២០១៧
ព្រះចេស្ដា​នៃ​ការប្រោសលោះ​របស់​ព្រះយេស៊ូវគ្រីស្ទ និង នៃ​ដង្វាយធួន​របស់​ទ្រង់
March 2017


សារលិខិត​បង្រៀន​សួរសុខទុក្ខ ខែ មិនា ឆ្នាំ ២០១៧

ព្រះចេស្ដា​នៃ​ការប្រោសលោះ​របស់​ព្រះយេស៊ូវគ្រីស្ទ និង នៃ​ដង្វាយធួន​របស់​ទ្រង់

សូម​សិក្សា​អត្ថបទ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន និង​ស្វែងរក​ការបំផុស​គំនិត ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវ​ចែកចាយ ។ តើ​ការយល់ដឹង​អំពី​គោលបំណង​នៃ​សមាគម​សង្គ្រោះ នឹង​រៀបចំ​បុត្រី​ទាំងឡាយ​របស់​ព្រះ ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​យ៉ាង​ដូចម្ដេច ?

រូបភាព
Relief Society seal

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

« ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ » ( ភីលីព ៤:១៣ ) ។ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​ទី​មួយ មាន​ប្រសាសន៍​ថា « ទោះជា​យើង​មាន​ភាពទន់ខ្សោយ​ក្ដី យើង​អាច​យកឈ្នះ​លើ​វា​បាន » ។ « ប្រាកដ​ណាស់ គឺ​ដោយសារ​ព្រះគុណ​នៃ​ព្រះ បើ​យើង​បន្ទាប​ខ្លួន ហើយ​មាន​សេចក្ដី​ជំនឿ នោះ​ភាពទន់​ខ្សោយ​នឹង​បាន​ប្រែទៅ​ជា​ខ្លាំង​ពូកែ​វិញ » ។

ព្រះអង្គសង្គ្រោះ​មាន​ព្រះបន្ទូល​នៅ​ក្នុង​គោលលទ្ធិ និង សេចក្តីសញ្ញា​ថា « យើង​នឹង​ទៅ​ពីមុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះ​វិញ្ញាណ​របស់​យើង​នឹង​សណ្ឋិត​នៅ​ក្នុង​ដួង​ចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតា​របស់​យើង​នៅ​ព័ទ្ធជុំវិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ( គ. និង ស. ៨៤:៨៨ ) ។

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​មាន​ប្រសាសន៍​ថា « នីហ្វៃ​គឺ​ជា​គំរូ​អំពី​មនុស្ស​ម្នាក់​ដែល​បាន​ដឹង យល់ ហើយ​ពឹងផ្អែក​លើ​ព្រះចេស្ដា​នៃ​ការប្រោសលោះ​របស់​ព្រះអង្គសង្គ្រោះ »។ « ពួក​បងប្រុស​របស់​នីហ្វៃ​បាន​យក​ខ្សែ​ចង​លោក ហើយ​គ្រោង​នឹង​សម្លាប់​លោក​ចោល ។ សូម​កត់សម្គាល់​សេចក្ដីអធិស្ឋាន​របស់​នីហ្វៃ ៖ ‹ ឱ ព្រះ​អម្ចាស់​អើយ ស្រប​តាម​សេចក្ដី​ជំនឿ​របស់​ទូលបង្គំ ដែល​មាន​ចំពោះ​ទ្រង់ សូម​ព្រះ​អង្គ​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​បងៗ​ទូលបង្គំ​ផង ព្រះ​ពរ សូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​អាច​ផ្ដាច់​ខ្សែ ដែល​ចង​ទូលបង្គំ​នេះ​បាន › ( នីហ្វៃទី១ ៧:១៧ គូសបញ្ជាក់​បន្ថែម ) ។

« … នីហ្វៃ​មិន​បាន​អធិស្ឋាន​សុំ​ឲ្យ​ស្ថានភាព​របស់​លោក​បាន​ផ្លាស់ប្តូរ​ទេ ។ ផ្ទុយទៅវិញ លោក​បាន​អធិស្ឋាន​ទូល​សូម​កម្លាំង​ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​របស់​លោក ។ ហើយ​ខ្ញុំ​ជឿ​ថា លោក​បាន​អធិស្ឋាន​តាម​របៀប​មួយ​ដ៏​ខ្លី ដោយសារ​លោក​បាន​ដឹង យល់ ហើយ​បាន​ទទួល​បទពិសោធន៍​នៃ​ព្រះចេស្ដា​នៃ​ការប្រោសលោះ​នៃ​ដង្វាយធួន ។

« ខ្ញុំ​មិន​គិត​ថា ចំណង​ដែល​បាន​ចង​នីហ្វៃ ត្រូវបាន​ដាច់​ចេញ​ពី​ដៃ និង កដៃ​របស់​លោក​ដោយ​អព្ភូតហេតុ​នោះ​ទេ ។ ផ្ទុយទៅវិញ ខ្ញុំ​គិត​ថា លោក​ត្រូវបាន​ប្រទាន​ពរ​ទាំង​កម្លាំង​ផ្ទាល់ខ្លួន និង ការស៊ូទ្រាំ​ដែល​ហួស​ពី​សមត្ថភាព​ពីធម្មជាតិ​របស់​លោក ​ដែល​ក្រោយ​មក ធ្វើ​ឲ្យ​លោក​ស្ថិត​នៅ​ក្នុង ‹ កម្លាំង​នៃ​ព្រះ​អម្ចាស់ › ( ម៉ូសាយ ៩:១៧ ) ដែល​បាន​ខិតខំ ហើយ​មួល​កន្ត្រាក់ ហើយ​ទីបំផុត​អាច​បណ្ដាច់​ខ្សែ​នោះ​បាន » ។

ខគម្ពីរ និង ព័ត៌មាន​បន្ថែម

អេសាយ ៤១:១០ អេធើរ ១២:២៧ គេហទំព័រ reliefsociety.lds.org

កំណត់​ចំណាំ

  1. ឌៀថើរ អេស្វ អុជដូហ្វ « The Gift of Grace » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៨ ។

  2. ដេវីឌ អេ បែដណា « Strength beyond Our Own » New Era ខែ មិនា ឆ្នាំ ២០១៥ ទំព័រ ៤ ។