២០១៦
មិន​ថា​ប្អូន​គឺ​ជា​នរណា​នោះ​ទេ
July 2016


មិន​ថា​ប្អូន​គឺ​ជា​នរណា​នោះ​ទេ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

អែនឌី បាន​គិត​ថា « អូ៎ អត់ទេ ។ តើ​មាន​អ្វី​នឹង​កើត​ឡើង ប្រសិនបើ​ខ្ញុំ​ពុំ​បាន​ផ្សារភ្ជាប់​នឹង​គ្រួសារ​ខ្ញុំ​នោះ ? »

« ខ្ញុំ​ជា​កូន​របស់​ព្រះ ហើយ​ទ្រង់​បាន​ចាត់​ខ្ញុំ​មក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២ ) ។

រូបភាព
no-matter-who-you-are

អែនឌី បាន​គិត​នៅពេល​នាង​មើល​កញ្ចក់ « ខ្ញុំ​ស្អាត​ហើយ » ។ នាង​ពាក់​រូប​ពណ៌​ក្រហម​ដែល​នាង​ពេញចិត្ត ។ នាង​ចង់​ឲ្យ​ខ្លួន​នាង​មើល​ទៅ​ស្អាត​ជានិច្ច​នៅ​ថ្ងៃ​អាទិត្យ ។ នាង​បាន​រត់ចុះ​ទៅ​ជាន់​ក្រោម​ញ៉ាំ​អាហារ​ពេល​ព្រឹក ។

អែនឌី បាន​ញ៉ាំ​នំបុ័ង​មួយ​ដុំ​ចុង​ក្រោយ​របស់​នាង នៅពេល​ឡាន​របស់​គ្រួសារ រីឌើរ ស៊ីផ្លេរ​នៅលើ​ផ្លូវ ។ « ជំរាបលា ម៉ាក់ ! ជំរាបលា ប៉ា ! » អែនឌី បាន​និយាយ ថើប​ពួកគាត់ នៅពេល​នាង​រត់​ចេញ​ទៅ​ក្រៅ ។

ទោះបី​ជា ម៉ាក់ និង ប៉ា​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ​ក្តី ពួកគាត់​បាន​លើក​ទឹកចិត្ត​អែនឌី​ឲ្យ​ទៅ​ព្រះវិហារ​រាល់​សប្តាហ៍ ។ គ្រួសារ រីឌើរ​បាន​ដឹក​នាង​ស្ទើរតែ​រាល់​ថ្ងៃ​អាទិត្យ តាំង​ពី​នាង​បាន​ជ្រមុជទឹក និង បញ្ជាក់​ហើយ​មក ។ អែនឌី ចូលចិត្ត​របៀប​ដែល​ពួកគេ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា​គេ​ស្វាគមន៍ និង ស្រឡាញ់​នាង ។

បន្ទាប់​ពី​ការប្រជុំ​សាក្រាម៉ង់ វា​ដល់​ម៉ោង​ថ្នាក់​កុមារ ។ អែនឌី ចូលចិត្ត​នៅ​ក្នុង​ថ្នាក់ ក្លាហាន​របស់​បងប្រុស និង បងស្រី ឡុង​ណាស់ ។ ពួកគាត់​ចិត្ត​ល្អ ហើយ​ពួកគាត់​តែងតែ​បង្រៀន​មេរៀន​ល្អបំផុត ។

បងស្រី ឡុង និយាយ​ថា « ថ្ងៃនេះ​យើង​នឹង​និយាយ​អំពី​ព្រះវិហារ​បរិសុទ្ធ ។ តើ​យើង​ស្គាល់​អ្វី​ខ្លះ​អំពី​ព្រះវិហារ​បរិសុទ្ធ ? »

អែនឌី​បាន​ដឹង​ចម្លើយ​មួយ ៖ « យើង​អាច​ធ្វើ​បុណ្យ​ជ្រមុជទឹក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » ។ នាង​មាន​ក្តី​រំភើប​អំពី​រឿង​នោះ ដោយសារ​រាល់​ឆ្នាំ​យុវនារី​នៅក្នុង​វួដ​របស់​នាង បាន​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ។ មិន​យូរ​ប៉ុន្មាន អែនឌី អាច​ទៅ​ទីនោះ​ផងដែរ !

« អស្ចារ្យ​ណស់ អែនឌី ។ តើ​យើង​ដឹង​អ្វី​ផ្សេង​ទៀត ? »

អាលីសុន មិត្ត​ភក្ដិ​របស់​អែនឌី​បាន​និយាយ​ថា « អ្នក​អាច​រៀបការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ » ។

បងស្រី ឡុង និយាយ​ថា « ល្អណាស់ ។ តើ​មាន​អ្វី​ផ្សេង​ទៀត​ទេ ? »

អាលីសុន បាន​បន្ថែម​ថា « ក្រុម​គ្រួសារ​អាច​នៅ​ជាមួយ​គ្នា​ជា​និរន្ដរ៍ នៅពេល​យើង​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » ។

អែនឌី​បាន​គិត​ថា « ប៉ុន្តែ​គ្រួសារ​ខ្ញុំ​អត់​បាន​ផ្សារភ្ជាប់​ផង​ហ្នឹង ។ ម៉ាក់ និង ប៉ា​ពុំ​បាន​ផ្សារ​ភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេ ! » ភ្លាម​នោះ​ទឹកមុខ​នាង​ឡើង​ក្រហម ហើយ​នាង​បាន​ចាប់ផ្តើម​យំ ។

បងស្រី ឡុង​បាន​សួរ « អែនឌី តើ​ប្អូន​កើត​អី ? »

អែនឌី បាន​ដក​ដង្ហើម​ធំ ដោយ​ព្យាយាម​មិន​យំ ។ ប៉ុន្តែ​នាង​មាន​អារម្មណ៍​ថា បេះដូង​របស់​នាង​លោត​ខុស​ចង្វាក់​រហូត​ដល់​ចប់​ម៉ោង​រៀន ។

ពេល​ចប់​ថ្នាក់ បងស្រី ឡុង បាន​អង្គុយ​ក្បែរ​អែនឌី ហើយ​ដាក់​ដៃ​លើ​ស្មា​នាង ។ គាត់​បាន​សួរ​ថា « តើ​ប្អូន​មាន​រឿង​អ្វី ? »

អែនឌី និយាយ​ថា « ខ្ញុំ​មិន​អាច​រស់នៅ​ជាមួយ​ម៉ាក់ និង ប៉ា​របស់​ខ្ញុំ​ជា​និរន្តរ៍​បាន​ទេ ។ ពួកគាត់​ពុំ​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេ ។ តើ​ខ្ញុំ​នឹង​ក្លាយ​ជា​កម្មសិទ្ធិ​របស់​នរណា​បន្ទាប់​ពី​ខ្ញុំ​ស្លាប់​ទៅ ? តើ​ព្រះវរបិតាសួគ៌​នៅតែ​ស្រឡាញ់​ខ្ញុំ​ឬ​ទេ ទោះបី​ជា​ឪពុកម្តាយ​ខ្ញុំ​មិនមែន​ជា​សមាជិក​នោះ ? »

បងស្រី ឡុង បាន​មើល​ចំ​កែវ​ភ្នែក​របស់​អែនឌី ។ « មិន​ថា​ប្អូន​គឺ​ជា​នរណា ហើយ​មិន​ថា​គ្រួសារ​របស់​ប្អូន​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ឬ​អត់​នោះ​ទេ ប្អូន​នៅតែ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​ព្រះវរបិតាសួគ៌ ។ ប្អូន អាច​នៅ​ជិត​ទ្រង់ ហើយ​ធ្វើ​ជា​គំរូ​ដល់​អ្នក​ដទៃ​ទៀត ។ ទ្រង់​នឹង​ស្រឡាញ់ ណែនាំ ហើយ​ការពារ​ប្អូន​ជានិច្ច មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ឡើយ ។ ទ្រង់​សព្វ​ព្រះទ័យ​ប្រទានពរ​ដល់​ប្អូន និង គ្រួសារ​របស់​ប្អូន ។ អែនឌី ប្អូន​ជា​កូន​របស់​ព្រះ » ។

បន្ទាប់​ពីនោះ អែនឌី ហាក់បី​ដូច​ជា​មាន​ចិត្ត​រំភើប ហើយ​បេះដូង​នាង​ឈប់​លោត​ខុស​ចង្វាក់​ទៀត​ហើយ ។ ឥឡូវ​នាង​មាន​អារម្មណ៍​កក់ក្តៅ​ក្នុង​ចិត្ត​វិញ​ហើយ ។ នាង​បាន​ដឹង​ថា​អ្វី​ដែល​គ្រូ​បង្រៀន​របស់​នាង​បាន​និយាយ​គឺ​ជា​ការពិត ។ ◼