ការហៅ​ក្នុង​បេសកកម្ម
ជំពូកទី ៩ ៖ ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន


« ជំពូក​ទី ៩ ៖ ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន » ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )

« ជំពូក​ទី ៩ » ប្រកាស​ដំណឹងល្អ​របស់​យើង

រូបភាព
អ្នកគង្វាល​ល្អ ដោយ ឌែល ផាសិន

ជំពូក​ទី ៩

ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន

សូម​ពិចារណា​ការណ៍​នេះ

  • តើ​ខ្ញុំ​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ​ដើម្បី​ស្វែងរក​មនុស្ស​បង្រៀន​ដោយ​របៀប​ណា ?

  • តើ​យើង​អាច​ពង្រីក​ចក្ខុវិស័យ​របស់​យើង និង​កែលម្អ​ផែនការ​របស់​យើង​ក្នុង​ការស្វែងរក​មនុស្ស​ដើម្បី​បង្រៀន​ដោយ​របៀប​ណា ?

  • តើ​ខ្ញុំ​អាច​បង្កើន​សមត្ថភាព និង​ទំនុកចិត្ត​របស់​ខ្ញុំ​ក្នុងការនិយាយ​ជាមួយ​មនុស្ស​ដែល​ខ្ញុំ​ជួប​រាល់ថ្ងៃ​ដោយ​របៀបណា ?

  • តើ​យើង​អាច​រួបរួម​ជាមួយ​សមាជិក​ក្នុងការ​ចែកចាយ​ដំណឹងល្អ​ដោយ​របៀបណា ?

  • តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា​ពេល​យើង​ទទួល​បាន​អ្នក​រៀន​ថ្មី ?

  • តើ​មាន​គំនិត​អ្វីខ្លះ​ក្នុងការ​ស្វែងរក​មនុស្ស​មក​បង្រៀន​ដែល​យើង​មិន​ទាន់​បាន​សាកល្បង ?

ព្រះអង្គសង្រ្គោះ​ដែល​មាន​ព្រះជន្ម​រស់ឡើងវិញ​បាន​ប្រាប់​ទៅ​ពួក​សិស្ស​របស់​ទ្រង់​ថា « ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » ( ម៉ាថាយ ២៨:១៩; សូមមើល​ផងដែរ ម៉ាកុស ១៦:១៥ ) ។ ព្រះអម្ចាស់​បាន​ធ្វើ​មុខងារ​នេះ​ឡើង​វិញ​នៅ​ជំនាន់​របស់​យើង ដោយ​មាន​ព្រះបន្ទូល « ចូរ​អ្នក​រាល់​គ្នា​ទៅ​ពេញ​សព្វ​ក្នុង​លោកិយ​ទាំង​មូល [ និង ] ផ្សាយដំណឹងល្អ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៨:៨; សូមមើល​ផងដែរ ៥០:១៤ ) ។

កិច្ចការ​ផ្សព្វផ្សាយ​សាសនា​គឺ​ស្វែងរក​មនុស្ស បង្រៀន​ពួកគេ និង​ជួយ​ពួកគេ​រៀបចំ​ខ្លួន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ អ្នក​នឹង​បំពេញ​មុខងារ​របស់​ព្រះអម្ចាស់​ក្នុងការ​បង្រៀន​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ធ្វើ​បុណ្យជ្រមុជទឹក​ដល់​អ្នក​ប្រែចិត្តជឿ​ដូច​ជា​អ្នក​ដែរ « រកឃើញ​ពួក​អ្នក​ដែល​នឹង​ទទួល​អ្នក » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:៨ ) ។ គ្មាន​អ្វី​កើត​ឡើង​ចំពោះ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ឡើយ រហូត​ទាល់តែ​អ្នក​រកបាន​នរណា​ម្នាក់​ដើម្បី​បង្រៀន ។ ស្វែងរក​ឱកាស​ដើម្បី​ណែនាំ​ពី​ដំណឹងល្អ ។ រៀន​ប្រើ​វិធីសាស្រ្ត​ដែល​មាន​ប្រសិទ្ធភាព​នៅក្នុង​តំបន់​របស់អ្នក ។

វា​មាន​សារៈសំខាន់​ជាពិសេស​ក្នុងការ​ធ្វើការ​ជាមួយ​សមាជិក​ក្នុងការ​ស្វែងរក ។ ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​ការទុកចិត្ត​ពី​ពួកគេ ។ នៅពេល​សមាជិក​ជឿទុកចិត្ត​លើ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ពួកគេ​ទំនង​ជា​អាចណែនាំ​មិត្តភក្តិ និង​សមាជិក​គ្រួសារ​របស់ពួកគេ​ឲ្យ​ជួប​ជា​មួយ​អ្នក ។ មនុស្ស​ទាំងនេះ​ទំនង​ជា​ត្រូវបាន​ប្រែចិត្តជឿ​ចំពោះ​ព្រះអម្ចាស់ ទទួល​បុណ្យជ្រមុជទឹក និង​រីកចម្រើន​លើ​ផ្លូវ​នៃ​ដំណឹងល្អ ។

ការស្វែងរក​នឹង​កើត​ឡើង​ស្របតាម​ការត្រៀមខ្លួន​របស់​មនុស្ស​ម្នាក់​ក្នុង​ការស្តាប់​ដំណឹងល្អ ។ ពេលវេលា​នឹង​ខុសគ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ។ ការស្វែងរក​អាច​កើត​ឡើង​ដោយសារ​ទំនាក់​ទំនង​លើក​ដំបូង ឬ​ទំនាក់ទំនង​​ជាច្រើន​ដង​ក្នុង​រយៈពេល​បន្តបន្ទាប់ ។ មនុស្ស​ជា​ច្រើន​មាន​ទំនាក់​ទំនង​ច្រើន​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ឬ​សមាជិក​សាសនាចក្រ មុន​នឹង​ចាប់​ផ្ដើម​ការសិក្សា​ដ៏​ស៊ីជម្រៅ​អំពី​ដំណឹងល្អ ។ សូម​កុំ​ស្ទាក់ស្ទើរ​ក្នុងការទាក់ទង​ពួកគេ​ម្តងទៀត ។

ការខិតខំ​ប្រឹងប្រែង​របស់អ្នក​ក្នុងការ​ស្វែងរក​អាច​ឲ្យ​ផ្លែផ្កា​បន្ទាប់ពី​អ្នក​ត្រូវ​បានផ្ទេរចេញ ឬ​សូម្បីតែ​ពេលខ្លះ​បន្ទាប់ពី​អ្នក​បានបញ្ចប់​បេសកកម្ម​របស់អ្នក​ផងដែរ ។ ទោះជា​ពេលវេលា ឬ​លទ្ធផល​យ៉ាងណា​ក៏ដោយ ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ការខិតខំ​របស់​អ្នក ។

ជំពូក​នេះ​រៀបរាប់​អំពី​គោលការណ៍ និង​គំនិត​ដើម្បី​ជួយ​អ្នក​ស្វែងរក ។ គោលការណ៍​ទាំងនេះ​គឺ​ជា​សាកល ។ ទោះយ៉ាង​ណាក៏​ដោយ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​អ្នក​ដឹកនាំ​បេសកកម្ម ប្រហែលជា​ត្រូវ​សម្រប​ខ្លួន​ពួកគាត់​ទៅនឹង​កាលៈទេសៈ​របស់​ពួកគាត់ ។

អនុវត្ត​សេចក្តីជំនឿ​ដើម្បី​ស្វែងរក​មនុស្ស​បង្រៀន

មិនថា​អ្នក​បម្រើ​នៅ​ទីណា​នោះ​ទេ ព្រះអម្ចាស់​បានហៅ​អ្នក​ឲ្យ​ធ្វើការ « សម្រាប់​សេចក្ដី​សង្គ្រោះ​នៃ​ព្រលឹង​ទាំង​ឡាយ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០០:៤ ) ។ ដើម្បី​ធ្វើ​ការណ៍​នេះ អ្នក​ត្រូវ​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ ដើម្បី​ស្វែងរក​មនុស្ស​បង្រៀន ដើម្បី​ពួកគេ​អាច​ជ្រើសរើស​ធ្វើតាម​ទ្រង់ ហើយ​ទទួល​បុណ្យជ្រមុជទឹក ។

សេចក្តីជំនឿ​គឺជា​គោលការណ៍​នៃ​សកម្មភាព និង​អំណាច ។ សូម​មាន​សេចក្តីជំនឿ​ថា ព្រះអម្ចាស់​កំពុង​រៀបចំ​មនុស្ស​ឲ្យ​ទទួល​បាន​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។ សូម​មាន​ទំនុកចិត្ត​ដោយ​អត់ធ្មត់​ថា​ទ្រង់​នឹង​នាំ​អ្នក​ទៅ​រក​ពួកគេ ឬ​ពួកគេ​មក​រក​អ្នក ។ ធ្វើ​សកម្មភាព​តាម​រយៈ​សេចក្តីជំនឿ​របស់​អ្នក​ដោយ​ការដាក់​គោលដៅ បង្កើត​ផែនការ និង​អនុវត្ត​តាម​ផែនការ​របស់អ្នក​ដើម្បី​ស្វែងរក​មនុស្ស​បង្រៀន ( សូមមើល ជំពូកទី ៨ ) ។

រូបភាព
អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​អធិស្ឋាន

សូម​អធិស្ឋាន​ដោយ​សេចក្តី​ជំនឿ នៅពេល​អ្នក​ស្វែងរក​ជំនួយ​ពី​ព្រះ ដើម្បី​ស្វែងរក​មនុស្ស​បង្រៀន ។ នៅពេល​អាលម៉ា​បាន​ដឹកនាំ​បេសកកម្ម​មួយ​ទៅកាន់​ពួក​សាសន៍​សូរាំ លោក​បាន​អធិស្ឋាន​ថា ៖ « ឱ​ព្រះ​អម្ចាស់​អើយ សូម​ព្រះ​អង្គ​ប្រទាន​ដល់​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​មាន​ជ័យ​ជម្នះ ក្នុង​ការដឹកនាំ​ពួកគេ​មក​រក​ព្រះ​អង្គ​នៅក្នុង​ព្រះ​គ្រីស្ទ​វិញ​ចុះ ។ មើល​ចុះ ឱ​ព្រះ​អម្ចាស់​អើយ ព្រលឹង​របស់​គេ​មាន​តម្លៃ​…​ហេតុដូច្នេះ​ហើយ ឱ​ព្រះ​អម្ចាស់​អើយ សូម​ប្រទាន​ដល់​យើង​ខ្ញុំ​នូវ​អានុភាព និង​ប្រាជ្ញា ដើម្បី​យើង​ខ្ញុំ​អាច​នាំ [ ពួកគេ ] មក​រក​ព្រះ​អង្គ​វិញ » ( អាលម៉ា ៣១:៣៤–៣៥ ) ។

មនុស្ស​ដែល​អ្នក​ជួប​ជា​ញឹកញាប់​មិន​បាន​ដឹង​ខ្លួន​ថា​ពួកគេ​កំពុង​ស្វែងរក​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​នោះ​ទេ រហូត​ដល់​ពួកគេ​បាន​រកឃើញ​ដំណឹងល្អ ។ ឧទាហរណ៍ អ្នក​ប្រែចិត្តជឿ​ម្នាក់​បាន​និយាយ​ថា « នៅពេល​ខ្ញុំ​បាន​ឮ​អំពី​ដំណឹងល្អ វា​បានបំពេញ​ចន្លោះ​នៅក្នុង​ដួងចិត្ត​របស់​ខ្ញុំ ដែល​ខ្ញុំ​មិន​បាន​ដឹង​ខ្លួន​នោះ​ទេ » ។ អ្នក​ផ្សេងទៀត​និយាយ​ថា « ខ្ញុំ​បាន​បញ្ចប់​ការស្រាវជ្រាវ​របស់​ខ្ញុំ ដែល​ខ្ញុំ​មិន​បាន​ដឹង​ថា ខ្ញុំ​បាន​ស្រាវជ្រាវ​រក​នោះ​ទេ » ។ អ្នក​ផ្សេង​ទៀត​កំពុង​ស្វែងរក​សេចក្តីពិត​យ៉ាងសកម្ម ប៉ុន្តែ​មិន​ដឹង​ថា ត្រូវ​រក​វា​នៅ​ឯ​ណា​នោះ​ទេ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៣:១២ ) ។

សូម​ស្វែងរក​ការដឹកនាំ​នៃ​ព្រះវិញ្ញាណ នៅពេល​អ្នក​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន ។ ការស្វែងរក​ដោយ​ព្រះវិញ្ញាណ​គឺ​សំខាន់​ដូច​នឹង​ការបង្រៀន​ដោយ​ព្រះវិញ្ញាណ​ដែរ ។ សូម​មាន​ជំនឿ​ថា អ្នក​នឹង​ដឹង​ពី​របៀប​ស្វែងរក​អ្នក​ដែល​នឹង​ទទួល​អ្នក ។

ការសិក្សា​ជាមួយ​ដៃគូ

ប្រហែលជា​មាន​សមាជិក​ក្នុង​តំបន់​របស់​អ្នក​ដែល​ប្រែចិត្ត​ជឿ​ទៅ​សាសនាចក្រ ។ សូម​សួរ​ពី​របៀប​ដែល​ពួកគេ​បានស្គាល់​សាសនាចក្រ ។ ចម្លើយ​របស់​ពួកគេ​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​ការយល់ដឹង​អំពី​វិធី​ស្វែងរក ។ សូម​សួរ​ផងដែរ​អំពី​របៀប​ដែល​ពួកគេ​បានដឹង​ថា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​ពួកគេ​អំពី​សេចក្ដីពិត ។ សូម​សង្ខេប​បទពិសោធន៍​របស់​ពួកគេ​នៅក្នុង​សៀវភៅ​សិក្សា​របស់​អ្នក ។

ការសិក្សា​ព្រះគម្ពីរ

តើ​បុត្រាបុត្រី​របស់​ព្រះ​បាន​រៀបចំ និង​ដឹកនាំ​ទៅ​រក​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​ដោយ​របៀបណា ?

ពង្រីក​ចក្ខុវិស័យ​របស់​អ្នក​ក្នុង​ការដាក់​ផែនការ​ដើម្បី​ស្វែងរក

នៅពេល​អ្នក​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន សូម​យកចិត្ត​ទុកដាក់​ចំពោះ​ភាព​ខុសគ្នា​រវាង ការដាក់​កាលវិភាគ និង ការដាក់​ផែនការ ។ ការដាក់​កាលវិភាគ គឺជា​ការបំពេញ​ផែនការ និង​ថ្ងៃ​របស់​អ្នក ។ ការដាក់​ផែនការ គឺជា​ការខិតខំ​ប្រកប​ដោយ​ការអធិស្ឋាន ប្រកប​ដោយ​គោលបំណង ដើម្បី​ផ្តោតលើ​មនុស្ស និង​វិធី​ល្អ​បំផុត​ដើម្បី​ស្វែងរក​ពួកគេ ។

សកម្មភាព​ត្រឹមត្រូវ នៅ​ពេលវេលា​ត្រឹមត្រូវ និង​ទីតាំង​ត្រឹមត្រូវ អាច​ជួយ​អ្នក​ស្វែងរក​មនុស្ស​បង្រៀន​បាន ។ សូម​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ខាងក្រោម ៖

  • តើ​យើង​អាច​ជួប​មនុស្ស​ដែល​ព្រះអម្ចាស់​កំពុង​រៀបចំ​ឲ្យ​នៅ​ទីណា ?

  • តើ​កន្លែង និង​ប្រភេទ​សកម្មភាព​ល្អ​បំផុត​អ្វីខ្លះ ដើម្បី​ស្វែងរក​មនុស្ស​នៅពេល​ជាក់លាក់​នៃ​ថ្ងៃ ឬ​សប្តាហ៍​នោះ ?

  • តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់ បម្រើ​ពួកគេ ឬ​ផ្ដល់​តម្លៃ​ដល់​ជីវិត​របស់​ពួកគេ​ឥឡូវនេះ​ដោយ​របៀប​ណា ?

  • តើ​យើង​អាច​ប្រើ​កម្លាំង ជំនាញ និង​ទេពកោសល្យ​ផ្ទាល់ខ្លួន​ដើម្បី​លើកស្ទួយ​ពួកគេ​ដោយ​របៀបណា ?

  • តើ​ផែនការ​បម្រុង​របស់​យើង​មាន​អ្វីខ្លះ ប្រសិនបើ​អ្វី​មួយ​មិន​ដំណើរការ​នោះ ?

សូម​ព្យាយាម​ស្គាល់​នូវ​របៀប​ដែល​ព្រះអម្ចាស់​កំពុង​រៀបចំ​មនុស្ស ។ តើ​ពួកគេ​មាន​ឆន្ទៈ​និយាយ​ជាមួយ​អ្នក​ដែរ​ទេ ? តើ​ពួកគេ​កំពុង​ស្វែងរក​ជំនួយ ឬ​ការលួងលោម​ដែរ​ឬ​ទេ ?

សូម​គិត​អំពី​ការខិតខំ​ប្រឹងប្រែង​ស្វែងរក​ដែល​ទទួល​បាន​ជោគជ័យ ។ តើ​ទំនាក់ទំនង​ដំបូង​នៅ​ឯណា ? តើ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​រួមបញ្ចូល​សមាជិក​ក្នុង​មូលដ្ឋាន​ដែរ​ឬ​ទេ ? តើ​មាន​បានប្រើ​បច្ចេកវិទ្យា​ដែរ​ឬ​ទេ ?

ចាប់ផ្តើម​ផែនការ​របស់អ្នក​ដោយ​ផ្តោតលើ​របៀប​ដែល​អ្នក​អាច​ផ្តល់​ពរ​ដល់​មនុស្ស ហើយ​បន្ទាប់មក​កាលវិភាគ​របស់អ្នក​នឹង​ចេញ​ជា​រូបរាង​ឡើង ។

ការសិក្សា​ជាមួយ​ដៃគូ

ជាមួយ​ដៃគូ​របស់​អ្នក សូម​ប្រើ​តារាង​ខាងក្រោម​ដើម្បី​វាយតម្លៃ​ការខិតខំ​ប្រឹងប្រែង​របស់អ្នក​ក្នុងការ​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន ។ ដាក់​ផែនការ​ដើម្បី​សាកល្បង​គំនិត​មួយ​ចំនួន​ដែល​ថ្មី​សម្រាប់​អ្នក ។

កិច្ចខិតខំ​ស្វែងរក

ពេល​ខ្លះ

ជា​រឿយ​ៗ

ស្ទើរតែ​គ្រប់ពេល

យើង​ចាប់ផ្ដើម​ស្គាល់​សមាជិក និង​គាំទ្រ​ពួកគេ​ក្នុង​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​ចែកចាយ​ដំណឹងល្អ រួមទាំង​សមាជិក​ថ្មី យុវវ័យ អ្នក​ដែល​រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​មកវិញ ក្រុម​គ្រួសារ​ដែល​មាន​នរណា​ម្នាក់​ជា​សមាជិក និង​អ្នក​ត្រៀមខ្លួន​ធ្វើ​ជា​អែលឌើរ ។

យើង​ខិតខំ​ដើម្បី​ទទួល​បាន​ទំនុកចិត្ត​ពី​សមាជិក ដើម្បី​ពួកគេ​នឹង​មាន​ភាពងាយស្រួល​ក្នុង​ការអញ្ជើញ​សមាជិក​គ្រួសារ និង​មិត្តភក្តិ​របស់​ពួកគេ​មក​ជួប​ជាមួយ​យើង ។

យើង​ខិតខំ​ជាមួយ​អ្នកដឹកនាំ​វួដ​ក្នុង​ការប្រជុំ​សម្របសម្រួល​ប្រចាំ​សប្តាហ៍ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​របស់​យើង និង​ស្វែងរក​ថាតើ​មាន​មនុស្ស​ដែល​យើង​អាច​ទាក់ទង​បាន​ដែរ​ឬ​ទេ ។

យើង​ធ្វើការ​ជាមួយ​មនុស្ស​ដែល​កំពុង​រៀន​បច្ចុប្បន្ន មនុស្ស​ដែល​បានរៀន​ពីមុន និង​មនុស្ស​ដែល​ត្រូវ​បានណែនាំ​តាម​ប្រព័ន្ធផ្សព្វផ្សាយ​ដើម្បី​ស្វែងរក ។

និយាយ​ជាមួយ​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​យើង​អាច​ធ្វើ​បាន​រាល់ថ្ងៃ ។

យើង​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ និង​អធិស្ឋាន​ទូលសុំ​ជំនួយ​របស់​ព្រះ​នៅពេល​យើង​ដាក់​ផែនការ​ដើម្បី​ស្វែងរក​មនុស្ស​បង្រៀន ។

យើង​ជឿថា ព្រះអម្ចាស់​កំពុង​រៀបចំ​មនុស្ស​ឲ្យ​យើង​បង្រៀន ។

យើង​គិតពិចារណា​ពី​របៀប​ដើម្បី​ជួយ​អស់​អ្នក​ដែល​យើង​ជួប​ឲ្យ​ទទួល​អារម្មណ៍​នៃ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

យើង​ដាក់​គោលដៅ​ជាក់លាក់​ប្រចាំ​សប្តាហ៍ និង​គោលដៅ​ស្វែងរក​ប្រចាំ​ថ្ងៃ ( សូមមើល​ជំពូក​ទី ៨ ) ។

យើង​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន​ជានិច្ច ។

យើង​មាន​ភាពច្នៃប្រឌិត និង​ប្រើ​វិធី​ជាច្រើន​ដើម្បី​ស្វែងរក​មនុស្ស ។ យើង​ព្យាយាម​វិធី​ថ្មី និង​ចៀសវាង​ការជាប់គាំង​ក្នុង​ទម្លាប់​មួយ ។

យើង​មាន​គម្រោង​ស្វែងរក​ជា​ពិសេស ។ យើង​ដាក់​ផែនការ​នៅពេល​ណា កន្លែង​ណា និង​របៀប​ណា ដែល​យើង​នឹង​ផ្តោតអារម្មណ៍​លើ ។

យើង​ពិចារណា​ថា​តើ​ទីតាំង និង​ពេលវេលា​ល្អ​បំផុត​សម្រាប់​ថ្ងៃ​ណា​ដែល​អាច​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន ។

យើង​ពិចារណា​ថា​តើ​សកម្មភាព​ស្វែងរក​អ្វី​ដែល​មាន​ប្រសិទ្ធភាព​នា​ពេល​កន្លង​មក ។

យើង​កែសម្រួល​ផែនការ​ស្វែងរក​របស់​យើង​តាម​តម្រូវការ ហើយ​មាន​ផែនការ​បម្រុង នៅពេល​ដែល​ព្រឹត្តិការណ៍​ដែល​បានដាក់​ទទួល​បរាជ័យ ។

យើង​ប្រើ​កម្មវិធី​ប្រកាស​ដំណឹងល្អ​របស់​យើង ដើម្បី​ស្វែងរក ដាក់​គោលដៅ និង​ដាក់ផែនការ ព្រមទាំង​ពិនិត្យមើល និង​ធ្វើ​បច្ចុប្បន្នភាព​កំណត់ត្រា​របស់យើង​ជារៀង​រាល់ថ្ងៃ ។

យើង​ប្រើប្រាស់​ទេពកោសល្យ និង​កម្លាំង​ផ្ទាល់ខ្លួន​របស់យើង​ដើម្បី​ជួយ​ស្វែងរក ។

យើង​ដាក់​ផែនការ​ថា​នៅ​ពេលណា និង​របៀប​ដែល​យើង​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​បច្ចេកវិទ្យា​ផ្សេងទៀត ដើម្បី​ស្វែងរក​មនុស្ស​មក​បង្រៀន ។

យើង​ប្រើ​យុទ្ធនាការ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការផ្តល់​ជូន​ក្នុង​មូលដ្ឋាន ដែល​បំពេញ​ចំណាប់​អារម្មណ៍ និង​តម្រូវការ​របស់​មនុស្ស​នៅក្នុង​តំបន់​របស់​យើង ។

យើង​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ចំពោះ​សំណើ និង​សារ​នៅលើ​អនឡាញ​ពី​មនុស្ស​ដែល​អាច​ចាប់​អារម្មណ៍ ។

យើង​រៀបចំ​ផែនការ​ចុះផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​យើង​ជាមុន ហើយ​ធ្វើការ​ជាមួយ​សមាជិក​ដើម្បី​ស្វែងរក​តាម​អនឡាញ ។

សូម​ឧស្សាហ៍​ព្យាយាម​ក្នុងការ​ស្វែងរក

ធ្វើ​ឲ្យ​ការស្វែងរក​គឺជា​ការខិតខំ​ជា​ប្រចាំ

កាលពី​ជំនាន់​មុន​របស់​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ ព្រះអម្ចាស់​ណែនាំ​ម្តងហើយ​ម្តងទៀត​ដល់​ក្រុម​បងប្អូន​ប្រុស​មួយ​ចំនួន ឲ្យ​បង្រៀន​ដំណឹងល្អ​របស់​ទ្រង់ « តាម​ផ្លូវ » នៅពេល​ពួកលោក​ធ្វើ​ដំណើរ ។ ទ្រង់​ចង់​ឲ្យ​ពួកលោក​ប្រើ​គ្រប់​ឱកាស​ដើម្បី​ចែកចាយ​ដំណឹងល្អ ។ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥២:៩–១០, ២២–២៣, ២៥–២៧ ) ។

សូម​អនុវត្ត​សេចក្តីណែនាំ​នេះ​នៅក្នុង​ការស្វែងរក​របស់​អ្នក ។ សូម​ប្រឹងប្រែង​ស្វែងរក​ដោយ​ឧស្សាហ៍ព្យាយាម​ពេញ​មួយថ្ងៃ ។ រៀបចំ​ផែនការ​កិច្ចខិតខំ​ស្វែងរក​របស់អ្នក—ហើយ​ក៏​ស្វែងរក​ឱកាស​ដែល​មិន​បានព្រៀង​ទុក​ផងដែរ ។ ការស្វែងរក​មនុស្ស​ថ្មី​ដើម្បី​បង្រៀន​គឺជា​តម្រូវការ​ជាប់​ជានិច្ច ។

ស្វែងរក​ការបំផុស​គំនិត ហើយ​មាន​ឆន្ទៈ​ក្នុង​ការប្រើប្រាស់​វិធី​ផ្សេងៗ​ទៀត ។ ផ្តោត​លើ​វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត​នៅក្នុង​តំបន់​របស់អ្នក ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​បាន​ហៅ​ពេត្រុស និង អនទ្រេ ដោយ ជេមស៍ ថៃលើរ ហាវ៉ូត

ដាក់​ខ្សែ​សន្ទូច​នៅ​ក្នុង​ទឹក

ទាក់ទង​នឹង​កិច្ចការ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ប្រធាន ដាលីន អេច អូក បាន​មាន​ប្រសាសន៍​ថា ៖

« ពួក​យើង​មិន​គួរ​គិត​ដូចជា​អ្នក​នេសាទត្រី​ម្នាក់​ដែល​គិត​ថា គាត់​បាន​នេសាទ​ត្រី​ពេញ​មួយ​ថ្ងៃ ដែល​ជាក់​ស្ដែង​គាត់​ចំណាយ​ពេល​ភាគ​ច្រើន​របស់​គាត់​ចុះ និង​ឡើង​ចេញ​ពី​ទឹក បរិភោគ​អាហារ​ថ្ងៃត្រង់ និង​ខ្វល់ខ្វាយ​តែ​ពី​ឧបករណ៍​របស់​គាត់ ។ ភាពជោគជ័យ​នៃ​ការនេសាទត្រី​គឺ​ទាក់ទង​ទៅ​នឹង​រយៈពេល​ដែល​អ្នក​ដាក់​ខ្សែ​សន្ទូច​របស់​អ្នក​ចូល​ទៅ​ក្នុង​ទឹក មិនមែន​រយៈពេល​ដែល​អ្នក​ចេញ​ក្រៅ​ផ្ទះ​នោះ​ទេ ។ អ្នក​នេសាទ​ខ្លះ​នៅឆ្ងាយ​ពី​ផ្ទះ​ដប់​ពីរ​ម៉ោង ហើយ​ដាក់​ខ្សែ​សន្ទូច​របស់​ពួកគេ​នៅ​ក្នុង​ទឹក​តែ​រយៈពេល​ដប់​ម៉ោង​ប៉ុណ្ណោះ ។ អ្នកនេសាទ​ផ្សេង​ទៀត​ចេញពី​ផ្ទះ​រយៈពេល​ដប់ពីរ​ម៉ោង ហើយ​ដាក់​ខ្សែ​សន្ទូច​របស់​ពួកគេ​ទៅ​ក្នុង​ទឹក​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ ។ ប្រភេទ​ចុងក្រោយ​នេះ​អាច​មាន​ការងឿងឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​ពួកគេ​មិន​ទទួល​បាន​ជោគជ័យ​ដូច​អ្នក​ដទៃ ។

« គោលការណ៍​ដូច​គ្នា​នេះ​ក៏​អនុវត្ត​ទៅ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​លោក​ចៅហ្វាយ​បាន​ហៅ​ថា ‹ អ្នក​នេសាទ​មនុស្ស › [ ម៉ាថាយ ៤:១៩ ] ។ ខ្សែសន្ទូច​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​គួរតែ​ដាក់​ចូល​ទៅ​ក្នុង​ទឹក​នៅ​វិនាទី​ដែល​គាត់ ឬ​នាង​ចាកចេញ​ពី​ផ្ទះ » ( សិក្ខាសាលា​សម្រាប់​ប្រធាន​បេសកកម្ម​ថ្មី ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០០០ ) ។

រូបភាព
សន្ទូច​ស្ទូច​ត្រី​ជា​ច្រើន

អែលឌើរ ឃ្វីនទីន អិល ឃុក⁠ បាន​ពង្រីក​ការប្រៀបធៀប​នេះ ។ ជា​ការបន្ថែម​ទៅលើ​ការ​ដាក់ « សន្ទូច​ត្រី​របស់​អ្នក​នៅក្នុង​ទឹក » ឲ្យ​បាន​យូរ លោក​បាន​បង្រៀន​ថា ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ស្វែងរក​មនុស្ស​បង្រៀន « ត្រូវ​ដាក់​សន្ទូច​ត្រី ជាច្រើន នៅក្នុង​ទឹក​ឲ្យ​បាន​ខ្ជាប់ខ្ជួន ។…

« ពួកគេ​ស្វែងរក និង​ទំនាក់ទំនង​ដល់​សមាជិក​ដែល​មាន​ក្រុមគ្រួសារ​មិនមែន​ជា​សមាជិក ។

« ពួកគេ​ស្វែងរក​នៅលើ [ កម្មវិធី​ប្រកាស​ដំណឹងល្អ​របស់​យើង ] ចំពោះ​បុគ្គល​ដែល​ធ្លាប់​ទទួល​បាន​ការបង្រៀន​ពី​អតីតកាល ដើម្បី​ទាក់ទង​ទៅ​តាម​ទូរសព្ទ និង​ជា​ការផ្ញើសារ ។

« ពួកគេ​ផ្ដល់​ការបម្រើ​ដល់​សមាជិក ដល់​មនុស្ស​ដែល​ធ្លាប់​ទទួល​ការបង្រៀន​ពី​អតីតកាល ដល់​មនុស្ស​ដែល​ពួកគេ​កំពុង​បង្រៀន​នាពេល​បច្ចុប្បន្ន និង​សហគមន៍​ទាំងមូល ។…

« ពួកគេ​ជួយ​សមាជិក​បង្កើត​សារ​ពី​ដំណឹងល្អ​ដើម្បី​ចែកចាយ​នៅលើ​…​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ពួកគេ ។

« ពួកគេ​ទទួល​បាន​អ្នក​រៀន​ថ្មី​ពី​មនុស្ស​ដែល​ពួកគេ​ណាត់ជួប និង​បង្រៀន » ( « Be Spiritual Pathfinders and Influencers » ការប្រជុំ​ធម្មនិដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា​នា​ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២០ បាន​បន្ថែម​ការបញ្ជាក់ ) ។

ការសិក្សា​ជាមួយ​ដៃគូ

សូម​ពិភាក្សា​សំណួរ​ខាងក្រោម ៖

  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​អ្នក​អាច​ទុក « សន្ទូច​របស់​អ្នក​នៅក្នុង​ទឹក » ឲ្យ​បាន​យូរ​ជាង​នៅ​ពេល​ថ្ងៃ ?

  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​អ្នក​អាច​ដាក់​សន្ទូច​របស់​អ្នក​ឲ្យ​បាន​ច្រើន​នៅក្នុង​ទឹក ពេល​អ្នកស្វែង​រក​មនុស្ស​មក​បង្រៀន ?

  • តើ​មុខងារ​អ្វី​នៅក្នុង​កម្មវិធី​ប្រកាស​ដំណឹងល្អ​របស់​យើង​អាច​ជួយ​អ្នក​បាន ?

  • តើ​អ្នក​អាច​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ជួយ​អ្នក​ដាក់​សន្ទូច​របស់​អ្នក​ឲ្យ​បាន​ច្រើន​នៅក្នុង​ទឹក​ដោយ​របៀប​ណា ?

និយាយ​នឹង​មនុស្ស​គ្រប់គ្នា

អភិវឌ្ឍ​បំណងប្រាថ្នា​ដ៏​ជ្រាលជ្រៅ​ដើម្បី​នាំ​ព្រលឹង​ជា​ច្រើន​មក​កាន់​ព្រះ​គ្រីស្ទ ( សូមមើល ម៉ូសាយ ២៨:៣ ) ។ នៅពេល​អ្នក​មាន​បំណង​ប្រាថ្នា​នេះ នោះ​សេចក្តី​ស្រឡាញ់ និង​កង្វល់​របស់​អ្នក​នឹង​ឆ្លុះបញ្ចាំង​នៅលើ​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ស្វែងរក ។ សេចក្តី​ស្រឡាញ់​របស់​អ្នក​ក៏​នឹង​ឆ្លុះបញ្ចាំង​នៅលើ​ការប្រែចិត្តជឿ​របស់​អ្នក​ដែរ ។

និយាយ​ជាមួយ​មនុស្ស​ឲ្យ​បាន​ច្រើន​រាល់ថ្ងៃ ។ និយាយ​ជាមួយ​មនុស្ស​នៅ​គ្រប់​ទីកន្លែង​ដែល​អ្នក​ទៅ ។ នៅពេល​ដែល​សមរម្យ សូម​ចេញ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ។ ព្រះអម្ចាស់​បានណែនាំ​ដល់​ពួក​អែលឌើរ​នៅ​សម័យ​មុន​នៃ​សាសនាចក្រ​មួយ​ចំនួន​ថា « បើក​មាត់​របស់​អ្នក ដើម្បី​ប្រកាស​ប្រាប់ពី​ដំណឹង​ល្អ​របស់​យើង » ។ បន្ទាប់មក ទ្រង់​បាន​សន្យា​ថា មាត់​របស់​ពួកគេ​នឹង « បាន​ពោរពេញ » ជា​មួយ​អ្វី​ដែល​ត្រូវ​បង្រៀន ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣០:៥; សូមមើល​ផងដែរ ៣៣:៧–១០ ) ។

ស្រដៀង​គ្នា​នេះ​ដែរ ព្រះអម្ចាស់​បាន​ប្រាប់​យ៉ូសែប ស្ម៊ីធ និង​ស៊ីឌនី រិកដុន « ចូរ​បន្លឺ​សំឡេង​របស់​អ្នក​ឡើង​ដល់​ប្រជាជន​នេះ​ចុះ​ចូរ​ប្រាប់​គំនិត​ទាំងឡាយ​ដែល​យើង​នឹង​ដាក់​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ចុះ » ។ បន្ទាប់មក​ទ្រង់​បាន​សន្យា​ថា « នោះ​នឹង​បាន​ប្រទាន​ដល់​អ្នក​នៅ​ម៉ោង​នោះ គឺ​នៅ​វេលា​នោះ​ឯង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០០:៥–៦ ) ។

ពេល​អ្នក​ជួប​មនុស្ស​ជា​ញឹកញាប់ អ្នក​នឹង​មាន​អារម្មណ៍​ថា​ព្រះវិញ្ញាណ​ជួយ​អ្នក​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​និយាយ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ប្រសិនបើ​អ្នក​មិន​មាន​អារម្មណ៍​ថា មានការបំផុស​គំនិត​ទេ គ្រាន់តែ​ចាប់ផ្តើម​នៅ​កន្លែង​ណា​មួយ—ប្រហែលជា​ដោយ​ការសួរ​សំណួរ និង​ស្តាប់​ចម្លើយ​របស់​ពួកគេ ( សូមមើល « ស្វែងរក​ស្ថានភាព​របស់​មនុស្ស » នៅក្នុង​ជំពូក​នេះ ) ។ ឬ​ប្រហែលជា​និយាយ​អំពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ឬ​អំពី​ការហៅ​របស់​យ៉ូសែប ស្ម៊ីធ ឲ្យ​ធ្វើ​ជា​ព្យាការី​របស់​ព្រះ ។

គំនិត​ខាងក្រោម​អាច​ជួយ​បាន​នៅពេល​អ្នក​និយាយ​ជាមនុស្ស​ទាំងឡាយដែល​អ្នក​ជួប ៖

  • ចូរ​មាន​ភាពកក់ក្តៅ ពិតប្រាកដ និង​រួសរាយ ។ សូម​រកមើល​របៀប​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បុគ្គល​នោះ ហើយ​ចាប់ផ្តើម​ការសន្ទនា ។

  • សូម​ស្តាប់​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ចំពោះ​អ្វី​ដែល​មនុស្ស​និយាយ ។ សូម​ខិតខំ​ស្វែងយល់​ពី​តម្រូវការ និង​ចំណាប់​អារម្មណ៍​របស់​បុគ្គល​ម្នាក់ៗ ។ ផ្តល់​ជំនួយ​ផ្ទាល់ខ្លួន​តាម​ការសមរម្យ ។

  • សូម​ពិចារណា​ពី​របៀប​ដែល​ដំណឹងល្អ​អាច​ជួយ​បំពេញ​តម្រូវការ​របស់​ពួកគេ ។ បន្ទាប់មក​បង្រៀន​មូលដ្ឋានគ្រឹះ​សេចក្ដីពិត​នៃ​ដំណឹងល្អ​ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​រៀន​បន្ថែម ។ សូម​ចែកចាយ​ពី​របៀប​ដែល​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​អាច​នាំ​មក​នូវ​សេចក្ដីសង្ឃឹម និង​អត្ថន័យ​មក​ក្នុង​ជីវិត​របស់​ពួកគេ​កាន់តែ​ខ្លាំង ។

  • សូម​សួរ​អំពី​ក្រុមគ្រួសារ​របស់​ពួកគេ ។ សូម​ជួយ​ពួកគេ​យល់​ពី​របៀប​ដែល​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​អាច​ផ្ដល់ពរ​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ ។ សូម​ផ្ដល់​ជំនួយ​ដើម្បី​ជួយ​ពួកគេ​ស្វែងរក​ឈ្មោះ​បុព្វការីជន​ដែល​បាន​ស្លាប់ទៅ​របស់​ពួកគេ ។

  • សូម​អញ្ជើញ​ពួកគេ​ឲ្យ​មក​ចូលរួម​ប្រជុំ​សាក្រាម៉ង់ ។

  • ផ្តល់​ជូន​កូនសៀវភៅ ឬ​ឯកសារ​របស់​សាសនាចក្រ​ផ្សេងៗ​ទៀត ទាំង​ឯកសារ​បោះពុម្ព និង​ជា​ឌីជីថល ។

  • សូម​ចែកចាយ​គោលបំណង​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក​ជាមួយ​ពួកគេ និង​មូលហេតុ​ដែល​អ្នក​សម្រេចចិត្ត​បម្រើ​បេសកកម្ម ។

គោលការណ៍​ទាំងនេះ​ក៏​អនុវត្ត​ចំពោះ​ការជួប​ដំបូង​របស់​អ្នក​ជាមួយ​សមាជិក​ផងដែរ ។

វា​ជា​រឿង​ធម្មជាតិ​ទេ​ដែល​មាន​ការភ័យខ្លាច​បន្តិច​ក្នុង​ការនិយាយ​ជាមួយ​មនុស្ស​នោះ ។ សូម​អធិស្ឋាន​ទូលសុំ​សេចក្ដីជំនឿ និង​ភាពក្លាហាន​ដើម្បី​បង្រៀន​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។ មនុស្ស​គ្រប់គ្នា​ដែល​អ្នក​ជួប​គឺជា​បងប្អូន​របស់​អ្នក​ក្នុង​គ្រួសារ​របស់​ព្រះ ។ សូម​ចងចាំ​ថា « ពុំ​បដិសេធ​អ្នក​ណា​ម្នាក់ ដែល​មក​រក​ទ្រង់​ឡើយ គឺ​ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី​… មនុស្ស​ទាំង​អស់ ទាំង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ( នីហ្វៃទី២ ២៦:៣៣ ) ។

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

សូម​អាន​ដំណើររឿង​មកពី វិចទ័រ ម៉ានូអែល សេប្រីរ៉ា នៅក្នុង « Thirsting for the Living Water » Ensign ខែ សីហា ឆ្នាំ ២០០១ ទំព័រ ៦០–៦១ ។ នៅពេល​អ្នក​អាន សូម​រកមើល​របៀប​ដែល​គាត់​បាន​ត្រៀមខ្លួន​ទទួល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​របៀប​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ប្រើ​ឱកាស​ដែល​មិនបាន​គ្រោងទុក​ដើម្បី​បង្រៀន​គាត់​អំពី​ដំណឹងល្អ ។

  • តើ​បុរស​រូប​នោះ​បាន​រៀបចំខ្លួន​យ៉ាង​ដូចម្ដេច​សម្រាប់​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​នេះ ?

  • តើ​នឹង​មាន​អ្វី​កើត​ឡើង ប្រសិនបើ​ពួក​អែលឌើរ​មិន​បាន​ចែកចាយ​សារលិខិត​នៃ​ដំណឹងល្អ​ទេ ?

  • សូម​ពិនិត្យ​ឡើងវិញ​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ​កាលពី​ម្សិលមិញ ។ តើ​អ្នក​បាន​និយាយ​ជាមួយ​មនុស្ស​ជា​ច្រើន​អស់​ពី​លទ្ធភាព​របស់​អ្នក​ដែរ​ឬ​ទេ ? បើ​មិន​បាន​ទេ សូម​ដាក់​គោលដៅ ហើយ​រៀបចំ​ផែនការ​ដើម្បី​និយាយ​ជាមួយ​មនុស្ស​កាន់តែ​ច្រើន​នៅ​ថ្ងៃនេះ ។

ការសិក្សា​ព្រះគម្ពីរ

តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​ពី​ខគម្ពីរ​ខាងក្រោម​នេះ​អំពី​ការស្វែងរក​មនុស្ស​ដើម្បី​បង្រៀន ? តើ​អ្នក​អាច​រៀន​អ្វីខ្លះ​ពី​ខគម្ពីរ​ទាំងនេះ​អំពី​អ្វី​ដែល​អ្នក​គួរ​បង្រៀន ? តើ​ព្រះអម្ចាស់​សន្យា​អ្វីខ្លះ ?

រួបរួម​ជាមួយ​សមាជិក

« ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ គឺជា​ផ្នែក​មួយ​នៃ​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង » ( ក្បួនខ្នាត​ទូទៅ ២៣.០ ) ។ ធ្វើការ​ជាមួយ​សមាជិក​នៃ​សាសនាចក្រ​ដើម្បី​ស្វែងរក​មនុស្ស​បង្រៀន ។ នៅពេល​សមាជិក​ណែនាំ​នរណា​ម្នាក់​មក​ឲ្យ​អ្នក ហើយ​បន្ទាប់មក​ចូលរួម​ក្នុង​មេរៀន នោះ​អ្នករៀន​ទំនង​ជា​នឹង​ទទួល​បុណ្យជ្រមុជទឹក ហើយ​នៅតែ​សកម្ម​ក្នុង​សាសនាចក្រ ។

បង្កើត​ទំនាក់ទំនង​រឹងមាំ​ជាមួយ​អ្នកដឹកនាំ​ក្នុង​តំបន់​មូលដ្ឋាន

បង្កើត​ទំនាក់ទំនង​រឹងមាំ​ជា​មួយ​គណៈប៊ីស្សព និង​អ្នកដឹកនាំ​វួដ​ផ្សេងទៀត ។ អ្នកដឹកនាំ​បេសកកម្ម​វួដ ( ប្រសិនបើ​មាន ) និង​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ គឺជា​ចំណុច​សំខាន់​នៃ​ទំនាក់ទំនង​របស់​អ្នក ។ សូម​ស្វែងរក​ការណែនាំ​របស់​ពួកគាត់ ហើយ​គាំទ្រ​ពួកគាត់​នៅក្នុង​ការប្រជុំ​សម្របសម្រួល​ប្រចាំ​សប្តាហ៍ ( សូមមើល ជំពូកទី ១៣ ) ។

ក្នុង​អំឡុងពេល​ការប្រជុំ​សម្របសម្រួល​ប្រចាំ​សប្តាហ៍ សូម​ធ្វើការ​ជាមួយ​ជំនួយការ​កូរ៉ុម​សង្ឃ និង​ប្រធាន​ថ្នាក់​យុវនារី​សម្រាប់​ថ្នាក់​ដែល​មាន​អាយុ​ច្រើន​ជាង ។ យុវវ័យ​ទាំងនេះ​មាន​តួនាទី​សំខាន់​ក្នុង​ការចែកចាយ​ដំណឹង​ល្អ ។ ជួយ​ពួកគេ​លើក​ទឹកចិត្ត​សមាជិក​កូរ៉ុម និង​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ដំណឹងល្អ ។ របៀប​មួយ​គឺ​សម្រាប់​យុវវ័យ​ដើម្បី​អញ្ជើញ​មិត្តភក្តិ​ឲ្យ​ចូលរួម​សកម្មភាព ។

សូម​សួរ​ខ្លួនឯង​ជា​ទៀងទាត់​ថា « តើខ្ញុំគឺជា​ពរជ័យ​មួយ​ចំពោះ​ថ្នាក់ដឹកនាំ​ក្នុងមូលដ្ឋាន​ដែរ​ឬ​ទេ ? » អភិវឌ្ឍ​អាកប្បកិរិយា​« តើខ្ញុំ​អាចជួយ​ដោយ​របៀបណា » ? ដូចជា​អាំម៉ូន​នៅក្នុង​ព្រះគម្ពីរ​មរមន​ដែរ សូម​ទៅរក​អ្នកដឹកនាំ​ក្នុង​មូលដ្ឋាន​ដោយ​អាកប្បកិរិយា​នៃ​ការបម្រើ ( សូមមើល អាលម៉ា ១៧:២៣–២៥ ) ។

ចំពោះ​អ្នក​ដឹកនាំ​បេសកកម្ម ប្រធាន រ័សុល អិម ណិលសុន⁠ បាន​បង្រៀន​ថា ៖ « ខ្ញុំ​សង្ឃឹមថា អ្នក​នឹង​រៀន​ស្រឡាញ់​អ្នក​ដឹកនាំ និង​សមាជិក​ក្នុង​មូលដ្ឋាន ។ សូម​លើក​ទឹកចិត្ត​ពួកគាត់ និង​បំផុសគំនិត​ពួកគាត់ ។ សមត្ថភាព​របស់​បងប្អូន​ក្នុងការ​ភ្ជាប់​ភាពក្លៀវក្លា​របស់​អ្នក​ផ្សាយ​សាសនា​ជាមួយ​នឹង​ស្ថេរភាព និង​ដែល​ពេញ​ដោយក្តី​ស្រឡាញ់ និង​កិច្ចខិតខំ​ដ៏​មាន​ប្រយោជន៍​របស់​សមាជិក មិន​អាច​សង្កត់​ធ្ងន់​ពេក​នោះ​ទេ ។ ជោគជ័យ​របស់​អ្នក​នឹង​ឡើង​ទ្វេ​គុណ ( « Hopes of My Heart » seminar for new mission leaders ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៩ ) ។

រូបភាព
ពួក​អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​ស្ត្រី

គាំទ្រ​សមាជិក​ក្នុង​កិច្ចខិតខំ​របស់​ពួកគេ​ដើម្បី​ចែកចាយ​ដំណឹងល្អ

មាន​របៀប​ជាច្រើន​ដើម្បី​គាំទ្រ និង​លើក​ទឹកចិត្ត​សមាជិក​ក្នុងការ​ចែកចាយ​ដំណឹងល្អ ។ សូម​ជួយ​ពួកគេ​ជញ្ជឹងគិត​អំពី​របៀប​ដែល​ដំណឹងល្អ​បាន​ផ្ដល់ពរ​ជ័យ​ដល់​ជីវិត​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ « លើក​ពន្លឺ​របស់ [ ពួកគេ ] ឡើង ប្រយោជន៍​ឲ្យ​បាន​ភ្លឺ​ដល់​មនុស្ស​លោក » (នីហ្វៃទី៣ ១៨:២៤ ) ។

សូម​ជួយ​សមាជិក​អនុវត្ត​គោលការណ៍​នៃ ស្រឡាញ់ ចែកចាយ និង​អញ្ជើញ ។ សូម​ផ្តល់​ឧទាហរណ៍​នៃ​របៀប​សាមញ្ញ និង​ធម្មតា ដែល​ពួកគេ​អាច​អនុវត្ត​តាម​គោលការណ៍​ទាំងនេះ ។

ស្រឡាញ់ ។ របៀប​មួយ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ គឺ​តាមរយៈ​ការស្រឡាញ់ និង​ការបម្រើ​បុត្រា​បុត្រី​របស់​ទ្រង់ ។ សូម​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ឈោង​ទៅ​ជួយ​ដោយ​ក្តី​ស្រឡាញ់​ចំពោះ​សមាជិក​គ្រួសារ មិត្តភក្តិ អ្នក​ជិតខាង និង​អ្នកដទៃ ។ ការប្រឹងប្រែង​ណាមួយ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់ គឺជា​វិធី​ដ៏​សំខាន់​មួយ​ដើម្បី​រក្សា​សេចក្ដី​សញ្ញា​ដែល​ពួកគេ​បាន​ធ្វើជា​មួយ​ព្រះ ( សូមមើល ម៉ូសាយ ១៨:៩–១០ ) ។

ចែកចាយ ។ ដោយសារ​សេចក្តី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះ និង​បុត្រាបុត្រី​របស់​ទ្រង់ នោះ​សមាជិក​ចង់​ចែកចាយ​ពរជ័យ​ដែល​ទ្រង់​ប្រទាន​ដល់​ពួកគេ​យ៉ាងសាមញ្ញ ( សូមមើល យ៉ូហាន ១៣:៣៤–៣៥ ) ។ សូម​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ប្រាប់​អ្នកដទៃ​អំពី​របៀប​ដែល​ដំណឹងល្អ​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​និយាយ​អំពី​ព្រះអង្គ​សង្គ្រោះ និង​ឥទ្ធិពល​របស់​ទ្រង់ ។ សូម​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​នៃ​អំណរ​នៃ​ការចែកចាយ​សេចក្តី​ស្រឡាញ់ ពេលវេលា និង​ព្រឹត្តិការណ៍​នានា​ក្នុង​ជីវិត​របស់​ពួកគេ ។ សូម​ជួយ​ពួកគេ​រៀន​ពី​វិធី​ចែកចាយ​តាម​របៀប​ដ៏​សាមញ្ញ និង​ធម្មតា—គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

រូបភាព
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន

« យើង​ទាំងអស់​គ្នា​ចែកចាយ​អ្វីៗ​ជាមួយ​មនុស្ស​ផ្សេង​ទៀត ។ យើង​ធ្វើ​វា​ជា​ញឹកញាប់ ។ យើង​ចែកចាយ​ពី​រឿងកុន និង​អាហារ​ដែល​យើង​ចូលចិត្ត រឿង​សប្បាយៗ​ដែល​យើង​ឃើញ កន្លែង​ដែល​យើង​ទៅលេង រូបសិល្បៈ​ដែល​យើង​ពេញចិត្ត ការដកស្រង់​ដែល​បំផុស​គំនិត​យើង ។

« តើ​យើង​អាច​បន្ថែម​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ចូល​ទៅក្នុង​បញ្ជី​ដែល​យើង​មាន​ដើម្បី​ចែកចាយ​នោះ​បាន​យ៉ាង​ដូចម្តេច ? … តាមរយៈ​ការចែកចាយ​បទពិសោធន៍​វិជ្ជមាន​របស់​យើង​នៅក្នុង​ដំណឹងល្អ​នេះ​ជាមួយ​មនុស្ស​ផ្សេង​ទៀត យើង​ចូលរួម​ចំណែក​នៅក្នុង​ការបំពេញ​តាម​បញ្ជា​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​សង្គ្រោះ​ហើយ » ( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ស្រឡាញ់ ចែកចាយ អញ្ជើញ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៨៦ ) ។

អញ្ជើញ ។ ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ និង​រៀបចំ​ខ្លួន​សម្រាប់​ជីវិត​ដ៏អស់កល្ប​ជានិច្ច ( សូមមើល អាលម៉ា ៥:៣៣–៣៤ ) ។ ដូចគ្នា​នឹង​ការចែកចាយ​ដែរ ការអញ្ជើញ​តែងតែ​ជា​បញ្ហា​ដែល​រួមបញ្ចូល​នូវ​ក្រុមគ្រួសារ មិត្តភក្តិ និង​អ្នក​ជិតខាង​នៅក្នុង​អ្វី​ដែល​សមាជិក​បានធ្វើ​រួច​ហើយ ។ សូម​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​អធិស្ឋាន​អំពី​ការអញ្ជើញ​មនុស្ស​តាមវិធី​ដូចខាង​ក្រោម ៖

  • មក ហើយ​មើល ។ សូម​អញ្ជើញ​មនុស្ស​ឲ្យ « មក ហើយ​មើល » នូវ​ពរជ័យ​ដែល​ពួកគេ​អាច​ទទួល​បាន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ដំណឹងល្អ​របស់​ទ្រង់ និង​សាសនាចក្រ​របស់ទ្រង់ ។

  • មក ហើយ​បម្រើ ។ សូម​អញ្ជើញ​មនុស្ស​ឲ្យ « មក ហើយ​បម្រើ » អ្នក​ដទៃ​ដែល​ខ្វះខាត ។

  • មក ហើយ​ចូល​ជា​សមាជិក ។ សូម​អញ្ជើញ​មនុស្ស​ឲ្យ « មក​ហើយ​ចូល​ជា​សមាជិក » ជា​សមាជិក​នៃ​សាសនាចក្រ​ដែល​បាន​ស្តារឡើងវិញ ។

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បាន​មាន​ប្រសាសន៍​ថា ៖ « មាន​ការអញ្ជើញ​រាប់​រយ ដែល​យើង​អាច​អញ្ជើញ​ទៅ​អ្នក​ដទៃ​ទៀត​បាន ។ យើង​អាច​អញ្ជើញ​មនុស្ស​ផ្សេង​ទៀត​ឲ្យ ‹ មក ហើយ​មើល › ពិធី​សាក្រាម៉ង់ សកម្មភាព​វួដ វីដេអូ​តាម​អនឡាញ ដែល​ពន្យល់​ពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ‹ មក ហើយ​មើល › អាច​ជា​ការអញ្ជើញ​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ឬ​មកមើល​ព្រះវិហារ​បរិសុទ្ធ អំឡុង​ពេល​ពិធី​សម្ពោធ ពីមុន​ពិធី​ឧទ្ទិសឆ្លង ។ ជួនកាល ការអញ្ជើញ​នោះ​ជា​អ្វី​មួយ​ដែល​យើង​អញ្ជើញ​នៅ​ខាង​ក្នុង—ជា​ការអញ្ជើញ​ដល់​ខ្លួន​យើង ដែល​ផ្ដល់​ការយល់ដឹង និង​ទស្សនវិស័យ​ដល់​ខ្លួន​យើង អំពី​ឱកាស​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង ដើម្បី​ធ្វើ​សកម្មភាព​តាម » ( « ស្រឡាញ់ ចែកចាយ អញ្ជើញ » ទំព័រ ៨៦ ) ។

ត្រូវ​ប្រាកដ​ថា​ជួយ​យុវវ័យ​ឲ្យ​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ ។ យុវវ័យ​មាន​អំណោយទាន​ជា​ពិសេស​ក្នុង​ការស្រឡាញ់​មិត្តភក្តិ​របស់​ពួកគេ ចែកចាយ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​របស់​ពួកគេ និង​ការអញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​សកម្មភាព ។

សូម​ជួយ​សមាជិក​ឲ្យ​យល់​ថា ការខិតខំ​ដើម្បី​រស់នៅ​តាម​គោលការណ៍​នៃ ស្រឡាញ់ ​ចែកចាយ និង​អញ្ជើញ​ណាមួយ​ក៏​វិជ្ជមាន​ដែរ ទោះជា​មនុស្ស​ម្នាក់​ជួប​ឬ​មិនជួប​ជាមួយ​អ្នក​ផ្សព្វផ្សាយសាសនា ​ចូលរួម​ឬ​មិនចូលរួម​ក្នុង​សាសនាចក្រ​ក៏ដោយ ។

សូម​ជួយ​សមាជិក​ទាញយក​ភាពខ្លាំង​របស់​ពួកគេ​ក្នុង​ការចែកចាយ​ដំណឹងល្អ ។ អ្នក​ខ្លះ​ពូកែ​ស្វែងរក​មនុស្ស​មក​បង្រៀន ហើយ​អ្នក​ខ្លះ​ទៀត​ជា​គ្រូ​ដ៏​ពូកែ ។ អ្នក​ខ្លះ​មាន​សមត្ថភាព​ពី​ធម្មជាតិ​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ ខណៈ​អ្នក​ខ្លះ​ទៀត​ចូលចិត្ត​អធិស្ឋាន​ឲ្យ​មិត្តភក្តិ​របស់​ពួកគេ ។ សូម​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា​មាន​វិធី​សម្រាប់​អ្នក​រាល់​គ្នា​ក្នុង​ការចូលរួម ។

នៅពេល​អ្នក​ទៅ​សួរសុខទុក្ខ​សមាជិក សូម​ធ្វើ​ដូច្នេះ​ដោយ​មាន​គោលបំណង​ណាមួយ ។ សូម​បង្ហាញ​ថា អ្នក​មានចិត្ត​អន្ទះសារ​ចង់ចូលរួម​នៅក្នុង​កិច្ចការ​ស្វែងរក និង​បង្រៀន ។ សូម​គោរព​ដល់​ពេលវេលា និង​កាលវិភាគ​របស់ពួកគេ ។

សមាជិក​ខ្លះ​អាច​ស្វាគមន៍​ពេល​ដែល​អ្នក​បង្រៀន​សារលិខិត​ពី​មេរៀន​មួយ ។ សេចក្តីពិត​នៃ​ដំណឹងល្អ​គឺជា​ការផ្លាស់ប្តូរ​ជីវិត ។ ការពង្រឹង​ការយល់ដឹង​របស់​សមាជិក​អំពី​ដំណឹងល្អ​នឹង​បង្កើន​ការទុកចិត្ត​របស់​ពួកគេ​លើ​អ្នក និង​បង្កើន​ការរំភើបចិត្ត​របស់​ពួកគេ​ក្នុង​ការចែកចាយ​វា ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ព្រះវិញ្ញាណ ហើយ​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត ។

សូម​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន​តាមរយៈ​ក្រុម​គ្រួសារ​ដែល​ជា​សមាជិក​តែ​ម្នាក់ អ្នក​ត្រៀម​ខ្លួន​ធ្វើ​ជា​អែលឌើរ សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ និង​សមាជិក​ថ្មី ។ ពួកគេ​ទំនងជា​មាន​សមាជិក​គ្រួសារ និង​មិត្តភក្តិ​ដែល​មាន​ជំនឿ​ផ្សេងៗ​ជា​ច្រើន ។

គ្រប់​អ្វីៗ​ដែល​អ្នក​ធ្វើ​ជាមួយ​សមាជិក ចូរ​ធ្វើ​តាម​ព្រះវិញ្ញាណ ហើយ​ខិតខំ​ស្ថាបនា​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ ។

សម្រាប់​គំនិត និង​ធនធាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​អ្នក​អាច​គាំទ្រ​សមាជិក​ក្នុង​ការចែកចាយ​ដំណឹងល្អ សូម​មើល ៖

ពរជ័យ​ដែល​បានសន្យា​សម្រាប់​ការចែកចាយ​ដំណឹងល្អ

សូម​ជួយ​សមាជិក​យល់​ពី​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​បាន​មកពី​ការចែកចាយ​ដំណឹងល្អ ។ ទាំងនេះ​រួមមាន ៖

ការសិក្សា​ជាមួយ​ដៃគូ

  • ពិនិត្យមើល​ការប្រជុំ​សម្រប​សម្រួល​ប្រចាំ​សប្តាហ៍​ចុងក្រោយ​របស់​អ្នក ។ តើ​អ្នក​អាច​ធ្វើ​ឲ្យ​វា​កាន់តែ​មាន​ប្រសិទ្ធភាព​ដោយ​របៀបណា ? ពិនិត្យមើល​សំណើ​ពី​អ្នកដឹក​នាំវួដ ហើយ​ដាក់​ផែនការ​ថាតើ​ឆ្លើយតប​ដោយ​របៀប​ណា និង​ពេល​ណា ។

  • សូម​ដាក់​ផែនការ​ពី​របៀប​ដែល​អ្នក​នឹង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក​នៅក្នុង​កិច្ចប្រជុំ​សម្រប​សម្រួល​បន្ទាប់​ទៀត ។

  • រៀន​ឈ្មោះ​អ្នកដឹកនាំ​វួដ ( បុរស និង​ស្ត្រី ) ។ ដាក់​ផែនការ​ពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ក្នុង​អំឡុង​ខែក្រោយ ដើម្បី​បង្កើត​ទំនាក់ទំនង​កាន់តែ​រឹងមាំ​ជាមួយ​ពួកគាត់ និង​គាំទ្រ​ពួកគាត់​ក្នុង​ការខិតខំ​ផ្សព្វផ្សាយសាសនា​របស់​ពួកគាត់ ។

ស្វែងរក​ក្នុង​កម្មវិធី​ប្រកាស​ដំណឹងល្អ​របស់​យើង

កម្មវិធី​ប្រកាស​ដំណឹងល្អ​របស់​យើង គឺ​ជា​ធនធាន​ដ៏​ល្អ​សម្រាប់​ការស្វែងរក​មនុស្ស​ដើម្បី​បង្រៀន ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ប្រើប្រាស់​មុខងារ​នៅក្នុង​កម្មវិធី​នេះ​ជា​ប្រចាំ​ទទួល​បាន​ជោគជ័យ​ក្នុង​ការស្វែងរក​កាន់តែ​ច្រើន ។ ដើម្បី​ស្គាល់​លក្ខណៈពិសេស​ទាំងនេះ សូមមើល​ការបំពាក់បំប៉ន​ដែល​បាន​ផ្តល់​នៅក្នុង​កម្មវិធី​នេះ ។ សូម​យកចិត្ត​ទុកដាក់​ចំពោះ​ការបំផុស​គំនិត​ខាងវិញ្ញាណ ដែល​អ្នក​អាច​ទទួលបាន​នៅពេល​អ្នក​ពិនិត្យមើល​ឈ្មោះ​អ្នករៀន ។

កម្មវិធី​នេះ​រួមបញ្ចូល​ព័ត៌មាន​អំពី​មនុស្ស​ដែល​ត្រូវ​បានណែនាំ ទាក់ទង ឬ​បង្រៀន​ពី​មុនៗ ។ មនុស្ស​ទាំងនេះ​ខ្លះ​ប្រហែលជា​ចង់​ជួប​ជាមួយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ម្តងទៀត ។ ពួកគេ​ក៏​ប្រហែល​ជា​ស្គាល់​អ្នក​ផ្សេង​ទៀត ដែល​ប្រហែល​ជា​ចាប់​អារម្មណ៍​ក្នុងការ​រៀន​អំពី​ដំណឹង​ល្អ ។

នៅក្នុង​ផែនការ​របស់​អ្នក សូម​ប្រើ​ផែនទី និង​តម្រង​នៅក្នុង​កម្មវិធី​នេះ ដើម្បី​ដាក់​អាទិភាព​ថា​តើ​មនុស្ស​ណា​ដែល​ត្រូវ​ទៅ​ជួប ។ សូម​រកមើល​ព័ត៌មាន​របស់​ពួកគេ ហើយ​ស្វែងយល់​ពី​របៀប​ដែល​បាន​រកឃើញ​ពួកគេ ។ សូម​មើល​ថា​តើ​មាន​កំណត់ត្រា​អំពី​សមាជិក​ដែល​បាន​ជួយ​ពួកគេ​ដែរ​ឬ​ទេ ។ សូម​ប្រើ​ព័ត៌មាន​នេះ​ដើម្បី​កំណត់​ពី​របៀប​ល្អ​បំផុត​ក្នុង​ការទាក់ទង​ទៅ​ពួកគេ​ម្តង​ទៀត ។

រូបភាព
ពួកអ្នកផ្សព្វផ្សាយ​សាសនា​កំពុង​សិក្សា​តាម​ទូរសព្ទ

សូម​ប្រើ​មុខងារ​តម្រង​នៅក្នុង​កម្មវិធី​នេះ​ដើម្បី​ស្វែងយល់​ពី​អ្នករៀន​ទាំងនោះ​ដែល ៖

  • បាន​ដាក់​កាលបរិច្ឆេទ​ទទួល​បុណ្យជ្រមុជទឹក​ដែល​បាន​កំណត់​ពី​មុន ប៉ុន្តែ​មិន​បាន​ទទួលបុណ្យ​ជ្រមុជទឹក​នៅឡើយ​ទេ ។

  • បាន​ចូលរួម​ការប្រជុំ​សាក្រាម៉ង់​យ៉ាង​ហោច​ណាស់​ម្តង ប៉ុន្តែ​មិន​បាន​ទទួល​បុណ្យជ្រមុជទឹក​ទេ ។

  • បាន​រៀន​លើស​ពី​បី​មេរៀនពី​អ្នក​ផ្សព្វផ្សាយ​សាសនា ។

  • មិន​មាន​គេ​ទាក់ទង​ទៅ​ទេ​នា​ពេល​ថ្មីៗ​នេះ​ទេ ។

ប្រសិនបើ​មនុស្ស​ដែល​អ្នក​ទាក់ទង​មិន​ចាប់​អារម្មណ៍​រៀន ឬ​ជ្រើសរើស​ឈប់​ទទួល​ការណាត់ជួប សូម​កត់ត្រា​ព័ត៌មាន​នោះ​នៅក្នុង​កម្មវិធី​នេះ ។ សូម​កត់ត្រា​ពី​របៀប​ដែល​អ្នក​នឹង​រក្សា​ទំនាក់ទំនង​ជាមួយ​ពួកគេ ហើយ​បីបាច់​ពួកគេ​រហូត​ដល់​ពួកគេ​ត្រៀមខ្លួន​ដើម្បី​រៀន​បន្ថែមទៀត ។ ឧទាហរណ៍ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ចុះ​ឈ្មោះ​ទទួល​បាន​បណ្ដុំ​អ៊ីម៉ែល ដើម្បី​ទទួល​បាន​សារលិខិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ឬ​ប្រធានបទ​នៃ​ដំណឹងល្អ​ផ្សេង​ទៀត ។ អ្នក​ក៏​អាច​ភ្ជាប់​ទំនាក់ទំនង​ឲ្យ​ពួកគេ​ជាមួយ​សមាជិក​ដែល​អាច​ឆ្លើយ​សំណួរ និង​បីបាច់​ចំណាប់​អារម្មណ៍ និង​មិត្តភាព​របស់​ពួកគេ ។ សូម​កំណត់​ការរំឭក​នៅក្នុង​កម្មវិធី​នេះ ដើម្បី​តាមដាន​ជាមួយ​ពួកគេ ។ សូម​សួរ​ពួកគេ​ថា តើ​មាន​ស្គាល់​នរណា​ផ្សេងទៀត​ដែល​អាច​ចាប់អារម្មណ៍​ក្នុង​ការរៀន​ដែរ​ឬ​ទេ ។

អ្នក​ក៏​អាច​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន​តាមរយៈ​កម្មវិធី​ប្រកាស​ដំណឹងល្អ​របស់​យើង ដោយ​ការប្រើ​តម្រង ឬ​ក្រុម​ដើម្បី​ផ្ញើសារ​ជាក្រុម​ផងដែរ ។ ការណ៍នេះ​អាច​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ឲ្យ​មនុស្ស​ដឹង​អំពី​ព្រឹត្តិការណ៍​ដូចជា​សកម្មភាព​វួដ និង​កម្មវិធី​បុណ្យ​ជ្រមុជទឹក​ជាដើម ។ សូម​តាមដាន​ជាមួយ​នឹង​ការអញ្ជើញ​ផ្ទាល់ខ្លួន​ទៅ​នឹង​ព្រឹត្តិការណ៍​ទាំងនេះ ។

ការសិក្សា​ជាមួយ​ដៃគូ

ដើម្បីមើល​ថាតើ​ធនធាន​ដ៏​អស្ចារ្យ​អ្វីខ្លះ​ដែល​កម្មវិធី​ប្រកាស​ដំណឹងល្អ​របស់​យើង​អាច​មាន​នៅក្នុង​ការស្វែងរក សូម​សាកល្បង​សកម្មភាព​ខាងក្រោម ។ នៅពេល​អ្នក​ធ្វើ​បែប​នេះ សូម​យក​ចិត្ត​ទុក​ដាក់​លើ​ចំណាប់​អារម្មណ៍​ដែល​អ្នក​ទទួល​បាន ។

  • ដោយ​ការប្រើ​តម្រង ស្វែងរក​មនុស្ស​ទាំងអស់​ដែល​បាន​រៀន​បី​មេរៀន ឬ​ច្រើន​ជាងនេះ ។ សូម​អញ្ជើញ​ពួកគេ​ម្នាក់ៗ​ឲ្យ​ចូលរួម​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ​នេះ ។

  • បង្កើត​តម្រង​មួយ ហើយ​ស្វែងរក​អស់​អ្នក​ដែល​បាន​កំណត់​កាលបរិច្ឆេទ​ទទួល​បុណ្យជ្រមុជទឹក ហើយ​បាន​ចូលរួម​ព្រះវិហារ​យ៉ាង​ហោច​ណាស់​ពីរដង ។

  • ដាក់​ផែនការ​ផ្ញើសារ​ទៅកាន់​បុគ្គល​ម្នាក់ៗ ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​វួដ ឬ​គម្រោង​បម្រើ ។ ម្តងម្កាល អ្នក​ប្រហែលជា​ចង់​ផ្ញើសារ​ជាក្រុម និង​តាមដាន​ជាមួយ​បុគ្គល​ម្នាក់ៗ ។

  • សូម​ពិភាក្សា​ជាមួយ​ដៃគូ​របស់​អ្នក​អំពី​អ្នក​ដែល​អ្នក​ចាប់​អារម្មណ៍​អំពី ។ សូម​ដាក់​ផែនការ​ទៅ​ជួប ឬ​ទាក់ទង​ពួកគេ​ក្នុង​ពេល​ឆាប់ៗ​នេះ ។

ស្វែងរក​តាមរយៈ​ការបម្រើ

សូម​ផ្តល់​ឱកាស​ឲ្យ​មនុស្ស​មក ហើយ​បម្រើ

មនុស្ស​អាច​មាន​បទពិសោធន៍​វិជ្ជមាន ហើយ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​សមាជិក​ក្នុង​មូលដ្ឋាន​នៅ​ក្នុង​សកម្មភាព​បម្រើ ។ មនុស្ស​ជា​ច្រើន​រីករាយ​ក្នុងការ​ចែកចាយ​ទេពកោសល្យ ជំនាញ ឬ​កម្មវិធី​របស់​ពួកគេ ហើយ​គ្រាន់តែ​ត្រូវការ​ឲ្យ​គេ​អញ្ជើញ​ប៉ុណ្ណោះ ។

អញ្ជើញ​មនុស្ស​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​បម្រើ​ដែល​វួដ​ជា​អ្នក​រៀបចំ ។ អ្នក​ក៏​អាច​ភ្ជាប់ទំនាក់ទំនង​មនុស្ស​ជាមួយ​នឹង​ឱកាស​បម្រើ ដូចជា​មាន​នៅលើ​គេហទំព័រ JustServe.org ផងដែ ។ នៅពេល​អ្នក​បម្រើ​ជា​មួយ​អ្នក​ដទៃ នោះ​អ្នក​នឹង​មក​ជា​មួយ​គ្នា​តាម​របៀប​ដ៏​មាន​អានុភាព​មួយ ។

ផ្ដល់​ជូន​ការបម្រើ

ដូចជា​ព្រះអង្គសង្រ្គោះ « [ ទៅ ] ចុះ​ឡើង​ធ្វើ​ការល្អ » ( កិច្ចការ ១០:៣៨; សូមមើល​ផងដែរ « យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ » នៅក្នុង​ជំពូក​ទី ១ ) ។ សូម​អធិស្ឋាន​ដើម្បី​ដឹង​ពី​ឱកាស​ដើម្បី​ធ្វើ​អំពើល្អ​ពេញ​មួយ​ថ្ងៃ ។ ពេលខ្លះ​ការបម្រើ​របស់អ្នក​បាន​គ្រោងទុក​ជាមុន ប៉ុន្តែ​ជារឿយៗ​វា​នឹង​មិន​បាន​គ្រោងទុក​ទេ ។ សូម​ស្វែងរក​វិធី​សាមញ្ញ និង​ភ្លាមៗ​ដើម្បី​បម្រើ ជួយ និង​លើក​ស្ទួយ​ដល់​មនុស្ស ។ សូម​ចងចាំ​ថា ព្រះអម្ចាស់​បានទតមើល​ឱកាស​ដែល​មិន​បាន​គ្រោងទុក​ដើម្បី​ឈោង​ទៅ​ជួយ និង​ប្រទានពរ​ដល់​អ្នកដទៃ ។

បម្រើ​ដោយ​មាន​គោលបំណង​ដ៏​ស្មោះត្រង់​ដើម្បី​ជួយ​មនុស្ស ។ ប្រសិនបើ​ការបម្រើ​នាំ​ទៅរក​ឱកាស​បង្រៀន សូម​មាន​អំណរគុណ ។ បើ​មិន​ដូច្នោះ​ទេ សូម​មាន​អំណរគុណ​ដែល​បាន​ធ្វើ​ល្អ​សម្រាប់​អ្នក​ណា​ម្នាក់ ។ ឆ្លើយ​សំណួរ​ប្រសិនបើ​មនុស្ស​សួរ​ពួកគេ ។ ប្រសិន​បើ​នរណា​ម្នាក់​បង្ហាញ​ចំណាប់​អារម្មណ៍ សូម​ឆ្លើយ​ដោយ​ខ្លីៗ និង​រៀបចំ​ការណាត់ជួប​នៅពេល​ផ្សេង​ដើម្បី​ចែកចាយ​សារលិខិត ។

សូម​ប្រាកដ​ថា​ធ្វើ​តាម​ការណែនាំ​សម្រាប់​ការបម្រើ​នៅក្នុង បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ២.៧ និង ៧.២ ។

ស្វែងយល់​ពី​ស្ថានភាព​របស់​ពួកគេ

ការស្វែង​យល់​ពី​ស្ថានភាព​របស់​ពួកគេ​គឺ​ចាប់ផ្ដើម​ជាមួយនឹង​ការព្យាយាម​មើលឃើញ​ពួកគេ​ដូចជា​ទ្រង់​បាន​ទត​ឃើញ ។ សូម​សន្មត​ថា​អ្នក​ប្រហែលជា​ត្រូវ​បាន​ដឹកនាំ​ឲ្យ​និយាយ​ជាមួយ​បុគ្គល​នេះ ឬ​គាត់ ឬ​នាង ប្រហែលជា​ត្រូវបាន​ដឹកនាំ​ឲ្យ​មករក​អ្នក ។ សូម​ស្វែងរក​ការយល់ដឹង​អំពី​តម្រូវការ និង​បំណងប្រាថ្នា​ខាងវិញ្ញាណ​របស់​មនុស្ស ។ សូម​ស្វែងយល់​ថាតើ​អ្វី​ដែល​មាន​សារៈសំខាន់​បំផុត​សម្រាប់​ពួកគេ ជាពិសេស​នៅក្នុង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​គ្រួសារ និង​ព្រះ ។ អ្នក​អាច​នឹង​សួរ​សំណួរ​ដូច​ខាង​ក្រោម—ហើយ​បន្ទាប់មក​ស្តាប់​ដោយ​ស្មោះ​ត្រង់ ៖

  • តើ​អ្នក​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ខ្លាំង​បំផុត ?

  • តើ​អ្វី​ដែល​ផ្ដល់​អំណរ​ដល់​អ្នក ?

  • តើ​អ្នក​ចង់​បាន​អ្វី​សម្រាប់​អនាគត​របស់​អ្នក និង​សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ?

  • តើ​អ្នក​ប្រឈម​មុខ​នឹង​ឧបសគ្គ​អ្វីខ្លះ​ក្នុងការ​ឈោង​ទៅ​រក​ក្តី​សង្ឃឹម និង​ក្តី​សុបិន​របស់​អ្នក ?

  • តើ​អ្នក​ចង់​កែលម្អ​ទិដ្ឋភាព​អ្វីខ្លះ​ក្នុង​ជីវិត​របស់​អ្នក ?

សូម​ស្វែងរក​ការបំផុសគំនិត នៅពេល​អ្នក​ជញ្ជឹងគិត​អំពី​អ្វី​ដែល​អ្នករៀន​អំពី​ក្តី​សង្ឃឹម និង​បំណងប្រាថ្នា​របស់​បុគ្គល​នោះ ។ តើ​សេចក្ដីពិត​នៃ​ដំណឹងល្អ​អ្វី​ដែល​ទាក់ទង​តាម​ធម្មជាតិ​នឹង​អ្វី​ដែល​គាត់ ឬ​នាង​ចង់​បាន ?

សូម​ពិចារណា​វិធីសាស្រ្ត​របស់​អ្នក​តាម​ទស្សនៈ​របស់​បុគ្គល​នោះ ។ តើ​គាត់ ឬ​នាង​ដឹង​អ្វីខ្លះ​អំពី​អ្នក ? តើ​អ្នក​អាច​ផ្តល់​អ្វីខ្លះ​ដែល​អាច​មាន​អត្ថប្រយោជន៍ ? តើ​មនុស្ស​មាន​អារម្មណ៍​ថា​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​នឹង​មាន​អត្ថប្រយោជន៍​ឬ​ទេ ?

សូម​ពិចារណា​អំពី​ហេតុផល​ផ្សេងៗ​ដែល​មនុស្ស​អាច​នឹង​ចង់​ស្គាល់​អ្នក សមាជិក​ផ្សេងទៀត ឬ​សាសនាចក្រ ។ ឧទាហរណ៍​មួយ​ចំនួន​នៃ​អ្វី​ដែល​អ្នក​អាច​ផ្តល់​ឲ្យ​ត្រូវ​បាន​រៀបរាប់​ខាងក្រោម ។

រូបភាព
ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​និយាយ​ជាមួយ​ស្រ្តី

ផ្តល់​បទពិសោធន៍ ឬ​ព័ត៌មាន​ដែល​ពួកគេ​នឹង​ឲ្យ​តម្លៃ

សូម​ប្រើ​ធនធាន​របស់​សាសនាចក្រ និង​ទេពកោសល្យ និង​ភាពខ្លាំង​របស់​អ្នក​ផ្ទាល់ ដើម្បី​ភ្ជាប់ទំនាក់ទំនង​ជាមួយនឹង​ចំណាប់​អារម្មណ៍​របស់​នរណា​ម្នាក់ ។ សូម​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌​ក្នុង​ការ​ផ្តល់​ព័ត៌មាន ឬ​បទពិសោធន៍​ដែល​បុគ្គល​នោះ​នឹង​ឲ្យ​តម្លៃ ។

សូម​បើកចំហ​ចំពោះ​ការបំផុស​គំនិត និង​មាន​ភាពច្នៃប្រឌិត​នៅពេល​អ្នក​គិត​អំពី​បទពិសោធន៍ ឬ​ព័ត៌មាន​ផ្សេងៗ​ដែល​អ្នក​អាច​ផ្តល់​ឲ្យ ។ គំនិត​មួយ​ចំនួន​ត្រូវបាន​រាយ​ខាង​ក្រោម ។

  • សូម​ចែកចាយ​តំណភ្ជាប់​ទៅកាន់​ធនធាន​សាសនាចក្រ​ដែល​ផ្តល់​ព័ត៌មាន​អំពី​អ្វីមួយ​ដែល​ពួកគេ​ចាប់​អារម្មណ៍ ។

  • រៀបចំ​ព្រឹត្តិការណ៍​ដូចជា​ការប្រជុំ​ធម្មនិដ្ឋាន ( ដោយផ្ទាល់ ឬ​ផ្សាយ​ផ្ទាល់ ) ។

  • ផ្ដល់​អ្វីមួយ​នៅក្នុង​ការជួបជុំ ឬ​ព្រឹត្តិការណ៍​ក្នុង​មូលដ្ឋាន ( ឧទាហរណ៍ បង្កើត​ដើម​ឈើ​ពង្សប្រវត្តិ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ទីផ្សារ​ក្នុង​មូលដ្ឋាន​មួយ ) ។

  • ផ្តល់​ជូន​ការបង្រៀន​ថ្នាក់​មួយ ។

  • បង្កើត​ថ្នាក់​សិក្សា​បទគម្ពីរ ឬ​ផ្តល់ជូន​ដើម្បី​អាន​ព្រះគម្ពីរ​ប៊ីប និង​បទគម្ពីរ​ផ្សេងទៀត​ជាមួយ​ពួកគេ ។

  • បង្រៀន​ភាសា​អង់គ្លេស​ជា​ភាសា​ទីពីរ ។

  • ផ្សព្វផ្សាយ​សកម្មភាព​សាសនាចក្រ​ក្នុង​មូលដ្ឋាន ដូចជា​ពិធី​ជប់លៀង​នៅ​ថ្ងៃ​សម្រាក ឬ​ថ្នាក់រៀន​ខ្លួន​ទីពឹង​ខ្លួន ។ ប្រើ​ខិត្តប័ណ្ណ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

  • អញ្ជើញ​ពួកគេ​ទៅ​ចូលរួម​ពិធីបុណ្យ​ជ្រមុជទឹក ។

  • ផ្តល់ជូន​ពួកគេ​នូវ​ទស្សនកិច្ច​ទៅកាន់​សាលាប្រជុំ​ក្នុង​តំបន់ ។

បទពិសោធន៍​ដ៏​មាន​តម្លៃ​បំផុត​មួយ​ដែល​អ្នក​អាច​ជួយ​មនុស្ស​ឲ្យ​មាន​គឺ​ការចូលរួម​ក្នុង​កម្មវិធី​របស់​សាសនាចក្រ ។ សូម​អញ្ជើញ​ពួកគេ ហើយ​ពន្យល់​អ្វី​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅក្នុង​កម្មវិធី ។ សូម​ប្រាប់​ពួកគេ​ពី​របៀប​ដែល​ការចូលរួម​ការប្រជុំ​សាក្រាម៉ង់​នឹង​ផ្ដល់​ពរ​ដល់​ជីវិត​របស់​ពួកគេ ។

សម្រប​សម្រួល​ទំនាក់ទំនង​ពិតប្រាកដ

មនុស្ស​ជាច្រើន​ចង់​ជួប​ជាមួយ​អ្នកដទៃ​នៅក្នុង​សហគមន៍​របស់​ពួកគេ ឬ​ស្គាល់​ពួកគេ​ឲ្យ​កាន់តែ​ច្បាស់ ។ មនុស្ស​ខ្លះ​ឯកោ ។ គំនិត​មួយ​ចំនួន​សម្រាប់​ជួយ​សម្រួល​ដល់​ទំនាក់ទំនង​ពិតប្រាកដ​ត្រូវបាន​រាយបញ្ជី​ខាងក្រោម ។

  • សួរ​សុខទុក្ខ​អ្នក​ដែល​បានផ្លាស់​លំនៅ​មក​ក្នុង​តំបន់​ថ្មីៗ​ដើម្បី​ស្វាគមន៍​ពួកគេ ។

  • ណែនាំ​មនុស្ស​នៅក្នុង​សហគមន៍​ឲ្យ​ស្គាល់​សមាជិក​ដែល​មាន​ចំណាប់​អារម្មណ៍​ដូច​គ្នា ។

  • អញ្ជើញ​មនុស្ស​ឲ្យ​ចូលរួម​ក្នុង​ការប្រជុំ សកម្មភាព និង​ការបើក​សម្ពោធ​នានា ។

  • ផ្តល់ជូន​ដើម្បី​ជួយ​ពួកគេ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ ដែល​អាច​ជួយ​ពួកគេ​រៀន​បន្ថែម​អំពី​សមាជិក​គ្រួសារ​ដែល​បានស្លាប់​ទៅ​របស់​ពួកគេ ។

  • ផ្តល់ជូន​ដើម្បី​បង្រៀន​មនុស្ស​ពី​របៀប​ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ឬ​អាន​ព្រះគម្ពីរ​ជា​ក្រុមគ្រួសារ ។ ( សូមមើល ក្បួនខ្នាត​ទូទៅ ២.២.៤ សម្រាប់​គោលការណ៍​ដែល​មាន​ប្រយោជន៍ ដែល​អាច​សម្រប​តាម​កាលៈទេសៈ​របស់​មនុស្ស ) ។

  • អញ្ជើញ​មនុស្ស​ដែល​មាន​អាយុ​គ្រប់គ្រាន់​ឲ្យ​ចូល​រៀន​ថ្នាក់​សិក្ខាសាលា ចូលរៀន​ថ្នាក់​វិទ្យាស្ថាន ឬ​ចូល​រៀន​កម្មវិធី BYU–Pathway Worldwide ។

មាន​របៀប​ដែល​គួរ​ឲ្យ​គោរព​ជា​ច្រើន​ដើម្បី​ស្វែងរក​អ្នក​ដែល​ត្រូវ​បាន​រៀបចំ​ឲ្យ​ទទួល​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​ស្គាល់​អ្នករៀន​ដែល​បាន​រៀបចំ​ឲ្យ ។

ការសិក្សា​ជាមួយ​ដៃគូ

ស្វែងយល់​ពី​គំនិត​មួយ​ចំនួន​នៅក្នុង​ផ្នែក​នេះ​ដែល​អ្នក​មិនទាន់​បាន​សាកល្បង ។ រៀបចំ​ផែនការ​ដើម្បី​សាកល្បង​គំនិត​មួយចំនួន​ក្នុង​អំឡុង​ពេល​សប្តាហ៍​ក្រោយ ។

ទាក់ទង​មនុស្ស​ដែល​បាន​ណែនាំ​មក​ឲ្យ​អ្នក

មនុស្ស​ដែល​បាន​ណែនាំ​មក​អ្នក ប្រហែលជា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សាសនា​គន់ការី​ដែល​បានណែនាំ​មកពី​សមាជិក​សាសនាចក្រ មកពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត មកពី​ទីស្នាក់ការ​របស់​សាសនាចក្រ និង​ការខិតខំ​ប្រឹងប្រែង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​មូលដ្ឋាន ។

ឈោង​ទៅ​ជួយ​ភ្លាមៗ

នៅពេល​ដែល​មនុស្ស​ម្នាក់​ត្រូវ​បាន​បញ្ជូន​មក​កាន់​អ្នក​តាមរយៈ​ទីស្នាក់ការ​កណ្តាល ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​មូលដ្ឋាន សូម​ពិនិត្យមើល​ព័ត៌មាន​នៅក្នុង​កម្មវិធី​ប្រកាស​ដំណឹងល្អ​របស់​យើង អំពី​ចំណាប់​អារម្មណ៍​របស់​ពួកគេ ។ ព្យាយាម​ទាក់ទង​ទៅកាន់​ពួកគេ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

រូបភាព
អ្នក​ផ្សព្វផ្សាយ​សាសនា​គោះ​ទ្វារ​ផ្ទះ

សូម​ប្រើ​គោលការណ៍​ណែនាំ​ខាងក្រោម​នៅពេល​ធ្វើការ​ជាមួយ​មនុស្ស​ដែល​បាន​ណែនាំ​មក​កាន់​អ្នក ៖

  • ប្រសិនបើ​បុគ្គល​នោះ​សមាជិក​បាន​ណែនាំ​មក ឬ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត​បាន​ណែនាំ​មក សូម​ទាក់ទង​បុគ្គល​ដែល​បានណែនាំ​មកនោះ​ដើម្បី​រៀន​បន្ថែម ។ ប្រសិនបើ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ណែនាំ​បុគ្គល​នោះ ពួកគេ​អាច​នឹង​បង្រៀន​ជាមួយ​អ្នក​ពី​ចម្ងាយ​ប្រសិនបើ​អ្នកដឹកនាំ​បេសកកម្ម​របស់ពួកគេ​អនុម័ត ។ សមាជិក​អាច​ចូលរួម​ជាមួយ​អ្នក​ដោយ​ផ្ទាល់ ឬ​ចូលរួម​បង្រៀន​ពី​ចម្ងាយ ។

  • សូម​ព្យាយាម​ទាក់ទង​បុគ្គល​នោះ​ភ្លាមៗ តាមរយៈ​ការ​ទៅជួប ការហៅ​ទូរសព្ទ ផ្ញើសារ អ៊ីមែល ឬ​ក្នុងទម្រង់​ទំនាក់ទំនង​ផ្សេងទៀត ។ ប្រសិនបើ​បុគ្គល​នោះ​មិន​ឆ្លើយតប​ទេ សូម​ព្យាយាម​ទាក់ទង​គាត់ ឬ​នាង​នៅ​ម៉ោង​ផ្សេង​នៃ​ថ្ងៃ​នោះ ។

  • ប្រសិនបើ​ទំនាក់ទំនង​ដំបូង​របស់​អ្នក​គឺ​តាមរយៈ​ការហៅ​ទូរសព្ទ ផ្ញើសារ ឬ​អ៊ីមែល សូម​រៀបចំ​ពេលវេលា​ដើម្បី​ជួប​ដោយ​ផ្ទាល់ ឬ​តាមរយៈ​បច្ចេកវិទ្យា ។

  • ក្នុងនាម​ជា​ដៃគូ សូម​ពិនិត្យមើល​សំណើ​របស់​បុគ្គល​នោះ ហើយ​ស្វែងយល់​ពី​តម្រូវការ និង​ចំណាប់​អារម្មណ៍​របស់​គាត់​ឬ​នាង ។ សូម​កំណត់​ពី​របៀប​ដែល​ដំណឹងល្អ​អាច​ជួយ​បំពេញ​តម្រូវការ​ទាំងនោះ ។

  • ពេល​អ្នក​ជួប សូម​យក​វត្ថុ​ដែល​បាន​ស្នើសុំ ដូចជា​ព្រះគម្ពីរ​មរមន ។ សូម​ចែកចាយ​សេចក្ដីពិត​នៃ​ដំណឹងល្អ​ពី​មេរៀន​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​បំពេញ​ចំណាប់អារម្មណ៍ ឬ​តម្រូវការ​របស់​បុគ្គល​នោះ ។

ពេលខ្លះ​មនុស្ស​ដែល​បាន​ណែនាំ​មក អាច​ដឹកនាំ​អ្នក​ទៅ​រក​អ្នក​ដទៃ​ទៀត​ដែល​ព្រះ​បាន​រៀបចំ ។ ប្រសិនបើ​បុគ្គល​ដែល​អ្នក​ទាក់ទង​មិន​ចាប់​អារម្មណ៍​ទេ សូម​សួរ​ថា​តើ​ពួកគេ​ស្គាល់​អ្នក​ផ្សេង​ទៀត​ដែល​អាច​ចាប់​អារម្មណ៍ ឬ​ដែល​ត្រូវការ​ក្តី​សង្ឃឹម​ក្នុង​ជីវិត​របស់​ពួកគេ​ដែរ​ឬ​ទេ ។ ប្រហែលជា​អ្នក​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ស្គាល់​បុគ្គល​ម្នាក់​នេះ ដោយសារ​អ្នក​ផ្សេងទៀត​នៅក្នុង​ផ្ទះ ឬ​អ្នក​ជិតខាង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​ដំណឹងល្អ ។

ប្រសិនបើ​ការណាត់ជួប​ជាមួយ​នរណា​ម្នាក់​ខកខាន​មិន​សម្រេច សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​តាម​វិធី​ផ្សេងទៀត​នៅក្នុង​តំបន់​នោះ ។ កម្មវិធី​ប្រកាស​ដំណឹងល្អ​របស់​យើង អាច​ជួយ​អ្នក​រក​ឃើញ​មនុស្ស​នៅ​ក្បែរ​នោះ ដែល​បាន​ទាក់ទង ឬ​បង្រៀន​ពីមុន ។

សូម​ណែនាំ​មនុស្ស​ទាំងនេះ​ទៅកាន់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​នៅ​តំបន់​ផ្សេង​ទៀត ។

នៅពេល​អ្នក​ជួប​មនុស្ស​ដែល​ចាប់​អារម្មណ៍​រៀន​បន្ថែម​អំពី​ដំណឹងល្អ ប៉ុន្តែ​រស់នៅ​ក្រៅ​តំបន់​ដែល​អ្នក​បានចាត់តាំង សូម​ណែនាំ​ពួកគេ​ឲ្យ​ស្គាល់​ដំណឹងល្អ ។ បន្ទាប់មក​ជួយ​ពួកគេ​រៀបចំខ្លួន​ដើម្បី​ជួប​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​សមាជិក​នៅ​កន្លែង​ដែល​ពួកគេ​រស់នៅ ។

ដោយ​មាន​ការ​អនុម័ត​ពី​ប្រធាន​បេសកកម្ម​របស់​អ្នក អ្នក​អាច​បន្ត​គាំទ្រ​មនុស្ស​ទាំងនេះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ដំណឹងល្អ ( សូមមើល បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ ៧.៥.៤ ) ។

ការសិក្សា​ជាមួយ​ដៃគូ

សូម​ពិនិត្យមើល​មនុស្ស​ទាំងអស់​ដែល​បាន​ណែនាំ​មក​ទៅក្នុង​តំបន់​របស់​អ្នក​នៅ​ខែ​ចុង​ក្រោយ ។ ត្រូវ​ស្គាល់​មនុស្ស​ដែល​អ្នក​មិន​អាច​ទាក់ទង​បាន ហើយ​ព្យាយាម​ទាក់ទង​ពួកគេ​ម្តងទៀត ។ សូម​សម្រេចចិត្ត​ថា​តើ​ម្នាក់ណា​​ដែល​អ្នកគួរតែ​ទៅ​សួរសុខទុក្ខ​ម្តងទៀត​ក្នុង​ចំណោម​មនុស្ស​ដែល​បាន​ទាក់ទង​ទៅ ។ សូម​ធ្វើ​បច្ចុប្បន្នភាព​កំណត់ត្រា​ទាំងនេះ​នៅក្នុង​កម្មវិធី ប្រកាស​ដំណឹងល្អ​របស់​យើង ។

រូបភាព
ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​និយាយ​ទូរសព្ទ

ការប្រើប្រាស់​បច្ចេកវិទ្យា

មាន​របៀប​ជា​ច្រើន​ដែល​អ្នក​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ស្វែងរក​មនុស្ស​បង្រៀន ។ ឧទាហរណ៍​មួយ​ចំនួន​ត្រូវបាន​រាយ​ក្នុង​បញ្ជី​ខាងក្រោម ៖

  • ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ធ្វើការ​ជាមួយ​សមាជិក​ដើម្បី​ស្វែងរក​អ្នករៀន ។

  • បង្កើត​ទំនាក់ទំនង​ដោយ​ឈោង​ទៅ​តាមរយៈ​អ៊ីមែល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

  • ចែកចាយ​បទគម្ពីរ សម្រង់​សម្តី និង​សារលិខិត​នៃ​ដំណឹងល្អ​ដ៏​លើក​តម្កើង ។

  • ជួយ​មនុស្ស​ប្រើប្រាស់ FamilySearch.org ដើម្បី​រៀន​បន្ថែម​អំពី​សមាជិក​គ្រួសារ​ដែល​បាន​ស្លាប់​ទៅ​របស់​ពួកគេ ។

  • ផ្តល់ជូន​ថ្នាក់​បង្រៀន​ជំនាញ​តាម​អនឡាញ ។

  • បង្កើត​ការតភ្ជាប់​ទំនាក់ទំនង​សមរម្យ តាមរយៈ​ការចែកចាយ​ចំណាប់​អារម្មណ៍​ក្រុម​នៅលើ​អនឡាញ ។

  • បង្កើត​ការចុះផ្សាយ​ដែល​ប្រាប់​អំពី​ព្រឹត្តិការណ៍​វួដ​នា​ពេល​ខាង​មុខ ។

ការប្រើប្រាស់​បច្ចេកវិទ្យា​គឺជា​របៀប​ដ៏​សំខាន់​មួយ​ដើម្បី « ដាក់​សន្ទូច​ជាច្រើន​នៅក្នុង​ទឹក » ពេញ​មួយ​ថ្ងៃ ។ ជា​ការបន្ថែម​ពីលើ​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​ផ្សេងទៀត​របស់​អ្នក សូម​ដាក់​បណ្ដាញ​អ៊ីនធឺណិត​នៅ​ក្នុង​ទឹក​ឲ្យ​បានច្រើន ។

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​ថា ៖ « បច្ចេកវិទ្យា​ផ្ដល់​នូវ​បណ្តាញ​ដ៏​មាន​ឥទ្ធិពល​ជាច្រើន ដែល​តាមរយៈ​នោះ​យើង​អាច​ប្រកាស​ថា ‹ ព្រះយេស៊ូវគ្រីស្ទ​ទេ ហើយ​គឺ​ដែល​ទ្រង់​ត្រូវ​ឆ្កាង​ផង › និង ‹ ផ្សាយ​ប្រាប់​ពី​ការប្រែចិត្ត​ដល់​ប្រជាជន › [ កូរិនថូស ទី១ ២:២; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៤:៣ ] ។ ជំនាន់​ដែល​កំពុង​ពេញវ័យ​ត្រូវ​បាន​រៀបចំ​យ៉ាងល្អ​ដើម្បី​ស្ដាប់ និង​រៀន​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​តាមរយៈ​មធ្យោបាយ​នៃ​ការប្រាស្រ័យ​ទាក់ទង​ទាំង​នេះ » ( « They Should Proclaim These Things unto the World » seminar for new mission presidents ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៦ ) ។

ការសិក្សា​ជាមួយ​ដៃគូ

ស្វែងយល់​ថា​តើ​បេសកកម្ម​របស់​អ្នក​កំពុង​ធ្វើអ្វី​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ ពិភាក្សា​ជាមួយ​ដៃគូ​របស់អ្នក​ពី​របៀប​ដែល​អ្នក​អាច​បង្កើត​ការចុះផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​ស្រប​នឹង​ការណ៍​នេះ ។ ការចុះផ្សាយ​របស់​អ្នក​គួរតែ​ស្រប​នឹង​គោលនយោបាយ​ប្រើប្រាស់​អ៊ីនធឺណិត​របស់​សាសនាចក្រ ( សូមមើល « អ៊ីនធឺណិត » នៅក្នុង​ផ្នែក ៣៨.៨ នៃ ក្បួនខ្នាត​ទូទៅ ) ។

ប្រសិនបើ​បេសកកម្ម​របស់​អ្នក​មាន​អ្នក​ឯកទេស​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម សូម​រក​ជំនាញ​របស់​គាត់ ឬ​នាង នៅពេល​អ្នកបង្កើត​ការចុះផ្សាយ​នៅលើ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម ។

រូបភាព
ស្តី្រ​ពីរ​នាក់​កំពុង​និយាយ​គ្នា

ប្រើ​ពង្សប្រវត្តិ

ពង្សប្រវត្តិ​គឺជា​វិធី​ផ្សេងទៀត​ដែល​អ្នក​អាច​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន ។ នៅ​ទូទាំង​ពិភពលោក ព្រះវិញ្ញាណ​កំពុង​មាន​ឥទ្ធិពល​លើ​មនុស្ស​រាប់​លាន​នាក់​ដើម្បី​ស្វែងរក​បុព្វការីជន​ដែល​បាន​ស្លាប់​ទៅ ។ មនុស្ស​ជា​ច្រើន​ចង់​បាន​ទំនាក់​ទំនង​កាន់តែ​រឹងមាំ​ជាមួយ​នឹង​សាច់ញាតិ​របស់​ពួកគេ ។ ការណ៍​នេះ​អាច​នាំ​ឲ្យ​មាន​បំណង​ចង់​ស្វែងរក​ទំនាក់ទំនង និង​អត្តសញ្ញាណ​ជា​ផ្នែក​នៃ​គ្រួសារ​របស់​ព្រះ ។

អ្វី​ដែល​ពេលខ្លះ​យើង​ហៅ​ថា​ជា​វិញ្ញាណ​របស់​អេលីយ៉ា គឺជា​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាក់ទាញ​មនុស្ស​ឲ្យ​ស្វែងរក ចងក្រង​ឯកសារ និង​ស្រឡាញ់​សមាជិក​គ្រួសារ​របស់​ពួកគេ—ទាំង​អតីតកាល និង​បច្ចុប្បន្ន ( សូមមើល ម៉ាឡាគី ៤:៥–៦ ) ។

នៅក្នុង​ការស្វែងរក​របស់អ្នក អ្នក​អាច​ណែនាំ​មនុស្ស​ទៅកាន់​គេហទំព័រ FamilySearch.org ឬ​អញ្ជើញ​ពួកគេ​ឲ្យ​ទាញយក​កម្មវិធី​មែកធាង​គ្រួសារ ឬ​កម្មវិធី​កម្រង​អនុស្សាវរីយ៍​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ អ្នក​ក៏​អាច​ផ្តល់​កូន​សៀវភៅ​ដល់​ពួកគេ​ផងដែរ ក្រុមគ្រួសារ​របស់​ខ្ញុំ ៖ ដំណើរ​រឿង​ដែល​នាំ​យើង​ឲ្យ​ជួបជុំ​គ្នា ។ ធនធាន​ទាំងនេះ​ជួយ​មនុស្ស​ឲ្យ​រកឃើញ​សាច់ញាតិ និង​បុព្វការីជន ហើយ​ប្រមូលផ្ដុំ​ដំណើររឿង​របស់​ពួកគាត់ ។

សូម​កំណត់​ថា​តើ​ធនធាន​ពង្សប្រវត្តិ​ណា​ដែល​មាន​នៅក្នុង​តំបន់​របស់​អ្នក និង​របៀប​ដែល​វា​អាច​ជួយ​មនុស្ស​ដែល​អ្នក​ទាក់ទង ។ អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ​អាច​ជួយ​មនុស្ស​ស្វែងរក​បុព្វការីជន​ដែល​បាន​ស្លាប់​ទៅ​របស់​ពួកគេ ។

សូម​អញ្ជើញ​មនុស្ស​ឲ្យ​ចែកចាយ​អនុស្សាវរីយ៍​នៃ​មនុស្ស​ជា​ទីស្រឡាញ់​របស់​ពួកគេ​ជា​មួយ​អ្នក ។ នៅពេល​ពួកគេ​ចែកចាយ​ហើយ ពួកគេ​អាច​ទទួល​អារម្មណ៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​ដល់​ពួកគេ​អំពី​សារៈសំខាន់​នៃ​គ្រួសារ​នៅក្នុង​ផែនការ​របស់​ព្រះ ។ គ្រា​ទាំងនេះ​អាច​នាំ​ទៅរក​ការសន្ទនា​ដោយ​ឯកឯង​អំពី​គោលបំណង​នៃ​ជីវិត ផែនការ​នៃ​សុភមង្គល​របស់​ព្រះ និង​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ផែនការ​នោះ ។

នៅពេល​ដែល​សមរម្យ សូម​បង្រៀន​មនុស្ស​នូវ​គោលលទ្ធិ​អំពី​មូលហេតុ​ដែល​សមាជិក​សាសនាចក្រ​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ និង​ពី​របៀប​ដែល​វា​ទាក់ទង​នឹង​ព្រះវិហារ​បរិសុទ្ធ ។

សូម​អធិស្ឋាន​ដើម្បី​ដឹង​ពី​ឱកាស​ក្នុង​ការប្រើ​ពង្សប្រវត្តិ​ក្នុង​ការខិតខំ​ស្វែងរក​របស់​អ្នក ។ ចូរ​មាន​ភាពច្នៃប្រឌិត និង​ស្គាល់​ធនធាន​ដែល​មាន ។

ការសិក្សា​ព្រះគម្ពីរ

សូម​សិក្សា​បទគម្ពីរ​ដូច​ខាងក្រោម​អំពី​ពង្សប្រវត្តិ ។ កត់ត្រា​អ្វី​ដែល​អ្នក​រៀន ។

អំណាច​ផ្សារភ្ជាប់​ត្រូវបាន​ស្ដារឡើងវិញ​តាមរយៈ​អេលីយ៉ា

កិច្ចការ​សម្រាប់​មរណជន

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

សូម​សាកល្បង​សកម្មភាព​មួយ ឬ​ច្រើន​ខាងក្រោម ដើម្បី​ជួយ​អ្នក​ស្វែងរក​តាមរយៈ​ពង្សប្រវត្តិ ។

  • រៀបចំ​ការទៅ​សួរសុខទុក្ខ​សមាជិក​ដែល​មាន​បទពិសោធន៍​ផ្នែក​ការងារ​ពង្សប្រវត្តិ ។ ស្វែងយល់​ពី​ការបម្រើ​អ្វីខ្លះ​ដែល​មាន​តាមរយៈ​អ្នក​ដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ​របស់​អ្នក ។

  • សូម​អនុវត្ត​របៀប​ដែល​អ្នក​នឹង​ជួយ​ដល់​ពង្សប្រវត្តិ ដើម្បី​ជួយ​ដល់​មនុស្ស​ដែល​អ្នក​ជួប ។ សូម​ដាក់​ផែនការ​ដើម្បី​ផ្ដល់​ជំនួយ​ផ្នែក​ពង្សប្រវត្តិ​នៅក្នុង​កិច្ចខិតខំ​ស្វែងរក​របស់អ្នក ។

  • សូម​អាន និង​ពិភាក្សា​ពី​កូន​សៀវភៅ ក្រុមគ្រួសារ និង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ទទួល​បាន​ការយល់ដឹង​កាន់តែ​រឹងមាំ​ពី​កិច្ចការ​ពង្សប្រវត្តិ ។ សូម​កត់ត្រា​អ្វី​ដែល​អ្នក​រៀន​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

  • សូម​ប្រើ​កូនសៀវភៅ ក្រុមគ្រួសារ​របស់​ខ្ញុំ ឬ​ធនធាន​នៅលើ​គេហទំព័រ FamilySearch.org នៅពេល​អ្នក​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន ។

  • បើ​អាច​ធ្វើបាន រៀបចំ​ពិធី​បើក​សម្ភោធ​មួយ បង្រៀន​ថ្នាក់​ពង្សប្រវត្តិ​នៅ​កន្លែង​សាធារណៈ ឬ​ផ្តល់​ការប្រឹក្សា ។

ស្វែងរក​ពេល​អ្នក​បង្រៀន

ការស្វែងរក និង​ការបង្រៀន គឺជា​សកម្មភាព​ដែល​ទាក់ទង​គ្នា ។ មនុស្ស​ដែល​អ្នក​បង្រៀន​ច្រើន​តែ​មាន​មិត្តភក្តិ ឬ​សាច់​ញាតិ​ដែល​ត្រៀមខ្លួន​ដើម្បី​ទទួល​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។ នៅពេល​មនុស្ស​ដែល​អ្នក​បង្រៀន​ទទួល​បទពិសោធន៍​ពី​ពរជ័យ​នៃ​ដំណឹងល្អ នោះ​បំណង​ប្រាថ្នា​របស់​ពួកគេ​ក្នុង​ការចែកចាយ​វា​នឹង​កើនឡើង ( សូមមើល នីហ្វៃទី១ ៨:១២ ) ។ នៅ​គ្រប់​ស្ថានភាព​ទាំងអស់—ដូចជា ការស្វែងរក ការបង្រៀន និង​ធ្វើការ​ជាមួយ​សមាជិក—សួរថា « តើ​អ្នក​ស្គាល់​នរណា ដែល​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​សារលិខិត​នេះ​ដែរ​ឬទេ ? »

នៅពេល​មនុស្ស​ដែល​អ្នក​បង្រៀន​កំពុង​រៀបចំ​ខ្លួន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ពួកគេ សូម​សួរ​ពួកគេ​អំពី​គ្រួសារ និង​មិត្តភក្តិ​ដែល​ពួកគេ​ចង់​អញ្ជើញ​ទៅ​ចូលរួម​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ពួកគេ ។ សូម​រៀបចំ​ផែនការ​ដើម្បី​អញ្ជើញ និង​លើក​ទឹកចិត្ត​មនុស្ស​ទាំងអស់​ឲ្យ​មក​ចូលរួម ។ អំឡុងពេល​នៃពិធី​​បុណ្យជ្រមុជទឹក មនុស្ស​អាច​ទទួល​បាន​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​យ៉ាងខ្លាំង ។

ការសិក្សា​ជាមួយ​ដៃគូ

សូម​ពិនិត្យមើល​បញ្ជី​មនុស្ស​ដែល​អ្នក​កំពុង​បង្រៀន ។ សូម​ធ្វើ​បញ្ជី​ឈ្មោះ​មនុស្ស​ដែល​អ្នក​សាកសួរ​រក​អ្នក​រៀនថ្មី និង​មនុស្ស​ដែល​អ្នក​មិន​ទាន់​បាន​សួរ ។ សូម​អនុវត្ត​ពី​របៀប​ដែល​អ្នក​នឹង​ផ្ដល់​ការអញ្ជើញ​ដល់​មនុស្ស​ដែល​នៅក្នុង​ក្រុម​នីមួយៗ​ឲ្យ​ផ្ដល់​អ្នក​រៀន​ថ្មី​ដល់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ។ នៅ​ក្នុង​ផែនការ​របស់អ្នក សូម​ធ្វើ​កំណត់​ចំណាំ​ដើម្បី​ផ្ដល់​ការអញ្ជើញ​នេះ​នៅក្នុង​ការមក​ជួប​សួរសុខទុក្ខ​របស់​អ្នក​នៅពេល​ក្រោយ ។

រូបភាព
ស្រ្តី​កំពុង​មើល​ទូរសព្ទ

បង្រៀន​នៅពេល​អ្នក​ស្វែងរក

នៅពេល​អ្នក​ជួប​មនុស្ស ហើយ​ស្វែងយល់​ពី​ចំណាប់​អារម្មណ៍ និង​តម្រូវការ​របស់​ពួកគេ សូម​បង្កើត​ទម្លាប់​នៃ​ការចាប់ផ្តើម​បង្រៀន និង​ចែកចាយ​ទីបន្ទាល់​របស់អ្នក ។ អ្នក​នឹង​រកបាន​មនុស្ស​ច្រើន​ទៀត​ដើម្បី​បង្រៀន នៅពេល​អ្នក​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួល​អារម្មណ៍​ពី​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

សូម​ពិចារណា​អំពី​ការបង្រៀន​អំពី​ប្រធានបទ​ដូចជា សុភមង្គល ទុក្ខលំបាក គោលបំណង​នៃ​ជីវិត ឬ​សេចក្តីស្លាប់ ។ មិន​ថា វិធីសាស្រ្ត​ដំបូង​របស់​អ្នក​យ៉ាង​ណា​នោះ​ទេ សូម​ងាក​ទៅរក​ព្រះ​អង្គសង្រ្គោះ ដំណឹងល្អ​របស់​ទ្រង់ និង​ការហៅ​របស់​ទ្រង់​ទៅកាន់​ព្យាការី យ៉ូសែប ស្ម៊ីធ យ៉ាងរហ័ស និង​សាមញ្ញ ។ នេះ​គឺជា​សារលិខិត​ដ៏​ពិសេស​របស់​យើង​ទៅកាន់​ពិភពលោក ។

ផ្នែក​ខាងក្រោម​ផ្តល់​នូវ​ឧទាហរណ៍​អំពី​របៀប​ដែល​អ្នក​អាច​បង្រៀន​ដោយ​សង្ខេបៗ​អំពី​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​សារៈសំខាន់​នៃ​គ្រួសារ ។

សូម​បង្រៀន ហើយ​ធ្វើ​ទីបន្ទាល់​អំពី​ស្តារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ

សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បង្រៀន​សេចក្ដី​សង្ខេប​ខ្លីៗ​អំពី​សេចក្ដីពិត​ដែល​បានស្ដារ​ឡើងវិញ ។ ឧទាហរណ៍ អ្នក​អាច​ថ្លែង​ទីបន្ទាល់​អំពី​ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ត្រឹមតែ​ពីរ ឬ​បី​ប្រយោគ​ប៉ុណ្ណោះ ។

បន្ទាប់ពី​បាត់បង់​អស់​ជា​ច្រើន​សតវត្ស​មក សេចក្ដីពិត​ត្រូវ​បានស្ដារ​ឡើងវិញ​ដោយ​ព្រះ​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់ និង​ព្យាការី​ដែល​នៅ​រស់ ។ យើង​មាន​ភស្តុតាង​នៃ​ការណ៍​នេះ​ដែល​អ្នក​អាច​កាន់​ក្នុង​ដៃ​អ្នក អាន និង​ជញ្ជឹងគិត​ក្នុង​ចិត្ត​របស់​អ្នក ។ យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​អាន ហើយ​អធិស្ឋាន​ដើម្បី​រៀន​ពី​សេចក្ដីពិត​របស់​វា​សម្រាប់​ខ្លួន​អ្នក​ផ្ទាល់ ។ តើ​អ្នក​នឹង​អនុញ្ញាត​ឲ្យ​ពួក​ខ្ញុំ …

ប្រសិនបើ​អ្នក​មាន​ពេល​បន្តិច​ទៀត អ្នក​អាច​និយាយ​បន្ថែម​ទៀត ៖

សារលិខិត​របស់​យើង​គឺ​សាមញ្ញ ។ ព្រះ​ជា​ព្រះវរបិតា​របស់​យើង ។ យើង​គឺជា​បុត្រាបុត្រី​របស់​ទ្រង់ ។ យើង​គឺជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​ទ្រង់ ។ ទ្រង់​ស្គាល់​យើង​ម្នាក់ៗ ហើយ​ស្រឡាញ់​យើង ។ ទ្រង់ចង់​ឲ្យ​យើង​ដកពិសោធន៍​សេចក្ដីអំណរ ។ តាំងពី​ដើម​ដំបូង​នៃ​ពិភពលោក​មក ទ្រង់​បាន​ធ្វើតាម​គំរូ​នៃ​ការឈោង​ទៅ​ជួយ​ដោយ​សេចក្តី​ស្រឡាញ់ ដើម្បី​បើកសម្តែង​ពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​បុត្រាបុត្រី​របស់ទ្រង់​អាច​ដឹង​ពី​របៀប​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។ ទ្រង់​បាន​បើក​សម្ដែង​ដំណឹង​ល្អ​ដល់​ព្យាការី​ដូចជា អ័ដាម ណូអេ អ័ប្រាហាំ និង​ម៉ូសេ ។ ប៉ុន្តែ​មនុស្ស​ជាច្រើន​បាន​ជ្រើសរើស​បដិសេធ​ដំណឹងល្អ និង​ព្យាការី​ដែល​បាន​បង្រៀន​ពី​សេចក្តីពិត​ម្តង​ហើយ​ម្តង​ទៀត ។ ពីរពាន់​ឆ្នាំ​មុន ព្រះយេស៊ូវ​គ្រីស្ទ​ទ្រង់​ផ្ទាល់​បានបង្រៀន​ដំណឹងល្អ​របស់​ទ្រង់ ។ ប្រជាជន​ថែម​ទាំង​បដិសេធ​ព្រះយេស៊ូវ​ផង​ដែរ ។ បន្ទាប់ពី​ការស្លាប់​របស់​ពួក​សាវក​របស់​ព្រះយេស៊ូវ មនុស្ស​បាន​បំភ្លៃ​គោលលទ្ធិ​ពិត ដូចជា​អំពី​ក្រុមព្រះ​ជា​ដើម ។ ពួកគេ​ក៏​បាន​ផ្លាស់ប្ដូរ​ពិធីបរិសុទ្ធ​ផងដែរ ដូចជា​ពិធីបុណ្យ​ជ្រមុជទឹក ។

ការអញ្ជើញ​របស់​យើង​ចំពោះ​អ្នក​គឺ​ដើម្បី​បន្ថែម​ទៅលើ​សេចក្តីពិត​ដែល​អ្នក​បាន​ថែរក្សា​រួច​ទៅ​ហើយ ។ សូម​ពិចារណា​អំពី​ភស្តុតាង​ដែល​ថា ព្រះវរបិតាសួគ៌​របស់​យើង​បានឈោង​ទៅ​ជួយ​បុត្រាបុត្រី​របស់​ទ្រង់​ម្ដងទៀត​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​បាន​បើក​សម្ដែង​គោលលទ្ធិ និង​ពិធីបរិសុទ្ធ​ពិត​ដល់​ព្យាការី​ម្នាក់ ។ ឈ្មោះ​របស់​ព្យាការី​រូប​នេះ​គឺ យ៉ូសែប ស៊្មីធ ។ ភស្ដុតាង​នៃ​សេចក្ដីពិត​នេះ​មាន​នៅ​ក្នុង​គម្ពីរ—ព្រះគម្ពី​រមរមន ។ អ្នក​អាច​កាន់​វា​នៅក្នុង​ដៃ​របស់​អ្នក អាន​វា ហើយ​ពិចារណា​ពី​សេចក្តីពិត​របស់​ព្រះគម្ពីរ​នេះ​នៅក្នុង​គំនិត និង​ដួងចិត្ត​របស់​អ្នក ។ យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​ចូលរួម​ព្រះវិហារ ដើម្បី​ស្វែងយល់​បន្ថែម ។

បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​គ្រួសារ

ការលើកឡើង​ពី​សារៈសំខាន់​នៃ​ក្រុម​គ្រួសារ​នឹង​ជួយ​អ្នក​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន មិន​ថា​ពួកគេ​មាន​ប្រវត្តិ​ជា​ពួក​គ្រីស្ទាន ឬ​មិនមែន​ជា​ពួកគ្រីស្ទាន​នោះ​ទេ ។ អ្នក​អាច​ប្រៀបធៀប​យ៉ាង​ឆាប់រហ័ស​នូវ​អ្វី​ដែល​មនុស្ស​ភាគច្រើន​ដឹង​អំពី​គ្រួសារ​ទៅនឹង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ។ អ្នក​អាច​និយាយ​អ្វីមួយ​ដូច​នេះ ៖

គ្រួសារ​របស់​យើង​អាច​ជា​ឥទ្ធិពល​ដ៏​សំខាន់​បំផុត​មួយ​នៅក្នុង​ជីវិត​របស់​យើង ។ គ្រួសារ​របស់​យើង​ចងភ្ជាប់​យើង​ទៅវិញ​ទៅមក ហើយ​អាច​ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​ថា ត្រូវការ និង​ទទួល​បាន​ក្តីស្រឡាញ់ ។

ការ​មាន​គ្រួសារ​ដ៏​រឹងមាំ និង​សប្បាយ​រីករាយ​គឺជា​អាទិភាព​ខ្ពស់​បំផុត​សម្រាប់​មនុស្ស​ជាច្រើន ។ ការ​មាន​អាពាហ៍ពិពាហ៍​ដ៏​រឹងមាំ និង​ការចិញ្ចឹម​បីបាច់​កូន​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ​អាច​ជា​ការលំបាក​ខ្លាំង​ណាស់ ។

បន្ទាប់មក អ្នក​អាច​ធ្វើ​ការផ្លាស់ប្តូរ​ទៅកាន់​សារលិខិត​នៃ​ការស្ដារឡើងវិញ ៖

អ្នក​ជា​ផ្នែក​នៃ​ក្រុមគ្រួសារ​របស់​ព្រះ​តាំង​ពី​មុន​ពេល​អ្នក​កើត​មក ។ ទ្រង់​ជា​បិតា​របស់យើង​ទាំងអស់​គ្នា ។ ព្រះវរបិតាសួគ៌​ចង់​ឲ្យ​យើង​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ទ្រង់​វិញ ។ អ្នក​គឺជា​បុត្រ​របស់​ទ្រង់ ហើយ​ទ្រង់​ស្រឡាញ់​អ្នក ។ ទ្រង់​មាន​ផែនការ​មួយ​ដើម្បី​ជួយ​អ្នក​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ។

សេចក្តីពិត​ទាំងនេះ និង​សេចក្តីពិត​ផ្សេងទៀត​ត្រូវបាន​ស្ដារឡើងវិញ​ដោយ​ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់​របស់​យើង តាមរយៈ​ព្យាការី​ដែល​នៅ​រស់ ។ សេចក្តីពិត​ទាំងនេះ​ជួយ​យើង​ឲ្យ​យល់​អំពី​កន្លែង​របស់​យើង​នៅក្នុង​ក្រុមគ្រួសារ​របស់​ព្រះ ។ តើ​ពួក​ខ្ញុំ​អាច​បង្រៀន​អ្នក​បន្ថែមទៀត​អំពី​សេចក្តីពិត​ទាំងនេះ​បាន​ទេ ? តើ​អ្នក​នឹង​ចូលរួម​ព្រះវិហារ​ដើម្បី​អ្នក​អាច​រៀន​បន្ថែម​ទៀត​ទេ ?

ការសិក្សា​ជាមួយ​ដៃគូ

សូម​រៀបចំ​សារលិខិត​មួយ​ដែល​មាន​រយៈពេល​មួយ​នាទី ដោយ​ផ្អែកលើ​មេរៀន​មួយ​នៅក្នុង ជំពូកទី ៣ ។ អនុវត្ត​ចែកចាយ​សារលិខិត​នេះ​ជាមួយ​គ្នា ។ សូម​គិត​ពី​របៀប​មួយ​ចំនួន​ដែល​អ្នក​អាច​ចែកចាយ​សារលិខិត​នេះ​នៅក្នុង​ស្ថានភាព​ស្វែងរក ។ សូម​ដាក់​ផែនការ​ដើម្បី​ចែកចាយ​សារលិខិត​នេះ​ក្នុង​ស្ថានភាព​ដែល​សមរម្យ ដើម្បី​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​រៀន​បន្ថែមទៀត​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។

គ្មាន​ការខិតខំ​ណា​អត់​ប្រយោជន៍​នោះ​ទេ

នៅពេល​មនុស្ស​ជ្រើសរើស​មិន​រៀន​បន្ថែម​អំពី​ដំណឹង​ល្អ​ដែល​បាន​ស្ដារឡើងវិញ នោះ​ការខិតខំ​របស់​អ្នក​មិន​អត់ប្រយោជន៍​នោះ​ទេ ។ ប្រហែលជា​អ្នក​បានដាំ​គ្រាប់​ពូជ​ដែល​នឹង​ដុះ​នៅពេល​ផ្សេង​ទៀត ។ មិន​ថា​វា​កើតឡើង ឬ​អត់ទេ ការបម្រើ និង​ការបង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ពិតប្រាកដ​របស់អ្នក​នឹង​ផ្តល់​ពរ​ដល់​អ្នក និង​ពួកគេ​ផងដែរ ។

ប្រសិនបើ​មនុស្ស​មិន​ទាន់​ត្រៀម​ខ្លួន​ទទួល​ដំណឹងល្អ​ទេ សូម​រក​មើល​វិធី​ផ្សេង​ទៀត​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ពង្រឹង​ដល់​ជីវិត​របស់​ពួកគេ ។ ទំនាក់​ទំនង​ដែល​អ្នក​អភិវឌ្ឍ​គឺ​នៅតែ​មាន​ន័យ និង​មាន​តម្លៃ ។ សូម​បន្ត​ធ្វើ​ជា​មិត្ត ។

មនុស្ស​ពេលខ្លះ​ត្រូវការ​ពេលវេលា​ដើម្បី​ពិចារណា​លើ​ការផ្លាស់ប្តូរ​ដែល​បានស្នើសុំ​ដល់​ពួកគេ ។ សូម​ជួយ​ពួកគេ​ឲ្យ​ទទួល​សារលិខិត​តាមរយៈ​អ៊ីមែល ឬ​គេហទំព័រ​របស់​សាសនាចក្រ ។ សារលិខិត​ទាំងនេះ​អាច​ជួយ​រៀបចំ​មនុស្ស​ឲ្យ​ទទួល​យក​ការអញ្ជើញ​នា​ពេលអនាគត​ដើម្បី​ស្វែងយល់​បន្ថែម ។

នៅពេល​មនុស្ស​ម្នាក់​មិន​ទទួល​យក​ដំណឹងល្អ វា​ជា​រឿង​ធម្មតា​ដែល​ត្រូវ​ខកចិត្ត​នោះ ។ ទោះ​ជា​យ៉ាង​ណា នៅពេល​អ្នក​ងាក​ទៅ​រក​ព្រះអម្ចាស់​នៅ​គ្រា​នោះ ទ្រង់​បាន​សន្យា​ថា « អញ​នឹង​ចម្រើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ » ( អេសាយ ៤១:១០ ) ។

តាមរយៈ​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ អ្នក​អាច​ស្វែងរក​សេចក្តី​សុខសាន្ត និង​ការធានា​ឡើងវិញ​អំពី​ការខិតខំ​របស់​អ្នក ។ សូម​រក្សា​ចក្ខុវិស័យ​មួយ​ថា​អ្នក​ជា​នរណា ហើយ​ហេតុអ្វី​បាន​ជា​អ្នក​កំពុង​បម្រើ​ព្រះអម្ចាស់​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយសាសនា ។ សេចក្តី​ជំនឿ​នឹង​ជួយ​អ្នក​ឲ្យ​ឈាន​ទៅ​មុខ ហើយ​បន្ត​ក្នុង​បំណងប្រាថ្នា​ដ៏​សុចរិត ។


គំនិត​សម្រាប់​ការសិក្សា និង​ការអនុវត្ត

ការសិក្សា​ផ្ទាល់​ខ្លួន

  • សូម​អាន យ៉ូហាន ១៥:១២, យ៉ូហាន ២១:១៥–១៧, ថែស្សាឡូនីច ទី១ ២ និង ម៉ូសាយ ១៨:៨–១០ ។ តើ​អ្នក​បំពេញ​ការទទួលខុសត្រូវ​របស់​អ្នក​ក្នុង​ការ​ស្រឡាញ់ និង​បម្រើ​អ្នក​ដទៃ​បាន​ល្អ​ប៉ុនណា ? តើ​អ្នក​អាច​កែលម្អ​ដោយ​របៀប​ណា ? សូម​សរសេរ​ការឆ្លើយតប​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

  • សូម​អាន នីហ្វៃទី៣ ១៨:៣១–៣២, អាលម៉ា ២៤:៧–៨ និង អាលម៉ា ៣២:៤១ ។ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​ការធ្វើការ​ជាមួយ​មនុស្ស​ដែល​បាន​បង្រៀន​ពីមុន ? សូម​កត់ត្រា​អ្វី​ដែល​អ្នក​រៀន​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​បង្រៀន​វា​ដល់​ដៃគូ​របស់​អ្នក ។

ការសិក្សា​ជាមួយ​ដៃគូ និង​ការផ្លាស់ប្តូរ​ដៃគូ

  • សូម​ដាក់​ផែនការ​ជួប​ជាមួយ​សមាជិក​ថ្មី​នៅក្នុង​តំបន់​របស់​អ្នក ។ ប្រសិនបើ​ចាំបាច់ សូម​ប្រើ​កម្មវិធី​ប្រកាស​ដំណឹងល្អ​របស់​យើង ដើម្បី​ស្វែងរក​ពួកគេ ។ សូម​សំណួរ​ដូច​នេះ ៖

    • តើ​អ្នក​បាន​រៀបចំខ្លួន​សម្រាប់​ដំណឹងល្អ​ដោយ​របៀប​ណា ?

    • តើ​អ្នក​ស្គាល់​សាសនាចក្រ​ដំបូង​នៅពេលណា និង​ដោយ​របៀបណា ?

    • តើ​ការបំផុសគំនិត​អ្វី​ដែល​អ្នក​មាន​ពេល​ជួប​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ?

    • តើ​យើង​អាច​បន្ត​គាំទ្រ​ការរីកចម្រើន​របស់​អ្នក​ដោយ​របៀបណា ?

    ចេញពី​ការប្រជុំ​ទាំងនេះ តើ​អ្នក​បានរៀន​អ្វីខ្លះ​អំពី​ការស្វែងរក​មនុស្ស​ដែល​រីកចម្រើនឆ្ពោះ​ទៅរក​ពិធីបុណ្យ​ជ្រមុជទឹក ? សូម​រៀបចំ​ផែនការ​ដើម្បី​អនុវត្ត​អ្វី​ដែល​អ្នក​បានរៀន​នៅ​សប្តាហ៍​នេះ ។

  • សូម​ពិនិត្យមើល​ប្រធានបទ​ដូច​ខាងក្រោម​នេះ ។ ការប្រើប្រាស់​មេរៀន​នៅក្នុង ជំពូក​ទី ៣ រៀបចំ​វិធីសាស្រ្ត​ស្វែងរក​សាមញ្ញៗ ។ អនុវត្ត​ការបង្រៀន​ក្នុង​បរិយាកាស​ស្វែងរក ។

    • មាន​អារម្មណ៍​ថា​ត្រូវការ​ទិសដៅ និង​គោលបំណង​បន្ថែម​ទៀត​ក្នុង​ជីវិត

    • ខ្ញុំ​ចង់​មាន​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ព្រះ

    • ត្រូវការ​ជំនួយ​ក្នុង​ការសម្រេចចិត្ត​សំខាន់ៗ

ក្រុមប្រឹក្សា​មណ្ឌល សន្និសីទ​ហ្សូន និង​ក្រុមប្រឹក្សា​ថ្នាក់​ដឹកនាំ​បេសកកម្ម

  • សូម​អាន និង​ពិភាក្សា​ផ្នែក « ពង្រីក​ចក្ខុវិស័យ​របស់​អ្នក​ក្នុង​ការដាក់​ផែនការ​ដើម្បី​ស្វែងរក » ។ ឲ្យ​ដៃគូ​ម្នាក់ៗ​បំពេញ​ការវាយ​តម្លៃ ។

    • ពិភាក្សា​អំពី​របៀប​ដែល​គំនិត​ទាំងនេះ​បានជួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន ។

    • រាយបញ្ជី​គំនិត​ផ្សេង​ទៀត​សម្រាប់​ការស្វែងរក​មនុស្ស​បង្រៀន ។ អញ្ជើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​បង្ហាញ​ពី​គំនិត​របស់​ពួកគេ ។

    • អញ្ជើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​ដាក់​គោលដៅ​ផ្ទាល់ខ្លួន​សម្រាប់​ការកែលម្អ​ការខិតខំ​ស្វែងរក​របស់​ពួកគេ ។

  • បង្កើត​បញ្ជី​នៃ​ឱកាស​ស្វែងរក​ជាច្រើន ។

    • ចាត់តាំង​ឱកាស​មួយ​ទៅ​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ៗ ។ ផ្តល់​ពេល​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ៗ​ប្រាំនាទី​ដើម្បី​រៀបចំ​ពី​របៀប​ដែល​គាត់ ឬ​នាង​នឹង​បង្រៀន​ផ្នែក​នៃ​មេរៀន​នេះ​នៅក្នុង​ស្ថានភាព​ដែល​បានចាត់តាំង​ឲ្យ ។

    • សង្កត់ធ្ងន់​លើ​ភាពចាំបាច់​ក្នុងការ​រក្សា​ប្រវែង​នៃ​សារលិខិត​ដែល​សមរម្យ​សម្រាប់​ការបង្រៀន​នេះ ។

    • អញ្ជើញ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ជាច្រើន​នាក់​ឲ្យ​បង្រៀន​មេរៀន​ដែល​ពួកគេ​បាន​ដាក់​ផែនការ​នៅក្នុង​ស្ថានភាព ដែល​បាន​ចាត់​ឲ្យ​ដល់​ពួកគេ ។

  • អញ្ជើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​អនុវត្ត​ការចែកចាយ​សារលិខិត​នៃ​ដំណឹងល្អ​មួយ​នាទី​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ។ អ្នក​ប្រហែលជា​ចង់​រៀបចំ​បរិយាកាស​ស្វែងរក​ផ្សេងៗ​គ្នា ដូចជា ការបង្រៀន​នៅក្នុង​ផ្ទះ​របស់​សមាជិក ការបង្រៀន​នៅ​មាត់ទ្វារ ការបង្រៀន​នៅលើ​ចិញ្ចើម​ផ្លូវ ឬ​ការទាក់ទង​រក​អ្នក​រៀន ។ សូម​ឲ្យ​អ្នក​ពួក​ផ្សព្វផ្សាយ​សាសនា​អនុវត្ត​ការបង្រៀន​នៅក្នុង​បរិយាកាស​នីមួយៗ​ទាំងនេះ ។

ថ្នាក់​ដឹកនាំ​បេសកកម្ម និង​ទីប្រឹក្សា​បេសកកម្ម

  • សូម​រៀបចំ​ឧទាហរណ៍​មួយ​ដែល​សមាជិក​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​គ្រួសារ​របស់​អ្នក ។ ចែកចាយ​បទពិសោធន៍​របស់អ្នក​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​សមាជិក ។

  • ប្រឹក្សា​ជាមួយ​បព្វជិតភាព​ក្នុង​មូលដ្ឋាន និង​អ្នកដឹកនាំ​អង្គការ​អំពី​វិធី​ល្អ​បំផុត​សម្រាប់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដើម្បី​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន​នៅក្នុង​បេសកកម្ម​របស់អ្នក ។

  • រៀបចំ​ការប្រជុំ​ធម្មនិដ្ឋាន​របស់​អ្នក​ផ្សព្វផ្សាយសាសនា ដែល​អ្នក​អាច​និយាយ​ទៅកាន់​មនុស្ស​ដែល​កំពុង​រៀន​នៅក្នុង​បេសកកម្ម​របស់​អ្នក ។ សម្របសម្រួល​ជាមួយ​អ្នកដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន ដើម្បី​ឲ្យ​សមាជិក​អាច​នាំ​មិត្តភក្ដិ​របស់​ពួកគេ​មក ។ អញ្ជើញ​សមាជិក​ថ្មី​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ ហើយ​ប្រាប់​ដំណើររឿង​ប្រែចិត្ត​របស់​ពួកគេ មុនពេល​អ្នក​និយាយ ។

  • ម្តងម្កាល​ទៅ​ជាមួយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ដើម្បី​ជួយ​ពួកគេ​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន ។