អំពី​ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ

អំពី​ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ

គ្រួសារ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះ

« ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ចែង​ថា « អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី គឺ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ ហើយ​ថា​គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្ក​បង្កើត សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​កូនចៅ​របស់​ទ្រង់ » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។

អំណរ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​ គឺមាន​នៅក្នុង​គ្រួសារ​ជាទី​ស្រឡាញ់​មួយ ។ នេះ​គឺជា​ការពិត ទោះបីជា​មាន​ការរំខាន និង​ឧបសគ្គ​ជាច្រើន​ក្នុង​ជីវិត​ក្តី ។ ការកសាង​ក្រុមគ្រួសារ​ដ៏​រឹងមាំ​មួយ​តម្រូវ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង ។ ប៉ុន្តែ​ការខិតខំ​បែប​នេះ​អាច​នាំ​ឲ្យ​មាន​អំណរ​នៅក្នុង​ជីវិត​នេះ និង​ពេញ​ទាំង​ភាពអស់កល្ប​ជានិច្ច ។ សូម្បីតែ​នៅក្នុង​ក្រុមគ្រួសារ​ដែល​មាន​ទំនាក់ទំនង​គ្រួសារ​ពិបាក​ក៏ដោយ ក៏​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ផ្តល់​នូវ​សេចក្តី​សង្ឃឹម ការលួងលោម និង​ការព្យាបាល​បាន​ដែរ ។

នៅក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​សួគ៌​យើង ស្វាមី និង​ភរិយា​អាច​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត​បាន ។ សិទ្ធិ​អំណាច​ក្នុង​ការបង្រួប​បង្រួម​ក្រុមគ្រួសារ​ជា​រៀង​រហូត​ត្រូវបាន​គេ​ហៅ​ថា អំណាច​នៃ ការផ្សារភ្ជាប់ ។ វា​គឺជា​អំណាច​ដូចគ្នា ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​ដល់​សាវក​របស់​ទ្រង់​ក្នុង​អំឡុង​ពេល​នៃ​ការងារ​បម្រើ​របស់​ទ្រង់​នៅលើ​ផែនដី ( ម៉ាថាយ ១៦:១៩ ) ។ ដូច្នេះ អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច​មួយ​ត្រូវ​បាន​គេ​ហៅ​ថា ការផ្សារភ្ជាប់ ។ កុមារ​ដែល​បាន​កើត ឬ​សុំ​យក​ទៅចិញ្ចឹម​នៅក្នុង​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច​បែប​នេះ អាច​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅនឹង​ក្រុមគ្រួសារ​របស់​ពួកគេ​ជា​រៀង​រហូត ។

មិន​ដូចជា​អាពាហ៍ពិពាហ៍​ « រហូត​ដល់​ការស្លាប់​មក​បំបែក » នោះ​ទេ ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ធានា​ថា ការស្លាប់​មិន​អាច​បំបែក​មនុស្ស​ជាទី​ស្រឡាញ់​បាន​ឡើយ ។ ដើម្បី​ឲ្យ​អាពាហ៍ពិពាហ៍​នៅតែបន្តមាន​ក្រោយ​ពី​ការស្លាប់ នោះ​ពួកគេ​ត្រូវ​ផ្សារភ្ជាប់​នៅ​កន្លែង​ត្រឹមត្រូវ និង​ដោយ​មាន​សិទ្ធិ​អំណាច​ត្រឹមត្រូវ​ផងដែរ ។ កន្លែង​ដែល​ត្រឹមត្រូវ​គឺ​ព្រះវិហារ​បរិសុទ្ធ ហើយ​សិទ្ធិ​អំណាច​ត្រឹមត្រូវ​គឺ​បព្វជិតភាព​នៃ​ព្រះ ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣២:៧, ១៥–១៩ ) ។

ស្វាមី​ម្នាក់ និង​ភរិយា​ម្នាក់​ដែល​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ចុះ​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ​ជាមួយ​នឹង​ព្រះអម្ចាស់ និង​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។ សេចក្ដីសញ្ញា​ទាំងនេះ​ធានា​ដល់​ពួកគេ​ថា ទំនាក់ទំនង​របស់​ពួកគេ​នឹង​នៅតែបន្ត​មានបន្ទាប់ពី​ជីវិត​នេះ ប្រសិនបើ​ពួកគេ​ស្មោះ​ពិត​ចំពោះ​ការប្តេជ្ញា​ចិត្ត​របស់​ពួកគេ ។ ពួកគេ​ដឹង​ថា គ្មាន​អ្វី​សោះ​​អាច​បំបែក​ពួកគេ​បាន​ឡើយ សូម្បីតែ​សេចក្តី​ស្លាប់ ។ អស់​អ្នក​ដែល​បាន​រៀបការ​គួរតែ​ចាត់​ទុក​ចំណង​មេត្រី​របស់​ខ្លួន​ថា​ជា​ទំនាក់ទំនង​​ដ៏​ជាទី​ស្រឡាញ់​បំផុត​របស់​ពួកគេនៅលើ​ផែនដី ។ យ៉ាងណាមិញ ស្វាមី ឬ​ភរិយា​គឺជា​មនុស្ស​តែ​ម្នាក់គត់​ ដែល​យើង​ត្រូវបាន​បង្គាប់​ឲ្យ​ស្រឡាញ់​អស់​ពី​ចិត្ត​យើង ​ក្រៅពី​ព្រះអម្ចាស់ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤២:២២ ) ។

ព្រះវិហារ​បរិសុទ្ធ ភេសិន យូថាហ៍ បន្ទប់​ពិធី​ផ្សារភ្ជាប់

អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច​មាន​សារៈសំខាន់​ណាស់

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) បាន​បង្រៀន​ថា ៖ « អាពាហ៍ពិពាហ៍​ ប្រហែល​ជាវា​គឺ​ជា​ការ​សម្រេចចិត្ត​មួយ​ដ៏​មាន​សារៈសំខាន់​បំផុត​ក្នុង​ការសម្រេច​ចិត្ត​ទាំងអស់ ហើយ​មាន​ឥទ្ធិពលខ្លាំង​បំផុត ព្រោះ​វា​មិន​គ្រាន់តែ​ដើម្បី​មានសុភមង្គល​ភ្លាមៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​មាន​អំណរ​ដ៏​អស់កល្ប​ជានិច្ច​ផងដែរ ។ វា​មិនត្រឹម​តែប៉ះពាល់​​មនុស្ស​ទាំងពីរ​នាក់​ដែល​ពាក់ព័ន្ធ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ ជាពិសេស​កូនៗ​របស់​ពួកគេ និង​ចៅៗ​របស់​ពួកគេ​ជាច្រើនទៀត រហូត​ដល់​ជំនាន់​ចុងក្រោយ​បំផុត​ផងដែរ » ( « The Importance of Celestial Marriage » Ensign ខែ តុលា ឆ្នាំ ១៩៧៩ ទំព័រ ៣ ) ។

សេចក្ដីសញ្ញា​នៃ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច​ក៏​ត្រូវការជា​ចាំបាច់​សម្រាប់​ភាពតម្កើង​ឡើង​ផងដែរ ។ ភាពតម្កើង​ឡើង​គឺជា​ជីវិត​ដ៏​អស់កល្ប​ជានិច្ច—គឺជា​ប្រភេទនៃ​ជីវិត​ដែល​ព្រះគង់នៅ ។ ទ្រង់​ល្អ​ឥតខ្ចោះ ។ ទ្រង់​រស់​នៅក្នុង​សិរី​រុងរឿង​ដ៏​អស្ចារ្យ ។ ទ្រង់​មាន​ចំណេះដឹង ព្រះចេស្ដា និង​ព្រះប្រាជ្ញា​ញាណ​គ្រប់ការណ៍​ទាំងអស់ ។ ទ្រង់​មាន​សេចក្ដី​ស្រឡាញ់ សប្បុរស និង​មេត្តា​ករុណា ។ ទ្រង់​ជា​ព្រះវរបិតា​សួគ៌​របស់​មនុស្ស​គ្រប់រូប​នៅលើ​ផែនដី ។ នៅ​ថ្ងៃ​ណាមួយ យើង​នឹង​អាចប្រែក្លាយ​ដូចជា​ទ្រង់ ។ នេះ​គឺជា​ភាពតម្កើង​ឡើង ។

ភាពតម្កើង​ឡើង​គឺជា​អំណោយ​ដ៏ធំធេង​បំផុត ដែល​ព្រះ​អាច​ប្រទាន​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៤:៧ ) ។ វា​គឺជា​រង្វាន់​សម្រាប់​មនុស្ស​ទាំងអស់​ដែល​បង្ហាញ​ភាពស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ។ អស់​អ្នក​ដែល​នឹង​រស់​នៅ​ក្នុង​កម្រិត​ដ៏​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល ។

ព្រះអម្ចាស់​បាន​បើក​សម្ដែង​តាមរយៈ យ៉ូសែប ស្ម៊ីធ ថា ៖

« នៅក្នុង​សិរីល្អ​ខាង​សេឡេស្ទាល នោះ​មាន​ស្ថានសួគ៌ ឬ​លំដាប់​បី​យ៉ាង ហើយ​ដើម្បី​ឲ្យ​បាន​លំដាប់​ខ្ពស់​បំផុត នោះ​មនុស្ស​ត្រូវ​ចូល​ទៅក្នុង​របៀប​នៃ​បព្វជិតភាព​នេះ [ មាន​ន័យ​ដល់​សេចក្ដីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ ] ហើយ​បើសិនជា​គេ​ពុំចូល​ទេ នោះ​គេ​ពុំអាច​បាន​លំដាប់​នោះ​ឡើយ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣១:១–៣ ) ។

ពេល​យើង​គោរព​សេចក្ដីសញ្ញា​របស់​យើង នោះ​យើង​អាច​ប្រាកដ​ថា យើង​នឹង​នៅ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង​ជា​រៀង​រហូត ។ ព្រះអម្ចាស់​បាន​សន្យា ៖

« បើសិនជា​បុរស​ណា​មួយ​រៀបការ​ប្រពន្ធ ដោយ​ព្រះ​បន្ទូល​យើង ដែល​ជា​ក្រឹត្យវិន័យ​របស់​យើង និង​ដោយ​សេចក្ដីសញ្ញា​ថ្មី និង​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច ហើយ​សេចក្ដីសញ្ញា​នោះ​បាន​ភ្ជាប់​ដល់​ពួក​គេ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា ដោយ​អ្នក​ណា​ដែល​ត្រូវ​បាន​លាប ដែល​យើង​បាន​តែងតាំង​ឡើង​ចំពោះ​អំណាច​នេះ និង​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​នេះ​...​ហើយ​បើសិនជា [ ពួកគេ ] នៅ​ជាប់​ក្នុង​សេចក្ដី​សញ្ញា​របស់​យើង … នោះ​នឹង​បាន​សម្រេច​ដល់​ពួក​គេ​ចំពោះ​គ្រប់​ការណ៍​ទាំង​អស់ ដែល​អ្នក​បម្រើ​របស់​យើង​បាន​ភ្ជាប់​ទៅ​លើ​ពួក​គេ ក្នុង​កាលវេលា និង​រហូត​ដល់​អស់​ទាំង​ភាពអស់កល្ប​ជានិច្ច​ផង ហើយ​នឹង​មាន​ប្រសិទ្ធភាព​ពេញលេញ កាល​ពួកគេ​ចាកចេញ​ពី​លោកិយ​ទៅ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣២:១៩ ) ។

ព្រះអម្ចាស់​ជ្រាប​ថា មិន​មែន​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់​នឹង​មាន​ឱកាស​រៀបការ​ក្នុង​ជីវិត​នេះ​ទេ ។ ទ្រង់​បាន​សន្យា​ថា អ្នក​ទាំងអស់​ដែល​ទទួល​យក​ដំណឹងល្អ ហើយ​ខិតខំ​រក្សា​សេចក្ដីសញ្ញា​របស់​ខ្លួន​នឹង​មាន​ឱកាស​រៀបការ ហើយ​មាន​កូន​ទាំង​នៅក្នុង​ជីវិត​នេះ ឬ​ជីវិត​បន្ទាប់​ទៀត ។

គ្រប់​ជំនាន់​ត្រូវបាន​ភ្ជាប់

ការប្រកាស​អំពី​ក្រុមគ្រួសារ​បាន​ចែង​ថា « ផែនការ​នៃ​សុភមង្គល​ដ៏​ទេវភាព​នេះ​ផ្តល់​លទ្ធភាព​ដល់​ទំនាក់ទំនង​ក្រុមគ្រួសារ​ឲ្យ​ចេះតែ​បន្ត​មាន​រហូត​ហួសពី​សេចក្តី​ស្លាប់ ។ ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ពិសិដ្ឋ​នានា​ដែល​មាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់ៗ​ត្រឡប់​ទៅ​កាន់​វត្តមាន​នៃ​ព្រះ​វិញ ហើយ​ដើម្បី​ឲ្យ​ក្រុមគ្រួសារ​អាច​ត្រូវបាន​រួបរួម​គ្នា​ដ៏​អស់កល្ប​ជានិច្ច » ។

អំណាច​នៃ​ការផ្សារភ្ជាប់​ក៏​លាតសន្ធឹង​ចាប់​ពី​ឪពុក​ម្តាយ​ទៅដល់​កូនៗ​នៅ​គ្រប់​ជំនាន់ ចាប់​តាំងពី​ដើម​ដំបូង​នៃ​ពិភពលោក​នេះ​មក​ម៉្លេះ ។ ប្រធាន យ៉ូសែប ហ្វិលឌីង ស្ម៊ីធ ( ឆ្នាំ ១៨៧៦–១៩៧២ ) បាន​បង្រៀនថា កូនៗ​ដែល​កើត​ក្នុង​សេចក្តីសញ្ញា​នេះ—ហើយ​អស់អ្នក​ដែល​បាន​ផ្សារភ្ជាប់​ទៅនឹង​ឪពុកម្តាយ​របស់​ពួកគេ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ—« អាច​ទទួល​ពរជ័យ​នៃ​ដំណឹង​ល្អ​លើសជាង​ដែល​អស់អ្នក​ដែល​ពុំ​កើត​ក្នុង​សេចក្តីសញ្ញា​មាន​សិទ្ធិ​ទទួល ។ ពួក​គេ​អាច​ទទួល​បាន​ការ​ណែនាំ​កាន់​តែ​ច្រើន ការ​ការពារ​កាន់​តែ​ច្រើន ការ​បំផុស​គំនិត​កាន់តែ​ច្រើន​ពី​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ ហើយ​បន្ទាប់​មក​គ្មាន​អំណាច​ណា​ដែល​អាច​យក​ពួកគេ​ចេញពី​ឪពុកម្ដាយ​របស់​ពួកគេ​បានឡើយ » ( Doctrines of Salvation បាន​ចងក្រង​ដោយ ប្រ៊ូស អ័ ម៉ាក់ខន់ឃី [ ឆ្នាំ ១៩៥៥ ] ២:៩០ ) ។

កូនៗ​ដែល​បាន​កើត​ពី​ឪពុក​ម្ដាយ​ដែល​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ គឺ​កើត​នៅក្នុង​សេចក្ដីសញ្ញា ។ ដូច្នេះ ពួកគេ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ដោយ​ផ្អែកលើ​ភាពស្មោះត្រង់​របស់​ពួកគេ ។ កូនៗ​ដែល​ពុំ​កើត​នៅក្នុង​សេចក្ដីសញ្ញា​ក៏​អាច​ក្លាយជា​ផ្នែក​មួយ​នៃ​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​បាន​ផងដែរ នៅពេល​ឪពុក​ម្ដាយ​បង្កើត ឬឪពុក​ម្ដាយ​ចិញ្ចឹម​របស់​ពួកគេ​បាន​ផ្សារភ្ជាប់​ជាមួយ​គ្នា ។ ពិធីបរិសុទ្ធ​នៃ​ការ​ផ្សារភ្ជាប់​កូនៗ​ទៅនឹង​ឲ្យ​ឪពុក​ម្ដាយគឺ​ធ្វើ​ឡើង​តែ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ។ ដើម្បី​ពង្រីក​ពរជ័យ​ទាំងនេះ​ដល់​មនុស្ស​ទាំងអស់ យើង​ក៏​អាច​ធ្វើ​ពិធី​ផ្សារភ្ជាប់​ជំនួស​អស់អ្នក​ដែល​បាន​ស្លាប់​ហើយ​ផងដែរ ។ តាម​វិធី​នេះ ក្រុមគ្រួសារ​ទាំងអស់​អាច​នឹង​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត ។

ការសន្យា​ថា ក្រុមគ្រួសារ​របស់​យើង​អាច​រួមរស់​នឹង​គ្នា​ជា​និរន្តរ៍​បន្ទាប់ពី​សេចក្ដីស្លាប់ ធ្វើឲ្យ​ជីវិត​កាន់តែ​មាន​ន័យ ។ វា​លើក​ទឹកចិត្ត​យើង​ឲ្យ​មាន​ភាពស្មោះត្រង់ និង​ភក្ដីភាព ។ វា​កែលម្អ ហើយ​ពង្រឹង​ទំនាក់ទំនង​គ្រួសារ​របស់​យើង ។ វា​ជួយ​យើង​ឲ្យ​រកឃើញ​អំណរ និង​សេចក្ដី​សង្ឃឹម នៅពេល​យើង​ប្រឈម​មុខ​នឹង​ឧបសគ្គ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។ ហើយ​ការដឹង​ថា យើង​អាច​នៅ​ជាមួយ​គ្នា​ម្តង​ទៀត នាំ​មក​នូវ​ការលួងលោម និង​សេចក្ដី​សុខសាន្ត នៅពេល​យើង​ប្រឈម​មុខ​ជាមួយនឹង​ការឈឺចាប់ ឬ​ការស្លាប់​របស់​មនុស្ស​ជាទី​ស្រឡាញ់ ។

ពិធីបរិសុទ្ធ​នៃ​ការ​ផ្សារភ្ជាប់​គឺ​ជា​អំណោយទាន​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះ​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់ ។ វា​អាច​ឲ្យ​យើង​ត្រឡប់​ទៅ​រស់​នៅ​ជាមួយ​នឹង​ទ្រង់​វិញ និង​នៅជាមួយ​នឹង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ទាំងអស់​ជា​រៀង​រហូត ។ វា​ផ្តល់​នូវ​ពរជ័យ​ដ៏​អស្ចារ្យ​សម្រាប់​ជីវិត​នេះ និង​ជីវិត​បន្ទាប់ ។ វា​ជា​ការរំឭក​ឥត​ឈប់​ឈរ​មួយ​ថា ក្រុមគ្រួសារ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផែនកា​របស់​ព្រះ និង​ចំពោះ​សុភមង្គល​របស់​យើង​នៅ​ទីនេះ និង​នៅ​ភាពអស់កល្ប​ជានិច្ច ។ វា​ផ្តល់​នូវ​ភាព​សុខសាន្ត សេចក្ដី​សង្ឃឹម និង​អំណរ​ចំពោះ​អស់​អ្នក​ដែល​ទទួល​បាន​ដោយ​ស្មោះ​ត្រង់ ។

មាតិកា​ដែល​ទាក់ទង

https://www.lds.org/general-conference/2008/10/celestial-marriage?lang=eng
អាពាហ៍ពិពាហ៍​សេឡេស្ទាល
...
អាពាហ៍ពិពាហ៍​សេឡេស្ទាល​នាំ​មក​នូវ​លទ្ធភាព​​កាន់តែ​មហិមា ដើម្បី​មាន​សុភមង្គល​ជាង​ទំនាក់ទំនង​នានា​ទាំងអស់​របស់​មនុស្ស​យើង ។
...
គ្មាន​អ្វី​ដែល​បាន​កើតឡើង ឬ​នឹង​ចូល​មក​ក្នុង​គ្រួសារ​របស់​អ្នក​ ​សំខាន់​ដូចជា​ពរជ័យ​នៃ​ការ​ផ្សារភ្ជាប់​នោះ​ទេ ។
ក្រុមគ្រួសារ​នៅក្នុង​សេចក្តីសញ្ញា
...
គ្មាន​អ្វី​ដែល​បាន​កើតឡើង ឬ​នឹង​ចូល​មក​ក្នុង​គ្រួសារ​របស់​អ្នក​ ​សំខាន់​ដូចជា​ពរជ័យ​នៃ​ការ​ផ្សារភ្ជាប់​នោះ​ទេ ។
...
សមាជិក​នៃសាសនាចក្រ​បាន​រៀបការ ឬ « បាន​ផ្សារភ្ជាប់ » នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ពេលវេលា និង​ភាពអស់កល្ប​ជានិច្ច ពុំមែនត្រឹមតែ​ « រហូត​ទាល់តែ​ការស្លាប់​មក​បំបែក » នោះទេ ។
តើ​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មាន​លក្ខណៈ​ដូចម្តេច ?
...
សមាជិកនៃ​សាសនាចក្រ​បាន​រៀបការ ឬ « បាន​ផ្សារភ្ជាប់ » នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ពេលវេលា និង​ភាពអស់កល្ប​ជានិច្ច ពុំ​មែន​ត្រឹមតែ « រហូត​ទាល់តែ​ការស្លាប់​មក​បំបែក » នោះ​ទេ ។
...
ក្នុងនាមជា​បុរស និង​ស្ដ្រី​ដែល​រក្សា​សេចក្ដីសញ្ញា យើង​ត្រូវ​តែលើក​ទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក ហើយ​ជួយ​គ្នា​ឲ្យ​ប្រែក្លាយ​ជា​រាស្ដ្រ​នៃ​ព្រះអម្ចាស់​តាម​ព្រះទ័យ​ទ្រង់ ។
យើង​នឹង​ឡើង​ទៅ​ជាមួយ​គ្នា
...
ក្នុងនាមជា​បុរស និង​ស្ដ្រី​ដែល​រក្សា​សេចក្ដីសញ្ញា យើង​ត្រូវ​តែលើក​ទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក ហើយ​ជួយ​គ្នា​ឲ្យ​ប្រែក្លាយ​ជា​រាស្ដ្រ​នៃ​ព្រះអម្ចាស់​តាម​ព្រះទ័យ​ទ្រង់ ។
...
ព្រះអង្គ​សង្រ្គោះ​នឹង​ប្រទាន​ពរជ័យ និង​ចម្រើន​នូវ​កិច្ច​ខិតខំ​ដ៏​សុចរិត​របស់​យើង​ដើម្បី​សង្គ្រោះ​អាពាហ៍ពិពាហ៍​របស់​យើង និង​ពង្រឹង​ក្រុមគ្រួសារ​របស់​យើង ។
ពោល​ពាក្យ​សរសើរ​ដល់​អ្នក​ទាំងឡាយ​ដែល​រក្សា​ការពារ
...
ព្រះអង្គ​សង្រ្គោះ​នឹង​ប្រទាន​ពរជ័យ និង​ចម្រើន​នូវ​កិច្ច​ខិតខំ​ដ៏​សុចរិត​របស់​យើង​ដើម្បី​រក្សា​ការពារ​អាពាហ៍ពិពាហ៍​របស់​យើង និង​ពង្រឹង​ក្រុមគ្រួសារ​របស់​យើង ។
...
សូម​មើល​សុន្ទរកថា​អំពី​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​ចេញពី​សន្និសីទ​ទូទៅ​នាពេល​ថ្មីៗ​នេះ
សុន្ទរកថា​ទាំងឡាយ​នៃ​សន្និសីទ​ទូទៅ
...
សូម​មើល​សុន្ទរកថា​អំពី​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​ចេញពី​សន្និសីទ​ទូទៅ​នាពេល​ថ្មីៗ​នេះ ។
...