ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២១ ៖ ការចិញ្ចឹម​កូនៗ​ដោយ​សេចក្ដីស្រឡាញ់ និង​សុចរិតភាព


មេរៀនទី ២១

ការចិញ្ចឹម​កូនៗ​ដោយ​សេចក្ដីស្រឡាញ់ និង​សុចរិតភាព

សេចក្ដីផ្ដើម

« ឪពុកម្ដាយ​មាន​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ ដើម្បី​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​ខ្លួន​ដោយ​សេចក្ដីស្រឡាញ់ និង​សុចរិតភាព » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ ឪពុកម្ដាយ​ជួយ​សម្រេច​ឲ្យ​បាន​នូវ​កាតព្វកិច្ច​នេះ នៅពេល​ពួកគេ​បង្ហាញ​សេចក្ដីស្រឡាញ់ ព្រមទាំង​ទីបន្ទាល់​របស់​ពួកគេ ជា​សម្ដី និង​សកម្មភាព ហើយ​បង្កើត​នូវ​ទម្លាប់​ដ៏​ទៀងទាត់​មួយ​ក្នុង​ការធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ការអធិស្ឋាន​ជាគ្រួសារ និង​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ ។

ការអាន​ពី​សាវតា

  • រីឆាត ជី ស្កត « Make the Exercise of Faith Your First Priority » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩២–៩៥ ។

  • ជែហ្វ្រី អ័រ ហូឡិន A Prayer for the Children,EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ៨៥–៨៧ ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ១៥:១១-២០; អេភេសូរ ៦:៤

ទំនួលខុសត្រូវ​របស់​ឪពុកម្ដាយ​ដែល​ត្រូវ​ស្រឡាញ់ និង​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​ពួកគេ

សូម​ចែកចាយ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ ដោយ​អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ៖

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

« កាល​កូនស្រី​ពៅ​របស់​យើង​មាន​អាយុ​ប្រហែល​បួន​ឆ្នាំ មាន​ល្ងាច​មួយ​នោះ ខ្ញុំ​ត្រឡប់​មក​ផ្ទះ​ពី​ភារកិច្ច​នៅ​មន្ទីរពេទ្យ​វិញ​យឺត​បន្តិច ។ ខ្ញុំ​បាន​ឃើញ​ភរិយា​របស់​ខ្ញុំ​នឿយហត់​យ៉ាងខ្លាំង ។ … ដូច្នេះ ខ្ញុំ​បាន​ស្ម័គ្រចិត្ត​យក​កូនស្រី​អាយុ​បួន​ឆ្នាំ​របស់​ខ្ញុំ​ទៅគេង ។ ខ្ញុំ​បាន​ចាប់ផ្ដើម​ចេញ​បញ្ជា ៖ ‹ ដោះ​ខោអាវ​កូន​ចេញ ហើយ​ព្យួរ​វា​ឡើង ស្លៀក​ខោអាវ​គេង ដុស​ធ្មេញ ហើយ​អធិស្ឋាន​ផង​ណា​កូន › ជាដើម ដោយ​បញ្ជា​តាម​របៀប​មួយ ដែល​សមនឹង​ធ្វើ​ដាក់​ពលបាលត្រី​ដ៏​ពិបាក​មួយ​នៅក្នុង​ជួរ​កងទ័ព ។ រំពេច​នោះ នាង​បាន​ផ្អៀង​ក្បាល​ទៅ​មួយ​ចំហៀង ហើយ​មើល​មក​ខ្ញុំ​ដោយ​ការ​តាំងចិត្ត ហើយ​បាន​និយាយ​ថា ‹ ប៉ា តើ​ប៉ា​ជាម្ចាស់​របស់​ខ្ញុំ​ឬ › ?

« នាង​បាន​បង្រៀន​ខ្ញុំ​ពីមេរៀន​ដ៏​សំខាន់​មួយ ។ … ទេ យើង​មិនមែន​ជា​ម្ចាស់​របស់​កូនចៅ​យើង​នោះទេ ។ ឯកសិទ្ធិ​ជា​ឪពុកម្ដាយ​របស់​យើង គឺ​ត្រូវ​ស្រឡាញ់​ពួកគេ ដឹកនាំ​ពួកគេ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ » ( Listen to Learn,Ensign ខែ ឧសភា ឆ្នាំ ១៩៩១ ទំព័រ ២២ ) ។

  • តើ​អែលឌើរ ណិលសុន បាន​បង្រៀន​នូវ​គោលការណ៍​អ្វី ចេញពី​បទពិសោធន៍​នេះ ? ( ឪពុកម្ដាយ​មាន​ឯកសិទ្ធិ​ក្នុង​ការស្រឡាញ់ និង​ដឹកនាំ​កូនចៅ​របស់​ពួកគេ ) ។

សូម​អាន ឬ​បង្ហាញ​នូវ​ការ​ថ្លែងខាងក្រោម​នេះ ដែល​ដកស្រង់​ចេញពី​ការប្រកាស​អំពី​ក្រុមគ្រួសារ ហើយ​សូម​ឲ្យ​សិស្ស​រកមើល​ពាក្យ និង​ឃ្លា​គន្លឹះ​នានា ៖ « ស្វាមី និង​ភរិយា​មាន​ការទទួល​ខុសត្រូវ​ដ៏​ឧឡារិក​ដើម្បី​ស្រឡាញ់ និង​ថែរក្សា​គ្នា​ទៅវិញទៅមក ព្រមទាំង​កូនចៅ​របស់​ខ្លួន​ផងដែរ ។ … ឪពុកម្ដាយ​មាន​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ ដើម្បី​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​ខ្លួន​ដោយ​ក្ដីស្រឡាញ់ និង​សេចក្ដីសុចរិត » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ សូម​សួរ​សិស្ស​ពី​ពាក្យ និង​ឃ្លា​ដែល​បំផុស​ដល់​ពួកគេ និង ប្រាប់​ពី​មូលហេតុ​ផង ។ ប្រសិនបើ​ចាំបាច់ សូម​សួរ ៖

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ពាក្យ « ដ៏​ឧឡារិក » និង « ដ៏ពិសិដ្ឋ » ត្រូវបាន​ប្រើ​ដើម្បី​រៀបរាប់​ពី​ទំនួលខុសត្រូវ និង​កាតព្វកិច្ច​របស់​ឪពុកម្ដាយ ?

សូម​ប្រាប់​សិស្ស​ថា ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នូវ​ដំណើររឿង​ប្រៀបធៀប​មួយ ដែល​បង្ហាញ​ពី​របៀប​ដែល​កូនក្មេង​ម្នាក់ ដែល​ត្រូវបាន​ចិញ្ចឹមបីបាច់​ដោយ​សេចក្ដីស្រឡាញ់ អាច​នឹង​បន្ដ​ទុកចិត្ត​លើ​ទំនាក់ទំនង​គ្រួសារ​របស់​គាត់ ឬ​នាង​បាន ។ សូម​ឲ្យ​សិស្ស​អាន​ក្នុង លូកា ១៥:១១-២០ ដោយ​ស្ងាត់ស្ងៀម ដោយរកមើល​ភស្ដុតាង​ដែល​ថា កូនប្រុស​ដែល​បង្ហិន​ទ្រព្យ​នោះ​បាន​ដឹង​ថា គាត់​ត្រូវបាន​ស្រឡាញ់​ដោយ​ឪពុក​របស់​គាត់ ។ ក្រោយពី​ទុកពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ឪពុក​ដែល​នៅក្នុង​រឿង​ប្រៀបធៀប​នេះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​ឮៗ ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

« នៅក្នុង​រឿង​ប្រៀបធៀប​នៃ​កូនប្រុស​បង្ហិនទ្រព្យ យើង​ឃើញ​មាន​មេរៀន​ដ៏​មាន​អានុភាព​មួយ សម្រាប់​គ្រួសារ និង​ជាពិសេស​ចំពោះ​ឪពុកម្ដាយ ។ ក្រោយពី​កូនប្រុស​ពៅ ‹ ភ្ញាក់ខ្លួន​ដឹង › [ លូកា ១៥:១៧ ] នោះ​គាត់​បាន​សម្រេចចិត្ត​ថា​ទៅ​ផ្ទះ​វិញ ។

« តើ​គាត់​បាន​ដឹង​ថា ឪពុក​របស់​គាត់ នឹង​មិន​បដិសេធ​គាត់​ដោយ​របៀបណា ? ដោយសារ​គាត់​បាន​ស្គាល់​ឪពុក​របស់​គាត់ ។ តាមរយៈ​ការយល់ខុស វិបត្តិ និង​ភាពល្ងង់ខ្លៅ​នៃ​ភាពយុវវ័យ​ដែល​មិន​អាច​ចៀសវាង​បាន​របស់​កូនប្រុស​នោះ ខ្ញុំ​អាច​ស្រមៃ​ពី​ឪពុក​របស់​គាត់​ដែល​រង់ចាំ​នៅ​ទីនោះ ដោយ​មាន​ការយល់ចិត្ត និង​ដួងចិត្ត​មេត្តា​ករុណា ផ្ដល់​ចម្លើយ​ដ៏​ស្រទន់ ស្ដាប់​ដល់​កូន​បរិយាយ និង​ឱបក្រសោប​កូន​ដោយ​មិន​ប្រកាន់​ទោស​ពៃ ។ ខ្ញុំ​ក៏​អាច​ស្រមៃ​ពី​កូនប្រុស​របស់​គាត់ ដែល​ដឹង​ថា គាត់​អាច​ត្រឡប់មក​ផ្ទះ​វិញបាន ដោយសារ​គាត់​បាន​ស្គាល់​ពី​ប្រភេទ​ផ្ទះ​ដែល​កំពុង​រង់ចាំ​ដល់​គាត់ ( With All the Feeling of a Tender Parent: A Message of Hope to Families,EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩០ ) ។

  • តើ​មាន​ការបង្ហាញ​សេចក្ដីស្រឡាញ់​របស់​ឪពុក​ម្នាក់​នេះ អ្វីខ្លះ ដែល​អែលឌើរ ហែល បាន​រកឃើញ ? តើ​ទង្វើ​របស់​ឪពុកម្ដាយ​ផ្សេង​ទៀត​អ្វីខ្លះ ដែល​នាំ​ទៅរក​បរិយាកាស​គេហដ្ឋាន​មួយ​ដ៏​ប្រកបដោយ​សេចក្ដីស្រឡាញ់ និង​ការយកចិត្ត​ទុកដាក់​នោះ ? ( សូម​ពិចារណា​ពី​ការប្រើ អេភេសូរ ៦:៤ ដើម្បី​បំពេញ​បន្ថែម​នៅក្នុង​ការពិភាក្សា​នៅក្នុង​ថ្នាក់​សម្រាប់​សំណួរ​មួយ​នេះ ) ។

  • តើ​អ្នក​បាន​ឃើញ​គំរូ​អ្វីខ្លះ ពី​ឪពុកម្ដាយ ដែល​បង្ហាញ​សេចក្ដីស្រឡាញ់​ដល់​កូនចៅ​របស់​ពួកគេ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ខ្លះ នា​ពេល​ឥឡូវ​នេះ ដើម្បី​រៀបចំ​ ដើម្បី​ចេះ​ស្រឡាញ់ និង​ថែទាំ​ដល់​កូនចៅ​ផ្ទាល់​របស់​អ្នក​នៅ​ថ្ងៃណាមួយ​នោះ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៥-២៨; ៩៣:៣៦-៤០

ការចិញ្ចឹម​កូនៗ​ដោយ​សុចរិតភាព

សូមបង្ហាញ​ដល់​សិស្ស​នូវ​រូបភាព​មួយ​អំពី​កូនក្មេង​ម្នាក់ ប្រហែល​ជា​កូន​របស់​អ្នក​ផ្ទាល់​ក៏​បាន ។

  • តើ​ការបង្រៀន​ដ៏​ចាំបាច់​អ្វីខ្លះ ដែល​កូនក្មេង​ម្នាក់​ត្រូវការ​ដើម្បី​អភិវឌ្ឍ​ខាង​វិញ្ញាណ​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ ?

សូម​សិស្ស​ឲ្យ​ពិចារណា​អំពី​សំណួរ​នេះ នៅពេល​ពួកគេ​សិក្សា និង​ប្រៀបធៀប​ការបង្រៀន​ទាំងឡាយ​ដែល​មាន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:៣៦–៤០ និង ៦៨:២៥–២៨ ។ ( កំណត់ចំណាំ ៖ « សារលិខិត​មួយ​នៃ​បទគម្ពីរ ឬ គោលលទ្ធិ ឬ គោលការណ៍​មួយ តែងតែ​បាន​បញ្ជាក់ នៅពេល​វា​ត្រូវបាន​ប្រៀបធៀបគ្នា » ជាមួយ​នឹង​សារលិខិត​នៃ​បទគម្ពីរ​ផ្សេងទៀត [ Gospel Teaching and Learning ( ឆ្នាំ ២០១២ ) ទំព័រ ២២ ] ) ។

  • តើ​គោលការណ៍​ទាក់ទង​ទៅនឹង​ទំនួលខុសត្រូវ​របស់​ឪពុកម្ដាយ​អ្វីខ្លះ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ ? ( ទោះបីជា​ពួកគេ​អាច​ប្រើ​សម្ដី​ខុសគ្នា​មែន ក៏​សិស្ស​គួរ​តែ​យល់​ពី​គោលការណ៍​ដែល​មាន​ដូច​តទៅនេះ ៖ ឪពុក​ម្ដាយ​ត្រូវ​ស្ដាប់​តាមបង្គាប់​របស់​ព្រះអម្ចាស់ នៅពេល​ពួកគេ​ចិញ្ចឹម​កូនចៅ​របស់​ពួកគេ​មកក្នុង​ពន្លឺ និង​សេចក្ដីពិត ។ សូម​ពន្យល់​ថា នៅក្នុង​បរិបទ​នៃ​ខគម្ពីរ​ទាំងនេះ « ពន្លឺ » សំដៅ​ទៅលើ​ចំណេះដឹង​ខាង​វិញ្ញាណ និង​ការយល់​ដឹង​ពី​គោលការណ៍​ដ៏​សុចរិត​ទាំងឡាយ ) ។

  • ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​សម្រាប់​ឪពុកម្ដាយ ដែល​ត្រូវ​បង្រៀន​កូនចៅ​ពី​គោលការណ៍ និង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៅក្នុង​គេហដ្ឋាន​របស់​ពួកគេ​នោះ ?

ដើម្បី​ជួយ​ឆ្លើយ​នឹង​សំណួរ​នេះ សូម​ចែកចាយ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
ប្រធាន ប៊យដ៍ ឃេ ផាកកឺ

« ព្រះគម្ពីរ​និយាយ​អំពី​កាលដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូលថា ការ ‹ យក​សេចក្តី​ជំនឿ​ទុក​ជា​ខែល ដែល​អ្នក​រាល់​គ្នា​នឹង​អាច​រំលត់ អស់​ទាំង​ព្រួញ​ឆេះ​របស់​ពួកទុច្ចរិត ដោយសារ​ខែល​នោះ​បាន › ( គ. និង ស. ២៧:១៧ ) ។

« ខែល​នៃ​សេចក្ដី​ជំនឿ​នោះ បាន​ផលិត​យ៉ាង​ល្អ​បំផុត​នៅ​ក្នុង​ឧស្សាហកម្ម​តូច​មួយ [ គឺ នៅក្នុង​ផ្ទះ ] ។ ខណៈ​ដែល​ខែល​នោះ អាច​ត្រូវបាន​ដុសខាត់​ឲ្យ​រលោង​នៅក្នុង​ថ្នាក់​រៀន​នៃ​សាសនាចក្រ និង​នៅក្នុង​សកម្មភាព​នានា វា​មាន​បំណង​ឲ្យ​ផលិត​ដោយ​ដៃ​ឡើង​នៅក្នុង​ផ្ទះ ហើយ​ឲ្យ​សមល្មម​នឹង​បុគ្គល​ម្នាក់ៗ » (Do Not Fear,EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៧៩ ) ។

  • តើ​អ្នក​បាន​ឃើញ​ថា ឪពុកម្ដាយ​បាន​បង្រៀន​កូនចៅ​របស់​ពួកគេ​នូវ​គោលការណ៍​ដ៏​សុចរិត ដែល​ដឹកនាំ​ពួកគេ​ទៅរក​ពន្លឺ និង​សេចក្ដីពិត​ដោយ​របៀបណា ?

  • តើ​មាន​ផលវិបាក​អ្វីខ្លះ ដែល​បាន​លើកឡើង​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៥ សម្រាប់​ឪពុកម្ដាយ ដែល​ស្គាល់​ពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ប៉ុន្ដែ​ខកខាន​មិន​បាន​បង្រៀន​ដល់​កូនចៅ​របស់​ពួកគេ​អំពី​គោលការណ៍​ដំណឹងល្អ​ទាំងនោះ ? ( សូម​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលការណ៍​ដែល​មាន​ដូច​តទៅនេះ ៖ ឪពុកម្ដាយ ដែល​ស្គាល់​ពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ព្រះ ប្រសិនបើ​ពួកគេ​ខកខាន​មិន​បាន​បង្រៀន​ដល់​កូនចៅ​របស់​ពួកគេ​នូវ​គោលការណ៍​ដំណឹងល្អ​ទេ​នោះ ) ។

សូម​ពន្យល់​ថា ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​បញ្ជាក់​ម្ដងហើយ​ម្ដងទៀត​នូវ​ការអនុវត្ត​ដ៏​សុចរិត​ទាំងឡាយ ដែល​ឪពុកម្ដាយ គួរ​ធ្វើ​នៅក្នុង​គេហដ្ឋាន ដើម្បី​បង្រៀន​ដល់​កូនចៅ​របស់​ពួកគេ​នូវ​គោលការណ៍​ដំណឹងល្អ​ទាំង​នោះ ។

រូបភាព
ក្រដាស​ចែក ពរជ័យ​មកពី​ការអធិស្ឋាន​ជា​គ្រួសារ ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

សូម​ចែក​ក្រដាស​ដែល​មាន​នៅ​ចុង​មេរៀន​នេះ​ដល់​សិស្ស​ម្នាក់ៗ ហើយ​អាន​ការណែនាំ​នៅលើ​ក្រដាស​ចែក​នោះ ។ ក្រោយពី​ទុកពេល​គ្រប់គ្រាន់​ហើយ និង​ដោយ​មាន​ការបំផុស​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​បាន​ទទួល​ប្រយោជន៍​អ្វីខ្លះ មកពី​ការអនុវត្ត​ទាំងបី​នេះ​នៅ​ក្នុង​គ្រួសារ​ ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​ក្នុង​ការអភិវឌ្ឍ​នូវ​ទម្លាប់​នៃ​ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ និង​ការធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ មុនពេល​អ្នក​រៀប និង​ពេល​ចាប់ផ្ដើម​មាន​កូនចៅ ?

ដើម្បី​ជួយ​សិស្ស​យល់​ថា មាន​របៀប​ផ្សេងៗ​ទៀត ដែល​ឪពុកម្ដាយ​អាច​បង្រៀន​គោលការណ៍​ដំណឹងល្អ​ដល់​កូនចៅ​របស់​ពួកគេ​បាន នោះ​សូម​ចែកចាយ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ដាវីឌ អេ បែដណា និង ជែហ្វ្រី អ័រ ហូឡិន ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« ឪពុកម្ដាយ​គួរតែ​យកចិត្តទុកដាក់​ដោយ​ប្រុងប្រយ័ត្ន និង​ថែទាំ​ខាងវិញ្ញាណ ចំពោះ​ឱកាស​ដែល​កើតឡើង​ដោយ​ចៃដន្យ ដើម្បី​ថ្លែងទីបន្ទាល់​ដល់​កូនចៅ​របស់​ពួកគេ ។ ឱកាស​បែបនោះ មិន​ត្រូវការ​មាន​កម្មវិធី កាលវិភាគ ឬ​សរសេរទុក​ជា​មុន​នោះទេ ។ តាមពិត​ទៅ កាលណា​ការចែកចាយ​ទីបន្ទាល់​បែបនោះ​កាន់តែ​សាមញ្ញ នោះ​ការស្ថាបនា និង​ឥទ្ធិពល​របស់​វា​នឹង​មាន​យូរ​អង្វែង និង​អស្ចារ្យ​កាន់តែ​ខ្លាំង​ឡើង ។ …

« ឧទាហរណ៍ ការសន្ទនា​ក្នុង​ក្រុមគ្រួសារ​ដែល​កើតឡើង​តាម​ធម្មតា នៅពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច អាច​ជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ឪពុកម្ដាយ​ឲ្យ​រ៉ាយរ៉ាប់ និង​ថ្លែងទីបន្ទាល់​អំពី​ពរជ័យ​ជាក់លាក់ ដែល​គាត់​បាន​ទទួល អំឡុងពេល​ដំណើរ​ជីវិត​នៃ​សកម្មភាព​ជា​ទៀងទាត់​នៅ​ថ្ងៃ​នោះ » ( ដាវីឌ អេ បែដណា Watching with All Perseverance,EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៤២ ) ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« សូម​រស់នៅ​តាម​ដំណឹងល្អ ឲ្យ​បាន​ឃើញ​ជាក់ស្ដែង តាម​ដែល​អ្នក​អាច​ធ្វើ​ទៅបាន ។ សូម​កាន់តាម​សេចក្ដីសញ្ញា ដែល​កូនៗ​របស់​អ្នក​បាន​ដឹងថា អ្នក​បាន​ធ្វើ​វា​នោះ ។ សូម​ផ្ដល់​ការប្រសិទ្ធពរបព្វជិតភាព ។ ហើយ សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក ! កុំ​គ្រាន់តែ​គិត​ថា កូនៗ​របស់​អ្នក​នឹង​ទទួល​បាន​នូវ​ផ្នែក​នៃ​ជំនឿ​របស់​អ្នក​ដោយ​ខ្លួនគេ​តាម​របៀប​ណា​មួយ​ឲ្យ​សោះ ។ …

« … តើ​កូនចៅ​របស់​យើង​ដឹង​ថា យើង​ស្រឡាញ់​ព្រះគម្ពីរ​ដែរ​ឬទេ ? តើ​ពួកគេ​បាន​ឃើញ​ថា យើង​អាន​វា និង​គូសចំណាំ​វា ហើយ​ធ្វើតាម​វា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ដែរឬ​ទេ ? តើ​កូនចៅ​របស់​យើង​ធ្លាប់​បាន​បើក​ទ្វារ​ដោយ​មិន​បាន​រំពឹងទុក​ជា​មុន ហើយ​បាន​ឃើញ​អ្នក​កំពុង​លុតជង្គង់​អធិស្ឋាន​ដែរ​ឬទេ ? តើ​ពួកគេ​ធ្លាប់​បាន​ឮ មិនត្រឹម​តែ​ពេល​អធិស្ឋាន ជាមួយ​នឹងពួកគេ​ទេ ប៉ុន្តែ​នៅពេល​អធិស្ឋាន សម្រាប់​ពួកគេ​ដោយ​គ្មាន​អ្វី ក្រៅពី​សេចក្ដីស្រឡាញ់​របស់​ឪពុកម្ដាយ​ដ៏​ពិត​ដែរ​ឬ​ទេ ? តើ​កូនចៅ​របស់​យើង​ដឹង​ថា យើង​ជឿ​លើ​ការតមអាហារ … ដែរ​ឬ​ទេ ? តើ​ពួកគេ​ដឹង​ថា យើង​ចូលចិត្ត​ទៅ​ព្រះវិហារ​បរិសុទ្ធ … ដែរ​ឬ​ទេ ? តើ​ពួកគេ​ដឹង​ថា យើង​ស្រឡាញ់ និង​គាំទ្រ​ដល់​អ្នកដឹកនាំ​ក្នុងស្រុក និង​អ្នកដឹកនាំ​ទូទៅ នូវ​ភាព​មិន​ខ្ចោះ​របស់​ពួកគេ … ដែរ​ឬទេ ? តើ​កូនចៅ​ទាំងនោះ​ដឹង​ថា យើង​ស្រឡាញ់​ព្រះ​ដោយ​អស់​ពីចិត្ត​របស់​យើង ហើយ​ថា​យើង​រង់ចាំ​មើល​ឃើញ​ព្រះភក្ត្រ—ហើយ​ក្រាប​ដល់​ព្រះបាទា—របស់​ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​ទ្រង់​ដែរ​ឬទេ ? ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ ពួកគេ​នឹង​អាច​ដឹង​ពី​ការណ៍​នេះ » ( ជែហ្វ្រី អ័រ ហូឡិន A Prayer for the Children,EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ៨៦–៨៧ ) ។

  • តើ​ឪពុកម្ដាយ​របស់​អ្នក ឬ​ឪពុកម្ដាយ​របស់​អ្នក​ផ្សេង ដែល​អ្នក​បាន​ឃើញ​នោះ បាន​កេង​ចំណេញ​ពី​ឱកាស​ចៃដន្យ​នេះ ដើម្បី​បង្រៀន​គោលការណ៍​ដំណឹងល្អ​ដោយ​របៀបណា ?

  • ហេតុអ្វី​បានជា​វា​សំខាន់​ចំពោះ​ឪពុក​ម្ដាយ​ដែល​ត្រូវ​រស់នៅ​តាម​ដំណឹងល្អ​យ៉ាង​អស់​ពី​ចិត្ត ?

  • តើ​អ្នក​កំពុង​ធ្វើ​អ្វីខ្លះ​នាពេល​ឥឡូវនេះ ដើម្បី​ធ្វើឲ្យ​ចំណេះដឹង​របស់​អ្នក​អំពី​ដំណឹងល្អ​កាន់តែ​ស៊ីជម្រៅ ដើម្បី​ឲ្យ​អ្នក​នឹង​អាច​បង្រៀន​ដល់​កូនចៅ​របស់​អ្នក​ពី​ពន្លឺ និង​សេចក្ដីពិត​បាន ?

សូម​ថ្លែងទីបន្ទាល់​ថា ឪពុកម្ដាយ​អាច « ចិញ្ចឹម​កូនៗ​ដោយ​សេចក្ដីស្រឡាញ់ និង​សុចរិតភាព » ដោយ​ការដឹកនាំ​ពួកគេ​ឲ្យ​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​របស់​ពួកគេ តាមរយៈ​ការស្រឡាញ់​ពួកគេ ការបង្រៀន​ដល់​ពួកគេ​នូវ​គោលការណ៍​ដំណឹងល្អ និង​ការធ្វើ​ជា​គំរូ​ដ៏​ល្អ​មួយ ។

ការអាន​របស់​សិស្ស​

ក្រដាសចែក

រូបភាព
ក្រដាស​ចែក ពរជ័យ​មកពី​ការអធិស្ឋាន​ជា​គ្រួសារ ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

ពរជ័យ​មកពី​ការអធិស្ឋាន​ជា​គ្រួសារ ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច សៀវភៅ​សម្រាប់​គ្រូបង្រៀន—មេរៀនទី ២១

នៅពេល​អ្នក​អាន​ការបង្រៀន​ខាងក្រោម​នេះ​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ នោះ​សូម​គូសបន្ទាត់​ពីក្រោម​ពរជ័យ ដែល​មកពី​ការអធិស្ឋាន​ជា​គ្រួសារ​ប្រចាំ​ថ្ងៃ និង​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​ប្រចាំ​ថ្ងៃ និង​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ​រាល់​សប្ដាហ៍ ។

អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ បាន​បង្រៀន ៖

« ឪពុកម្ដាយ ជួយ​ការពារ​ដល់​កូនចៅ​របស់​អ្នក ដោយ​បំពាក់​ដល់ពួកគេ​នូវ​អានុភាព​នៃ​ការអធិស្ឋាន​ជា​គ្រួសារ​ទាំងព្រឹក និង​យប់ ។ … សូម​ការពារ​កូនចៅ​របស់​អ្នក​កុំ​ឲ្យ​រង​ឥទ្ធិពល​របស់​លោកិយ​រាល់ថ្ងៃ​នេះ ដោយ​ការពង្រឹង​ពួកគេ​ជាមួយ​នឹង​ពរជ័យ​ដ៏​មាន​អំណាច ដែល​ជាលទ្ធផល​មកពី​ការអធិស្ឋាន​ជា​គ្រួសារ ។ ការអធិស្ឋាន​ជា​គ្រួសារ គួរតែ​ជា​អាទិភាព​ដ៏​មិន​អាច​ជជែក​តវ៉ា​បាន​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក ។

«… សូម​ធ្វើឲ្យ [ ព្រះគម្ពីរ ] ជា​ផ្នែក​ដ៏​ចម្បង​នៃ​ជីវិត​រាល់ថ្ងៃ​នេះ ។ ប្រសិនបើ​អ្នក​ចង់​ឲ្យ​កូនៗ​របស់​អ្នក​ស្គាល់ យល់ និង​ធ្វើ​សកម្មភាព​តាម​ការបំផុសគំនិត​នៃ​ព្រះវិញ្ញាណ នោះ​អ្នក​ត្រូវតែ​សិក្សា​ព្រះគម្ពីរ​ជាមួយ​នឹង​ពួកគេ ។ … តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​ដោយ​ខ្ជាប់​ខ្ជួន​ប្រចាំថ្ងៃ នោះ​អ្នក​នឹង​រកឃើញ​នូវ​សេចក្ដីសុខសាន្ដ ក្នុង​ចំណោម​ចលាចល​ជុំវិញ​អ្នក និង​មាន​នូវ​ភាពរឹងមាំ​ដើម្បី​ប្រឆាំង​នឹង​ការល្បួង​ទាំងឡាយ ។ អ្នក​នឹង​អភិវឌ្ឍ​នូវ​សេចក្ដីជំនឿ​ដ៏​រឹងមាំ​មួយ នៅក្នុង​ព្រះគុណ​នៃ​ព្រះ ហើយ​ដឹង​ថា តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​មនុស្ស​ទាំងអស់​នឹង​ត្រូវធ្វើ​ឲ្យ​ជា​ត្រឹមត្រូវ ស្របតាម​ពេលវេលា​របស់​ព្រះ » ( Make the Exercise of Faith Your First Priority,EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩៣–៩៤ ) ។

ស៊ិស្ទើរ លីនដា អេស រីវេស នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បានបង្រៀន ៖

« ខ្ញុំ​ត្រូវតែ​ធ្វើទីបន្ទាល់​អំពី ពរជ័យ​នៃ​ការសិក្សា​ព្រះគម្ពីរ និង​ការអធិស្ឋាន​ប្រចាំថ្ងៃ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ប្រចាំសប្ដាហ៍ ។ ទាំងនេះ គឺជា​ការអនុវត្ត​ដ៏​ចាំបាច់​មួយ ដែល​ជួយ​កុំ​ឲ្យមាន​ភាពតានតឹង ផ្ដល់​ការដឹកនាំ​ដល់​ជីវិត​របស់​យើង និង បន្ថែម​នូវ​ការការពារ​ដល់​គេហដ្ឋាន​របស់​យើង » ( Protection from Pornography—a Christ-Focused Home,EnsignLiahona ខែ ឧសភា​ឆ្នាំ ២០១៤ ទំព័រ ១៦–១៧ ) ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ប្រកាស​ថា

« ការអធិស្ឋាន​ជា​ក្រុមគ្រួសារ គឺជា​ការធ្វើ​ឲ្យ​ញញើត​នឹង​ធ្វើ​បាប​យ៉ាង​ខ្លាំងកា្ល​បំផុត ហើយ​ហេតុដូច្នេះ វា​ជា​អ្នកផ្ដល់​ប្រយោជន៍​ដ៏​ខ្លាំង​បំផុត​នៃ​សេចក្ដីអំណរ និង​សុភមង្គល » ( Hallmarks of a Happy Home,Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៨ ទំព័រ ៦៩ ) ។

សូម​ពិចារណា​ទៅ​លើ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ពរជ័យ​ទាំងនេះ​ណាខ្លះ ដែល​អ្នក​បាន​ទទួល​នៅក្នុង​គ្រួសារ​របស់​អ្នក ឬ​បាន​ឃើញ​នៅក្នុង​គ្រួសារ​របស់​អ្នកដទៃ​ទៀត ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​នាពេល​នេះ ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងនេះ​កាន់តែ​ពេញលេញ​ជាងនេះ​ទៅ​ទៀត ?