២០១៤
នៅ​លើ​ផ្ទៃ​ទឹក
October 2014


នៅ​លើ​ផ្ទៃទឹក

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា. ។

ខ្ញុំ​បាន​ធ្លាប់​ទូល​អង្វរ​ព្រះវរបិតាសួគ៌​ឲ្យ​ដក​យក​ការ​ព្រួយ​បារម្ភ និង ភាពអស់​សង្ឃឹម​ចេញ​ពី​ខ្ញុំ ប៉ុន្តែ​បើ​គ្មាន​ការ​សាកល្បង​ទាំង​នេះ​ទេ ខ្ញុំ​មិន​អាច​ទៅ​ដល់ « ដែន​ដី​សន្យា » ដែល​ទ្រង់​កំពុង​តែ​ដឹកនាំ​ខ្ញុំ​ទៅ​ឡើយ ។

រូបភាព
Jaredite barges being tossed in the sea.

ប្រហែល​ជា​ប្រាំមួយ​ខែ​បន្ទាប់​ពី​បញ្ចប់ការ​សិក្សា​នៅ​មហា​វិទ្យាល័យ ខ្ញុំ​បាន​ចាប​ផ្តើម​ជួប​នឹង​ការ​វាយប្រហារ​ដ៏ខ្លាំងក្លា ការ​ប្រយុទ្ធ​នឹង​ក្ដី​ព្រួយ និង រលក​នៃ​ការ​ថប់​បារម្ភ ។ ខ្ញុំ​មិន​ដឹង​ថា​អារម្មណ៍​ទាំង​នេះ​មក​ពី​ណា​ទេ ប៉ុន្តែ​វា​មាន​កម្លាំង​ខ្លាំងណាស់ក្លា ។

ខ្ញុំ​ពិបាក​នឹង​ផ្ដោត​អារម្មណ៍​ណាស់ ។ នៅ​កន្លែង​ធ្វើការ មាន​ការងារ​ថ្មីៗ​ដែល​នាំ​មក​នូវការ​ព្រួយបារម្ភ​បែបនេះ ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​អង្គុយ​ស្ងៀម​បាន​ឡើយ ។ គំនិត​ខ្ញុំ​មាន​ភាពច្របូលច្របល់ ហើយ​បេះដូង​ខ្ញុំ​លោត​យ៉ាង​លឿន​រហូត​ខ្ញុំ​បាន​គិត​ថា វា​នឹង​លោត​ចេញ​មក​ក្រៅ ។ បញ្ហា​នេះ​បាន​បន្ត​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ហើយ​បន្ទាប់​ពី​ត្រឡប់​ពី​កន្លែង​ធ្វើ​ការ​មក​ផ្ទះ​វិញ​រាល់​ថ្ងៃ ខ្ញុំ​បាន​ទម្លាក់​ខ្លួន​ចុះ​ទៅ​លើ​សាឡុង ។ ពីមុន​ខ្ញុំ​បានដឹង​ខ្លួន ពេល​ល្ងាច​បាន​កន្លង​ផុត​ទៅ ហើយ​ថ្ងៃ​ធ្វើការ​មួយ​ទៀត​បាន​មក​ដល់ ។

អារម្មណ៍​ទាំង​នេះ​បាន​បន្ត​អស់​រយៈពេល​ជា​ច្រើន​ខែ សូម្បី​តែ​បន្ទាប់​ពី​ខ្ញុំ​រក​បាន​ការងារ​ថ្មី​មួយ ហើយ​រក​ជំនួយ​ពី​អ្នកឯកទេស​ក្ដី ។

ខ្ញុំ​បាន​អធិស្ឋាន​នៅ​រាល់​ថ្ងៃ​តាម​ផ្លូវ​ទៅ​ធ្វើ​ការ​ទូលសូម​កម្លាំង​ដើម្បី​ឆ្លង​ឲ្យ​ផុត​ថ្ងៃ​នោះ ហើយ​ត្រឡប់​មក​ផ្ទះ​ជួប​នឹង​ភរិយា និង កូន​ស្រី​ខ្ញុំ​វិញ ។ ខ្ញុំ​មិន​អាច​មើល​ឃើញ​ពី​ចុង​បញ្ចប់​ចំពោះ​បញ្ហា​របស់​ខ្ញុំ​ឡើយ ហើយ​ជា​រឿយៗ​ខ្ញុំ​ចង់​ចុះ​ចាញ់​នឹង​វា ។ ខ្ញុំ​បាន​ទូល​អង្វរ​ទៅ​សួគ៌ា​ជា​ច្រើន​ថ្ងៃ​ដើម្បី​ទូល​សូម​ជំនួយ​ទាំង​ទឹក​ភ្នែក ។ ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ស្មោះ​ជាង​ខ្ញុំ​ធ្លាប់​ធ្វើ​កាលពី​មុន​មក ដោយ​ទូល​អង្វរ​ដល់​ព្រះវរបិតាសួគ៌​ឲ្យ​ជួយ​ខ្ញុំ​យល់​ពី​ការសាកល្បង​នេះ ហើយ​ដក​យក​វា​ចេញ​ពី​ខ្ញុំ ។

ខ្ញុំ​មាន​អារម្មណ៍​ថា​វង្វេង​នៅ​ក្នុង​ភាពងងឹត និង ភាពអស់​សង្ឃឹម កាល​ខ្ញុំ​គ្មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។ ប៉ុន្តែ​កាល​ព្រះវិញ្ញាណ​បាន​លើក​ខ្ញុំ​ចេញ​ពី​ភាពអស់​សង្ឃឹម​របស់​ខ្ញុំ ខ្ញុំ​បាន​មាន​ទំនុក​ចិត្ត​ដើម្បី​បន្ត—រហូត​ដល់​ការ​អធិស្ឋាន​របស់​ខ្ញុំ​លើក​ក្រោយ​ទៀត ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ពឹងផ្អែក​លើ​ព្រះវរបិតាសួគ៌​បន្ថែម​ទៀត​លើស​ពី​ការ​គ្រាន់​តែអធិស្ឋាន​នៅ​ពេល​ហូប​អាហារ ឬ​ពេល​ចូល​ដេក​នៅ​យប់​ឡើយ ។ ជា​លទ្ធផល ខ្ញុំ​កាន់តែ​ខិត​ទៅ​ជិត​ទ្រង់ ។

បាន​បោកបក់​នៅ​លើ​រលក

នៅ​ក្នុង​ភាពព្រួយ​បារម្ភ​ និង ភាពអស់​សង្ឃឹម​របស់​ខ្ញុំ ខ្ញុំ​បាន​អាន​ឡើង​វិញ​នូវ​ដំណើរ​រឿង​របស់​សាសន៍​យ៉ារេឌ​ឆ្លង​កាត់ « ទី​ជំរៅ​ដ៏​ធំ » ( អេធើរ 2:25 ) ។ ខ្ញុំ​អាច​ស្រមៃឃើញ​ពី​ការ​ដឹង​ជា​មុន​ដ៏​គួរ​ឲ្យ​បារម្ភ​របស់​ពួកគេ កាល​ពួកគេ​ចូល​ទៅ​ក្នុង​ភេត្រា​របស់​ពួកគេ ។ ដំណើរ​របស់​ពួកគេ​អាច​នឹង​មាន​គ្រោះ​ថ្នាក់ ប៉ុន្តែ​ពួកគេ​បាន​ដឹង​ថា ពួកគេ​កំពុង​ឆ្ពោះ​ទៅ « ដែនដី​ដ៏​ជំរើស​លើ​អស់​ទាំង​ដែនដី​ឯ​ទៀត »​ ( អេធើរ 2:15 ) ។

យើង​បាន​អាន​ពី​ដំណើរ​របស់​ពួកគេ​ថា ៖

« ព្រះអម្ចាស់​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​ដ៏​ខ្លាំង​មួយ​បក់​នៅ​លើ​ផ្ទៃ​សមុទ្រ​ឆ្ពោះទៅ​ឯ​ដែនដី​សន្យា ម៉្លោះ​ហើយ ពួកគេ​ត្រូវ​បក់​បោក​ដោយ​ខ្យល់​នៅ​លើ​រលក​សមុទ្រ ។

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួកគេ​ត្រូវបាន​កប់​នៅ​ក្នុង​ជំរៅ​សមុទ្រ​ជាច្រើន​គ្រាច្រើន​ដង ពីព្រោះ​មក​ពី​រលក​ទាំងឡាយ​ដូចជា​ភ្នំ​ដែល​បាន​បោក​មក​លើ​ពួកគេ ព្រម​ទាំង​ព្យុះ​ដ៏​ធំ​គួរ​ឲ្យ​ខ្លាច​ដែល​បណ្ដាល​មក​ពី​សភាព​ខ្លាំងក្លា​នៃ​ខ្យល់ ។

«… កាល​ពួកគេ​ហ៊ុមព័ទ្ធ​ជុំវិញ​ដោយ​ទឹក​ជា​ច្រើន នោះ​ពួកគេ​បាន​អំពាវនាវ​ទៅ​ព្រះអម្ចាស់ ហើយ​បាន​នាំ​យក​ពួកគេ​ឡើង​មក​លើ​ទឹកវិញ ។

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្យល់​បក់​មិន​ឈប់ឈរ​ឆ្ពោះ​ទៅ​ដែនដី​សន្យា​នៅពេល​ដែល​ពួកគេ​នៅ​លើ​ទឹក ម៉្លោះ​ហើយ ពួកគេ​ត្រូវ​បាន​រុញ​ទៅ​ដោយ​ខ្យល់ » ( អេធើរ 6:5–8 ) ។

បទគម្ពីរ​ទាំងនេះបាន​ធ្វើ​ឲ្យ​ខ្ញុំ​ចូលចិត្ត​ជាខ្លាំង ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ស្ថិត​នៅ​ក្នុង​ភេត្រា​របស់​ខ្ញុំ ដោយ​មាន​ខ្យល់​នៃ​ភាពព្រួយ​បារម្ភ​បក់បោក​មក​លើ​ខ្ញុំ ហើយ​រលក​នៃ​ភាពអស់​សង្ឃឹម​កំពុង​តែ​គ្រប​ដណ្ដប់​ខ្ញុំ ហើយ​ពន្លិច​ខ្ញុំ​ចូល​ទៅ​ក្នុង​ជម្រៅ​នៃ​ភាពអស់​សង្ឃឹម ។ កាល​ខ្ញុំ​ត្រូវ​បាន « ហ៊ុមព័ទ្ធ​ជុំ​វិញ » ហើយ​បាន​ដង្ហោយ​ហៅ​ព្រះអម្ចាស់ នោះ​ខ្ញុំ​បាន​រួច​ផុត​ពី​បញ្ហា ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​ជួប​វា​ម្ដង​ទៀត ។

ខ្ញុំ​បាន​អាន​ខ​ទី 8 សារ​ជា​ថ្មី ៖ « ខ្យល់​បក់​មិន​ឈប់​ឈរ​ឆ្ពោះ​ទៅ​ដែនដី​សន្យា … ម៉្លោះ​ហើយ ពួកគេ​ត្រូវ​បាន​រុញ​ទៅ​ដោយ​ខ្យល់ » ( ការគូស​បញ្ជាក់​បាន​បន្ថែម ) ។ បន្ទាប់​មក​វា​បាន​ប៉ះ​ដល់​ចិត្ត​ខ្ញុំ ។ ខ្យល់​ដែល​ធ្វើ​ឲ្យ​មាន​រលក​ដ៏​ធំ​មក​ពន្លិច​ភេត្រា​នោះ​ក៏​ប្រទានពរ​ដល់​សាសន៍​យ៉ារេឌ​នៅ​ក្នុង​ការធ្វើ​ដំណើរ​របស់​ពួកគេ​ដែរ ។ ខ្ញុំ​បាន​ធ្លាប់​ទូល​អង្វរ​ព្រះវរបិតាសួគ៌​ដោយ​ធ្វើ​ឲ្យ​ខ្យល់ និង រលក​នោះ​ស្ងប់ប៉ុន្តែ​បើ​គ្មាន​វា​ទេ ខ្ញុំ​មិន​អាច​ទៅ​ដល់ « ដែនដី​សន្យា » ដែល​ទ្រង់​កំពុង​តែ​ដឹកនាំ​ខ្ញុំ​ទៅ​ឡើយ ។

បទគម្ពីរ​ទាំង​នេះ​បាន​ផ្លាស់ប្ដូរ​ទស្សនៈ​របស់​ខ្ញុំ​អំពី​ជីវិត ។ ភាពព្រួយបារម្ភ​ និង​ភាពអស់​សង្ឃឹម​របស់​ខ្ញុំ​បាន​បង្កើត​ការ​ពឹងផ្អែក​របស់​ខ្ញុំ​ទៅ​លើ​ព្រះវរបិតាសួគ៌ ។ បើ​គ្មាន​ខ្យល់ និង រលក​ទេ​នោះ ខ្ញុំ​នឹង​មិន​បាន​ស្គាល់​ព្រះ​ដូច​ជា​ពេល​នេះ​ឡើយ—ហើយ​សាសន៍​យ៉ារេឌ​ក៏​មិន​បាន​ទៅ​ដល់​ដែនដី​សន្យា​ដែរ ។

ក្នុង​ខណៈពេល​នេះ ក្រោយ​ពី​បទពិសោធន៍​នោះ​បាន​ពីរ​បី​ឆ្នាំ​មក ខ្យល់​នៃ​ភាពព្រួយបារម្ភរបស់​ខ្ញុំ​លែង​បក់បោក ហើយ​រលក​នៃ​ភាពអស់​សង្ឃឹម​របស់​ខ្ញុំ​បាន​ឈប់​បោក​ពន្លិច​ខ្ញុំ​ទៀត​ហើយ ។ ប៉ុន្តែ​ប្រសិន​បើ​ខ្យល់ព្យុះ​នោះ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​អំពាវនាវ​ទៅ​រក​ព្រះអម្ចាស់ ហើយ​ថ្លែង​អំណរ​គុណ ដោយ​ដឹង​ថា​សមុទ្រ​ដ៏ស្ងប់​មិន​អាច​នាំ​ភេត្រា​ទៅ​កាន់​ដែន​ដី​សន្យា​បាន​ឡើយ—មានតែ​សមុទ្រ​ដែល​មាន​ខ្យល់​បក់​បោកប៉ុណ្ណោះ ។

រចនា​រូបភាព​ដោយ ជេរី ហាស្តុន