ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៥ ៖ ការអនុវត្ត​សេចក្ដីជំនឿ​នៅក្នុង​កាលៈទេសៈ​ក្រុមគ្រួសារ​ដ៏​លំបាក


មេរៀនទី ២៥

ការអនុវត្ត​សេចក្ដីជំនឿ​នៅក្នុង​កាលៈទេសៈ​ក្រុមគ្រួសារ​ដ៏​លំបាក

សេចក្ដីផ្ដើម

« ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » បាន​ចែង​ថា « ពិការភាព មរណភាព ឬ កាលៈទេសៈ​ផ្សេងៗ​ទៀត​នៃ [ គ្រួសារ ] អាចនឹង​ត្រូវសម្រប​ទៅតាម​ស្ថានភាព​ចាំបាច់​របស់​បុគ្គល​ម្នាក់ៗ ។ ញាតិសន្ដាន ក្រុមគ្រួសារ គួរតែ​ជួយ​គាំទ្រ នៅ​ពេល​មាន​សេចក្ដី​ត្រូវការ » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ នៅពេល​កាលៈទេសៈ​លំបាក​កើតឡើង ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ នឹង​ផ្ដល់​នូវ​ទស្សនវិស័យ និង​កម្លាំង​ដើម្បី​ធ្វើ​ឲ្យ​មាន​ការសម្របតាម​ចាំបាច់​នានា ។

ការអាន​ពី​សាវតា

  • ដេវីឌ អេ បែដណា « The Atonement and the Journey of Mortality »Ensignខែ មេសា ឆ្នាំ ២០១២ ទំព័រ ៤០–៤៧ ។

  • Strengthening the Family: Adapting to Circumstances,Ensign ខែ ធ្នូ ឆ្នាំ ២០០៥ ទំព័រ ៣៤–៣៥ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី ១ ១៦:៣៤–៣៩; ១៧:១–៤

ការសម្រប​តាម​កាលៈទេសៈ​ក្រុមគ្រួសារ​ដែល​កំពុង​ជួប​ឧបសគ្គ

សូម​ចាប់ផ្ដើម​បង្រៀន​ដោយ​ការពន្យល់​ថា ថ្នាក់ដឹកនាំ​សាសនាចក្រ​ជាទូទៅ​បង្រៀន​ដល់​យើង ពី​របៀប​ដើម្បី​សម្រេច​ឲ្យ​បាន និង រក្សា​ការណ៍​ដ៏​វិសេស —រួមមាន​នូវ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដ៏​វិសេសវិសាល ។ ប៉ុន្ដែ​នៅក្នុង​ឧទាហរណ៍​ខ្លះ កាលៈទេសៈ​ជីវិត​រារាំង​យើង​មិន​ឲ្យ​សម្រេច​បាន​នូវ​ការណ៍​ដ៏​វិសេស​នោះ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដីថ្លែងការណ៍​ដូចតទៅ​នេះ​ដោយ​អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ រីឆាត ជី ស្កត

« តាមរយៈ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ នោះយើង​រៀន​ថា មាន​នូវ គ្រួសារ​ដ៏​វិសេសវិសាល​មួយ ។ វា​គឺជា​ក្រុមគ្រួសារ​មួយ ដែល​មាន​អ្នកកាន់​បព្វជិតភាព​មីលគីស្សាដែក​ដ៏​សុចរិត​ម្នាក់ រួមជាមួយ​នឹង​ភរិយា​ដ៏​សុចរិត​ម្នាក់ ដែល​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​គាត់ ហើយ​កូនចៅ​កើតមក​នៅក្នុង​សេចក្ដីសញ្ញា ឬ​បាន​ផ្សារភ្ជាប់​ទៅនឹង​ពួកគេ ។ ដោយ​មាន​ម្ដាយ​ម្នាក់​នៅក្នុង​ផ្ទះ នៅក្នុង​បរិយាកាស​នៃ​ក្ដីស្រឡាញ់ និង​ការបម្រើ ឪពុកម្ដាយ​បង្រៀន​កូនចៅ​របស់​ពួកគេ តាមរយៈ​គំរូ និង​សិក្ខាបទ ដែល​ជា​ផ្លូវ​របស់​ព្រះអម្ចាស់ និង​សេចក្ដីពិត​របស់​ទ្រង់ ។ ពួកគេ​បំពេញ​តាម​តួនាទី​ដែល​ត្រូវបាន​តែងតាំង​ឡើង​ដោយ​អាទិទេព​របស់ពួកគេ ដែល​ត្រូវបាន​លើកឡើង​នៅក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ ។ កូនចៅ​របស់​ពួកគេ ធំធាត់​ឡើង​ដោយ​រស់នៅ​តាម​ការបង្រៀន​ ដែល​បាន​បណ្ដុះ​តាំងពី​កំណើត​មក ។ ពួកគេ​អភិវឌ្ឍ​ចរិតលក្ខណៈ​ទាំងឡាយ​នៃ​ការគោរពតាម សេចក្ដីសុចរិត សេចក្ដីស្រឡាញ់​ដល់​ព្រះ និង​សេចក្ដីជំនឿ​លើ​ផែនការ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ » ( First Things First,Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៧ ) ។

  • តើ​ហេតុការណ៍ ឬ​កាលៈទេសៈ​ណាខ្លះ ដែល​អាច​រារាំង​យើង យ៉ាងហោច​ណាស់​មួយ​គ្រា មិន​ឲ្យ​សម្រេចបាន​នូវ​ស្ថានភាព​គ្រួសារ​ដ៏​វិសេសវិសាល​មួយ​បាន ? ( ចម្លើយ​អាច​រួមមាន​ដូចតទៅនេះ ៖ មរណភាព ពិការភាព ការលែងលះ អសមត្ថភាព​ក្នុង​ការមាន​កូន ការបាត់បង់​ការងារ និង​ឪពុកម្ដាយ​ដែល​ធ្វើ​ការងារ​ច្រើន ) ។

  • សូម​ឲ្យ​សិស្ស​ស្រាវជ្រាវ​ក្នុង​កថាខណ្ឌ​ទីប្រាំពីរ នៃ​ការប្រកាស​អំពី​ក្រុមគ្រួសារ រកមើល​អ្វី​ដែល ព្រះវរបិតាសួគ៌​រំពឹង​ចង់​ឲ្យ​យើង​ធ្វើ ប្រសិនបើ​ស្ថានភាព​គ្រួសារ​របស់​យើង​មិន​វិសេស​ទេ​នោះ ៖

« ពិការភាព មរណភាព ឬ កាលៈទេសៈ​ផ្សេងៗទៀត អាចនឹង​ត្រូវសម្រប​ទៅតាម​ស្ថានភាព​ចាំបាច់​របស់​បុគ្គល​ម្នាក់ៗ ។ ញាតិ​សន្តាន​ក្រុមគ្រួសារ គួរតែ​ជួយ​គាំទ្រ នៅពេល​មាន​សេចក្តី​ត្រូវការ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។

បន្ទាប់មក សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ ហើយ​សូម​ឲ្យ​សិស្ស​រកមើល​ប្រភេទ​នៃ​ការសម្រប​តាម ដែល​គ្រួសារ​អាច​ត្រូវ​ធ្វើ នៅពេល​ឧបសគ្គ​កើត​មាន​ឡើង ៖

« នៅក្នុង​ពិភពលោក​ដ៏​វិសេស​មួយ មជ្ឈិមវ័យ​ទាំងអស់​នឹង​រៀបការ​យ៉ាង​រីករាយ អាពាហ៍ពិពាហ៍​ទាំងអស់​នឹង​ត្រូវបាន​ប្រទានពរ​ឲ្យ​មាន​កូនចៅ ហើយ​សមាជិក​ក្រុមគ្រួសារ​ទាំងអស់​នឹង​មាន​សុខភាព​ល្អ ចេះ​ស្ដាប់​បង្គាប់ និង​គាំទ្រ​ដល់​គ្នា​ទៅវិញទៅមក ។ ប៉ុន្ដែ​ជីវិត​នេះ គឺ​កម្រ​នឹង​វិសេស​ដូច្នោះ​ណាស់ ។ បុគ្គល​ម្នាក់ៗ ជួប​នឹង​ការលំបាក ហើយ​គ្មាន​ការស្នាក់អាស្រ័យ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​គ្រួសារ​ណា គ្មាន​បញ្ហា​ជានិច្ច​នោះទេ ។ …

« ជំងឺ ពិការភាព មរណភាព ការលែងលះ និង​កត្តា​រំខាន​ផ្សេងទៀត អាច​បង្កើត​ឲ្យ​មាន​ឧបសគ្គ​ឡើង ។ នៅក្នុង​ស្ថានភាព​បែបនោះ តួនាទី​នៃ ‹ ការសម្រប​ទៅតាម​បុគ្គល​ម្នាក់ៗ › អាច​ជា​ការចាំបាច់ ។ ឪពុក​អាច​ត្រូវ​ទទួល​យក​ការងារ​ផ្ទះ​បន្ថែម​ទៀត ហើយ​បន្ដ​ថែទាំ​ទំនួលខុសត្រូវ​នានា ឬ​ម្ដាយ​ដែល​ជា​អ្នកចាត់ចែង​ផ្ទះ​ពេញម៉ោង​នោះ អាច​ត្រូវ​ទៅ​ធ្វើការ​វិញ ។ សូម្បីតែ​កូនចៅ​ក៏​អាច​ត្រូវ​ទទួល​យក​ទំនួលខុសត្រូវ​ថ្មី​ផងដែរ ។

« នៅពេល​ហេតុការណ៍​ដែល​មិន​អាច​ដោះស្រាយ​បាន​នេះ​កើតឡើង សមាជិក​ញាតិសន្ដាន​គ្រួសារ​ក៏​អាច​ត្រូវ​ជួយ​ដែរ ។ ការគាំទ្រ​អាច​រាប់​ពី​ការផ្ដល់​ជំនួយ​ខាង​ហិរញ្ញវត្ថុ ទៅ​ការចំណាយ​ពេលវេលា​ជួយ​មើល​កូនៗ ជួយ​ការងារ​ចង្ក្រានជើង​ឆ្នាំង ឬ​ជួយ​ថែទាំ​អ្នកឈឺ ឬ​សមាជិក​គ្រួសារ​ដែល​ពិការ ។ កម្រិត​នៃ​ការរួមចំណែកការចូលរួម​របស់​ញាតិសន្ដាន​គ្រួសារ អាស្រ័យ​លើ​ស្ថានភាព​នោះ និង​តម្រូវការ​របស់​គ្រួសារ » ( « Strengthening the Family: Adapting to Circumstances,Ensign ខែ ធ្នូ ឆ្នាំ ២០០៥ ទំព័រ ៣៤–៣៥ ។

  • តើ​ការសម្រប​ណាខ្លះ ដែល​គ្រួសារ ឬ​បុគ្គល​ទាំងឡាយ​អាច​ត្រូវ​ធ្វើ នៅពេល​ឧបសគ្គ​នានា​កើតឡើង ?

  • តើ​មាន​រឿង​អ្វីខ្លះ ដែល​អ្នក​បាន​ឃើញ​គ្រួសារ ឬ​បុគ្គល​ទាំងឡាយ​ធ្វើ ដើម្បី​សម្រប និង​បន្ដ​នៅ​រឹងមាំ នៅពេល​ប្រឈមមុខ​នឹង​ស្ថានភាព​ពិបាក ឬ​រំខាន​នោះ ?

  • តើ​នៅពេល​ណា​ដែល​អ្នក​បានឃើញ សមាជិក​ញាតិសន្ដាន​គ្រួសារ ផ្ដល់​ជំនួយ​នៅពេល​ដែល​ត្រូវការ ?

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ មើរិល ជេ ប៊ែតមែន នៃ​ពួក​ចិតសិប​នាក់ ។ សូម​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ស្ដាប់​នូវ​អ្វីដែល​អែលឌើរ ប៊ែតមែន មាន​ប្រសាសន៍​ថា​នឹង​អាច​ជួយ​ដល់​ក្រុមគ្រួសារ ដែល​ប្រឈម​មុខ​នឹង​កាលៈទេសៈ​ពិបាក ។

រូបភាព
អែលឌើរ មើរិល ជេ ប៊ែតមែន

« ការសាកល្បង និង​ទុក្ខព្រួយ​មាន​ទម្រង់​ជាច្រើន ៖ មរណភាព​នៃ​មនុស្ស​ជាទីស្រឡាញ់​ម្នាក់ អាពាហ៍ពិពាហ៍​ដែល​ខុសពី​អ្វី​ដែល​បាន​រំពឹង​ទុក មិន​បាន​រៀបការ ការលែងលះ កូនកើត​មក​ពិការ គ្មាន​កូន បាត់បង់​ការងារ ឪពុកម្ដាយ​ដែល​ប្រព្រឹត្ត​ខុស កូនប្រុស ឬ​ស្រី​ដែល​ចចេស​រឹងរូស សុខភាព​មិន​ល្អ ។ បញ្ជី​នេះ​នឹង​មិន​ចេះចប់​មិន​ចេះ​ហើយ​ទេ ។ ហេតុអ្វីបានជា​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ការខកចិត្ត ការឈឺចាប់ ការរងទុក្ខ និង​មរណភាព​នៅក្នុង​ផែនការ​របស់​ទ្រង់​យ៉ាង​ដូច្នេះ ? …

« ការយល់​ដឹង​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ អំពី​ជីវិត​មុន​ជីវិត​រមែង​ស្លាប់​នេះ អំពី​ជីវិត​នៅលើ​ផែនដី និង​ជីវិត​បន្ទាប់​ពី​សេចក្ដីស្លាប់ ផ្ដល់​នូវ​ទស្សនវិស័យ » ( Living a Christ-Centered Life,Ensign ខែ មករា ឆ្នាំ ១៩៩៩ ទំព័រ ១៣ ) ។

  • តើ​ការយល់ដឹង​ពី​ផែនការ​របស់​ព្រះ រៀបចំ​គ្រួសារ ឲ្យ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ទាំងឡាយ​ដោយ​របៀបណា ? ( សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ ការយល់ដឹង​ពី​ផែនការ​របស់​ព្រះ អនុញ្ញាត​ឲ្យ​គ្រួសារ​ប្រឈមមុខ​នឹង​ឧបសគ្គ​ក្នុង​លោក​នេះ ដោយ​មាន​សេចក្ដីជំនឿ​ដ៏​កើនឡើង និង​មាន​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ) ។

  • តើ​ទស្សនវិស័យ​មួយ​នៃ​ដំណឹងល្អ អាច​ផ្ដល់​កម្លាំង​ចិត្ត​ដ៏​ខ្លាំង​ក្លា​ដល់​យើង ឲ្យ​ធ្វើ​ការសម្រប​តាម ឬក៏​ទទួលយក​ទំនួលខុសត្រូវ​ថ្មី​នៅក្នុង​គ្រួសារ​របស់​យើង នៅពេល​ចាំបាច់​ដោយ​របៀបណា ?

សូម​សួរ​ដល់​សិស្ស​បើសិនជា​ពួកគេ​អាច​គិត​អំពី​គ្រួសារ​ណាមួយ​នៅក្នុង​ព្រះគម្ពីរ ដែល​បាន​ប្រឈមមុខ​នឹង​ឧបសគ្គ ហើយ​បាន​ទទួល​ជំនួយ​មកពី​សួគ៌ា ឲ្យយកឈ្នះ ឬ​តស៊ូ​នឹង​ឧបសគ្គ​ទាំងនោះ ។ សូម​រំឭក​សិស្ស​ពី​គ្រួសារ​របស់​លីហៃ និង​អ៊ីសម៉ាអែល ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីរហោស្ថាន​ដ៏​កណ្ដោចកណ្ដែង បន្ទាប់ពី​ពួកគេ​បាន​ចាកចេញ​ពី​ទីក្រុង​យេរូសាឡិម ។ សូម​ឲ្យ​សិស្ស​គិត​អំពី​ឧបសគ្គ​ខ្លះ​ដែល​គ្រួសារ​ទាំងនេះ​អាច​បាន​ជួប​ប្រទះ​នៅពេល​ពួកគេ​ធ្វើ​ដំណើរ ឆ្ពោះទៅ​កាន់​ដែនដី​សន្យា ហើយ​បន្ទាប់មក សូមចែកចាយ​គំនិត​របស់​ពួកគេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ឆ្លាស់វេន​គ្នា​អាន​ពី នីហ្វៃទី ១ ១៦:៣៤–៣៩ និង ១៧:១–៤ ឮៗ ។ សូម​សុំ​ឲ្យ​សិស្ស​ស្ដាប់​រក​គំរូ អំពី​ភាពខុសគ្នា​នៃ​របៀប​ដែល​សមាជិក​គ្រួសារ​របស់​លីហៃ និង​អ៊ីសម៉ាអែល បាន​ឆ្លើយតបទៅនឹង​ឧបសគ្គ​ដែល​ពួកគេ​បាន​ជួប​ប្រទះ ។

  • តើ​អ្នកគិត​ថា ហេតុអ្វីបានជា​សមាជិក​ខ្លះ​នៃ​គ្រួសារ​របស់​លីហៃ និង​អ៊ីសម៉ាអែល អាច​ខ្ជាប់ខ្ជួន​នឹង​សេចក្ដីជំនឿ និង​ទុកចិត្ត​លើ​ព្រះ​បាន ខណៈ​ដែល​អ្នកផ្សេង​ទៀត​បាន​រអ៊ូរទាំ ដោយសារតែ​ការលំបាក​របស់​ពួកគេ​នោះ ?

  • តើ​អ្នក​បាន​ឃើញ​ចំណេះដឹង និង​ទីបន្ទាល់​មួយ​នៃ​ដំណឹងល្អ ប្រទានពរ​ដល់​គ្រួសារ​ដែល​ជួប​នឹង​ឧបសគ្គ​ដោយ​របៀបណា ?

ដូចដែល​បាន​បំផុសគំនិត​ពី​ព្រះវិញ្ញាណ និង​តម្រូវការ​នៃ​សិស្ស​របស់​អ្នក អ្នក​អាចចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ រីឆាត ជី ស្កត

« ពេញមួយ​ជីវិត​របស់អ្នក​នៅលើ​ផែនដី សូម​ព្យាយាម​បំពេញ​គោលបំណង​គ្រឹះ​នៃ​ជីវិត​នេះ តាមរយៈ​គ្រួសារ​ដ៏​ឥតខ្ចោះមួយ ។ នៅពេល​ដែល​អ្នក​មិនទាន់​ឈានដល់​ភាពឥតខ្ចោះ​នោះ​ទេ សូម​ធ្វើអ្វី​ទំាងអស់ ដែល​អ្នក​អាច​ធ្វើ​បាន តាមរយៈ​ការគោរពតាម និង​ការមាន​ជំនឿ​លើ​ព្រះអម្ចាស់ ដើម្បី​ខិត​កាន់តែ​ជិត​វា​ជានិច្ច តាម​ដែល​អ្នក​អាច​ធ្វើ​ទៅបាន ។ សូម​កុំ​ឲ្យ​មាន​អ្វី​ញុះញុង​អ្នក​ចេញ​ពី​ទិសដៅ​នោះឡើយ ។ … សូម​កុំ​ធ្វើ​អ្វី ដែល​នឹង​ធ្វើឲ្យ​អ្នក​មិន​សក្តិសម​នឹង​បាន​វា​ឡើយ ។ បើសិន​អ្នក​បាត់បង់​គោលដៅ​នៃ​អាពាហ៍ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ច សូម​រំឭក​វា​ឡើងវិញ ។ បើសិន​ក្តីសុបិន្ត​របស់​អ្នក តម្រូវ​ឲ្យ​អ្នក​អត់ធ្មត់ នោះ​សូម​ផ្តល់​ឲ្យ​វា » (First Things First, ទំព័រ ៧ ) ។

សុភាសិត ៣:៥–៦; ម៉ាថាយ ១១:២៨–៣០; ម៉ូសាយ ២៤:៨–១៦; គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៧–៨

នៅពេល​យើង​ចូល​មក​ឯ​ព្រះគ្រីស្ទ ទ្រង់​នឹង​ពង្រឹង​ដល់​យើង ។

សូម​រំឭក​សិស្ស​អំពី​ដំណើររឿង​នៃ​ព្រះគម្ពីរ​មរមន ដែល​អាលម៉ា និង ប្រជាជន​របស់​លោក​បាន​រួច​ចេញ​ពី​កងទ័ព​របស់​ស្ដេចណូអេ ពួកគេ​បាន​បង្កើត​ទីក្រុង​ដ៏​សុចរិត​មួយ ។ ក្រោយពី​រស់នៅ​ក្នុង​ស្ថានភាព​ដ៏​សុខសាន្ដ​អស់​មួយរយៈ នោះ​អាលម៉ា និង​ប្រជាជន​របស់​លោក​ត្រូវបាន​កងទ័ព​របស់​ប្រជាជន​លេមិន​រកឃើញ ដែល​បាន​ដាក់​ពួកគេ​ទៅក្នុង​សេវកភាព ។ នៅពេល​អាលម៉ា និង ប្រជាជន​របស់​លោក​អនុវត្ត​សេចក្ដីជំនឿ និង​ការអត់ធ្មត់ ព្រះអម្ចាស់​បាន​បន្ធូរ​បន្ទុក​របស់​ពួកគេ ហើយ​ទីបញ្ចប់​បានដោះលែង​ពួកគេ​ចេញពី​សេវកភាព ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្ដូរ​វេន​គ្នា​អាន ម៉ូសាយ ២៤:៨–១៦ ឮៗ ។ សូម​ឲ្យ​សិស្ស​ស្រមៃ​ពី​ការលំបាក ដែល​បាន​រកឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​អាច​ប៉ះពាល់​ដល់​គ្រួសារ​របស់​អាលម៉ា និង​ប្រជាជន​របស់​លោក ។ ( សូម​កំណត់ចំណាំ​ថា ការស្រមៃ​គឺ​ជា​ជំនាញ​នៃ​ការសិក្សា​ព្រះគម្ពីរ​មួយ ដែល​អាច​ជួយ​ឲ្យ​ដំណើរ​រឿង​ព្រះគម្ពីរ​មួយ​កាន់តែ​ជាក់​ច្បាស់ និង​ពិតប្រាកដ​ដល់​អ្នកអាន ) ។ សូម​ឲ្យ​សិស្ស​រកមើល​ផងដែរ នូវ​អ្វី​ដែល​អាលម៉ា និង​ប្រជាជន​របស់​លោក បាន​ធ្វើ​ដើម្បី​ដោះស្រាយ​នឹង​ការលំបាក​របស់​ពួកគេ ។

  • ដោយ​មាន​ការស្រមៃ​ពី​ហេតុការណ៍​នៃ​ខគម្ពីរ​ទាំងនេះ តើ​អ្នក​គិត​ថា គ្រួសារ​ទាំងឡាយ​ត្រូវបាន​ប៉ះពាល់​ដោយ​កាលៈទេសៈ​របស់​គេ​យ៉ាង​ដូចម្ដេច​ខ្លះ ?

  • តើ​ប្រជាជន​របស់​អាលម៉ា បាន​ធ្វើ​អ្វីខ្លះ ដើម្បី​ទទួល​បាន​ជំនួយ​មក​ពី​ព្រះអម្ចាស់ ? ( ទោះបីជា​សិស្ស​អាច​រកឃើញ​គោលការណ៍​ដ៏​សំខាន់​ជាច្រើន​ក្ដី ក៏​សូម​សង្កត់ធ្ងន់​លើ​គោលការណ៍​ដូចខាងក្រោម​នេះ ៖ នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ និង​ការអត់ធ្មត់​នៅក្នុង​ពេលទុក្ខវេទនា​របស់​យើង ហើយ​អំពាវនាវ​រក​ព្រះ នោះ​ទ្រង់​អាច​ពង្រឹង​យើង​ឲ្យ​ទ្រាំទ្រ​នឹង​បន្ទុក​របស់​យើង​រួច ដោយ​ងាយ​ជាង​មុន ) ។

  • តើ​អ្នក​គិត​ថា ព្រះអម្ចាស់​បាន​ពង្រឹង​ពួកគេ ដើម្បី​ឲ្យ « ពួកគេ​អាច​ទ្រ​បន្ទុក​ទាំងឡាយ​របស់​គេ​បាន​ដោយ​ងាយ » ដោយ​របៀបណា ?

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដែល អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ មាន​ប្រសាសន៍​អំពី​ដំណើររឿង​របស់​ប្រជាជន​របស់​អាលម៉ា ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« តើ​អ្វីត្រូវ​បាន​ផ្លាស់ប្តូរ​នៅក្នុង​ព្រឹត្តិការណ៍​នេះ ? វា​ពុំ​មែន​ជាបន្ទុក ដែល​បានផ្លាស់ប្តូរ​នោះទេ រាល់ឧបសគ្គ និង ការទុក្ខ​លំបាក​មកពី​ការបៀតបៀន​ទាំងឡាយ ក៏​ពុំ​ត្រូវ​បាន​ដកចេញ​ពី​ប្រជាជន​ភ្លាមៗ​នោះ​ទេ ។ ប៉ុន្តែ អាលម៉ា និង បងប្អូន​គាត់ ត្រូវ​បាន​ចម្រើន​កម្លាំង និង ពង្រីក​សមត្ថភាព និង​កម្លាំង​របស់​ពួកគេ ដែល​បាន​ធ្វើ​ឲ្យ​បន្ទុក​ទាំងឡាយ ដែល​ពួកគេ​មាន​បានស្រាល​ឡើង ។ ប្រជាជន​ដ៏​ល្អ​ទាំងនេះ ត្រូវបាន​ប្រទាន​អំណាចឲ្យ​តាម​រយៈ​ដង្វាយ​ធួន​ដើម្បី ធ្វើ ជា​ភ្នាក់ងារ និង មាន​ឥទ្ធិពល​លើ​ស្ថានភាព​របស់​ពួកគេ ។ ហើយ ‹ នៅក្នុង​កម្លាំង​នៃ​ព្រះអម្ចាស់ › អាលម៉ា និង ប្រជាជន​របស់​គាត់ ត្រូវបាន​ដឹកនាំ​ទៅរក​សុវត្ថិភាព​នៅក្នុង​ដែនដី​សារ៉ាហិមឡា » ( The Atonement and the Journey of Mortality,Ensign ខែ មេសា ឆ្នាំ ២០១២ ទំព័រ ៤៤ ) ។

  • ហេតុអ្វី​បានជា​វា​សំខាន់ ដើម្បី​ទទួល​ស្គាល់ថា ព្រះអម្ចាស់​នឹង​មិន​តែងតែ​ដោះ​ចេញ​នូវ​បន្ទុក​របស់​បុគ្គល និង​គ្រួសារ យក​ឧបសគ្គ​របស់​យើង​ចេញ ឬ​ធ្វើ​ឲ្យ​យើង​ជួប​នឹង​បទពិសោធន៍​ដ៏​វិសេស​នោះ ?

  • តើ​ចំណេះដឹង​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ អាច​ពង្រឹង​ដល់​យើង​ឲ្យ​ធ្វើ​សកម្មភាព​នៅក្នុង​សេចក្ដីជំនឿ នៅពេល​យើង​ប្រឈមមុខ​នឹង​កាលៈទេសៈ​គ្រួសារ​ដ៏​លំបាក​តាម​របៀបណា ?

ដើម្បី​ជួយ​ឆ្លើយ​នឹង​សំណួរ​នេះ សូម​បង្ហាញ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ស្ទិវីន អ៊ី ស្នូ នៃ​ពួកចិត​សិប​នាក់ ហើយ​សូម​ឲ្យសិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ ស្ទិវីន អ៊ី ស្នូ

« សេចក្ដីសង្ឃឹម​របស់​យើង​នៅក្នុង​ដង្វាយធួន ពង្រឹង​យើង​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប ។ ទស្សនវិស័យ​បែបនោះ អនុញ្ញាត​ឲ្យយើង​មើល​ហួសពី​កន្លែង​នេះ និង​នាពេល​ឥឡូវ​នេះ ដោយ​សម្លឹង​ទៅរក​សេចក្ដីសន្យា​នៃ​ភាពអស់កល្ប » ( Hope,EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៥៤ ) ។

សូម​សរសេរ​ខគម្ពីរ​យោង​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​វគ្គ​បទគម្ពីរ​ទាំងនេះ ហើយ​រកមើល​សេចក្ដីសន្យា​ដែល​ធ្វើ​ឡើង​ដល់​អស់​អ្នក​ដែល​ស៊ូទ្រាំ​ដោយ​ស្មោះត្រង់​ចំពោះ​ការសាកល្បង​ទាំងឡាយ ។

សុភាសិត ៣:៥–៦

ម៉ាថាយ ១១:២៨–៣០

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៧-៨

  • តើ​ការចងចាំ​ពី​សេចក្ដីសន្យា​ទាំងនេះ អាច​ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួបប្រទះ​នឹង​ឧបសគ្គ​ដោយ​របៀបណា ?

នៅពេល​អ្នក​បញ្ចប់ សូម​ឲ្យ​សិស្ស​គិតពី​គ្រាមួយ ដែល​គ្រួសារ​របស់​ពួកគេ​ត្រូវបាន​ពង្រឹង​ដោយ​សេចក្ដីជំនឿ​លើ​ព្រះ​ទោះជា​មាន​ការលំបាក​ក្ដី ឬ​ត្រូវបាន​ប្រទានពរ ដោយសារតែ​ចំណេះដឹង​របស់​ពួកគេ​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ឲ្យ​សិស្ស​ណា​ដែល​មាន​អារម្មណ៍​បំផុសគំនិត ធ្វើ​តាម​ការបំផុស​នោះ ដោយ​ចែកចាយ​បទពិសោធន៍​ដ៏​សមរម្យ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ សូម​លើកទឹកចិត្ត​ដល់​សិស្ស​ឲ្យ​សរសេរ​ទីបន្ទាល់​របស់​ពួកគេ អំពី​របៀប​ដែល​ព្រះ​អាច​ប្រទានពរ និង​ពង្រឹង​ដល់​គ្រួសារ​ទាំងឡាយ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ផ្ទាល់ខ្លួន​មួយ ។

ការអាន​របស់​សិស្ស