២០១៤
យើង​ស្ដាប់ដល់កុមារ
October 2014


យើង​ស្ដាប់ដល់កុមារ

ចយ ក្រូម៉ា រដ្ឋកាលីហ្វ័រញ៉ា ស.រ.អា.

រូបភាព
illustration of child praying by his bed

ជំងឺបាក់​ទឹក​ចិត្ត​គឺ​ជា​អ្វី​មួយ​ដែល​ខ្ញុំ​មិន​ចង់ជួប​ប្រទះ​ទៀត​ឡើយ ។ ប៉ុន្តែ​ក្រោយ​ពី​ខ្ញុំ​បាន​ជា​សះស្បើយ​បាន 12 ឆ្នាំ ខ្ញុំ​បាន​មាន​វា​ម្ដង​ទៀត ។

ខ្ញុំ​មាន​ការ​ភ័យខ្លាច ហើយ​ព្រួយ​បារម្ភ ។ ខ្ញុំ​សួរ​ព្រះវរបិតាសួគ៌ ហើយ​បាន​អធិស្ឋាន​សូម​កម្លាំង​ដើម្បី​ឆ្លងកាត់​ការ​សាកល្បង​របស់​ខ្ញុំ ។ ខ្ញុំ​ក៏​បាន​ទូល​អង្វរ​ទ្រង់​សូម​កុំ​ឲ្យ​ជំងឺ​បាក់​ទឹក​ចិត្ត​របស់​ខ្ញុំ​អូស​បន្លាយ​រហូត​ដល់​ប្រាំ​ឆ្នាំ ដូច​កាលពី​លើក​មុន​ទៀត​ឡើយ ។

ស្វាមី​ខ្ញុំ និង ខ្ញុំ​មាន​កូន​បី​នាក់ ប្រុស​ពីរ ស្រី​មួយ ហើយ​យើង​មាន​ចៅ​ 13 នាក់ ។ ដោយ​ដឹង​ពី​ភាពអស់​សង្ឃឹម​ដែល​ខ្ញុំ​មាន កូនស្រី​ខ្ញុំ​បាន​រៀបចំ​ថ្ងៃ​មួយ​សម្រាប់​ការ​តម​អាហារ និង ការ​អធិស្ឋាន​ជា​គ្រួសារ ។ ចៅ​ទាំងអស់​ចាប់​ពី​អាយុ 1 ឆ្នាំ​រហូត​ដល់ 10 ឆ្នាំ ចង់​អធិស្ឋាន​ឲ្យ​លោក​យាយ ហើយ​មាន​ចៅ​បី​នាក់​ដែល​បាន​ជ្រមុជ​ទឹក​រួច​ហើយ​ចង់​ធ្វើ​ការតម​អាហារ​ផងដែរ ។ វា​ជា​ការលួងលោម​ចិត្ត​មួយ​ដោយ​ដឹង​ថា ស្វាមី​ខ្ញុំ កូន​ខ្ញុំ និង ចៅ​ខ្ញុំ​បាន​តម​អាហារ ហើយ​អធិស្ឋាន​ឲ្យ​ខ្ញុំ ។

លុះ​ស្អែក​ឡើង កាល​ខ្ញុំ​ក្រោក​ពី​សម្រាក​បាន​មួយ​ស្របក់ អារម្មណ៍​នៃ​ការបាក់​ទឹក​ចិត្ត​ហាក់​ដូចជា​បាន​ធូរស្រាល​បន្តិច ។ លុះ​ថ្ងៃ​បន្ទាប់​ទៀត វា​កាន់តែ​ធូរស្រាល​ថែម​ទៀត ។ លុះ​ដល់​ថ្ងៃ​ទី​ប្រាំ ការ​បាក់​ទឹក​ចិត្ត​របស់​ខ្ញុំ​បាន​ធូរ​ស្រាល​ទាំង​ស្រុង ។ នៅល្ងាច​នោះ កាល​ខ្ញុំ​កំពុង​គិត​ថា តើ​អព្ភូតហេតុ​នេះ​កើត​ឡើង​យ៉ាង​ម៉េច​បាន នោះ​មាន​សំឡេង​មួយ​បាន​មក​ប៉ះ​នឹង​ព្រលឹង​ខ្ញុំ ហើយ​ថ្លែង​មក​កាន់​ខ្ញុំ​ថា « យើង​ស្ដាប់ឮកុមារ » ។ ព្រះវរបិតាសួគ៌​បាន​ស្ដាប់ឮ​ពួកគេ​ដោយ​សារ​ភាពបរិសុទ្ធ​របស់​ពួកគេ ហើយ​បាន​ឆ្លើយ​តប​ការ​អធិស្ឋាន​ដ៏​រាបសារ មាន​សេចក្ដី​ជំនឿ ហើយ​មាន​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ ។

ព្រះអម្ចាស់​បាន​បង្រៀន​ថា ៖

« បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត​ដូចជា​កូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ពុំ​បាន​ឡើយ ។

« ដូច្នេះ អ្នក​ណា​ដែល​បន្ទាប​ខ្លួន​ឲ្យ​បាន​ដូច​កូន​តូច​នេះ អ្នក​នោះ​ឯង​ឈ្មោះ​ថា​ធំ​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌​ហើយ » ( ម៉ាថាយ 18:3–4 ) ។

ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ចៅៗ​ខ្ញុំ ហើយ​អរគុណ​ដល់​ពួកគេ​ចំពោះ​ការ​តម​អាហារ និង អធិស្ឋាន​ឲ្យ​ខ្ញុំ ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ខ្ញុំ​ស្រឡាញ់​ពួកគេ​ខ្លាំង​ណាស់ ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ព្រះវរបិតាសួគ៌​បាន​ស្ដាប់​ឮ​ពួកគេ ហើយ​ឆ្លើយ​តប​ការអធិស្ឋាន​ពួកគេ ។

កាល​ចៅៗ​ខ្ញុំ​បាន​ធំ​ឡើង​នៅ​ក្នុង​ដំណឹង​ល្អ ខ្ញុំ​សង្ឃឹម​ថា ពួកគេ​នឹង​ចងចាំ​ពី​គ្រា​ដែល​ព្រះវរបិតាសួគ៌​បាន​មាន​បន្ទូល​មក​កាន់​លោក​យាយ​របស់​ពួកគេ​ថា « យើង​ស្ដាប់ឮ​កុមារ » ។ ហើយ​ខ្ញុំ​សង្ឃឹម​ថា បទពិសោធន៍​នោះ​នឹង​ពង្រឹង​ដល់​ទីបន្ទាល់​ពួកគេ ហើយ​ជួយ​ពួកគេ​ឲ្យ​បន្ត​រឹងមាំ​នៅ​ក្នុង​ដំណឹង​ល្អ ។

ចៅ​ទាំងអស់​ចាប់​ពី​អាយុ 1 ឆ្នាំ​រហូត​ដល់ 10 ឆ្នាំ ចង់​អធិស្ឋាន​ឲ្យ​លោក​យាយ ហើយ​មាន​ចៅ​បី​នាក់​ដែល​បាន​ជ្រមុជ​ទឹក​រួច​ហើយ​ចង់​ធ្វើ​ការតម​អាហារ ។