២០១៥
ស្វែង​រក​របៀប​មួយ​ដើម្បី​អត់ទោស
ខែ កក្កដា ឆ្នាំ ២០១៥


ស្វែង​រក​របៀប​មួយ​ដើម្បី អត់ទោស

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា ។

រូបភាព
A sad-looking young woman at school. Behind her are two other young women who are looking at a cell phone and smiling.

យើង​ទាំងអស់​គ្នា​នឹង​ប្រឈម​នឹង​ពេល​វេលា​មួយ ដែល​នរណា​ម្នាក់​ធ្វើ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ឈឺចាប់ ។ ពេល​ខ្លះ វា​មាន​អារម្មណ៍​ថា វា​ហាក់បី​ដូច​ជា​មិន​អាច​លះបង់​ការឈឺចាប់​នោះ​បាន​ឡើយ ។ ប៉ុន្តែ សូម្បី​តែ​នៅ​ពេល​ដែល​ការអាក់អន់​ចិត្ត​នោះ​ធំធេង​ប៉ុណ្ណា​ក៏​ដោយ ក៏​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​យើង​ឲ្យ​អត់ទោស​ដល់​មនុស្ស​ទាំងអស់​គ្នា ។ ការអត់ទោស​អាច​ជា​ការពិបាក ប៉ុន្តែ​ដោយ​ការ​ធ្វើ​ទង្វើ​ទាំងឡាយ​ដែល​នាំ​យើង​ឲ្យ​ខិត​ជិត​ព្រះគ្រីស្ទ នោះ​យើង​អាច​ទទួល​បាន​សេចក្ដី​សុខសាន្ត​ដែល​បាន​មក​ពី​ការអត់ទោស ។ ខាងក្រោម​នេះ យុវនារី​ពីរ​នាក់​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ទាក់ទង​នឹង​ការអត់ទោស​ឲ្យ​អ្នក​ដទៃ ។

ការអត់ទោស​ឲ្យ​មិត្តភក្ដិ​ម្នាក់

ពេល​រិននេ* បាន​ប្ដូរ​ទៅ​សាលា​ថ្មី​មួយ​នៅ​ប្រទេស ប៊ែលហ្ស៊ិក នាង​រីករាយ​នឹង​បង្កើត​មិត្តភក្ដិ​ថ្មីៗ ។ ពេលនោះ មិត្ត​ម្នាក់​បាន​ធ្វើ​ឲ្យ​មាន​ការពិបាក​មួយ​ចំនួន ។ រិននេ​ពន្យល់​ថា ៖

« មិត្ត​របស់​ខ្ញុំ នរ៉ា បាន​បង្កើត​គណនី Facebook មួយ ដោយ​ប្រើ​ឈ្មោះ​មិត្ត​ម្នាក់​ទៀត គឺ ឃេត ។ នាង​បាន​ចាប់​ផ្ដើម​រុកគួន​ដល់​អ្នក​ផ្សេង​ទៀត​ដោយ​ប្រើប្រាស់​ឈ្មោះ​នោះ ហើយ​អ្នក​គ្រប់​គ្នា​បាន​បន្ទោស​ឃេត ចំពោះ​ការរករឿង​គេ​នោះ ។ នរ៉ា​ក៏​បាន​ចំអក​ឲ្យ​ខ្ញុំ​នៅ​ឯ​សាលា​ផងដែរ ដោយ​បង្អាប់​ដល់​សាសនា និង បុគ្គលិក​លក្ខណៈ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ព្យាយាម​ចៀសវាង​ពី​ការវាយ​ប្រហារ​ទាំងនេះ ប៉ុន្តែ ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ ដូច្នេះ​ខ្ញុំ​បាន​ចាប់ផ្ដើម​រាប់អាន​នឹង​មនុស្ស​ផ្សេងទៀត ។

« ពេល​នរ៉ា​បាន​សារភាព​ពី​គណនី Facebook ក្លែងក្លាយ អ្នក​គ្រប់​គ្នា​បាន​ខឹង​នឹង​នាង ។ នរ៉ា​បាន​ផ្ញើ​សំបុត្រ​សូមទោស​ខ្ញុំ ប៉ុន្តែ ខ្ញុំ​ពុំ​បាន​គិត​ថា ខ្ញុំ​អាច​អត់ទោស​ឲ្យ​នាង​បាន​ឡើយ ។ ខ្ញុំ​បាន​ខឹង​ខ្លាំង​ណាស់ ។

« ថ្ងៃ​មួយ​ខ្ញុំ​អាន​ព្រះគម្ពីរ ហើយ​ខ្ញុំ​បាន​ជួប​នឹង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:៩–១០ ៖ ‹ ហេតុ​ដូច្នោះ​ហើយ យើង​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​អត់ទោស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​អ្នក​ណា​ដែល​មិន​អត់ទោស​ដល់​បងប្អូន​របស់​ខ្លួន ចំពោះ​ការរំលង​របស់​គេ​ទេ នោះ​ជាប់​ទោស​នៅ​ចំពោះ​ព្រះអម្ចាស់ ព្រោះ​នៅ​ជាប់​នឹង​អ្នក​នោះ គឺ​ជា​បាប​ដ៏​ធំ​ជាង ។ យើង​ជា​ព្រះអម្ចាស់​នឹង​អត់ទោស​ដល់​អ្នក​ណា ដែល​យើង​នឹង​អត់​ទោស ប៉ុន្តែ​រីឯ​អ្នក​វិញ​គឺ​តម្រូវ​ឲ្យ​អត់​ទោស​ដល់​មនុស្ស​ទាំងអស់ › ។

« ខ្ញុំ​បាន​គិត​អំពី​នរ៉ា​ភ្លាម ។ ខ្ញុំ​បាន​ដឹង​ថា វា​មិន​ត្រឹមត្រូវ​ទេ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ខឹង​ខ្លាំង​យ៉ាង​នេះ ។ ខ្ញុំ​បាន​អធិស្ឋាន ហើយ​សុំ​ដល់​ព្រះវរបិតាសួគ៌ ដើម្បី​ជួយ​ដល់​ខ្ញុំ​ឲ្យ​អត់ទោស​ដល់​នាង ។ វា​មិន​ស្រួល​ទេ ប៉ុន្តែ​ខ្ញុំ​នៅតែ​អាច​ធ្វើ​វា​បាន ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ដោយ​ផ្ញើ​សារ​ដល់​នាង សួរ​សុខទុក្ខ​នាង ហើយ​យូរៗ​ម្ដង​យើង​និយាយ​គ្នា​នៅ​ពេល​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ។ ខ្ញុំ​បាន​រៀន​ថា ឪពុក​របស់​នរ៉ា​បាន​ស្លាប់​បួន​ឆ្នាំ​មក​ហើយ ។ ជីវិត​របស់​នាង​លំបាក ហើយ​នាង​បាន​គិត​ថា មនុស្ស​គ្រប់​គ្នា​មិន​ចូលចិត្ត​នាង ។ ខ្ញុំ​សប្បាយ​ចិត្ត ដែល​ខ្ញុំ​មិន​នៅ​តែ​ខឹង​នឹង​នាង​ទៀត ។ ឃេត និង អ្នក​ផ្សេង​ទៀត​មួយ​ចំនួន មិន​បាន​យល់​ទេ​ថា ខ្ញុំ​អាច​អត់ទោស​ដល់​នរ៉ា​ដោយ​របៀប​ណា ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​គឺ​ត្រឹមត្រូវ ហើយ​ខ្ញុំ​បាន​ដឹង​ថា ព្រះវរបិតាសួគ៌​មាន​មោទនភាព​ចំពោះ​ខ្ញុំ » ។

រិននេ​បាន​រៀន​ថា ព្រះ​បញ្ជា​យើង​ឲ្យ​អត់ទោស​ដល់​មនុស្ស​ទាំង​អស់​គ្នា ។ ដោយ​ការ​ធ្វើ​តាម​ព្រះបញ្ញត្តិ​នោះ នាង​បាន​កើន​នូវ​ចិត្ត​អាណិត​អាសូរ និង ការយល់​អំពី​នរ៉ា ហើយ​បាន​មាន​លទ្ធភាព​អត់ទោស​ឲ្យ​នាង​ទាំងស្រុង ។

ការស្វែងរក​សេចក្ដី​សុខសាន្ត​ក្នុង​ការស្លាប់​របស់​បងប្រុស​ខ្ញុំ

ពេល​បងប្រុស​របស់​ចាណែត ត្រូវបាន​ទទួល​មរណភាព​នៅក្នុង​គ្រោះថ្នាក់​រថយន្ត ដែល​បណ្ដាល​មក​ពី​អ្នក​បើកបរ​ជា​យុវវ័យ​ដែល​ស្រវឹង​ម្នាក់ និង អ្នក​ជិះ​ជាមួយ​គាត់ នោះ​នាង​បាន​ដឹង​ថា នាង​ត្រូវ​បំភ្លេច​ពី​ភាព​ល្វីង​ជូរចត់​ដែល​នាង​បាន​ទទួល ប៉ុន្តែ​នាង​ពុំ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទេ ។

« វា​ពិបាក​នឹង​ប្រាប់​ថា អ្វី​ដែល​ធ្វើ​ឲ្យ​ឈឺចាប់​បំផុត​នោះ — កំហឹង​របស់​ខ្ញុំ​ចំពោះ​ពួក​យុវវ័យ​ដែល​គ្មាន​ចិត្ត​ទាំងនេះ ឬក៏​ការ​ចង់​បាន​បងប្រុស​របស់​ខ្ញុំ​មក​វិញ​ដោយ​ស្មោះត្រង់​យ៉ាង​ខ្លាំង​នោះ ។ ខ្ញុំ​ពុំ​អាច​ទ្រាំទ្រ​បាន​ទេ មានតែ​គិត​អំពី​ភាពទទេ​ដ៏​ធំ​នៅ​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​ចាំ​បាន​ពី​ការអធិស្ឋាន​ដ៏​ក្លៀវក្លា ដែល​ហាក់ដូច​ជា​រាប់​ម៉ោង ។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺ បាន​ណាថាន មក​វិញ ។

« ខ្ញុំ​មាន​អារម្មណ៍​អាណិត​ដល់​ពួក​ក្មេង​ប្រុស​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការស្លាប់​របស់​ណាថាន ព្រោះ​ខ្ញុំ​បាន​ដឹង​ថា ពួកគេ​បាន​មាន​អារម្មណ៍​ថា​ខុស​ខ្លាំង​ក្រៃលែង ។ ប៉ុន្តែ ខ្ញុំ​ក៏​បាន​មាន​អារម្មណ៍​ខឹង និង អន់ចិត្ត​ផងដែរ ។ វា​ងាយ​នឹង​បន្ទោស​ពួកគេ​ណាស់ ។ ខ្ញុំ​បាន​និយាយ​ក្នុង​គំនិត​ខ្ញុំ​ថា ខ្ញុំ​អត់ទោស​ដល់​យុវជន​ទាំងនេះ ប៉ុន្តែ​កំហឹង​នៅ​តែ​ផុស​ចេញ​មក​ក្នុង​គំនិត​របស់​ខ្ញុំ ពេល​ខ្ញុំ​គិត​អំពី​គ្រោះថ្នាក់​នោះ ។ ខ្ញុំ​សួរ​ខ្លួនឯង​ជា​ញឹកញាប់​ថា ‹ តើ​ខ្ញុំ​នឹង​អត់ទោស​យ៉ាង​ពិត​ប្រាកដ​ដល់​ពួក​យុវជន​ទាំងនេះ​ដោយ​របៀប​ណា​ទៅ ហើយ​តើ​ខ្ញុំ​អាច​ដឹង​បាន​ដោយ​របៀប​ណា ពេល​ដែល​ខ្ញុំ​បាន​អត់ទោស​នោះ ? ›

« វា​មិន​បាន​កើត​ឡើង រហូត​ទាល់​តែ​បន្ទាប់​ពី​ការអធិស្ឋាន​ជាច្រើន​ឥត​គណនា ការតម​អាហារ​ដោយ​ស្មោះ​អស់ពី​ចិត្ត និង ការសិក្សា និង ការនឹកគិត​ជា​ច្រើន ដែល​ខ្ញុំ​បាន​មាន​អារម្មណ៍​ថា ខ្ញុំ​ពិត​ជា​បាន​អត់ទោស​ដល់​ពួកគេ​យ៉ាង​ពិត​ប្រាកដ នៅ​ទី​បំផុត ។ ខ្ញុំ​ចាំ​បាន​ពី​ការសញ្ជឹង​គិត​នៅ​ថ្ងៃ​មួយ ។ ខ្ញុំ​បាន​គិត​ថា ‹ ខ្ញុំ​បាន​អត់ទោស​ដល់​ពួកគេ ។ តើ​ខ្ញុំ​មិន​អាច​យ៉ាង​ដូច​ម្ដេច​ទៅ ? គ្រប់​គ្នា​មាន​កំហុស ហើយ​តើ​ខ្ញុំ​ជា​នរណា​ដែល​ទៅ​វិនិច្ឆ័យ​នោះ ? ខ្ញុំ​នឹង​មិន​ដោះស្រាយ​អ្វី​បាន​ឡើយ ដោយ​ការ​ប្រកាន់​ចិត្ត​ខឹង​នោះ ដូច្នេះ​ខ្ញុំ​បាន​បំភ្លេច​វា › ។ អារម្មណ៍​នោះ​អស្ចារ្យ​ណាស់ ! ខ្ញុំ​តែងតែ​ចង់​ដឹង​យ៉ាង​ខ្លាំង​ថា ខ្ញុំ​ពិត​ជា​បាន​អត់ទោស​ដល់​ពួក​យុវជន​ទាំងនោះ ហើយ​ពេល​វេលា​បាន​មក​ដល់​មែន ។ ខ្ញុំ​ពុំ​អាច​ផ្លាស់​ប្ដូរ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ណាថាន​ទេ ប៉ុន្តែ​ខ្ញុំ​អាច​ជ្រើសរើស​ដើម្បី​ប្រព្រឹត្តិ​ដោយ​ការអត់ទោស និង សេចក្ដី​ស្រឡាញ់ ជាជាង​ការមាន​កំហឹង » ។

ចាណែត​បាន​រៀន​ថា ការអត់ទោស​យ៉ាង​ពិត​ប្រាកដ អាច​ត្រូវការ​ពេល​វេលា និង ការខិតខំ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ចូរ​ចូល​មក​ជិត​យើង នោះ​យើង​នឹង​ចូល​ទៅ​ជិត​អ្នក » ( គ. និង ស. ៨៨:៦៣ ) ។ ចាណែត​បាន​ខិត​ទៅ​កាន់តែ​ជិត​ព្រះអម្ចាស់ តាម​រយៈ​ការតម​អាហារ ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ និង ការខិតខំ​ផ្សេងៗ​ទៀត ។ ពេល​យើង​ធ្វើ​ដូច​គ្នា​នេះ យើង​អាច​លះបង់​នូវ​កំហឹង និង ការឈឺចាប់​របស់​យើង ហើយ​ជំនួស​វិញ​នូវ​អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត និង ការអត់ទោស ។

បំពេញ​ដោយ​សេចក្ដី​ស្រឡាញ់

ដូចជា​ចាណែត និង រិននេ ដែរ ការអត់ទោស​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​នៃ​ការអាណិត​អាសូរ ការយល់ចិត្ត និង ការអត់ធ្មត់ ។ ពេល​យើង​អត់ទោស​ដល់​អ្នក​ដទៃ ព្រះអម្ចាស់​នឹង​បំពេញ​ដល់​យើង​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ទ្រង់ ហើយ​យើង​នឹង​ក្លាយ​កាន់តែ​ដូច​ជា​ទ្រង់ ។

  • ឈ្មោះ​ទាំងឡាយ​ត្រូវ​បាន​ផ្លាស់​ប្តូរ