ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
12nielson


១២​នែលសុន-០

ការ​ប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈ​ប្រធាន​ទី​មួយ

ថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២០

ម្ចាស់​នៃ​មេត្រីភាព

អេសាយ ៩:៦ )

ដោយ អែលឌើរ ប្រ៊ែន អេច. នែលសុន

ក្នុង​គណៈប្រធាន​នៃ​ពួក​ចិត​សិប​នាក់

មាន​គ្រា​និង​នៅ​កន្លែង​មួយ ទៀត​ដ៏​សែន​ឆ្ងាយ​ពី​ទី​នេះ ឪពុក​ខ្ញុំ ន័រមិន នែលសុន គឺជា​យុវជន​ម្នាក់​ដែល​បាន​ចំណាយ​ពេល​គ្រប់​វិនាទី​របស់​គាត់​រយៈពេល​បួន​ឆ្នាំ​ធ្វើ​ចម្បាំង​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ ។ រូបថត​នេះ​នៅ​មុខ​ត្រសាល​មួយ​របស់​គាត់ ដែល​កាល​គាត់​ជា​អ្នកជំនាញ​ខាង​ប្រឆាំង​យន្ដហោះ គាត់​បាន​រស់​នៅ​ក្នុង​ព្រៃល្បាត​នៃ​ប៉ាពួញូហ្គីណេ ។ នៅ​ថ្ងៃ​បុណ្យគ្រីស្ទម៉ាស់​ឆ្នាំ​១៩៤៣ គាត់​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​កាន់​ម្ដាយ​របស់​គាត់​នៅ​ផ្ទះ​ដែល​ជា​ស្ត្រី​មេម៉ាយ « ដូច​ម៉ាក់​បាន​ឃើញ​កាលបរិច្ឆេទ​នេះ​ហើយ ថ្ងៃ​នេះ​គឺជា​បុណ្យ​គ្រីស្ទម៉ាស់ ។ កូន​ក្រោក​ពី​ដេក​នៅ​ម៉ោង ៧:០០ ព្រឹក បរិភោគ​អាហារ​ពេល​ព្រឹក រួចហើយ​ធ្វើការ​រហូត​ដល់​ម៉ោង ៣:០០ រសៀល ទើប​កូន​បាន​ទៅ​អូរ​ដើម្បី​បោក​សម្លៀក​បំពាក់ ហើយ​ងូត​ទឹក ។ នៅ​អាហារ​ពេល​ល្ងាច​នា​យប់​នេះ យើង​មាន​សាច់មាន់​ដុត​បន្តិច​បន្តួច ដំឡូង ពោត សាឡាត់នំបុ័ង និង​នំដុត​ធ្វើ​ពី​ទំពាំងបាយជូរ​ក្រៀម​ខ្លះ ។ កូន​ចង់​នៅ​ផ្ទះ​ជាមួយ​នឹង​ម៉ាក់ និង​គ្រួសារ​យើង​ខ្លាំង​ណាស់ ដោយ​អង្គុយ​បរិភោគ​អាហារ​គ្រប់​យ៉ាង​ដែល​យើង​ធ្លាប់​ហូប​ដូច​កាល​ដែល​យើង​បាន​នៅ​ជុំ​គ្នា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ។ ពួក​យើង​ខកចិត្ត​ដោយសារ​អំណោយ​គ្រីស្ទម៉ាស់​របស់​យើង​មិន​បាន​មក​ដល់​មុន​បុណ្យ​គ្រីស្ទម៉ាស់ ។ មាន​ពួក​យើង​ជា​ច្រើន​នាក់​មិន​បាន​ទទួល​អ្វី​សោះ​សម្រាប់​បុណ្យគ្រីស្ទម៉ាស់ ។ កូន​ចាំ​ម៉ាក់​ប្រាប់​កូន​ជា​ច្រើន​ដង​ថា ម៉ាក់​មិន​ដែល​ខ្វះ​ទឹក​ទេ ដរាប​ណា​អណ្ដូង​នៅ​តែ​មាន​ទឹក » ។

នៅ​ឆ្នាំ​មុន​នេះ ភរិយា​ខ្ញុំ ម៉ាសៀ និង​បងស្រី​ខ្ញុំ ស៊ូសិន បាន​សរសេរ​ប្រវត្តិ​នៃ​ការ​បម្រើ​រយៈពេល​បួន​ឆ្នាំ​របស់​ឪពុក​ខ្ញុំ​អំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ ។ ពួកគាត់​បាន​ប្រមូល​រាល់​សំបុត្រ​ដែល​គាត់​បាន​ផ្ញើ​មក​ម្ដាយ​របស់​គាត់ ។ ខ្ញុំ​សូម​និយាយ​ថា ពេល​ខ្ញុំ​អាន​សំបុត្រ​នៅ​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​សោះ​កក្រោះ​នេះ ខ្ញុំ​ស្ទើរ​តែ​មិន គួរ​ជឿ ។ ទោះ​ជា​វា​ហាក់​ដូច​ជា​មិន​សូវ​សំខាន់​ចំពោះ​បងប្អូន​ក្ដី ក៏​ខ្ញុំ​ចង់​ផ្លាស់​ប្ដូរ​ព្រឹត្តិការណ៍​នៃ​ថ្ងៃ​បុណ្យ​គ្រីស្ទ​ម៉ាស់​នោះ​ដែរ ដោយសារ​គាត់​ជា​ឪពុក​ខ្ញុំ ជា​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់ ។ ខ្ញុំ​បាន​ក្ដុក​ក្ដួល​ក្នុង​ចិត្ត « តើ​យុវជន​មក​ពី​រដ្ឋ​អៃដាហូ​រូប​នេះ​អាច​ទ្រាំ​រងទុក្ខ​យ៉ាងណា​ទៅ ? » ឪពុក​គាត់​បាន​ស្លាប់​ដោយ​ជំងឺ​គាំង​បេះដូង ពេល​គាត់​មាន​អាយុ ១២ ឆ្នាំ​ប៉ុណ្ណោះ ។ ម្តាយ​គាត់​បាន​ចិញ្ចឹម​បីបាច់​គាត់ ហើយ​គាត់​បាន​ចូល​ក្នុង​ជួរ​កងទ័ព ដែល​ឥឡូវ​គាត់​កំពុង​រស់​នៅ​ក្នុង​ទីរហោស្ថាន​នៅ​កណ្ដាល​ចម្បាំង​មួយ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច ។ យ៉ាង​ហោច​ណាស់ តើ​គាត់​មិន​គួរ​ទទួល​បាន​អំណោយ​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់​ទេ​ឬ​អី ? ពេល​ខ្ញុំ​គិត​ពី ស្ថានភាព​គាត់ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា ព្រះវិញ្ញាណ​កំពុង​មាន​បន្ទូល​មក​កាន់​ខ្ញុំ​« ប្រ៊ែន អ្នក ដឹង ថា​រឿង​នេះ​បញ្ចប់​ទៅ​ដូម្តេច​ដែរ​ឬ​ទេ ។ នៅ​ទី​បំផុត ឪពុក​របស់​អ្នក​បាន​ទទួល​អំណោយ​ដ៏​សំខាន់​បំផុត ហើយ​បាន​បន្ត​រស់នៅ​ក្នុង​ជីវិត​ពេញ​ដោយ​សេចក្ដី​ជំនឿ​នឹង​បុណ្យគ្រីស្ទម៉ាស់ ជា​ពេល​ដែល​គាត់​ចូល​ចិត្ត​នៅ​ក្នុង​ឆ្នាំ » ។

ពេល​ខ្ញុំ​អាន​ប្រវត្តិ​ឪពុក​ខ្ញុំ​បន្ថែម​ទៀត ខ្ញុំ​បាន​អាន​សំបុត្រ​​ចុង​ក្រោយ​របស់់​គាត់​ផ្ញើ​ទៅ​ម្ដាយ​របស់​គាត់​នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៤៥ ។ អំឡុង​ពេល​បួន​ឆ្នាំ​នោះ នៅ​ក្រោម​ការ​ដឹកនាំ​របស់​ឧត្ដមសេនីយ ដាក់ក្លាស់ ម៉ាកខាតធើរ គាត់​បាន​ច្បាំង​ចាប់​ពី ទីក្រុង​ដវិន ប្រទេស​អូស្ត្រាលី ដល់ ប៉ាពួញូហ្គីនី, ឈូងសមុទ្រឡេត៍ នៅ​ប្រទេស​ហ្វីលីពីន និង​ទីបំផុត​ដល់​ទីក្រុង​ម៉ានិល ជា​កន្លែង​ដែល​គាត់​បាន​បញ្ចប់​ការ​បម្រើ​ក្នុង​ជួរ​កង​ទ័ព​របស់​គាត់ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ។ ភាគច្រើន អំឡុង​ពេល​ដែល​គាត់​បម្រើ​នៅ​ក្នុង​សង្គ្រាម​នោះ​គឺ​គ្មាន​ការប្រជុំ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ទេ ប៉ុន្តែ​ពេល​គាត់​បាន​ទៅ​ដល់​ប្រទេស​ហ្វីលីពីន ជិត​ចុង​បញ្ចប់​នៃ​ការបម្រើ​របស់​គាត់ ទើប​គាត់​អាច​រកឃើញ​ការប្រជុំ​មួយ​របស់​សាសនាចក្រ ។ បន្ទាប់​ពី​ចូល​រួម​ការប្រជុំ​នោះ គាត់​បាន​សរសេរ​សំបុត្រ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ​ទៅ​ម្ដាយ​របស់​គាត់​ថា « កូន​បាន​ទៅ​ព្រះវិហារ​កាល​ពី​ម្សិល​មិញ ប៉ុន្តែ​មិន​សូវ បាន​យក​ចិត្ត​ទុក​ដាក់ ច្រើន​ទៅ​លើ​ការ​ឡើង​និយាយ​ទេ ។ កូន​មាន​រឿង​ជា​ច្រើន​ហាក់​ដូច​ជា​មិន​សំខាន់​សម្រាប់​កូន​ពេលនេះ ប៉ុន្តែ​សំខាន់​បំផុត​នៅ​ពេល​មួយ ។ កូន​ពុំ​មែន​មាន​ន័យ​ថា ជំនឿ​កូន​លើ​ព្រះ ប្រហែល​ជា​រឹងមាំ​រហូត​ឡើយ ប៉ុន្តែ​កូន​ចាត់​ទុក​ព្រះ​ជា​តួអង្គ​មួយ​អង្គ​ដែល​គួរ​ឲ្យ​ស្រឡាញ់ និង​ចេះ​យល់​ចិត្ត​ច្រើន​ជាង​បុគ្គល​មួយ​រូប​[ដែល]​ដែល​នៅ​ពី​លើ​អ្នក​ដើម្បី​ដាក់​ទោស​ដល់​អ្នក​រាល់​កំហុស​ដែល​អ្នក​ធ្វើ » ។

អ្វី​ដែល​ព្រះវិញ្ញាណ​បាន​បង្រៀន​ខ្ញុំ​គឺ​ថា ដោយ​តាម​រយៈ​នៃ គ្រា​ដ៏​លំបាក ដោយ​បាន​ចូល​រួម​នៅ​ក្នុង​សង្គ្រាម​សាហាវ​ឃោរឃៅ​ដែល​កងទ័ព គ្រូពេទ្យ នាវិក បុគ្គលិក​ទ័ព​អាកាស និង​ជន​ស្លូត​ត្រង់​ជា​ច្រើន​នាក់​ទាំង​សងខាង​បាន​បាត់​បង់​ជីវិត នោះ​ឪពុក​ខ្ញុំ​បាន​រក​ឃើញ​អំណោយ—គាត់​បាន​រក​ឃើញ​វិញ្ញាណ​ពិត​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ។ គាត់​បាន​រៀន​ថា គាត់​មាន​ព្រះវរបិតា​សួគ៌​មួយ​អង្គ​គួរ​ឲ្យ​ស្រឡាញ់ ដែល​យល់​ចិត្ត​គាត់ ហើយ​កំពុង​មើល​ថែ​គាត់ ។ មេរៀន​ជីវិត​ដ៏​សំខាន់​បំផុត​ដែល​គាត់​បាន​រៀន​គឺ​ថា « ដ្បិត​ព្រះទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បីឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ​មិន​ត្រូវ​វិនាស​ឡើយ​គឺ​ឲ្យ​មាន​ជីវិត​អស់កល្បជានិច្ចវិញ » នៅ​ក្នុងគ្រា​ដ៏​លំបាក​បំផុត​របស់​គាត់​ផ្ទាល់ ឪពុក​ខ្ញុំ​បាន​រក​ឃើញ​ព្រះវរបិតា​សួគ៌​មួយ​អង្គ​គួរ​ឲ្យ​ស្រឡាញ់ ហើយ​មាន​ព្រះទ័យ​សប្បុរស ។ អ្វី​ដែល​ឪពុក​ខ្ញុំ​បាន​រក​ឃើញ​បាន​នាំ​យក​សេចក្ដី សុខសាន្ត ព្រមទាំង​អំណរ និង​សុភមង្គល​ដល់​គាត់​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មាន​ពោរពេញ​ដោយ​ការ​ភាន់​ច្រឡំ ព្រមទាំង​ការ​ឈឺចាប់ និង​ការ​រង​ទុក្ខ ។ ពេល​គាត់​បាន​ចាកចេញ​ពី​សង្គ្រាម គាត់​បាន​នាំ​មក​អំណោយ​នោះ​មក​ផ្ទះ​ជាមួយ​នឹង​គាត់ ។

ខ្ញុំ​មិន​ប្រាកដ​ថា ខ្ញុំ​អាច​ស៊ូទ្រាំ​នឹង​ការ​លំបាក​ដែល​ឪពុក​ខ្ញុំ​បាន​ប្រឈម​ដោយ​មាន​បុណ្យ​គ្រីស្ទម៉ាស់​បី​ឆ្នាំ​នៅ​ឆ្ងាយ​ពី​ផ្ទះ​បាន​ឡើយ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ដឹង​ថា មេរៀន​ដែល​គាត់​បាន​រៀន ហើយ​ដែល​ខ្ញុំ​បាន​រៀន​គឺ​ថា អំណោយ​ពិត​នៅ​បុណ្យគ្រីស្ទម៉ាស់ ដែល​ព្រះវរបិតា​យើង​បាន​ប្រទាន​ឲ្យ គឺជា​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ គ្រីស្ទ ។ បុណ្យ​គ្រីស្ទម៉ាស់​នេះ ដោយ​សារ​តែ​ស្ថានភាព​នៃ​ពិភពលោក ពួក​យើង​មួយ​ចំនួន​ឃើញ​ថា​ខ្លួន​ឯង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ ឬ​នៅ​ដាច់​ដោយ​ឡែក​ពី​ពួកគេ ទោះ​ជា​ពួកគេ​រស់នៅ​ក្បែរ​ក្ដី ។ ពួក​យើង​មួយ​ចំនួន​អាច​នឹង​មាន​អារម្មណ៍​ថា​ឆ្នាំ​នេះ​ដូចជា​ឪពុក​ខ្ញុំ​មាន​នៅ​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​នា​ឆ្នាំ​១៩៤៣​ដែរ ។ យើង​អាច​ទាំង​ងឿង​ឆ្ងល់​ថា​ហេតុអ្វី​យើង​មិន​ទទួល​បាន​អំណោយ ឬ​ការ​មក​លេង​អ្វី សោះ ។ តែ​បើ​យើង​ក្រឡេក​មើល​ទៅ​លើ ហើយ​មើល​ទៅ​ព្រះ ហើយ​រស់​នៅ នោះ​យើង​នឹង​រកឃើញ​ថា ព្រះយេស៊ូវ គ្រីស្ទ​គឺជា​អំណោយ​ដ៏​ធំ​បំផុត ។ ការ​បើក​អំណោយ​នោះ​នាំ​យើង​ទៅ​កាន់​ជីវិត​ដ៏​រីករាយ ហើយ​ពេញ​ដោយ​សេចក្ដី​សុខសាន្ត ។

នៅ​ម៉ាកុស​ជំពូក ៤ ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ពួក​សិស្ស​រ​បស់​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បទពិសោធន៍​មួយ​គួរ​ឲ្យ​ខ្លាច ។ ពួកគេ​នៅ​លើ​ទូក​មួយ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​នៅ​លើ​សមុទ្រ​កាលីឡេ ពេល​មាន​ព្យុះ​ដ៏​ធំ​មួយ ។ ពួក​សិស្ស​ទាំង​នោះ​បាន​ភ័យ​ខ្លាច ហើយ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួកគេ​ថា « ហេតុអ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យ​ដល់​ម្ល៉េះ ? « តើ​សេចក្ដីជំនឿ​របស់​អ្នករាល់​គ្នា​នៅ​ឯណា ? »  ព្រះអង្គសង្គ្រោះ​បាន​ត្រាស់​បង្គាប់​ឲ្យ​ខ្យល់ និង រលក​ឈប់​ទៅ ។ បន្ទាប់មក សិស្ស​ទាំងនោះ​បាន​សួរ​សំណួរ​ដ៏​សំខាន់​នេះ​ដែល​ខ្ញុំ​ស្នើសូម​ឲ្យ​បងប្អូន​សញ្ជឹងគិត​នៅ​បុណ្យគ្រីស្ទម៉ាស់​នេះ ៖ « តើ​លោក​នេះ​ជា​អ្វី បាន​ជា​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ » ខ្ញុំ​នឹង​ព្យាយាម​ឆ្លើយ​សំណួរ​នេះ ។ ព្រះយេស៊ូវ គ្រីស្ទ គឺជា « ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះចេស្តា ព្រះវបិតា​ដ៏​គង់​នៅ​អស់កល្ប និង​ជា​ម្ចាស់​នៃ​មេត្រីភាព » ។ « ដោយ​សារ​ព្រះ​អង្គ និង​តាម​រយៈ​ព្រះ​អង្គ ហើយ​ពី​ព្រះ​អង្គ នោះ​ពិភពលោក​ទាំង​ឡាយ​មាន​ឡើង » ។ ទ្រង់​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់យើង និង​ជា​ព្រះ​ប្រោសលោះ​របស់​យើង ទ្រង់​គឺជា​ព្រះរាជ​បុត្រ​ច្បង​របស់​ព្រះវរបិតា ។

អេសាយ បាន​ពិពណ៌នា​ព្រះអង្គ​សង្រ្គោះ​តាមរបៀប​នេះ​ថា ៖ « តើ ឯង មិន បាន ដឹង តើ មិន បាន ឮ ទេ ឬ អី ថា ព្រះ ដ៏ គង់ នៅ អស់ កល្ប ជានិច្ច គឺ ព្រះយេហូវ៉ា ជា ព្រះ ដែល បាន បង្កើត ផែនដី រហូត ដល់ ចុង បំផុត ទ្រង់ មិន ដែល ល្វើយ ឡើយ ក៏ មិន ដែល អស់ កំឡាំង ផង ? . . [ អស់ ] អ្នក ណា ដែល សង្ឃឹម ដល់ ព្រះយេហូវ៉ា វិញ នោះ នឹង មាន កំឡាំង ចម្រើន ជានិច្ច គេ នឹង ហើរ ឡើង ទៅ លើ ដោយ ស្លាប ដូច ជា ឥន្ទ្រី គេ នឹង រត់ ទៅ ឥត ដែល ហត់ ហើយ នឹង ដើរ ឥត ដែល ល្វើយ ឡើយ » ។

អ្វីៗ​ទាំងអស់​នេះ​ហើយ​ដែល​ព្រះអង្គ​សង្រ្គោះ​អញ្ជើញ​យើង​ទាំងអស់​គ្នា​នៅក្នុង​រដូវ​បុណ្យ​គ្រីស្ទម៉ាស់​នេះ និង​ជាប់ជានិច្ច​ថា « អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ សូម​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក ។ . . . [ ត្បិត ] ខ្ញុំ ស្លូត ហើយ មាន ចិត្ត សុភាព នោះ អ្នក រាល់ គ្នា នឹង បាន សេចក្តី សម្រាក ដល់ ព្រលឹង ។ ពីព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ។ ការអញ្ជើញ​របស់​ទ្រង់​ឲ្យ​យើង « ចូរ​មកឯ » ។

ក្តីសង្ឃឹម​របស់​ខ្ញុំ​នៅ​រដូវ​បុណ្យ​គ្រីស្ទម៉ាស់​នេះ​គឺ មិនថា​កាលៈទេសៈ​របស់​យើង​យ៉ាងណា​នោះទេ មិនថា យើង​នៅទីណា​នោះទេ និង​មិនថា​យើង​ត្រូវបាន​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ និង​មិត្តភក្តិ​នោះទេ យើង​នឹង​ចងចាំ​ថា ទ្រង់ គឺ​ព្រះ​អង្គ​សង្រ្គោះ​ព្រះ​យេស៊ូវគ្រីស្ទ គឺជា​អំណោយទាន ដែលថា​កាលណា​យើង​ចូរ​មក​ឯ​ទ្រង់ នោះ​ទ្រង់​នឹង​សម្រាល​បន្ទុក​របស់​យើង ហើយ​ថា​យើង​នឹងអាច​រកឃើញ​ទ្រង់ ដូចជា​ឪពុក​របស់​ខ្ញុំ​បាន​រកឃើញ​ទ្រង់​នៅ​កណ្តាល​សង្រ្គាម​ដ៏​ឃោរឃៅ​ដែរ ។ ព្រះអង្គ​សង្រ្គោះ​បាន​មានបន្ទូលថា « ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ » ។​ នៅពេល​យើង​ទុកចិត្ត​លើ​ទ្រង់ យើង​នឹង​រកឃើញ​សេចក្តីសុខសាន្ត និង​សុភមង្គល មិនថា​កាលៈទេសៈ​យើង​បច្ចុប្បន្ន​យ៉ាងណា​នោះទេ ។

ខ្ញុំ​សូម​ជូនពរ​បងប្អូន​ទាំងអស់​គ្នា​ឲ្យ​ទទួលបាន​សេចក្តីរីករាយ​នៅ​បុណ្យ​គ្រីស្ទម៉ាស់​នេះ ហើយ​អធិស្ឋាន​ថា នៅឆ្នាំ នេះ​កាលដែល​ពិភពលោក​ដែល​នឿយហត់ ត្រេកអរ នោះ​បងប្អូន​នឹង​ទទួលបាន ហើយ​ទទួលស្គាល់​អំណោយ​ដែល​ព្រះវរបិតា​សួគ៌​ពេញ​ដោយ​ក្តីស្រឡាញ់​បានប្រទាន​ដល់​យើង កាល​ដែល​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ពលិកម្ម​ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​ទ្រង់ ។ ខ្ញុំ​សូមថ្លែង​ជា​សាក្សី​ផ្ទាល់ខ្លួន​ពី​ព្រះវរបិតា​សួគ៌​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់ និង​ព្រះរាជបុត្រា​ដ៏​ឥតខ្ចោះ​របស់ទ្រង់​ដែល​ជា​ម្ចាស់​នៃ​មេត្រីភាព ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕