២០១៦
បុណ្យគ្រីស្ទម៉ាស់​ដ៏​ប្លែក​មួយ
December 2016


បុណ្យគ្រីស្ទម៉ាស់​ដ៏​ប្លែក​មួយ

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ ខូឡូរ៉ាដូ ស.រ.អា. ។

វា​មាន​ការលំបាក​ណាស់​ដែល​ពុំ​ឃើញ​ម៉ាក់ ប៉ុន្តែ​បុណ្យ​គ្រីស្ទម៉ាស់​នៅតែ​សប្បាយ ។

« ចូរ​ចាំ​ពី​ទ្រង់ នៅពេល​អ្នក​ស្រមៃ​ពី​បុណ្យគ្រីស្ទម៉ាស់​ឆ្នាំ​នេះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥០ ភាសា​អង់គ្លេស ) ។

រូបភាព
A Different Christmas

វា​ជិត​ដល់​បុណ្យ​គ្រីស្ទម៉ាស់​ហើយ ប៉ុន្តែ ឌីអាហ្គោ​គ្មាន​ចិត្ត​រំភើប​អ្វី​ឡើយ ។ នេះ​គឺ​ជា​បុណ្យ​គ្រីស្ទម៉ាស់​ឆ្នាំ​ដំបូង ចាប់តាំង​ពី​ឪពុកម្តាយ​របស់​គាត់​បាន​លែងលះ​គ្នា​មក ។ ហើយ​គាត់​គ្មាន​អារម្មណ៍​ដូច​មុន​ទេ ។ គាត់ និង ប្អូនប្រុស​គាត់​សាំយូអែល នឹង​មិន​ឃើញ​ម៉ាក់​ទៀត​ឡើយ​នៅ​បុណ្យ​គ្រីស្ទម៉ាក់​នេះ ។

ឌីអាហ្គោ​បាន​និយាយ​ទៅ​ប៉ា​ថា « អ្វីៗ​គ្រប់​យ៉ាង​វា​ផ្លាស់ប្តូរ​ហើយ » ។

« ប៉ា​ដឹង » ។ ប៉ា​មាន​ទឹក​មុខ​សោកសៅ ។ « ជួលកាល​រឿង​រ៉ាវ​នានា​ផ្លាស់ប្តូរ​មុន​វា​បាន​ប្រសើរ​ឡើង » ។ គាត់​ស្ងាត់​មួយ​សន្ទុះ ហើយ​បាន​ញញឹម ។ « បុណ្យគ្រីស្ទម៉ាស់​ឆ្នាំ​នេះ នឹង ប្លែក ប៉ុន្តែ​ពុំ​មែន​មាន​ន័យ​ថា​យើង​ពុំ​អាច​សប្បាយ​រីករាយ​នោះ​ទេ ។ យើង​នៅតែ​អាច​ប្រារព្ធ​ពិធី​ប្រសូត​របស់​ព្រះអង្គសង្គ្រោះ​បាន » ។

ឌី​អាហ្គោ​បាន​ងក់​ក្បាល ។ វា​មាន​ការលំបាក​ណាស់​ដែល​ពុំ​ឃើញ​ម៉ាក់ ប៉ុន្តែ​បុណ្យ​គ្រីស្ទម៉ាស់ អាច នៅតែ​សប្បាយ​ដូច​ប៉ា​ទើប​បាន​និយាយ ។ ឌី​អាហ្គោ​ចង់​ធ្វើ​ឲ្យ​បុណ្យ​គ្រីស្ទម៉ាស់​នេះ​ជា​គ្រា​មួយ​ដ៏​រីករាយ ។

គាត់​បាន​ទៅ​បន្ទប់​របស់​គាត់​ដើម្បី​គិត​ពី​រឿង​នោះ ។ ជួនកាល​ពេល​បុណ្យ​គ្រីស្ទម៉ាស់ ពួកគេ​ធ្វើ​ការបម្រើ​ជា​គ្រួសារ ។ តើ​ឆ្នាំ​នេះ​ពួកគេ​នឹង​ធ្វើ​អ្វី ?

ឌីអាហ្គោ បាន​មើល​ជុំវិញ​បន្ទប់​របស់​ខ្លួន ។ គាត់​បាន​ឃើញ​ឡាន​ជ័រ​មួយ ដែល​គាត់​ឈប់​លេង​វា ។ គាត់​បាន​រើស​វា​ឡើង ហើយ​បង្វិល​កង់​ឡាន​នោះ ។ ឡាន​នោះ​ពុំ​ទាន់​ខូច​នៅ​ឡើយ​ទេ ។ ប្រហែល​ជា​គាត់ និង ប៉ា ព្រមទាំង​សាំយូអែល អាច​ឲ្យ​ប្រដាប់ប្រដា​ក្មេង​លេង​មួយ​ចំនួន​ទៅ​ក្មេងៗ​ដែល​គ្មាន​ប្រដាប់​លេង​ទាំង​នោះ ! គាត់​បាន​រក​ឃើញ​ប្រដាប់ប្រដា​ក្មេង​លេង​មួយ​ចំនួន​ទៀត ហើយ​ដាក់​វា​នៅក្នុង​កាបូប​ជាមួយ​នឹង​ឡាន​ជ័រ​នោះ ។

នៅពេល​ឌីអាហ្គោ​បាន​ប្រមូល​វា​ហើយ គាត់​បាន​យក​កាបូប​នោះ​ទៅ​បន្ទប់​របស់​សាំយូអែល ។ គាត់​បាន​សួរ​ថា « តើ​បង​អាច​ជួយ​សម្អាត​បន្ទប់​ប្អូន​បាន​ទេ ? វា​នឹង​ធ្វើ​ឲ្យ​ប៉ា​មាន​ការភ្ញាក់ផ្អើល » ។

សាំយូអែល​បាន​ងាក​ចេញ​ពី​រូបភាព​ដែល​គាត់​កំពុង​គូរ ។ « បាទ​បាន » ។

ក្មេង​ប្រុស​ទាំង​ពីរ​បាន​ធ្វើ​ការ​រួម​គ្នា​សម្អាត​បន្ទប់​របស់​សាំយូអែល ។ ឌីអាហ្គោ​បាន​ប្រាប់​គាត់​អំពី​ផែនការ​នោះ ។ ពួកគេ​បាន​រក​ឃើញ​ប្រដាប់ប្រដា​ក្មេង​លេង​មួយ​ចំនួន ដែល​សាំយូអែល​ឈប់​លេង​វា ហើយ​ដាក់​វា​បន្ថែម​ចូល​ទៅក្នុង​កាបូប ។

ពេល​ពួក​គេ​បាន​សម្អាត​ចប់​ហើយ នោះ​ពួកគេ​បាន​យួរ​កាបូប​ចុះ​មក​ជាន់​ក្រោម ។ ឌីអាហ្គោ​បាន​និយាយ​ថា « ប៉ា ពួកកូន​មាន​ប្រដាប់ប្រដា​ក្មេង​លេង​មួយ​ចំនួន ដែល​ពួកកូន​ឈប់​លេង​វា​ទៀត​ហើយ ។ តើ​ពួកកូន​អាច​ឲ្យ​វា​ទៅ​ក្មេងៗ​ដែល​គ្មាន​ប្រដាប់ប្រដា​លេង​ទាំង​នេះ​បាន​ទេ ? »

ប៉ា​បាន​មើល​ដោយ​ក្តី​រំភើប ហើយ​រីករាយ ។ « នោះ​ជា​យោបល់​ល្អ​ណាស់ ! ចូរ​យើង​យក​វា​ទៅ​មជ្ឈមណ្ឌល​ដែល​មើល​ថែ​អ្នក​ដែល​គ្មាន​ផ្ទះ​នា​រសៀល​នេះ » ។

ការទៅ​លេង​មជ្ឈមណ្ឌល​នោះ​សប្បាយ​ណាស់ ។ ឌីអាហ្គោ និង សាំយូអែល​លេង​ជាមួយ​ក្មេងៗ​ទាំង​នោះ ពេល​ប៉ា​បាន​និយាយ​ជាមួយ​មនុស្ស​ពេញ​វ័យ ។

នៅ​តាម​ផ្លូវ​ទៅ​ផ្ទះ​វិញ ប៉ា​បាន​សួរ​ថា​តើ​មាន​អ្វី​ខ្លះ​ទៀត​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ឲ្យ​បុណ្យ​គ្រីស្ទម៉ាស់​នេះ​ពិសេស​នោះ ។

ឌីអាហ្គោ​បាន​និយាយ​ថា « កាល​ពី​បុណ្យ​គ្រីស្ទម៉ាស់​ឆ្នាំ​មុន​យើង​បាន​ធ្វើ​នំ​ឲ្យ​អ្នក​ជិតខាង​យើង » ។

ប៉ា​បាន​និយាយ​ថា « យើង​អាច​ធ្វើ​វា​បាន ។ តោះ​យើង​ទៅ​ទិញ​គ្រឿង​មក​ធ្វើ​នំ​ឃុកឃី » ។

សាំយូអែល​បាន​គិត​ថា ធ្វើ​នំ​ឃុកឃី​ជា​យោបល់ ដ៏​ល្អ មួយ ។

កូនប្រុស​ទាំងពីរ​នាក់​បាន​ជួយ​ប៉ា​ទិញ​គ្រឿង​ផ្សំ​នៅ​ហាង​ទំនិញ ។ នៅផ្ទះ​ពួកគេ​បាន​លាយ​ម្សៅ ហើយ​កាត់​វា​ជា​រាង​រូប​ផ្កាយ និង រូប​ដើម​ឈើ ។ ឌីអាហ្គោ និង សាំយូអែល​បាន​ដាក់​ក្រែម​នំ​ឃុកឃី​ជា​ពណ៌​លឿង និង ពណ៌​បៃតង ។ ក្រោយ​មក​ពួកគេ​បាន​យក​ថង់​នំ​ឃុកឃី​ទាំង​នោះ​ទៅ​ឲ្យ​អ្នក​ជិតខាង​របស់​ពួកគេ ។

នៅ​យប់​នោះ ឌីអាហ្គោ​អស់​កម្លាំង ប៉ុន្តែ​មាន​ចិត្ត​រីករាយ ។ គាត់ និង សាំយូអែល ព្រមទាំង​ប៉ា​បាន​ធ្វើ​កិច្ចការ​ល្អៗ​ជាមួយ​គ្នា​ជា​គ្រួសារ ហើយ​បាន​ជួយ​មនុស្ស​ដទៃ ។ ប៉ា​មាន​ប្រសាសន៍​ត្រូវ​ណាស់ ។ បុណ្យគ្រីស្ទម៉ាស់​នេះ​ប្លែក​ពី​មុន ប៉ុន្តែ​វា​នៅតែ​សប្បាយ ។