២០១៦
ការបម្រើ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ខ្ញុំ​ត្រូវការ
December 2016


ការបម្រើ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល ខ្ញុំ​ត្រូវការ

អ្នក​និពន្ធ​រស់នៅ​សៅ ប៉ូឡូ ប្រេស៊ីល ។

ខ្ញុំ​ជា​សមាជិក​សាសនាចក្រ ប៉ុន្តែ​ខ្ញុំ​ក៏​ត្រូវការ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែរ ។

រូបភាព
young man praying

នៅពេល​ខ្ញុំ​ឈាន​ដល់​អាយុ ១៧ ឆ្នាំ មិត្តភក្ដិ​របស់​ខ្ញុំ​ទាំងអស់​បាន​ចេញ​ពី​ខ្ញុំ ។ ពួកគេ​បាន​ប្តូរ​ទៅ​រស់នៅ​កន្លែង​ឆ្ងាយ ទៅ​បម្រើ​បេសកកម្ម ឬ ឈប់​ធ្វើ​ជា​មិត្តភក្តិ​របស់​ខ្ញុំ​ទៀត ។ ទោះបី​ជា​ខ្ញុំ​មាន​គ្រួសារ​ក្តី ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា​ឯកោ ។ ខ្ញុំ​មាន​អារម្មណ៍​ថា គ្មាន​នរណា​គាំទ្រ​ខ្ញុំ​ឡើយ​ក្រៅ​ពី​អ្នក​ផ្ទះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​ត្រូវ​នឹង​មនុស្ស​ដទៃ​ឡើយ ទោះបី​ជា​ខ្ញុំ​បាន​ព្យាយាម​ក៏​ដោយ ។

ថ្ងៃ​មួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ថ្មី​ដែល​បាន​ចាត់​ឲ្យ​មក​វួដ​របស់​យើង បាន​មក​ផ្ទះ​យើង​ដើម្បី​ណែនាំ​ខ្លួន​ពួកគេ​ឲ្យ​យើង​ស្គាល់ ។ ពួកគេ​បាន​សួរ​ថា​តើ​ពួកយើង​មាន​អ្វីខ្លះឲ្យ​ពួកគេជួយ ។ ខ្ញុំ​ពុំ​បាន​ខ្វល់​នឹង​អ្វី​ដែល​ពួកគេ​បាន​និយាយ​ឡើយ ដោយសារ​ខ្ញុំ​កំពុង​តែ​គិត​ពី​ទុក្ខព្រួយ និង ភាពឯកោ​ដែល​ខ្ញុំ​មាន​តែ​ប៉ុណ្ណោះ ។ ក្រោយ​មក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​និយាយ​ថា ពួកគេ​ចង់​ឲ្យ​ខ្ញុំ​ជួយ​បង្រៀន​មេរៀន​មួយ​ចំនួន ។ ខ្ញុំ​មាន​ការភ្ញាក់​ផ្អើល​ជាខ្លាំង ។ ហេតុអ្វី​ពួកគេ​សុំ​ជំនួយ​ពី​មនុស្ស​ម្នាក់​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ពី​ស្ថានភាព​ដែល​គ្មាន​អារម្មណ៍​ល្អ​សោះ​នោះ ?

ខ្ញុំ​បាន​យល់​ព្រម ហើយ​ខ្ញុំ​បាន​ទៅ​បង្រៀន​ជាមួយ​ពួកគេ ។ អ្នកផ្សព្វផ្សាយ​សាសនា​មិន​គ្រាន់តែ​ជួយ​មនុស្ស​ដែល​ពួកគេ​បង្រៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​មាន​ឥទ្ធិពល​យ៉ាង​ល្អ​លើ​ខ្ញុំ​ផងដែរ ។

នៅពេល​អែលឌើរ​ម្នាក់​បាន​ប្តូរ​តំបន់ ខ្ញុំ​បាន​ដឹង​ថា​ជីវិត​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរ​កាន់តែ​ប្រសើរ​ឡើង ចាប់តាំង​ពី​ខ្ញុំ​បាន​ចំណាយ​ពេល​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ខ្ញុំ​មាន​ចំណុច​ជាច្រើន​ដែល​ដូច​ទៅ​នឹង​អែលឌើរ​ថ្មី​នេះ ដែល​បាន​ប្តូរ​មក​តំបន់​យើង ហើយ​ខ្ញុំ​បាន​បន្ត​ចំណាយ​ពេល​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ពួកគេ​បាន​លើក​ទឹកចិត្ត បង្រៀន និង គាំទ្រ​ដល់​ខ្ញុំ ។ ពួកគេ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ប្រសើរ​ឡើង​នា​ថ្ងៃ​ដែល​ខ្ញុំ​មាន​ការលំបាក ។ ទោះបី​មាន​ភាសា​ជា​រនាំង ហើយ​មាន​កាលវិភាគ​ដ៏​មមាញឹក​ក្តី អ្នកផ្សព្វផ្សាយសាសនា​បាន​ខិតខំ​ជួយ​ខ្ញុំ ។ អ្នកផ្សព្វផ្សាយ​សាសនា​បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា ខ្ញុំ​មិន​ឯកោ​ឡើយ ។ ព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ កំពុង​ទតមើល​យើង ហើយ​ជួយ​យើង​តាមរយៈ​មនុស្ស​ដទៃ ។

នៅពេល​អែលឌើរ​ថ្មី​នោះ​បាន​ប្តូរ​តំបន់ ខ្ញុំ​បាន​អរគុណ​គាត់​ចំពោះ ការធ្វើ​ជា​ឧបករណ៍​ក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់​ដើម្បី​សង្គ្រោះ​ខ្ញុំ ។ ខ្ញុំ​មាន​អំណរគុណ​ដែល​គាត់​បាន​មក​បេសកកម្ម​ដ៏​ពិសេស​នេះ ដោយសារ​គាត់​ជា​ពរជ័យ​មួយ​សម្រាប់​ខ្ញុំ ។

កាល​ពីមុន ខ្ញុំ​គ្មាន​បំណង​បម្រើ​បេសកកម្ម​ទាល់តែ​សោះ ប៉ុន្តែ​នៅពេល​ខ្ញុំ​បាន​មើល​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​នេះ នោះ​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ដើម្បី​បម្រើ​បាន​កើន​ឡើង ។ ខ្ញុំ​នឹង​ទៅ​បម្រើ​បេសកកម្ម​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​ខ្ញុំ​រីករាយ​ដើម្បី​ថ្វាយ​អ្វីៗ ដែល​ខ្ញុំ​មាន​ចំពោះ​ព្រះអម្ចាស់​ដូច​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​នោះ​បាន​ធ្វើ ។

នា​យប់​មួយ មុន​ពេល​អ្នកផ្សព្វផ្សាយ​សាសនា​មួយ​គូ​នោះ​មក​ផ្ទះ​របស់​ខ្ញុំ ខ្ញុំ​ចាំ​ពី​អារម្មណ៍​ឯកោ ហើយ​ខ្ញុំ​បាន​អធិស្ឋាន ។ ខ្ញុំ​បាន​ទូល​សុំ​ព្រះ​ដោយ​អស់​ពី​ចិត្ត​របស់​ខ្ញុំ សូម​ឲ្យ​ទ្រង់​គ្រាន់តែ​បញ្ជូន​មិត្តភក្តិ​ម្នាក់​ជួយ ហើយ​គាំទ្រ​ខ្ញុំ ។ ព្រះអម្ចាស់​បាន​ឆ្លើយ​តប​ចំពោះ​ការអធិស្ឋាន​របស់​ខ្ញុំ​តាម​របៀប​មួយ​ដ៏​អស្ចារ្យ—ដោយ​បញ្ជូន​អ្នក​ផ្សព្វផ្សាយ​សាសនា​មក ។ ខ្ញុំ​ដឹង​ថា​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់ ហើយ​ថា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​គឺ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ។