សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
សេចក្តីណែនំា​សម្រាប់​ពេលវេលា​ចែកចាយ និង​បទបង្ហាញ​របស់​កុមារ​នៅ​ក្នុង​ម៉ោងប្រជុំ​សាក្រាម៉ង់​


សេចក្តីណែនំា​សម្រាប់​ពេលវេលា​ចែកចាយ និង​ការធ្វើ​បទបង្ហាញ​របស់​កុមារ​នៅ​ក្នុង​ម៉ោងប្រជុំ​សាក្រាម៉ង់

គណៈ​ប្រធាន​ថ្នាក់​អង្គការបឋមសិក្សា និង​អ្នកដឹកនាំតន្រី្ត​ទាំងឡាយ​ជា​ទីស្រឡាញ់

ឆ្នាំ​នេះ​យើង​នឹង​ទទួល​បាន​ពរជ័យ​ដ៏​ពិសិដ្ឋ និង​ឱកាស​ដើម្បី​ជួយ​កុមារ​ម្នាក់ៗ​នៅ​ក្នុង​ថ្នាក់​កុមារ​ឲ្យ​បាន​ដឹង​ថា ពួក​គេ​គឺ​ជា​កូន​របស់​ព្រះ ។ យើង​សង្ឃឹម​ថា កុមារ​នឹង​រៀន​ពី​សេចក្តី​ពិត​ដ៏​សំខាន់​នេះ នៅ​ពេល​ដែល​ពួក​គេ​ដឹង​ថា ព្រះ​វរបិតា​សួគ៌​ស្រឡាញ់​ពួក​គេ ។ នៅ​ពេល​ដែល​អ្នក​បង្រៀន​គោលលទ្ធិ​ទាំង​ឡាយ​ប្រកប​ដោយ​ការ​អធិស្ឋាន នៅ​ក្នុង​មេរៀន​អំពីពេលវេលា​ចែកចាយ​ទាំង​នេះ នោះ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​យល់​ពី​វាសនា​ដ៏​ទេវភាព គោលបំណង និង​សក្តានុពល​របស់​ពួក​គេ ។ អ្នក​អាច​ជួយ​ពួក​គេ​បង្កើន​ជំនឿ​​ទៅ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​មាន​ទីបន្ទាល់​ពី​ផែនការ​របស់​ព្រះ​វរបិតា​សួគ៌​សម្រាប់​ពួក​គេ ។ ហើយ​អ្នក​អាច​ផ្តល់​​សេចក្តី​សង្ឃឹមដល់​ពួកគេ​​សម្រាប់​ពេល​អនាគត ហើយ​ពង្រឹង​បំណង​ប្រាថ្នា​របស់​ពួក​គេ​ឲ្យ​បន្ត​រស់​នៅ​លើ​ផ្លូវ​ដែល​នាំ​ត្រឡប់​ទៅ​កាន់​ព្រះ​វរបិតា​សួគ៌​វិញ ។

សូម​ស្វែង​រក​ជំនួយពី​ព្រះ​វិញ្ញាណ​នៅ​ពេល​អ្នក​រៀប​ចំ បង្រៀន និង​ថ្លែង​ទីបន្ទាល់​ពី​សេចក្តី​ពិត​ទាំង​នេះ ។ ក្រុម​គ្រួសារ​ទាំង​ឡាយ​នឹង​បាន​ទទួល​ពរជ័យ​តាមរយៈ​ពលិកម្ម​របស់​អ្នក ។ យើង​ស្រឡាញ់​អ្នក ហើយ​សូម​ផ្ញើ​ការ​ដឹង​គុណ​របស់​យើង​ចំពោះ​ការ​លះ​បង់​សម្រាប់ការ​បម្រើ​ដែល​អ្នក​កំពុងធ្វើ​ក្នុង​ការចិញ្ចឹម​បីបាច់ និង​ការ​ពារ​កុមារ​ដ៏​មាន​តម្លៃ​របស់​យើង ។

គណៈ​ប្រធាន​ទូទៅ​ថ្នាក់​អង្គការ​បឋមសិក្សា

សេចក្តីណែនាំ​អំពី​ពេលវេលា​ចែកចាយ

សេចក្តីណែនាំ​អំពី​ដំណឹង​ល្អ

សូម​ប្រើ​សៀវភៅ​នេះ​នៅ​ពេល​អ្នក​រៀបចំ​មេរៀន​បង្រៀន​សម្រាប់​រយៈ​ពេល 15 នាទី ជា​រៀង​រាល់​សប្តាហ៍​នៅ​អំឡុង​ពេល​វេលា​ចែកចាយ​នោះ ។ អ្នក​អាច​បន្ថែម​មេរៀន​ប្រចាំ​សប្តាហ៍​ជា​មួយ​នឹង​ឯកសារ​របស់​សាសនា​ចក្រ​ផ្សេងៗ​ទៀត ដូច​ជា​ ប្រិយមិត្តលីអាហូណា ។ ការ​ណែនាំ​ខាង​ក្រោម​នឹង​ជួយ​អ្នក​រៀប​ចំ និង​បង្រៀន​មេរៀន ។

ស្រឡាញ់​កុមារ​ដែល​អ្នក​បង្រៀន ។ បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​កុមារ តាម​រយៈ​ការ​រៀន​ស្គាល់​ឈ្មោះ​របស់​ពួក​គេ និង​ដឹង​អំពី​ចំណាប់​អារម្មណ៍ ទេពកោសល្យ​ និង​សេចក្តី​ត្រូវការ​របស់​ពួក​គេ ។

បង្រៀន​គោលលទ្ធិ​តាម​រយៈ​ព្រះ​វិញ្ញាណ ។ នៅ​ពេល​អ្នក​រៀប​ចំ​មេរៀន សូម​អធិស្ឋាន​សុំ​ការ​ដឹកនាំ និង​ព្យាយាម​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​ពី​គោលការណ៍​ទាំង​ឡាយ​ដែល​អ្នក​នឹង​បង្រៀន ។ ការ​ធ្វើ​បែប​នេះ នឹង​ជួយ​អ្នក​បង្រៀន​ដោយ​ព្រះ​វិញ្ញាណ ។

លើក​ទឹក​ចិត្ត​ឲ្យ​រៀន ។ សៀវភៅ​នេះ​ត្រូវ​បាន​រៀបរៀង​ឡើង​ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​មិន​ត្រឹម​តែ​ចំពោះ​អ្វី ដែល​ត្រូវ​បង្រៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដឹង​អំពីរបៀប ដើម្បី​បង្រៀន និង​លើក​ទឹក​ចិត្ត​ឲ្យ​រៀន​ផង​ដែរ ។ អ្នក​នឹង​បង្រៀន​ពី​គោលលទ្ធិ​កាន់​តែ​មាន​ប្រសិទ្ធភាព​ឡើង ប្រសិនបើ​អ្នក​ធ្វើ​តាម​ចំណុច​បី​ខាង​ក្រោម​នេះ​នៅ​គ្រប់​មេរៀន ៖

  1. ​ស្វែងរក​​គោលលទ្ធិ ។ សូម​លើក​ឡើង​ពី​គោលលទ្ធិ​ដែល​កុមារ​នឹង​ត្រូវ​រៀន​ឲ្យ​បាន​ច្បាស់ ។ សូម​រិះ​គិត​ពី​វិធី​មួយ​ចំនួន​ដើម្បី​សម្តែង​ឡើង​ជា​ពាក្យ​សំដី ឬ​តាម​ចក្ខុ ។ ( ឧទាហរណ៍ សូម​មើល​មេរៀន​នៅ​សប្តាហ៍​ទីបួន​ក្នុង​ខែ កុម្ភៈ និង​ក្នុង​សប្តាហ៍​ទី​បី​ក្នុង​ខែ កក្កដា ) ។​

  2. សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់ដឹង ។ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា កុមារ​ទទួល​បាន​ការ​យល់​ដឹង​យ៉ាង​ជ្រាល​ជ្រៅ​ពី​គោលលទ្ធិ​តាមរយៈ​វិធី​សាស្រ្ត​បង្រៀន​ផ្សេងៗ ដែល​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​ការ​រៀន​សូត្រ ដូច​ជា​ការ​ច្រៀង​ចម្រៀង ការ​សម្តែង​រឿង និង​ការ​អាន​បទ​គម្ពីរ​ទាំង​ឡាយ ។

  3. សូម​លើក​ទឹក​ចិត្ត​ឲ្យ​​អនុវត្ត​តាម ។ ផ្តល់​ឱកាស​ដល់​កុមារឲ្យ​​អនុវត្ត​តាម​គោលការណ៍​នេះ​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ។ សូម​ធ្វើ​ការ​ត្រិះ​រិះ​រក​វិធី​ដែល​ពួក​គេ​អាច​បង្ហាញ​ពី​អារម្មណ៍ ឬ​ការ​ដាក់​គោលដៅ​ដែល​ទាក់​ទង​ទៅ​នឹង​គោលលទ្ធិ​នេះ ។

សៀវភៅ​នេះ ផ្តល់​ឲ្យ​នូវ​មេរៀន​ពេញលេញ​សម្រាប់​សប្តាហ៍​មួយ​ចំនួន​នៅ​ក្នុង​ឆ្នាំនេះ ។ គំនិត​ទាំងឡាយ​ដែល​មិន​មែន​ជា​មេរៀន​ពេញលេញ គឺ​ត្រូវ​បាន​ដាក់​បញ្ចូល​សម្រាប់​សប្តាហ៍​ផ្សេង​ទៀត ។ សូម​បន្ថែម​គំនិត​ទាំងនោះ​ជាមួយ​នឹង​គំនិត​របស់​អ្នក ។ អ្នក​អាច​ទទួល​បាន​គំនិត​បន្ថែម តាម​រយៈ​ការ​អាន​មេរៀន​ដទៃ​ទៀត​នៅ​ក្នុង​សៀវភៅ​នេះ ។ នៅ​ពេល​មាន​សប្តាហ៍​ទី​ប្រាំ សូម​ប្រើប្រាស់​ពេលវេលា​នេះ​ដើម្បី​រំលឹក​ពី​មេរៀន​ចាស់ៗ ។ ព្រះវិញ្ញាណ​អាច​ដឹកនាំ​អ្នក​នៅ​ពេល​អ្នក​ដាក់​ផែន​ការ និង​រៀប​ចំ​សកម្មភាព​ទាំងឡាយ​សម្រាប់​មេរៀន ។

សូម​ធ្វើការ​ជា​មួយ​នឹង​អ្នក​ដឹកនាំ​តន្រ្តី នៅ​ពេល​អ្នក​រៀប​ចំ​មេរៀន​របស់​អ្នក ។ សូម​ច្រៀង​ចម្រៀង​ដែល​នឹង​ជួយ​ពង្រឹង​ដល់​គោលលទ្ធិ​ដែល​អ្នក​កំពុង​បង្រៀន ។ នៅ​ពេលខ្លះ​អ្នក​អាច​អញ្ជើញ​គ្រូ​បង្រៀន និង​ថ្នាក់​របស់​ពួកគេ​ឲ្យជួយ​អ្នក​ដោយ​ធ្វើ​ជា​ចំណែក​នៃ​ការបង្រៀន​ដំណឹង​ល្អ ។

មេរៀន​ខ្លះ​ផ្តល់​មតិ​ឲ្យ​អញ្ជើញ​ភ្ញៀវ​ណា​ម្នាក់​មក​និយាយ​នៅក្នុង​ថ្នាក់​កុមារ ។ អ្នក​គួរតែ​សុំ​ការអនុញ្ញាត​ពី​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​អ្នក​ពីមុន​ធ្វើ​ការអញ្ជើញ​បុគ្គល​ទាំងនេះ​មក​ចូល​រួម ។

រួម​ផ្សំ​នឹង​មេរៀន គឺ​មាន​យោបល់​បង្រៀន​មួយ​ចំនួន ដែល​នឹង​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ​សមត្ថភាព​របស់​អ្នក​ដើម្បី​បង្រៀន ។ មេរៀន​ទាំងឡាយ​ក៏​មាន​រូបភាព​ដែល​នឹង​ជួយ​អ្នក​មើល​ឃើញ​ថា តើ​សកម្មភាព​នោះ​មាន​ទម្រង់​បែបណា ។ ទោះ​ជា​ការអភិវឌ្ឍ​ជំនាញ​បង្រៀន​សំខាន់​យ៉ាង​ណា​ក្តី ក៏​ការរៀបចំ​ជីវភាព​ខាង​វិញ្ញាណ និង​ទីបន្ទាល់​របស់​អ្នក គឺ​ជា​អ្វី​ដែល​នឹង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​ធ្វើការ​បញ្ជាក់​ចំពោះ​គោលលទ្ធិ​ទាំងនេះ​នៅក្នុង​ចិត្ត​របស់​កុមារ​ដែរ ។

ពេល​វេលា​ចែក​ចាយ

តន្រ្តី​នៅ​ក្នង​ថ្នាក់​កុមារ​គួរតែ​បង្កើត​បរិយាកាស​ដែល​មាន​គាវរភាព បង្រៀន​ដំណឹង​ល្អ ហើយ​ជួយ​កុមារ​ឲ្យ​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ភាព​រីករាយ​ដែល​បាន​ទទួល​ពី​ការច្រៀង​ចម្រៀង ។ រយៈពេល 20 នាទី​នៃ​ពេលវេលា​ចែកចាយ​គួរតែ​ត្រូវ​បាន​ចំណាយ​ទៅ​លើ​ការច្រៀង និង​ការបង្រៀន​តន្ត្រី ។ ការណ៍​នេះ​នឹង​បញ្ជាក់​ថា អ្នក​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​បង្រៀន​បទចម្រៀង​ថ្មី និង​ជួយ​កុមារ​ឲ្យ​រីករាយ​នឹង​ការច្រៀង ។

សៀវភៅ​នេះ មាន​ដាក់​បញ្ចូល​ចម្រៀង​ថ្មី​មួយ​បទ​សម្រាប់​កុមារ​ឲ្យ​រៀន​នៅក្នុង​ឆ្នាំ​នេះ ( សូម​មើល​ទំព័រ 28 ( 00 ) ។ វា​ក៏​មាន​បញ្ចូល​ផងដែរ​នូវ​ផ្នែកមួយ​ជា​ចំណងជើង « របៀប​ប្រើប្រាស់​តន្រ្តី​នៅក្នុង​ថ្នាក់​កុមារ » ( សូម​មើល​ទំព័រ 26–27 ) និង​យោបល់​បន្ថែម​សម្រាប់​ការបង្រៀន​បទចម្រៀង​ទាំងឡាយ​ដល់​កុមារ ( សូម​មើល​ទំព័រ 3, 11, 17 ) ។

សេចក្តី​ណែនាំ​អំពី​បទបង្ហាញ​នៅក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​

ក្រោម​ការដឹកនាំ​របស់​ប៊ីស្សព ឬ​ប្រធាន​សាខា ការធ្វើ​បទបង្ហាញ​របស់​កុមារ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ គឺ​ជា​ធម្មតា​ត្រូវបាន​ធ្វើ​ឡើង​នៅ​ត្រីមាស​ទី​បួន​នៃ​ឆ្នាំ ។ សូម​ជួប​នឹង​ទីប្រឹក្សា​នៅក្នុង​គណៈ​ប៊ីស្សព ឬ​គណៈប្រធាន​សាខា​ដែល​មើល​ខុស​ត្រូវ​លើ​ថ្នាក់​កុមារ​ពី​ដើម​ឆ្នាំ ដើម្បី​ពិភាក្សា​អំពី​ផែន​ការ​គ្រោង​ទុក ។ សូម​សុំ​ការអនុមតិ​ពី​គាត់​នៅពេល​ដែល​ផែនការ​ត្រូវ​បាន​បំពេញ ។

សូម​រៀបចំ​កុមារ​ឲ្យ​សម្តែង​ពី​កម្មវិធី​ផ្អែកលើ​បាវចនា​ពេលវេលា​ចែកចាយ​ប្រចាំ​ខែ ។ នៅក្នុង​ឆ្នាំ​នេះ សូម​កត់ត្រា​ទុក​នូវ​ការថ្លែង​ទីបន្ទាល់ និង​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​កុមារ​ដើម្បី​ប្រើប្រាស់​នៅក្នុង​បទបង្ហាញ ។ នៅពេល​អ្នក​ដាក់​ផែនការ​សម្រាប់​កុមារ​ដើម្បី​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​បាវចនា​ក្នុងឆ្នាំ​នេះ សូម​គិត​ពី​វិធី​ទាំងឡាយ​ដែល​អ្នក​អាច​ជួយ​ក្រុមជំនុំ​ឲ្យ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គោលលទ្ធិ​នៃ​ដំណឹង​ល្អ ដែល​ពួក​គេ​កំពុង​បង្រៀន ។ សមាជិក​ម្នាក់​នៃ​គណៈ​ប៊ីស្សព​អាច​បញ្ចប់​ការប្រជុំ​ដោយ​ថ្លែង​នូវ​ទីបន្ទាល់​ខ្លីៗ ។

នៅពេល​អ្នក​រៀបចំ​បទបង្ហាញ សូម​ចងចាំ​គោលការណ៍​ណែនាំ​ដូច​ខាងក្រោម ៖

  • ការហាត់​សម មិន​គួរ​យក​ពេល​របស់​ថ្នាក់​ផ្សេងៗ ឬ​យក​ពេល​របស់​ក្រុម​គ្រួសារ​ដោយ​មិន​ចាំបាច់​នោះ​ឡើយ ។

  • បទបង្ហាញ​ដោយ​ប្រើ​រូបភាព​ជំនួយ ការតុបតែង​សំលៀកបំពាក់ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ មិន​មាន​ភាពសមរម្យ​ចំពោះ​ការប្រជុំ​សាក្រាម៉ង់​នោះ​ទេ ។

រូបភាព
បទបង្ហាញ​ក្នុង​ម៉ោង​ប្រជុំ​សាក្រាម៉ង់

ធនធាន​ទាំងឡាយ​ដែល​បាន​ប្រើ​នៅក្នុង​កូន​សៀវភៅ​នេះ

អក្សរកាត់​ខាងក្រោម ត្រូវ​បាន​ប្រើប្រាស់​ពេញ​ក្នុង​សៀវភៅ​នេះ ៖

ច.ក.សៀវភៅ​ចម្រៀង​កុមារ

ក.រ.ដ.កញ្ចប់​រូបភាព​ដំណឹងល្អ

មេរៀន​ជាច្រើន​ដែល​រួម​មាន​ការស្នើ​ឲ្យ​ប្រើប្រាស់​រូបភាព​ទាំងឡាយ ។ អ្នក​អាច​រក​រូបភាព​បាន​នៅក្នុង កញ្ចប់​រូប​ភាព​រូបភាព​ដំណឹងល្អ កញ្ចប់​រូបភាព​នៅក្នុង​សៀវភៅ​សិក្សា​របស់​កុមារ និង​ទស្សនាវដ្តី​របស់​សាសនាចក្រ និង​តាម​ប្រព័ន្ធ​អ៊ិនធើរណែត​ក្នុង images.lds.org ។

កម្មវិធី​សិក្សា​សម្រាប់​ឆ្នាំ 2018

កម្មវិធី​សិក្សា​ទូទៅ

ថ្នាក់​ទារកដ្ឋាន ៖ កាំរស្មីព្រះអាទិត្យ ៖ អង្គការបឋមសិក្សា​ទី 1 ជ.ផ.ត 4–7 ៖ អង្គការបឋមសិក្សា 2 សេចក្តីក្លាហាន 8 –11 ៖ អង្គការបឋមសិក្សាទី 6

កម្មវិធី​សិក្សា​មូលដ្ឋាន

កាំរស្មីព្រះអាទិត្យ៖ អង្គការបឋមសិក្សាទី 1 ជ.ផ.ត 4–7 ៖ អង្គការបឋមសិក្សាទី 2 សេចក្តីក្លាហាន 8 –11 ៖ អង្គការបឋមសិក្សាទី 5