២០១៤
ការអធិស្ឋាន​ដោយ​សេចក្តី​ជំនឿ
October 2014


សារលិខិត​គណៈប្រធាន​ទី​មួយ

ការអធិស្ឋានដោយ​សេចក្តី​ជំនឿ

រូបភាព
A young woman kneeling by her bed in prayer. There is a copy of the Book of Mormon on the bed in front of her.

ការអធិស្ឋាន​គឺ​លើស​ពី​ពាក្យ​សម្ដី​ដែល​យើង​និយាយ​ទៅ​កាន់​ព្រះ​ទៅ​ទៀត ។ វា​គឺ​ជា​ទំនាក់ទំនង​ទៅ​វិញ​ទៅ​មក​រវាង​ព្រះ និង កូនចៅ​របស់​ទ្រង់ ។

កាលណា​ការអធិស្ឋាន​ដំណើរការ​តាម​របៀប​របស់​វា នោះ​យើង​សម្ដែង​អារម្មណ៍​ក្នុង​ដួងចិត្ត​យើង​ជា​ពាក្យ​សម្ដី​ដ៏​សាមញ្ញ ។ ជា​ធម្មតា ព្រះវរបិតា​សួគ៌​ឆ្លើយ​តប​ដោយ​ការ​ដាក់​គំនិត​នៅ​ក្នុង​ចិត្ត​យើង ព្រម​ជាមួយ​នឹង​អារម្មណ៍ ។ ទ្រង់​តែង​ស្ដាប់​ការ​អធិស្ឋាន​ដ៏​ស្មោះ​ដែល​យើង​ធ្វើ​ឡើង កាល​ណា​យើង​អធិស្ឋាន​ដោយ​ការតាំង​ចិត្ត​មួយ ដើម្បី​គោរព​ប្រតិបត្តិ​តាម​ទ្រង់ មិន​ថា​ចម្លើយ​របស់​ទ្រង់​ជា​អ្វី ហើយ​វា​មក​នៅ​ពេល​ណា​នោះ​ឡើយ ។

ព្រះអម្ចាស់​ធ្វើ​ការ​សន្យា​នេះ​ដល់​មនុស្ស​ទាំងអស់​ដែល​អាន ហើយ​អធិស្ឋាន​ពី​ព្រះគម្ពីរ​មរមន​ថា ៖

« ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ទទួល​នូវ​ការណ៍​ទាំង​នេះ នោះ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​សូម​សួរ​ដល់​ព្រះ​ជា​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ បើសិន​ជា​ការណ៍​ទាំង​នេះ​មិន​ពិត ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​សូម​សួរ​ដោយ​ចិត្ត​ស្មោះ​ស​គឺ ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​ទ្រង់​នឹង​សម្ដែង​សេចក្តី​ពិត​នៃ​ការណ៍​នេះ​ដល់​អ្នក​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

« ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្តី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ »។ ( មរ៉ូណៃ 10:4–5 ) ។

ការសន្យា​នោះ​គឺ​ច្បាស់​លាស់​ណាស់ ។ មាន​មនុស្ស​រាប់​លាន​នាក់​បាន​សាកល្បង ហើយ​បាន​រកឃើញ​ពី​ការសន្យា​ដ៏​អស្ចារ្យ​នោះ​ស្ដីពី​ការអធិស្ឋានតាមរយៈ​ការ​ទទួល​ពរ​ជ័យ​មួយ​ដែល​បាន​បំពេញ​ជីវិត​របស់​ពួកគេ​ជាមួយ​នឹង​សេចក្ដី​អំណរ និង សុភមង្គល​ជា​រៀង​រហូត ។ ការសន្យា​នោះ​អនុវត្ត​នៅ​រាល់ការ​អធិស្ឋាន​របស់​យើង ដើម្បី​ឲ្យ​ដឹង​ពី​ព្រះ​តំរិះ និង ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​យើង ។ យើង​អាច​អនុវត្ត​វា​នៅពេល​ណា​យើង​ទទួល​ការ​ប្រឹក្សា​ពី​អ្នក​បម្រើ​ម្នាក់​របស់​ព្រះ​ដែល​ត្រូវបាន​ផ្ដល់​សិទ្ធិ​ឲ្យ​ដើម្បី​ផ្ដល់​ការ​ណែនាំ​ដល់​យើង ។ ឧទាហរណ៍ យើង​អាច​ពឹងផ្អែក​លើការប្រឹក្សា​នោះ នៅពេល​យើង​បាន​ស្ដាប់​ដល់​ការ​បង្រៀន​មួយ​នៅ​ក្នុង​សន្និសីទ​ទូទៅ ។ យើង​អាច​អនុវត្ត​ការប្រឹក្សា​នោះ នៅពេល​យើង​ត្រូវ​បាន​បង្រៀន​ដោយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​រាបសារ ដែល​ត្រូវ​បាន​ហៅ​ដោយ​ព្រះ​តាមរយៈ​ព្យាការី​នៅ​រស់ ។ ការប្រឹក្សា​នោះ​ក៏​អនុវត្ត​ចំពោះ​ការ​ប្រឹក្សា​ដែល​យើង​ទទួល​ពី​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​យើង​ផងដែរ ។

ដើម្បី​ធ្វើ​ឲ្យ​ការអធិស្ឋាន​ដំណើរ​ការ​នៅ​ក្នុង​ជីវិត​យើង វិធី​គឺ​សាមញ្ញ ។ យើង​ត្រូវ​ទូលសូម​ដើម្បី​ដឹង​ពី​អ្វី​ដែល​ពិត​ តាមរយៈ​ការ​អធិស្ឋាន​ទៅ​ព្រះវរបិតា​នៅ​ក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ត្រូវ​ទូលសូម​ដោយ​ចិត្ត​ស្មោះ ដែល​មាន​ន័យ​ថា យើង​ត្រូវ​មាន​បំណង​ស្មោះត្រង់​ ដើម្បី​ធ្វើ​អ្វីៗ​ដែល​ចម្លើយ​របស់​ព្រះ​តម្រូវ​ឲ្យ​យើង​ធ្វើ ។ ហើយ​បំណង​ដ៏​ពិត​របស់​យើង​ត្រូវ​តែ​កើត​ចេញ​ពី​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ។

អ្នក​រៀន​ថ្មី​ដែល​អាន​ព្រះគម្ពីរ​មរមន​ពី​មុន​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក និង ​ពិធីបញ្ជាក់​អាច​ទទួល​បាន​ការអះអាង​ថា ព្រះគម្ពីរ​នេះ​ពិត និង​ជា​សាក្សី​មួយ​ថា យ៉ូសែប ស៊្មីធ បាន​បកប្រែ​ព្រះគម្ពីរ​នេះ​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ។ ក្រោយ​ពី​ត្រូវ​បាន​បញ្ជាក់​ជា​សមាជិក​សាសនាចក្រ​ហើយ យើង​អាច​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ ជា​ដៃគូ​របស់​យើង​ដើម្បី​បញ្ជាក់​ពី​សេចក្ដី​ពិត​ផ្សេង​ទៀត ។ បន្ទាប់​មក នៅ​ពេល​ណា​យើង​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ នោះ​យើង​អាច​រំពឹង​ទុក​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​ទីបន្ទាល់​ដល់​យើង​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ថា​ព្រះ​ជា​ព្រះវរបិតា​មាន​ព្រះជន្ម​រស់ ហើយ​ថា ទ្រង់​ទាំង​ពីរ​អង្គ​ស្រឡាញ់​យើង និង​កូនចៅ​ទាំង​អស់​របស់​ព្រះវរបិតា​សួគ៌ ។

នោះ​គឺ​ជា​ហេតុផល​មួយ ទើបមាន​ការ​សន្យាមួយ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ថា យើង​នឹង​មាន​សេចក្តី​សប្បុរស​នៅ​ក្នុង​ចិត្ត​យើង កាល​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ជា​សាក្សី​ដល់​យើង​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះ​គ្រីស្ទ ៖ « បើ​សិន​ជា​មនុស្ស​នោះ​ស្លូតបូត ហើយ​សុភាព​រាបសា ហើយ​ទទួល​ស្គាល់​ដោយ​នូវ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ អ្នក​នោះ​ត្រូវ​តែ​មាន​សេចក្ដី​សប្បុរស » ( មរ៉ូណៃ 7:44 ) ។

នៅ​រាល់​អាទិត្យ​តម​អាហារ​មាន​នូវ​ឱកាស​ដ៏​អស្ចារ្យ​មួយ​ដើម្បី​រីក​ចម្រើន​ខាង​វិញ្ញាណ ។ ថ្ងៃ​អាទិត្យ​តម​អាហារ​អាច​ជួយ​យើង​ឲ្យ​មាន​បទពិសោធន៍​ស្រដៀង​គ្នា​នឹង​អាលម៉ា និង ពួក​បុត្រា​របស់​ម៉ូសាយ ដែល​បាន​អធិស្ឋាន ហើយ​តម​អាហារ​ដើម្បី​ឲ្យ​ដឹង​ពី​សេចក្ដី​ពិត​ដ៏​អស់​កល្ប ដើម្បី​ពួកគេ​អាច​បង្រៀន​ដល់​សាសន៍​លេមិន​ដោយ​ព្រះចេស្ដា សិទ្ធិ​អំណាច និង សេចក្ដី​ស្រឡាញ់ ( សូម​មើល អាលម៉ា 17:3,9 ) ។

នៅ​អាទិត្យ​តម​អាហារ​យើង​ដាក់​គ្នា​នូវ​ការអធិស្ឋាន និង ការ​តម​អាហារ​បញ្ចូល​គ្នា ។ ដើម្បី​ជា​ពរជ័យ​ដល់​អ្នក​ក្រី​ក្រ យើង​ផ្ដល់​ដង្វាយ​តម​អាហារ​ដ៏​សប្បុរស​មួយ​ដល់​ប៊ីស្សព ឬ ប្រធាន​សាខា ដែលវា​ស្មើយ៉ាង​ហោច​ណាស់​នឹង​តម្លៃ​នៃ​អាហារ​ពីរ​ពេល​ដែល​យើង​មិន​បាន​បរិភោគ ។ គំនិត​ និង ការអធិស្ឋាន​របស់​យើង​ត្រូវ​បាន​ងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ និង ទៅរក​ជន​ដែល​ទ្រង់​សព្វព្រះហឫទ័យ​ឲ្យ​យើង​បម្រើ​តាមរយៈការ​ជួយ​ដល់​សេចក្ដី​ត្រូវការ​ខាង​វិញ្ញាណ និង ខាង​សាច់​ឈាម​របស់​ពួកគេ ។

ដូច្នេះ ការអធិស្ឋាន និង បំណងរបស់​យើង​កាន់តែ​ប្រែក្លាយ​ដូចជា​ការអធិស្ឋាន និង ព្រះរាជ​បំណង​របស់​ព្រះអង្គ​សង្គ្រោះ កាល​ណា​យើង​តម​អាហារដើម្បី​ឲ្យ​មានភាពរាបសា ងាយ​បង្រៀន ហើយមាន​សេចក្ដីស្រឡាញ់​កាន់តែ​ច្រើន​នោះ ។ ហើយ​ដូច​ដែល​ទ្រង់​បាន​ធ្វើ នោះ​យើង​អធិស្ឋាន​ដើម្បី​ដឹង​ពី​ព្រះហឫទ័យ​របស់​ព្រះវរបិតា​មាន​សម្រាប់​យើង ហើយ​ធ្វើ​វា ។