២០១៤
កិច្ចការ​ផ្សព្វផ្សាយ​សាសនា ពង្សប្រវត្តិ និង ព្រះវិហារ​បរិសុទ្ធ
October 2014


កិច្ចការផ្សព្វផ្សាយ​សាសនា ពង្សប្រវត្តិ និង ព្រះវិហារ​បរិសុទ្ធ

ដក​ស្រង់​ចេញ​ពី​សុន្ទរកថា​ដែល​បាន​ធ្វើ​ឡើង នៅ​ក្នុង​សិក្ខាសាលា​សម្រាប់​ប្រធាន​បេសកកម្ម​ថ្មី​ នៅ​ថ្ងៃ​ទី 25 ខែ មិថុនា ឆ្នាំ 2013 ។

រូបភាព

នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​ដ៏​ឱឡារិក​មួយ​ដែល​ធ្វើ​ឡើង​នៅ​ព្រះវិហារ​បរិសុទ្ធ ខឺត​ឡង់ នៅ​ថ្ងៃ​ទី 6 ខែ មេសា ឆ្នាំ 1837 ព្យាការី យ៉ូសែប ស៊្មីធ បាន​ថ្លែង​ថា « បន្ទាប់​ពី​អ្វីៗ​ទាំងអស់​ត្រូវ​បាន​និយាយ​រួច​ហើយ កាតព្វកិច្ច​ដ៏​ធំ​ជាង​គេ ហើយ​សំខាន់​បំផុត​គឺ​ការ​ផ្សាយ​ដំណឹង​ល្អ » ។1

ស្ទើរតែ​ប្រាំពីរ​ឆ្នាំ​ក្រោយ​មក នៅ​ថ្ងៃ​ទី 7 ខែ មេសា ឆ្នាំ 1844 លោក​បាន​ប្រកាស​ថា ៖ ​« ទំនួល​ខុស​ត្រូវ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក​នេះ ដែល​ព្រះ​ប្រទាន​ឲ្យ​យើង​គឺ​ការ​ស្វែង​រក​ដូនតា​យើង​ដែល​បាន​ចែកឋាន​ទៅ ។ ព្យាការី​បាន​ថ្លែង​ថា ‹ ពួក​គាត់​មិន​អាច​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ​ដោយ​គ្មាន​យើង​បាន​ឡើយ › [ សូម​មើល ហេព្រើរ 11:40 ] ត្បិត​វា​ចាំបាច់​ដែល​អំណាច​នៃ​ការ​ផ្សារភ្ជាប់​គួរ​មាន​នៅ​ក្នុង​ដៃ​យើង ដើម្បី​ផ្សារភ្ជាប់​កូនចៅ និង ដូនតា​យើង​សម្រាប់​ភាព​ដ៏​ពេញ​លេញ​នៃ​ការកាន់កាប់​ត្រួតត្រា—ការកាន់កាប់​ត្រួតត្រា​មួយ​ដើម្បី​បំពេញ​សេចក្ដី​សន្យា​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ ពីមុន​គ្រឹះ​នៃ​ពិភពលោក​នេះ សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​មនុស្ស » ។2

មាន​មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​ងឿង​ឆ្ងល់​ថា តើ​ការ​បង្រៀន​ដំណឹង​ល្អនិង​ការ​ស្វែង​រក​ដូនតា​យើង​ដែល​បា​នចែក​ឋានទៅ​អាច​ជា​កាតព្វកិច្ច និង ទំនួល​ខុស​ត្រូវ​ដ៏​ធំ​ជាង​គេ​បំផុត ​ក្នុង​ពេល​តែ​មួយ​ដែល​ព្រះ​បាន​ដាក់​ឲ្យ​កូនចៅ​ទ្រង់​តាម​របៀប​ណា ។ គោលបំណង​របស់​ខ្ញុំ​គឺ​ដើម្បី​ណែនាំ​ថា ការ​បង្រៀន​ទាំង​នេះ​គូស​បញ្ជាក់​ពី​សាមគ្គីភាព និង ភាពតែ​មួយ​នៃ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​នៅ​ថ្ងៃ​ចុង​ក្រោយ ។ កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង ពង្សប្រវត្តិ​គឺ​ជា​ដៃគូ​នឹង​គ្នា ហើយ​ជា​កត្តា​ដែល​ពាក់ព័ន្ធ​គ្នា​នៃ​កិច្ចការ​ដ៏​អស្ចារ្យ​មួយ « សម្រាប់​ការ​កាន់​កាប់ត្រួត​ត្រា ក្នុង​កាល​ដែល​ពេលពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះ​គ្រីស្ទ ទាំង​របស់​នៅ​ស្ថានសួគ៌ និង​របស់​នៅ​ផែនដី​ផង » ( អេភេសូរ 1:10 ) ។

ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​អ្នក និង ខ្ញុំ កាល​យើង​គិត​ពិចារណា​រួម​គ្នា​ពី​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​នៅ​ថ្ងៃ​ចុង​ក្រោយ​ដ៏​អស្ចារ្យ​នេះ ។

ដួងចិត្ត និង ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព

ការ​ផ្សាយ​ដំណឹង​ល្អ និង ការ​ស្វែង​រក​ដូនតា​យើង​ដែល​បាន​ចែកឋាន​ទៅ​គឺ​ជា​ទំនួល​ខុស​ត្រូវ​ពីរ​ដ៏​ទេវភាព​ដែល​បាន​ចាត់​មក ដែល​វា​ទាក់ទង​ទាំង​ដួង​ចិត្ត និង ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព ។ គោលការណ៍​នៃ​កិច្ចការ​របស់​ព្រះ​អម្ចាស់​កំពុង​ផ្លាស់ប្ដូរ បង្វែរ ហើយ​បន្សុទ្ធ​ដួងចិត្ត​ទាំងឡាយ​តាមរយៈ​សេចក្ដី​សញ្ញា និង ពិធី​បរិសុទ្ធ​ដែល​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព​ត្រឹមត្រូវ ។

ពាក្យ​ថា ដួងចិត្តត្រូវ​បាន​ប្រើ​ជាង 1,000 ដង​នៅ​ក្នុង​បទដ្ឋាន​ព្រះគម្ពីរ ហើយជា​តំណាង​ឲ្យអារម្មណ៍​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស ម្នាក់ ។ ដូច្នេះ ដួងចិត្ត​យើង​—ដែល​ជា​ចំណុច​ប្រមូល​ផ្ដុំ​នៃ​បំណង​ប្រាថ្នា សេចក្ដី​ស្រឡាញ់ គោលដៅ ការ​លើក​ទឹក​ចិត្ត និង ឥរិយាបថ​របស់​យើង—កំណត់​ថា​យើង​ជា​នរណា និងសក្តានុពល​នា​ពេល​អនាគត​របស់​យើង ។

ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់​ចំពោះ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា គឺ​ដើម្បី​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ព្រះគ្រីស្ទ ទទួល​ពរជ័យ​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​ដោយ​មាន​ជំនឿ​លើ​ព្រះគ្រីស្ទ ។3 យើង​ពុំមែន​ចែក​ចាយ​ដំណឹង​ល្អ​ដោយ​គ្រាន់តែ​ដើម្បី​បង្កើន​ចំនួន និង កម្លាំង​នៃ​សាសនាចក្រ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ​ទេ ។ ផ្ទុយ​ទៅ​វិញ យើង​ខិតខំ​បំពេញ​ទំនួល​ខុស​ត្រូវ​ដ៏​ទេវភាព​ដែល​បាន​ចាត់​មក ដើម្បី​ប្រកាស​ពី​ភាពពិត​នៃ​ផែនការ​សុភមង្គល​របស់​ព្រះវរបិតា ទេវភាព​នៃ​ព្រះរាជ​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ និង តម្លៃ​នៃ​ពលិកម្ម​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ការ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ « មក​រក​ព្រះគ្រីស្ទ » ( សូម​មើល មរ៉ូណៃ 10:30–33 ) ការ​មាន « ការ​ផ្លាស់ប្ដូរ​ដួងចិត្ត​ដ៏​ធំ » ( សូម​មើល អាលម៉ា 5:12–14 ) និង​ការ​ផ្ដល់​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​ដល់​បណ្តា​មនុស្ស ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​មិន​ទាន់​ស្ថិត​នៅ​ក្រោម​សេចក្ដី​សញ្ញា គឺ​ជា​គោលដៅ​ដ៏​សំខាន់​នៃ​ការ​ផ្សាយ​ដំណឹង​ល្អ ។

ការ​អនុញ្ញាត​ឲ្យ​មាន​ភាពតម្កើង​ឡើង​ដល់​អ្នក​នៅ​រស់ និង អ្នក​ស្លាប់​គឺ​ជា​ព្រះរាជបំណង​របស់​ព្រះអម្ចាស់​ សម្រាប់​ការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ និង ការ​ធ្វើ​ពិធី​បរិសុទ្ធ​ជំនួស ។ យើង​មិន​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ ដើម្បី​គ្រាន់តែ​មាន​បទពិសោធន៍​ជា​បុគ្គល ឬ​គ្រួសារ​ដែល​គួរ​ឲ្យ​ចងចាំ​តែ​ប៉ុណ្ណោះនោះ​ទេ ។ ផ្ទុយ​ទៅ​វិញ យើង​ខិតខំ​ដើម្បី​បំពេញ​ទំនួល​ខុស​ត្រូវ​ដ៏​ទេវភាពដែល​បាន​ចាត់​មក ដើម្បី​ផ្ដល់​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ និង ភាពតម្កើង​ឡើង​ដល់​គ្រួសារ​មនុស្ស​លោក​ទាំង​អស់ ។ ការ​បណ្ដុះ​សេចក្ដី​សន្យា​ដែល​បាន​ធ្វើ​ដល់​ពួក​ឪពុក​ដូចជា អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប​នៅ​ក្នុង​ដួងចិត្ត​របស់​កូនចៅ ការ​បង្វែរ​ដួងចិត្ត​កូនចៅ​ទៅ​ពួក​ឪពុក​របស់​ពួកគេ​ផ្ទាល់ និង ការ​ធ្វើ​ការ​ស្រាវជ្រាវ​ពង្សប្រវត្តិ និង ពិធី​បរិសុទ្ធ​ជំនួស​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ការងារ​ដែល​ប្រទាន​ពរ​ដល់​បណ្តា​ជន​នៅ​ភព​វិញ្ញាណ​ដែល​មិន​ទាន់​ស្ថិត​នៅ​ក្រោម​សេចក្ដី​សញ្ញា ។​

រូបភាព

ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​គឺ​ជា​ផ្លូវ​ទៅ​កាន់​អំណាច​នៃ​ការគោរព​ព្រះ ៖

« ហើយ​បព្វជិតភាព​ដែល​ធំ​ជាង​គេ​ចាត់ចែង​ដំណឹង​ល្អ ហើយ​កាន់​កូន​សោ​នៃ​សេចក្តី​អាថ៌កំបំាង​ទំាងឡាយ​នៃ​នគរ គឺ​ជា​កូនសោ​នៃ​ចំណេះ​វិជ្ជា​ពី​ព្រះ ។

« ហេតុ​ដូច្នេះ​ហើយ នៅ​ក្នុង​ពិធី​បរិសុទ្ធ​ទំាងឡាយ​នៃ​បព្វជិតភាព​ដ៏​ធំ​ជាង​នេះ នោះ​អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្តែង​ឲ្យ​ឃើញ ។

« បើសិន​ជា​គ្មាន​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៃ​បព្វជិតភាព​ដ៏​ធំ​ជាង​នេះ និង សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ទេ នោះ​អំណាច​នៃ​ព្រះ​ពុំ​អាច​បាន​សម្តែង​ដល់​មនុស្ស​នៅ​ក្នុង​សាច់​ឈាម​បាន​ឡើយ » ( គ. និង ស. 84:19–21 ) ។

សូម​ពិចារណា​ពី​សារៈសំខាន់​នៃ​បទគម្ពីរ​ទាំង​នេះ ។ ដំបូង បុគ្គល​ម្នាក់ត្រូវ​តែឆ្លងកាត់​ទ្វារ​នៃ​បុណ្យ​ជ្រមុជ​ទឹក ហើយ​ទទួល​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ—រួច​ហើយ​បន្ត​ដើរ​ឆ្ពោះ​ទៅ​មុខ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា និង ពិធី​បរិសុទ្ធ​ដែល​ដឹកនាំ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ និង ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់ ( នីហ្វៃ​ទី 2 31 ) ។ ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​គឺ​ជា​កត្តា​ដ៏​ចាំបាច់​ដើម្បី « មក​រក​ព្រះ​គ្រីស្ទ ហើយ​បាន​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ទ្រង់ » ឲ្យ​ពេញ​លេញ ( សូម​មើល មរ៉ូណៃ 10:30–33  ) ។ បើ​គ្មាន​ពិធី​បរិសុទ្ធ​ទាំង​នេះ នោះ​មនុស្ស​ម្នាក់​មិន​អាច​ទទួល​ពរជ័យ​ទាំងអស់ ដែល​កើត​មាន​តាមរយៈ​ពលិកម្ម​ធួន​ដ៏​គ្មាន​ទីបញ្ចប់ ហើយ​អស់​កល្ប​របស់​ព្រះ​អម្ចាស់​បាន​ឡើយ ( សូម​មើល អាលម៉ា 34:10–14 )—សូម្បី​ទាំង​អំណាច​នៃ​ការគោរព​ព្រះ​ផងដែរ ។

កិច្ចការ​របស់​ព្រះអម្ចាស់​គឺ​ជា​កិច្ចការ​ដ៏​រុងរឿង​មួយ​ ដែល​ផ្ដោត​លើ​ដួងចិត្ត សេចក្ដី​សញ្ញា និង ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព ។

ឥទ្ធិពល

គោលលទ្ធិ​ដ៏​ទេវភាព​នេះបង្ហាញ​ប្រាប់​នូវ​ឥទ្ធិពល​ពីរ​យ៉ាង​សម្រាប់​កិច្ចការ​របស់​យើង​នៅ​ក្នុង​សាសនាចក្រ ។

ទី​មួយ ជា​រឿយៗ​យើង​ប្រហែល​ជា​ផ្ដល់​ការ​សង្កត់ធ្ងន់​ច្រើន​ពេក​ចំពោះ​ប្រភេទ​ដាច់​ដោយ​ឡែក​នៃ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង គោលនយោបាយ និង និតិ​វិធី​ដែល​ពាក់ព័ន្ធ ។ ខ្ញុំ​ខ្លាច​ថា មាន​យើង​រាល់គ្នា​ជាច្រើន​ផ្ដោតយ៉ាង​ខ្លាំង​តែ​ទៅ​លើ​ទម្រង់ការ​ជាក់លាក់​នៃ​កិច្ចការ​របស់​ព្រះអម្ចាស់​រហូត​យើង​ភ្លេច​ប្រមូល​នូវ​អំណាច​ដ៏​ពេញលេញ​នៃ​កិច្ចការ​ដ៏​ពេញ​លេញ​នៃ​សេចក្ដី​សង្គ្រោះ ។

ខណៈ​ដែល​ព្រះ​អម្ចាស់​ខិតខំ​ប្រមូល​អ្វីៗ​គ្រប់​យ៉ាង​ឲ្យ​រួម​គ្នា​តែ​មួយ​ក្នុង​ព្រះគ្រីស្ទ ជា​រឿយៗ​យើង​ប្រហែល​ជា​បែងចែក ឬ​ផ្ដោត​លើ​របៀប​ដែល​កំណត់​ការ​យល់​ដឹង និង ទស្សនៈ​របស់​យើង ។ កាល​វា​អនុវត្ត​ហួស​ហេតុ​ពេក អាទិភាព​ត្រូវ​បាន​ផ្ដល់​ទៅ​លើ​ការ​ចាត់ចែង​កម្មវិធី និង ការ​បង្កើន​ស្ថិតិ​លើ​ការ​អញ្ជើញ​មនុស្ស​ឲ្យ​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា ហើយ​ទទួល​ពិធី​បរិសុទ្ធ​ដោយ​សក្ដិសម ។ វិធី​សាស្ត្រ​បែបនេះ​ជម្រុញឲ្យ​មាន​នូវ​ការ​បន្សុទ្ធ សេចក្ដី​អំណរ ការប្រែចិត្ត​ជឿ​ជា​បន្តបន្ទាប់ ព្រម​ទាំង​អំណាច និង ការ​ការពារ​ខាង​វិញ្ញាណ​ដែល​កើត​ចេញ​ពី​ការ « ប្រគល់​ចិត្ត [ យើង ]​ដល់​ព្រះ » ( ហេលេមិន 3:35 ) ។ ការ​ធ្វើ​ដ៏​សាមញ្ញ និង ការគូស​បញ្ចប់​រាល់​កិច្ចការ​នៅ​លើ​បញ្ជី « កិច្ចការ​ដែល​ត្រូវ​ធ្វើ » ដ៏​វែង​ទាក់ទង​នឹង​ដំណឹង​ល្អ​ដោយ​ស្មោះត្រង់​របស់​យើង​មិន​អាច​ជួយ​យើង​ឲ្យ​ទទួល​បាន​រូបភាព​របស់​ទ្រង់​នៅ​លើ​ផ្ទៃ​មុខ​របស់​យើង ឬ​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​ដួងចិត្ត​ដ៏​ធំ​នោះ​ឡើយ ( សូម​មើល អាលម៉ា 5:14 ) ។

ទី​ពីរ វិញ្ញាណ​របស់​អេលីយ៉ា​គឺ​ជា​ផ្នែក​ដ៏​សំខាន់​ចំពោះ​កិច្ចការ​នៃ​ការ​ប្រកាស​ដំណឹង​ល្អ​នេះ ។ ប្រហែល​ជា​ព្រះអម្ចាស់​បាន​គូស​បញ្ជាក់​ពី​សេចក្ដី​ពិត​នេះ​នៅ​រាល់​លំដាប់​នៃ​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​ជា​ភាពពេញ​លេញ​នៃ​ដំណឹង​ល្អ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​មក​កាន់​ផែនដី​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ។

នៅ​ក្នុង​ព្រៃ​ពិសិដ្ឋ យ៉ូសែប ស៊្មីធ បាន​ឃើញ ហើយ​និយាយ​នឹង​ព្រះវរបិតា​ដ៏​អស់​កល្ប​ជានិច្ច និង ព្រះយេស៊ូវគ្រីស្ទ ។ ការនិមិត្ត​នេះ​បាននាំ​ចូល​មក​ « សម័យ​កាន់កាប់​ត្រួតត្រា​នៃ​ពេលពេញ​កំណត់ » ( អេភេសូរ 1:10 ) ហើយ​ជួយ​ឲ្យ​យ៉ូសែប​រៀន​ពី​លក្ខណៈពិត​នៃ​ក្រុម​ព្រះ និង ពី​វិវរណៈ​ដែល​មាន​ជា​បន្ត​បន្ទាប់ ។

ប្រមាណ​ជា​បី​ឆ្នាំ​ក្រោយ​មក ក្នុង​ការ​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​ដ៏​ស្មោះ​នៅ​ល្ងាច​នៃ​ថ្ងៃ​ទី 21 ខែ កញ្ញា ឆ្នាំ 1823 បន្ទប់​ដេក​របស់​យ៉ូសែប​បាន​ពេញដោយ​ពន្លឺ​រហូត​ធ្វើ​ឲ្យ​វា​ « ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ​ត្រង់​ទៅ​ទៀត » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:30 ) ។ មាន​តួអង្គ​មួយ​បាន​លេច​មក​ក្បែរ​លោក បាន​ហៅ​ឈ្មោះ​ក្មេង​ប្រុស​នោះ ហើយ​បាន​ប្រកាស​ថា « លោក​ជា​ទូត​ដែល​បាន​ចាត់​មក​ពី​វត្តមាន​នៃព្រះ… ហើយ​ថា​ឈ្មោះ​លោក​គឺ​មរ៉ូណៃ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:33 ) ។ លោក​បាន​និយាយ​ប្រាប់​យ៉ូសែប​ពី​ការ​មក​នៃ​ព្រះគម្ពីរ​មរមន ។ រួច​ហើយ​មរ៉ូណៃ​បាន​ដកស្រង់​ពី​គម្ពីរ​ម៉ាឡាគី​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដោយ​មានការប្រែប្រួល​បន្តិចបន្តួច​នៅ​ក្នុង​ភាសា​ដែល​បាន​ប្រើ​នៅ​ក្នុង​កំណែ​ស្ដេច​ជេមស៍ ៖

« មើល​ចុះ យើង​នឹង​បើក​សម្ដែង​ដល់​អ្នក​រាល់​គ្នា​នូវ​បព្វជិតភាព ដោយ​ដៃ​នៃ​អេលីយ៉ា​ដែល​ជា​ព្យាការី​មុន​ដែល​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែងខ្លាច​នៃ​ព្រះ​អម្ចាស់​បាន​មក​ដល់ ។ … ហើយ​លោក​នឹង​ដាក់​នៅ​ក្នុង​ចិត្ត​នៃ​កូនចៅ​នូវ​សេចក្ដី​សន្យា​ដែល​បាន​ធ្វើ​ដល់​ពួក​ឪពុក ហើយ​ចិត្ត​នៃ​កូនចៅ​នឹង​បាន​បង្វែរ​មក​រក​ពួក​ឪពុក​របស់​ពួកគេ​វិញ ។ បើសិន​ជា​មិនមែន​ដូច្នោះ​ទេ នោះ​ផែនដី​ទាំង​មូល​នឹង​ត្រូវ​កំទេច​ចោល​សូន្យ​ឈឹង​ក្នុង​កាល​ទ្រង់​យាង​មក » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:38–39 ) ។

សេចក្តី​ណែនាំ​របស់​មរ៉ូណៃ​ដល់​ព្យាការី​វ័យ​ក្មេង​នេះ​រួម​មាន​នូវ​រឿង​ពីរ​សំខាន់ៗ ៖ (1) ព្រះគម្ពីរ​មរមន និង (2) ពាក្យ​របស់​ម៉ាឡាគី​ប្រាប់​ទុក​ជា​មុន​ពី​តួនាទី​របស់​អេលីយ៉ា​នៅ​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ « របស់​ទាំងអស់​ដែល​ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ពី​គ្រា​នោះ ដោយសារ​មាត់​នៃ​ពួក​ហោរា​បរិសុទ្ធ​របស់​ទ្រង់​តាំងពី​បុរាណ​មក » ( កិច្ចការ 3:21 ) ។ ដូច្នេះ ព្រឹត្តិការណ៍​ចាប់ផ្ដើម​នៃ​ការស្តារ​ឡើង​វិញ​បាន​បើក​សម្ដែង​នូវ​ការយល់​ដឹង​ត្រឹមត្រូវ​មួយ​ស្ដីពី​ក្រុម​ព្រះ បាន​បង្កើត​ភាព​ពិត​នៃ​វិវរណៈ​ជា​បន្តបន្ទាប់ បាន​គូស​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ព្រះគម្ពីរ​មរមន ហើយ​បាន​រំពឹង​ទុក​ពី​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង ភាពតម្កើង​ឡើង​សម្រាប់​ទាំង​អ្នក​មាន​ជីវិត​រស់ ​និង អ្នក​ស្លាប់ ។

ឥឡូវ​នេះ​សូម​ពិចារណា​ពី​តួនាទី​របស់​ព្រះគម្ពីរ​មរមន នៅ​ក្នុង​ការ​ផ្លាស់​ប្ដូរដួង​ចិត្ត—និង​ពី​វិញ្ញាណ​របស់​អេលីយ៉ា​នៅ​ក្នុង​ការ​បង្វែរ​ដួងចិត្ត ។

ព្រះគម្ពីរ​មរមន​រួម​ជាមួយ​នឹង​ព្រះវិញ្ញាណ​នៃ​ព្រះ​អម្ចាស់​គឺ​ជា « ឧបករណ៍​តែ​មួយ​អស្ចារ្យ​ជាង​គេ​បំផុត ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​យើង​ដើម្បី​ប្រែចិត្ត​ជឿ​ដល់​ពិភពលោក​នេះ » ។4 ព្រះគម្ពីរ​នៃ​ការ​ស្ដារ​ឡើង​វិញ​នេះ​គឺ​ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ហើយ​ចាំបាច់​នៅ​ក្នុង​ការនាំ​មនុស្ស​មក​រក​ព្រះអង្គ​សង្គ្រោះ ។ ព្រះគម្ពីរ​មរមន​គឺ​ជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ—ជា​សាក្សី​បញ្ជាក់​ដ៏​សំខាន់​មួយ​នៃ​ទេវភាព​របស់​ព្រះ​ដ៏​ប្រោសលោះ​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មាន​សាសនា និង ភាពឥត​អៀន​ខ្មាស់​កើន​ឡើង​យ៉ាង​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។ ដួងចិត្ត​ទាំងឡាយ​ត្រូវ​បាន​ផ្លាស់ប្ដូរ​នៅ​ពេល​បុគ្គល​ម្នាក់ៗ​អាន ហើយ​សិក្សា​ព្រះគម្ពីរ​មរមន ហើយ​អធិស្ឋាន​ដោយ​ស្មោះ ​ដើម្បី​រៀន​ពី​សេចក្ដី​ពិត​ដ៏​ពេញ​លេញ​នៃ​ព្រះគម្ពីរ​នេះ ។

វិញ្ញាណ​របស់​អេលីយ៉ា « ការបង្ហាញ​ឲ្យ​ឃើញ​មួយ​ពី​ព្រះវិញ្ញាណ​ថ្លែង​សាក្សី​ពី​លក្ខណៈ​ដ៏​ទេវភាព​នៃ​គ្រួសារ » ។5 ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដ៏​វិសេស​នេះ ថ្លែង​ជា​សាក្សី​ដ៏​អស្ចារ្យ​ពី​ផែនការ​សុភមង្គល​របស់​ព្រះវរបិតា ហើយទាក់ទាញ​ចិត្ត​មនុស្ស​ឲ្យ​ស្រាវជ្រាវ ហើយ​ស្រឡាញ់​ដូនតា​ពួកគេ និង សមាជិក​គ្រួសារ—ទាំង​អតីតកាល និង បច្ចុប្បន្ន​កាល ។ វិញ្ញាណ​របស់​អេលីយ៉ា​ជះ​ឥទ្ធិល​ទៅ​លើ​មនុស្ស​ទាំង​នៅ​ខាង​ក្នុង និង ខាង​ក្រៅ​សាសនាចក្រ ហើយ​ធ្វើ​ឲ្យ​ដួងចិត្ត​បង្វែរ​ទៅរក​ពួក​ឪពុក ។

ពេល​វេលា​សម្រាប់​យើង​បាន​មក​ដល់​ហើយ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ពី​បន្សំ​ដ៏​រឹងមាំ​នៃ​ការផ្លាស់ប្ដូរ​ដួងចិត្ត​ដ៏​ធំ ដែល​ធ្វើ​ឲ្យ​កើត​មាន​ឡើង​ដោយ​អំណាច​ខាង​វិញ្ញាណ​នៃ​ព្រះគម្ពីរ​មរមន និង ការ​បង្វែរដួងចិត្ត​ទៅ​រក​ពួក​ឪពុក ដែល​កើត​ឡើង​តាម​រយៈ​វិញ្ញាណ​របស់​អេលីយ៉ា ។ ការ​ប្រាថ្នា​ចង់​បាន​សម្រាប់​ការ​តភ្ជាប់​ទៅ​នឹង​អតីតកាល​របស់​យើង​អាច​រៀបចំ​មនុស្ស​ម្នាក់​ឲ្យ​ទទួល​គុណធម៌​នៃ​ព្រះបន្ទូល​ព្រះ ហើយ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​គេ ។ ការ​បង្វែរ​ដួងចិត្ត​មួយ​ទៅរក​ពួក​ឪពុក ជួយ​ជាពិសេស​ដល់​មនុស្ស​ម្នាក់​ឲ្យ​អត់ទ្រាំ​នឹង​ឥទ្ធិពល​របស់​មារសត្រូវ ហើយ​ពង្រឹង​ការប្រែចិត្ត​ជឿ ។

សូមមើលវីដេអូទីពីរដើម្បីមើលពីដំណើររឿងមួយដែលបង្ហាញពីគោលការណ៍នេះ ។

គោលការណ៍​ទាំងឡាយ

ឥឡូវ​នេះ ខ្ញុំ​ចង់​គូស​បញ្ជាក់​ពី​គោលការណ៍​ចំនួន​បួន​ស្ដីពី​អំណាច​ខាង​វិញ្ញាណ​ដែល​កើត​ចេញ​ពី​ការផ្លាស់ប្ដូរ និង ការ​បង្វែរ​ដួងចិត្ត ។

  1. ដួងចិត្ត និង ការប្រែចិត្ត​ជឿ ។ ការ​បង្វែរ​ទៅរក​ពួក​ឪពុក​បាន​ក្រើន​រំឭក ហើយ​រៀបចំ​ដួងចិត្ត​មួយ​សម្រាប់​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ ។ ហេតុ​ដូច្នេះហើយ វិញ្ញាណ​របស់​អេលីយ៉ា​ជួយ​នៅ​ក្នុង​ការប្រែចិត្ត​ជឿ ។

    សូមមើល​វីដេអូទីបីដើម្បី​មើល​ពីដំណើររឿងមួយដែលបង្ហាញពី​គោលការណ៍​នេះ ។

  2. ដួងចិត្ត និង ការថែរក្សា ។ ការ​បង្វែរទៅរក​ពួក​ឪពុក​គាំទ្រ ហើយ​ពង្រឹង​ដួងចិត្ត​ដែល​ធ្លាប់​ជួបការ​ផ្លាស់ប្ដូរ​ដ៏​ធំ ។ ហេតុដូច្នេះ​ហើយ វិញ្ញាណ​របស់​អេលីយ៉ា​ជួយ​នៅ​ក្នុង​ការ​ថែ​រក្សា​ពួក​អ្នក​ប្រែចិត្ត​ជឿ​ថ្មី ។

    សូម​មើល​វីដេអូទីបួនដើម្បី​មើល​ពីដំណើររឿង​មួយដែល​បង្ហាញ​ពីគោលការណ៍​នេះ ។

  3. ដួងចិត្ត និង ការធ្វើ​ឲ្យ​សកម្មភាព​ឡើង​វិញ ។ ការ​បង្វែរ​ទៅរក​ពួក​ឪពុក​បន្ទន់​ដួងចិត្ត​មួយ ដែល​រឹងរូស ​បន្ទាប់ពី​មាន​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ ។ ហេតុដូច្នេះ​ហើយ វិញ្ញាណ​របស់​អេលីយ៉ា​គឺ​ជា​គន្លឹះ​នៃ​ការ​ធ្វើ​ឲ្យ​សកម្ម​ឡើង​វិញ ។

    សូមមើលវីដេអូទីប្រាំដើម្បីមើលពីដំណើររឿងមួយដែលបង្ហាញពីគោលការណ៍នេះ ។

  4. ដួងចិត្ត និង ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ក្លាហាន ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ដែល​ធ្លាប់​ជួយ​ទាំង​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ ​និង​ការ​បង្វែរ​ដួងចិត្ត​នឹង​ក្លាយ​ជា​អ្នក​បម្រើ​ម្នាក់​ដែល​កាន់តែ​ប្រែចិត្ត​ជឿ បរិសុទ្ធ ហើយ​ក្លាហាន ។

    សូមមើលវីដេអូទីប្រាំមួយដើម្បីមើលពីដំណើររឿងមួយដែលបង្ហាញពីគោលការណ៍នេះ ។

រួម​ជាមួយ​នឹង​កម្លាំង​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនា​ កំពុង​តែ​ពង្រីក​យ៉ាង​ឆាប់​រហ័ស និង រៀបចំ​ខ្លួន​យ៉ាង​ល្អ​ប្រសើរ​ យើង​មិន​គ្រាន់តែអាច​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ជោគជ័យ​នៃ​ការ​ផ្សព្វផ្សាយ​សាសនា​កាល​ពី​អតីតកាល​ ដើម្បី​កំណត់នូវ​ផ្លូវ និង វិធីសាស្ត្រ​របស់​យើង​សម្រាប់​អនាគតតែ​ប៉ុណ្ណោះ​នោះ​ឡើយ ។ ព្រះអម្ចាស់​បាន​បំផុស​គំនិត​ឲ្យ​មាន​បច្ចេកវិទ្យា និង ឧបករណ៍​ដែល​អាច​ជួយ​ឲ្យ​ទទួល​បាន​ប្រយោជន៍​ពី​ភាព​តែ​មួយ​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង កិច្ចការ​ពង្សប្រវត្តិ លើស​ពី​គ្រា​ណាៗ​ទាំងអស់​នៅ​ក្នុង​ការកាន់កាប់​ត្រួតត្រា​នេះ ។ ហើយ​វា​ពុំ​មែន​ជា​ការចៃដន្យ​ឡើយ ដែល​ការ​បង្កើត​ថ្មីទាំងនេះ​ បាន​កើត​ឡើង​នៅ​ចំពេល​ដែលវា​ត្រូវបាន​គេត្រូវការយ៉ាង​ខ្លាំង​ដើម្បី​ពន្លឿន​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ជុំវិញ​ពិភពលោក ។ កិច្ចការ​របស់​ព្រះអម្ចាស់​គឺ​ជា​កិច្ចការ​ដ៏​អស្ចារ្យ​មួយ​ផ្ដោត​លើ​ដួងចិត្ត​ដែល​ផ្លាស់ប្ដូរ ហើយ​បង្វែរ លើ​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ និង លើ​អំណាច​នៃ​ការគោរព​ព្រះ​ដែល​បើក​បង្ហាញ​តាមរយៈ​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព ។

សេចក្ដី​សង្ខេប និង ទីបន្ទាល់

ព្រះអម្ចាស់​បាន​ប្រកាស​ថា « យើង​អាច​ធ្វើ​កិច្ចការ​របស់​យើង​បាន » ( នីហ្វៃ​ទី 2 27:21 ) ហើយ « យើង​នឹង​ពន្លឿន​កិច្ចការ​របស់​យើង​ឲ្យ​ឆាប់​កើត​នៅ​ពេល​កំណត់ » ( គ. និង ស. 88:73 ) ។ យើង​គឺ​ជា​សាក្សី​នៃ​ការ​ពន្លឿន​របស់​ទ្រង់​ទៅ​លើ​កិច្ចការ​របស់​ទ្រង់ ។

យើង​រស់​នៅ ហើយ​បម្រើ​នៅ​ក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ ។ ដោយ​ស្គាល់​ពី​សារៈសំខាន់​អស់​កល្ប​ជានិច្ច​នៃ​ការកាន់កាប់​ត្រួតត្រា​ដ៏​វិសេស​ដែល​យើង​រស់នៅ គួរ​ជះ​ឥទ្ធិពល​ដល់​អ្វីៗ​ដែល​យើង​ធ្វើ​ ហើយខិតខំ​ប្រែក្លាយ ។ ដើម្បី​សម្រេច​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ​គឺ​ជា​រឿង​ដ៏ចាំបាច់ ហើយ​បន្ទាន់​បំផុត ។ យើង​ម្នាក់ៗ​គួរ​មាន​អំណរ​គុណ​ជា​ខ្លាំង​ចំពោះ​ពរជ័យ និង ទំនួល​ខុស​ត្រូវ​នៃ​ការរស់នៅ​ក្នុង​រដូវកាល​នៃ​ការកាន់កាប់​ត្រួតត្រា​ចុង​ក្រោយ​ដ៏​ជាក់លាក់​នេះ ។ តើ​យើង​គួរតែ​មាន​ចិត្តរាបសា​ខ្លាំងយ៉ាង​ណា​ទៅ ដោយ​ដឹង​ថា « ដល់​អ្នក​ណា​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន នោះ​ក៏​មាន​តម្រូវការ​ជា​ច្រើន​វិញ » ( គ. និង ស. 82:3 ) ។

ការ​ប្រកាស​ដំណឹង​ល្អ និង ការ​ខិតខំ​ស្វែងរក​ដូនតា​យើង​ដែល​បាន​ចែកឋាន​ទៅ​គឺ​ជា​ផ្នែក​បន្ថែម​នៃ​កិច្ចការ​ដ៏​អស្ចារ្យ​មួយ—ជា​កិច្ចការ​នៃ​សេចក្តី​ស្រឡាញ់​ដែល​មាន​គោលបំណង​ដើម្បី​ផ្លាស់ប្ដូរ បង្វែរ ហើយ​បន្សុទ្ធ​ដួងចិត្ត​នៃ​ជន​ដែល​ស្វែងរក​សេចក្ដី​ពិត​ដ៏​ស្មោះ​ត្រង់ ។ បន្ទាត់​ខណ្ឌ​ដែល​យើង​ជា​ញឹកញាប់​បាន​ដាក់​នៅ​ចន្លោះ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង ពង្សប្រវត្តិ​នឹង​ត្រូវ​លុបចោល នេះ​គឺ​ជា​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​មួយ​ដ៏​អស្ចារ្យ ។6

តើ​យើង​អាច​ចាប់​ផ្ដើម​យល់​ពី​តួនាទីនៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង ពង្សប្រវត្តិ​ក្នុង​ការ​ជួយ​ដល់​អ្នក​រៀន​ថ្មី​ម្នាក់ ឬ សមាជិក​មិន​សូវ​សកម្ម​ម្នាក់​ឲ្យ​ទទួល​បាន​នូវ​ការ​យល់ដឹង​កាន់តែ​ជ្រាល​ជ្រៅ​ស្ដីពី​ផែនការ​សង្គ្រោះ​តាម​របៀប​ណា ? តើ​យើង​ស្គាល់​ថា​ឥទ្ធិពល​ដ៏​អស្ចារ្យ​បំផុត​មួយ​ចំពោះ​ការថែ​រក្សា​អ្នក​ប្រែចិត្ត​ជឿ ជា​វិញ្ញាណ​របស់​អេលីយ៉ា​ដែរ​ឬ​ទេ ? តើ​យើង​អាច​មាន​អំណរ​គុណ​ដ៏​ពេញលេញ​ពី​សារៈសំខាន់​ នៃ​គ្រា​បង្វែរ​ដួងចិត្ត​ដែល​បាន​កើត​ឡើង​ដោយ​ការចែកចាយ​ដំណើរ​រឿង​គ្រួសារ ដើម្បី​ជា​មធ្យោបាយ​មួយ​ស្វែងរក​មនុស្ស​បង្រៀន​ពី​សំណាក់​សមាជិក និង ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែរ​ឬ​ទេ ? តើ​យើង​អាច​ជួយ​ជន​ដែល​យើង​បម្រើ​ឲ្យ​ប្រើ​អំណាច​នៃ​ការគោរព​ព្រះ​ឲ្យ​កាន់តែញឹកញាប់​ តាមរយៈ​ការ​ចូលរួម​ដោយ​សក្ដិសម​នៅ​ក្នុង​ពិធី​បរិសុទ្ធ​ដូចជា ពិធី​សាក្រាម៉ង់ ព្រម​ទាំង បុណ្យ​ជ្រមុជ​ទឹក និង ពិធី​បញ្ជាក់​សម្រាប់​អ្នក​ស្លាប់​ផង​ដែរ​ឬ​ទេ ?

សូម​ឲ្យ​អ្នក​មើល​ឃើញ​យ៉ាង​ច្បាស់ ស្ដាប់​ឮ​ដោយ​គ្មាន​ការ​ភ័ន្តច្រឡំ ហើយថែម​ទាំង​ចងចាំ​ពី​សារៈសំខាន់​នៃ​ការ​បម្រើ​របស់​អ្នក នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​នៃ​ការ​ផ្លាស់ប្ដូរ ការ​បង្វែរ និង បន្សុទ្ធ​ដួងចិត្ត ។

កំណត់​ចំណាំ

  1. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ2007 ) ទំព័រ 330 ។

  2. ការ​បង្រៀន ៖ យ៉ូសែប ស្ម៊ីធ ទំព័រ 475 ។

  3. សូម​មើលប្រកាស​ដំណឹង​ល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ( ឆ្នាំ 2004 ) ទំព័រ 1 ។

  4. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « A New Witness for Christ » Ensign ខែ វិច្ឆិកា ឆ្នាំ 1984 ទំព័រ 7 ។

  5. រ័សុល អិម ណិលសុន « A New Harvest Time » Ensign ខែ ឧសភា ឆ្នាំ 1998 ទំព័រ 34 ។

  6. សូម​មើល ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « The Things of Eternity—Stand We in Jeopardy? » Ensign ខែ មករា ឆ្នាំ 1977 ទំព័រ 3 ។