២០១៦
ខ្ញុំ​មាន​ការលំបាក​ក្នុង​ការសិក្សា​ព្រះ​គម្ពីរ ។ ហេតុអ្វី​វា​សំខាន់​ដើម្បី​សិក្សា​ព្រះគម្ពីរ ?
December 2016


សំណួរ និង ចម្លើយ

ខ្ញុំ​មាន​ការលំបាក​ក្នុង​ការសិក្សា​ព្រះ​គម្ពីរ ។ ហេតុអ្វី​វា​សំខាន់​ដើម្បី​សិក្សា​ព្រះគម្ពីរ ?

ចេញ​ពី​បាវចនា​ម៉្ញូឆល​ឆ្នាំ​នេះ យើង​បាន​រៀន​អំពី​របៀប​ដើម្បី « ឈាន​ទៅ មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ » ( នីហ្វៃទី ២ ៣១:២០ ) ។ ខគម្ពីរ​នេះ​បង្រៀន​ថា ការឈាន​ទៅ​មុខ​រួម​មាន​ទាំង​ការ « ទទួលទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ » ។ ហេតុអ្វី​វា​សំខាន់ ? នេះ​គឺ​ជា​វិធី​មួយ​ចំនួន ដែល​ការសិក្សា​ព្រះគម្ពីរ​ជួយ​យើង​ឲ្យ​ឈាន​ទៅ​មុខ ៖

  • ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​ថា « ប្រសិន​បើ​អ្នក​សិក្សា​ព្រះគម្ពីរ​ដោយ​ចិត្ត​ឧស្សាហ៍​ព្យាយាម នោះ​អំណាច​របស់​អ្នក​ដើម្បី​ចៀសវាង​ពី​ការល្បួង និង ដើម្បី​ទទួល​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅ​ក្នុង​កិច្ចការ​ដែល​អ្នក​ធ្វើ​នឹង​រីកចម្រើន​ឡើង » ( « Be Your Best Self » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៦៨ ) ។

  • អ្នក​អាច​ទទួល​បាន​ទីបន្ទាល់ និង ពង្រឹង​សេចក្តីជំនឿ​របស់​អ្នក ពេល​អ្នក​សិក្សា​ព្រះគម្ពីរ​ប្រកប​ដោយ​ការ​អធិស្ឋាន ។ ជាពិសេស​ការសិក្សា​ព្រះគម្ពីរ​មរមន និង ការទទួល​បាន​ទីបន្ទាល់​នៃ​សេចក្តីពិត​ដ៏​ពោរពេញ​របស់​វា នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ថា​យ៉ូសែប ស្ម៊ីធ គឺ​ជា​ព្យាការី ហើយ​ថា​សាសនា​ចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជា​សាសនាចក្រ​ពិត ។ ( អ្នក​អាច​រៀន​បន្ថែម​ទៀត​អំពី​ការសន្យា​ទាំង​នេះ​នៅក្នុង​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ) ។

  • អ្នក​អាច​ទទួល​បាន​ការបំផុស​គំនិត និង ចម្លើយ​ផ្ទាល់​ខ្លួន​ចំពោះ​សំណួរ​របស់​អ្នក​តាមរយៈ​ព្រះ​គម្ពីរ ។ នៅពេល​ព្រះ​ទាក់ទង​ជាមួយ​អ្នក​តាម​រយៈ​ព្រះគម្ពីរ និង ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​អាច​មាន​ទំនុកចិត្ត និង កម្លាំង​ដើម្បី​ឈាន​ទៅ​មុខ​ទោះបី​ជា​អ្នក​ជួប​ឧបសគ្គ​អ្វី​ក៏​ដោយ ។

  • ប្រហែល​ជា​ហេតុផល​សំខាន់​បំផុត​ដើម្បី​សិក្សា​ព្រះគម្ពីរ​នោះ​គឺ​ថា ព្រះគម្ពីរ​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង របៀប​ដែល​អ្នក​អាច​ធ្វើ​តាម​គំរូ និង ការបង្រៀន​របស់​ទ្រង់ ។ ការរស់នៅ​តាម​គោលការណ៍​ដែល​អ្នក​រៀន នឹង​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ ។

ជា​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ

ប្រសិនបើ​ខ្ញុំ​មាន​សំណួរ ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​បើក​ព្រះគម្ពីរ ហើយ​ស្វែងរក​ចម្លើយ ។ ព្រះគម្ពីរ​មាន​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ និង គោលលទ្ធិ​របស់​ទ្រង់​ដែល​គ្មាន​ការផ្លាស់ប្តូរ ។ ខ្ញុំ​ដឹង​ថា ទោះ​ខ្ញុំ​ជួប​ឧបសគ្គ​ធំ​ប៉ុណ្ណា​ក្តី ព្រះគម្ពីរ​ជួយ​ផ្តល់​ចម្លើយ​ដល់​ខ្ញុំ​ជានិច្ច ។ ព្រះគម្ពីរ​ក៏​ឆ្លើយ​សំណួរ​អំពី​គោលជំហរ​របស់​សាសនាចក្រ​លើ​ប្រធាន​បទ​ជាច្រើន ។ ខ្ញុំ​ដឹង​ថា ប្រសិនបើ​ខ្ញុំ​អាន​ព្រះគម្ពីរ​ដោយ​យកចិត្ត​ទុក​ដាក់ នោះ​វា​នឹង​ជួយ​ខ្ញុំ​ឲ្យ​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​ខ្ញុំ ដែល​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ខុស និង ត្រូវ ។

អែមីលី អាយុ ១៧ ឆ្នាំ រដ្ឋ វ៉ាស៊ីងតោន ស.រ.អា.

បន្ទុក​របស់​ខ្ញុំ​បាន​ស្រាល

មាន​គ្រា​មួយ​ក្នុង​ឆ្នាំ​សិក្សា ខ្ញុំ​បាន​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​មាន​បន្ទុក​ដ៏​ធ្ងន់ ដែល​កើត​មក​ពី​ភាពតានតឹង​ក្នុង​ជីវិត ។ អំឡុង​ពេល​នៃ​គ្រា​ដ៏​តានតឹង​នោះ ខ្ញុំ​បាន​អធិស្ឋាន ហើយ​សិក្សា​ព្រះគម្ពីរ​មរមន​អស់​រយៈពេល ១០ នាទី ។ ពេល​ខ្ញុំ​បាន​អាន ខ្ញុំ​បាន​មាន​អារម្មណ៍​យ៉ាង​កក់​ក្តៅ​ក្នុង​ដួងចិត្ត​ខ្ញុំ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​នៃ​ក្តីស្រឡាញ់ លើក​ស្ទួយ​ចិត្ត​ឡើង ហើយ​មាន​ភាពរីករាយ​ទោះបី​ខ្ញុំ​មាន​ការសាកល្បង​ក្តី ។ ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ត​ជា​ខ្លាំង ជា​អារម្មណ៍​ដែល​ខ្ញុំ​មិន​ធ្លាប់​មាន​ពី​មុន ។ ចេញ​ពី​បទពិសោធន៍​នេះ ទីបំផុត​ខ្ញុំ​យល់​ថា អ្វី​ដែល​ព្រះអង្គសង្គ្រោះ​មាន​បន្ទូល នៅ​ពេល​ទ្រង់​មាន​បន្ទូល​ថា « ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា » ( យ៉ូហាន ១៤:២៧ ) ។ ពីរបី​សប្តាហ៍​បន្ទាប់​មក​ទៀត ខ្ញុំ​បាន​មាន​បទពិសោធន៍​នេះ​ជា​ច្រើន​ដង ហើយ​វា​បំផុស​គំនិត​ខ្ញុំ​ឲ្យ​ឈាន​ទៅ​មុខ​តាមរយៈ​ការពុះពារ​របស់​ខ្ញុំ ។

ក្លូអេ ខេ អាយុ ១៨ ឆ្នាំ វីស្កុនសិន ស.រ.អា.

អំណាច​ដើម្បី​ផ្លាស់ប្ដូរ

ពីមុន​ខ្ញុំ​ពិត​ជា​គ្មាន​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន​ឡើយ ប៉ុន្តែ​នៅពេល​ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ស្មោះសរ​សម្រាប់​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ខ្ញុំ​មាន​អារម្មណ៍​អស្ចារ្យ​យ៉ាង​ខ្លាំង​អំពី​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​មាន​គោលបំណង​រួច​ជា​ស្រេច ដើម្បី​ដឹង​ថា​ព្រះគម្ពីរ​នោះ​ពិត ដូច្នោះ​ខ្ញុំ​បាន​ចាប់ផ្តើម​អាន និង សិក្សា​ដោយ​គិតគូរ​ពី​វា ។ មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ នោះ​ខ្ញុំ​បាន​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន​ថា ព្រះគម្ពីរ​នោះ​គឺ​ជា​ព្រះគម្ពីរ​ពិត ( សូមមើល នីហ្វៃទី ២ ២៨:៣០ ) ។ ខ្ញុំ​ស្រឡាញ់​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​រក្សា​ការបង្រៀន​នានា​ដែល​ខ្ញុំ​ទទួល​បាន​អំឡុង​ពេល​សិក្សា​ព្រះគម្ពីរ ។ ព្រះគម្ពីរ​មរមន​មាន​អំណាច​មួយ​ដែល​អាច​នាំ​យើង​ឲ្យ​ផ្លាស់ប្តូរ​កាន់តែ​ប្រសើរ​ឡើង ។

អារៀល ខានដាវ៉ាន់ ធី អាយុ ១៨ ឆ្នាំ ប្រទេស​ហ្វីលីពីន

សេចក្តីស្រឡាញ់​របស់​ព្រះ

ឧទាហរណ៍​តាមរយៈ​ព្រះចេស្តា និង ការបង្រៀន​នៅ​ក្នុង​ព្រះគម្ពីរ ខ្ញុំ​អាច​ងាយ​នឹង​ទទួល​ឥទ្ធិពល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះគម្ពីរ​មាន​ព្រះចេស្តា​មក​ពី​ព្រះ ក្នុង​របៀប​មួយ​ដែល​ព្រះ​អាច​ណែនាំ និង បង្រៀន​ពួកយើង ។ ដូច្នេះ​នៅពេល​អ្នក​មាន​អារម្មណ៍​ឯកោ ឬ គេ​បោះបង់​ចោល សូម​អាន​ព្រះគម្ពីរ ។ បន្ទាប់​មក​សូម​ចងចាំ​ថា ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​បាន​រក្សា​ទុក​នូវ​អ្វីៗ​ទាំង​នោះ​ជា​ពិសេស សម្រាប់​អ្នក ប្រយោជន៍​ឲ្យ​អ្នក​អាច​ដឹង​ថា ទ្រង់​ស្រឡាញ់​អ្នក ។

ស្កត អេច អាយុ ១៩ ឆ្នាំ វីស្កុនសិន ស.រ.អា.

ភាព​ល្អ និង ពន្លឺ

ខ្ញុំ​បាន​ចាប់ផ្តើម​អាន​ព្រះគម្ពីរ​មរមន​ជា​លើក​ដំបូង នៅពេល​ខ្ញុំ​គ្រប់​អាយុ​ចូល​ក្នុង​ក្រុម​ប៊ីហៃ ។ ខ្ញុំ​បាន​អាន​វា​តាំង​ពី​ដើម​រហូត​ដល់​ចប់ ហើយ​បាន​គិត​ថា​វា​ចប់​ហើយ ។ ប៉ុន្តែ​ខ្ញុំ​គិត​ខុស​ទាំង​ស្រុង ។ ជីវិត​របស់​ខ្ញុំ​ហាក់​ដូច​ជា​ខ្វះ​អ្វី​ម៉្យាង ។ ដូច្នោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចាប់ផ្តើម​អាន​ព្រះគម្ពីរ​ម្តង​ទៀត ម្តង​នេះ​ខ្ញុំ​បាន​ផ្តោត​ចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង ។ នៅពេល​ខ្ញុំ​ធ្វើ​បែប​នេះ ជីវិត​របស់​ខ្ញុំ​បាន​ពោរពេញ​ដោយ​ពន្លឺ​ដែល​បំភ្លឺ​ភាពស្រអាប់​ដែល​ខ្ញុំ​មាន​តាំង​ពី​ខ្ញុំ​បាន​ឈប់​អាន​វា​មក ។ ខ្ញុំ​បាន​យល់​កាន់តែ​ច្រើន​ថែម​ទៀត ហើយ​កាន់តែ​ចូលចិត្ត​វា​ឡើង ។ សូម​អាន​វា​គ្រប់​ពេលវេលា នោះ​អ្នក​កំពុង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ខ្លួន​អ្នក​មាន​ជីវិត​មួយ​ដែល​មាន​ភាព​ល្អ និង ពន្លឺ ។

ខេលី អិម អាយុ ១៥ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា.

យក​ឈ្នះ​លើ​សេចក្តី​ល្បួង

ការ​សិក្សា​ព្រះគម្ពីរ​ជួយ​ខ្ញុំ​ឲ្យ​រស់នៅ​តាម​ដំណឹង​ល្អ​នៅ​សាលា​រៀន ។ ខ្ញុំ​ទើប​តែ​ចាប់ផ្តើម​ចូលរៀន​នៅ​អនុវិទ្យាល័យ ហើយ​មាន​រឿង​អាក្រក់ៗ និង ការល្បួង​ជាច្រើន ។ នៅពេល​ខ្ញុំ​មាន​គ្រា​ដ៏​លំបាក​ក្នុង​ការទប់ទល់​នឹង​ការល្បួង នោះ​ខ្ញុំ​ព្យាយាម​អាន​រឿង​ក្នុង​ព្រះគម្ពីរ ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​បញ្ហា​ខ្ញុំ ។ វា​ជួយ​បណ្តេញ​ការល្បួង ហើយ​ងាក​បែរ​ទៅ​រក​ដំណឹង​ល្អ ។

ប្លែក ស៊ី អាយុ ១២ ឆ្នាំ រដ្ឋ អៃដាហូ ស. រ. អា.

ព្រះចេស្ដា​នៃ​ព្រះគម្ពីរ

នេះ​ជា​លើក​ដំបូង​ដែល​ខ្ញុំ​ព្យាយាម​អាន​ព្រះគម្ពីរ​មរមន ។ ជំពូក​ដែល​ខ្ញុំ​ពេញ​ចិត្ត​នោះ​គឺ នីហ្វៃទី ២ ២៥–៣៣ ។ មក​ទល់​នឹង​ពេល​នេះ ព្រះគម្ពីរ​បាន​ពង្រឹង​ខ្ញុំ​ខ្លាំង​បំផុត ។ ចម្រៀង​ថ្នាក់​កុមារ​បទ « អំណាច​នៃ​ព្រះគម្ពីរ » ពុំ​ដែល​មាន​ភាពច្បាស់​លាស់​ចំពោះ​ខ្ញុំ​ជាង​ពេល​នេះ​ឡើយ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ភាពពិត​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ហើយ​ផ្តល់​យោបល់​យ៉ាង​ខ្លាំង​ដល់​អ្នក ឲ្យ​សិក្សា​ព្រះគម្ពីរ​រៀងរាល់​ថ្ងៃ ។

សារ៉ាយ ជេ អាយុ ១៣ ឆ្នាំ រដ្ឋ​អារីហ្សូណា ស.រ.អា.