ការហៅ​ក្នុង​បេសកកម្ម
ជំពូក​ទី ២ ៖ ស្រាវជ្រាវ​បទគម្ពីរ ហើយ​ពាក់​គ្រឿងសឹក​របស់​ព្រះ


« ជំពូក​ទី ២ ៖ ស្រាវជ្រាវ​បទគម្ពីរ ហើយ​ពាក់​គ្រឿងសឹក​របស់​ព្រះ » ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )

« ស្រាវជ្រាវ​បទគម្ពីរ ហើយ​ពាក់​គ្រឿងសឹក​របស់​ព្រះ » ប្រកាស​ដំណឹងល្អ​របស់យើង

រូបភាព
យ៉ូសែប ស្ម៊ីធ ស្វែងរក​ប្រាជ្ញា​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ដោយ ដែល គីលប័ន

ជំពូក​ទី ២

ស្រាវជ្រាវ​បទគម្ពីរ ហើយ​ពាក់​គ្រឿងសឹក​របស់​ព្រះ

សូម​ពិចារណា​ការណ៍​នេះ

  • ហេតុអ្វី​ការសិក្សា​បន្ទូល​របស់ព្រះ​នៅក្នុង​ព្រះគម្ពីរ​ឲ្យបាន​ទៀងទាត់​មាន​សារៈសំខាន់ ?

  • តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ការសិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ​កាន់​តែ​មាន​ប្រសិទ្ធភាព​ដោយ​របៀបណា ?

  • តើខ្ញុំ​អាចប្រើ​បច្ចេកវិទ្យា​ដោយ​សុចរិត​ដើម្បីជួយ​បំពេញ​គោលបំណង​របស់​ខ្ញុំ​ដោយរបៀបណា ?

  • តើ​ការ​ពាក់​គ្រឿង​សឹក​នៃ​ព្រះ​មាន​ន័យ​ដូច​ម្ដេច ?

ការស្រាវជ្រាវ​បទគម្ពីរ

ព្រះ​យេស៊ូវគ្រីស្ទ « គឺ​ជា​ពន្លឺ និង​ជា​ជីវិត​នៃ​ពិភពលោក ។ មើល​ចុះ ទ្រង់​គឺ​ជា​ព្រះបន្ទូល​នៃ​សេចក្ដីពិត និង​សេចក្ដី​សុចរិត » ( អាលម៉ា ៣៨:៩; សូមមើល​ផងដែរ យ៉ូហាន ១ ) ។ ការសិក្សា​បន្ទូល​របស់​ព្រះនៅក្នុង​ព្រះគម្ពីរ​បរិសុទ្ធ​នឹង​នាំ​យក​ភាព​ពេញ​បរិបូរណ៌​ដល់​ជីវិត​របស់អ្នក ( សូមមើល យ៉ូហាន ១០:១០ ) ។ បន្ទូល​របស់ទ្រង់​នឹងបំពេញ​អ្នក—និង​មនុស្សដែល​អ្នកបង្រៀន—ជាមួយ​នឹង​ពន្លឺ និង​សេចក្ដីពិត ។ វានឹងជួយអ្នក—និង​មនុស្ស​ដែលអ្នកបង្រៀន—ឲ្យ​រស់នៅ​ដោយ​សុចរិត ហើយ​ទទួលបាន​ការការពារ និង​កម្លាំង​មកពី​ព្រះ ។ វានឹងជួយ​អ្នក​ឲ្យ​មក​ស្គាល់​ទ្រង់ ហើយ​ភ្លក់​នូវ​សេចក្ដីស្រឡាញ់​របស់ទ្រង់ ដែល​មាន​ភាពផ្អែមល្ហែម​លើស​រាល់​ភាព​ផ្អែម​ទាំងអស់ ។ បន្ទូល​របស់ទ្រង់​នឹង​បំពេញ​ព្រលឹង​របស់អ្នក​ដោយ​អំណរ​( នីហ្វៃទី ១ ៨:១១–១២; សូមមើល ខទី ១–៣៤ ) ។

ព្រះគម្ពីរ​គឺជា​អំណោយទាន​មួយ​មកពី​សួគ៌ា ។ ពរជ័យ​ដ៏​ធំ​មួយ​នៅ​ក្នុង​បេសកកម្ម​របស់អ្នក​គឺ​ការមាន​កាលវិភាគ​ដើម្បីសិក្សា​ព្រះគម្ពីរ​ជារៀងរាល់ថ្ងៃ ។

ការសិក្សា​ដំណឹងល្អ​គឺជា​ប្រភេទ​នៃ​កិច្ចការ​ខាងវិញ្ញាណ​ដ៏​មាន​តម្លៃ​បំផុត​មួយ​ដែល​អ្នកអាចធ្វើ ។ វា​ធ្វើ​ឲ្យ​មាន​កម្លាំង​ទាំង​ផ្លូវចិត្ត និង​ខាងវិញ្ញាណ ។ ដូចជា​អាលម៉ា​បាន​បង្រៀន​ថា នៅពេល​អ្នក « បណ្ដុះ » ព្រះបន្ទូល​របស់​ព្រះ​នៅក្នុង​ចិត្ត​របស់​អ្នក វា​នឹង « បំភ្លឺ​យោបល់​របស់ [ អ្នក ] » និង​ចាប់ផ្ដើម​ឆ្ងាញ់​ពិសារ​ចំពោះ​អ្នក ( អាលម៉ា ៣២:២៨ សូមមើល​ផងដែរ អេណុស ១:៣–៤ ) ។ នៅពេល​អ្នក​បន្ដ​សិក្សា និង​អនុវត្ត​ព្រះបន្ទូល​របស់​ព្រះ វា​នឹង « ចាក់​ឫស ហើយ … ដុះ​ទៅ​ជា​ដើម​មួយ ពន្លក​ឡើង​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច » ( អាលម៉ា ៣២:៤១ សូមមើល​ផងដែរ ខទី ៤២–៤៣ ) ។ ចំណេះដឹង និង​ទីបន្ទាល់​របស់​អ្នក​អំពី​ដំណឹងល្អ​នឹង​ចម្រើន​ឡើង ។ បំណងប្រាថ្នា និង​សមត្ថភាព​របស់​អ្នក​ក្នុង​ការចែកចាយ​ដំណឹងល្អ​ក៏​នឹង​ចម្រើន​ឡើង​ផងដែរ ។

ការរៀន​មកពី​គ្រូបង្រៀន​ល្អ​គឺ​មាន​សារៈសំខាន់ ប៉ុន្តែ​វា​ក៏​សំខាន់​ផងដែរ​សម្រាប់​អ្នក ក្នុងការ​មាន​បទពិសោធន៍​សិក្សា​ដ៏​មាន​អត្ថន័យ​ចេញ​មកពី​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់អ្នក ។ ការណ៍​នេះ​ក៏​ពិតដូចគ្នា​សម្រាប់​មនុស្ស​ដែល​អ្នក​បង្រៀន​ផងដែរ ។

ការយល់ដឹង​ពី​បទគម្ពីរ​អាច​ជា​ការពិបាក​នា​គ្រា​ដំបូង ។ តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ នៅពេល​អ្នក​ព្យាយាម​សិក្សា​ព្រះបន្ទូល​របស់​ព្រះ​ដោយ​អត់ធ្មត់ នោះ​ការយល់ដឹង​របស់​អ្នក​នឹង​រីកចម្រើន​ឡើង ។ អ្នក​នឹង​ចាប់ផ្ដើម​ឲ្យ​តម្លៃ​ពេលវេលា​របស់​អ្នក​ជាមួយ​នឹង​ព្រះ​គម្ពីរ ។ អ្នក​នឹង​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសារ​នូវ​អ្វី​ដែល​អ្នក​នឹង​រៀន និង​ទទួលបទពិសោធន៍ ។

ការយល់ដឹង និង​ស្រឡាញ់​ព្រះ​គម្ពីរ​អាច​ជា​ពរជ័យ​ដ៏​មហិមា​នៃ​ការបម្រើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់អ្នក ។ នៅពេល​អ្នក​ដកពិសោធន៍​ពរជ័យ​នៃ​ការសិក្សា​ព្រះគម្ពីរ​អំឡុងពេល​បេសកកម្ម​របស់​អ្នក នោះ​អ្នក​នឹង​ចង់​បន្ត​ធ្វើ​វា​ពេញមួយ​ជីវិត​របស់​អ្នក ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« នៅ​ចុង​បញ្ចប់ គោលបំណង​ដ៏​សំខាន់​បំផុត​នៃ​រាល់​ព្រះគម្ពីរ​គឺ​ដើម្បី​បំពេញ​ព្រលឹង​យើង​ដោយ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះ ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ—គឺជាសេចក្ដីជំនឿ​ថា ទ្រង់​ទាំង​ទ្វេ​​មាន​ព្រះជន្ម​រស់​ពិត ជា​សេចក្ដី​ជំនឿ​ទៅលើ​ផែនការ​របស់​ព្រះវរបិតា​សម្រាប់​ជីវិត​អមត និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​យើង ជា​សេចក្ដី​ជំនឿទៅ​លើ​ដង្វាយធួន និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ធ្វើ​ឲ្យ​ផែនការ​នៃ​សុភមង្គល​មានដំណើរការរស់រវើក ជា​សេចក្ដី​ជំនឿ​ដើម្បី​ធ្វើ​ឲ្យ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជា​ផ្លូវ​ជីវិត​របស់​យើង ជា​សេចក្ដី​ជំនឿ​ដើម្បី​មក​ស្គាល់ ‹ ព្រះ​ពិត​តែ​១ និង​ព្រះយេស៊ូវគ្រីស្ទ ដែល [ ទ្រង់​បាន ] ចាត់​ឲ្យ​មក › ( យ៉ូហាន ១៧:៣ ) » ( ឌី ថត គ្រីស្តូហ្វឺសិន « The Blessing of Scripture » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣៤ ) ។

ការសិក្សា​ផ្ទាល់​ខ្លួន

សូម​មើល​រូបភាព​យ៉ូសែប ស្ម៊ីធ​នៅ​ខាងដើម​ជំពូកនេះ ។ សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–១៣ ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

  • តើ​ការអាន និង​ការសញ្ជឹងគិត​របស់​យ៉ូសែប ស្ម៊ីធ​ពី យ៉ាកុប ១:៥ បាន​នាំ​លោក​ឲ្យ​ទទួល​វិវរណៈ​បាន​ដោយ​របៀប​ណា ?

  • តើ​ការសិក្សា​របស់​លោក​មាន​ឥទ្ធិពល​អ្វី​ខ្លះ​ទៅ​លើ​មនុស្ស​ជំនាន់​ក្រោយ ?

  • តើ​ការសម្រេច​ចិត្ត​របស់​លោក​ក្នុង​ការសិក្សា និង​ស្វែងយល់ មាន​ឥទ្ធិពល​អ្វី​ខ្លះ​ក្នុង​ជីវិត​របស់​អ្នក ?

  • តើ​ការសិក្សា​ដំណឹងល្អ​របស់​អ្នក​មាន​ឥទ្ធិពល​លើ​ជីវិត​អ្នក និង​ជីវិត​អ្នកដទៃ​ដោយ​របៀប​ណា ?

ការសិក្សា​ព្រះគម្ពីរ

តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​ចេញ​មកពី​បទគម្ពីរ​ខាងក្រោម​ អំពី​របៀប​ងាក​ទៅរក​ការសិក្សា​ដំណឹងល្អ ?

ស្វែងរក​ព្រះ​វិញ្ញាណ

ការរៀនសូត្រ​ដំណឹងល្អ​គឺ លើស​ពី​ការទទួល​បាន​ព័ត៌មាន ។ វា​ក៏​ជា​ដំណើរការ​ខាងវិញ្ញាណ​នៃ​ការអនុវត្ត​សេចក្ដីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ក្រោម​ការ​ដឹកនាំ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល យ៉ាកុប ៤:៨; គោលលទ្ធិ និង​សេចក្តី សញ្ញា ៥០:១៩–២៥ ) ។ សូម​ស្វែងរក និង​ទុកចិត្ត​លើ​ព្រះវិញ្ញាណ​ដើម្បី​បង្រៀន​អ្នក នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ ។ ការណ៍​នេះ​នឹង​កើតឡើង​ដល់​កម្រិត​ដែល​អ្នក​ប្រដូច​បទគម្ពីរ​ទៅ​នឹង​ខ្លួន​អ្នក​ដោយ​ស្មោះ​អស់ពី​ចិត្ត​ដើម្បី​ធ្វើ​តាម​អ្វី​ដែល​អ្នកបាន​រៀន ( សូមមើល នីហ្វៃទី​១ ១៩:២៣; មរ៉ូណៃ ១០:៤; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៨ ) ។

ការសិក្សា​ព្រះគម្ពីរ​ប្រកប​ដោយ​ការអធិស្ឋាន នឹង​បើក​បង្អួច​នៃ​វិវរណៈ​ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​មាន​បន្ទូល​ទៅកាន់​គំនិត និង​ដួងចិត្ត​របស់​អ្នក ។ ទ្រង់​នឹង​ប្រទានពរ​ដល់​អ្នក​ឲ្យ​ទទួល​បាន​ការណែនាំ ការបំផុសគំនិត និង​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​របស់អ្នក ។ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ពង្រឹង ហើយ​លួងលោម​ដល់​អ្នក ។ ទ្រង់​នឹង​ប្រទាន​ចំណេះដឹង និង​ការជឿជាក់​ដល់​អ្នក ដែល​ផ្ដល់​ពរ​ដល់​ជីវិត​របស់​អ្នក ហើយ​អាច​ឲ្យ​អ្នក​ផ្ដល់ពរ​ដល់​អ្នក​ដទៃ​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ការសិក្សា​ព្រះគម្ពីរ

តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​តួនាទី​អ្វីខ្លះ​ក្នុង​ការជួយ​បុគ្គល​ម្នាក់​ឲ្យ​រៀន​ដំណឹងល្អ ?

ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ

ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយសាសនា​ម្នាក់ នោះ​អ្នក​នឹង​ស្ដាប់​ឮ​សំណួរ​ជាច្រើន ។ អ្នក​ក៏​នឹង​មាន​សំណួរ​ផ្ទាល់ខ្លួន​របស់​អ្នក​ផងដែរ ។ ការស្វែងរក​បទគម្ពីរ និង​ធនធាន​ផ្សេង​ទៀត​ដែល​បានអនុម័ត​ដើម្បី​ឆ្លើយ​សំណួរ​ទាំងនេះ គឺជា​របៀប​ដ៏​មាន​ឥទ្ធិពល​ក្នុង​ការសិក្សា ។ សូម​កត់ត្រា​សំណួរ និង​អ្វី​ដែល​អ្នក​រៀន និង​មាន​អារម្មណ៍​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

សូម​ប្រើ​ធនធាន​ត្រឹមត្រូវ និង​គួរ​ឲ្យ​ទុកចិត្ត​នៅក្នុង​ការសិក្សា​របស់អ្នក—ដែល​សំខាន់​គឺ​ព្រះគម្ពីរ ប្រសាសន៍​របស់​ព្យាការី​ដែល​នៅរស់ និង ប្រកាស​ដំណឹងល្អ​របស់យើង ។ សូម​ប្រើ​ធនធាន​នៅក្នុង បណ្ណាល័យ​ដំណឹង​ល្អ ដូចជា សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ, Bible Dictionary, index to the triple combination, Gospel Topics និង សំណេរ​ប្រធានបទ​ដំណឹងល្អ ។ សូម​ស្វែងយល់​ថា​តើ​ធនធាន​អ្វីខ្លះ​ដែល​មាន​ជា​ភាសា​របស់​បុគ្គល​ដែល​អ្នក​បង្រៀន ។

រូបភាព
ប្រធាន អិម រ័សុល បាឡឺដ

« រឿង​មួយ​ដែល​ខ្ញុំ​បាន​រៀន​ក្នុង​ជីវិត​គឺ​ថា ព្រះអម្ចាស់​ឆ្លើយ​សំណួរ​របស់​យើង​ញឹកញាប់​ប៉ុនណា ហើយ​ទ្រង់​ប្រទាន​ដំបូន្មាន​ដល់​យើង​តាមរយៈ​ព្រះគម្ពីរ​ទាំងឡាយ ។ … បន្ទាប់មក សូម​ឲ្យ​យើង​ទៅរក​ព្រះអម្ចាស់​ដោយ​ការអធិស្ឋាន ដោយ​អង្វរ​ទូល​សូម​ជំនួយ ឬ​ចម្លើយ ហើយ​ចម្លើយ​ទាំងនោះ​នឹង​ទទួល​បាន នៅពេល​យើង​បើក​ព្រះគម្ពីរ ហើយ​ចាប់ផ្ដើម​សិក្សា ។ ពេលខ្លះ គឺ​វា​ហាក់​ដូច​ជា​វគ្គបទគម្ពីរ​មួយ​ដែល​មាន​អាយុ​រាប់​រយ​ពាន់​ឆ្នាំ ត្រូវ​បាន​កំណត់ទុក​ជាពិសេស​ដើម្បី​ឆ្លើយ​សំណួរ​របស់​យើង » ( អិម. រ័សុល បាឡឺត « Be Strong in the Lord, and in the Power of His Might » [ Brigham Young University fireside ថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២២ ] ទំព័រ ៥ នៅលើ​គេហទំព័រ speeches.byu.edu ) ។

រស់នៅ​តាម​អ្វី​ដែល​អ្នក​បាន​រៀន

នៅពេល​អ្នក​ដឹង​អំពី​អំណរ​ដែល​កើត​មាន​មកពី​ការយល់ដឹង​ដំណឹងល្អ​កាន់តែ​ច្រើន នោះ​អ្នក​នឹង​ចង់​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​នោះ ។ សូម​ខិតខំ​រស់នៅ​តាម​អ្វី​ដែល​អ្នក​រៀន ។ ការធ្វើ​ដូច្នោះ​នឹង​ពង្រឹង​សេចក្ដី​ជំនឿ ចំណេះដឹង និង​ទីបន្ទាល់​របស់​អ្នក ។ ការធ្វើ​តាម​អ្វី​ដែល​អ្នក​រៀន​នឹង​នាំ​មក​នូវ​ការយល់ដឹង​បន្ថែម និង​ឋិតថេរ ។ ( សូមមើល យ៉ូហាន ៧:១៧ ) ។

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ប្រសិនបើ​​មនុស្ស​​យល់​ពី​គោលលទ្ធិ​ត្រឹម​ត្រូវ នោះ​វា​នឹង​កែប្រែ​ឥរិយាបថ ព្រមទាំង​ចរិត​របស់​មនុស្ស​នោះ ។ ការសិក្សា​ពី [ គោលលទ្ធិ ] នៃ​ដំណឹងល្អ​នឹង​អភិវឌ្ឍ​ឥរិយាបថ​បាន​លឿន​ជាង ការសិក្សា​ពី​ឥរិយាបថ​ដើម្បី​អភិវឌ្ឍ​ឥរិយាបថ​ទៅ​ទៀត » ( ប៊យដ៍ ឃេ ផាកកឺ Little Children » » Ensign ខែ វិច្ឆិកា ឆ្នាំ​ ១៩៨៦ ទំព័រ ១៧ ) ។

ការសិក្សា​ផ្ទាល់​ខ្លួន

តើ​បទគម្ពីរ​ខាងក្រោម​បង្រៀន​អ្វី​ខ្លះ អំពី​ការ​រៀនសូត្រ​ដំណឹងល្អ ?

ប្រើប្រាស់​បណ្ណាល័យ​ដំណឹងល្អ

បណ្ណាល័យ​ដំណឹងល្អ​គឺជា​ធនធាន​អនឡាញ​មួយ ដែល​អាច​ជួយ​ពង្រីក​ការសិក្សា និង​ការបង្រៀន​របស់អ្នក​បាន​យ៉ាងច្រើន ។ សូម​ស្គាល់​ពី​មុខងារ​ជាច្រើន​របស់​កម្មវិធី​នេះ ។ អត្ថប្រយោជន៍​មួយ​ចំនួន​នៃ​ការប្រើប្រាស់​បណ្ណាល័យ​ដំណឹងល្អ​ជា​ចំណែក​ក្នុង​ការសិក្សា និង​ការបង្រៀន​របស់អ្នក​គឺ ត្រូវ​បាន​រាយបញ្ជី​ដូច​ខាងក្រោម ។

  • វា​អាច​ឲ្យ​អ្នក​ចូល​ប្រើ​ព្រះគម្ពីរ ប្រសាសន៍​របស់​ព្យាការី​ដែល​នៅរស់ និង​មាតិកា​របស់​សាសនាចក្រ​ផ្សេងៗ​ជា​ភាសា​ជាច្រើន​ក្នុង​ទម្រង់​ជា​អត្ថបទ សំឡេង និង​វីដេអូ ។

  • ប្រសិនបើ​អ្នក​កត់ត្រា​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ​នូវ​អ្វី​ដែល​អ្នក​រៀន និង​ចំណាប់​អារម្មណ៍​ដែល​អ្នក​បានទទួល នោះ​អ្នក​អាច​បន្ត​ចូល​ប្រើប្រាស់ និង​ត្រូវ​បាន​ពង្រឹង​ឲ្យ​រឹងមាំ​តាមរយៈ​ព៍ត៌មាន​នោះ​បន្ទាប់ពី​បេសកកម្ម​របស់​អ្នក ។

  • វា​អនុញ្ញាត​ឲ្យ​អ្នក​ងាយស្រួល​ចែកចាយ​បទគម្ពីរ ការសម្រង់​ប្រសាសន៍​របស់​ព្យាការី​ដែល​នៅរស់ និង​វីដេអូ​ជាមួយ​អ្នក​ដែល​អ្នក​កំពុង​បង្រៀន ។

  • មនុស្ស​ដែល​អ្នកបង្រៀន និង​ជ្រមុជទឹក​ភាគច្រើន នឹង​ប្រើប្រាស់​បណ្ណាល័យ​ដំណឹងល្អ ដើម្បី​ចូលប្រើ​ធនធាន​ទាំងឡាយ​របស់​សាសនាចក្រ ។ សូម​យល់ដឹង​ពី​មុខងារ​បណ្ណាល័យ​ដំណឹងល្អ ដើម្បី​ឲ្យ​អ្នក​អាច​ជួយ​ពួកគេ​រៀន​ប្រើ​កម្មវិធី​នេះ​បាន ។

ការសិក្សា​ផ្ទាល់​ខ្លួន

ពិនិត្យមើល « Gospel Library User Guide » ។ សូម​ជ្រើសរើស​មុខងារ​មួយ​នៅលើ​បណ្ណាល័យ​ដំណឹងល្អ ដើម្បី​សាកល្បង​ក្នុង​ការសិក្សា​ផ្ទាល់ខ្លួន និង​ជា​ដៃគូ​នៅ​លើក​ក្រោយ ។ តើ​មុខងារ​នេះ​បាន​ជួយ​ក្នុង​ការសិក្សា​របស់​អ្នក​ដោយ​របៀប​ណា ? តើ​អ្នក​នឹង​សាកល្បង​អ្វីខ្លះ​នៅ​ពេល​ក្រោយ ? ចូរ​បង្រៀន​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត​នូវ​អ្វី​ដែល​អ្នក​រៀន ។

ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​សេចក្តី​សុចរិត

ព្រះអម្ចាស់ និង​ព្យាការី​របស់​ទ្រង់​បាន​ផ្ដាក់ផ្ទុក​ឲ្យ​អ្នក​នូវ​បច្ចេកវិទ្យា​ដើម្បី​ជួយ​សម្រេច​កិច្ចការ​របស់​ទ្រង់ ។ បច្ចេកវិទ្យា​អាច​ពង្រីក​ការសិក្សា​ព្រះគម្ពីរ និងសៀវភៅ ប្រកាស​ដំណឹងល្អ​របស់​យើង​របស់​អ្នក ។ ធនធាន​ជា​ឌីជីថល​ក៏​អាច​ជួយ​អ្នក​ដាក់​ផែនការ​ផងដែរ ។ វា​អាច​ជួយ​ក្នុង​ការបង្រៀន និង​ការខិតខំ​ប្រឹងប្រែង​របស់​អ្នក​ដើម្បី​ស្វែងរក​មនុស្ស​បង្រៀន ។

ការប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​ឈ្លាសវៃ និង​ដោយ​សុចរិត អាច​ជួយ​អ្នក​ឲ្យ​សម្រេច​គោលបំណង​ជា​អ្នក​ផ្សព្វផ្សាយសាសនា​និង​ប្រើប្រាស់​ពេលវេលា​ប្រកប​ដោយ​ប្រសិទ្ធភាព ។ វា​ក៏​នឹង​អាច​ជួយ​អ្នក​ឲ្យ​ចៀសវាង​ឯកសារ​ដែល​មិន​សមរម្យ​ផងដែរ ។

សូម​ធ្វើ​តាម​ព្រះវិញ្ញាណ​អំពី​ពេលវេលា និង​របៀប​ប្រើប្រាស់​បច្ចេកវិទ្យា​តាម​របៀប​ដែល​នឹង​ជួយ​ពង្រឹង​សេចក្ដីជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្ដី​ជំនឿ​នៃ​អ្នក​ដែល​អ្នក​បម្រើ និង​បង្រៀន ។

សូម​ធ្វើ​តាម​វិធី​បង្ការ​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា

វិធីបង្ការ​ទាំងបួន​ដែល​បាន​រៀបរាប់​ខាងក្រោម​នេះ​នឹង​ជួយ​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​ឲ្យ​បាន​ត្រឹមត្រូវ ។ ការធ្វើតាម​វិធីបង្ការ​ទាំងនេះ​គឺជា​របៀប​ដ៏​សំខាន់​សម្រាប់​អ្នក​ដើម្បី « ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អាច​នឹង​ឈរ​មាំមួន ទាស់​នឹង​ឧបាយ‌កល​ទាំង​អម្បាល‌ម៉ាន​របស់​អារក្ស » ( អេភេសូរ ៦:១១ ) ។

ធ្វើតាម​ការបំផុសគំនិត​ខាង​វិញ្ញាណ

នីហ្វៃ​បាន​សន្យា​ថា « បើ​សិន​ជា​អ្នក​រាល់​គ្នា នឹង​ចូល​ទៅ​តាម​ផ្លូវ​នោះ ហើយ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញ​ដល់​អ្នក នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ » ( នីហ្វៃ​ទី ២ ៣២:៥ ) ។ ព្រះវរបិតាសួគ៌​របស់​អ្នក​បាន​ប្រទាន​ឲ្យ​អ្នក​នូវ​អំណោយទាន​ដ៏​មាន​អានុភាព​ចំនួន​ពីរ ដែល​នឹង​ជួយ​អ្នក​គឺ ៖ សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ និង អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ អ្នក​មាន​អំណាច​ដើម្បី​ជ្រើសរើស​ធ្វើ​តាម​ការណែនាំ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការណែនាំ​របស់​ទ្រង់​គឺ​សំខាន់​ក្នុង​ការ​ជួយ​អ្នក​ធ្វើ​ត្រឹមត្រូវ​កំឡុងពេល​ប្រើប្រាស់​បច្ចេកវិទ្យា ។ វា​ក៏​ជួយ​ការពារ​អ្នក​ពី​អារក្ស​ផងដែរ ។

ផ្ដោត​ទៅ​លើ​គោលបំណង​ផ្សព្វផ្សាយសាសនា​របស់​អ្នក

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « បើ​សិន​ជា​ភ្នែក​របស់​អ្នក​ស្មោះស្ម័គ្រ​ទាំង​ស្រុង​ទៅ​ចំពោះ​សិរី​ល្អ​របស់​យើង នោះ​រូប​កាយ​អ្នក​ទាំង​មូល​នឹង​បាន​ពោរ​ពេញ​ទៅ​ដោយ​ពន្លឺ ហើយ​នឹង​ពុំ​មាន​សេចក្ដី​ងងឹត​នៅ​ក្នុង​អ្នក​ឡើយ ហើយ​រូប​កាយ​នោះ​ដែល​បាន​ពោរ​ពេញ​ទៅ​ដោយ​ពន្លឺ យល់​គ្រប់​ទាំង​អស់ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:៦៧  ) ។ ការ​មាន​ភ្នែក​ស្មោះស្ម័គ្រ​ទាំង​ស្រុង​ទៅ​ចំពោះ​សិរី​ល្អ​របស់​ព្រះ មាន​ន័យ​ថា ជា​ការផ្ដោត​អារម្មណ៍​ទាំងស្រុង​ទៅ​លើ​ព្រះរាជ​បំណង​របស់​ព្រះ ដែល​នោះ​ក៏​ជា​គោលបំណង​របស់​អ្នក​ក្នុងនាម​ជា​ផ្សព្វផ្សាយសាសនា​ផងដែរ ។

ការប្រើប្រាស់​បច្ចេកវិទ្យា​របស់​អ្នក​គួរតែ​ផ្តោត​ទៅលើ​គោលបំណង​របស់អ្នក ។ បើក​ឧបករណ៍​របស់អ្នក តែ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​សាសនា​ដែល​អ្នក​នឹង​ប្រើ​វា​ប៉ុណ្ណោះ ។ រួច​បិទ​វា​វិញ នៅពេល​បាន​បំពេញ​គោលបំណង​នោះ​ចប់ ។

អ្នក​ទំនង​ជា​ជួបប្រទះ​នឹង​មាតិកា​មិន​សមរម្យ​នៅ​ពេល​អ្នក​ចូល​មើល​គេហទំព័រ​នោះ​ដោយ​ចៃដន្យ ដោយ​គ្មាន​គោលបំណង​ជាក់លាក់​ក្នុង​គំនិត ។

រូបភាព
ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មើល​ទៅ​ទូរសព្ទ

ត្រូវ​មាន​វិន័យ

មរមន​បាន​សរសេរ​ថា ៖ « ខ្ញុំ​ជា​សិស្ស​ម្នាក់​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ។ ខ្ញុំ​ត្រូវបាន​ហៅ​ដោយ​ទ្រង់​ឲ្យ​ប្រកាស​ព្រះបន្ទូល​របស់​ទ្រង់​នៅ​ក្នុង​ចំណោម​ប្រជាជន​ទ្រង់​ដើម្បី​ឲ្យ​ពួកគេ​អាច​បាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច » ( នីហ្វៃទី ៣ ៥:១៣ ) ។ ដូចជា​មរមន​ដែរ​អ្នក​គឺជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​គឺជា​ឱកាស​ដ៏​ពិសេស​មួយ​ដើម្បី​ដុសខាត់​ភាព​ជា​សិស្ស​របស់​អ្នក ។

ពាក្យ​ថា សិស្ស និង វិន័យ គឺ​ចេញមកពី​ឬស​គល់​ពាក្យ​តែ​មួយ​ដែល​មានន័យ​ថា « អ្នក​សិក្សា » ឬ « សិស្ស » ។ ដើម្បី​ធ្វើ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ​មាន​ន័យ​ថា អ្នក​ខិតខំ​ដើម្បី​ធ្វើ​តាម​ទ្រង់ ហើយ​រក្សា​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ វា​មាន​ន័យ​ថា​អ្នក​រៀន​និង​បង្រៀន​អំពី​ព្រះគ្រីស្ទ​ដោយ​ខ្ជាប់ខ្ជួន ។

សូម​មាន​វិន័យ និង​ធ្វើ​ការជ្រើសរើស​សុចរិត​ពី​របៀប​ដែល​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា ។ សូម​ជ្រើសរើស​ធ្វើតាម​វិធីបង្ការ ។ នៅ​ពេល​អ្នក​កំពុង​ជជែក​ជាមួយ​មនុស្ស​ជួប​មុខ​គ្នា​ផ្ទាល់ ចូរ​កុំ​បើក​មើល​សារ ឬ ទទួល​ទូរសព្ទ​ឲ្យ​សោះ ។ សូម​គ្រប់គ្រង​លើ​របៀប​ដែល​អ្នក​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ ។ ចូរ​កុំ​ឲ្យ​វា​គ្រប់គ្រង​លើ​អ្នក​ឲ្យ​សោះ ។

ព្រះអម្ចាស់​បាន​ប្រកាស​ថា « អ្នក​ណា​ដែល​ទទួល​ក្រឹត្យ​វិន័យ​របស់​យើង ហើយ​ធ្វើ​តាម អ្នក​នោះ​ហើយ​ជា​សិស្ស​របស់​យើង ហើយ​អ្នក​ណា​ដែល​និយាយ​ថា ខ្លួន​ទទួល​ក្រឹត្យ​វិន័យ​របស់​យើង តែ​មិន​ធ្វើ​តាម​ទេ អ្នក​នោះ​មិនមែន​ជា​សិស្ស​របស់​យើង​ទេ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤១:៥ ) ។ ខណៈ​គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ ព្រះអម្ចាស់​រំពឹង​ថា​នឹង​មាន​ការខិតខំ​យ៉ាង​ខ្ជាប់ខ្ជួន និង​ជាប់លាប់ ដើម្បី​ដើរ​តាម​ទ្រង់ ។

ភាព​ស្រស់​ស្អាត​នៃ​ដំណឹងល្អ​គឺ​ថា យើង​អាច​ទទួល​បាន​ការអភ័យទោស​ពេល​យើង​ប្រែចិត្ត—ហើយ​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ប្រែចិត្ត​ដោយ​មិន​ពន្យារ​ពេល​ឡើយ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៩:២១ ) ។ ប្រសិនបើ​អ្នក​ធ្វើ​ខុស រួម​ទាំង​ការប្រើប្រាស់​បច្ចេកវិទ្យា​មិន​សមរម្យ សូម​ប្រែចិត្ត​ក្នុង​ពេល​នោះ ហើយ​បន្ត​ព្យាយាម​ធ្វើ​តាម​ក្រឹត្យវិន័យ​របស់​ទ្រង់ ។ នេះ​ជា​ផ្នែក​មួយ​នៃ​ការធ្វើ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ ។

រួម​គ្នា​តែ​មួយ

ព្រះអម្ចាស់​មាន​ព្រះ​បន្ទូល​ថា « ចូរ​រួម​គ្នា​តែ​មួយ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​រួម​គ្នា​តែ​មួយ​ទេ ឈ្មោះ​ថា​អ្នក​រាល់​គ្នា​ពុំ​មែន​ជា​របស់​ផង​យើង​ឡើយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:២៧ ) ។ សូម​ជួយ​បេសកកម្ម​របស់​អ្នក​ឲ្យ​បង្កើត​ទម្លាប់​សាមគ្គីភាព ទំនុកចិត្ត ការទទួល​ខុសត្រូវ និង​សេចក្តី​មេត្តាករុណា ដើម្បី​ឲ្យ​អ្នក​ទាំងអស់​គ្នា​អាច​ពង្រឹង លើកទឹកចិត្ត ហើយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងអស់​គួរតែ​មាន​ផាសុកភាព​ក្នុង​ការសុំ​ជំនួយ​នៅពេល​ចាំបាច់ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​រឹងមាំ​ក្នុង​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ដែល​មាន​អារម្មណ៍​ទន់ខ្សោយ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:១០៦ ) ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​ត្រូវបាន​ល្បួង សូម​សុំ​ជំនួយ​ពី​ដៃគូ ឬ អ្នក​ដឹកនាំ​បេសកកម្ម​របស់​អ្នក ។

មនុស្ស​ស្ទើរតែ​ទាំងអស់ មានបញ្ហា​ជាប់​ទាក់ទង​ទៅ​នឹង​អ៊ីនធឺណិត ឬ រូបអាសគ្រាម ដែល​វា​កើតឡើង​នៅ​ពេល​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ។ សូម​ប្រើ​ឧបករណ៍​តែ​នៅ​ពេល​ណា​ដែល​អ្នក​អាច​មើល​ឃើញ​អេក្រង់​របស់​គ្នា​ទៅវិញ​ទៅមក​ប៉ុណ្ណោះ ។ សូម​មាន​ភាព​ក្លាហាន និង​ទទួល​ខុសត្រូវ​ចំពោះ​គ្នា​ទៅ​វិញ​ទៅមក ។

ព្រះអម្ចាស់​មាន​ទំនុក​ព្រះទ័យ​លើ​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ៗ​ដែល​ទ្រង់​បាន​ហៅ​រួម​ទាំង​អ្នក​ផង​ដែរ ។ ទ្រង់​បាន​ប្រទាន​ដៃគូ និង អ្នក​ដឹកនាំ​ដើម្បី​ការពារ ហើយ​គាំទ្រ​ដល់​អ្នក ។ ដូច​ជា​អាលម៉ា​បាន​គាំទ្រ​អាមូលេក​ដែល​ជា​ដៃគូ​របស់​លោក​ដែរ សូម​ព្យាយាម​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក ( សូមមើល អាលម៉ា ១៥:១៨ ) ។

តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​ទន់ខ្សោយ និង ងាយ​រង​ឥទ្ធិពល ?

ការរៀន​ធ្វើតាម​វិធីបង្ការ​ទាំង​បួន​នេះ ទាមទារ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង វិន័យ និង​ការអនុវត្ត ។ ទោះជា​បន្ទាប់​ពី​វិធីបង្ការ​ទាំងនេះ​ធ្វើ​បាន​យ៉ាង​ងាយ​ទាំង​របៀប​ដែល​អ្នក​គិត ហើយ​អនុវត្ត​ក្ដី អ្នក​នឹង​មាន​គ្រា​ដែល​អ្នក​អាច​មាន​អារម្មណ៍​ថា​ទន់ខ្សោយ និង ងាយ​រង​ឥទ្ធិពល​ដែរ ។ ប្រហែល​ជា​អ្នក​មាន​ទម្លាប់​មិន​ល្អ​ក្នុង​ការប្រើ​បច្ចេកវិទ្យា​ពី​មុន​បេសកកម្ម ដែល​អ្នក​ពិបាក​នឹង​យក​ឈ្នះ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​ចំនួន​ពុះពារ​នឹង​ការណ៍​អាសគ្រាម​ពី​មុន​ការហៅ​របស់​ពួកគេ ហើយ​អាច​ត្រូវ​ល្បួង​ឲ្យ​ត្រឡប់​ទៅ​រក​ឥរិយាបថ​ចាស់​វិញ ។

គោលការណ៍​ខាងក្រោម​នឹង​ជួយ​អ្នក​ឲ្យ​រស់នៅ​តាម​វិធីបង្ការ និង​ពង្រឹង​ខ្លួន​អ្នក​ទប់ទល់​នឹង​ការល្បួង ៖

  • សូម​ចាប់អារម្មណ៍​ទៅលើ​គំនិត អារម្មណ៍ និង​ឥរិយាបថ​របស់​អ្នក ។ ត្រូវ​ដឹង​ពី​របៀប​គំនិត អារម្មណ៍ និង​ឥរិយាបថ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ងាយ​រងគ្រោះ​ពេល​ប្រើប្រាស់​បច្ចេកវិទ្យា​មិន​ត្រឹមត្រូវ ។

  • ជ្រើសរើស​ធ្វើ​សកម្មភាព ។ ឆ្លើយ​តប​តាម​វិធី​សុចរិត វិជ្ជមាន​ចំពោះ​អារម្មណ៍​ដែល​អ្នក​មាន ។

  • រៀន ប្រែចិត្ត និង​កែលម្អ ។ ប្រើប្រាស់​បទពិសោធន៍​របស់​អ្នក ដើម្បី​បន្ត​រៀន​សូត្រ និង​កែលម្អ ។

អ្នក​មិន​ចាំបាច់​យក​ឈ្នះ​លើ​ឧបសគ្គ​នានា​ដោយ​ខ្លួន​អ្នក​នោះ​ទេ ។ សូម​ពឹងផ្អែក​លើ​កម្លាំង​ដែល​មាន​មក​ពី​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​សេចក្តីសញ្ញា​ដែល​អ្នក​បានចុះ​ជា​មួយ​ទ្រង់ ។ ព្រះអម្ចាស់​ជ្រាបដឹង​ពី​ឧបសគ្គ​ដែល​អ្នក​ប្រឈម​មុខ ហើយ​ទ្រង់​នឹង​ជួយ​អ្នក​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នេះ ។

ការចងចាំ​ព្រះអង្គ​សង្រ្គោះ​ជានិច្ច​អាច​ជួយ​អ្នក​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​សុចរិត ។ សូម​ស្មោះត្រង់​ចំពោះ​ទំនុកចិត្ត​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក ។ សូម​ប្តេជ្ញាចិត្ត​ដើម្បី « ដើរ​ដោយ​ស្មោះត្រង់​នៅ​ចំពោះ​ទ្រង់ » ( អាលម៉ា ៥៣:២១ សូមមើល​ផងដែរ ខទី ២០ ) ។ ការ​មាន​អំណរគុណ​ចំពោះ​អ្វីៗ​ដែល​ទ្រង់ និង​ព្រះវរបិតា​បាន​ធ្វើ​សម្រាប់​អ្នក នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​ជ្រើសរើស​ដ៏​ល្អ​អំពី​របៀប​ដែល​អ្នក​ប្រើ​ធនធាន​ឌីជីថល ។

បេសកកម្ម​របស់​អ្នក​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​រៀន​ប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​ឈ្លាសវៃ ។ ការប្តេជ្ញាចិត្ត និង​ទម្លាប់​ល្អ​ដែល​អ្នក​អភិវឌ្ឍ​ក្នុង​អំឡុងពេល​បេសកកម្ម​របស់​អ្នក​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ពេញ​មួយ​ជីវិត​របស់​អ្នក ។

ពាក់​គ្រប់​គ្រឿងសឹក​របស់​ព្រះ

សមត្ថភាព​របស់​អ្នក​ដើម្បី​ទប់ទល់​នឹង​ការ​ល្បួង​នឹង​កើនឡើង​នៅពេល​អ្នក​សិក្សា និង​អនុវត្ត​ព្រះគម្ពីរ ប្រសាសន៍​របស់​ព្យាការី​ដែល​នៅរស់ ប្រកាស​ដំណឹងល្អ​របស់​យើង បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​វិធី​បង្ការ​ដែល​បាន​រៀបរៀង​ឡើង​នៅក្នុង​ជំពូក​នេះ ។

រូបភាព
ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ស្វាគមន៍​ដល់​បុរស​ម្នាក់

តាមរយៈ​ការ​ពាក់ « គ្រប់​គ្រឿង​សឹក​របស់​ព្រះ » អ្នក​នឹង​អាច​ញែកដឹង​រវាង​ខុស និង​ត្រូវ ។ ជើង​របស់​អ្នក​នឹង​ពាក់ « ដំណឹង​ល្អ​នៃ​សេចក្ដី​សុខ‌សាន្ត » ។ ការ​ពាក់ « ​សេចក្ដី​សុចរិត​ទុក​ជា​ប្រដាប់​បាំង​ដើម​ទ្រូង » វា​នឹង​ការពារ​អ្នក ។ ការយក « ​សេចក្ដី​ជំនឿ​ទុក​ជា​ខែល » អ្នក​នឹង​អាច​រំលត់​ព្រួញភ្លើង​របស់​មារសត្រូវ​បាន ។ អ្នក​នឹង​យក « ដាវ​របស់​ព្រះ‌វិញ្ញាណ [ របស់​ទ្រង់ ] » ដើម្បី​បង្រៀន​សេចក្ដីពិត​ដោយ​អានុភាព និង​សិទ្ធិអំណាច ។ អ្នក​នឹង​ត្រូវ​បាន​ពង្រឹង​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​លោកិយ ដែល​ឥទ្ធិពល​នេះ​អាច​នាំ​ឲ្យ​អ្នក​រសាត់​ទៅ​ឆ្ងាយ ឯកោ ថែមទាំង​ឃ្លាត​ឆ្ងាយ ។ ( សូមមើល អេភេសូរ ៦:១០–១៨ សូមមើល​ផងដែរ នីហ្វៃទី​១ ៨:២០, ៣០; ១៥:២៤–២៥; ហេលេមិន ៣:២៩–៣០; គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៧:១៥–១៨; យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៣៧; ធីម៉ូថេ ៣:១៥–១៧ ) ។

ការសិក្សា​ផ្ទាល់​ខ្លួន

សូម​ស្វែងយល់ប្រកប​ដោយ​ការអធិស្ឋាន​​ពី​វិធីបង្ការ​មួយ​ដើម្បី​គិត​ផ្ដោត​នៅ​សប្តាហ៍​នេះ ។ ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់ កត់ត្រា​អារម្មណ៍​របស់​អ្នក និង​អ្វី​ដែល​អ្នក​កំពុង​រៀន ។


គំនិត​សម្រាប់​ការសិក្សា និង​ការអនុវត្ត

ការសិក្សា​ផ្ទាល់​ខ្លួន

  • សូម​សាកល្បង​យោបល់​ខាងក្រោម​ដើម្បី​បង្កើន​ការសិក្សា​របស់​អ្នក ៖

    • សូម​អាន​ព្រះគម្ពីរ​ដោយ​មានចម្ងល់ និង​កង្វល់​ក្នុង​ចិត្ត ។

    • ចែកចាយ​អ្វី​ដែល​អ្នក​រៀន​ជាមួយ​ពួក​អ្នក​ផ្សព្វ្សាយ​សាសនា​ដទៃ​ទៀត និង​មនុស្ស​ដែល​អ្នក​បង្រៀន ។ ការពន្យល់​អំពី​គោលលទ្ធិ ឬ​គោលការណ៍​មួយ​នឹង​ជួយ​អ្នក​ចងចាំ​វា ហើយ​ទទួល​បាន​ភាព​ច្បាស់លាស់ ។

    • សិក្សា​តាម​ប្រធានបទ ។ សូម​ផ្តោត​លើ​ប្រធានបទ​ដែល​នឹង​ជួយ​អ្នក និង​មនុស្ស​ដែល​អ្នក​បង្រៀន ។

    • សូម​សួរ​ខ្លួន​ឯង​ថា « តើ​អ្នក​និពន្ធ​និយាយ​អ្វី ? តើ​ចំណុច​សំខាន់​នៃ​សារលិខិត​ជា​អ្វី ? តើ​ការណ៍​នេះ​អនុវត្ត​ចំពោះ​ខ្ញុំ​យ៉ាង​ណា​ដែរ ? តើ​ការណ៍នេះ​អាច​ជួយ​នរណា​ម្នាក់​ដែល​យើង​កំពុង​បង្រៀន​ដោយ​របៀប​ណា ? »

    • សូម​ស្រមៃ ឬ​គូរ​អ្វី​ដែល​អ្នក​កំពុង​សិក្សា ។ ឧទាហរណ៍ សូម​ស្រមៃ​ថាតើ​វា​មាន​សភាព​យ៉ាង​ណា​ចំពោះ អាំម៉ូន ដើម្បីឈរ​នៅ​ចំពោះ​ព្រះភ័ក្រ្ត​របស់​ស្ដេច​សាសន៍​លេមិន ។

    • សរសេរ ប្រយោគ ឬ​កថាខណ្ឌ​ខ្លី​មួយ​អំពី​គំនិត​សំខាន់​នៃ​អត្ថបទ​មួយ ។

    • ទន្ទេញ​បទគម្ពីរ​ដែល​ពន្យល់ និង​គាំទ្រ​ដល់​គោលការណ៍​ដែល​អ្នក​បង្រៀន ។

  • វាយ​តម្លៃ​ខ្លួន​អ្នក​ដូច​តទៅ​នេះ ( ១=មិនដែល, ៣=ពេល​ខ្លះ និង​៥=ស្ទើរតែ​ជានិច្ចកាល ) ។

    • សេចក្តីជំនឿ​របស់​ខ្ញុំ​កំពុង​រីកចម្រើន ហើយ​ចាប់ផ្ដើម​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ប្រសើរ​ជាង​មុន ។

    • ខ្ញុំ​គិត​អំពី​មនុស្ស​ដែល​ខ្ញុំ​កំពុង​បង្រៀន​ពេល​ខ្ញុំ​សិក្សា ។

    • នៅ​ពេញ​មួយ​ថ្ងៃ ខ្ញុំ​គិត​អំពី​អ្វី​ដែល​ខ្ញុំ​បាន​សិក្សា​នៅ​ពេល​ព្រឹក ។

    • ពេល​ខ្ញុំ​សិក្សា គំនិតនានា​បាន​ផុស​ឡើង​ក្នុង​ចិត្ត​របស់​ខ្ញុំ ដែល​ខ្ញុំ​មិនធ្លាប់​មាន​ពី​មុន​មក ។

    • ខ្ញុំ​កត់ត្រា​ចំណាប់​អារម្មណ៍ និង​គំនិត​ខាង​វិញ្ញាណ​នៅ​កន្លែង​ដែល​សមរម្យ​មួយ ។

    • ខ្ញុំ​យក​ចិត្ត​ទុកដាក់​ពេល​ខ្ញុំ​សិក្សា ។

    • ខ្ញុំ​ទន្ទឹង​ឲ្យ​តែ​ដល់​ពេល​សិក្សា​ផ្ទាល់ខ្លួន ។

    • ខ្ញុំ​ទន្ទឹង​ឲ្យ​តែ​ដល់​ពេល​សិក្សា​ជា​ដៃគូ ។

    ពិនិត្យ​មើល​ចម្លើយ​របស់​អ្នក ។ តើ​ចំណុច​ណា​អ្នក​ធ្វើ​បាន​ល្អ ? តើ​អ្នក​អាច​កែលម្អ​ដោយ​របៀប​ណា ? ដាក់​គោលដៅ​មួយ ឬ​ពីរ ដើម្បី​កែលម្អ​គុណភាព​នៃ​ការសិក្សា​របស់អ្នក ។

ការសិក្សា​ជាមួយ​ដៃគូ និង​ការផ្លាស់ប្តូរ​ដៃគូ

ក្រុមប្រឹក្សា​មណ្ឌល សន្និសីទ​ហ្សូន និង​ក្រុមប្រឹក្សា​ថ្នាក់​ដឹកនាំ​បេសកកម្ម

  • សុំ​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​សរសេរ​សំណួរ​មួយ ឬ​ពីរ​អំពី​ដំណឹងល្អ​ពី​មេរៀន​មួយ​នៅ​ក្នុង ជំពូក​ទី ៣ ។ សំណួរ​ទាំងនេះ​អាច​ផ្ទាល់ខ្លួន ឬ​ពី​មនុស្ស​ដែល​ពួកគេ​បង្រៀន ។ អញ្ជើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​ចែកចាយ​សំណួរ​របស់​ពួកគេ​ជាមួយ​ក្រុម ។ សម្រាប់​សំណួរ​នីមួយៗ សូម​ពិភាក្សា​ដូច​ខាងក្រោម ៖

    • តើ​ការឆ្លើយ​សំណួរ​នេះ​អាច​ផ្ដល់​ពរជ័យ​ដល់​ជីវិត​អ្នក​ផ្សព្វផ្សាយ​សាសនា​ដោយ​របៀប​ណា ?

    • តើ​វា​អាច​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​មនុស្ស​ដែល​គាត់ ឬ​នាង​កំពុង​បង្រៀន​ដោយ​របៀប​ណា ?

    • តើ​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​ទទួល​បាន​ចម្លើយ​ដោយ​របៀប​ណា ?

  • សូម​បែងចែក​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ក្រុម ហើយ​ចាត់តាំង​ក្រុម​នីមួយៗ​ឲ្យ​សិក្សា​នូវ​វិធី​បង្ការ​មួយ​ក្នុង​ចំណោម​វិធីបង្ការ​ទាំង​បួន និង​បទគម្ពីរ​អម ។ អញ្ជើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​របៀប​ដែល​វិធីបង្ការ​បាន​ជួយ​ដល់​ពួកគេ ។

ថ្នាក់​ដឹកនាំ​បេសកកម្ម និង​ទីប្រឹក្សា​បេសកកម្ម

  • ​សូម​ចូលរួម​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​ការសិក្សា​ជា​ដៃគូ​របស់​ពួកគេ​ម្តងម្កាល ។

  • ⁠ក្នុង​អំឡុង​ពេល​សម្ភាសន៍ ឬ​ការសន្ទនា សូម​សួរ​សំណួរ​មួយចំនួន​ខាងក្រោម ៖

    • តើ​អ្នក​មាន​ចំណាប់អារម្មណ៍​អ្វីខ្លះ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នាពេល​ថ្មីៗ​នេះ ?

    • តើ​ជំពូក ឬ​ផ្នែក​នៃ​សៀវភៅ ប្រកាស​ដំណឹងល្អ​របស់​យើង បាន​ជួយ​អ្នក​បំផុត​នៅ​ប៉ុន្មាន​សប្តាហ៍​មុន​នេះ ? តើ​វា​ជួយ​ដល់​អ្នក​យ៉ាង​ដូចម្ដេច ?

    • តើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន បាន​ជួយ​អ្នក​រៀន​អ្វី​ខ្លះ ?

  • នៅក្នុង​ការសម្ភាសន៍ សូម​ពិចារណា​ពិនិត្យមើល​វិធីបង្ការ​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា ហើយ​សួរ​ពួក​អ្នកផ្សព្វផ្សាយ​អំពី​អ្វី​ដែល​ពួកគេ​កំពុង​រៀន នៅពេល​ពួកគេ​អនុវត្ត​វិធីបង្ការ​នេះ ។

  • ចែកចាយ​ការយល់ដឹង​ពី​ការសិក្សា​ផ្ទាល់ខ្លួន​របស់​អ្នក ។ ចែកចាយ​ខ្លឹមសារ​ពី​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក និង​ទីបន្ទាល់​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ការសិក្សា​ដំណឹងល្អ ។