២០១៩
ហ្វាទូ ហ្គាមែនហ្គា—ខេត្ត​ភាគ​ខាង​ត្បូង ប្រទេស សៀរ៉ាឡេអូន
ខែ ធ្នូ ឆ្នាំ ២០១៩


ការបង្ហាញ​អំពី​សេចក្តីជំនឿ​

ហ្វាទូ ហ្គាមែនហ្គា

ខេត្ត​ភាគ​ខាង​ត្បូង ប្រទេស សៀរ៉ាឡេអូន

រូបភាព
Fatu

តាមរយៈ​កម្មវិធី​អក្ខរកម្ម​ដំណឹងល្អ ហ្វាទូ​ពុំ​គ្រាន់តែ​រៀន​ចេះ​អាន និង​សរសេរ​អក្សរ​ប៉ុណ្ណោះ​ទេ នាង​ថែមទាំង​រៀន​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ទៀតផង ។ ពីមុន​ចូល​ជា​សមាជិក​សាសនាចក្រ ហ្វាទូ​មាន​ការពិបាក​ក្នុងការ​ផ្គត់ផ្គង់​គ្រួសារ​នាង ។ ឥឡូវ​នាង​មាន​ជំនាញ​ដែល​បាន​អភិវឌ្ឍ​ស្តីពី​ភាព​ខ្លួន​ទីពឹង​ខ្លួន ហើយ​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​នាង ដោយ​ធ្វើ និង​លក់​ព្រំ​សិប្បកម្ម​ដ៏​ស្រស់ស្អាត ។ នាង​ក៏​បម្រើ​ជា​ប្រធាន​សមាគម​សង្គ្រោះ​ក្នុង​សាខា​ផង​ដែរ ។

គ្រីស្ទីណា ស្ម៊ីធ ជាង​ថត​រូប

ឪពុក​ខ្ញុំ​បាន​ស្លាប់​តាំង​ពី​ខ្ញុំ​នៅ​តូច ។ វា​ពិបាក​ណាស់​ដែល​គ្មាន​ឪពុក ។ ម្តាយ​ខ្ញុំ​បាន​ព្យាយាម​ផ្គត់ផ្គង់​គ្រួសារ​របស់​គាត់ តែ​គាត់​គ្មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ផ្តល់​ការអប់រំ​ដល់​ខ្ញុំ​ទេ ។ ខ្ញុំ​ខកចិត្ត​យ៉ាង​ខ្លាំង ដោយសារ​ខ្ញុំ​ត្រូវ​ឈប់​រៀន ហើយ​ខ្ញុំ​អត់​ចេះ​អាន​អក្សរ ។ ម្តាយ​ខ្ញុំ និង​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​កិច្ចការ​ជា​ច្រើន​នៅក្នុង​ភូមិ ដូចជា​ធ្វើ​ចម្ការ ដើម្បី​ផ្គត់ផ្គង់​ខ្លួន​យើង ។ យើង​មាន​ការលំបាក​ជាមួយ​គ្នា​អស់​រយៈពេល​បួន​ឆ្នាំ ។

ទី​បំផុត ខ្ញុំ​បាន​រៀបការ ហើយ​មាន​កូន ។ បីបួន​ឆ្នាំ​ក្រោយ​មក ស្វាមី​ខ្ញុំ​បាន​ស្លាប់ ហើយ​ខ្ញុំ​មាន​ការពិបាក​ធ្វើ​ជា​ម្តាយ​ទោល មើលថែ​កូនៗ​របស់​ខ្ញុំ ។

មិត្តភក្ដិ​របស់​ខ្ញុំ​បាន​ជួប​ខ្ញុំ ហើយ​និយាយ​ថា « ឯង​បាន​បាត់បង់​ប្តី​ហើយ ។ ឥឡូវ​ឯង​កំពុង​រងទុក្ខ ។ យើង​ចង់​អញ្ជើញ​ឯង​ឲ្យ​ទៅ​ព្រះវិហារ​របស់​យើង​ដើម្បី​ដឹង​ពី​អ្វី​ដែល​ព្រះយេស៊ូវ​អាច​ធ្វើ​សម្រាប់​ឯងបាន » ។ ខ្ញុំ​បាន​តាម​មិត្តភក្តិ​ខ្ញុំ​ទៅ​ព្រះវិហារ​ពួកគេ ។ ខ្ញុំ​ក៏​បាន​ទៅ​ព្រះវិហារ​ផ្សេងៗ​ទៀត ។

ថ្ងៃ​មួយ មាន​ស្ត្រី​ម្នាក់​នៅ​ផ្ទះ​ឆ្ងាយ​ពី​ផ្ទះ​ខ្ញុំ​ពីរបី​ផ្ទះ​បាន​មក​ជួប​ខ្ញុំ ហើយ​និយាយ​ថា « ខ្ញុំ​មាន​ព្រះវិហារ​មួយ ។ តើ​អ្នក​នឹង​មក​ព្រះវិហារ​ខ្ញុំ​ទេ ? »

ខ្ញុំ​បាន​ឆ្លើយ​ថា « អត់​ទេ ខ្ញុំ​បាន​ព្យាយាម​ទៅ​ព្រះវិហារ​ជាច្រើន​ហើយ ។

ស្ត្រី​នោះ​បាន​និយាយ​ថា « ខ្ញុំ​ចង់​អញ្ជើញ​អ្នក​ឲ្យ​ទៅ​ព្រះវិហារ​ខ្ញុំ » ។

ខ្ញុំ​បាន​សួរ​គាត់​ថា « តើ​ព្រះវិហារ​របស់​អ្នក​ឈ្មោះ​អ្វី ? »

« ព្រះវិហារ​ខ្ញុំ​ឈ្មោះ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ។

គាត់​បាន​បញ្ចុះ​បញ្ចូល​ខ្ញុំ​ឲ្យ​រៀន​បន្ថែម​ទៀត ។ គាត់​បាន​អញ្ជើញ​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ឲ្យ​មក​ជួប​ខ្ញុំ ។ នៅ​ថ្ងៃ​ដំបូង​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​មក នោះ​ខ្ញុំ​បាន​ហៅ​គ្រួសារ​ខ្ញុំ​មក​ជុំ​គ្នា ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បាន​អង្គុយ​ចុះ ហើយ​ចាប់ផ្តើម​បង្រៀន​យើង ។

គ្រា​ដំបូង​ដែល​ខ្ញុំ​បាន​ទៅ​ព្រះវិហារ ខ្ញុំ​បាន​អង្គុយ​ក្បែរ​ស្ត្រី​ម្នាក់​ច្រៀង​ចម្រៀង​ពី​ទំនុកតម្កើង ។ ខ្ញុំ​បាន​ព្យាយាម​យកចិត្ត​ទុកដាក់ ប៉ុន្តែ​ពុំ​ចេះ​អាន​អក្សរ​ទេ ។ ខ្ញុំ​ថែមទាំង​មិន​យល់​ពី​អ្វី​ដែល​នាង​កំពុង​ច្រៀង​ទៀត​ផង ។ ខ្ញុំ​មាន​អារម្មណ៍​ស្រងាកចិត្ត ។ ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា « ខ្ញុំ​នឹង​មិន​មក​ព្រះវិហារ​នេះ​ទៀត​ទេ » ។

ខ្ញុំ​បាន​ប្រាប់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ថា ខ្ញុំ​នឹង​មិនទៅ​ព្រះវិហារ​ទៀត​ទេ ។ អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​បាន​និយាយ​ថា « ខ្ញុំ​មិន​បង្ខំ​បង​ឲ្យ​ធ្វើ​ជា​សមាជិក​សាសនាចក្រ​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ប្រាប់​បង​នូវ​ការពិត ។ ប្រសិនបើ​បង​ចង់​ដឹង​ថា សាសនាចក្រ​នេះ​ពិត សូម​បង​អាន​ព្រះគម្ពីរ​នេះ » ។ គាត់​បាន​អោយ​ព្រះគម្ពីរ​មរមន​មក​ខ្ញុំ ។

ខ្ញុំ​បាន​និយាយ​ថា « អ្នក​ពុំ​អាច​ឲ្យ​សៀវភៅ​នេះ​មក​ខ្ញុំ​ទេ ។ ខ្ញុំ​ពុំ​បាន​រៀន​សូត្រ​ទេ ។ ខ្ញុំ​ថែមទាំង​មិន​ចេះ​អាន​អក្សរ​ទៀត​ផង ។ ខ្ញុំ​ពុំ​ត្រូវការ​គម្ពីរ​អ្នក​ទេ » ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បាន​ប្រាប់​ខ្ញុំ​ថា « កូន​របស់​បង​កំពុង​រៀន​អាន​អក្សរ ។ ពួកគេ​នឹង​អាន​វា​ឲ្យ​បង​ស្តាប់ ហើយ​បង​នឹង​យល់ » ។

ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​នឹង​ព្យាយាម ។

កូនស្រី​ខ្ញុំ​បាន​ចាប់ផ្តើម​អាន​ព្រះគម្ពីរ​មរមន​ឲ្យ​ខ្ញុំ​ស្តាប់ ហើយ​ខ្ញុំ​បាន​ទៅ​ព្រះវិហារ​វិញ​ម្តង​ទៀត ។ បងស្រី​ម្នាក់​នៅ​ព្រះវិហារ​បាន​មក​ជួប​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​អំពី​ថ្នាក់​រៀន​មួយ​សម្រាប់​អ្នក​ដែល​ពុំ​ចេះ​អាន និង​សរសេរ​អក្សរ ។ នាង​បាន​និយាយ​ថា វា​ជា​ថ្នាក់​រៀន​អក្ខរកម្ម​ដំណឹងល្អ ។

នាង​បាន​និយាយ​ថា « យើង​ត្រូវការ​សិស្ស​ចូលរៀន » ។

ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​ពិតជា​ចង់​ចេះ​អាន និង​សរសេរ​អក្សរ​ណាស់ ។ ដូច្នេះ​ខ្ញុំ​នឹង​ទៅ​រៀន​ថ្នាក់​នោះ ! »

ពេល​ខ្ញុំ​ចូលរៀន​ថ្នាក់​នោះ ខ្ញុំ​បាន​រៀន​អាន សរសេរ និង​អ្វីៗ​កាន់តែ​ច្រើន​អំពី​ដំណឹងល្អ ។ កូនស្រី​របស់​ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន​ឲ្យ​ខ្ញុំ​ស្តាប់​បន្ថែម​ទៀត ។ ថ្ងៃ​មួយ​ខ្ញុំ​បាន​និយាយ​ថា « នេះ​គឺ​ជា​ព្រះបន្ទូល​នៃ​ព្រះ ។ ខ្ញុំ​មិន​អាច​បដិសេធ​វា​បាន​ទេ » ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ខ្ញុំ​ជ្រមុជ​ទឹក ប្រធាន​សាខា​បាន​ហៅ​ខ្ញុំ ហើយ​និយាយ​ថា « ស៊ិស្ទើរ ហ្គាមែនហ្គា ព្រះវិញ្ញាណ​បាន​ដឹកនាំ​ខ្ញុំ​ឲ្យ​ហៅ​អ្នក​បម្រើ​ជា​ប្រធាន​សមាគម​សង្គ្រោះ » ។

ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​ពុំ​យល់​អ្វី​ដែល​ប្រធាន​និយាយ​ទេ ។ ខ្ញុំ​អត់​ចេះ​អាន​អក្សរ ខ្ញុំ​អត់​ចេះ​សរសេរ ហើយ​ប្រធាន​ចង់​ហៅ​ខ្ញុំ​ឬ ? ខ្ញុំ​ដូចជា​មិនយល់​ទេ​ប្រធាន ? »

គាត់​បាន​ពន្យល់​ថា ខ្ញុំ​នឹង​អញ្ជើញ​ស្ត្រី​មក​ព្រះវិហារ និយាយ​ជាមួយ​ពួកគេ ហើយ​ជួយ​ពួកគេ ។ ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​អាច​ធ្វើ​កិច្ចការ​នោះ​ដោយ​មាន​ព្រះ​ជួយ » ។

ចាប់តាំង​ពី​ថ្ងៃ​នោះ​មក មាន​រឿង​ជាច្រើន​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​បាន​ចាប់ផ្តើម​អាន​តែ​ពាក្យ​មាន​តួ​អក្សរ​ពីរ បន្ទាប់​មក​ពាក្យ​មាន​តួ​អក្សរ​បី ។ បន្ទាប់​មក ខ្ញុំ​បាន​បន្ត​ពី​ពាក្យ​មាន​តួ​អក្សរ​បី​ទៅ​បួន​ បន្ទាប់​មក​ពី​ប្រាំ​​ទៅ​ប្រាំ​មួយ​តួ​អក្សរ​ក្នុង​ពាក្យ ។ ការណ៍​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​បង្រៀន​ក្នុង​ថ្នាក់​សមាគម​សង្រ្គោះ ។

ប្រសិនបើ​មាន​អ្វី​ដែល​ខ្ញុំ​មិន​យល់ ខ្ញុំ​សួរ​រក​ជំនួយ ។ បញ្ហា​របស់​ខ្ញុំ​គឺ​ការប្រកប​ពាក្យ ។ ខ្ញុំ​អត់​ចេះ​របៀប​បញ្ចេញ​សំឡេង​ប្រកប​ពាក្យ​មួយ​ចំនួន ប៉ុន្តែ​ខ្ញុំ​បាន​ទទួល​ជំនួយ ដូច្នេះ​ខ្ញុំ​អាច​យល់​បាន ។ ពេល​ខ្ញុំ​កំពុង​បង្រៀន ខ្ញុំ​បាន​សួរ​បងប្អូន​ស្រី​ម្នាក់​នៅក្នុង​ថ្នាក់​សមាគម​សង្គ្រោះ ឲ្យ​ជួយ​ខ្ញុំ​នូវ​ពាក្យ​ណា​ដែល​ខ្ញុំ​ពុំ​ចេះ ។ នោះ​គឺ​ជា​របៀប​ដែល​ខ្ញុំ​បង្រៀន​នៅក្នុង​ថ្នាក់ ។ រាល់ពេល​ដែល​ខ្ញុំ​សូម​ជំនួយ ខ្ញុំ​រៀន​បាន​កាន់តែ​ច្រើន ។

ពីមុន​ខ្ញុំ​ចូល​ជា​សមាជិក​ព្រះវិហារ ខ្ញុំ​បាន​ព្យាយាម​រក​ប្រាក់​ដោយ​ការលក់​ព្រំ​សិប្បកម្ម ប៉ុន្តែ​ខ្ញុំ​គ្មាន​ប្រាក់​ទិញ​ក្រណាត់​ទេ ។ ខ្ញុំ​ធ្លាប់​ប្រាប់​គេ​ថា « ប្រសិនបើ​អ្នក​ត្រូវការ​ចង់​បាន​ព្រំ សូម​ទៅ​ទិញ​ក្រណាត់ ហើយ​យក​វា​មក​ឲ្យ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​ព្រំ​ជូន​អ្នក ។ អ្នក​អាច​បង់​ប្រាក់​ឲ្យ​ខ្ញុំ​ពេល​ខ្ញុំ​ធ្វើ​រួច » ។

ឥឡូវ​ខ្ញុំ​នៅ​ទីនេះ​គឺ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ខ្ញុំ​បាន​រៀន​អំពី​ភាព​ខ្លួ​ន​ទីពឹង​ខ្លួន ។ សាសនាចក្រ​បាន​ផ្តល់​ការអត់ធ្មត់​ច្រើន​ដល់​ខ្ញុំ ដើម្បី​រៀន​អាន រៀន​សរសេរ រៀន​និយាយ ហើយ​ព្យាយាម​ធ្វើ​កិច្ចការ​សម្រាប់​ខ្លួន​ខ្ញុំ​ដើម្បី​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ ឥឡូវ​នេះ​ខ្ញុំ​ទៅ​ហាង​ដេរ​សម្លៀកបំពាក់ ហើយ​សូម​កម្ទេច​ក្រណាត់​នៅ​សល់​ដែល​ពួកគេ​កាត់​ចេញ​ពី​ដុំ​ក្រណាត់ និង​ធ្លាក់​ទៅលើ​ឥដ្ឋ​នោះ ។ ខ្ញុំ​ទិញ​កម្ទេច​ក្រណាត់​នោះ​ក្នុង​តម្លៃ​ថោក ហើយ​ប្រើ​វា​ដើម្បី​ធ្វើ​ព្រំ ។ ឥឡូវ​នេះ​ខ្ញុំ​លក់​ដាច់​បាន​ច្រើន​ជាង​ខ្ញុំ​បាន​ធ្វើ​ពីមុន ។

ចាប់តាំងពី​ខ្ញុំ​ចូល​ជា​សមាជិក​សាសនាចក្រ​មក ជីវិត​ខ្ញុំ​បាន​ផ្លាស់ប្តូរ ។ ខ្ញុំ​បាន​ចាប់ផ្តើម​ពី​បាត​ដៃ​ទទេ​រហូត​ដល់​បាន​ជា​ដុំ​កំភួន ! ខ្ញុំ​មាន​មោទនភាព​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ខ្ញុំ​មាន​មោទនភាព​ចំពោះ​សាសនាចក្រ​ទ្រង់ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

រូបភាព
Fatu

ហ្វាទូ​បាន​រកឃើញ​កម្លាំង​តាមរយៈ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ធ្វើឲ្យ​មាន​ការផ្លាស់ប្តូរ​ដ៏​វិជ្ជមាន​ក្នុង​ជីវិត​របស់​គាត់ ។ ការផ្លាស់ប្តូរ​មួយ​នោះ​គឺ​ថា គាត់​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​កាន់តែ​ច្រើន​ឡើង ។ គាត់​បាន​ទទួល​ពរ​ដោយ​មាន​សមត្ថភាព​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​ខ្លួន​គាត់ និង​គ្រួសារ​គាត់ ។

រូបភាព
Fatu reading to others

ពរជ័យ​នៃ​អក្ខរកម្ម និង​ភាព​ខ្លួន​ទីពឹង​ខ្លួន​បាន​ផ្តល់​ឱកាស​ឲ្យ​ហ្វាទូ​ឈោង​ទៅ​ជួយ និង​ចែកចាយ​អ្វី​ដែល​គាត់​បាន​រៀន​ជាមួយ​មនុស្ស​ដទៃ ។

រូបភាព
Fatu

ទំនុកចិត្ត និង​ការទុកចិត្ត​លើ​ព្រះ​បាន​កើត​មាន​ចំពោះ​ហ្វាទូ ពេល​គាត់​ឱប​ក្រសោ​នូវ​ឱកាស​ថ្មី​ដើម្បី​បម្រើ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​អាច​ធ្វើ​កិច្ចការ​នោះ​ដោយ​មាន​ព្រះ » ។