ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
ភាព​ពេញ​លេញ​នៃ​ដំណើរ​រឿង​បុណ្យ​គ្រីស្ទម៉ាស់


ភាព​ពេញ​លេញ​នៃ​ដំណើរ​រឿង​បុណ្យ​គ្រីស្ទម៉ាស់

បុណ្យ​គ្រីស្ទ​ម៉ាស់​នាំឲ្យ​មាន​អារម្មណ៍​នៃ​ភាព​ទន់ភ្លន់ អំណរ និង ​សេចក្ដី​ស្រឡាញ់ ។ ហើយ​ដូច​ដែល​ឪពុក​ម្ដាយ​គ្រប់​រូប​មានអារម្មណ៍ ស្រដៀងគ្នា​ ជា​ពិសេស​​នៅ​ពេល​កំណើត​កូន​ម្នាក់ៗ ។ ប្រាកដ​ណាស់ ការ​ប្រសូត​របស់​ព្រះគ្រីស្ទ​គឺខុស​ពី​មនុស្ស​ដទៃទៀត ។ ព័ត៌មាន​លម្អិត​ដ៏​មាន​តម្លៃ​—ដូចជាដំណើរ​ទៅ​ក្រុង​យេរូសាឡិម ផ្ទះ​សំណាក់​មាន​មនុស្ស​កក​កុញ ក្រោល​សត្វ​ដ៏​សាមញ្ញ ផ្កាយ​រះ​ថ្មី និង​ពួក​ទេវតា—ធ្វើ​ឲ្យ​ដំណើរ​រឿង​នៃ​ការ​ប្រសូត​របស់​ទ្រង់គឺជា​រឿង​មួយ​ដ៏​អស្ចារ្យ ។ ប៉ុន្តែ​ដំណើរ​រឿង​នៃ​ការ​ប្រសូ​ត​របស់​ព្រះអង្គសង្គ្រោះ​ពុំ​គ្រាន់​តែ​តំណាង​ឲ្យ​ផ្នែក​មួយ​នៃ​ហេតុផល ​ដែល​យើង​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៅ​អំឡុង​រដូវ​កាល​បុណ្យ​គ្រីស្ទម៉ាស​នោះ​ទេ ។ បុណ្យ​គ្រីស្ទម៉ាស​ពុំ​គ្រាន់​តែ​ជា​ការ​សាទរ​មួយអំពី របៀប ដែល​ព្រះយេស៊ូវ​បាន​យាង​មក​ពិភពលោក​នេះ​ឡើយ ប៉ុន្តែ​វា​ក៏​ជា​ការ​សាទរ​ពីការ​ដឹង​ថា​ទ្រង់​គឺជា​ នរណា ​—ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​ ព្រះយេស៊ូវ​គ្រីស្ទ—និង​ពី ហេតុផល​ដែ​ល​ទ្រង់​យាង​មក​ផង​ដែរ ។

ប្រធាន ថូម៉ាស  អេស ម៉នសុន បាន​បង្រៀន​ថា « ដោយសារ​ទ្រង់​បាន​យាង​មក​ផែនដី … យើង [ អាច ]​មាន​អំណរ និង​សុភមង្គល​នៅ​ក្នុង​ជីវិត​យើង និង​ភាព​សុខសាន្ត​ជា​រៀង​រាល់​ថ្ងៃ​ពេញ​មួយ​ឆ្នាំ ។ … ដោយសារ​ទ្រង់​បាន​យាង​មក ធ្វើ​ឲ្យ​ជីវិតរមែងស្លាប់​របស់​យើង​មាន​ន័យ » ។1

បុត្រា​ច្បង​នៃ​ព្រះវរបិតា

អត្ថន័យ​ក្លាយទៅជា​កាន់​តែ​​ច្បាស់​លាស់ កាល​យើង​គិត​​ពី​ភាព​ពេញ​លេញ​នៃ​ដំណើរ​រឿង​បុណ្យ​គ្រីស្ទម៉ាស់ ។ ​ដូច​ជាប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ពន្យល់​ថា « វា​នឹង​គ្មាន​បុណ្យ​គ្រីស្ទ​ម៉ាស់​ឡើយ ប្រសិន​បើ​គ្មាន​បុណ្យ​អ៊ីស្ទើរ​នោះ ។ ព្រះ​ឱរស​យេស៊ូវ​នៃ​បេថ្លេហិម​នឹង​ក្លាយ​ជាទារក​ម្នាក់​ទៀត ប្រសិន​បើ​គ្មាន​ព្រះគ្រីស្ទ​ដ៏​ប្រោស​លោះ​នៃ​សួន​ច្បារគែតសេម៉ានី និង​កាលវ៉ារី និង​ជ័យ​ជំនះ​នៃ​ការ​រស់​ឡើង​វិញ​នោះ​ទេ » ។2

ការ​ប្រសូត​របស់​ព្រះយេស៊ូវ​នៅ​បេថ្លេហិម​ពុំ​មែន​ចាប់​ផ្ដើម​ដោយ​ដំណើរ​រឿង​នោះ ហើយ​បញ្ចប់​ទៅ​នៅ​ត្រង់​កាលវ៉ារីឡើយ ។ បទគម្ពីរ​បង្រៀ​នថា ​« កាល​ដើម​ដំបូង … [ ទ្រង់ ]​ គង់​នៅ​ជាមួយ​នឹង​ព្រះ »3 នៅ​ក្នុង​ក្រុម​ប្រឹក្សា​ស្ថានសួគ៌​មុន​ជីវិត​នេះ ។ យើង​ក៏​នៅ​ទី​នោះ​ដែរ ជា​ទី​ដែល​យើង​ស្គាល់​ទ្រង់​ថា​ជា​ព្រះយេហូវ៉ា បុត្រា​ច្បង​នៃ​ព្រះវរបិតា ។4 យើង​បានដឹង​ថា ទ្រង់​នឹង​ធ្វើ​តួនាទី​ដ៏​សំខាន់​ជា​ព្រះ​បង្ក​បង្កើត និង​ព្រះ​ប្រោស​លោះ​នៃ​ពិភពលោក ។ យើង​បាន​ស្រែក​ដោយ​អំណរ កាល​យើង​ទទួល​យក​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ព្រះវរបិតា​នៃយើង ។5 ទោះ​បី​ជា​​មាន​វិញ្ញាណ​មួយ​ចំនួន​បាន​បះបោរ​ប្រឆាំង​នឹង​ផែនការ​របស់​ព្រះក្ដី ប៉ុន្តែ​យើង​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​វិញ្ញាណ​ដែល​បាន​ដាក់​សេចក្ដីជំនឿរបស់យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​បាន​សុខចិត្តទទួល​យកគ្រោះ​ថ្នាក់​ដែល​មាន​នៅ​ក្នុង​ជីវិត​នេះ​ដោយ​ស្ម័គ្រ​ចិត្ត​ ដោយ​សារ​យើង​ជឿ​ជាក់​ថា ព្រះយេស៊ូវ​អាច​សម្រេច​ព្រះឆន្ទៈ​របស់​ព្រះវរបិតា​បាន—ថា​យើង​នឹង​បាន​សង្គ្រោះ​តាមរយៈ​ទ្រង់ ។

ការ​ប្រសូត​នៃ​ព្រះរាជបុត្រា​បង្កើត​​តែ​មួយ​របស់​ព្រះ

នៅ​លើ​ផែន​ដី​នេះ ការ​ចងចាំ​ពី​ជីវិត​យើង​កាល​ពី​មុន​គឺ​ត្រូវ​បាន​បិទ​បាំង​ដោយ​វាំង​នន​នៃ​ភាព​ភ្លេច​ភ្លាំង​ ។ គោលបំណង​របស់​យើង​ដែល​មក​កាន់​ផែនដី​នេះ​គឺដើម្បី​រៀន « ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ » ទេ ។6

ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​នោះ ព្រះ​បាន​បញ្ជូន​ពួក​ព្យាការី​ដែល​បាន​ឃើញ ហើយ​បាន​ព្យាករ​ទុក​ជា​មុន​ អំពី​ការ​យាង​មក​នៃ​ព្រះមេស៊ី​ដែល​បាន​សន្យា ។ ក្នុង​ចំណោម​ព្យាការី​ទាំងនេះ មាន​ព្យាការី​ម្នាក់​គឺ​នីហ្វៃ បាន​ឃើញ​ក្នុង​ការ​និមិត្ត​ពី​ដើម​ឈើ​មួយ​ដែល​មាន​ពណ៌ស​យ៉ាង​ស្រស់​ស្អាត​អស្ចារ្យ ។ កាល​លោក​បាន​ទូល​សូម​ចង់​ដឹង​ពី​ការ​បកស្រាយនៃ​ការ​និមិត្ត​របស់​លោក លោក​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ទីក្រុង​ណាសារ៉ែត និង​ម៉ារា ជា​ស្ត្រី​ព្រហ្មចារី​ម្នាក់​ដែល​​ស្រស់​ស្អាត​បំផុត ។ បន្ទាប់​មក ទេវតា​ដែល​គង់​នៅ​នឹង​នីហ្វៃ​បាន​សួរ​នូវ​សំណួរ​ដ៏​ស៊ីជម្រៅ​បំផុត​នេះ​ថា « តើ​អ្នក​យល់​ពីការ​យាង​ចុះ​មក​ពី​ព្រះ​ឬទេ ? » អាច​និយាយ​ម្យ៉ាង​ទៀត​ថា « តើ​អ្នក​យល់​ពី​ហេតុផល​ដែល​ព្រះ​នឹង​យាង​មក​កាន់​ពិភពលោក​នេះដោយ​ផ្ទាល់ ពី​ហេតុផល​ដែល​ទ្រង់​នឹង​យាង​ចុះ​នៅ​ក្រោម​អ្វីៗទាំងអស់​ដែរ​ឬទេ ? » នីហ្វៃ​បាន​ឆ្លើយ​ទាំង​ស្ទាក់ស្ទើរ​ថា « ខ្ញុំ​ដឹង​ថា ព្រះអង្គ​ទ្រង់​ស្រឡាញ់​កូនចៅ​របស់​ទ្រង់ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ គង់​តែ​ខ្ញុំ​មិន​យល់​ន័យ​នៃ​រឿង​ទាំង​នេះ​នោះ​ទេ » ។

បន្ទាប់​មក​ ទេវតា​បាន​មាន​បន្ទូល​ថា « នាង​ព្រហ្មចារី​ដែល​អ្នក​ឃើញ​នោះ​គឺ​ជា​មាតា​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ » ។ នីហ្វៃ​បាន​ឃើញ​ម៉ារា​បី​ទារក​តូច​ ហើយ​ទេវតា​បាន​ស្រែក​ឡើង​ដោយ​អំណរ​ថា « មើល​ន៏ កូនចៀម​នៃ​ព្រះ … គឺ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះវរបិតា​ដ៏​នៅ​អស់កល្ប​ជានិច្ច ! » រំពេច​នោះ នីហ្វៃ​យល់​យ៉ាង​ច្បាស់​ពី—​អត្ថន័យ​នៃ​ដើម​ឈើ​នោះ—និង​ហេតុផល​ដែល​យើង​សាទរ​ការ​ប្រសូត​របស់​ព្រះគ្រីស្ទ ។​ លោក​បាន​ពោល​ថា « នោះ​គឺជា​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដែល​មាន​សាយ​សព្វ​នៅ​ក្នុង​ចិត្ត​នៃ​កូន​ចៅ​មនុស្ស ហេតុ​ដូច្នោះ​ហើយ នោះ​គឺជា​សេចក្ដី​ស្រឡាញ់ ដែល​គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើសលប់​ជាង​អ្វីៗ​ទាំង​អស់ » ។ « ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មែន​ហើយ គឺ​ជា​សេចក្ដី​រីករាយ​បំផុត​ដល់​ព្រលឹង » 7

នៅ​ទីបំផុត ជិត​ ៦០០ ឆ្នាំ​ក្រោយ​ពី​ការ​និមិត្ត​របស់​នីហ្វៃ ថ្ងៃ​នៃ​ការ​ព្យាករ​ដែល​បាន​រង់​ចាំ​យ៉ាង​យូរ​បាន​មក​ដល់ ។ ព្រះយេស៊ូវ​បាន​យាង​ឆ្លងកាត់​វាំង​នន​នោះ ហើយ​មក​កាន់​ពិភពលោក​នេះ​ជា​​ទារក​មួយអង្គដែល​គ្មាន​ទី​ពំនឹង ទោះ​ជា​ខុស​ពី​ទារក​ដទៃ​ទៀត​ក្ដី ។ បុត្រា​ជា​ចម្បង​​ខាង​វិញ្ញាណ​របស់​ព្រះ​បាន​ក្លាយ​ជា​ព្រះរាជបុត្រាបង្កើតតែមួយ​របស់​ទ្រង់​ខាង​សាច់​ឈាម ។ ទារក​នេះ​ដែល​បាន​ប្រសូត​នៅ​ក្នុង​ស្ថានភាព​ដ៏​រាបសា​ នឹង​រែក​នូវ​សេចក្ដី​សង្គ្រោះ​នៃ​គ្រួសារ​ដ៏​អស់​កល្ប​របស់​ព្រះ​នៅ​លើ​ព្រះអង្សា​របស់​ទ្រង់ ! ពិតណាស់ « ក្ដី​សង្ឃឹម និង​ភាព​ភ័យ​ខ្លាច​ជា​យូរ » បាន​មក​រួម​គ្នា​នៅ​ក្នុង « បេថ្លេហិម​ជា​ភូមិ​ស្ងួន​ភ្ងា » នា​យប់​នោះ ។8

ប៉ុន្តែ​ពិត​ណាស់ ដំណើរ​រឿង​នោះ​ពុំ​បញ្ចប់​នៅ​ទីនោះ​ឡើយ ។ ទោះ​ជា​ការ​ប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​មាន​ភាព​អស្ចារ្យ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​នឹង​មាន​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ជាងរៀប​នឹង​កើត​ឡើង​ក្រោយមក​ទៀត ។

កិច្ចការ​របស់​ព្រះវរបិតា

យើង​​ដឹង​តិច​តួច​ណាស់​ពី​កុមារភាព​របស់​ព្រះយេស៊ូវ​ ។ យើង​ត្រូវ​បាន​ប្រាប់​ថា ទ្រង់ « កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស » ។9 លុះ​ដល់​វ័យ ១២ ព្រះវស្សា ទ្រង់​បាន​បង្ហាញ​​ព្រះរាជ​បំណង​របស់​ទ្រង់​ដើម្បី « ​[ ធ្វើ​កិច្ចការ] របស់​ព្រះវរបិតា [ ទ្រង់ ] » ។10 កិច្ចការ​នោះ​គឺដើម្បី​បង្ហាញ​ទៅ​ពិភពលោក​នូវ​ « សេចក្ដី​ស្រឡាញ់​ដ៏​ធំ និង​អស្ចារ្យ » ​របស់​ព្រះវរបិតា​សម្រាប់​កូនចៅ​របស់​ទ្រង់ ។11

« ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោកដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជ​បុត្រា​ទ្រង់​តែ​មួយ... គឺ​ឲ្យ​លោកីយ៍​បាន​សង្គ្រោះ ដោយសារ​ទ្រង់​វិញ » ។12

កិច្ចការ​របស់​ព្រះវរបិតា​ទ្រង់​គឺ​ដើម្បី « ​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ » ។13 វា​គឺជា​កិច្ចការ​នៃ​សេចក្ដី​មេត្តា​ករុណា—« ធ្វើ​អ្នក​ឈឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ធ្វើ​ឲ្យ​អ្នក​ពិការ​ជើង​អាច​ដើរ​បាន មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ អ្នក​ថ្លង់​ឲ្យ​ស្ដាប់​ឮ ហើយ​មើល​ឲ្យ​ជា​គ្រប់​អស់​ទាំង​រោគា » ។14

កិច្ចការ​របស់​ព្រះវរបិតា​ទ្រង់​គឺ​ដើម្បី​បើក​ភ្នែក​នៃ​សេចក្ដី​ជំនឿ​របស់​យើង ដាស់​អារម្មណ៍​ខាង​វិញ្ញាណរបស់​យើង ហើយ​ព្យាបាល​ការ​ឈឺចាប់ អំនួត ជំងឺ និង​អំពើ​បាប​របស់​យើង ។ វា​គឺ​ដើម្បី « ជួយ [ យើង​តាម​] ​ជំងឺ​របស់​យើង » ។ ហើយ​ដើម្បីសម្រេច​កិច្ចការ​នេះ​បាន ព្រះយេស៊ូវ​បាន​ស្ម័គ្រ​ព្រះទ័យ​រងការ​ឈឺ​ចាប់ ការ​បដិសេធ ការ​រងទុក្ខ និង​ការ​ល្បួង​គ្រប់​ប្រភេទ ។15

កិច្ចការ​របស់​ព្រះវរបិតា​ទ្រង់​គឺ​ដើម្បី​ជួយ​យើង​បំពេញ​គោលបំណង​របស់​យើង​នៅ​លើ​ផែនដី—ដើម្បី «នាំ​យើង​ទៅ​ស្ថានសួគ៌ [ រួម​រស់​នឹង​ទ្រង់ ] » ។16 អាច​និយាយ​ម្យ៉ាង​ទៀត​ថា កិច្ចការ​របស់​ព្រះវរបិតា​គឺ—ដើម្បី—« នាំ​ឲ្យ​មាន​អមតភាព និងជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ។17

ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

នៅ​ទី​បំផុត ភាព​ពេញ​លេញ​នៃ​ដំណើរ​រឿង​អំពី​បុណ្យ​គ្រីស្ទម៉ាស់​នាំ​ទៅ​រកបី​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ។ នៅ​គ្រា​ដ៏​សំខាន់​នោះ ព្រះអង្គសង្គ្រោះ​បាន​យាង​ពី​​សួនច្បារគែតសេម៉ានី​ទៅ​ឈើ​ឆ្កាង​នៃ​កាលវ៉ារី រួច​ទៅ​សួន​ផ្នូរ ។ ដោយ អែលឌើរ ជែហ្វ្រី  អ័រ ហូឡិន បាន​បង្រៀន​ថា « ឥទ្ធិពល និង​ប្រសិទ្ធភាព »​​ នៃ​គ្រា​នោះនឹង​ « មាន​ឥទ្ធិពល … តាំង​ពី​ដើម​មក ហើយ​រហូត … ដល់​ភាព​អស់កល្ប​ជានិច្ច » ។18

ព្រះយេស៊ូវ​បាន​យាង​ចូល​ទៅ​ក្នុង​សួនច្បារគែតសេម៉ានី​តែ​អង្គ​ឯង ដោយ​មាន​ជោគវាសនា​នៃ​ព្រលឹង​មនុស្ស​គ្រប់​រូប​ពឹង​ផ្អែក​ទៅ​លើ​ទ្រង់។ ក្រោយ​ពី​នោះ​មក​មាន​នូវ​ការ​សាកសួរ ការ​ធ្ចើទុក្ខទោស ហើយ​ជា​ចុង​ក្រោយ​ការសុគតដ៏ឈឺចុកចាប់​នៅ​លើ​ឈើ​ឆ្កាង ។ ដោយ​មាន​នូវ​ភាព​រាបសា និង​ការគោរពតាមនោះ​​ទ្រង់​បាន​ប្រកាស​ពី​​ដំបូង​មកថា « មើលចុះ ទូល​បង្គំ​នៅ​ឯណេះ​ហើយ សូម​ចាត់​ទូល​បង្គំ​ចុះ »19 ពេល​នេះ​ទ្រង់​បាន​មា​នបន្ទូល​ថា « ឱ ព្រះវរបិតា អើយ ទូល​បង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ដ​ទ្រង់​វិញ » ។20

ផែនដី​បាន​ថ្ងូរ មិត្ត​របស់​ទ្រង់​បាន​ឈឺចាប់ ហើយ​ភាពងងឹត​បាន​គ្រប​ដណ្ដប់​លើ​ដែនដី​នោះ ។ ព្រះអង្គសង្គ្រោះ​បាន​យាង​ទៅ​ពិភព​វិញ្ញាណ ជា​ទី​ដែល « ក្រុម​វិញ្ញាណ​នៃ​មនុស្ស​សុចរិត​ដ៏​ឥត​គណនា »—ព្រលឹង​សុចរិត​ដែល​បាន​ស្លាប់—បាន​រង់​ចាំ​ការ​យាង​មក​របស់​ទ្រង់ ។ នៅ​ក្នុង​ភាព​ស្រដៀង​គ្នា​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ទៅ​នឹង​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​ដើម ​បុត្រាបុត្រី​នៃ​ព្រះ​បាន​ស្រែក​ដោយ​អំណរ ហើយ​លំឱន​កាយ​ក្រាប​ថ្វាយ​បង្គំព្រះដ៏​ប្រោស​ឲ្យ​រួច​របស់​ពួកគេ ។21

ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៃ​ពន្លឺ​នៃ​លោកិយ

មិន​យូរ​ប៉ុន្មាន​ក៏​ដល់​វេលា​ដែល​ព្រះអង្គ​សង្គ្រោះ​ត្រូវ​ប្រោស​ព្រះកាយ​ទ្រង់​ម្ដង​ទៀត ហើយ​បញ្ចប់​ការ​យក​ឈ្នះ​របស់​ទ្រង់​លើ​សេចក្ដី​ស្លាប់ ។ នៅ​ព្រឹក​ព្រលឹម​នា​ថ្ងៃ​មួយក្នុង​និទាឃរដូវ ជា​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍ ម៉ារា ម៉ាក់ដាឡា បាន​ទៅ​ផ្នូរ​របស់​ទ្រង់ ហើយ​ឃើញ​ថា វា​នៅ​ទទេរ​ស្អាត ។ នាង​ជា​មនុស្ស​ដំបូង​ដែល​បាន​ឮ​សុរ​សៀង​របស់​ទ្រង់ ហើយបាន​ឃើញ​ព្រះភ័ក្ត្រ​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ ។ ក្រោយ​មក​ ព្រះយេស៊ូវ​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួក​សាវក​របស់​ទ្រង់ ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​មើល​ព្រះហស្ដ និង​ព្រះបាទា​ទ្រង់ « ពាល់ [ ទ្រង់ ] មើល »22 ថា​ពិត​ជា​ទ្រង់​មែន—ថា​ព្រះប្រោស​លោះ​របស់​ពួកគេ​ពិត​ជា​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មែន !

រឿង​ទាំង​នេះ​គឺជា « ដំណឹងល្អ...ពី​សេចក្ដី​អំណរ​ដ៏​អស្ចារ្យ »​23 យើង​សាទរ​នៅ​បុណ្យ​គ្រីស្ទម៉ាស់—ពុំ​មែន​ដោយសារ​តែ​ព្រះគ្រីស្ទ​បាន​ប្រសូត​តែ​ម្យ៉ាង​នោះទេ ប៉ុន្តែ​ដោយ​សារ​ទ្រង់​បានគង់​នៅ​ក្នុង​ចំណោម​យើង បានប្រទាន​ព្រះជន្ម​ទ្រង់​​ជួស​យើង បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​នៅ​ទីបំផុត « បាន​បញ្ចប់​កិច្ចការ​ដែល​ [ ព្រះវរបិតា​ទ្រង់​ប្រទាន​ឲ្យ ] ធ្វើ » ។24 យើង​រីករាយ​ដោយសារ​ការ​ភ័ន្ត​ច្រឡំ និង​ភាព​វឹកវរ​នៃ​ពិភពលោ​ក​នេះ​អាច​ស្ងប់​ទៅ​បាន​ដោយសារ​ការ​សន្យា​ដែល​បាន​ធ្វើ​ឡើង​ដល់​យើងតាំង​ពី​ដំបូង​មក—ជា​ការ​សន្យា​មួយ​ដែល​បាន​បំពេញ​ដោយ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយ​ហេតុផល​នេះ​ហើយ ដំណើរ​រឿង​អំពី​បុណ្យ​គ្រីស្ទម៉ាស​ពុំ​ត្រូវបានអធិប្បាយ​ប្រាប់ដោយ​​ពេញលេញ​ឡើយ បើ​គ្មាន​ដំណើរ​រឿង​អំពី​បុណ្យ​អ៊ីស្ទើរ​នោះ ។ ដោយសារ​តែ​​ពលិកម្មធួន​របស់​ព្រះអង្គសង្គ្រោះទើប​​ធ្វើ​ឲ្យ​មាន​យប់​សុខសាន្ត​ដ៏​បរិសុទ្ធ​នៅ​ភូមិ​បេថ្លេហិម ។ ដោយ​សារ​តែ​មាន​អំណោយ​ទាន​នៃ​ការ​ប្រោស​លោះ​របស់​ទ្រង់ ទើប​ធ្វើ​ឲ្យ​យើង​ស្រែក​ដោយ​អំណរ​នៅ​ពិភពមុនឆាកជីវិតនេះ—អំណោយ​ទាន​នេះ​ហើយ​ដែល​ព្យាបាល​ជំងឺ​របស់​យើង ធ្វើ​ឲ្យ​ភ្នែក​យើង​ភ្លឺ​វិញ ហើយ​ជូត​ទឹក​ភ្នែក​ពី​មុខ​មនុស្ស​ទាំងអស់ ។25

ពន្លឺ​ដែល​យើង​ស្រឡាញ់​នៅ​បុណ្យ​គ្រីស្ទម៉ាស់​ចេញ​មក​ពី​ពន្លឺ​នៃ​លោកិយ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ដំណើរ​រឿង​ដែល​យើង​បាន​ស្រឡាញ់​នៅ​បុណ្យ​គ្រីស្ទម៉ាស់​ប្រាប់​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​របស់​យើង ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ឲ្យ​វា​កើត​ឡើង​បាន ។ អំណោយ​ដែល​ធ្វើឲ្យ​រដូវ​កាល​​បុណ្យ​គ្រីស្ទម៉ាស់​​ពិសិដ្ឋ​គឺ​ព្រះជន្ម​ដែល​ទ្រង់​បាន​ប្រទាន​ដើម្បី​យើង​អាច​មាន​ជីវិត​អស់​កល្ប ។ សូម​ឲ្យ​យើង​ទទួល​អំណោយ​នេះ ហើយ​ចែកចាយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ និង​ដំណឹងល្អ របស់​ទ្រង់​ដល់​ពិភពលោក​ទាំងមូល ជាពិសេស​នៅ​ក្នុង​រដូវកាល​ដ៏​អស្ចារ្យ​នេះ ខ្ញុំ​សូម​អធិស្ឋាន​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ អាម៉ែន ។