ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ


អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

បងប្អូន​ប្រុស​ស្រី វា​គឺជា​ពរ​ជ័យ​ដ៏​ធំ​មួយ​ដែល​ខ្ញុំ​បាន​មក​ជួប​ជុំ​នឹង​បងប្អូន​នា​រាត្រី​នេះ ។

នៅ​បី​សប្ដាហ៍​ទៀត រាប់​ពីថ្ងៃ​​​នេះ​ទៅ​ ​ វា​គឺជា​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​ ។ នៅ​ព្រឹក​នោះ ក្មេង​តូចៗ​រាប់​លាន​នាក់​នឹង​ក្រោក​ឡើង​ពី​ព្រលឹម​ខុស​ពី​ធម្មតា ហើយ​ជា​អ្នក​ទៅ​ដាស់​ឪពុក​ម្ដាយ​របស់​ខ្លួន​ឲ្យ​ក្រោក​ពី​ដំណេក​វិញ ។ ដោយ​មាន​ក្ដី​សង្ឃឹម​នៅ​ក្នុង​ចិត្ត ពួកគេ​បាន​ប្រជុំ​គ្នា​នៅ​ជុំវិញ​អំណោយ​ជាច្រើន​ដែល​ពួកគេ​បាន​សម្លឹង​មើល​​អស់​រយៈពេល​ជា​ច្រើនថ្ងៃ ។

ឪពុក​របស់​ខ្ញុំ​ស្រឡាញ់​បុណ្យ​គ្រីស្ទម៉ាស់ ។ ការ​ឲ្យ​នូវ​អំណោយនានា​នាំ​ឲ្យ​គាត់​មាន​អំណរ​ក្រៃ​លែង ហើយ​គាត់ និង​អ្នក​ម្ដាយ​របស់​ខ្ញុំជំនាញ​ខាង​កិច្ចការ​នេះ​ណាស់ ។ ខ្ញុំ​ និង​បងប្អូនរបស់​ខ្ញុំ ក៏​ដូច​ជា​មនុស្ស​ជាច្រើន​ផ្សេង​ទៀត​ដែរ គឺ​ជា​អ្នក​ទទួល​ផល​មក​ពី​ទេពកោសល្យ​របស់​ពួកគាត់ ។ អំណោយ​ដ៏​ល្អ​បំផុត​មួយ​ចំនួន​របស់​ពួកគាត់​គឺ​ជា​វត្ថុ​អរូបិយ—វា​គឺជាបទពិសោធន៍​ដែល​បាន​បង្កើត​ចំណង​នៃ​សេចក្ដី​ស្រឡាញ់ ហើយ​បន្សល់​ទុក​នូវការ​ចងចាំ​ជាច្រើន ។ ការ​ចងចាំទាំងនោះ​នៅតែនាំ​​អំណរ​ដល់​ខ្ញុំ​សព្វ​ថ្ងៃ​នេះ ។

វា​ទំនង​ដូចជា​រឿងមួយ​ដ៏​សមរម្យ​ដែល​ការ​ផ្ដល់ និង​ការ​ទទួល​អំណោយ​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ។ តែ​លើស​អ្វីៗ​ទាំងអស់ យើង​សាទរ​ចំពោះ​អំណោយ​ដ៏​គ្មាន​ពីរ​នៃ​ព្រះរាជ​បុត្រា​របស់​ព្រះ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពិត​ណាស់ អំណោយ​របស់​យើង​ចំពោះ​គ្នា​នឹង​ប្រៀប​ពុំ​បាន​នឹង​អំណោយ​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា អំណរ​នៃ​ការ​ផ្ដល់​ឲ្យ និង​ការ​ទទួល​អំណោយ​អាច​បង្វែរ​ដួង​ចិត្ត​​យើង​ទៅ​រក « ​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ » ។1

អំណោយ​ដ៏​មាន​តម្លៃ​នៃ​ព្រះរាជបុត្រា​របស់​ព្រះ​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ​ស្វែង​រក « សេចក្ដី​សុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅបរលោក » ។​2 សេចក្ដី​សុខសាន្តនៅ​ក្នុង​ពិភពលោក​មួយ​ដែល​ចេះ​តែមាន​វិបត្តិ និង​ការ​បែក​បាក់​កាន់​តែ​ច្រើន​ឡើងៗ​អាច​ទំនង​ជា​ពិបាក​នឹង​រក ។ ប៉ុន្តែ​សេចក្ដីសុខសាន្ត​នោះ​គឺជា​អ្វី​ដែល​ព្រះវរបិតា​យើង និង​ព្រះរាជបុត្រា​ទ្រង់​ប្រទាន​ដល់​យើង​ម្នាក់ៗ លើក​លែង​តែ​យើង​ព្រម​ទទួល​វា​ប៉ុណ្ណោះ ។

សូម​នឹក​ស្រមៃ​ថា វា​នឹង​មាន​ភាព​ចំឡែក​យ៉ាងណានៅ​ព្រឹក​បុណ្យ​គ្រីស្ទម៉ាស់ ប្រសិន​បើ​យើង​អង្គុយ​ជុំវិញ​ដើម​គ្រីស្ទម៉ាស់ ស្ងប់ស្ងែង​ពី​​អំណោយ​ដែល​បាន​រុំ​យ៉ាង​ស្រស់​ស្អាត និយាយ​ពីវត្ថុ​ដែល​នៅ​ក្នុង​នោះ រួច​ដើរ​ចេញ​ទៅ​ហើយ​ទុក​អំណោយ​នោះ​ចោល ដោយ​ពុំ​បាន​បើក​វា​សោះ !

ជា​អកុសល ពេល​ខ្លះ​​យើង​ធ្វើ​រឿង​បែប​នេះ​ជាមួយ​នឹង​អំណោយ​របស់​ព្រះ​សម្រាប់​យើង ។ ​សូម​គិត​ពី​ព្រះបន្ទូល​ទាំងនេះ​របស់ព្រះអង្គ​សង្គ្រោះ ៖ « ដ្បិត​​តើ​មាន​ប្រយោជន៍​អ្វី​ដល់​មនុស្ស បើ​សិន​ជា​បាន​ប្រទាន​អំណោយទាន​មក​លើ​គេ ហើយ​គេ​ពុំ​ទទួល​យក​អំណោយទាន​សោះនោះ ? មើល​ចុះ អ្នក​នោះ​ពុំ​ត្រេកអរ​ចំពោះ​អ្វី​ដែល​បាន​ប្រទាន​ដល់​គេ ឬ​ក៏​ត្រេកអរ​ចំពោះ​ម្ចាស់​ដែល​ប្រទាន​អំណោយទាន​នោះ​ដែរ » ។3

នៅ​រាត្រី​នេះ ខ្ញុំ​ចង់​អញ្ជើញ​យើង​គ្រប់​គ្នា​ឲ្យ​សញ្ជឹង​គិតពី​របៀប​ដែល​យើង​អាច​ទទួល​យ៉ាង​ពិត​ប្រាកដ​នូវ​អំណោយ​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង ។ ជា​ពិសេស ខ្ញុំ​ចង់​ផ្ដោត​លើ​អំណោយទាន​ដ៏​គ្មាន​ព្រំដែន​នៃ​​ព្រះវិញ្ញាណ​បរិសុទ្ធ ។ កាល​​ខ្ញុំ​ចាប់​ផ្ដើម​ ខ្ញុំ​សូម​អធិស្ឋានថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​យើង​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​អំណោយ​នេះ បង្រៀន​ថា យើងអាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​វា​កាន់​តែពេញ​លេញ ហើយ​ប្រទាន​ព្រះគុណ​ដល់​​យើង​ដើម្បី​ធ្វើ​តាម​អារម្មណ៍​ដែល​យើង​មាន ។

ហេតុអ្វី​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​អំណោយ​មួយ​ដែល​គួរ​ឲ្យ​ប្រាថ្នា​ចង់បាន​បែប​នេះ ?

ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​សមាជិក​ទីបី​នៃ​ក្រុម​ព្រះ ។ ទ្រង់​គឺជា​ព្រះ​ដ៏​ជា​ជំនួយ4 ជាផ្លូវ5 ជា​គ្រូបង្រៀន6 អង្គ​ធ្វើ​ឲ្យ​បរិសុទ្ធ7 ដោយ​ហេតុ​នេះ​ហើយ​ទើប​ទ្រង់​គឺជា​អង្គ​ផ្លាស់​ប្ដូរ​ដួង​ចិត្ត​មនុស្ស ។8 តាមរយៈ​ទ្រង់ យើង​អាច​ទទួល​បាន ព្រះចេស្តា និង​លក្ខណៈ​នៃ​ព្រះ​នៅ​ក្នុង​ជីវិត​របស់​យើង ។

បងប្អូន​នៅ​ចាំ​ពី​​លក្ខណៈ​ទាំងនេះ​មួយចំនួន ៖ « សេចក្ដី​ស្រឡាញ់…​អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត [ និង ]​ដឹង​ខ្នាត » ។9 ចំពោះ​ឃ្លា​នេះ​ប្រៀប​បាន​នឹង​ការ​ពិពណ៌នា​មួយ​​ដ៏​ល្អ​អំពី​អ្វី​ដែល​គេ​ហៅ​ជា​រឿយៗ​ថា « ន័យ​សំខាន់​នៃ​បុណ្យ​គ្រីស្ទម៉ាស់ » ។ ការសន្យា​របស់​ទេវតា​អំពី « ដំណឹងល្អ...ពី​សេចក្ដី​អំណរ​ដ៏​អស្ចារ្យ » និង​ « សេចក្ដី​សុខ​សាន្ត​​នៅ​ផែនដី​ នៅ​កណ្ដាល​មនុស្ស »10នៅ​យប់​ដំបូង​នៃ​បុណ្យ​គ្រីស្ទម៉ាស់​នោះ​ត្រូវ​បាន​បំពេញ​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ដរាប​យើង​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ជា​រឿយៗ យើង​និយាយ​អំពី​ការ​ព្យាយាម​រក្សា​ន័យ​សំខាន់​នៃ​បុណ្យ​គ្រីស្ទម៉ាស់​ពេញ​មួយ​ឆ្នាំ ។ តាម​ធម្មជាតិ យើង​ចង់​ឲ្យ​លក្ខណៈ​ដ៏​ទេវភាព​ទាំងនេះ​មក​ឃុំ​គ្រង​ព្រលឹង​យើង​យ៉ាង​ពិត​ប្រាក​ដ​ជា​រៀង​ដរាប​ទៅ ។ ហើយ​ព្រះវរបិតា​ដ៏​ឥត​ខ្មោះ​របស់​យើង​សព្វ​ព្រះទ័យ​ឲ្យ​យើង ដែល​ជា​កូន​ចៅ​ទ្រង់ ទទួល​បាន​អំណោយ​ទាំងនេះ ។ នេះ​គឺជា​ការសន្យា​ដ៏​ធំ​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ—ដើម្បី​ផ្លាស់ប្ដូរ​ដួង​ចិត្ត​យើង ដើម្បី « ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្ត​អំពើ​ល្អ​ជា​និច្ច​វិញ »​11 ដើម្បី​ពោរពេញ​ដោយ​« សេចក្ដី​សង្ឃឹម​ និង​សេចក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ » ។12 វា​គឺជា​នៅ​ក្នុង​ការ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​ពិត​ប្រាកដ​នោះ​ហើយ ទើប​អំណោយទាន​ដ៏​មាន​តម្លៃ​ទាំងនោះ​នឹ​ង​បាន​បើក​ឲ្យ​យើង​ឃើញ ។

ជា​ពិសេស អំណោយទានព្រះវិញ្ញាណបរិសុទ្ធ​ត្រូវ​បាន​ប្រទាន​ឲ្យ​យើង​ជាមួយ​នឹង​ជាមួយ​នឹង​ពាក្យ​ទាំងនេះ​ថា « ចូរ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » ។13 ខ្ញុំ​សូម​ណែនាំ​នូវ​គន្លឹះ​បី​យ៉ាង​ដែល​នឹង​ជួយ​យើង​ឲ្យ​ទទួល​អំណោយ​ទាន​ដ៏​មា​នតម្លៃ​នេះ​ដោយ​ពិត​ប្រាកដ ។ ដើម្បី​ធ្វើ​កិច្ចការ​នេះ ខ្ញុំ​សូម​ណែនាំ​ពីទិដ្ឋភាព​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។ ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បាន​ចំណាយមួយ​ថ្ងៃ​ដើម្បី​ធ្វើ​ការងារ​បម្រើ​នៅ​ក្នុង​ចំណោះ​ប្រជាជន​នោះ ដោយ​សន្យា​ថា ទ្រង់​នឹង​យាង​មក​វិញ​នៅ​ថ្ងៃ​ស្អែក ។ ពាក្យ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ ហើយ​ដោយ​មាន​ចិត្ត​រភើប​យ៉ាង​អស្ចារ្យ ប្រជាជន​មក​ពី​គ្រប់​ទិសទី​នៃ​ដែន​ដី​នោះ​បាន​មក​ប្រជុំ​គ្នា មាន​អ្នក​ខ្លះ​ខំ​ធ្វើ​ការ​ពេញ​មួយ​យប់ ដើម្បី​ព្រឹក​ឡើង ពួកគេ​អាចនៅ​កន្លែង​ដែល​ព្រះយេស៊ូវ​នឹង​បង្ហាញ​ព្រះកាយ​ម្ដង​ទៀត ។

1. បំណង​ប្រាថ្នា​ខាង​វិញ្ញាណ​ដ៏​ចម្បង

កាល​ពួកគេ​បាន​រង់​ចាំ​ព្រះអង្គ​សង្គ្រោះ​យាង​ត្រឡប់​មក​វិញ ពួក​សិស្ស​បាន​បង្រៀន​ដល់​បណ្ដាជន​នូវ​អ្វីដែល​ព្រះយេស៊ូវ​បាន​បង្រៀន​កាល​ពីថ្ងៃ​មុន ។14 បន្ទាប់​មក​ទៀត កំណត់​ត្រា​នេះ​បាន​ចែង​ថា ពួកគេ​បាន​លុត​ជង្គង់អធិស្ឋាន « ​សូម​នូវ​អ្វីៗ ដែល​គេ​ចង់​បាន​បំផុត ហើយ​ពួក​គេ​មាន​ប្រាថ្នា​សូម​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ[ នឹង​ ]​បាន​ប្រទាន​ដល់​ពួក​គេ » ។15 សូម​គិត​មួយ​ភ្លែត​សិន​នូវ​ព្រឹត្តិការណ៍​ដ៏សំខាន់​នោះ—ពួកគេ​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង​ចំពោះ​ការយាង​ត្រឡប់​មក​វិញ​របស់​ព្រះអង្គសង្គ្រោះ ប៉ុន្តែ​ពួកគេ​ពុំ​បាន​អធិស្ឋាន​សូម​ការណ៍​នោះ​ឡើយ ។ ដោយ​បា​នទទួល​ការ​បង្រៀន​មក​ពី​គ្រូបង្រៀន​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​អង្គ រួចហើយ​មក​ពី​ពួក​សិស្ស​ជម្រើស​របស់​ទ្រង់ អ្វី​ដែល​ពួកគេ​ប្រាថ្នា​ចង់​បាន​បំផុត​គឺ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បំណង​​នេះ​ដែល​ជា​បំណង​ប្រាថ្នា​ខាង​វិញ្ញាណ​ដ៏​ចម្បងគឺជា​គន្លឹះ​មួយ​ដ៏​សំខាន់​ចំពោះ​ការ​ទទួល​បាន​អំណោយទាន​នេះ ។

ប្រធាន ហិនរី ប៊ី អាវរិង បាន​បង្រៀន​ថា « យើង​ភាគច្រើន…មាន​សេចក្ដី​ជំនឿ​គ្រប់​គ្រាន់​ដើម្បី​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ពេល​ខ្លះ ។ បំណង​ប្រាថ្នានោះ​ប្រហែល​ជា​ទន់​ខ្សោយ ហើយ​មាន​ចន្លោះ ប៉ុន្តែ​ជា​ធម្មតា​​បំណង​នោះ​នឹង​កើត​មាន​នៅ​ពេល​យើង​ជួប​ឧបសគ្គ ។ [ ប៉ុន្តែ ] ដើម្បី​ឲ្យយើង​ត្រូវ​បាន​ដឹកនាំ​ឡើង​ទៅ​រក​សុវត្ថិភាព​នា​ពេល​អនាគត វា​ត្រូវ​តែ​មានភាព​រឹង​មាំ ហើយ​ខ្លាំង​ក្លា » ។16 បងប្អូន​ប្រុស​ស្រី ដើម្បី​ឲ្យ​យើង​ទទួល​បាន​អំណោយ​ទាន​នេះ​យើង​ចាំបាច់​ត្រូវ​មាន​បំណងចង់​បាន​វា​ដោយ​អស់​ពី​ដួង​ចិត្ត​របស់​យើង ។

2. ការ​ចូល​រួម​ដោយ​សុចរិត​នៅ​ក្នុង​ពិធី​បរិសុទ្ធ​នានា

ដោយ​ត្រឡប់​ទៅ​រក​ទិដ្ឋភាព​នោះ​នៅក្នុង​ព្រះគម្ពីរ​មរមនវិញ យើង​រក​ឃើញ​គន្លឹះ​មួយ​ទៀត ។ បន្ទាប់​ពី​អធិស្ឋាន​ទូល​អង្វរ​សូម​អំណោយទាន​ដែល​ពួកគេ​ប្រាថ្នា​ចង់​បាន​បំផុត​ គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ពួក​សិស្សបាន​ចុះ​ទៅឯ​មាត់​ទឹក ហើយ​បានទទួល​ជ្រមុជទឹក ។ « ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​ទាំង​អស់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក … នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​គេ ហើយ​ពួក​គេ​បាន​ពោរពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ភ្លើង » ។17ពិធី​បរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជ​ទឹក​ដើរ​តួ​ជា​សាក្សី​ពិត​មួយ​នៃ​ការ​តាំង​ចិត្ត​របស់​យើង​ដើម្បី​ចងចាំ ហើយ​គោរព​តាម ឆនៈ​របស់​យើង​ដើម្បី​យក​ព្រះនាម​ព្រះគ្រីស្ទ​មក​ដាក់​លើ​ខ្លួន​យើង និង​បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ ។18

រាល់​សប្ដាហ៍​យើង​មាន​ឱកាស​រំឭកចាំ​សាក្សី​នោះ​ដោយ​ទទួល​ទាន​សាក្រាម៉ង់ « ប្រយោជន៍​ឲ្យ​​[ យើង ]​​អាច​បាន​ព្រះ​វិញ្ញាណ​របស់​ទ្រង់ គង់នៅ​ជាមួយ​នឹង[ យើង ]​ជា​ដរាប » ។19 ពិធី​បរិសុទ្ធ​ជា​ដៃ​គូ​នឹង​គ្នា​រវាង​បុណ្យ​ជ្រមុជទឹក និង​សាក្រាម៉ង់​ជួយ​នាំ « ​អំណាច​នៃ​ព្រះ »​មក​ក្នុង​ជីវិត​របស់​យើង ។20 តាម​របៀប​មួយ វា​តំណាង​ទាំងគោលដៅ និង​ដំណើរ​ការ​នៃ​ការ​ក្លាយ​ជា​ព្រះ ។ ការ​ក្លាយ​ជា​មនុស្ស​ថ្មី​នៅ​ក្នុង​ព្រះគ្រីស្ទ ជា« ​បុត្រា​របស់​ទ្រង់ និង​បុត្រី​របស់​ទ្រង់ » ។21 គឺជា​គោលដៅ​ដែល​យើង​ប្រាថ្នា​ចង់​បាន ។ គោលដៅ​នោះអាច​សម្រេច​បាន​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍ កាល​យើង​ខិតខំ​ចងចាំ ហើយ​គោរព​តាម ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​មក​ពិធី​សាក្រាម៉ង់​របស់​ព្រះអម្ចាស់​ជា​រៀង​រាល់​សប្ដាហ៍​ដោយ​មាន​សេចក្ដី​ជំនឿ​លើ​ការ​សន្យា​របស់​ទ្រង់​ថា កាល​ណា​យើង​រក្សា​សេចក្ដី​សញ្ញា​របស់​យើង នោះ​យើង​នឹង​ពោរពេញ​ដោយ​ព្រះវិញ្ញាណ មួយ​កម្រិតម្ដងៗ « រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥត​ខ្ចោះ » ។22

នៅ​ឆ្នាំ​នេះ បុណ្យ​គ្រីស្ទម៉ាស់​​ត្រូវ​ចំ​នឹង​ថ្ងៃ​អាទិត្យ ។ ការ​សាទរ​ការ​ប្រសូត​របស់​ព្រះគ្រីស្ទ និង​ដង្វាយ​ធួន​ដ៏​ល្អឥត​ខ្ចោះ​របស់​ទ្រង់ កាល​យើង​​ទទួល​សាក្រាម៉ង់​នៅ​ថ្ងៃ​នោះ គឺ​ជាពរ​អ្វី​ម្ល៉េះ ។

3. ការ​បង្កើន​សេចក្ដី​ជំនឿ

គន្លឹះ​ចុង​ក្រោយ​ ហើយ​សំខាន់​បំផុត​ដែល​ខ្ញុំ​នឹង​លើក​ឡើង​គឺ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់​ពី​ព្រះវិញ្ញាណបរិសុទ្ធ​បាន​មក​គ្រប់​ដណ្ដប់​លើ​ពួក​សិស្ស​ដោយ​ព្រះចេស្ដា​ដ៏​អស្ចារ្យ នោះ​ព្រះគ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ ហើយ​បាន​អធិស្ឋាន ដោយ​ថ្លែង​អំណរ​គុណ​ព្រះវរបិតា​ទ្រង់​សម្រាប់​ការ​ប្រទាន​អំណោយទាន​ដ៏​មាន​តម្លៃ​នេះ​ដល់​ពួកគេ ។ រួច​ទ្រង់​បាន​មានបន្ទូល​ដ៏​សំខាន់​ទាំងនេះ​ថា « ព្រះ​អង្គ​បាន​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដល់​ពួក​គេ ពី​ព្រោះ​ពួក​គេ​បាន​ជឿ​ដល់​ទូលបង្គំ » ។23 សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ទ្រង់​គឺជា​ប្រភព​នៃ​គ្រប់​អំណោយទាន​ល្អៗ ។24

សេចក្ដី​ជំនឿ​ដែល​កើន​ឡើង​នាំ​មក​នូវ​ការទទួលបាន​ព្រះវិញ្ញាណ​បន្ថែម​ទៀត​ចូល​មក​ក្នុង​ជីវិត​របស់​យើង ។ ចុះ​តើ​យើងបង្កើន​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ​តាម​របៀបណា ? យើង​ទទួល​ទាន ហើយ​គោរព​តាម​បន្ទូល​របស់​ទ្រង់ ។ អែលឌើរ ឌី  ថត គ្រីស្តូហ្វឺសិន បាន​បង្រៀន​ថា « គោលបំណង​ដ៏​សំខាន់​នៃ​បទគម្ពីរ​ទាំងអស់​គឺ​ដើម្បី​បំពេញ​ព្រលឹង​របស់​យើង​ជាមួយ​នឹង​សេចក្ដី​ជំនឿ​លើព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ » ។​25 សេចក្ដី​ពិត​នេះ​ត្រូវ​បាន​បង្រៀន​ជា​ញឹក​ញាប់​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។ ឧទាហរណ៍ ​ស្ដេច​បេនយ៉ាមីន បាន​បង្រៀន​ដល់​រាស្ត្រ​របស់​ទ្រង់​នូវ​ពាក្យ​ពេចន៍​ដែល​ទ្រង់​បាន​ទទួល​មក​ពី​ទេវតា​មួយ​អង្គ ដែល​វា​បា​នជួយ​ពួកគេ​ឲ្យ​ « ​សេចក្ដី​ជំនឿ​ដ៏​លើសលប់ »​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ដោយសារ​តែ​សេចក្ដី​ជំនឿ​នោះ ទើប​ព្រះវិញ្ញាណ​បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ពួកគេ ។26

ប្រសិន​បើ​យើង​ចង់​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​ដៃ​គូ​ប្រចាំ​ថ្ងៃ​របស់​យើង យើង​នឹង​ទទួល​ទាន គោរព​តាម​បន្ទូល​របស់​ព្រះគ្រីស្ទ​នៅ​ក្នុង​បទគម្ពីរ ពួក​ព្យាការី​នៅ​រស់ និង​ការ​ខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណ ។ ការ​ស្វែង​រក​ពន្លឺ និង សេចក្ដីពិតនឹង​បង្កើន​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​ក្លាយ​ដូចជា​ទ្រង់ និង​សមត្ថភាព​របស់​យើង​ដើម្បី​ទទួល​បាន​សមាជិក​ទី​បី​នៃ​ក្រុម​ព្រះ​ជា​ដៃ​គូ​របស់​យើង​ជា​និច្ច ។

បងប្អូន​ប្រុស​ស្រី ព្រះ​ប្រទាន​អំណោយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​របស់​ទ្រង់​ដល់​យើង ​​ដោយ​ឥត​បង់​ថ្លៃ នៅ​បុណ្យ​គ្រីស្ទម៉ាស់ និង​ពេញ​មួយ​ឆ្នាំ ។ ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​នឹង​ពុំ​ទុក​អំណោយ​នោះ​ចោលឡើយ ប៉ុន្តែ​ទទួល​វា​ដោយប្រើ​គន្លឹះ​ទាំងនេះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា កាល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ត្រូវ​បា​នបំពេញ​មួយជំហាន​ម្ដង​ៗ ហើយ​មួយ​កម្រិត​ម្ដងៗ ដោយ​សេចក្ដី​ស្រឡាញ់ អំណរ ភាពសុខសាន្ត ភាព​បរិសុទ្ធ និង​ព្រះចេស្ដា ។ យើង​នឹងបាន « ចំណែក​ជា​និស្ស័យ​នៃ​ព្រះ » ។27 យើង​នឹង​រីករាយ​នៅ​ក្នុង​អំណោយ​នៃ​អំណោយទាន​នោះ ។ ហើយ​កាល​ទ្រង់​យាង​មក​ម្ដង​ទៀត យើង​នឹង​បាន​ត្រៀម​ខ្លួន​ដើម្បី « ទទួល​ស្ដេច​[ របស់​យើង ] » ។28 នៅ​ក្នុង​ព្រះនាម​​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។