ការហៅ​ក្នុង​បេសកកម្ម
ជំពូក​ទី ១២ ៖ ជួយ​មនុស្ស​ឲ្យ​រៀបចំខ្លួន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់


« ជំពូក​ទី ១២ ៖ ជួយ​មនុស្ស​ឲ្យ​រៀបចំខ្លួន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ » ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )

« ជំពូក​ទី ១២ » ប្រកាស​ដំណឹងល្អ​របស់​យើង

រូបភាព
យ៉ូហាន បាទីស្ទ កំពុង​ជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវ ដោយ ហ្គ្រេក ខេ អុលសិន

ជំពូក​ទី ១២

ជួយ​មនុស្ស​ឲ្យ​រៀបចំខ្លួន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់

សូម​ពិចារណា​ការណ៍​នេះ

  • តើ​ខ្ញុំ​អាច​ជួយ​មនុស្ស​ឲ្យ​រៀបចំ​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ដោយ​របៀបណា ?

  • តើ​ខ្ញុំ​ដឹកនាំការសម្ភាសន៍​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​របៀប​ណា ?

  • តើ​កម្មវិធី​បុណ្យជ្រមុជ​ទឹក​ដែល​លើក​តម្កើង​ត្រូវ​បាន​រៀបផែនការ​និង​ធ្វើ​ដោយ​របៀប​ណា ?

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​បំពេញ និង​បញ្ជូន​ទម្រង់​បែបបទ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ ?

  • តើ​ខ្ញុំ​អាច​ជួយគាំទ្រ​ដល់​សមាជិក​ថ្មី​ដោយ​របៀប​ណា ?

ពិធីបុណ្យ​ជ្រមុជទឹក​គឺជា​ពិធី​បរិសុទ្ធ​នៃ​ក្តីសង្ឃឹម​ដែល​នាំ​មក​នូវ​ព្រះចេស្តា​នៃ​ព្រះ​ចូល​ទៅក្នុង​ជីវិត​របស់​មនុស្ស ។ ព្រះចេស្តា​នោះ​មក​តាមរយៈ​ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​នឹង​បន្ត​នៅពេល​ដែល​មនុស្ស​ម្នាក់​ស៊ូទ្រាំ​ដល់​ទីបញ្ចប់​ក្នុង​ការរក្សា​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។

គោលបំណង​នៃ​ការបង្រៀន​របស់​អ្នក​គឺ​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​អភិវឌ្ឍ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ហើយ​ទទួលបុណ្យ​ជ្រមុជទឹក​ដោយ​មាន​បំណងប្រាថ្នា​ដ៏​ស្មោះ​ដើម្បី​ធ្វើតាម​ព្រះគ្រីស្ទ ។ ដូចជា​មរមន​បាន​បង្រៀន​ថា « ឯ​ផល​ដំបូង​នៃ​ការប្រែចិត្ត គឺ​បុណ្យ​ជ្រមុជ​ទឹក » ( មរ៉ូណៃ ៨:២៥ ) ។ នៅពេល​មនុស្ស​ដែល​អ្នក​បង្រៀន​រក្សា​ការតាំងចិត្ត​ដែល​អ្នក​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ នោះ​ពួកគេ​នឹង​រៀបចំ​ខ្លួន​ដើម្បី​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ហើយ​រីករាយ​នឹង​ពរជ័យ​ដែល​បានសន្យា ។

ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​មិនមែន​ជា​គោលដៅ​ចុងក្រោយ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ពិធី​បរិសុទ្ធ​ទាំង​នេះ​គឺជា​ទ្វារ​ដែល​កូនចៅ​របស់​ព្រះ​ចូល​ទៅក្នុង​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។ ផ្លូវ​នេះ​នាំ​ទៅរក​ពិធីបរិសុទ្ធ សេចក្ដីសញ្ញា និង​ពរជ័យ​ដ៏​រីករាយ​នៃ​ព្រះវិហារបរិសុទ្ធ—ហើយ​ទីបំផុត​ទៅ​រក​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ( សូមមើល នីហ្វៃ ទី៣ ១១:២០–៤០ ) ។

លក្ខណៈសម្បត្តិ​ដើម្បី​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់

ព្រះ​អញ្ជើញ​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់​ឲ្យ​មក​រក​ទ្រង់​តាមរយៈ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ( សូមមើល នីហ្វៃ ទី២ ២៦:៣៣; នីហ្វៃ ទី៣ ២៧:២០ ) ។ លក្ខណៈសម្បត្តិ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក​គឺ​ដូចគ្នា​សម្រាប់​មនុស្ស​ទាំងអស់ ។

ចេញពី គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៣៧ ៖

  • សូម​ធ្វើ​ចិត្ត​រាបសា​នៅ​ចំពោះ​ព្រះ ។

  • មាន​បំណងប្រាថ្នា​ដើម្បី​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។

  • មក​ដោយ​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ។

  • ប្រែចិត្ត​ពី​អំពើបាប​របស់អ្នក​ទាំងអស់ ហើយ​អធិស្ឋាន​សុំ​ការអភ័យទោស ។

  • ត្រូវ​ស្ម័គ្រចិត្ត​ដើម្បី​លើកដាក់​លើ​ខ្លួន​របស់​អ្នក​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ។

  • មាន​ការប្តេជ្ញាចិត្ត​ដើម្បី​បម្រើ​ព្រះ​គ្រីស្ទ​រហូត​ដល់​ទីបញ្ចប់ ។

  • បង្ហាញ​តាមរយៈ​កិច្ចការ​របស់អ្នក​ថា អ្នក​បាន​ទទួល​ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ ផ្ដាច់បាប​របស់អ្នក ។

មកពី​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

  • ឆ្លើយ​តបឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​សំណួរ​សម្ភាសន៍​ពិធីបុណ្យ​ជ្រមុជទឹក ។

  • រៀន​មេរៀន​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងអស់ ។

  • ជួប​ជាមួយ​ប្រធាន​កូរ៉ុម​អែលឌើរ ប្រធាន​សមាគម​សង្គ្រោះ និង​ប៊ីស្សព ។

  • ចូលរួម​ការប្រជុំ​សាក្រាម៉ង់​ជាច្រើន​ដង ។

លក្ខណៈសម្បត្តិ​ទាំងនេះ​គឺជា​ការចង្អុលបង្ហាញ​ពី​ដំណើរការ​ខាងវិញ្ញាណ​នៃ​ការប្រែចិត្តជឿ ។ នៅពេល​មនុស្ស​បំពេញ​តាម​លក្ខណៈសម្បត្តិ​ទាំងនេះ ពួកគេ​បាន​ត្រៀមខ្លួន​សម្រាប់​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នៃ​ពិធីបុណ្យជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។

នៅពេល​ដែល​មនុស្ស​ម្នាក់​បាន​កំណត់​ថ្ងៃ​ទទួល​បុណ្យជ្រមុជទឹក​យ៉ាង​ម៉ឺងម៉ាត់ ៖

  • សូម​ពិនិត្យមើល​កំណត់ត្រា​របស់​គាត់ ឬ​នាង​នៅក្នុង​កម្មវិធី​ប្រកាស​ដំណឹងល្អ​របស់​យើង​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ធានា​បាន​ថា អ្នក​បាន​បង្រៀន​គោលលទ្ធិ និង​បទបញ្ញត្តិ​ដែល​ចាំបាច់​ទាំងឡាយ ។

  • សូម​បង្កើត​កាលវិភាគ​សម្រាប់​ព្រឹត្តិការណ៍​ដែល​ចាំបាច់​ដើម្បី​រៀបចំខ្លួន​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។ សូម​ពិនិត្យមើល​កាលវិភាគ​នេះ​ជាមួយ​បុគ្គល​នោះ ។

  • បើ​អាច​ធ្វើបាន សូម​អញ្ជើញ​បុគ្គល​នោះ​ឲ្យ​ចូលរួម​ក្នុង​ពិធីបុណ្យ​ជ្រមុជទឹក​មួយ​ពីមុន​ពិធី​បុណ្យជ្រមុជ​ទឹក​របស់​គាត់ ឬ​នាង​ផ្ទាល់ ។

ការសិក្សា​ព្រះគម្ពីរ

សូម​សិក្សា​បទគម្ពីរ​ដូច​ខាងក្រោម ៖ តើ​អ្នក​អាច​ជួយ​ដល់​មនុស្សដែល​អ្នក​បង្រៀន​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ពិធីបុណ្យជ្រមុជទឹក និង​ពិធី​បញ្ជាក់​ដោយ​របៀប​ណា ? សូម​កត់ត្រា​អ្វី​ដែល​អ្នក​កំពុង​រៀនសូត្រ​ចេញពី​ការសិក្សា​របស់​អ្នក ។

រូបភាព
អង្គ​ព្យាបាល​ដ៏​ទន់ភ្លន់ ដោយ ហ្គ្រេក ខេ អូលសិន

សូម​ជួយ​មនុស្ស​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការសម្ភាសន៍​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ពួកគេ ។

ការសម្ភាស​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​ធានា​ថា បុគ្គល​ម្នាក់​បំពេញ​តាម​លក្ខណខណ្ឌ​របស់ព្រះអម្ចាស់​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក ។ ការដាក់​កាលវិភាគ​សម្ភាស​ទទួល​បុណ្យជ្រមុជទឹក​ធ្វើឡើង​តែ​នៅ​ពេល​ណា​មនុស្ស​ម្នាក់​ត្រៀមខ្លួន​រួចរាល់​ប៉ុណ្ណោះ ។

សូម​ជួយ​មនុស្ស​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការសម្ភាសន៍​នេះ​ដើម្បី​ឲ្យ​ពួកគេ​មាន​អារម្មណ៍​មាន​ទំនុកចិត្ត​សម្រាប់​ការសម្ភាស​នេះ ។ សូម​ពន្យល់​ថាតើ​វា​នឹង​មាន​លក្ខណៈ​បែប​ណា ។ សូម​ប្រាប់​ពួកគេ​ថា​ពួកគេ​នឹង​ជួប​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត ដែល​ដូចជា​អ្នក​ដែរ ។

សូម​ពន្យល់​ពី​គោលបំណង​នៃ​ការសម្ភាសន៍​នេះ ។ វា​សំខាន់​សម្រាប់​ពួកគេ​ដើម្បី​ធ្វើ​ជា​សាក្សី​ថា ពួកគេ​បាន « បានប្រែចិត្ត​ចំពោះ​អំពើ​បាប​របស់​ពួក​គេ​ទាំង​អស់ …​[ ហើយ ] បង្ហាញ​ឲ្យ​ឃើញតាមរយៈ​កិច្ចការ​ទាំងឡាយ​របស់​ពួកគេ​ថា ពួកគេ​បានទទួល​ពី​ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ​ចំពោះ​ការផ្ដាច់បាប​ទាំងឡាយ​របស់​ពួកគេ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៣៧ ) ។

សូម​ចែកចាយ​សំណួរ​ដែល​អ្នក​សម្ភាសន៍​នឹង​សួរ ( សូមមើល​ខាងក្រោម ) ។ ការណ៍​នេះ​ជួយ​ឲ្យ​បុគ្គល​នោះ​រៀបចំ​ឆ្លើយ​សំណួរ​ទាំងនោះ ។

សូម​ប្រាកដថា បុគ្គល​នោះ​យល់​ពី​អ្វី​ដែល​អ្នក​បានបង្រៀន និង​សេចក្តី​សញ្ញា​ដែល​គាត់ ឬ​នាង​នឹង​ធ្វើ​នៅឯ​ពិធីបុណ្យ​ជ្រមុជទឹក ។ សេចក្តី​សញ្ញា​នេះ​គឺ​ដើម្បី ៖

  • ស្ម័គ្រចិត្ត​លើក​ដាក់​ខ្លួន​របស់​គាត់ ឬ​នាង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។

  • បម្រើ​ព្រះ និង​អ្នក​ដទៃ ។

  • កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។ ( សូមមើល មេរៀន​ទី ៤ ) ។

សូម​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​បាន​មកពី​ការទទួល​បុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់ និង​ការរក្សា​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក ។ ពរជ័យ​ទាំងនេះ​រួម​មាន​ការផ្ដាច់បាប និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ធ្វើ​ការសម្ភាសន៍​ទទួល​បុណ្យជ្រមុជទឹក ។

បុគ្គល​ម្នាក់ៗ​ដែល​ចង់​ទទួល​បុណ្យ​ជ្រមុជទឹក ត្រូវ​ទទួល​ការសម្ភាសន៍​ពី​ថ្នាក់ដឹកនាំ​បព្វជិតភាព​ដែល​មាន​សិទ្ធិអំណាច ។ នៅក្នុង​បេសកកម្ម បុគ្គល​នេះ​គឺជា​អ្នក​ដឹកនាំ​មណ្ឌល ឬ​អ្នកដឹកនាំ​ហ្សូន ។ គាត់​ធ្វើ​ការសម្ភាសន៍​សម្រាប់ ៖

  • បុគ្គល​អាយុ ៩ ឆ្នាំ​ឡើង​ទៅ ដែល​មិន​ធ្លាប់​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​​ពិធី​បញ្ជាក់​ពីមុន​មក ។

  • កុមារ​អាយុ ៨ ឆ្នាំ​ឡើង​ទៅ ដែល​ឪពុកម្ដាយ​ពុំមែន​ជា​សមាជិក​ក្នុង​សាសនាចក្រ ។

  • កុមារ​អាយុ ៨ ឆ្នាំ​ឡើង​ទៅ​ដែល​មាន​ឪពុក ឬ​ម្ដាយ​ម្នាក់ ដែល​នឹង​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ផងដែរ ។

គោលការណ៍​ណែនាំ​សម្រាប់​អ្នក​សម្ភាសន៍​ត្រូវបាន​ផ្តល់​ជូន​ដូច​ខាងក្រោម ។

  • រៀបចំ​ការសម្ភាសន៍​នៅ​កន្លែង​ឯកជន​ប្រកប​ដោយ​ផាសុកភាព ដែល​អាច​ទទួល​បាន​នូវ​អារម្មណ៍​នៃ​ព្រះវិញ្ញាណ ។

  • នៅពេល​សម្ភាស​កុមារ យុវវ័យ ឬ​ស្ត្រី នោះ​ដៃគូ​របស់​អ្នក​សម្ភាស​គួរតែ​នៅ​ជិត​​បន្ទប់​ដែល​នៅជាប់​គ្នា កន្លែង​ទទួលភ្ញៀវ ឬ​សាល ។ បើ​បុគ្គល​ដែល​ទទួល​ការសម្ភាស​ស្នើសុំ នោះ​អាច​អញ្ជើញ​មជ្ឈិមវ័យ​ផ្សេង​ទៀត​ចូលរួម​នៅក្នុង​ការសម្ភាស​នេះ​បាន ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​គួរតែ​ចៀសវាង​ពី​ស្ថានភាព​ទាំងអស់ ដែល​អាច​នាំឲ្យមាន​ការយល់ខុស ។

  • សូម​ចាប់ផ្ដើម​ដោយ​ការអធិស្ឋាន ។

  • ជួយ​មនុស្ស​ឲ្យ​មាន​អារម្មណ៍​ផាសុកភាព ។

  • ធ្វើ​ឲ្យ​ការសម្ភាសន៍​ជា​បទពិសោធន៍​លើក​កម្ពស់​ខាង​វិញ្ញាណ ។

  • សូម​ប្រាកដ​ថា​បុគ្គល​នោះ​យល់​ពី​គោលបំណង​នៃ​ការសម្ភាសន៍ ។

  • សួរ​សំណួរ​សម្ភាសន៍​ទទួល​បុណ្យជ្រមុជទឹក​ដែល​មាន​រៀបរាយ​ដូច​ខាងក្រោម ។ បត់បែន​សំណួរ​ទៅ​តាម​អាយុ និង​ភាពចាស់ទុំ និង​កាលៈទេសៈ​របស់​បុគ្គល​នោះ ។

  • ឆ្លើយ​សំណួរ​របស់​បុគ្គល​នោះ ។

  • ពិនិត្យមើល​ព័ត៌មាន​នៅលើ​ទម្រង់​បែបបទ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ដើម្បី​បញ្ជាក់​ភាពត្រឹមត្រូវ ។ ប្រសិនបើ​បុគ្គល​នោះ​ជា​អនីតិជន ឪពុកម្តាយ ឬ​អាណាព្យាបាល​ត្រូវ​ចុះហត្ថលេខា​លើ​ទម្រង់​បែបបទ​នេះ មុនពេល​ពិធីបុណ្យ​ជ្រមុជទឹក ( សូមមើល​ផ្នែក « ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ៖ សំណួរ និង​ចម្លើយ » នៅក្នុង​ជំពូក​នេះ ) ។

  • សូម​អញ្ជើញ​បុគ្គល​នោះ​ឲ្យ​ថ្លែង​ទីបន្ទាល់ ឬ​ចែកចាយ​អារម្មណ៍​របស់​គាត់ ឬ​នាង ។

  • បង្ហាញ​ការដឹងគុណ​ចំពោះ​ការ​ដែល​អាច​ជួប​នឹង​បុគ្គល​នោះ ។

សំណួរ​សម្ភាស​ទទួល​បុណ្យជ្រមុជទឹក

សំណួរ​សម្ភាសន៍​ទទួល​បុណ្យជ្រមុជទឹក មាន​ដូច​ខាងក្រោម ៖

  1. តើ​អ្នកជឿ​ថា ព្រះ​គឺជា​ព្រះវរបិតា​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង​ដែរ​ឬ​ទេ ? តើ​អ្នកជឿ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះរាជបុត្រា​របស់​ព្រះ និង​ជា​ព្រះអង្គសង្រ្គោះ និង​ជា​ព្រះប្រោសលោះ​នៃ​ពិភពលោក​ដែរ​ឬ​ទេ ?

  2. តើ​អ្នកជឿ​ថា សាសនាចក្រ និង​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ស្តារ​ឡើង​វិញ​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ​ដែរ​ឬ​ទេ ? តើ​អ្នកជឿ​ថា [ ប្រធាន​សាសនាចក្រ​បច្ចុប្បន្ន ] គឺជា​ព្យាការី​មួយ​រូប​របស់​ព្រះ​ដែរ​ឬ​ទេ ? តើ​ការណ៍​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក ?

  3. តើ​ការប្រែចិត្ត​មាន​ន័យ​យ៉ាងណា​ចំពោះ​អ្នក ? តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​បាន​ប្រែចិត្ត​ពី​អំពើបាប​ពី​អតីតកាល​របស់​អ្នក​ហើយ​ឬនៅ ?

  4. អ្នក​បាន​ត្រូវ​បង្រៀន​ថា សមាជិកភាព​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ រួម​មាន​នូវ​ការរស់នៅ​តាម​បទដ្ឋាន​របស់​ដំណឹងល្អផង​ដែរ ។ តើ​អ្នក​យល់​អ្វី​ខ្លះអំពី​បទដ្ឋាន​ដូច​ខាង​ក្រោមនេះ ? តើ​អ្នកយល់​ព្រម​គោរព​តាម​បទដ្ឋាន​ទាំងនេះ​ដែរ​ឬទេ ?

    • ច្បាប់​ព្រហ្មចារីភាព ដែល​ហាមឃាត់​រាល់​ទំនាក់ទំនង​ផ្លូវភេទ​នៅក្រៅ​ចំណង​អាពាហ៍ពិពាហ៍​ស្រប​ច្បាប់​រវាង​បុរសម្នាក់ និង​ស្ត្រីម្នាក់

    • ច្បាប់​ដង្វាយ​មួយភាគ​ក្នុង​ដប់

    • ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ

    • ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ រួមទាំង​ការ​ទទួលទាន​សាក្រាម៉ង់​ប្រចាំ​សប្តាហ៍ និង​ការបម្រើ​ដល់​អ្នក​ដទៃ​ទៀត​ផងដែរ

  5. តើ​អ្នក​ធ្លាប់​ប្រព្រឹត្ត​បទឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដែរ​ឬ​ទេ ? ប្រសិនបើ​មាន តើ​ឥឡូវ​នេះ​អ្នក​ស្ថិត​នៅក្នុង​ការព្យួរ​ទោស ដោយ​មាន​លក្ខខណ្ឌ ឬ​ការដោះលែង​ឲ្យ​រួច​ពី​ទោស​ដែរ​ឬទេ ?

  6. តើ​អ្នក​ធ្លាប់​រម្លូតកូន​ដែរឬ​ទេ ? ( សូមមើល ក្បួនខ្នាត ៣៨.៦.១ ) ។

  7. នៅពេល​អ្នក​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​គឺ​អ្នក​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ​ថា អ្នក​ព្រម​លើកដាក់​មកលើ​ខ្លួន​អ្នក​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ បម្រើ​អ្នក​ដទៃ​ទៀត ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល​ទាំងអស់ និង​រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ពេញ​មួយ​​ជីវិត​របស់​អ្នក ។ តើ​អ្នក​រៀបចំខ្លួន​ហើយ​ ដើម្បី​រក្សា​សេចក្ដី​សញ្ញា​នេះ ហើយ​ព្យាយាម​ដើម្បី​ស្មោះត្រង់​នឹង​សេចក្ដី​សញ្ញា​នេះឬនៅ ?

សម្រាប់​ការណែនាំ​ទាំងឡាយ ប្រសិនបើ​បុគ្គល​ឆ្លើយ​ដោយ​អះអាង​ថា​ពិត​ចំពោះ​សំណួរ​ទី ៥ ឬ ៦ សូមមើល ក្បួនខ្នាត​ទូទៅ ៣៨.២.៨.៧ និង ៣៨.២.៨.៨ ។

សូម​ស្វែងយល់​អំពី​គោលការណ៍ និង​គោលការណ៍​ណែនាំ​ទាក់ទង​នឹង​ពិធីបុណ្យជ្រមុជ​ទឹក និង​ពិធីបញ្ជាក់​នៅក្នុង ក្បួនខ្នាត​ទូទៅ ៣៨.២.៨ ។ គោលការណ៍​មួយ​ចំនួន​ទាំងនេះ​ទាក់ទង​នឹង​កាលៈទេសៈ​ពិសេស​ដែល​អ្នក​អាច​ជួបប្រទះ ។

បន្ទាប់ពី​ការសម្ភាស អ្នក នោះផ្សព្វផ្សាយ​សាសនា និង​បេក្ខជន​ចូលរួម​ជាមួយ​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត ។ ប្រសិនបើ​បុគ្គល​នោះ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទទួល​បុណ្យជ្រមុជទឹក នោះ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ពន្យល់​អំពី​អ្វី​ដែល​នឹង​កើតឡើង​នៅ​ឯ​ពិធីបុណ្យ​ជ្រមុជទឹក ។ ពួកគេ​ក៏​ពន្យល់​ផងដែរ​ថា ជាធម្មតា​ពិធីបញ្ជាក់​ធ្វើឡើង​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​នៃ​វួដ​ដែល​បុគ្គល​នោះ​រស់នៅ ។

នៅពេល​ដែល​ពិធីបុណ្យ​ជ្រមុជទឹក​ត្រូវ​ផ្អាក

ជួនកាល​ពិធីបុណ្យ​ជ្រមុជទឹក​ត្រូវ​ផ្អាក ដោយសារ​មាន​បញ្ហា​ប្រឈម​ជាមួយ​នឹង​ទីបន្ទាល់ ឬ​ភាពស័ក្តិសម ។ នៅពេល​រឿងនេះ​កើតឡើង សូម​ដោះស្រាយ​ស្ថានការណ៍​ដោយ​សម្ងាត់ និង​ឯកជន ។ សូម​ជួយ​បុគ្គល​នោះ​​យល់​ពី​របៀប​រៀបចំខ្លួន​សម្រាប់ពិធីបុណ្យ​ជ្រមុជទឹក​នៅ​ថ្ងៃ​អនាគត ។

សូម​លើក​ទឹកចិត្ត​បុគ្គល​នោះ ហើយ​ផ្តល់​សេចក្តីសង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ សូមស្នើសុំ​ឲ្យ​សមាជិក​វួដ​សាង​ទំនាក់ទំនង ។ បន្ត​បង្រៀន​គោលការណ៍​គ្រឹះ​នៃ​ដំណឹង​ល្អ រហូត​ដល់​បុគ្គល​នោះ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។ សូម​រង់ចាំ​ដល់​ពេល​នោះ ដើម្បី​ដាក់​កាលបរិច្ឆេទ​បុណ្យ​ជ្រមុជទឹក​ថ្មី ។

ពិធីបុណ្យជ្រមុជទឹក និង​ពិធី​បញ្ជាក់ ៖ សំណួរ និង​ចម្លើយ

តើ​ខ្ញុំ​ត្រូវការ​ការអនុញ្ញាត​ដើម្បី​ធ្វើ​បុណ្យជ្រមុជ​ទឹក​ដល់​អនីតិជន​ដែរ​ឬ​ទេ ? សាសនាចក្រ​មាន​ការព្រួយបារម្ភ​ចំពោះ​សុខុមាលភាព​របស់​កុមារ និង​ភាពសុខដុម​នៃ​បរិយាកាស​ក្នុង​ផ្ទះ​របស់​ពួកគេ ។ អនីតិជន​ដូច​ដែល​បាន​កំណត់​ដោយ​ច្បាប់​ក្នុង​មូលដ្ឋាន អាច​ត្រូវបាន​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក​បាន តែ​នៅពេល​ដែល​លក្ខខណ្ឌ​ទាំងពីរ​នៅ​ខាងក្រោម​នេះ​ត្រូវបាន​បំពេញ​ប៉ុណ្ណោះ ៖

  1. ឪពុក​ម្តាយ​ដែល​មាន​សិទ្ធិ​ចិញ្ចឹម​ម្នាក់( ច្រើន ) ឬ​អាណាព្យាបាល​ស្របច្បាប់​ម្នាក់( ច្រើន )​ផ្ដល់​ការអនុញ្ញាត​ជា​លាយលក្ខណ៍​អក្សរ ។ ពួកគេ​គួរតែ​មាន​ការយល់ដឹង​ជាទូទៅ​អំពី​គោលលទ្ធិ​ដែល​កូន​របស់​ពួកគេ​នឹង​រៀន​ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ ។ ពួកគាត់​ក៏​គួរតែ​ស្ម័គ្រចិត្ត​គាំទ្រ​ដល់​កូន ពេល​ចុះ​សេចក្ដី​សញ្ញា និង​រក្សា​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក​ផងដែរ ។

  2. បុគ្គល​ដែល​ដឹកនាំ​ការសម្ភាស​ត្រូវ​ដឹង​ថា កុមារនេះ​យល់ពី​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក​ដែរ​ឬទេ ។ គាត់​គួរតែ​មាន​ទំនុកចិត្ត​ថា កុមារ​នេះ​នឹង​ខិតខំ​កាន់តាម​សេចក្ដី​សញ្ញា​នេះ តាមរយៈ​ការគោរពតាម​ព្រះបញ្ញត្តិ​ទាំងឡាយ រួមទាំង​ការចូលរួម​ការប្រជុំ​សាសនាចក្រ​ផងដែរ ។

តើ​ខ្ញុំ​ត្រូវការ​ការយល់ព្រម​ពី​ស្វាមី ឬ​ភរិយា​ដើម្បី​ធ្វើ​បុណ្យជ្រមុជ​ទឹក​ឲ្យ​ស្វាមី ឬ​ភរិយា​គាត់​ដែរ​ឬ​ទេ ? បាទ ឬ​ចាស ។ បុគ្គល​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ ត្រូវតែ​មាន​ការយល់​ព្រម​របស់​ស្វាមី ឬ​ភរិយា​របស់​គាត់ ពីមុន​ទទួលពិធី​បុណ្យ​ជ្រមុជ​ទឹក ។

ប្រសិនបើ​ឪពុក ឬ​ម្តាយ​ក្នុង​គ្រួសារ​នោះ​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក តើ​ខ្ញុំ​គួរ​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​សមាជិក​ផ្សេង​ទៀត​ក្នុង​គ្រួសារ​នោះ ឬ​រង់ចាំ​រហូត​ដល់​ឪពុកម្តាយ​ត្រៀមខ្លួន​រួចរាល់ ? វា​ជា​ការប្រសើរ​ដែល​សមាជិក​គ្រួសារ​ទទួល​បុណ្យជ្រមុជ​ទឹក​ជាមួយគ្នា ។ ទោះជា​យ៉ាងណា បើ​មាន​អ្នក​ខ្លះ​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​ទេ នោះ​សមាជិក​គ្រួសារ​ម្នាក់ៗ​អាច​ទទួល​បុណ្យជ្រមុជទឹក​បាន ដរាបណា​ទទួល​បាន​ការអនុញ្ញាត​ដែល​ចាំបាច់​ណា​មួយ​រួចហើយ ។

តើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​សមាជិក​គ្រួសារ​គួរ​ផ្អាក រហូត​ដល់​ឪពុក​អាច​ទទួល​បព្វជិតភាព​អើរ៉ុន និង​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ខ្លួន​គាត់​ដែរ​ឬ​ទេ ? អត់​ទេ ។ បងប្អូន​ប្រុស​ដែល​ទើប​ទទួល​បុណ្យ​ជ្រមុជទឹក​ថ្មីៗ មិន​ទទួល​បាន​បព្វជិតភាព​អើរ៉ុន​នៅ​ថ្ងៃ​ដែល​ពួកគេ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ​ទេ ។ ពួកគេ​ត្រូវ​ទទួល​ការសម្ភាស​ពី​ប៊ីស្សព និង​បាន​គាំទ្រ​ដោយ​សមាជិក​វួដ​ជាមុន​សិន ។

តើ​ខ្ញុំ​អាច​បង្រៀន និង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ម្នាក់​ដែល​លាលែង​ពី​សមាជិកភាព​សាសនាចក្រ ឬ​ដែល​ដកចេញ​ពី​សមាជិកភាព​​ដែរ​ឬ​ទេ ? បុគ្គល​ដែល​លាលែង​ពី​សមាជិកភាព​សាសនាចក្រ ឬ​ដែល​ដក​ចេញ​ពីសមាជិកភាព​អាច​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​មក​វិញ តាមរយៈ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ។ ប្រសិនបើ​ពួកគេ​ចង់​ទទួល​ការបង្រៀន សូម​ប្រឹក្សា​ជាមួយ​ថ្នាក់ដឹកនាំ​បព្វជិតភាព​ក្នុង​តំបន់ និង​ប្រធាន​បេសកកម្ម​របស់អ្នក​អំពី​តួនាទី​ណាមួយ​ដែលអ្នក​អាចមាន ។

នៅក្នុង​ស្តេក ការអនុញ្ញាត​ឲ្យ​ចូល​មក​វិញ​ដោយ​ការធ្វើ​ពិធី​បុណ្យជ្រមុជ​ទឹក​គឺ​ស្ថិត​នៅក្រោម​ការដឹកនាំ​របស់​ប៊ីស្សព ឬ​ប្រធាន​ស្តេក ។ នៅក្នុង​បេសកកម្ម ការអនុញ្ញាត​ឲ្យ​ចូល​មកវិញ​គឺ​ស្ថិត​នៅក្រោម​ការដឹកនាំ​របស់​ប្រធាន​បេសកកម្ម ។ ថ្នាក់​ដឹកនាំ​ទាំងនេះ​នឹង​ទទួល​ការណែនាំ​ពី​គណៈប្រធាន​ទីមួយ​តាម​តម្រូវការ ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​មិន​ធ្វើ​ការសម្ភាសន៍​ទទួល​បុណ្យជ្រមុជទឹក​ ឬ​បំពេញ​ទម្រង់​បែបបទ​នៃ​ពិធីបុណ្យជ្រមុជទឹក និង​ពិធី​បញ្ជាក់​ទាំងអស់​នេះ​នោះទេ ។ ក៏ប៉ុន្ដែ អ្នកផ្សព្វផ្សាយ​សាសនា​មួយ​រូប​អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក ។

អតីត​សមាជិក​សាសនាចក្រ​ដែល​ចូលរួម​ជា​ថ្មី​ម្តងទៀត គឺ​ពុំ​មែន​ជា​អ្នក​ប្រែចិត្ត​ជឿ​ឡើយ ។ ទោះយ៉ាង​ណា​ក៏​ដោយ ពេល​ខ្លះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​ពួកគេ​ទទួល​បាន​ពរជ័យ​នៃ​សមាជិកភាព​សាសនាចក្រ​ម្ដង​ទៀត ។

ចុះ​បើ​មនុស្ស​ម្នាក់​ត្រូវ​បាន​ដាក់​ថ្ងៃ​កំណត់​ទទួល​បុណ្យ​ជ្រមុជ​ទឹក ប៉ុន្តែ​មិន​បាន​រក្សា​ការសន្យា​ទាំង​អស់​នោះ​វិញ ? សូម​ទុក​ការកំណត់​ពេល​សម្ភាស​ទទួល​បុណ្យជ្រមុជទឹក​នោះ​សិន រហូត​ទាល់តែ​បុគ្គល​នោះ​រក្សា​ការតាំងចិត្ត និង​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។ សូមមើល « នៅពេល​ពិធីបុណ្យ​ជ្រមុជទឹក​ត្រូវ​ផ្អាក » នៅក្នុង​ជំពូក​នេះ ។

ចុះ​បើ​គូស្នេហ៍​ចង់​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ប៉ុន្តែ​រស់​នៅ​ជា​មួយ​គ្នា ? គូស្នេហ៍​រស់នៅ​ជាមួយ​គ្នា​ដោយ​ពុំ​បាន​រៀប​អាពាហ៍ពិពាហ៍​ស្របច្បាប់​រវាង​បុរស និង​ស្ត្រី នោះ​មិន​អាច​ទទួល​បុណ្យជ្រមុជទឹក​បានទេ រហូត​ដល់​ពួកគេ​រស់នៅ​តាម​ច្បាប់​ព្រហ្មចារីយ៍​ភាព​សិន ។ ការណ៍នេះ​មាន​ន័យ​ថា ឈប់​រស់នៅ​ជាមួយ​គ្នា​ទៀត—មិនថា​ជា​គូស្នេហ៍​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា—ឬ​ជាមួយ​បុរសម្នាក់ និង​ស្ត្រី​ម្នាក់​នោះទេ វា​មាន​ន័យ​ថាត្រូវ​រៀបការ​ស្របច្បាប់ ។ វា​ក៏​រួម​បញ្ចូល​ការអនុវត្ត​សេចក្ដី​ជំនឿ​ដើម្បី​មាន​ការប្រែចិត្ត ដូច​បាន​ពិពណ៌នា​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៣៧ ។ អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី​គឺជា​ផ្នែក​សំខាន់​នៃ​ផែនការ​របស់​ព្រះ ។

សំណួរ ៥ និង ៦ នៅក្នុង​ការសម្ភាសន៍​ទទួល​បុណ្យជ្រមុជទឹក សួរ​ថា​តើ​បុគ្គល​នោះ​ធ្លាប់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ឬ​បាន​ចូលរួម​ក្នុងការ​រំលូត​កូន​ដែរ​ឬ​ទេ ។ តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្តេច​ប្រសិនបើ​នរណា​ម្នាក់​ឆ្លើយ​ថា « បាទ ឬ​ចាស » ចំពោះ​សំណួរ​ទាំងពីរ​នេះ ? ប្រសិនបើ​អ្នក​ដឹង​ពី​ស្ថានភាព​មួយ​ក្នុង​ចំណោម​ស្ថានភាព​ទាំងនេះ​អំឡុង​ពេល​សម្ភាស​ទទួល​បុណ្យ​ជ្រមុជទឹក សូម​កុំ​សួរ​អំពី​ព័ត៌មាន​លម្អិត​ឡើយ ។ សូម​កុំ​សន្យា​ថា​បុគ្គល​នោះ​នឹង​ទទួល​បាន​ការអនុញ្ញាត​ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក​ឡើយ ។ ផ្ទុយទៅវិញ សូម​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់អ្នក ហើយ​ពន្យល់​ដោយ​ទន់ភ្លន់​ថា អ្នក​ដែល​មាន​ភាពចាស់ទុំ និង​បទពិសោធន៍​ច្រើន​ជាង​អ្នក នឹង​ជួប​ជាមួយ​បុគ្គល​នោះ និង​ជួយ​បុគ្គល​នោះ ។

ផ្ញើ​សំណើ​សម្ភាសន៍​ទទួល​បុណ្យជ្រមុជទឹក​ទៅកាន់​ប្រធាន​បេសកកម្ម​របស់អ្នក ។ គាត់ ឬ​ទីប្រឹក្សា​របស់​គាត់​ម្នាក់​នឹង​ជួប​ជាមួយ​បុគ្គល​នោះ ។ សូមមើល ក្បួនខ្នាត ៣៨.២.៨.៧ និង ៣៨.២.៨.៨ ។

តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្តេច ប្រសិនបើ​កំណត់ត្រា​សមាជិកភាព​បាន​បង្កើត​ឡើង មុន​ពេល​ខ្ញុំ​ដាក់​ស្នើ​ទម្រង់​បែបបទ​ពិធី​បុណ្យជ្រមុជទឹក និង​បញ្ជាក់​នោះ ? សូម​ទាក់ទង​ទៅ​ប្រធាន​បេសកកម្ម​របស់​អ្នក​ដើម្បី​ទទួល​បាន​ការណែនាំ ។

ការសិក្សា​ផ្ទាល់​ខ្លួន

សូម​គិត​អំពី​អារម្មណ៍​របស់​អ្នក​ប្រសិនបើ​អ្នក​ជា​អ្នក​ត្រូវ​បាន​គេ​សម្ភាសន៍​វិញ ។ សូម​ពិចារណា​សំណួរ​ដូច​ខាងក្រោម ហើយ​កត់ត្រា​ចំណាប់ អារម្មណ៍​របស់​អ្នក ។

  • តើ​ការសម្ភាសន៍​នេះ​អាចមិនមាន​ផាសុកភាព​ចំពោះ​អ្នក​យ៉ាង​ណា ? តើ​អ្នក​សម្ភាសន៍​អាច​ធ្វើ​អ្វី ឬ​និយាយ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​អ្នក​ស្ងប់ចិត្ត ?

  • តើ​អ្នក​ចង់​ឲ្យ​អ្នក​សម្ភាសន៍​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដោយ​របៀបណា ?

  • តើ​អ្នក​ចង់​ឲ្យ​អ្នក​សម្ភាសន៍​ឆ្លើយ​តប​យ៉ាង​ណា បើ​អ្នក​បង្ហាញ​ការសង្ស័យ ឬ​ការយល់ខុស ឬ​បើ​អ្នក​សារភាព​អំពើ​បាប​ធ្ងន់ធ្ងរ ?

រូបភាព
ពិធីបុណ្យ​ជ្រមុជទឹក

កម្មវិធី​ពិធី​បុណ្យ​ជ្រមុជទឹក

កម្មវិធី​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​គួរតែ​ជា​ចំណុច​សំខាន់​ខាងវិញ្ញាណ​សម្រាប់​សមាជិក​ថ្មី ។ កម្មវិធី​ពិធី​បុណ្យ​ជ្រមុជទឹក​គួរតែ​ត្រូវ​បាន​កំណត់​ពេល​ភ្លាមៗ​នៅពេល​ដែល​បុគ្គល​ម្នាក់​បាន​បំពេញ​នូវ​លក្ខណៈសម្បត្តិ​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក ។ ពន្យល់​ពី​អ្វី​ដែល​បាន​រៀបចំ និង​មូលហេតុ សូម​ពិភាក្សា​អំពី​ការស្លៀកពាក់​ត្រឹមត្រូវ រួមទាំង​របៀប​ដែល​បុគ្គល​នោះ​នឹង​ត្រូវ​សម្លៀក​បំពាក់​ពណ៌-ស​ដើម្បី​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។

កម្មវិធី​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​អ្នក​ប្រែ​ចិត្ត​ជឿ​​គឺ​ត្រូវបាន​រៀបចំ​ក្រោម​ការណែនាំ​របស់​ប៊ីស្សព ។ អ្នក​ដឹកនាំ​បេសកកម្ម​វួដ ( ប្រសិនបើ​មាន​ការហៅ​បម្រើ​នេះ ) ឬ​សមាជិក​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ ដែល​ជា​អ្នកដឹកនាំ​កិច្ចការ​អ្នផ្សព្វផ្សាយ​សាសនា រៀប​ផែនការ និង​ដឹកនាំ​កម្មវិធី​ទាំងនេះ ។ គាត់​សម្រប​សម្រួល​ជាមួយ​នឹង​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ទំាងឡាយ ។ កម្មវិធី​ពិធី​បុណ្យ​ជ្រមុជទឹក​គួរ​តែ​មាន​ភាព​សាមញ្ញ ខ្លី និង​លើក​កម្ពស់​ខាងវិញ្ញាណ ។

សូម​អញ្ជើញ​សមាជិក​នៃ​គណៈប៊ីស្សព សមាជិក​នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ និង​សមាជិក​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ ( ប្រសិនបើ​គាត់​មិន​ដឹកនាំ ) ឲ្យ​ចូលរួម​ក្នុង​ពិធីបុណ្យ​ជ្រមុជទឹក ។ នៅពេល​សមស្រប សូម​អញ្ជើញ​អ្នកដឹកនាំ​អង្គការ​ផ្សេងទៀត អ្នកដឹកនាំ​យុវវ័យ និង​បងប្អូន​ប្រុសស្រី​ដែល​ផ្ដល់​ការងារបម្រើ ( ប្រសិនបើ​ត្រូវ​បាន​ចាត់តាំង ) ។ សូម​ធ្វើការ​ជាមួយ​អ្នក​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដើម្បី​អញ្ជើញ​មិត្ដភក្ដិ និង​សាច់ញាតិ​ឲ្យ​ចូលរួម​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធីបញ្ជាក់ ។

សូម​ពិចារណា​អញ្ជើញ​មនុស្ស​ផ្សេង​ទៀត​ដែល​អ្នក​កំពុង​បង្រៀន ។ បទពិសោធន៍​ទាំងនេះ​នឹង​ជួយ​ពួកគេ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​រៀន​បន្ថែម​ទៀត​អំពី​ដំណឹងល្អ ។ បន្ទាប់ពី​កម្មវិធី​នេះ សូម​តាម​ដាន​ដើម្បី​ពិភាក្សា​អំពី​បទពិសោធ​របស់​ពួកគេ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ទទួល​ការបង្រៀន ។

កម្មវិធី​ពិធីបុណ្យ​ជ្រមុជ​ទឹក អាច​រួម​មាន​ដូច​ខាងក្រោម ៖

  1. តន្រ្តី​កំដរ​បើក​កម្មវិធី

  2. ការស្វាគមន៍​ខ្លីៗ​ពី​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ដែល​កំពុង​ដឹកនាំ​កម្មវិធី ( សមាជិក​នៃ​ប៊ីស្សព​គួរ​ធ្វើ​ជា​អធិបតី បើ​អាច )

  3. ទំនុកតម្កើងបើក និង​ការអធិស្ឋាន​បើក

  4. សារលិខិត​ខ្លី​មួយ ឬ​ពីរ​អំពី​ប្រធានបទ​ដំណឹងល្អ ដូចជា ពិធីបុណ្យ​ជ្រមុជទឹក និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

  5. ចម្រៀង​ពិសេស

  6. ពិធីបុណ្យជ្រមុជទឹក

  7. ខណៈ​ដែល​បុគ្គល​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក ផ្លាស់​សម្លៀក​បំពាក់ នោះ​ជា​ពេល​នៃ​ការ​មាន​គារវភាព ។ ( អាច​ចាក់​បទ​ទំនុកតម្កើង ឬ​ចម្រៀង​អង្គការ​បឋម​សិក្សា ឬ​ច្រៀង​ចម្រៀង​ក្នុង​អំឡុងពេល​នេះ ។ ឬ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​ផ្តល់​បទបង្ហាញ​អំពី​ដំណឹង​ល្អ​ខ្លី​មួយ ) ។

  8. សមាជិកថ្មី​ឡើង​ថ្លែង​ទីបន្ទាល់ បើ​ចង់​ធ្វើ

  9. ទំនុកតម្កើងបិទ និង​ការអធិស្ឋាន​បិទ

  10. តន្រ្តី​កំដរ​បិទ​កម្មវិធី

ប្រសិនបើ​អ្នក​កំណត់​ពេល​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​នៅ​ថ្ងៃអាទិត្យ សូម​ជ្រើសរើស​ពេលវេលា​ណា​មួយ​ដែល​មិន​សូវ​មាន​ការប៉ះពាល់នឹង​ការប្រជុំ​ទូទៅ​នៅ​ថ្ងៃ​អាទិត្យ ។

រូបភាព
ពិធី​បញ្ជាក់

ពិធី​បញ្ជាក់

បុគ្គល​ម្នាក់​ទទួល​ពិធី​បរិសុទ្ធ​នៃ​ពិធី​បញ្ជាក់​បន្ទាប់ពី​គាត់​ ឬ​នាង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៤១ ) ។ អ្នក​ប្រែចិត្តជឿ​ថ្មី​ត្រូវ​បាន​ចាត់ទុក​ថា​ជា​សមាជិក​នៃ​សាសនាចក្រ បន្ទាប់ពី​ពិធី​បរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ត្រូវ​បាន​បញ្ចប់ និង​ត្រូវ​បាន​កត់ត្រា​យ៉ាង​ត្រឹមត្រូវ ។

ពិធីបញ្ជាក់​គឺ​នៅក្រោម​ការដឹកនាំ​របស់​ប៊ីស្សព ។ ទោះជា​យ៉ាងណា គាត់​មិន​ធ្វើ​ការសម្ភាសន៍​មួយ​ទៀត​ដើម្បី​ធ្វើ​ពិធីបញ្ជាក់​ឡើយ ។

សូម​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប៊ីស្សព និង​ប្រធាន​បេសកកម្ម​វួដ ( ប្រសិន​បើ​មាន ) ដើម្បី​ធានា​ឲ្យបាន​ថា​អ្នក​ប្រែចិត្ត​ជឿ​ថ្មី​បាន​ទទួល​ពិធីបញ្ជាក់ ។ ពិធីបញ្ជាក់​គួរតែ​ធ្វើ​ឡើង​ភ្លាមៗ​តាម​ដែល​សមរម្យ បន្ទាប់ពី​ពិធីបុណ្យ​ជ្រមុជទឹក ជាការល្អ​គឺ​នៅ​ថ្ងៃ​អាទិត្យ​បន្ទាប់ ។ ទោះជា​យ៉ាងណា​ក្តី ប៊ីស្សព​អាច​អនុញ្ញាត​ឲ្យ​មាន​ពិធីបញ្ជាក់​ធ្វើឡើង​នៅ​ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​បាន ដែល​ជា​ករណី​លើកលែង ( សូមមើល ក្បួនខ្នាត ១៨.៨ ) ។

ជា​ធម្មតា ពួកអ្នក​ប្រែចិត្ត​ជឿ​ទទួល​ពិធីបញ្ជាក់​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​ណា​មួយ​នៅ​ក្នុង​វួដ​ដែល​ពួកគេ​រស់នៅ ។ ជាធម្មតា​ប៊ីស្សព​អញ្ជើញ​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​អែលឌើរ​ដែល​កំពុង​បម្រើ​នៅក្នុង​វួដ​ឲ្យ​ចូលរួម​នៅក្នុង​ពិធីបញ្ជាក់ ។ ប្រសិនបើ​អ្នក​ផ្សព្វផ្សាយ​សាសនា​ធ្វើ​ពិធីបញ្ជាក់​នោះ គាត់​ក៏​ត្រូវការ​ការអនុម័ត​ពី​ប្រធាន​បេសកកម្ម​ផង​ដែរ ( សូមមើល ក្បួនខ្នាត ១៨.៨.១ ) ។ យ៉ាងហោចណាស់ សមាជិក​មួយរូប​នៃ​គណៈប៊ីស្សព​ចូលរួម ។

បំពេញ​ទម្រង់​បែបបទ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់

ការបង្កើត​កំណត់ត្រា​សមាជិកភាព​ភ្លាមៗ​បន្ទាប់ពី​បុគ្គល​ម្នាក់​បាន​ទទួល​បុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់​គឺ​សំខាន់​ណាស់ ។ ទាក់ទង​នឹង​កំណត់ត្រា​នៅ​សម័យ​របស់​លោក មរ៉ូណៃ បាន​សរសេរ​ថា សមាជិកថ្មី « ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ប្រជាជន​នៃ​សាសនាចក្រ​របស់​ព្រះ​គ្រីស្ទ ហើយ​ឈ្មោះ​របស់​ពួកគេ​ត្រូវ​បាន​យក​ទៅ ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​នឹក​ចាំ ហើយ​ចិញ្ចឹម​បីបាច់​ដោយ​ព្រះ​បន្ទូល​ដ៏​ល្អ​នៃ​ព្រះ ដើម្បី​រក្សា​ពួកគេ​ឲ្យ​នៅក្នុង​ផ្លូវ​ត្រូវ » ( មរ៉ូណៃ ៦:៤ ) ។

នៅពេល​អ្នក​បង្រៀន​នរណា​ម្នាក់​ដែល​កំពុង​រៀបចំ​ខ្លួន​ទទួល​ពិធីបុណ្យជ្រមុជទឹក សូម​ចាប់ផ្តើម​បំពេញ​ទម្រង់បែបបទ​នៃ​ពិធីបុណ្យជ្រមុជទឹក និង​ពិធី​បញ្ជាក់​នៅក្នុង​កម្មវិធី​ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​ពន្យល់​ថា​ទម្រង់​បែបបទ​នេះ​នឹង​ប្រើ​ដើម្បី​បង្កើត​កំណត់ត្រា​សមាជិកភាព ។ កំណត់ត្រា​នេះ​នឹង​មាន​ព័ត៌មាន​សំខាន់ៗ​អំពី​ពិធីបរិសុទ្ធ​ដែល​បុគ្គល​បាន​ទទួល ។ នៅពេល​សមាជិក​សាសនាចក្រ​ប្តូរ​លំនៅ​ដ្ឋាន កំណត់ត្រា​សមាជិកភាព​របស់​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅ​វួដ​ថ្មី​របស់​ពួកគេ ដើម្បី​ឲ្យ​អ្នកដឹកនាំ និង​សមាជិក​ក្នុង​តំបន់​អាច​គាំទ្រ​ពួកគេ ។

នៅពេល​ដែល​សមាជិកថ្មី​បាន​ទទួលបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ សូម​ធ្វើ​បច្ចុប្បន្នភាព​ទម្រង់​បែបបទ​នេះ​ដាក់​ព័ត៌មាន​អំពី​ពិធីបរិសុទ្ធ​នីមួយៗ រួមទាំង​បុគ្គល​ដែល​ជា​អ្នក​ធ្វើ​ពិធី​ទាំងនេះ​ផងដែរ ។ ពេល​អ្នក​បាន​បំពេញ​ទម្រង់​បែបបទ​ហើយ សូម​កត់ត្រា​ព័ត៌មាន​នៅក្នុង​កម្មវិធី ប្រកាស​ដំណឹងល្អ​របស់​យើង ហើយ​បញ្ជូន​វា​ទៅ​ស្មៀន​វួដ​តាម​អេឡិចត្រូនិក ។ នៅពេល​ស្មៀន​បាន​ទទួល​ទម្រង់​នេះ​ភ្លាម គាត់​ពិនិត្យ​វា ហើយ​បង្កើត​កំណត់ត្រា​សមាជិកភាព ។

បន្ទាប់ពី​កំណត់ត្រា​សមាជិកភាព​ត្រូវបាន​បង្កើតឡើង នោះ​ស្មៀន​រៀបចំ​វិញ្ញាបនបត្រ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ ។ វិញ្ញាបនបត្រ​នេះ​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​ប៊ីស្សព ហើយ​ផ្ដល់​ជូន​បុគ្គលរូប​នោះ ។

ឈ្មោះ និង​ភេទ​នៅ​លើ​កំណត់ត្រា​សមាជិកភាព និង​វិញ្ញាបនបត្រ​នេះ​គួរ​តែ​ត្រូវ​គ្នា​នឹង​សំបុត្រ​កំណើត ការចុះបញ្ជី​កំណើត​ស៊ីវិល ឬ​ឈ្មោះ​ស្របច្បាប់​បច្ចុប្បន្ន ។

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

សិក្សា ម៉ូសាយ ៦:១–៣ និង មរ៉ូណៃ ៦:១–៤ ។ តើ​វគ្គ​បទគម្ពីរ​ទាំងនេះ​ទាក់ទង​នឹង​ការរក្សា​កំណត់ត្រា​ត្រឹមត្រូវ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​ដោយ​របៀប​ណា ?

បន្ទាប់ពី​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់

បន្ដ​ផ្ដល់​ការងារ​បម្រើ

បន្ត​ទំនាក់ទំនង និង​គាំទ្រ​សមាជិក​ថ្មី បន្ទាប់ពី​ពួកគេ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ហើយ។ សូម​ជួយ​ពួកគេ​ឲ្យ​ចូលរួម​ព្រះវិហារ និង​បង្កើត​ទំនាក់ទំនង​ជាមួយ​សមាជិក ។ សូម​អាន​ព្រះគម្ពីរមរមន​ជាមួយ​ពួកគេ ហើយ​ជួយ​ពួកគេ​ចែកចាយ​ដំណឹងល្អ​ជាមួយ​សមាជិក​គ្រួសារ និង​មិត្តភក្តិ ។ ណែនាំ​ពួកគេ​ឲ្យ​ស្គាល់​កូន​សៀវភៅ ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ខ្ញុំ ។ សូម​បន្ត​ប្រើ​កម្មវិធី ប្រកាស​ដំណឹងល្អ​របស់​យើង ដើម្បី​កត់ត្រា​ការរីកចម្រើន​របស់ពួកគេ ដូចជា​ការចូលរួម​របស់​ពួកគេ​នៅ​ឯ​ការប្រជុំ​សាក្រាម៉ង់ និង​មេរៀន​ដែល​ពួកគេ​បាន​ទទួល ។

រូបភាព
បុរសៗ​កំពុង​ឱបគ្នា

បន្ទាប់ពី​ពិធី​បញ្ជាក់ សូម​បង្រៀន​មេរៀន​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ម្ដងទៀត ។ អ្នក​ដឹកនាំ​ការបង្រៀន​នេះ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី សូម​សម្រប​សម្រួល​នឹង​ថ្នាក់ដឹកនាំ​វួដ ដើម្បី​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​វួដ ឬ​សមាជិក​ផ្សេង​ទៀត​ចូលរួម ។ នៅពេល​អ្នកបង្រៀន សូម​លើក​ទឹកចិត្ត​សមាជិកថ្មី​ឲ្យ​គោរព​រាល់ការតាំង​ចិត្ត​នៅក្នុង​មេរៀន​ទាំងនោះ ។

នៅក្នុង​ការប្រជុំ​សម្របសម្រួល​ប្រចាំ​សប្តាហ៍ សូម​ប្រឹក្សា​អំពី​របៀប​ដែល​សមាជិក​អាច​គាំទ្រ​អ្នក​ប្រែចិត្តជឿ​ថ្មី និង​ជួយ​ពួកគេ​ឲ្យ​បន្ត​ចូលរួម​យ៉ាងសកម្ម​ក្នុង​សាសនាចក្រ ។ សូម​រៀប​ផែនការ​ថា​តើ​នរណា​នឹង​ណែនាំ​ពួកគេ​ឲ្យ​កូរ៉ុម ឬ​អ្នកដឹកនាំ​អង្គការ​បាន​ស្គាល់ ។ សម្រប​សម្រួល​ការចូលរួម​របស់​សមាជិក​ផ្សេង​ទៀត​នៅពេល​អ្នក​បង្រៀន​មេរៀន​ម្តងទៀត ។ ស្នើសុំ​ឲ្យ​មាន​បងប្អូន​ប្រុស​ផ្ដល់​ការងារបម្រើ ( និង​បងប្អូន​ស្រី​ផ្ដល់​ការងារបម្រើ សម្រាប់​ស្រ្តី ) ។

បន្ទាប់ពី​បុរស​បាន​ទទួល​ពិធី​បញ្ជាក់ នោះ​គាត់​មាន​សិទ្ធិ​ទទួល​បាន​បព្វជិតភាព​អើរ៉ុន ប្រសិនបើ​គាត់​មាន​អាយុ​យ៉ាងតិច​ណាស់ ១២ ឆ្នាំ នៅ​ចុង​ឆ្នាំ​នោះ ។ ការតែងតាំង​បព្វជិតភាព​អើរ៉ុន​ស្ថិត​ក្រោម​ការដឹកនាំ​របស់​ប៊ីស្សព ( សូមមើល ក្បួន​ខ្នាត​ទូទៅ ៣៨.២.៩.១ ) ។

តាម​ដែល​សមស្រប សូម​ប្រាស្រ័យ​ទាក់ទង​ពេញ​មួយ​ជីវិត​របស់​អ្នក​ជាមួយ​អ្នក​ដែល​អ្នក​បាន​បង្រៀន ។ សូម​គាំទ្រ​ពួកគេ​ក្នុង​ការ​ទទួល​ពរជ័យ​ទាំងអស់​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
អែលឌើរ ហ្គើរីត ដបុលយូ ហ្គង

« នៅ​ពេល​យើង​មក​ដោយ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប យើង​អាច​ស្វែងរក​សំឡេង​នៅ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ អោបក្រសោប​នៅ​ក្នុង​ព្រះហស្ត​នៃ​ការយោគយល់​របស់​ទ្រង់​ដោយ​សុវត្ថិភាព ។ ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​ផ្ដល់​សេចក្ដីសញ្ញា​ជា​កម្មសិទ្ធិ និង ‹ អំណាច​នៃសេចក្ដីល្អ › ដើម្បី​ញែក​ចេញ​បំណងចិត្ត​និង​សកម្មភាព​ខាងក្រៅ​ឲ្យ​បរិសុទ្ធ [ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:២០ ] ។ ដោយ​ព្រះទ័យ​ល្អ​ជាទីស្រឡាញ់​ និង​ការ​អត់ធ្មត់របស់​ទ្រង់ នោះ​សាសនាចក្រ​របស់ទ្រង់​ក្លាយជា​ផ្ទះ​ស្នាក់​របស់​យើង » ( ហ្គើរីត ដបុលយូ ហ្គង « Room in the Inn » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ២៧ ) ។

ជួយ​សមាជិក​ថ្មី​ចូលរួម​ក្នុង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ

សមាជិក​ថ្មី​ដែល​មាន​អាយុ​សមស្រប​អាច​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួល​បុណ្យជ្រមុជ​ទឹក​សម្រាប់​សមាជិក​គ្រួសារ​ដែល​បាន​ស្លាប់​ទៅ​របស់​ពួកគេ ( សូមមើល ក្បួនខ្នាត​ទូទៅ ២៦.៤.២ ) ។ ពួកគេ​ទទួល​បាន​ប័ណ្ណ​នេះ​ពី​ប៊ីស្សព ។ សូម​លើក​ទឹកចិត្ត និង​ជួយ​សមាជិក​ថ្មី​ឲ្យ​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បាន​ឆាប់​តាម​ដែល​សមហេតុសមផល ។ ប្រសិនបើ​ព្រះវិហារ​បរិសុទ្ធ​នៅ​ជិត​នោះ សូម​ពិចារណា​ផ្ដល់​ការអញ្ជើញ​សម្រាប់​ពេលវេលា​ជាក់លាក់​មួយ​សម្រាប់​សមាជិក​ថ្មី​ដើម្បី​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​បុព្វការីជន​ដែល​បាន​ស្លាប់​របស់​ពួកគេ ។

នៅក្នុង​ការប្រជុំ​សម្របសម្រួល​ប្រចាំ​សប្តាហ៍ សូម​រៀបចំ​ផែនការ​ដែល​នឹង​ណែនាំ​សមាជិក​ថ្មី​ឲ្យ​អ្នក​ដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ​ស្គាល់ ។ អ្នកដឹកនាំ​រូប​នេះ​អាច​ជួយ​ពួកគេ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដោយ​ចុះ​សេចក្តី​សញ្ញា​ព្រះវិហារបរិសុទ្ធ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។


គំនិត​សម្រាប់​ការសិក្សា និង​ការអនុវត្ត

ការសិក្សា​ផ្ទាល់​ខ្លួន

  • សូម​រាយបញ្ជី​នៃ​បញ្ហា​ដែល​បេក្ខជន​ទទួល​បុណ្យជ្រមុជទឹក​អាច​ជួបប្រទះ ។ ហេតុអ្វី​បានជា​វា​សំខាន់​ដែល​បុគ្គល​ម្នាក់​ទទួល​អារម្មណ៍​នៃ​ស្រឡាញ់ និង​មិត្តភាព​របស់​សមាជិក​សាសនាចក្រ ?

  • សិក្សា មរ៉ូណៃ ៦ និង គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៦៨–៦៩ ។ តើ​អ្នក​អាច​រៀន​អ្វីខ្លះ​ពី​ខគម្ពីរ​ទាំងនេះ​អំពី​ការជួយ​មនុស្ស​រៀបចំ​ខ្លួន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ ? សរសេរ​អ្វី​ដែល​អ្នក​រៀន ។ សូម​ចែកចាយ​គំនិត​របស់​អ្នក​ជាមួយ​ដៃគូ អំឡុងពេល​សិក្សា​ជា​ដៃគូ ។

ការសិក្សា​ជាមួយ​ដៃគូ និង​ការផ្លាស់ប្តូរ​ដៃគូ

  • ប្រធាន ហិនរី ប៊ី អាវរិង បានពន្យល់​ពី​មូលហេតុ​ដែល​បទដ្ឋាន​នៃ​ដំណឹងល្អ​មាន​សារៈសំខាន់ ។ សូម​ពិភាក្សា​ការប្រឹក្សា​ខាងក្រោម ។ តើ​អ្នក​អាច​លើក​ទឹកចិត្ត​មនុស្ស​ឲ្យ​ចង់​បំពេញ​តាម​បទដ្ឋាន​ទាំងនេះ​ដោយ​របៀបណា ?

    « ព្រះអម្ចាស់​បាន​ដាក់​បទដ្ឋាន​របស់​ទ្រង់​ដើម្បី​ទ្រង់​អាច​ប្រទាន​ពរ​ដល់​យើង ។ សូម​គិត​អំពី​ពរជ័យ​ទាំង​នោះ ៖ ទ្រង់​សន្យា​នឹង​អ្នក​ដែល​បំពេញ​តាម​បទដ្ឋាន​នូវ​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទ្រង់​សន្យា​នូវ​សេចក្តី​សុខសាន្ត​ផ្ទាល់ខ្លួន ។ ទ្រង់​សន្យា​ថា​នឹង​មាន​ឱកាស​ទទួល​បាន​ពិធីបរិសុទ្ធ​ដ៏​បរិសុទ្ធ​ក្នុង​ដំណាក់​របស់​ទ្រង់ ។ ហើយ​ទ្រង់​សន្យា​នឹង​អស់​អ្នក​ដែល​ស៊ូទ្រាំ​ក្នុង​ការ​រស់នៅ​តាម​បទដ្ឋាន​របស់​ទ្រង់​ថា ពួកគេ​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ …

    « ដោយសារ​យើង​ស្រឡាញ់​មនុស្ស​ដែល​យើង​បម្រើ នោះ​យើង​ទាំងអស់​គ្នា​ចង់​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ក្នុង​ការលើក​កម្ពស់​ដល់​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​យើង​ទៅកាន់​ភាពស្មោះត្រង់ និង​ភាពបរិសុទ្ធ ដែល​ពួកគេ​ត្រូវការ ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងអស់​ពី​ព្រះអម្ចាស់ ។ …

    « … អ្នក​ចាប់ផ្ដើម​ដោយ​ការ​កាន់​បទដ្ឋាន​របស់​ព្រះអម្ចាស់​យ៉ាង​ច្បាស់ និង​ដោយ​គ្មាន​ការសុំទោស ។ ហើយ​នៅពេល​ដែល​ពិភពលោក​កាន់តែ​រសាត់​ចេញពី​ពួកគេ ហើយ​ចំអក​ពួកគេ នោះ​យើង​ត្រូវតែ​ក្លាហាន​ក្នុងការ​ធ្វើ​វា » ( « Standards of Worthiness » First Worldwide Leadership Training Meeting ខែ មករា ឆ្នាំ ២០០៣ ទំព័រ ១០–១១ ) ។

  • ការពិនិត្យ​ឡើងវិញ​នូវ​សំណួរ​សម្ភាស​ទទួល​បុណ្យ​ជ្រមុជទឹក ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​នឹង​ដោះស្រាយ​ស្ថានភាព​ដូច​ខាងក្រោម ៖

    • បុគ្គល​នោះ​មិន​បាន​ប្រាប់​អ្នក​ថា​គាត់​កំពុង​ស្ថិត​ក្នុង​ការសាកល្បង​ពី​ឧក្រិដ្ឋកម្ម​នោះ​ទេ ។

    • បុគ្គល​នោះ​មិន​បានទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​ថា យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​នោះ​ទេ ។

    • បុគ្គល​នោះ​ជក់​បារី​ពីរ​ថ្ងៃ​មុន ។

    • បុគ្គល​នោះ​មិន​ប្រាកដ​ថា​នាង​បាន​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​នាង​ទេ ។

    • គ្រួសារ​នោះ​មាន​សម្ពាធ​ពី​មិត្តភក្តិ ហើយ​មិន​ប្រាកដ​ថា​ពួកគេ​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ទេ ។

  • សូម​ពិនិត្យមើល​ទម្រង់​បែបបទ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។ ហេតុអ្វី​ព័ត៌មាន​ដែល​អ្នក​ផ្តល់​ឲ្យ​ត្រូវ​តែ​ត្រឹមត្រូវ និង​ពេញលេញ ?

ក្រុមប្រឹក្សា​មណ្ឌល សន្និសីទ​ហ្សូន និង​ក្រុមប្រឹក្សា​ថ្នាក់​ដឹកនាំ​បេសកកម្ម

  • សូម​ពិនិត្យ​មើល​សារៈសំខាន់​នៃ​ការសម្ភាស​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ សូម​ពិភាក្សា​អំពី​របៀប​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​អាច​ជួយ​មនុស្ស​រៀបចំ​ខ្លួន​សម្រាប់​ការសម្ភាសន៍ ។

  • សូម​ពិភាក្សា​អំពី​របៀប​ដើម្បី​ប្រើ​កម្មវិធី​ពិធី​បុណ្យជ្រមុជទឹក និង​ពិធី​បញ្ជាក់​ជា​ឱកាស​ស្វែងរក​អ្នក​រៀន ។

ថ្នាក់​ដឹកនាំ​បេសកកម្ម និង​ទីប្រឹក្សា​បេសកកម្ម

  • សូម​ធ្វើការ​ជាមួយ​បព្វជិតភាព​ក្នុង​តំបន់ និង​អ្នកដឹកនាំ​អង្គការ ដើម្បី​ធានា​ឲ្យ​បាន​ថា​ពួកគេ​កំពុង​ប្រើប្រាស់​របាយការណ៍​ការរីកចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​ប្រកបដោយ​ប្រសិទ្ធភាព ។

  • បង្រៀន​អ្នក​ដឹកនាំ​មណ្ឌល អ្នក​ដឹកនាំ​ហ្សូន និង​អ្នកដឹកនាំ​ការបំពាក់បំប៉ន​អំពី​របៀប​រៀបចំ​មនុស្ស​ឲ្យ​ទទួល​ការសម្ភាសន៍​ពិធីបុណ្យ​ជ្រមុជទឹក ។ អញ្ជើញ​ពួកគេ​ឲ្យ​បំពាក់​បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត ដើម្បី​រៀបចំ​មនុស្ស​ទទួល​ការសម្ភាសន៍​នេះ ។

  • បង្រៀន​អ្នក​ដឹកនាំ​មណ្ឌល និង​ហ្សូន​អំពី​របៀប​ធ្វើ​ការ​សម្ភាស​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។

  • បង្រៀន​ពី​របៀប​ឆ្លើយ​ការសម្ភាសន៍​ពិធីបុណ្យ​ជ្រមុជទឹក នៅពេល​មនុស្ស​ម្នាក់​បង្ហាញ​ថា គាត់ ឬ​នាង​បានប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ ។

  • នៅពេល​អាច​ធ្វើ​បាន សូម​ចូលរួម​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​សមាជិក​ថ្មី ។ ជួប​ជាមួយ​សមាជិក​ថ្មី ហើយ​ស្វែងយល់​អំពី​បទពិសោធន៍​នៃ​ការប្រែចិត្តជឿ​របស់​ពួកគេ ។ ចែកចាយ​អ្វី​ដែល​អ្នក​បានរៀន​ជាមួយ​ដៃគូ​របស់​អ្នក និង​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។