ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ និងផ្លូវនៃសេចក្តីសញ្ញា
« ព្រះវិហារបរិសុទ្ធគឺជាផ្នែកដ៏សំខាន់បំផុតនៃការពង្រឹងសេចក្តីជំនឿ និងភាពរឹងមាំខាងវិញ្ញាណរបស់យើង ពីព្រោះព្រះអង្គសង្រ្គោះ និងគោលលទ្ធិរបស់ទ្រង់គឺជាផ្នែកដ៏សំខាន់បំផុតនៃព្រះវិហារបរិសុទ្ធ ។ អ្វីៗគ្រប់យ៉ាងដែលបានបង្រៀននៅក្នុងព្រះវិហារបរិសុទ្ធតាមរយៈការណែនាំ និងតាមរយៈព្រះវិញ្ញាណ នឹងបង្កើនការយល់ដឹងរបស់យើងអំពីព្រះយេស៊ូវគ្រីស្ទ ។ ពិធីបរិសុទ្ធដ៏ចាំបាច់ទាំងឡាយរបស់ទ្រង់ចងភ្ជាប់យើងទៅនឹងទ្រង់ តាមរយៈសេចក្តីសញ្ញាដ៏ពិសិដ្ឋនៃបព្វជិតភាព ។ បន្ទាប់មក នៅពេលយើងរក្សាសេចក្តីសញ្ញារបស់យើង នោះទ្រង់នឹងប្រទានព្រះចេស្ដានៃការព្យាបាល ព្រះចេស្ដានៃការពង្រឹងរបស់ទ្រង់ មកដល់យើង » ។ ( ប្រធាន រ័សុល អិម ណិលសុន « ព្រះវិហារបរិសុទ្ធ និងគ្រឹះខាងវិញ្ញាណរបស់បងប្អូន » សន្និសីទទូទៅ ខែ តុលា ឆ្នាំ ២០២១ )
ការទទួលបានពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ និងការគោរពតាមសេចក្ដីសញ្ញាទាំងឡាយគឺជាផ្នែកមួយដ៏សំខាន់នៃការតាំងចិត្តរបស់អ្នកក្នុងការធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ វាក៏ជួយអ្នកឲ្យត្រៀមខ្លួនត្រឡប់ទៅវិញ ហើយរស់នៅជាមួយទ្រង់ និងព្រះវរបិតាសួគ៌របស់យើងនៅថ្ងៃណាមួយផងដែរ ។ អ្នកអាចធ្វើបានយ៉ាងច្រើនដើម្បីធានាឲ្យបានថា អ្នកត្រៀមខ្លួនជាស្រេច ។ វាគួរតែរួមមាននូវការសិក្សាដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងការអនុវត្តតាមការបង្រៀនទាំងនោះក្នុងជីវិតរបស់អ្នក ។ ការគោរពតាមសេចក្ដីសញ្ញាដែលអ្នកបានធ្វើរួចហើយ គឺជាគន្លឹះនៃការត្រៀមខ្លួនទៅព្រះវិហារបរិសុទ្ធជាស្រេចរបស់អ្នក ។
ព្រះយេស៊ូវបានបង្រៀនថា « តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ » ( ម៉ាថាយ ៧:១៤ ) ។ ទ្វារ ដែលយើងចូលគឺជាពិធីបុណ្យជ្រមុជទឹក ហើយ ផ្លូវ ដែលយើងដើរតាមគឺជាដំណឹងល្អរបស់ទ្រង់ ។ ពិធីបុណ្យជ្រមុជទឹកគឺជាពិធីបរិសុទ្ធទីមួយនៃដំណឹងល្អ និងជាជំហានចាំបាច់មួយនៅលើផ្លូវនៃសេចក្តីសញ្ញាដើម្បីត្រឡប់ទៅកាន់ព្រះវិញ ។
ពិធីបរិសុទ្ធផ្សេងទៀតក៏នឹងដឹកនាំអ្នកនៅលើផ្លូវនោះដែរ ។ ទាំងនេះរួមមានការទទួលព្រះវិញ្ញាណបរិសុទ្ធ ការតែងតាំងឲ្យមានបព្វជិតភាពម៉ិលគីស្សាដែក ( សម្រាប់បុរស ) ការទទួលអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ និងការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។ ពិធីបរិសុទ្ធនៃបព្វជិតភាពដ៏ពិសិដ្ឋទាំងនេះនាំទៅរកពរជ័យដ៏មហិមាបំផុត ដែលព្រះវរបិតាសួគ៌របស់យើងប្រទានឲ្យបុត្រាបុត្រីរបស់ទ្រង់—គឺអំណរនៃការរស់នៅជាមួយទ្រង់ និងក្រុមគ្រួសាររបស់យើងបន្ទាប់ពីជីវិតនៅលើផែនដីនេះ ។
អ្នកប្រហែលជាមានអារម្មណ៍មិនប្រាកដប្រជា ឬថែមទាំងលើសលប់ទៀតផង នៅពេលដែលអ្នកត្រៀមខ្លួនទៅព្រះវិហារបរិសុទ្ធ ។ មុនពេលអ្នកទៅជាលើកដំបូង វាជារឿងធម្មតាទេដែលអ្នកងឿងឆ្ងល់ថា តើពិធីការទាំងឡាយនៅព្រះវិហារបរិសុទ្ធនឹងមានលក្ខណៈបែបណា ។ រឿងមួយចំនួននឹងថ្មីចំពោះអ្នក ប៉ុន្តែអ្វីដែលកើតឡើងភាគច្រើននៅក្នុងព្រះវិហារបរិសុទ្ធគួរតែមានអារម្មណ៍ដូចជាធ្លាប់ដឹងរួចទៅហើយ ព្រោះអ្វីៗទាំងអស់ផ្តោតទៅលើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
អ្នកមិនចាំបាច់ដឹង ឬចងចាំអ្វីៗទាំងអស់នៅពេលដែលអ្នកទៅព្រះវិហារបរិសុទ្ធនោះទេ ។ អ្នកធ្វើការនៅក្នុងព្រះវិហារបរិសុទ្ធតែងតែនៅទីនោះដើម្បីជួយអ្នកជានិច្ច ។ អ្នកស្ម័គ្រចិត្តទាំងនេះគឺពេញដោយក្ដីស្រឡាញ់ និងមានចិត្តសប្បុរស ។ ពួកគេនៅទីនោះដើម្បីជួយអ្នកឲ្យមានអារម្មណ៍ស្វាគមន៍ និងមានផាសុកភាពនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ។
ពីព្រោះអ្នកបានជ្រមុជទឹករួចហើយ នោះអ្នកបានដឹងអ្វីមួយអំពីពិធីបរិសុទ្ធ និងសេចក្ដីសញ្ញារួចទៅហើយ ។ អ្នកដឹងថា វាមានអត្ថន័យជានិមិត្តរូប និងខាងវិញ្ញាណ ។ ជាឧទាហរណ៍ អ្នកបានរៀនថា ពិធីបុណ្យជ្រមុជទឹកតំណាងឲ្យការសម្អាត និងការកើតឡើងវិញ ។ អ្នកស្លៀកពាក់ពណ៌ស ហើយចូលទៅក្នុងទឹក ។ អ្នកកាន់បព្វជិតភាពម្នាក់លើកដៃឡើង ហើយពោលពាក្យនៃពិធីបរិសុទ្ធនេះ ។ បន្ទាប់មក អ្នកត្រូវបានពន្លិច ( ជ្រមុជ ) ទៅក្នុងទឹក ហើយបានងើបឡើងជាមនុស្សថ្មី ។ អ្នកមានភាពស្អាតស្អំ និងបរិសុទ្ធ ហើយត្រៀមខ្លួនជាស្រេចដើម្បីរស់នៅក្នុងជីវិតរបស់អ្នកជាសិស្សដ៏ស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់ពីអ្នកបានជ្រមុជទឹកហើយ អ្នកទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលដាក់ដៃលើក្បាលរបស់អ្នក ។
នៅពេលអ្នកទទួលបុណ្យជ្រមុជទឹក អ្នកចុះសេចក្តីសញ្ញាមួយជាមួយព្រះ ។ អ្នកបានសន្យាថា អ្នកព្រមលើកដាក់មកលើខ្លួនអ្នកនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ចងចាំទ្រង់ជានិច្ច គោរពតាមបទបញ្ញត្តិរបស់ទ្រង់ ហើយបម្រើទ្រង់ដល់ទីបញ្ចប់ ។ ក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ អ្នករំឭកសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់អ្នក និងសេចក្ដីសញ្ញាផ្សេងទៀតទាំងអស់ឡើងវិញជានិមិត្តរូប នៅពេលអ្នកទទួលទានសាក្រាម៉ង់ ។
ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធធ្វើតាមលំនាំស្រដៀងគ្នានេះ ។ អ្នកនឹងស្លៀកពាក់ពណ៌‑ស ទទួលការបង្រៀនអំពីផែនការរបស់ព្រះ ហើយចូលរួមក្នុងពិធីការដែលពិសិដ្ឋ និងជានិមិត្តរូប ។ អ្នកក៏នឹងទទួលបានការសន្យានូវពរជ័យជាច្រើនផងដែរ នៅពេលអ្នកចុះសេចក្ដីសញ្ញាដើម្បីធ្វើតាមការបង្រៀន និងគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមចាំថា អ្វីៗគ្រប់យ៉ាងនៅក្នុងព្រះវិហារបរិសុទ្ធចង្អុលបង្ហាញយើងទៅកាន់ព្រះអង្គសង្រ្គោះ និងព្រះវរបិតាសួគ៌របស់យើង ។ អ្វីៗគ្រប់យ៉ាងមានគោលបំណងដើម្បីលើកកម្ពស់ និងបំផុសគំនិត ។
ដៃស្អាត និងចិត្តបរិសុទ្ធ
នៅក្នុងគម្ពីរទំនុកដំកើង យើងត្រូវបានសួរថា « តើអ្នកណានឹងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា តើអ្នកណានឹងឈរនៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន ? គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ » ( ទំនុកដំកើង ២៤:៣–៤ ) ។ ភ្នំ នៃព្រះយេហូវ៉ាគឺជាព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។ គុណសម្បត្តិពីរយ៉ាងត្រូវបានលើកឡើងដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធ—គឺដៃស្អាត និងចិត្តបរិសុទ្ធ ។
កាលនិយាយអំពីវគ្គបទគម្ពីរនេះ អែលឌើរ ដេវីឌ អេ បែដណា បានមានប្រសាសន៍ថា ៖ « ខ្ញុំសូមណែនាំថា ដៃទាំងឡាយត្រូវបានធ្វើឲ្យស្អាតស្អំតាមរយៈដំណើរការនៃការសម្រាតចោលភាពជាមនុស្សខាងសាច់ឈាម និងដោយយកឈ្នះលើអំពើបាប និងឥទ្ធិពលអាក្រក់នៅក្នុងជីវិតរបស់យើងតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ដួងចិត្តទាំងឡាយត្រូវបានធ្វើឲ្យបរិសុទ្ធ នៅពេលយើងទទួលព្រះចេស្ដាដ៏រឹងមាំរបស់ទ្រង់ដើម្បីធ្វើល្អ ហើយប្រែក្លាយកាន់តែប្រសើរ ។ រាល់បំណងប្រាថ្នាដ៏ស័ក្ដិសម និងកិច្ចការល្អរបស់យើង ទោះវាចាំបាច់យ៉ាងណាក្ដី ក៏មិនអាចបង្កើតឲ្យមានដៃស្អាត និងចិត្តបរិសុទ្ធបានឡើយ ។ មានតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះដែលផ្ដល់ទាំង ព្រះចេស្ដាលាងសម្អាត និងប្រោសលោះ ដែលជួយយើងឲ្យយកឈ្នះអំពើបាប និង ព្រះចេស្ដាបន្សុទ្ធ និងពង្រឹង ដែលជួយយើងឲ្យប្រែក្លាយកាន់តែប្រសើរជាងយើងពីមុន ដោយការពឹងផ្អែកតែលើកម្លាំងរបស់យើងផ្ទាល់ ។ ដង្វាយធួនដ៏មហិមានេះគឺសម្រាប់ទាំងអ្នកមានបាប និងសម្រាប់អ្នកបរិសុទ្ធនៅក្នុងចំណោមយើងគ្រប់គ្នា » ( « Clean Hands and a Pure Heart » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៨២ ) ។
នៅពេលអ្នករៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ អ្នកនឹងទៅជួបប៊ីស្សពរបស់អ្នក ។ អ្នកក៏នឹងជួបជាមួយប្រធានស្តេករបស់អ្នកផងដែរ ប្រសិនបើអ្នកទទួលអំណោយទានពិសិដ្ឋរបស់អ្នក ឬធ្វើការផ្សារភ្ជាប់ ។ ពួកគាត់ម្នាក់ៗនឹងធ្វើ ការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ អ្នកនឹងអាចចែកចាយគំនិត និងអារម្មណ៍របស់អ្នកជាមួយពួកគាត់ ហើយពួកគាត់នឹងផ្ដល់ដំបូន្មានដ៏បំផុសគំនិត ។ នៅពេលអ្នកឆ្លើយសំណួររបស់ពួកគាត់ អ្នកក៏នឹងបញ្ជាក់ថា អ្នកមាន « ដៃស្អាត និងចិត្តបរិសុទ្ធ » ផងដែរ ។ និយាយម្យ៉ាងទៀត អ្នកនឹងបញ្ជាក់ថា អ្នកមានភាពស័ក្តិសម និងស្ម័គ្រចិត្តចូលទៅក្នុងព្រះវិហារបរិសុទ្ធ ចូលរួមក្នុងពិធីបរិសុទ្ធ និងគោរពតាមសេចក្ដីសញ្ញារបស់អ្នក ។
សេចក្តីសញ្ញាពិសិដ្ឋមានលក្ខណៈផ្ទាល់ខ្លួន និងអានុភាព
នៅពេលអ្នករីកចម្រើននៅលើផ្លូវនៃសេចក្ដីសញ្ញាទៅកាន់ព្រះវិហារបរិសុទ្ធ នោះអ្នកនឹងចាប់ផ្ដើមដឹងគុណចំពោះពរជ័យនៃសេចក្ដីសញ្ញាពិសិដ្ឋក្នុងជីវិតរបស់អ្នកកាន់តែច្រើនឡើង ។ នេះគឺជារឿងមួយចំនួនដែលត្រូវពិចារណាអំពីសារៈសំខាន់នៃសេចក្ដីសញ្ញា ៖
១. សេចក្តីសញ្ញាទាំងឡាយធ្វើឲ្យទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកាន់តែស៊ីជម្រៅ ។
ជាញឹកញាប់ សេចក្តីសញ្ញាគឺជាការសន្យាដ៏ពិសិដ្ឋមួយរវាងព្រះ និងបុត្រាបុត្រីរបស់ទ្រង់ ។ ទោះជានិយមន័យនេះត្រឹមត្រូវក៏ដោយ ក៏វាមិនទាន់ពេញលេញដែរ ។ សេចក្តីសញ្ញាគឺលើសពីកិច្ចសន្យាទៅទៀត ។ វាជាការតាំងចិត្តផ្ទាល់ខ្លួនមួយដែលកំណត់ និងធ្វើឲ្យទំនាក់ទំនងរបស់យើងជាមួយព្រះកាន់តែស៊ីជម្រៅ ។ សេចក្តីសញ្ញាបង្កើតជាចំណងដ៏ពិសិដ្ឋមួយរវាងព្រះ និងបុត្រាបុត្រីរបស់ទ្រង់ ។ វារំឭកខាងវិញ្ញាណរបស់យើង ផ្លាស់ប្តូរដួងចិត្តរបស់យើង និងជួយយើងឲ្យមានសាមគ្គីភាពជាមួយទ្រង់ ។ នៅពេលអ្នកស្មោះត្រង់នឹងសេចក្ដីសញ្ញារបស់អ្នក នោះភក្ដីភាពរបស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងរីកចម្រើនឡើង ។ អារម្មណ៍នៃការដឹងគុណរបស់អ្នកនឹងកើនឡើង ។ សមត្ថភាពរបស់អ្នកក្នុងការស្រឡាញ់ និងបម្រើអ្នកដទៃនឹងរីកចម្រើន ។ ហើយពរជ័យដែលបានសន្យានៅក្នុងព្រះវិហារបរិសុទ្ធនឹងហូរចូលទៅក្នុងជីវិតរបស់អ្នក ។
២. សេចក្តីសញ្ញាទាំងឡាយជួយអ្នកឲ្យផ្ដោតអារម្មណ៍លើរឿងដែលសំខាន់បំផុត ។
ក្នុងអំឡុងពេលជីវិតរបស់អ្នក អ្នកនឹងប្រឈមមុខនឹងជម្រើសដែលទាមទារពេលវេលារបស់អ្នក ថាមពល និងធនធានរបស់អ្នក ។ ជម្រើសល្អៗជាច្រើននឹងប្រកួតប្រជែងជាមួយជម្រើសដែលមានតម្លៃផ្សេងទៀត ។ តើអ្នកជ្រើសរើសដោយរបៀបណា ?
ប្រធាន ដាល្លិន អេក អូក បានបង្រៀនថា ៖ « គ្រាន់តែដោយសារតែអ្វីដែល ល្អ មិនមែនជាហេតុផលគ្រប់គ្រាន់សម្រាប់ធ្វើវានោះទេ ។ មានអ្វីៗជាច្រើនដែលប្រសើរជាងការគ្រាន់តែល្អ ហើយរឿងទាំងនេះគួរតែជារឿងដែលបញ្ជាឲ្យផ្តោតយកចិត្តទុកដាក់ជាចម្បងនៅក្នុងជីវិតរបស់យើង ។ … ការប្រើប្រាស់ពេលវេលាបុគ្គល និងគ្រួសារមួយចំនួនគឺប្រសើរ ហើយការប្រើប្រាស់ផ្សេងទៀតគឺល្អបំផុត ។ យើងត្រូវតែលះបង់អ្វីៗដែលល្អ ដើម្បីជ្រើសរើសអ្វីៗដែលល្អជាង ឬល្អបំផុត ពីព្រោះអ្វីៗទាំងនោះអភិវឌ្ឍសេចក្ដីជំនឿនៅលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងពង្រឹងក្រុមគ្រួសាររបស់យើង » ( « Good, Better, Best » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១០៤, ១០៧ ) ។
តាមរយៈសេចក្ដីសញ្ញា ព្រះជួយយើងឲ្យយល់ពីគោលការណ៍ ការអនុវត្ត និងការសន្យាដែលទ្រង់ជ្រាបដឹងថាល្អបំផុតសម្រាប់យើង ។ យើងអាចទទួលបានការយល់ដឹងកាន់តែច្រើនអំពីអាទិភាព និងធ្វើការជ្រើសរើសដ៏ឈ្លាសវៃជាងមុន នៅពេលយើងផ្តោតជាមុនទៅលើការប្តេជ្ញាចិត្តដ៏ពិសិដ្ឋទាំងនោះដែលយើងបានធ្វើជាមួយព្រះ ។
៣. ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ និងសេចក្តីសញ្ញាទាំងឡាយផ្តល់ពរជ័យដល់អ្នក និងអ្នកដទៃ ។
នៅពេលអ្នកទទួលអំណោយទានពិសិដ្ឋរបស់អ្នក ឬផ្សារភ្ជាប់ជាមួយស្វាមីភរិយា ឬគ្រួសាររបស់អ្នក នោះអ្នកនឹងចាកចេញពីព្រះវិហារបរិសុទ្ធដោយមានសេចក្តីសន្យាពីព្រះអម្ចាស់ដោយផ្ទាល់ទៅកាន់អ្នក ។ វាមិនត្រឹមតែជាសេចក្តីសន្យាដែលបានធ្វើឡើងចំពោះព្យាការី ឬប្រជាជនពីបុរាណមួយចំនួនប៉ុណ្ណោះនោះទេ ប៉ុន្តែជាសេចក្តីសន្យាដែលបានធ្វើចំពោះអ្នក ។ អ្នកគួរតែខិតខំស្វែងយល់ពីវា និងអត្ថន័យរបស់វាក្នុងជីវិតរបស់អ្នក ។
បន្ទាប់ពីអ្នកបានទទួលអំណោយទានពិសិដ្ឋសម្រាប់ខ្លួនអ្នកហើយ អ្នកអាចត្រឡប់ទៅព្រះវិហារបរិសុទ្ធវិញ ដើម្បីទទួលពិធីបរិសុទ្ធជំនួសអ្នកដទៃដែលបានស្លាប់ទៅ ។ អ្នកមានការទទួលខុសត្រូវពិសេសដើម្បីស្វែងរកបុព្វការីជនរបស់អ្នក និងធានាឲ្យបានថា ពួកគាត់បានទទួលពិធីបរិសុទ្ធទាំងឡាយ ។ ការបម្រើរបស់អ្នកនឹងផ្ដល់ពរដល់ជីវិតរបស់ពួកគាត់ ហើយរំឭកអ្នកពីកិច្ចសន្យា និងពរជ័យផ្ទាល់ខ្លួនរបស់អ្នក ។
ព្យាយាមចងចាំ ហើយត្រឡប់ទៅវិញ
នៅពេលអ្នករៀបចំខ្លួនចូលរួមក្នុងពិធីបរិសុទ្ធនៅព្រះវិហារបរិសុទ្ធ សូមចងចាំថា ព្រះគឺជាព្រះវរបិតាដ៏អស់កល្បជានិច្ចរបស់អ្នក ហើយព្រះយេស៊ូវគ្រីស្ទគឺជាព្រះប្រោសលោះរបស់អ្នក ។ ទ្រង់ទាំងទ្វេស្គាល់អ្នកដោយផ្ទាល់ ។ ទ្រង់ទាំងទ្វេស្រឡាញ់អ្នកខ្លាំងណាស់ ។ នៅពេលអ្នកគោរពតាមសេចក្ដីសញ្ញារបស់អ្នក អ្នកនឹងទទួលបានពរជ័យក្នុងជីវិតនេះ និងជីវិតបន្ទាប់ទៀត ។
តើអ្នកអាចចងចាំគ្រាមួយដែលអ្នកមានអារម្មណ៍ជិតស្និទ្ធនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែរឬទេ ? អារម្មណ៍ទាំងនោះនឹងរីកចម្រើននៅក្នុងព្រះវិហារបរិសុទ្ធ ។ ព្រះវិហារបរិសុទ្ធគឺញែកចេញពីការរំខាន ភាពតានតឹង និងឥទ្ធិពលអវិជ្ជមានទាំងឡាយនៃជីវិត ។ នៅកន្លែងដ៏បរិសុទ្ធនេះ អ្នកត្រូវបានរំឭកថា អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នកនៅទីនេះនៅលើផែនដីនេះសម្រាប់គោលបំណងដ៏ធំ និងថ្លៃថ្នូរមួយ ។ អ្នកនឹងរកឃើញសេចក្តីសុខសាន្ត ការលួងលោម និងសេចក្តីសង្ឃឹមកាន់តែខ្លាំងឡើង ។
អ្នកក៏នឹងរកឃើញថា ពរជ័យនៃព្រះវិហារបរិសុទ្ធនឹងចូលទៅក្នុងចិត្តរបស់អ្នក ហើយលើកព្រលឹងអ្នកឡើង ។ សូមត្រឡប់ទៅព្រះវិហារបរិសុទ្ធវិញឲ្យបានញឹកញាប់តាមដែលអ្នកអាចធ្វើបាន ។ នៅពេលអ្នកធ្វើដូច្នេះ អ្នកនឹងយល់កាន់តែច្រើនអំពីសេចក្ដីស្រឡាញ់ដែលព្រះ និងព្រះយេស៊ូវគ្រីស្ទមានសម្រាប់អ្នក និងមនុស្សទាំងអស់ ។ ទោះបីជាក្រោយពីអ្នកចេញពីព្រះវិហារបរិសុទ្ធហើយក្ដី ក៏ព្រះវិញ្ញាណបរិសុទ្ធនឹងបន្តបង្រៀនអ្នកដែរ ។ ទ្រង់នឹងរំឭកអ្នកពីអ្វីដែលអ្នកបានដកពិសោធន៍ អ្វីដែលអ្នកទទួលអារម្មណ៍ និងរបៀបដែលអ្នកអាចរស់នៅដូចព្រះចង់បាន ។
នៅពេលអ្នករៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ សូមចាំថា ព្រះចង់ឲ្យអ្នកនៅជិតទ្រង់ ។ ទ្រង់បានប្រទានព្រះវិហារបរិសុទ្ធរបស់ទ្រង់ជាកន្លែងពិសេសមួយ ដើម្បីនៅជិតទ្រង់ ។ អំណរដ៏នៅអស់កល្បជានិច្ចរបស់អ្នក ក៏ជាអំណររបស់ទ្រង់ផងដែរ ។ ទ្រង់ប្រទានពរជ័យនៃព្រះវិហារបរិសុទ្ធដល់យើងដើម្បីដឹកនាំយើងត្រឡប់ទៅវិញ ។ សូមទូលសុំជំនួយរបស់ទ្រង់ នៅពេលអ្នករៀបចំខ្លួន និងចែកចាយការធ្វើដំណើររបស់អ្នកជាមួយទ្រង់ ។ ទ្រង់នឹងដឹកនាំអ្នក ។ ទ្រង់នឹងបំផុសគំនិតដល់អ្នក ។ ហើយទ្រង់នឹងជួយអ្នកនៅតាមផ្លូវនោះ ។