថ្ងៃ​ដំបូង​របស់​ខ្ញុំ​នៅ​ប្រទេស ឈីលី យើង​បានជួប​នូវការរញ្ជួយ​ដី ។

វា​គឺ​ជា​បុណ្យ​គ្រីស្ទ​ដំបូង​ដែល​ខ្ញុំ​នៅ​ឆ្ងាយ​ពី​ផ្ទះ ហើយ​ខ្ញុំ​ឈឺ​ជា​ទម្ងន់ ។ ខ្ញុំ​ដេក​លើ​គ្រែ​ក្នុង​ប្រទេស​ដែល​ពុំ​ធ្លាប់​ស្គាល់ ព្យាយាម​យល់​ភាសា​ដែល​ខ្ញុំ​ពិបាក​យល់ រស់នៅ​ជាមួយ​មនុស្ស​ផ្សេង​ដែល​ខ្ញុំ​ទើប​តែ​ស្គាល់ ។ តើនេះជាកិច្ចការផ្សព្វផ្សាយសាសនាឬ ? ហើយហេតុអ្វីបានជាខ្ញុំប្រញាប់ប្រញាល់ធ្វើអ្វី ?

ប៉ុន្តែ​ក្រៅពី​បញ្ហា​ទាំងអស់​នេះ ខ្ញុំ​បាន​ចាប់​ផ្ដើម​ស្រឡាញ់​ប្រជាជន​ឈីលី​ដោយ​អស់​ពី​ដួងចិត្ត​ខ្ញុំ ។ ពួកគេ​ល្អ និងគួរ​ឲ្យ​ស្រឡាញ់​ណាស់—ហើយ ពួកគេ​ជាច្រើន​ចង់​រៀន​ពី​សារលិខិត​អំពី​ព្រះអង្គសង្គ្រោះ​យ៉ាង​ខ្លាំង ។ នៅក្នុង​ពិភពលោក​ពិត និង​ជាក់ស្ដែង ជា​កន្លែង​ដែល​មនុស្ស​ចង់​បាន​សារលិខិត​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ខ្លាំង​នោះ ដើម​គ្រីស្ទម៉ាស់ និង​ស្រោម​ជើង​ដាក់​កាដូ​ស្ទើរ​តែ​មិន​សំខាន់​ដូច​កាលពី​មុន​ទៀត​ឡើយ ។ បើ​ព្រះគ្រីស្ទ​បាន​យាង​ចេញ​ពី​ដំណាក់​សួគ៌ា​របស់​ទ្រង់​មក​ផែនដី​ដើម្បី​រងទុក្ខ ហើយ​សុគត​ជំនួស​យើង​ទាំងអស់​គ្នា នោះ​ខ្ញុំ​ពិត​ជា​អាច​ចេញ​ពី​ផ្ទះ​របស់​ខ្ញុំ ប្រឈម​មុខ​នឹង​រឿង​មិន​សុខ​ស្រួល​មួយ​ចំនួន ដើម្បី​ចែកចាយ​សារលិខិត​ដ៏​អស្ចារ្យ​របស់​ទ្រង់​បាន ។

បុណ្យ​គ្រីស្ទម៉ាស់​នោះ​បាន​បង្រៀន​ខ្ញុំ​ពី​អំណរ​ពិត​នៃ​ការជួយ​មនុស្ស​ឲ្យ​ទទួល​បាន​អំណោយ​ដ៏​មហិមា​បំផុត​របស់​ព្រះ​វរបិតាសួគ៌ ជា​ផែនការ​នៃ​សុភមង្គល​ដ៏​រុងរឿង​របស់​ទ្រង់—ហើយ​សុភមង្គល​ដែល​ខ្ញុំ​រក​ឃើញ គឺ​ជា​អ្វី​មួយ​ដែល​មនុស្ស​គ្រប់​រូប​ចង់​បាន​បំផុត ពុំ​គ្រាន់តែ​នៅពេល​បុណ្យ​គ្រីស្ទម៉ាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចង់​បានវាជានិច្ច​កាល ។

ពោះម៉ាយ​វ័យ​ក្មេង និង​អាពាហ៍ពិពាហ៍

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​បេសកកម្ម​របស់​ខ្ញុំ ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​ជួប​នឹង​ឧបសគ្គ​ថ្មី ។ ខ្ញុំ​អស់​សង្ឃឹម នឿយហត់ ហើយ​ឯកោ​ណាស់ ។ កាល​ពី​​ច្រើន​ខែ​មុន ភរិយា​របស់​ខ្ញុំដែល​រៀបការ​បាន​តិច​ជាង​ពីរ​ឆ្នាំ បាន​ទទួល​មរណភាព​ដោយ​គ្រោះថ្នាក់​ចររាចរណ៍​ដែល​ពុំ​នឹក​ស្មាន​ដល់ បន្សល់​ទុក​កូន​ស្រី​អាយុ ៧ ខែ​របស់​យើង​នៅ​ឯ​កោ ។

ខ្ញុំ​ជា​និស្សិត​សាកល​វិទ្យាល័យ កំពុង​រៀន​ផង ធ្វើការ​ផង ហើយ​ពុះពារ​ដើម្បី​រៀន​ធ្វើ​ជា​ឪពុក​ទោល ។ បុណ្យ​គ្រីស្ទម៉ាស់​ខិត​ចូល​មក​ដល់ មនុស្សដទៃ​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​ជួបជុំ​គ្រួសារ និង​មនុស្ស​ជា​ទីស្រឡាញ់​របស់​ពួកគេ​ក្នុង​ថ្ងៃ​ឈប់​សម្រាក តែ​ដោយសារ​តែ​ខ្ញុំ​ត្រូវ​ធ្វើការ នោះ​ខ្ញុំ​ត្រូវ​បន្ដ​នៅ​សាលា​រៀន ។ ខ្ញុំ​មាន​អារម្មណ៍​ឯកោ ហើយ​សោកសៅ​ណាស់ ។ បុណ្យ​គ្រីស្ទម៉ាស់​បាន​មក​ដល់ ហើយ​ក៏​កន្លង​ផុត​ទៅ ហើយ​ពេល​វេលា​ចេះ​តែ​បន្ដ​ទៅ​មុខ ។

អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ក្រោយ​មក នៅពេល​បុណ្យ​គ្រីស្ទម៉ាស់​បាន​មក​ដល់ ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​នៅ​តែ​ឯង ។ ឥឡូវ​នេះ​បទគម្ពីរ​សរសេរ​ថា វា​មិន​ល្អ​ទេ​ដែល​បុរស​នៅ​តែ​ម្នាក់​ឯង ( សូមមើល លោកុប្បត្តិ ២:១៨) ហើយ​ខ្ញុំ​យល់​ស្រប​អស់​ពី​ចិត្ត ។ ខ្ញុំ​ត្រូវការ​ដៃ​គូ​ម្នាក់ ហើយ​កូនស្រី​របស់​ខ្ញុំ​ត្រូវការ​ម្ដាយ​ម្នាក់ ។

ខ្ញុំ​មាន​ហេតុ​ថា « ខ្ញុំ​ពុំ​មែន​ជា​ប្ដី​ដ៏​ពិសេស​ទេ ប៉ុន្តែ តើ​មាន​ស្ត្រី​ណា​មិន​ចង់​បាន​ទារិកា​ពិត មាន​ជីវិត​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់ ? ពុំ​មែន​ជា​តុក្កតា​ទេ—ប៉ុន្តែ​ជា​មនុស្ស​ពិត ? » ខ្ញុំ​នឹង​មាន​អំណរ​គុណ​ណាស់ បើ​នរណា​ម្នាក់​ចង់​បាន​ទារិកា​នេះ មែនហើយ ខ្ញុំ​នឹង​ធ្វើ​ជា​កញ្ចប់​កាដូ ។

ខ្ញុំ​បាន​មើល​ឃើញ​នារី​ម្នាក់​ឈ្មោះ ណានស៊ី ដែល​រៀន​ក្នុង​ថ្នាក់​ជីវវិទ្យា​របស់​ខ្ញុំ ប៉ុន្តែ​វា​ជិត​ចុង​ត្រីមាស​ទៅ​ហើយ ហើយ​ខ្ញុំ​នៅតែ​ពុំ​ក្លាហាន​នឹង​និយាយ​ជាមួយ​នាងទេ ។ ស្ថានសួគ៌​ច្បាស់​ជា​នៅ​ខាង​ខ្ញុំ​ហើយ ព្រោះ​នៅ​ថ្ងៃ​មួយ ជា​ឱកាស​ដ៏​ល្អ​ដែល​យើង​បាន​នៅក្នុង​មជ្ឈមណ្ឌល​ប្រលង​ក្នុង​ពេល​តែ​មួយ​ជាមួយ​គ្នា ។ នេះ​ជា​ឱកាស​របស់​ខ្ញុំ ។ ខ្ញុំបាម​ចាប់ផ្ដើម​សន្ទនា​ជាមួយ​នាង ហើយ​ក្រោយ​មក​នា​យប់​នោះ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​នាង​ សុំ​នាង​ដើរ​លេង​ជា​គូ ។ ពួកយើង​បាន​ទៅ​ដើរ​លេង​ជា​គូ​បាន​ម្ដង ក្រោយ​មក​ម្ដង​ទៀត ហើយ​ម្ដង​ទៀត ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​បាន​ដឹង​ថា បុណ្យ​គ្រីស្ទម៉ាស់​នឹង​មក​ដល់ ហើយ​ណានស៊ី​នឹង​ទៅ​ផ្ទះ​របស់​នាង ។ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះដើម្បី​បន្ដ​ឲ្យ​ទំនាក់ទំនង​របស់​យើង​ដែល​ទើបតែ​កើត​មាន​ឡើង​នេះ​បាន​រីក​ចម្រើន​នោះ ?

ខ្ញុំ​បាន​រៀប​ផែនការ​មួយ ។ ដោយ​មាន​ជំនួយ​មក​ពី​បងស្រី​របស់ ណានស៊ី និង​មិត្ត​ប្រុស​គាត់ ខ្ញុំ​នឹង​ឲ្យ​អំណោយ​ភ្ញាក់​ផ្អើល​ជា​សម្ងាត់​ដល់ ណានស៊ី នៅ​ថ្ងៃ​នីមួយៗ​ក្នុង ១២ ថ្ងៃ​មុនដល់​បុណ្យ​គ្រីស្ទម៉ាស់ ។

ផែនការ​របស់​ខ្ញុំ​បាន​ដំណើរ​ការ ។ ណានស៊ី បាន​ទទួល​អំណោយ ប៉ុន្តែ​នាង​ពុំ​ដឹង​សោះ​ឡើយ​ថា អំណោយ​នោះ​មក​ពី​ណា ។ វា​បាន​ក្លាយ​ទៅ​ជា​រឿង​អាថ៌កំបាំង​មួយ​សម្រាប់​គ្រួសារ​នាង​ទាំង​មូល​ព្យាយាម​ចង់​ដឹង ។ បងស្រី​របស់ ណានស៊ី និង​មិត្ត​ប្រុស​គាត់​បាន​សន្យា​ថា ពួកគេ​នឹង​មិន​ប្រាប់​ពី​ការចូលរួម​របស់​ពួកគេ​ទេ ។ វា​គឺ​ជា​បក្សព័ន្ធ​សម្ងាត់​ពិត​មែន—ជា​ការលើក​ទឹកចិត្ត​ដ៏ល្អ​តែ​មួយ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​យប់​មួយ​គ្រួសារ​នាង​បាន​ដឹង​ពី​តម្រុយ ។ ពេល​កណ្តឹង​ទ្វារ​រោទិ៍​ឡើង គ្រួសារ​នាង​បាន​ស្ទុះ​ទៅ​មាត់​ទ្វារ ហើយ​ពួកគេ​បាន​ឃើញ​មាន​ឡាន​មួយ​បើក​ចេញ​ទៅ​យ៉ាង​លឿន ។ ពួកគេ​បាន​កត់​លេខ​ផ្លាក​ឡាន ហើយ​នៅ​ថ្ងៃ​ស្អែក​ឡើង ពួកគេ​បាន​ទូរសព្ទ​ទៅ​ការិយាល័យ​ធ្វើ​ផ្លាក​លេខ​ឡាន ដើម្បី​មើល​ថា ម្ចាស់​ឡាន​នោះ​ជា​នរណា ។ ពួកគេ​បាន​រក​ឃើញ​ថា វា​ជា​កម្មសិទ្ធិ​របស់​សមាជិក​គ្រួសារ​មិត្ត​ប្រុស​របស់​បងស្រី ។ រឿង​អាថ៌កំបាំង​ត្រូវ​បាន​ធ្លាយ​ចេញមក​ហើយ ។ បងស្រី​របស់ ណានស៊ី និង​មិត្ត​ប្រុស​គាត់ បាន​ចេញ​ខ្លួន​សារភាព​ពី​ការចូលរួម​របស់​ពួកគេ​នៅក្នុង​គម្រោង​របស់​ខ្ញុំ ។ ខ្ញុំ​សប្បាយ​ចិត្ត​ដោយ​ស្ងាត់ៗ​ដែល​គេ​ដឹងថា ជាខ្ញុំ ពីព្រោះ​ណានស៊ី និង​ខ្ញុំ​អាច​ចំណាយ​ពេល​បុណ្យ​គ្រីស្ទម៉ាស់​ជាមួយ​គ្នា ហើយ​ចាប់​ពី​ពេល​នោះ​មក​យើង​បាន​បន្ដ​ការដើរ​លេង​ជា​គូ​របស់​យើង ។

ដូច​ជា​អ្វី​ដែល​ខ្ញុំ​បាន​សង្ឃឹម​ទុក ណានស៊ី ពិតជា​ចង់​បាន​ទារិកា​ពិតៗ​សម្រាប់​បុណ្យគ្រីស្ទម៉ាស់​មែន ។ នាង​ស្រឡាញ់​កូន​ស្រី​របស់​ខ្ញុំ​ដូច​ជា​កូន​ស្រី​នាង​ផ្ទាល់ ។ សំណាង​ល្អ ខ្ញុំ​ធ្វើ​ជា​កញ្ចប់​កាដូ ។ ពួកយើង​បាន​រៀបការ​នៅ​រដូវ​ក្ដៅ​បន្ទាប់ ។ វា​គឺ​ជា​អំណោយ​ដ៏​ល្អ​បំផុត​មួយ​ដែល​ខ្ញុំ​បាន​ទទួល ។

ខ្ញុំ​បាន​ទទួល​បទពិសោធន៍​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ព្រះវរបិតាសួគ៌ ។ ខ្ញុំ​មាន​គ្រួសារ​អស់​កល្ប​ជានិច្ច​មួយ ហើយ​ពួក​យើង​បាន​ផ្សារ​ភ្ជាប់​ជាមួយ​គ្នា​ជា​និរន្ដរ៍ ។ អំណោយទាន​នៃ​អាពាហ៍ពិពាហ៍ និង​ក្រុម​គ្រួសារ​អស់​កល្ប​ជានិច្ច គឺ​ជា​អំណោយ​មួយ​ដែល​មនុស្ស​ស្មោះត្រង់ ទាំងអស់ នឹង​ទទួល​បាន មិន​ថា​នៅ​ក្នុង​ជីវិត​នេះ ឬ​នៅ​ជីវិត​បន្ទាប់​នោះ​ទេ ។ មាន​អំណោយ​អ្វី​ដែល​អាច​នឹង​អស្ចារ្យ​ជាង​នេះ​នោះ ?

នៅពេល​ខ្ញុំ​នឹក​គិត​ពី​ថ្ងៃ​នៃ​ភាព​ឯកោ និង​ភាពសោកសៅ​របស់​ខ្ញុំ ខ្ញុំ​បាន​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ មាន​គ្រា​មួយ​នោះ មាន​ព្រះទ័យ​ថា ត្រូវ​គេ​បោះបង់​ចោល ហើយ​នៅ​ឯការ​ផងដែរ ។ មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​ដឹង​ពី​ការឈឺចាប់​របស់​ខ្ញុំ ។ ទោះ​ជា​នៅ​អំឡុងគ្រា​ដ៏​ឯកោ​បំផុត​របស់​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​ពុំ​ធ្លាប់​មាន​អារម្មណ៍​ថា ទ្រង់​បោះបង់​ខ្ញុំ​ចោល​ឡើយ ។ ទ្រង់​ពុំ​គ្រាន់​ជា​ព្រះអង្គ​សង្គ្រោះ​ខ្ញុំ​ប៉ុណ្ណោះ​ទេ ទ្រង់​គឺ​ជា​បងប្រុស និង​ជា​មិត្ត​ល្អ​បំផុត​របស់​ខ្ញុំ​ផងដែរ ។

ឪពុក​វ័យ​ក្មេង

គ្រួសារ​តូច​របស់​យើង​បាន​រីក​ធំ​ឡើង ហើយ​ពីរ​បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ជួប​នឹង​ការរន្ធត់​ដ៏​ធំ​មួយ​ទៀត ។ នៅពេល​បុណ្យ​គ្រីស្ទម៉ាស់​បាន​មក​ដល់ ណានស៊ី និង​ខ្ញុំ​បាន​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បាន​ដឹង​ថា យើង​គ្មាន​សល់​ប្រាក់​មួយ​សេន​ណា​សម្រាប់​ចំណាយ​លើ​អំណោយ​បុណ្យ​គ្រីស្ទម៉ាស់​សម្រាប់​កូន​តូចៗ​របស់​យើង​នា​ឆ្នាំ​នោះ ។

ខ្ញុំ​ទើប​តែ​បាន​បញ្ចប់​មហា​វិទ្យាល័យ ហើយ​ពួកយើង​នៅតែ​ព្យាយាម​ដោះស្រាយ​ដោយ​ខ្លួន​យើង ។ ទោះ​ជា​ខ្ញុំ​មាន​ការងារ​ល្អ​ក្ដី មិន​យូរ​ប៉ុន្មាន​រឿង​ជាក់ស្ដែង​បាន​កើត​ឡើង ដែល​ការចំណាយ​ថ្លៃ​ការរស់នៅ​បាន​កើន​ឡើង​យ៉ាង​ខ្ពស់ ហួស​ពី​ថវិកា​របស់​យើង ។ រឿង​តែមួយ​គត់​ដែល​យើង​ធ្វើ​បាន​គឺ​ថា យើង​គឺ​ជា​អ្នក​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញ​លេញ ។ ទោះ​ជា​គ្មាន​នរណា​ដឹង​អំពី​ស្ថានភាព​របស់​យើង​ក្ដី ក៏​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​បាន​ដឹង​ដែរ ហើយ​ពួក​ទ្រង់​បាន​ចាប់ផ្ដើម​ប្រទាន​អព្ភូតហេតុ​តូចៗ​នៃ​បុណ្យ​គ្រីស្ទម៉ាស់​ដល់​យើង ។

មាន​ថ្ងៃ​មួយ កណ្តឹង​ទ្វារ​ផ្ទះ​យើង​បាន​រោទិ៍​ឡើង ។ នោះ​គឺ​ជា​មិត្ត​ជិត​ខាង​ម្នាក់​បាន​យក​ប្រអប់​មួយ​មក​ដែល​មាន​តុក្កតា​ដ៏​ច្រើន ។ នាង​បាន​និយាយ​ថា « ពួកយើង​សម្អាត​ផ្ទះ​របស់​យើង ហើយ​យើង​ឃើញ​តុក្កតា​ទាំង​នេះ ដែល​កូនៗ​របស់​យើង​ឈប់​លេង ។ ពួកយើង​ចង់​ដឹង​បើ​កូនៗ​របស់​អ្នក​​នឹង​ចូលចិត្ត​វា » ។ ពួកគេ​ចូលចិត្ត​តុក្កតា​ទាំង​នោះ​ណាស់ !

មាន​ថ្ងៃ​មួយ​ទៀត កណ្តឹង​ទ្វារ​បាន​រោទិ៍​ឡើង​ម្ដង​ទៀត ។ គ្រា​នេះ គឺ​ជា​សមាជិក​មួយ​ចំនួន​មក​ពី​វួដ​របស់​យើង ។ ពួកគេ​បាន​ឈរ​នៅ​ខាង​មុខ​ទ្វារ​ទាំង​មាន​កង់​សម្រាប់​ក្មេង​ស្រី​តូច​មក​ជាមួយ ។ ពួកគេ​និយាយ​ថា « ពួកយើង​ពុំ​ត្រូវការ​កង់​នេះ​ទៀត​ទេ ហើយ​ពួកយើង​បាន​គិត​អំពី​គ្រួសារ​របស់​អ្នក ។ តើ​អ្នក​គិត​ថា កូន​ស្រី​របស់​អ្នក​អាច​ប្រើ​វា​ទេ ? » ពួក​យើង​មាន​អំណរ​ដ៏​ហួស​ប្រមាណ !

ពីរ​បី​សប្ដាហ៍​ពីមុន​កូន​ប្រុស​តូច​របស់​ពួក​យើង​ចូលរួម​នឹង​ការប្រលង​ផាត់​គំនូរ​នៅ​ហាង​ក្នុង​មូលដ្ឋាន​មួយ ។ ពួកយើង​បាន​ទទួល​ទូរសព្ទ​នៅ​ថ្ងៃមួយ​ប្រាប់​ពី​ដំណឹង​ដ៏​រីករាយ​ថា គាត់​ឈ្នះ​ការ​ប្រលង ។ គាត់​បាន​ឈ្នះ​វីដេអូ​កូនក្មេង​ដ៏​មាន​ប្រជាប្រិយភាព​មួយ ។ ពួកយើង​ស្រឡាំង​កាំង !

អព្ភូតហេតុតូចៗទាំង​អស់នេះ កូនៗ​របស់​យើង​មាន​អំណោយ​គ្រីស្ទម៉ាស់​មួយ​ចំនួន ។ ពួកយើង​បាន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​យើង ហើយ​ព្រះ​វរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​បាន​បើក​បង្អួច​នៃ​ស្ថានសួគ៌ ហើយ​ចាក់​ស្រោច​ពរជ័យ​របស់​ពួក​ទ្រង់—ចុះ​មក​តាម​បំពង់​ផ្សែង​ចង្ក្រាន​កម្ដៅ ។

ខ្ញុំ​បាន​នឹក​គិត​ថា ព្រះ​ទារក​បាន​ប្រសូត​នៅក្នុង​ស្ថានភាព​រាបទាប ប៉ុន្តែ​មាន​អ្នក​ដទៃ​បាន​រកឃើញ​ទ្រង់ ហើយ​បាន​ថ្វាយ​អំណោយ​ដ៏​មាន​តម្លៃ​ផងដែរ ។ ក្នុង​នាម​ជា​ឪពុក​នៅ​លើ​ផែនដី ខ្ញុំ​ចង់​ឲ្យ​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន ទៅ​ឲ្យ​កូនៗ​របស់​ខ្ញុំ​ខ្លាំង​ណាស់ ។

ព្រះវរបិតាសួគ៌​របស់​យើង​មាន​ព្រះ​ទ័យ​ដូច​គ្នា ។ សេចក្តីស្រឡាញ់​របស់​ទ្រង់ល្អ​​ឥតខ្ចោះ ទ្រង់​មាន​ព្រះទ័យ​ប្រទាន​ដល់​យើង​នូវ អ្វីៗ​ទាំងអស់ ដែល​ទ្រង់​មាន ។ វា​គឺ​ជា​អំណោយ​ដែល​ពុំ​អាច​ថ្លែង​បាន ។

សេចក្ដី​បញ្ចប់

បងប្អូន​ប្រុសស្រី យើង​ទាំងអស់​គ្នា មាន​គ្រា​ណា​មួយ ឬ​គ្រា​ផ្សេង​ទៀត ដែល​យើង​មាន ឬ​នឹង​មាន​អារម្មណ៍​ឯកោ ឈឺ​ចាប់ អស់​សង្ឃឹម ក្រី​ក្រ ឬ​នៅឆ្ងាយ​ពី​ផ្ទះ ។ ជា​ព្រះគុណ​ដែល​យើង​មាន​ព្រះវរបិតា​ដ៏​អស់​កល្ប និង​ព្រះអង្គ​សង្គ្រោះ​យល់​ពី​យើង ។ នៅពេល​យើង​ទៅ​រក​ពួក​ទ្រង់ នោះ​ពួក​ទ្រង់​នឹង​ដឹក​ដៃ​យើង ហើយ​ជួយ​យើង​នៅ​គ្រប់​បញ្ហា ។

បងប្អូន​ប្រុសស្រី យើង​ទាំងអស់​គ្នា មាន​គ្រា​ណា​មួយ ឬ​គ្រា​ផ្សេង​ទៀត ដែល​យើង​នឹង​ស្គាល់​នរណា​ម្នាក់​ដែល​ឯកោ ឈឺចាប់ អស់សង្ឃឹម ក្រីក្រ ឬ​នៅឆ្ងាយ​ពី​ផ្ទះ ។ ព្រះវរបិតា និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង អាច​ដឹកនាំ​យើង​ឲ្យ​ជួយ​អ្នក​ដទៃ ហើយ​នោះ​នឹង​ជា​ឯកសិទ្ធិ​របស់​យើង​ដើម្បី​ធ្វើ​ដូច្នោះ ។

កាល​ពី​កុមារ ខ្ញុំ​បាន​គិត​ថា បុណ្យ​គ្រីស្ទម៉ាស់​មាន​តែ​មួយ​ថ្ងៃ​ទេក្នុង​មួយ​ឆ្នាំ ។ ឥឡូវ​ពេល​ពេញ​វ័យ ខ្ញុំ​បាន​ដឹង​ថា បុណ្យ​គ្រីស្ទម៉ាស់​គឺមាន​រៀងរាល់​ថ្ងៃ ។ ដោយសារ​តែ​ព្រះទ័យ​មេត្តា​របស់​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​ដ៏​សំណព្វ​របស់​យើងគឺ​ព្រះយេស៊ូវគ្រីស្ទ នោះយើង​គឺ​ជា​អ្នក​ទទួល​នូវ​អំណោយសួគ៌ា​ដែល​បន្ដ​ចាក់​ស្រោច—ជា​រៀង​រាល់​ថ្ងៃ ។ អំណោយ​ទាន​សួគ៌ា​មាន​ច្រើន​អនេក ។

ការដឹង​គុណ​របស់​ខ្ញុំ​ចំពោះ​ព្រះវរបិតា និង​ព្រះរាបុត្រា​គឺ​ជ្រាលជ្រៅ និង​មហិមា ដូចជា អាម៉ូន ពី​បុរាណ​ថា « ខ្ញុំ​មិន​អាច​និយាយ​បាន ទោះ​ជា​មួយ​ផ្នែក​តូច​បំផុត [ ដែល ] ខ្ញុំ​ចាប់​អារម្មណ៍​ផង » (អាលម៉ា ២៦:១៦) ។

មែនហើយ ថ្ងៃ​កំណើត​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​យើង​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់​រដូវ​បុណ្យ​គ្រីស្ទម៉ាស់ ប៉ុន្តែ​ដោយសារ​តែ​សេចក្ដីល្អ​របស់​ព្រះវរបិតា និង​បុត្រា យើង​នៅតែ​ទទួល​បាន​អំណោយ​ទាំងអស់ ។ ខ្ញុំសូម​ថ្លែងទីបន្ទាល់អំពី​កិច្ចការនេះ ក្នុងព្រះនាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។