ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
អំណោយ​នៃ​ភាព​សុខសាន្ត


អំណោយ​នៃ​ភាព​សុខសាន្ត

ខ្ញុំ​មាន​អំណរ​គុណ​ដើម្បី​ចែកចាយ​ដល់​បងប្អូន​នៅ​ក្នុង​ការ​សាទរ​ដល់​បុណ្យ​គ្រីស្ទម៉ាស់​នេះ ។ គោល​បំណង​របស់​យើង​គឺ​ដើម្បី​គោរព​ចំពោះ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្ដី​សង្ឃឹម​របស់​យើង​គឺ​ដើម្បី​យល់​ពី​ន័យ​ដ៏​ពិត​នៃ​បុណ្យ​គ្រីស្ទម៉ាស់​សម្រាប់​ខ្លួន​យើង និង​មនុស្ស​ដែល​យើង​ស្រឡាញ់ ។ ន័យ​សំខាន់​នោះ​ត្រូវ​បាន​កំណត់​លក្ខណៈ​ដោយ​ភាព​សុខសាន្ត—ពុំ​មែន​ជា​ភាព​សុខសាន្ត​ខាង​នយោបាយ​ទេ ដ្បិត​ព្រះអង្គ​សង្គ្រោះ​បាន​ប្រសូត​មក​នា​គ្រា​ដ៏​ភ័យ​ខ្លាច ហើយ​ចលាចល​មួយ​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​គ្រួសារ​ទ្រង់​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​អេស៊ីព្ទ ទ្រង់​បាន​ប្រសូត​មក​នៅ​ក្នុង​ក្រោល​សត្វ ហើយ​ផ្ទុំ​នៅ​ក្នុង​ស្នូក​ដ៏​រាបសា​មួយ ហើយ​ក៏​ពុំ​មែន​ជា​ភាព​សុខសាន្ត​ដែល​កើត​ឡើង​ដោយសារ​តែ​កញ្ចប់​ឥវ៉ាន់​ទាំងអស់​ត្រូវ​បាន​គេ​វិច​ខ្ចប់​រួច មាន​ការ​តាំង​លម្អ​ដើម​ឈើ ការ​រៀបចំ​តុ​នោះ​ទេ ព្រោះ​ភាព​សុខសាន្ត​នោះ​មាន​តែ​មួយ​គ្រា​ប៉ុណ្ណោះ ។ ភាព​សុខសាន្ត​នៃ​បុណ្យ​គ្រីស្ទម៉ាស់​គឺជា « សេចក្តី​សុខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត » ។1 វា​គឺជា​ភាព​សុខសាន្ត​ដែល​សាវក​ប៉ុល​បាន​សន្យា​ថា វា​នឹង​« ជួយ​ការពារ​ចិត្ត ហើយ​និង​គំនិត​របស់​[យើង] ក្នុង​ព្រះគ្រីស្ទយេស៊ូវ » ។2 ហើយ​ប៉ុល​បាន​មាន​ប្រសាសន៍​ត្រឹមត្រូវ​មែន ។ ភាព​សុខសាន្ត​ដែល​យើង​ស្វែង​រក​នោះ​គឺ​កើត​មាន​តែ​តាមរយៈ និង​ដោយ​សារ​ព្រះយេស៊ូវ​គ្រីស្ទ​តែ​មួយ​អង្គ​គត់ ។

ពួក​យើង​មួយ​ចំនួន​រស់នៅ​ក្នុង​បរិយាកាស​ដ៏​ស្រស់​ស្អាត និង មាន​ភាពសុខសាន្ត ប៉ុន្តែ​យើង​កំពុង​ជួប​ប្រទះ​នូវ​ភាព​ចលាចល​ក្នុង​ជម្រៅ​ចិត្ត​ផ្ទាល់​ខ្លួន​របស់​យើង ។ មាន​អ្នក​ខ្លះ​ទទួល​អារម្មណ៍​សុខសាន្ត និង ភាពស្ងប់សុខ​ក្នុង​អំឡុង​ពេល​នៃ​ការបាត់បង់ សោកនាដកម្ម និង ការសាកល្បង​ផ្ទាល់​ខ្លួន​ដែល​មាន​ជា​បន្ត​បន្ទាប់ ។

ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​ទាំងអស់​ថា « នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា » ។3 ប៉ុន្តែ​ទ្រង់​បាន​ប្រទាន​ការ​សន្យា​ដ៏​អស្ចារ្យ​នេះ​ដល់​ពួក​សិស្ស​របស់​ទ្រង់ កាល​ទ្រង់​ធ្វើ​ការងារ​បម្រើ​របស់​ទ្រង់​នៅ​លើ​ផែនដី​នេះ​ថា « ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ » ។4 វា​គឺជា​ការ​លួង​លោម​ចិត្ត​មួយ​ដោយ​ដឹង​ថា ការសន្យា​នៃ​ភាព​សុខសាន្ត​ផ្ទាល់​ខ្លួន​នេះ​បន្ត​មាន​សម្រាប់​ពួក​សិស្ស​របស់​ទ្រង់​គ្រប់​រូប​ដែល​បាន​ចុះ​សេចក្ដី​សញ្ញា​នា​សព្វ​ថ្ងៃ​នេះ ។

វា​គឺជា​ការ​សន្យា​មួយ​ដែល​បាន​ប្រទាន​ឲ្យ​នៅ​ចំ​យប់​នៃ​ការ​ប្រសូត​របស់​ទ្រង់ ។ នៅពេល​សារទូត​របស់​ស្ថានសួគ៌​បាន​ប្រាប់​ឲ្យ​ដឹង​ជា​មុន​អំពី​ការប្រសូត​របស់​ព្រះអង្គសង្គ្រោះ នោះ​ពួកគេ​បាន​ប្រកាស​ថា « សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្តី​សុខសាន្ត​នៅ​ផែនដី » ។5

នៅ​រដូវកាល​ដ៏​មាន​ពរ​នេះ យើង—ស្វែង​រក​ភាព​សុខសាន្ត​តាម​រយៈ​អង្គ​ដែល​ប្រទាន​នូវ​រាល់​អំណោយ​ទាន—លើស​គ្រា​ណាៗ​ទាំងអស់ ។ នា​រាត្រី​នេះ ខ្ញុំ​ចង់​ចែកចាយ​ពី​វិធី​មួយ​ចំនួន​ដែល​យើង​អាច​បង្កើន​ភាព​សុខសាន្ត​ដែល​យើង​ជួប​នៅ​រដូវ​កាល​នេះ នៅ​ឆ្នាំ​ក្រោយៗ​ទៀត និង​ពេញ​មួយ​ជីវិត​របស់​យើង ។

ទីមួយ ដូចជា​ពួក​ទេវតា​ដែល​បាន​ច្រៀង​នៅ​យប់​នៃ​ការ​ប្រសូត​របស់​ទ្រង់​ដែរ យើង​អាច​មាន​ភាព​សុខសាន្ត កាល​យើង​សាទរ​ចំពោះ​ព្រះអង្គ​សង្គ្រោះ​នៃ​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​អាច « មក [ ហើយ ]ថ្វាយ​បង្គំ​ទ្រង់ » ។6

បុណ្យ​គ្រីស្ទម៉ាស់​គឺជា​ការ​សាទរ​នៃ​ការ​ចាប់​កំណើត​មួយ ។ យើង​គ្រប់​គ្នា​ធ្លាប់​មាន​អារម្មណ៍​អស្ចារ្យ​ដោយ​បាន​ឃើញ​ទារក​ម្នាក់​ទើប​នឹង​កើត ។ យើង​មាន​អារម្មណ៍​រាបសា កាល​យើង​ឃើញ​អព្ភូតហេតុ​នៃ រូប​រាង​ដ៏​តូច​នោះ និង​ការ​សន្យា​នា​ពេល​អនាគត ។ យើង​មាន​ចិត្ត​ទន់​ភ្លន់ ។ យើង​មាន​អំណរគុណ ។ យើង​មាន​ភាព​សុខសាន្ត ។ ហើយ​នៅ​ក្នុង​ដួង​ចិត្ត​យើង​មាន​នូវ​សេចក្ដី​ស្រឡាញ់​ដែល​ធ្វើ​ឲ្យ​យើង​ចង់​ផ្ដល់​ឲ្យ ហើយ​មាន​ភាព​ទន់​ភ្លន់ កាល​យើង​ចងចាំ​ពី​ការ​អបអរ​ដល់​​កំណើត​របស់​នរណា​ម្នាក់ ។ សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់​វិញ​គឺជា​ការអបអរ​ដល់​ការ​ចាប់​កំណើត​មួយ​ដែល​ខុស​ពី​ការ​ចាប់​កំណើត​ដទៃ​ទៀត ។ ការ​ប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ទាយ​ទុក​ជា​មុន​យូរយារ​ណាស់​មក​ហើយ​ដោយ​ពួក​ព្យាការី​របស់​ព្រះ ។ ការ​ប្រសូត​នេះ​គឺជា​ការ​បំពេញ​ការ​សន្យា​មួយ​ដែល​ព្រះវរបិតា​សួគ៌​ជាទី​ស្រឡាញ់​បាន​សន្យា​ដល់​យើង​នៅ​ក្នុង​ពិភព​ដែល​យើង​ជា​វិញ្ញាណ ។ វាគឺជា​ការ​ប្រសូត​នៃ​ព្រះមេស៊ី​ដែល​បាន​សន្យា ។

នៅ​រាល់​រដូវ​កាល​បុណ្យ​គ្រីស្ទម៉ាស់ ពាក្យ​ទាំងនោះ បាន​ផុស​ឡើង នៅ​ក្នុង​គំនិត និង​ដួង​ចិត្ត​របស់​ខ្ញុំ ។ ខ្ញុំ​អាច​ឮ​សំឡេង​អំណរ​នៃ​ក្រុម​ចម្រៀង​ដ៏​ធំ​មួយ​ក្នុង​គំនិត​ខ្ញុំ ច្រៀង​ថា ៖ « ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះនាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះចេស្តា ព្រះវបិតា​ដ៏​គង់​នៅ​អស់កល្ប និង​ជា​ម្ចាស់​នៃ​មេត្រីភាព » ។7

គ្រា​ដំបូង​ដែល​ខ្ញុំ​ចងចាំ​ឮ​ពាក្យ​ពេចន៍​ទាំង​នោះ​គឺ​នៅ​ពេល​ខ្ញុំ​អង្គុយ​នៅ​យ៉​នៃ​រោង​ឧបោសថ​សលត៍ លេក ។ មាន​ក្រុម​ចម្រៀង​មួយ​ក្រុម​កំពុង​ច្រៀង​តន្ត្រី​របស់​ហាន់ឌេល ។ ខ្ញុំ​អាច​ចាំ​ថា ដូច​ជា​មាន​អ្វី​មួយ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្ញុំ ។ កាល​នោះ ខ្ញុំ​នៅ​ក្មេង​នៅ​ឡើយ ។ ឥឡូវ​ខ្ញុំ​មាន​អាយុ​ច្រើន ហើយ​ខ្ញុំ​ដឹង​ពី​អារម្មណ៍​នោះ ។ វា​គឺជា​ព្រះវិញ្ញាណ​បរិសុទ្ធ ជា​ដៃ​គូ​ដែល​បាន​ប្រទាន​ដល់​ខ្ញុំ កាល​ខ្ញុំ​មាន​អាយុ​ប្រាំ​បី​ឆ្នាំ ។ ព្រះវិញ្ញាណ​បាន​បញ្ជាក់​ក្នុង​ដួង​ចិត្ត​ខ្ញុំ​ថា ពាក្យ​ពេចន៍​ដែល​ខ្ញុំ​បាន​ឮ​គេ​ច្រៀង​នា​យប់​នោះ​គឺ​ពិត ។

ព្រះឱរស​ដែល​បាន​ប្រសូត​នៅ​ភូមិ​បេថ្លេហិម​យូរ​យារ​មក​ហើយ​នោះ​គឺជា​ព្រះរាជបុត្រ​របស់​ព្រះ ជា​បុត្រា​បង្កើត​តែ​មួយ​របស់​ព្រះវរបិតា ។ ជន​ដែល​បាន​លុត​ជង្គង់​ចុះ​ចំពោះ​ទ្រង់ បាន​មក​ថ្វាយ​បង្គំ​ព្រះអង្គ​សង្គ្រោះ ។ ទ្រង់​គឺជា​កូន​ចៀម​នៃ​ព្រះ ដែល​បាន​បញ្ជូន​មក​ដើម្បី​ផ្ដាច់​ចំណង​នៃ​សេចក្ដី​ស្លាប់​តាមរយៈ​ពលិកម្មធួន​របស់​ទ្រង់ ។ ទ្រង់​បាន​យាង​មក​ដោយ​ព្រះចេស្ដា​ដើម្បី​ទ្រាំទ្រ​ទុក្ខសោក និង​ការ​ឈឺចាប់​របស់​យើង​ដើម្បី​ទ្រង់​អាច​ដឹង​ពី​របៀប​សង្គ្រោះ​យើង ។ ហើយ​ទ្រង់​បាន​ប្រសូត​មក​ដើម្បី​ធ្វើ​ដង្វាយ​ធួន​សម្រាប់​រាល់​អំពើបាប​របស់​យើង ដែល​មាន​តែ​ទ្រង់​មួយ​អង្គ​គត់​ដែល​អាច​ធ្វើ​បាន ៖

ដើម្បី​មនុស្ស​បាន​ឈ្នះ​ក្ដី​ស្លាប់

ដើម្បី​លើក​មនុស្ស​លោក​ឡើង

ដើម្បី​យើង​បាន​កើត​ជា​ថ្មី

ហ្ន៍! ឮពួក​ទេវតា​ច្រៀង​បទ

សិរីសួស្ដី​ដល់​ព្រះបុត្រ !8

អារម្មណ៍​ដែល​ខ្ញុំ​មាន​នៅ​យ៉​នៃ​រោង​ឱបោសថ​នា​រាត្រី​នោះ​គឺជា​អារម្មណ៍​នៃ​សេចក្ដី​ជំនឿ និង​សេចក្ដីសង្ឃឹម ។ ខ្ញុំ​បាន​មាន​អារម្មណ៍​នូវ​សេចក្ដី​ជំនឿ​ថា ដោយសារ « មាន​បុត្រ​១​[ បាន ] កើត​ដល់​យើង » ខ្ញុំ​អាច​មាន​សេចក្ដី​សង្ឃឹម​ក្នុង​ចិត្ត​ខ្ញុំ​ថា សេចក្ដី​ស្លាប់​នឹង​ពុំ​មែន​ជា​ទីបញ្ចប់​ឡើយ ។ ខ្ញុំ​នឹង​បាន​រស់​ឡើង​វិញ ហើយ​ទ្រនិច​នៃ​សេចក្ដី​ស្លាប់​នឹង​បាន​ដក​ចេញ​ពី​កូនចៅ​ទាំងអស់​របស់​ព្រះវរបិតា​សួគ៌ ។

ហើយ​ខ្ញុំ​មាន​អារម្មណ៍​លើស​ពី​នោះ​ទៀត ។ ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ថា ដោយសារ​ទ្រង់ ខ្ញុំ​អាច​ដើរតាម ហើយ​បម្រើ​ទ្រង់ ហើយ​ដើម្បី​បាន​កើត​ក្នុង​ជីវិត​ខាង​វិញ្ញាណ​ថ្មី​មួយ ។ ដោយសារ​អំណោយ​ទាន​នៃ​ការ​ប្រសូត​របស់​ទ្រង់ ដួង​ចិត្ត​ខ្ញុំ ដួង​ចិត្ត​បងប្អូន និង​ដួង​ចិត្ត​មនុស្ស​គ្រប់​រូប​អាច​ផ្លាស់​ប្ដូរ​ដើម្បី ក្លាយ​ដូច​ជា​កូន​ក្មេង​ម្ដង​ទៀត—បរិសុទ្ធ ស្អាត​ស្អំ ហើយ​សក្ដិសម​ដើម្បី​ត្រឡប់​ទៅ​រក​ព្រះ​ដែល​បាន​ប្រទាន​ព្រះអង្គ​សង្គ្រោះ​ឲ្យ​យើង ហើយ​បាន​ប្រទាន​របៀប​ត្រឡប់​ទៅ​រក​ទ្រង់​វិញ​នៅ​ក្នុង​ដំណាក់​សួគ៌​របស់​ទ្រង់ ។ ខ្ញុំ​មាន​អំណរ​គុណ និង​ភាព​សុខសាន្ត ហើយ​យើង​ទាំងអស់​គ្នា​ក៏​អាច​មាន​អារម្មណ៍​នេះ​ដូចគ្នា ដោយសារ​តែ​អំណោយទាន​របស់​ព្រះវរបិតា និង​ព្រះរាជ​បុត្រា ។

ទីពីរ ដូច​គ្នា​នឹង​ពួក​អ្នក​គង្វាល​ដែល​បាន​ឃើញ​ព្រះ​ឱរស ហើយ​« ក៏រ៉ាយរ៉ាប​ »​9 ពី​ដំណឹង​រីករាយ​នៃ​ការ​ប្រសូត​របស់​ទ្រង់​ដែរ យើង​អាច​បង្រៀន​ក្រុម​គ្រួសារ​របស់​យើង និង​មនុស្ស​ដែល​យើង​ស្រឡាញ់​ពី​ភាព​សុខសាន្ត​នោះ ។ យើង​ធ្វើ​ដូច្នេះ​បាន​ល្អ​បំផុត នៅ​ពេល​យើង​ធ្វើ​ឲ្យ​បទគម្ពីរ​បាន​ជ្រួត​ជ្រាប​ទៅ​ក្នុង​គំនិត និង​ដួង​ចិត្ត​របស់​ពួកគេ ។

កាល​កូនចៅ​របស់​យើង​នៅ​ក្មេង យើង​បាន​បង្កើត​ការ​សម្ដែង​ជា​គ្រួសារ​ពី​បុណ្យ​គ្រីស្ទម៉ាស់​ដោយ​ដក​ស្រង់​ពាក្យពេចន៍​ទាំងអស់​ចេញ​ពី​បទគម្ពីរ ។ យើង​បាន​សម្ដែង​រឿង​នោះ​នៅ​ល្ងាច​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ ។ មាន​បងប្អូន​ជាច្រើន​បាន​ធ្វើ​រឿង​ស្រដៀង​គ្នា​នេះ ។

សេចក្ដី​ព្រៀង​ដំបូង​នៃ​ការ​សម្ដែង​របស់​យើង​តម្រូវ​ឲ្យ​មាន​តួ​សម្ដែង​ដែល​មាន​ចំនួន​កំណត់ ហើយ​រាល់​ផ្នែក​នៃ​ការ​សម្ដែង​គឺ​ចេញ​មក​ពី​បទគម្ពីរ ។ ខ្ញុំ​គឺជា​យ៉ូសែប ភរិយា​ខ្ញុំ​គឺជា​ម៉ារា ហើយ​មាន​រូប​តុក្កតា​មួយ​គឺជា​ព្រះឱរស ព្រះគ្រីស្ទ ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពួក​អ្នក​ចូល​រួម​សម្ដែង​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើង ។ យើង​បាន​បន្ថែម​តួអង្គ​តូច​មួយ​ឲ្យ​ដើរ​តួ​ជា​ព្រះឱរស យេស៊ូវ ក្រោយ​មក​ទៀត​យើង​បាន​បន្ថែម​ពួក​អ្នក​គង្វាល​ចៀម—ដោយ​ស្លៀក​ពាក់​រ៉ូប​ងូត​ទឹក—ដើម្បី​ថ្វាយ​បង្គំ​នៅ​មុខ​ស្នូក ហើយ​ក្រោយ​មក​ទៀត​យើង​បាន​បន្ថែម​ពួក​ស្ដេច​កាន់​ប្រអប់​អលង្កការ​មក​ថ្វាយ​ព្រះបុត្រ ។

ពីរ​បី​ឆ្នាំ​ក្រោយ​មក យើង​បាន​ចាប់​ផ្ដើម​ការ​សម្ដែង​នោះ​ដោយ​មាន​កុមារ​ម្នាក់​ដើរ​តួ​ជា​សាំយូអែល​ជា​សាសន៍​លេមិន​ឈរ​ថ្លែង​ទីបន្ទាល់​ដោយ​អំណាច​ព្យាករ​ពី​ការ​ប្រសូត​នៃ​ព្រះមេស៊ី​ដែល​បាន​សន្យា​នា​ពេល​អនាគត ។ នៅ​ទី​បំផុត យើង​បាន​បន្ថែម​ក្រុម​ឥត​ជំនឿ​មួយ​ក្រុម​ដែល​មាន​កាន់​ដុំ​បាល់​ធ្វើ​ពី​បន្ទះ​អាលុយមីញ៉ូម​ស្ដើងៗ ដើម្បី​ចោល​ទៅ​លើ​សាំយូអែល កាល​គាត់​បាន​ឈរ​នៅ​ពីមុខ​ពួកគេ ។ រាល់​ឆ្នាំ កាល​តួសម្តែង​នៃ​សមាជិក​ជន​កំណាច​ចម្រើន​វ័យ​ធំ​ឡើង ហើយ​មាន​កម្លាំង​ខ្លាំង យើង​បាន​រំឭក​ពួកគេ​ទាំង​បង្ខំ​ថា កុំ​ចោល​ត្រូវ​សាំយូអែល​ឡើយ ដោយសារ​គាត់​គឺជា​អ្នក​បម្រើ​ដែល​ព្រះ​បាន​ការពារ—ហើយ​ដោយសារ​យើង​កំពុង​តែ​អញ្ជើញ ហើយ​អបអរ​ដល់​ភាព​សុខសាន្ត !

យើង​ត្រូវការ​ផ្នែក​សម្ដែង​សម្រាប់​កុមារ​តូចៗ ហេតុដូច្នេះ​ហើយ យើង​បាន​បន្ថែម​សត្វ​ចៀម និង​កូន​ចៀម​ឲ្យ​វារ​នៅ​ពី​ក្រោយ​ពួក​អ្នក​គង្វាល​ទៅ​កាន់​ស្នូក ។

ប៉ុន្តែ​ពេលវេលា​ចេះ​តែ​កន្លង​ផុត​ទៅ ។ ពួក​អ្នក​សម្ដែង​បាន​ចម្រើន​វ័យ​ធំ​ឡើង ហើយ​ឥឡូវ​នេះ​យើង​ត្រឡប់​ទៅ​រក​គ្រា​ដើម​នោះ​វិញ ។ ខ្ញុំ​បាន​មើល​តួ​យ៉ូសែប ម៉ារា ពួក​អ្នក​គង្វាល ចៀម កូន​ចៀម និង​ពួក​ស្ដេច​ទាំងនោះ​បន្ត​បង្រៀន​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ និង​អំពី​ភាព​សុខសាន្ត​ដែល​កើត​មាន​ដោយសារ​ការ​ប្រសូត​របស់​ទ្រង់ ។

ពួកគេ​មាន​ពរ​ដោយ​បាន​រៀន​នៅ​ក្នុង​ផ្នែក​ពួកគេ​បាន​សម្ដែង​នៅ​ក្នុង​រឿង​របស់​យើង​អំពី​ព្រះអង្គ​សង្គ្រោះ និង​ហេតុផល​ដែល​យើង​ស្រឡាញ់​ទ្រង់ ។ ខ្ញុំ​មាន​អំណរគុណ​ដែល​កូនចៅ​យើង និង​កូនចៅ​របស់​ពួកគេ​បាន​ឃើញ​យើង​គោរព​ចំពោះ​ព្រះឱរស យេស៊ូវ ដែល​បាន​ប្រសូត​ធ្វើ​ជា​ការ​បូជា​ដ៏​គ្មាន​ទីបញ្ចប់ ជា​អំណោយ​គ្មាន​ពីរ​នៃ​ភាព​សុខសាន្ត​ដែល​ព្រះវរបិតា​បាន​ប្រទាន​ដល់​កូនចៅ​របស់​ទ្រង់​គ្រប់​គ្នា ។

ទីបី ដូចគ្នា​នឹង​ពួក​ហោរា​ដែរ យើង​អាច​ថ្វាយ​អំណោយ​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខសាន្ត ក្នុង​នាម​ជា​ពួក​សិស្ស​នៃ​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។

ប៊ីស្សព សេលលឺរ នៅ​ទីក្រុង រេចស៍ប៊ឺគ រដ្ឋ អៃដាហូ បាន​ធ្វើ​ដូច្នេះ អស់​រយៈពេល​ជាច្រើន​ឆ្នាំ ក្រោយ​ពី​គាត់​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ប៊ីស្សព ។ អគារ​វួដ​របស់​គាត់​នៅ​ក្បែរ​នឹង​ផ្លូវ​ធំ​ដែល​ឆ្លង​កាត់​ក្រុង​តូច​នោះ ។ នៅ​គ្រា​នោះ​មាន​មនុស្ស​ជា​ច្រើន​គ្មាន​ការ​ងារ​ធ្វើ ហើយ​មាន​មនុស្ស​ទ័ល​ក្រ​ជា​ច្រើន​បាន​ផ្លាស់​ចេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ដោយ​សង្ឃឹម​ថា​នឹង​រក​ឃើញ​វិធី​ខ្លះ​ដើម្បី​ផ្គត់​ផ្គង់​ខ្លួន​ឯង ។ ជារឿយៗ ពួកគេ​បាន​ស្វែង​រក​ប៊ីស្សព​ម្នាក់​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ឲ្យ​ជួយ ។ ជា​រឿយៗ ប៊ីស្សព​ដែល​ពួកគេ​ទៅ​ជួប​បាន​បញ្ជូន​ពួកគេ​ឲ្យ​ទៅ​ផ្ទះ​របស់​ប៊ីស្សព សេលលឺរ ។

វា​មាន​នូវ​ហេតុផល​មួយ​ដែល​ពួកគេ​ធ្វើ​បែប​នេះ ។ គ្រួសារ សេលលឺរ បាន​ស្វាគមន៍​ដល់​មនុស្ស​ប្លែក​មុខ​ដែល​មាន​ការ​ខ្វះខាត ។ ក្រៅពី​អាហារ​ពេល​ល្ងាច​សម្រាប់​តែ​គ្រួសារ ពេល​ខ្លះ​មាន​ជន​ប្លែក​មុខ​ម្នាក់ ឬ​ពីរ​នាក់ ឬ​ច្រើន​នាក់ អង្គុយ​បរិភោគ​នៅ​ឯ​តុបាយ​ជាមួយ​គាត់​ផងដែរ ។ បន្ទាប់​ពី​ភ្ញៀវ​បាន​រីករាយ​នឹង​អាហារ​ដ៏​ឆ្ងុយឆ្ងាញ់​ដែល​ចម្អិន​ដោយ​បងស្រី សេលលឺរ មក ប៊ីស្សព​បាន​ឲ្យ​អាវ​រងារ​មួយ​ដល់​ពួកគេ​ដែល​គាត់​បាន​ទិញ​ពី​កន្លែង​ផ្គត់ផ្គត់​អាវរងារ​ឲ្យ​ទាហាន ។

ដោយ​បាន​ពាក់​អាវរងារ ហើយ​កាន់​កញ្ចប់​អាហារ​មួយ​ទៀត​ដែល​បងស្រី Sellers បាន​រៀបចំ នោះ​ពួកគេ​បាន​ចេញ​ទៅ​ខាង​ក្រៅ​ដែល​មាន​អាកាសធាតុ​ត្រជាក់ ទាំង​ដួង​ចិត្ត​កក់​ក្ដៅ ។ ពួកគេ​នឹង​ចងចាំ​នូវ​អារម្មណ៍​ពី​ថ្ងៃ​នោះ​ជានិច្ច ។ ដោយសារ​គ្រា​ដ៏​ត្រជាក់​បំផុត​​នៅ​ក្រុង រេចស៍ប៊ឺគ គឺ​ចំ​នឹង​រដូវបុណ្យ​គ្រីស្ទម៉ាស់ ហើយ​ដោយសារ​ទម្លាប់​នៃ​សេចក្ដី​សប្បុរស​ពេញ​មួយ​ឆ្នាំ​របស់​គ្រួសារ​នោះ កូនៗ​នៅ​ក្នុង​គ្រួសារ សេលលឺរ បាន​មាន​ការ​ចងចាំ​មួយ​នៃការ​ធ្វើ​កិច្ចការ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ—និង​អំពី​ការ​ធ្វើ​វា​ចំពោះ​ទ្រង់ ។

បងប្អូន និង​គ្រួសារ​នឹង​បង្កើត​ទម្លាប់​បុណ្យ​គ្រីស្ទម៉ាស់​ផ្ទាល់​ខ្លួន ដើម្បី​សមស្រប​តាម​ស្ថានភាព​របស់​ខ្លួន ប៉ុន្តែ​វា​នឹង​មាន​រឿង​ខ្លះៗ​ដែល​ដូច​គ្នា ។ វា​នឹង​នាំ​យក​ដួង​ចិត្ត​យើង​ទៅ​រក​ព្រះអង្គ​សង្គ្រោះ ។ ហើយ​វា​នឹង​ដាក់​បញ្ចូល​នូវ​ទង្វើ​នៃ​ចិត្ត​មេត្តា​ដែល​សម​នឹង​បាន​អនុមតិ​ពី​ព្រះអង្គ​សង្គ្រោះ​ថា លោក​បាន​ថ្លែង​ថា

« ពីព្រោះ​យើង​បាន​ឃ្លាន ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​បរិភោគ៖ យើង​បាន​ស្រេក ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​ផឹក យើង​ជា​អ្នក​ដទៃ ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​យើង

យើង​នៅ​អាក្រាត​ហើយ​អ្នក​រាល់​គ្នា​បាន​ស្លៀក​ពាក់​ឲ្យ​យើង យើង​បាន​ឈឺ​ហើយ​អ្នក​រាល់​គ្នា​បាន​មក​សួរ​យើង៖ ក៏​ជាប់​គុក ហើយ​អ្នក​រាល់​គ្នា​បាន​មក​ឯ​យើង » ។10

ហើយ​ទ្រង់​នឹង​មាន​បន្ទូល​ថា « យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នេះ​​ដល់​អ្នក​តូច​បំផុត​​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​​ឈ្មោះ​ថា​បាន​ធ្វើ​ដល់​យើង​ដែរ » ។​11

ពួក​ទេវតា ពួក​អ្នក​គង្វាល និង​ពួក​ហោរា​បាន​រក​ឃើញ​ភាព​សុខសាន្ត​ដោយសារ​តែ​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ បងប្អូន​នឹង​រក​ឃើញ​ដូច​គ្នា ។ ការ​ប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​គឺជា​អំណោយ​មួយ​ដែល​ធ្វើ​ឲ្យ​ព្រះវរបិតា​អាច​ប្រទាន​ឲ្យ​យើង​នូវ « សេចក្ដី​សុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅបរលោក » ។12 យើង​បាន​ស្រែក​ដោយ​អំណរ​នៅ​ក្នុង​ពិភព​វិញ្ញាណ កាល​យើង​បាន​ឮ​ពី​ការ​សន្យា​នោះ ។ ភាព​សុខសាន្ត និង​អំណរ​កើត​មាន​ចំពោះ​យើង​ម្ដង​ទៀត ពេល​យើង​ឮ​ពាក្យ​ដែល​បាន​ច្រៀង​ប្រកាស​ថា ការ​សន្យា​ដែល​គួរ​ស្រឡាញ់​របស់​ព្រះ​ត្រូវ​បាន​រក្សា​ទុក ៖

ស្ងប់​ស្ងាត់​ឈឹង ស្រួល​បំផុត ។ …

ដោយ​មាន​សិរី​ល្អ​ដ៏​អស្ចារ្យ

ទេវតា​មក​ច្រៀង​ហាលេលូយ៉ា!

ព្រះ​សង្គ្រោះ​ប្រសូត​ហើយ !13

ខ្ញុំ​សូម​អធិស្ឋាន​ថា ភាពសុខសាន្ត​នោះ​នឹង​កើត​មាន ហើយ​នៅ​ជាមួយ​នឹង​យើង​គ្រប់​គ្នា កាល​យើង​ចងចាំ ស្រឡាញ់ ហើយ​ថ្វាយ​បង្គំ​ព្រះវរបិតា​សួគ៌​យើង ដោយ​រក្សា​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ទ្រង់ ។ សូម​ឲ្យ​យើង​ចងចាំ​ពី​ការ​បម្រើ និង​ព្រះទ័យ​មេត្តា​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​នៅ​លើ​ផែនដី—ហើយ​សម្រេច​ចិត្ត​ធ្វើ​កិច្ចការ​ដូច​គ្នា​នេះ​ជានិច្ច ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ជា​បុត្រា​សំណព្វ​របស់​ព្រះវរបិតា ។ ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ថា ប្រធាន ថូម៉ាស អេស ម៉នសុន គឺ​ជា​ព្យាការី​របស់​ព្រះ​សព្វ​ថ្ងៃ ។ សេចក្ដី​ប្រាថ្នា​របស់​លោក និង​របស់​គណៈប្រធាន​ទីមួយ គឺ​សូម​ឲ្យ​បងប្អូន​មាន​អំណរ សេចក្ដី​ស្រឡាញ់ និង​ភាព​សុខសាន្ត​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​ដល់​ពួក​សិស្ស​របស់​ទ្រង់​ដែល​ស្មោះ​ត្រង់ ហើយ​រាបសា​នៅ​ក្នុង​រដូវកាល​នេះ និង​រៀង​រហូត​តទៅ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។