២០១៦
ការរក្សា​ថ្ងៃ​ឈប់​សម្រាក​របស់​ខ្ញុំ
July 2016


ការរក្សា​ថ្ងៃ​ឈប់​សម្រាក​របស់​ខ្ញុំ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

រូបភាព
young woman in sacrament meeting

ខ្ញុំ​យឺត​ហើយ ! ខ្ញុំ​បាន​ស្លៀក​សម្លៀកបំពាក់​ដ៏​ស្រស់ស្អាត យក​កៅស៊ូ​ចងសក់ បើក​ឡាន​ទៅ​ព្រះវិហារ ចត​ឡាន ហើយ​ប្រញាប់​ចូល​ទៅក្នុង​អគារ ។ ហ៊ឺ ! ខ្ញុំ​រក​កៅអី​អង្គុយ​នៅលើ​វេទិកា គឺ​ចំពេល​ដែល​ប៊ីស្សព​ក្រោក​ឡើង​ដើម្បី​ចាប់ផ្តើម​ការប្រជុំ​សាក្រាម៉ង់ ។

ខ្ញុំ​ត្រូវ​ឡើង​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នោះ ដូច្នោះ​ខ្ញុំ​បាន​មើល​ការកត់​ចំណាំ​របស់​ខ្ញុំ​យ៉ាង​លឿន ដើម្បី​ប្រាកដ​ថា​ខ្ញុំ​មិន​ភ្លេច​អ្វី​ឡើយ ។ មិន​យូរ​ប៉ុន្មាន វា​ហាក់បី​ដូចជា​ពិធី​សាក្រាម៉ង់​បាន​ចប់ ហើយ​ខ្ញុំ​បាន​ទៅ​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ។ មាន​ពិធីសាក្រាម៉ង់​ជោគជ័យ​មួយ​ទៀត​ហើយ !

តើ​វា​ជា​ពិធីសាក្រាម៉ង់​ជោគជ័យ​ទេ ?

អាទិត្យ​ក្រោយ​មក ខ្ញុំ​បាន​ចាប់ផ្តើម​ឆ្ងល់ ។ មួយ​អាទិត្យ​ទៀត​បាន​កន្លង​ទៅ ហើយ​នៅពេល​ខ្ញុំ​អង្គុយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ដោយ​ពិចារណា​ពី​អត្ថន័យ​នៃ​ពិធីសាក្រាម៉ង់​ចំពោះ​ខ្ញុំ នោះ​មាន​គំនិត​មួយ​បាន​ផុស​ឡើង​ចំពោះ​ខ្ញុំ ៖ ខ្ញុំ​បាន​តាំងចិត្ត​ជាថ្មី​រាល់​សប្តាហ៍​ដើម្បី​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច ប៉ុន្តែ​តើ​ខ្ញុំ​យកចិត្ត​ទុកដាក់​ធ្វើ​បែប​នោះ​បាន​កម្រិត​ណា ?

ខ្ញុំ​ចង់​ផ្លាស់ប្តូរ ដូច្នោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ផែនការ​ប្រចាំ​សប្តាហ៍ ។

  • អំឡុង​ពេល​នៃ​សប្តាហ៍ ខ្ញុំ​ចង់​ចំណាយ​ពេល​ពិចារណា​ពី​ឥរិយាបថ​របស់​ខ្ញុំ ហើយ​ទូលសុំ​ការអភ័យ​ទោស​ពី​អំពើ​បាប​របស់​ខ្ញុំ ។ ខ្ញុំ​ក៏​ធ្វើ​ឲ្យ​ប្រាកដ​ថា​ខ្ញុំ​ទៅ​ព្រះវិហារ​មុន​ម៉ោង ដើម្បី​ខ្ញុំ​អាច​ស្តាប់​តន្ត្រី​ពី​មុន​ការប្រជុំ ហើយ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។

  • អំឡុង​ពិធី​សាក្រាម៉ង់ ខ្ញុំ​នឹង​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយ​ធួន​របស់​ទ្រង់ ។ ខ្ញុំ​នឹង​ពិចារណា​មើល​ឡើង​វិញ​ពី​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ត្រូវ និង អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ខុស ។ ខ្ញុំ​នឹង​សួរ​ខ្លួន​ឯង​ថា « ព្រះអម្ចាស់​អើយ តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត ? » ( សូមមើល ម៉ាថាយ ១៩:២០ ) ។

  • រៀងរាល់​ថ្ងៃ​បន្ទាប់​ពី​ពិធី​សាក្រាម៉ង់ ខ្ញុំ​នឹង​អធិស្ឋាន​សុំ​ជំនួយ​ដើម្បី​កែលម្អ ហើយ​ចងចាំ​ព្រះគ្រីស្ទ ។

នៅពេល​ខ្ញុំ​បាន​ធ្វើ​តាម​ផែនការ​របស់​ខ្ញុំ នោះ ខ្ញុំ​ពិតជា​ស្រឡាញ់​ពិធី​សាក្រាម៉ង់​កាន់​តែ​ខ្លាំង​ឡើង ។ ខ្ញុំ​ចូលចិត្ត​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌ ហើយ​និយាយ​ជាមួយ​ទ្រង់​អំពី​ជីវិត​របស់​ខ្ញុំ ។ ដោយ​មិន​គិត​ពី​ឥរិយាបថ​របស់​ខ្ញុំ​កាល​ពី​អាទិត្យ​មុន ខ្ញុំ​មាន​អំណរគុណ​ជានិច្ច​ចំពោះ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង ឱកាស​ដើម្បី​ផ្លាស់ប្តូរ ហើយ​កែប្រែ​ខ្លួន​ឲ្យ​បាន​ប្រសើរ​ឡើង ។ ឥឡូវ​នេះ​ខ្ញុំ​ដឹង​ថា ពិធីសាក្រាម៉ង់​គឺ​ពុំ​មែន​គ្រាន់តែ​សម្រាប់​តែ​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ​ទេ វា​គឺ រៀងរាល់ ថ្ងៃ ។