អំណោយផ្ទាល់ខ្លួនរបស់អ្នកមកពីព្រះ
ប្រធាន រ័សុល អិម ណិលសុន បានរំឭកយើងថា « រាល់សកម្មភាព រាល់មេរៀនទាំងអស់ដែលយើងធ្វើនៅក្នុងសាសនាចក្រ គឺនាំទៅរកព្រះអម្ចាស់ និងព្រះដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ។ កិច្ចខិតខំប្រឹងរបស់យើងដើម្បីប្រកាសដំណឹងល្អ ការធ្វើឲ្យពួកបរិសុទ្ធបានល្អឥតខ្ចោះ និងការប្រោសលោះមរណជន គឺដឹកនាំទៅរកព្រះវិហារបរិសុទ្ធទាំងអស់ ។ ព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋនីមួយៗឈរជានិមិត្តសញ្ញាមួយនៃសមាជិកភាពរបស់យើងនៅក្នុងសាសនាចក្រ ជាទីសម្គាល់មួយនៃសេចក្ដីជំនឿរបស់យើងទៅលើជីវិតបន្ទាប់ពីសេចក្ដីស្លាប់ និងជាជំហានដ៏ពិសិដ្ឋមួយឆ្ពោះទៅកាន់សិរីល្អដ៏អស់កល្បជានិច្ចសម្រាប់ពួកយើង និងក្រុមគ្រួសាររបស់យើង » ( « Personal Preparation for Temple Blessings » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៣២; Liahona ខែ កក្កដា ឆ្នាំ ២០០១ ទំព័រ ៣៧ ) ។
មានតែនៅក្នុងព្រះវិហារបរិសុទ្ធប៉ុណ្ណោះ ទើបយើងអាចធ្វើសេចក្ដីសញ្ញាដ៏ពិសិដ្ឋ រួមមានទាំងការសន្យាអំពីជីវិតដ៏អស់កល្បជានិច្ចនៅក្នុងនគរព្រះ ដែលជា « អំណោយទានដ៏មហិមាបំផុតនូវគ្រប់អំណោយទានទាំងឡាយនៃព្រះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៤:៧ ) ។ ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទាំងឡាយក្នុងព្រះវិហារបរិសុទ្ធតែងតែមានចំណែកនៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាទាំងនោះពង្រឹងដល់ទំនាក់ទំនងដ៏ទេវភាព ហើយជួយយើងឲ្យផ្តោតលើព្រះអង្គសង្គ្រោះ ដង្វាយធួនរបស់ទ្រង់ និងការប្តេជ្ញាចិត្តរបស់យើងដើម្បីធ្វើតាមទ្រង់ ។
ការទទួលអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធរបស់អ្នកគឺជាបទពិសោធន៍ផ្ទាល់ខ្លួនបំផុតមួយ ។ ការរៀបចំខ្លួនសម្រាប់អំណោយទានពិសិដ្ឋនឹងធ្វើឲ្យវាកាន់តែមានអត្ថន័យ ។ សមាជិកសាសនាចក្រជាច្រើនរូបទទួលអំណោយទានពិសិដ្ឋរបស់ពួកគេ មុនពេលចេញបេសកកម្ម ឬរៀបអាពាហ៍ពិពាហ៍ ។ សមាជិកផ្សេងទៀតមានបំណងប្រាថ្នាយ៉ាងមុតមាំ ដើម្បីឈានទៅមុខនៅលើផ្លូវនៃសេចក្ដីសញ្ញា ។ ប៊ីស្សព និងប្រធានសាខាគួរតែលើកទឹកចិត្ត និងប្រឹក្សាជាមួយសមាជិកមជ្ឈិមវ័យទាំងឡាយ ដែលមានបំណងចង់ទទួលអំណោយទានពិសិដ្ឋរបស់ពួកគេ ។ វាសំខាន់ណាស់ដើម្បីដឹងថា អំណោយទានពិសិដ្ឋរបស់អ្នកគឺវាលើសពីការបោះជំហានទៅមុខ វាគឺជាផ្នែកដ៏ចាំបាច់ និងដ៏រុងរឿងមួយនៃដំណើរដ៏អស់កល្បជានិច្ចរបស់អ្នក ។
អំណោយទានពិសិដ្ឋ គឺជា « អំណោយ » ដ៏ពិតប្រាកដ ។ នៅក្នុងបរិបទនេះ អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ គឺជាអំណោយនៃពរជ័យដ៏ពិសិដ្ឋមកពីព្រះដល់ពួកយើងម្នាក់ៗ ។ អំណោយទានពិសិដ្ឋអាចទទួលបានតែតាមរបៀបរបស់ទ្រង់ និងនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ប៉ុណ្ណោះ ។ អំណោយទានមួយចំនួនដែលអ្នកទទួលបានតាមរយៈអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធរួមមាន ៖
-
ចំណេះដឹងដ៏អស្ចារ្យអំពីព្រះរាជបំណង និងការបង្រៀនរបស់ព្រះអម្ចាស់ ។
-
អំណាចដើម្បីធ្វើរឿងគ្រប់យ៉ាងដែលព្រះសព្វព្រះទ័យឲ្យយើងធ្វើ ។
-
ការណែនាំ និងការការពាររបស់ព្រះ នៅពេលយើងបម្រើព្រះអម្ចាស់ ក្រុមគ្រួសារយើង និងមនុស្សដទៃ ។
-
សេចក្ដីសង្ឃឹម ការលួងលោមចិត្ត និងភាពសុខសាន្តកើនឡើង ។
-
ពរជ័យដែលបានសន្យានៅពេលនេះ និងជានិរន្តរ៍ ។
សមាជិកសាសនាចក្រដែលមានអាយុយ៉ាងតិច ១៨ ឆ្នាំ ( ហើយឈប់រៀននៅវិទ្យាល័យ ឬអនុវិទ្យាល័យ ) អាចនឹងទទួលអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធរបស់ពួកគេបាន ប្រសិនបើពួកគេស្មោះត្រង់ និងត្រៀមខ្លួនរួចជាស្រេចនោះ ។ ដោយសារពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធគឺពិសិដ្ឋ និងមានសារៈសំខាន់ដ៏អស់កល្បជានិច្ច នោះព្រះអម្ចាស់បានកំណត់បទដ្ឋានសម្រាប់អស់អ្នកដែលចង់ទទួលបានវា ។ សមាជិកក៏ត្រូវតែអាចយល់ពីកាតព្វកិច្ចដ៏មុតមាំ ដែលពួកគេនឹងទទួលយក នៅពេលពួកគេចុះសេចក្តីសញ្ញាជាមួយនឹងព្រះផងដែរ ។
ការរៀបចំខ្លួនទទួលអំណោយទានពិសិដ្ឋរបស់អ្នកនឹងរួមមានការធ្វើតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ និងការខិតខំរក្សាសេចក្ដីសញ្ញាដែលអ្នកបានធ្វើនៅឯពិធីបុណ្យជ្រមុជទឹក ។ អ្នករំឭកសេចក្ដីសញ្ញារបស់អ្នក នៅគ្រប់ពេលដែលអ្នកទទួលទានសាក្រាម៉ង់ ។ អ្នកនឹងមានឱកាសជួបជាមួយប៊ីស្សពរបស់អ្នក ហើយបន្ទាប់មកប្រធានស្ដេករបស់អ្នកសម្រាប់ ការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ បទដ្ឋាននៃការចូលក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នឹងត្រូវបានពិភាក្សានៅអំឡុងពេលសម្ភាសន៍ ។ ពួកគាត់នឹងសួរអ្នកនូវសំណួរទាំងឡាយ ដែលអនុញ្ញាតឲ្យអ្នកចែកចាយទីបន្ទាល់របស់អ្នកអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ព្យាការីដែលនៅរស់របស់ទ្រង់ និងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ ចម្លើយរបស់អ្នកនឹងបញ្ជាក់ថា អ្នកកំពុងខិតខំគោរពព្រះបញ្ញត្តិរបស់ព្រះ ហើយធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក ប្រធានស្ដេករបស់អ្នកនឹងអាចចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធជូនឲ្យអ្នក ដែលនឹងអនុញ្ញាតឲ្យអ្នកចូលទៅក្នុងព្រះវិហារបរិសុទ្ធ ហើយទទួលបានអំណោយទានពិសិដ្ឋរបស់អ្នក ។
ទិដ្ឋភាពទូទៅនៃអំណោយទានពិសិដ្ឋ
នៅពេលអ្នកចូលរួមក្នុងសាសនាចក្រ នោះអ្នកបានទទួលពិធីបរិសុទ្ធចំនួនពីរ—គឺពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ ដូចគ្នានេះដែរ អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធក៏ទទួលជាពីរផ្នែកផងដែរ ។
នៅក្នុងផ្នែកទីមួយ អ្នកនឹងទទួលបានអ្វីដែលហៅថា ពិធីបរិសុទ្ធលាងជម្រះ ដែលមានលក្ខណៈឯកជន និងផ្ទាល់ខ្លួន ។ ពិធីបរិសុទ្ធទាំងនេះរួមមាននូវពរជ័យពិសេសនានា ដែលទាក់ទងនឹងកេរដំណែល និងសក្តានុពលដ៏ទេវភាពរបស់អ្នក ។ ជាផ្នែកមួយនៃពិធីបរិសុទ្ធទាំងនេះ អ្នកក៏នឹងទទួលបានការអនុញ្ញាតឲ្យពាក់សម្លៀកបំពាក់បរិសុទ្ធនៃព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ និងទទួលបានការណែនាំអំពីរបៀបស្លៀកពាក់វាពេញមួយជីវិតរបស់អ្នកផងដែរ ។
នៅផ្នែកទីពីរ អ្នកនឹងទទួលបានអ្វីៗផ្សេងទៀតទាក់ទងនឹងអំណោយទានពិសិដ្ឋរបស់អ្នកនៅក្នុងមជ្ឈដ្ឋានជាក្រុមមួយ ។ ការណ៍នេះធ្វើឡើងនៅក្នុងបន្ទប់ណែនាំមួយជាមួយអ្នកដទៃទៀត ដែលកំពុងចូលរួមក្នុងព្រះវិហារបរិសុទ្ធដែរ ។ អំណោយទានពិសិដ្ឋមួយចំនួនត្រូវបានបង្ហាញតាមរយៈវីដេអូ ហើយអំណោយទានមួយចំនួនទៀតត្រូវបានបង្ហាញដោយអ្នកធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។ នៅអំឡុងពិធីបរិសុទ្ធ នឹងមានបង្ហាញព្រឹត្តិការណ៍ដែលជាផ្នែកមួយនៃផែនការនៃសេចក្ដីសង្គ្រោះ ។ វារួមមានការបង្កបង្កើតពិភពលោក ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ការក្បត់សាសនា និងការស្តារឡើងវិញ ។ អ្នកក៏នឹងរៀនបន្ថែមទៀតអំពីរបៀបដែលមនុស្សទាំងអស់អាចត្រឡប់ទៅកាន់វត្តមានរបស់ព្រះអម្ចាស់វិញផងដែរ ។
នៅអំឡុងពិធីបរិសុទ្ធអំណោយទានពិសិដ្ឋទាំងនេះ អ្នកនឹងត្រូវបានអញ្ជើញឲ្យចុះសេចក្ដីសញ្ញាមួយចំនួនជាមួយនឹងព្រះ ។ សេចក្ដីសញ្ញាទាំងនេះរួមមាន ៖
-
ក្រឹត្យវិន័យនៃការគោរពប្រតិបត្តិ ដែលរួមមានការខិតខំដើម្បីរក្សាព្រះបញ្ញត្តិរបស់ព្រះ ។
-
ក្រឹត្យវិន័យនៃយញ្ញបូជា ដែលមានន័យថា ការធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន ដើម្បីគាំទ្រដល់កិច្ចការរបស់ព្រះអម្ចាស់ និងការប្រែចិត្តដោយចិត្តសង្រេង និងវិញ្ញាណទន់ទាប ។
-
ក្រឹត្យវិន័យនៃដំណឹងល្អ គឺជាក្រឹត្យវិន័យជាន់ខ្ពស់ ដែលទ្រង់បានបង្រៀន កាលទ្រង់គង់នៅលើផែនដីនេះ ។
-
ក្រឹត្យវិន័យនៃព្រហ្មចារីភាព ដែលមានន័យថា យើងមានទំនាក់ទំនងផ្លូវភេទតែជាមួយនឹងមនុស្សដែលពួកយើងបានរៀបការពេញច្បាប់ និងស្របតាមក្រឹត្យវិន័យរបស់ព្រះប៉ុណ្ណោះ ។
-
ក្រឹត្យវិន័យនៃការថ្វាយ ដែលមានន័យថា ជាការថ្វាយពេលវេលា ទេពកោសល្យ និងអ្វីៗទាំងអស់របស់យើង ដែលព្រះអម្ចាស់បានប្រទានដល់យើង ដើម្បីស្ថាបនាសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទនៅលើផែនដីនេះ ។
សេចក្តីសញ្ញាទាំងអស់ជាមួយនឹងព្រះមានបំណងដើម្បីចងភ្ជាប់ ។ នៅពេលអ្នករក្សាសេចក្ដីសញ្ញារបស់អ្នក ហើយប្រែចិត្តពីភាពមិនល្អឥតខ្ចោះរបស់អ្នក នោះទំនាក់ទំនងរបស់អ្នកជាមួយទ្រង់នឹងរឹងមាំឡើង ហើយទ្រង់នឹងប្រទានពរដល់អ្នកកាន់តែពេញលេញថែមទៀត ។ ទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះអង្គសង្គ្រោះក៏កាន់តែជិតស្និទ្ធ និងកាន់តែមានអត្ថន័យផងដែរ ។ អ្នកដែលរក្សាសេចក្ដីសញ្ញាទទួលបាននូវអំណាចរបស់ព្រះ និងសេចក្ដីស្រឡាញ់ ភាពសុខសាន្ដ ការលួងលោម ព្រមទាំងអំណរកាន់តែខ្លាំងឡើងផងដែរ ។ ព្រះសន្យាថា អស់អ្នកដែលរក្សាសេចក្ដីសញ្ញារបស់ខ្លួន នឹងមានឱកាសត្រឡប់ទៅរស់នៅជាមួយនឹងទ្រង់វិញជារៀងរហូត ។
ប្រធាន រ័សុល អិម ណិលសុន ពន្យល់ថា « ការចុះសេចក្តីសញ្ញាជាមួយព្រះផ្លាស់ប្តូរទំនាក់ទំនងរបស់យើងជាមួយទ្រង់ជារៀងរហូត ។ វាផ្តល់ពរដល់យើងនូវសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាដ៏ច្រើនសន្ធឹកសន្ធាប់ទៀត ។ វាជះឥទ្ធិពលលើយើង និងរបៀបដែលព្រះនឹងជួយយើងឲ្យប្រែក្លាយជាបុគ្គលដែលយើងអាចប្រែក្លាយ » ។ ដោយសារតែសេចក្ដីសណ្ដោសដ៏ពេញដោយក្ដីស្រឡាញ់ដល់អស់អ្នកដែលបានចុះសេចក្តីសញ្ញាជាមួយទ្រង់ « នោះទ្រង់នឹងស្រឡាញ់ពួកគេ ។ ទ្រង់នឹងបន្តធ្វើការជាមួយពួកគេ ហើយប្រទានឱកាសឲ្យពួកគេផ្លាស់ប្តូរ ។ ទ្រង់នឹងអភ័យទោសដល់ពួកគេ នៅពេលពួកគេប្រែចិត្ត ។ ហើយនៅពេលពួកគេវង្វេងផ្លូវ ទ្រង់នឹងជួយពួកគេរកផ្លូវត្រឡប់ទៅកាន់ទ្រង់វិញ » ( « សេចក្តីសញ្ញាដ៏នៅអស់កល្បអស់កាលជានិច្ច » លីអាហូណា ខែ តុលា ឆ្នាំ ២០២២ ) ។
នៅចុងបញ្ចប់នៃអំណោយទានពិសិដ្ឋ នៅពេលពួកគេចូលទៅក្នុងបន្ទប់សេឡេស្ទាល វាតំណាងឲ្យអ្នកចូលរួមត្រឡប់ទៅកាន់វត្តមានរបស់ព្រះអម្ចាស់វិញ ។ នៅទីនោះ អ្នកអាចចំណាយពេលវេលាដើម្បីពិចារណា អធិស្ឋាន អានព្រះគម្ពីរ ឬចែកចាយគំនិតរបស់អ្នកដោយស្ងៀមស្ងាត់ជាមួយគ្រួសារ និងមិត្តភក្តិ ។ វាជាកន្លែងមួយនៃភាពសុខសាន្ត ដែលអ្នកអាចទទួលបានការលួងលោម និងការណែនាំពីព្រះផងដែរ ។
មនុស្សទាំងអស់ដែលចូលរួមក្នុងពិធីអំណោយទានពិសិដ្ឋ ត្រូវបានលើកទឹកចិត្តឲ្យយកចិត្តទុកដាក់លើអ្វីដែលកំពុងបង្រៀន ។ បទពិសោធន៍របស់អ្នកនឹងមានកាន់តែពេញលេញ នៅពេលអ្នកទៅដោយមានបំណងដើម្បីទទួលការបង្រៀនមកពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមកុំបារម្ភថាត្រូវចងចាំ ឬការយល់អំពីអ្វីៗទាំងអស់នៅលើកដំបូងឡើយ ។ អ្នកធ្វើការនៅក្នុងព្រះវិហារបរិសុទ្ធនឹងនៅទីនោះដើម្បីជួយដល់អ្នកជានិច្ច ។ វាមិនមែនជាការប្រឡងនោះទេ ប៉ុន្តែវាជាឱកាសដើម្បីមានអារម្មណ៍កាន់តែជិតស្និទ្ធនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមផ្ដោតលើអំណរនៃការស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងចំណាប់អារម្មណ៍ខាងវិញ្ញាណដែលអ្នកទទួលនៅទីនោះ ។
ការខិតទៅកាន់តែជិតនឹងព្រះអម្ចាស់
អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធគឺជាជំហានដ៏ចាំបាច់មួយ ដើម្បីឆ្ពោះទៅរកសេចក្ដីសង្គ្រោះ និងត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ ។ វាក៏ជាពេលវេលាដើម្បីចូលទៅកាន់តែជិតនឹងព្រះយេស៊ូវគ្រីស្ទ—ដើម្បីស្គាល់ទ្រង់កាន់តែច្បាស់ ហើយធ្វើតាមគំរូរបស់ទ្រង់ផងដែរ ។ ពិតណាស់ ពរជ័យដែលបានសន្យាទាំងអស់នៃអំណោយទានពិសិដ្ឋ គឺអាស្រ័យទៅលើភាពស្មោះត្រង់របស់យើង ។
បន្ទាប់ពីអ្នកបានទទួលអំណោយទានពិសិដ្ឋផ្ទាល់ខ្លួនរបស់អ្នកហើយ សូមត្រឡប់ទៅព្រះវិហារបរិសុទ្ធវិញឲ្យបានញឹកញាប់តាមដែលអ្នកអាចធ្វើទៅបាន ។ នៅពេលអ្នកធ្វើដូច្នោះ អ្នកអាចចូលរួមក្នុងពិធីបរិសុទ្ធលាងជម្រះ និងអំណោយទានពិសិដ្ឋសម្រាប់បុព្វការីជន និងអ្នកដទៃទៀតដែលបានទទួលមរណភាព ។ ដូចពិធីបរិសុទ្ធផ្សេងទៀតទាំងអស់ដែលបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធដែរ អ្នកដែលបានទទួលមរណភាពហើយ នឹងដឹងពីការបម្រើរបស់អ្នក ហើយអាចជ្រើសរើសថា តើត្រូវទទួលយកអ្វីដែលអ្នកបានធ្វើសម្រាប់ពួកគាត់ដែរឬក៏អត់ ។
ការចូលរួមរបស់អ្នកក៏អនុញ្ញាតឲ្យអ្នកមានឱកាសស្តាប់នូវពរជ័យ ការណែនាំ និងសេចក្ដីសញ្ញាម្ដងទៀតផងដែរ ។ នៅពេលអ្នកចូលរួមក្នុងព្រះវិហារបរិសុទ្ធ អ្នកនឹងកត់សម្គាល់ឃើញរបៀបបន្ថែមទៀត ដែលអំណោយទានពិសិដ្ឋទាក់ទងទៅនឹងផែនការនៃសេចក្ដីសង្គ្រោះ ហើយប្រទានពរដល់ជីវិតរបស់អ្នក ។ អ្វីដែលអ្នករៀន និងមានអារម្មណ៍ នឹងបង្ហាញកាន់តែច្បាស់ឡើង និងមានតម្លៃកាន់តែខ្លាំងឡើងចំពោះអ្នក ក្នុងកាលដែលពេលវេលាកន្លងទៅ ។ នៅពេលអ្នកមកចូលរួម អ្នកនឹងទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះ ហើយទទួលបានការរំឭកអំពីអ្វីដែលសំខាន់បំផុត ។