២០១៧
បំពាក់​គ្រឿង​សឹក​ដោយ​សេចក្ដីសុចរិត
March 2017


សារលិខិត​គណៈប្រធាន​ទី​មួយ ខែ មិនា ឆ្នាំ ២០១៧

បំពាក់​គ្រឿង​សឹក​ដោយ សេចក្ដីសុចរិត

ប្រធាន ថូម៉ាស អេស ម៉នសុន ដែល​ជា​ព្យាការី​របស់​ព្រះ​នៅ​លើ​ផែនដី​នេះ​បាន​ប្រកាស​ថា « សព្វ​ថ្ងៃ​នេះ យើង​ត្រៀមខ្លួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើបាប អបាយមុខ និង អំពើ​អាក្រក់​ដែល​មាន​នៅ​ចំពោះ​មុខ​យើង » ។

តើ​អ្នក​ភ្ញាក់ផ្អើល​ទេ​ប្រសិនបើ​អ្នក​ដឹង​ថា ប្រធាន ម៉នសុន បាន​ប្រកាស​ដូចនេះ​តាំង​ពី ៥០ ឆ្នាំមុនមកម៉្លេះនោះ ? ប្រសិនបើ​យើង​បាន​ត្រៀមខ្លួន​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើទុច្ចរិត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​គ្រា​នោះ តើ​នឹង​មាន​អំពើ​អាក្រក់​កាន់តែ​ច្រើន​ឡើង​ដល់​កម្រិត​ណា​ទៅ​ដែល​គំរាមកំហែង​យើង​នៅ​សព្វថ្ងៃ​នេះ ? ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រកាស​អំពី​គ្រាកាន់កាប់ត្រួតត្រា​យើង​នេះ​ដោយ​ហេតុផល​មួយ​ត្រឹមត្រូវ​ថា « មើល​ចុះ ខ្មាំងសត្រូវ​កំពុង​រួម​គ្នា » ( គ. និង ស. ៣៨:១២ ) ។

សង្គ្រាម​ដែល « យើង​ចូល​ច្បាំង » បាន​ចាប់ផ្ដើម​តាំង​ពី​មុន​យើង​កើត​លើ​ផែនដី​មកម៉្លេះ ។ វា​បាន​ចាប់ផ្ដើម​តាំង​ពី​មុន​ផែនដី​ត្រូវបាន​បង្កើត​ឡើង​មកម៉្លេះ ។ វា​បាន​កើតឡើង​តាំង​ពី​ច្រើន​សហស្សវត្សរ៍​មុន​នៅ​ក្នុង​ជីវិត​មុន​ផែនដី ជា​ពេល​ដែល​សាតាំង​បាន​បះបោរ ហើយ « បាន​ខំ​រក​បំផ្លាញ​សិទ្ធិ​ជ្រើសរើស​របស់​មនុស្ស » ( ម៉ូសេ ៤:៣ ) ។

សាតាំង​បាន​ចាញ់​ក្នុង​ចម្បាំង​នោះ ហើយ « ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី » ( វិវរណៈ ១២:៩ ) ជា​ទី​ដែល​វា​បន្ត​ធ្វើ​សង្គ្រាម​សព្វថ្ងៃ​នេះ ។ នៅ​លើ​ផែនដី​នេះ « វា​បាន​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ពួក​បរិសុទ្ធ​នៃ​ព្រះ ហើយ​ព័ទ្ធជុំវិញ​ពួកគេ » ( គ. និង ស. ៧៦:២៩ ) ដោយ​នូវ​សេចក្ដីកុហក ការបញ្ឆោត និង ការល្បួង​នានា ។

វា​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ពួក​ព្យាការី និង ពួក​សាវក ។ វា​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ច្បាប់​ព្រហ្មចារីភាព និង បរិសុទ្ធភាព​នៃ​អាពាហ៍ពិពាហ៍ ។ វា​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ក្រុមគ្រួសារ និង ព្រះវិហារបរិសុទ្ធ ។ វា​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​អ្វី​ដែល​ជា​សេចក្ដីល្អ បរិសុទ្ធ និង ពិសិដ្ឋ ។

តើ​យើង​ប្រយុទ្ធ​នឹង​មា​រសត្រូវ​បែប​នេះ​តាម​របៀប​ណា ? តើ​យើង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើអាក្រក់ ដែល​យើង​ឃើញ​ថា​កំពុង​គ្រប​ដណ្ដប់​ពាសពេញ​ពិភពលោក​យើង​នេះ​តាម​របៀប​ណា ? តើ​អ្វី​ទៅ​ដែល​ជា​គ្រឿង​សឹក​របស់​យើង ? តើ​នរណា​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​យើង ?

ព្រះចេស្ដា​នៃ​កូន​ចៀម

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា សាតាំង​មាន​អំណាច​មក​លើ​យើង​តែ​តាម​រយៈ​កម្រិត​ដែល​យើង​អនុញ្ញាត​ឲ្យ​វា​មាន​អំណាច​ប៉ុណ្ណោះ ។

នៅ​ពេល​ប្រមើលមើល​អំពី​ជំនាន់​របស់​យើង នីហ្វៃ « បាន​ឃើញ​ថា​ព្រះ​ចេស្ដា​នៃ​កូន​ចៀម​នៃ​ព្រះ បាន​យាង​ចុះ​មក​សណ្ឋិត​លើ​ពួក​បរិសុទ្ធ​ក្នុង​សាសនាចក្រ​នៃ​កូន​ចៀម ហើយ​លើ​រាស្ត្រ​ដែល​នៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះ​អម្ចាស់ ដែល​បាន​ខ្ចាត់ខ្ចាយ​ពាសពេញ​លើ​ផ្ទៃ​ផែនដី ហើយ ពួកគេ​ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ ដោយ​សិរី​ល្អ​ដ៏​អស្ចារ្យ » ( នីហ្វៃទី១ ១៤:១៤ គូសបញ្ជាក់​បន្ថែម ) ។

តើ​យើង​បំពាក់​គ្រឿង​សឹក​លើ​ខ្លួន​យើង​ដោយ​សេចក្ដីសុចរិត និង ដោយ​អំណាច​តាម​របៀប​ណា ? យើង​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បាន​បរិសុទ្ធ ហើយ​គោរព​ដល់​បព្វជិតភាព ។ យើង​ធ្វើ ហើយ​រក្សា​សេចក្ដីសញ្ញា ស្រាវជ្រាវ​ពង្សប្រវត្តិ ហើយ​ទៅ​ចូល​ព្រះវិហារបរិសុទ្ធ ។ យើង​បន្ត​ខិតខំ​ដោយ​ឥត​ឈប់ឈរ​ដើម្បី​ប្រែចិត្ត ហើយ​ទូលអង្វរ​សូម​ព្រះអម្ចាស់​ឲ្យ « ប្រទាន​នូវ​ព្រះ​លោហិត​ដ៏​ធួន​នៃ​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​យើង​អាច​បាន​ទទួល​នូវ​ការ​អភ័យទោស​ចំពោះ​អំពើ​បាប​ទាំងឡាយ​របស់​យើង » ( ម៉ូសាយ ៤:២ ) ។ យើង​អធិស្ឋាន ហើយ​បម្រើ ហើយ​ថ្លែង​ទីបន្ទាល់ ព្រមទាំង​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

យើង​ក៏​បំពាក់​គ្រឿង​សឹក​លើ​ខ្លួន​យើង​ដោយ​សេចក្ដីសុចរិត និង ដោយ​អំណាច​ដែរ​នៅ​ពេល​យើង « រក្សាទុក​ក្នុង​គំនិត [ របស់​យើង​រាល់​គ្នា ] បន្ត​នូវ​ព្រះ​បន្ទូល​ទាំងឡាយ​ខាង​ជីវិត » ( គ. និង ស. ៨៤:៨៥ ) ។ យើង​រក្សាទុក​ព្រះបន្ទូល​ទាំងនោះ​ដោយ​ផ្ចង់​អារម្មណ៍​ទៅ​លើ​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ​ទាំងឡាយ និង ទៅ​លើ​ប្រសាសន៍​របស់​ពួក​អ្នក​បម្រើ​ដ៏​ជម្រើស​របស់​ព្រះអម្ចាស់ ដែល​នឹង​ប្រាប់​អំពី​ព្រះបំណង ព្រះហឫទ័យ និង ព្រះសូរសៀង​របស់​ទ្រង់ ( សូម​មើល គ. និង ស. ៦៨:៤ ) នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ​ក្រោយ ។

នៅ​ពេល​យើង​ច្បាំង​ជាមួយ​អំពើអាក្រក់ យើង​ត្រូវតែ​ចងចាំ​ជានិច្ច​ថា យើង​មាន​ជំនួយ​ពី​ទាំង​សងខាង​នៃ​វាំងនន ។ សម្ព័ន្ធមិត្ត​របស់​យើង​រួម​មាន ព្រះវរបិតាសួគ៌ ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណ​បរិសុទ្ធ ។

សម្ព័ន្ធមិត្ត​របស់​យើង​ក៏​រួម​មាន​ពល​ទ័ពសួគ៌ា​ដែល​យើង​មិន​អាច​មើល​ឃើញ​នឹង​ភ្នែកផង​ដែរ ។ អេលីសេ បាន​ប្រាប់​យុវជន​ដែល​មាន​ការភិតភ័យ​ម្នាក់​នៅ​ពេល​លោក និង យុវជន​នោះ​ត្រូវ​ប្រឈម​មុខ​នឹង​កងពល​អាក្រក់​ដូចនេះ​ថា « កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត » ( សូម​មើល ពង្សាវតារក្សត្រ ទី២ ៦:១៥–១៦ ) ។

យើង​មិន​ត្រូវ​ខ្លាច​អ្វី​ឡើយ ។ ព្រះ​មាន​ព្រះទ័យ​ស្រឡាញ់​ពួក​បរិសុទ្ធ​របស់​ទ្រង់ ។ ទ្រង់​នឹង​មិន​បោះបង់​យើង​ចោល​ឡើយ ។

ខ្ញុំ​ដឹង​ថា ព្រះ​បាន​បំពេញ​តាម​សេចក្ដីទូលអង្វរ​របស់​ខ្ញុំ​ឲ្យ​រំដោះ​ខ្ញុំ​ចេញ​ពី​សេចក្ដីអាក្រក់ តាមរយៈ​ការឆ្លើយតប​ទៅ​នឹង​ការអធិស្ឋាន​របស់​ខ្ញុំ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ដោយ​មាន​ជំនួយ​ពី​ព្រះ​ជា​ព្រះវរបិតា ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក និង ព្រះវិញ្ញាណបរិសុទ្ធ នោះ​យើង​អាច​ទុកចិត្ត​ថា យើង​នឹង​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​អំណាច​លើសលុប​ដើម្បី​តតាំង​​រាល់​សេចក្ដីអាក្រក់​ដែល​យើង​ជួប​ប្រទះ ។

សូម​ឲ្យ​យើង​បាន​បំពាក់​គ្រឿងសឹក​ដោយ​សេចក្ដីសុចរិត ដើម្បី​យើង​អាច​មាន​ទំនុក​ចិត្ត​ថា​យើង​នឹង​មាន​ជ័យជម្នះ​នៅ​ទីបំផុត ។

កំណត់​ចំណាំ

  1. ថូម៉ាស អេស ម៉នសុន « Correlation Brings Blessings » Relief Society Magazine ខែ មេសា ឆ្នាំ ១៩៦៧ ទំព័រ ២៤៧ ។

  2. « យើង​ទាំងអស់​ជា​ទាហាន » ទំនុកតម្កើង លេខ ១៥៦ ។

  3. សូម​មើល Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ២១៤ ។