ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
13holland


សុបិន​នា​រាត្រី​នោះ

ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធាន​ទី​មួយ​ឆ្នាំ ២០២០

ថ្ងៃអាទិត្យ ទី ៦ ខែ ធ្នូ ឆ្នាំ ២០២០

មជ្ឈដ្ឋាន​នោះ​ពោរ​ពេញ​ទៅ​ដោយ​ភាព​សុខសាន្ត ជា​រាត្រី​ដែល​នឹង​នាំ​មក​ដល់​នៅ​ដើម​និទាឃរដូវ ។ ផ្ទៃ​មេឃ​មាន​ភាព​ស្រឡះ​ល្អ ដោយ​មាន​ដួង​តារា​រះ​ឡើង​បន្តិច​ម្ដងៗ​រហូត​ទៅ​ដល់​រាប់​ពាន់ដួង ។ ពួក​អ្នក​គង្វាល​នៅ​ទី​វាល​កំពុង​ស្វែងរក​កន្លែងជ្រកពី​កម្ដៅ​ថ្ងៃ ហើយ​សម្រាក​ក្រោយ​ពី​ធ្វើ​ការ​យ៉ាង​នឿយ​ហត់ ។ រឿង​​មិន​ធម្មតា—ប៉ុន្តែ​ស្រស់ស្អាត​ដ៏​អស្ចារ្យ—នៅក្នុង​ទស្សនីយភាព​ឃ្វាលចៀម​​នៅឯ​កូនភ្នំ​ដែល​មាន​ក្រោលសត្វ​មួយ​នៅជិត​នឹង​ភូមិ ដែល​មាន​មនុស្ស​ពីរនាក់​កំពុង​នៅជិត​ទារក​កំពុង​ដេក​ក្នុង​ស្នូក​ម្នាក់ មាន​តែ​សត្វស្រុក​តែ​ពីរបីក្បាល​ប៉ុណ្ណោះ​កំពុង​ធ្វើ​ជា​សាក្សី​នូវ​ភាពអស្ចារ្យ​ដែល​វា​បាន​ឃើញ ។

មនុស្ស​ទាំង​បី​នាក់​នេះ គ្មាន​មិត្ត​ភក្ដិ ឬ​អ្នក​ទទួល​ភ្ញៀវ​ក្នុង​ភូមិ​បេថ្លេហិម​ដែល​មាន​មនុស្ស​កោះករ​ឡើយ ទី​មួយ​គឺ មាតា​ព្រហ្មចារី​វ័យ​ក្មេង​ឈ្មោះ មារ៉ា ( ប្រហែល​ជា​នាង​ស្ថិត​ក្នុង​វ័យ​ជំទង់​ បើ​តាម​ប្រពៃណី​នៅ​សម័យ​នោះ​បាន​ចូល​ជា​ធរមាន ) ដែល​ភាព​ក្លាហាន និង​សេចក្ដី​ជំនឿ​ដ៏​មុត​មាំ​របស់​នាង​ទាក់ទាញ​អារម្មណ៍​លើស​ពី​អ្វី​ដែល​បាន​កត់ត្រា​ទុក​ទៅទៀត ។ ទីពីរ ស្វាមី​របស់​នាង​ឈ្មោះ យ៉ូសែប ដែល​មាន​វ័យ​ចាស់​ជាង​ភរិយា​វ័យ​ក្មេង​របស់​លោក ប៉ុន្តែ​តាម​និយមន័យ​លោក​គឺ​ជា​បុរស​ដែល​ស័ក្ដិសម​បំផុត​នៅ​លើ​ផែនដី​ដើម្បី​ចិញ្ចឹម​បី​បាច់​ទារក​មួយ​រូប​ដែល​មិន​មែន​ជា​កូន​ប្រុស​បង្កើត​របស់​យ៉ូសែប ប៉ុន្តែ​នៅទីបំផុត​នឹង​ក្លាយ​ជា​បិតា​ខាង​វិញ្ញាណ​របស់ យ៉ូសែប ។ ទីបី ហើយ​ជា​ចុងក្រោយ និង​មាន​ភាព​ស្រស់ស្អាត​ជាង​អ្វីៗ​ទាំងអស់​គឺ​ទារក​ដែល​ត្រូវ​ដាក់​ឈ្មោះ​ថា ព្រះ​យេស៊ូវ ដោយ​រុំ​នឹង​សំពត់​ផ្ទំ​នៅលើ​ចំបើង​ដែល​ស្អាត​បំផុត​ដែល​ឪពុក​ដ៏​ព្រួយបារម្ភ​រូប​នេះ​អាច​រកបាន ។

រឿង​មិន​កើត​ឡើង​មួយ​ដែល​ទិដ្ឋភាព​ដ៏​ស្ងប់​ស្ងាត់​គ្មាន​ប្រជាប្រិយភាព​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ខុស​គឺ​ថា មិន​ធ្លាប់់​មាន​ទារក​ណា​ម្នាក់​ដែល​កើត​មក​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ត្រូវ​បាន​គេ​ចារទុក ហើយ​មាន​ការរំពឹង​ទុក​ច្រើន​រួច​ទៅ​ហើយ​នោះ​ទេ ។ ពិត​ណាស់ ចំណេះដឹង​ថាតើ​ទ្រង់​គឺជា​នរណា​បាន​ចាប់​ផ្ដើម​ឡើង​នៅ​នគរ​ស្ថានសួគ៌​ពីមុន មនុស្ស​គ្រប់​គ្នា បាន​ចាប់​កំណើត​មក​ម្ល៉េះ ! ក្នុង​នាម​ជា​បុត្រ​ច្បង​នៃ​ព្រះ​វរបិតា នៅក្នុង​ពិភព​វិញ្ញាណ ទ្រង់​ត្រូវ​បាន​ជ្រើស​ទុក​ជា​មុន​នៅទីនោះ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ដែល​បាន​តែង​តាំង​ទុក​ជា​មុន​ជា « កូន​ចៀម​ដែល​ត្រូវ​គេ​សំឡាប់​តាំង​ពី​កំណើត​លោកីយ៍​មក » ។ ក្រោយ​មក​ទៀត​ពី​មុន​ការ​ប្រសូត​របស់​ទ្រង់ នោះ​ទ្រង់​បាន​ធ្វើ​ជា​ព្រះយេហូវ៉ា​ដ៏​មាន​មហិទ្ធិឫទ្ធិ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ដោយ​ជួយ​ណូអេ​សង្គ្រោះ​គ្រួសារ​របស់​លោក​នៅ​គ្រា​ទឹក​ជំនន់ និង​ដោយ​ទត​មើល យ៉ូសែប សង្គ្រោះ​គ្រួសារ​របស់លោក​នៅ​គ្រា​ទុរ្ភិក្ស ។ ទ្រង់​គឺជា​ព្រះយេហូវ៉ា​ដ៏​អស្ចារ្យ​ដែល​ព្រះនាម​របស់​ទ្រង់ រួម​មាន​« ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះចេស្តា ព្រះវបិតា​ដ៏​គង់​នៅ​អស់កល្ប និង​ជា​ម្ចាស់​នៃ​មេត្រីភាព » ទ្រង់​គឺ​ជា​អាលផា និង​ជា​អូមេកានៅ​ក្នុង​ផែនការ​នៃ​សេចក្ដីមេត្តាករុណា​ដ៏​អស្ចារ្យ​ដែល​នៅ​ទីបំផុត​នឹង​« ផ្សាយ ដំណឹង ល្អ ដល់ មនុស្ស ទាល់ ក្រ … ប្រោស មនុស្ស ដែល មាន ចិត្ត សង្រេង … ប្រកាស ប្រាប់ ពី សេចក្តី ប្រោស លោះ ដល់ ពួក ឈ្លើយ ហើយ[បើក] ការ ដោះ លែង ដល់ ពួក អ្នក ដែល ជាប់ ចំណង » ។

ដើម្បី​សម្រេច​បាន​ការណ៍​នេះ ទ្រង់​បាន​បង្កើត​សេចក្ដី​សង្គ្រោះ​តែ​អង្គ​ឯង ដោយ​គ្មាន​ដៃ​គូ​ក្នុង​ជីវិត​រមែង​ស្លាប់​ណា​ម្នាក់​អាច​ជួយ​ដល់​ទ្រង់ ហើយ​គ្មាន​ដៃ​គូ​សួគ៌ា​ណា​ម្នាក់​អាច​ធ្វើ​បាន​ដែរ ។ ដោយ​ទ្រាំ​ទ្រ​នូវ​រាល់​អំពើបាប និង​បន្ទុក​ដ៏​សោកសៅ​នៃ​មនុស្ស នោះ​ទ្រង់​បាន​នាំ​យក​អំណោយទាន​នៃ​សេចក្ដី​សង្គ្រោះ​ដែល​មិន​អាច​យល់​បាន​ដល់​គ្រួសារ​មនុស្ស​លោក​ទាំង​មូល​តាំង​ពី​អ័ដាម​រហូត​ដល់​ចុង​បញ្ចប់​នៃ​ពិភពលោក​នេះ ។ នៅ​ក្នុង​ព្រះជន្ម​របស់​ទ្រង់​ទាំងមូល ទ្រង់​នឹង​ធ្វើ​ជា « អ្នក​គង្វាល ជា​អ្នក​ថែទាំ​ព្រលឹង​[ យើង ]​រាល់​គ្នា វិញ​ហើយ » « ជា​សំដេច​សង្ឃ ដែល​យើង​ថា យើង​ជឿ​តាម​នោះ​ចុះ »១០ ជា « ប្រភព​នៃ​អស់​ទាំង​សេចក្ដី​សុចរិត » ។១១ ករណីកិច្ច និង​ការទាមទារ​ទាំងអស់​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​ទាំងនេះ​មិន​ទាន់​បាន​បំពេញ​នៅ​ឡើយ​ទេ ។ តែ​មិន​មែន​រាត្រី​នេះ​ទេ ។ មិន​មែន​យប់​នេះ​ទេ ។ នៅ​ពេល​នេះ ទ្រង់​គ្រាន់​តែ​ជា​ទារក​នៅ​ក្នុង​ដៃ​នៃ​មាតា​ដែល​ស្រឡាញ់​ទ្រង់ ហើយ​មើល​ថែ​ដោយ​ឪពុក​ដែល​រាបសា និង​រឹង​មាំ​ប៉ុណ្ណោះ ។

មិន​យូរប៉ុន្មាន​ពួក​អ្នក​គង្វាល​ទាំងនោះ​បាន​មក ដែល​តំណាង​ឲ្យ​សកម្មភាព​ខាង​សាច់​ឈាម​ដ៏​រាប​ទាប​បំផុត និង​ភាព​ក្រី​ក្រ​បំផុត​របស់​មនុស្ស និង​កិច្ចការ​របស់​ពួកគេ ។ ក្រោយមក ពួក​ស្ដេច​បាន​មក ​ពួក​ហោរា​មក​ពី​ទិស​ខាង​កើត ដែល​តំណាង​ឲ្យ​ភាព​ខ្ពស់​បំផុត​នៃ​ការសម្រេច​បាន​ខាង​សាច់​ឈាម​ដ៏​ស្ដុក​ស្ដម​បំផុត​របស់​មនុស្ស និង​កិច្ចការ​របស់​ពួកគេ ។ លើស​ពី​នេះ​ទៀត—គឺ​លើស​អ្វីៗ​ទាំងអស់—ពួក​ទេវតា​បាន​មក​ច្រៀង​បទ​« សួស្ដី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត »១២ពួក​ទេវតា​សួគ៌​ដ៏​ច្រើន​នេះ​បាន​សរសើរ​ចំពោះ​ព្រះ​ឱរស​រូប​នេះ​ដែល​នៅ​ទី​បំផុត​បាន​យាង​មក​កាន់​ផែនដី ។ ពិតណាស់ ពួក​ទេវតា​បាន​គូស​ដាន​ផ្លូវ​ទៅ​កាន់​កន្លែង​ដាក់​ចំណី​សត្វ​នេះ​អស់​ជា​ច្រើន​សតវត្សរ៍ ។ ចុងក្រោយ​បំផុត មាន​ទេវតា​មួយ​អង្គ​បាន​មក​ឯ​មារ៉ា​នៅ​ក្នុង​ការប្រកាស​ដំណឹង​ដ៏​អស្ចារ្យ​នេះ​ដល់​នាង​អំពី​អ្វី​ដែល​នាង​ត្រូវ​ជ្រើស​រើស​ឲ្យ​ធ្វើ និង​បុគ្គល​ដែល​នាង​ត្រូវ​ជ្រើស​រើស​ឲ្យ​ក្លាយ​ជា ។១៣ ទេវតា​មួយ​អង្គ​បាន​មក​ឯ​យ៉ូសែប​ដោយ​ផ្ដល់​សេចក្ដី​ក្លាហាន​ដល់​លោក​ដើម្បី​រៀបការ​នឹង​នារី​រូប​នេះ​ដែល​មាន​បុត្រ​រួច​ហើយ​យ៉ាង​អាថ៌កំបាំង ជា​បទបញ្ញត្តិ​មួយ​ដែលលោក​បាន​គោរព​តាម​ដោយ​ឥតបង្អង់ និង​ដោយ​ស្មោះត្រង់ ។១៤ បន្ទាប់​ពី​ការ​ប្រសូត​នោះ មាន​ទេវតា​មួយ​អង្គ​បាន​ប្រាប់​ស្វាមី​ភរិយា​វ័យ​ក្មេង​នេះ​ឲ្យ​រត់​ភៀស​ខ្លួន​ចេញ​—ភៀស​ខ្លួន​ពី​អ្វី​ដែល​ជា​ការ​សម្លាប់​រង្គាល​របស់ ស្តេចហេរ៉ូឌ ដល់​កុមារ​គ្មាន​កំហុស ( កុមារ​តូចៗ​ដែល​រងគ្រោះ​ដំបូង​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដែល​ជា​គ្រីស្ទាន ) ហើយ​ដែល​ទេវតា​អង្គ​ដដែល​នោះ​បាន​ប្រាប់​ស្វាមី​ភរិយា​គូ​នោះ នៅពេល​ពួកគាត់​អាច​ត្រឡប់​ពី​ស្រុក​អេស៊ីព្ទ ដើម្បី​ទៅរស់នៅ​ស្រុក​ណាសារ៉ែត​ដ៏​ឆ្ងាយ មិនមែន​នៅ​ក្នុង​ភូមិ​បេថ្លេហិម ឬ​ក្រុង​យេរូសាឡិម​ឡើយ ។១៥ ជាក់ស្តែង ពួកទេវតា​នៅ​ស្ថានសួគ៌​បាន​ជ្រាបដឹង​ច្រើន​ជាង​ជីវិត​រមែងស្លាប់​នៅ​លើ​ផែនដី ទាក់ទង​នឹង​អត្ថន័យ​នៃ​ការប្រសូត និង​បេសកកម្ម​របស់​កុមារ​រូបនេះ ដោយ​មាន​ឈ្មោះថា « [ ទ្រាំទ្រ ] រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង ហើយ​[ បាន​ទទួល ]​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង ៖ … [ ដើម្បី​ត្រូវ ] របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង [ ហើយ ] ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ៖ [ ដើម្បី​ធ្វើ​ឲ្យ​វា​ច្បាស់ថា ] ឯ​ការ​វាយផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ [ ថា ]​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា [ ដោយសារ ]​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់ ។ »១៦

សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ វា​ជា​រឿង​ដ៏​សំខាន់​ដែល​ព្រឹត្តិការណ៍​ទាំង​នេះ​បាន​លាតត្រដាង​នៅ​រាត្រី​នោះ គ្រា​នោះ នៅពេល​ដែល​ភាពនឿយហត់​បាន​រម្សាយ ហើយ​ភាពតានតឹង​ក៏​បាន​សម្រាក នៅពេល​ការអធិស្ឋាន​ត្រូវបាន​ពោលពាក្យ​ពេល​ដែល វិវរណៈ​ត្រូវ​បាន​ទទួល ហើយ​អង្គ​ដ៏​ទេវភាព​ក៏​ហាក់​ដូចជា​កាន់តែ​ខិតជិត ។ ហើយ​មួយ​ឆ្នាំ​ម្តង ពេលយប់​គឺជា​ពេល​ដែល​កុមារ​អាច​បិទ​ភ្នែក​របស់​ពួកគេ​ទាំង​ចិត្ត​រំភើប​ដែល​កំពុង​ពុះ​កញ្ជ្រោល​នៅ​ក្នុង​ចិត្ត​ពួកគេ ដោយ​ដឹង​ថា​ថ្ងៃ​ស្អែក​គឺជា​ព្រឹក​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ ។ ពិតមែនហើយ ទោះ​ជា​មាន​ការ​លំបាក​យ៉ាង​ណា​នៅ​សម័យ​របស់​យើង​ក្តី ក៏​សុបិន​ដ៏​ផ្អែមល្ហែម​នៃ​រាត្រី​នោះ​អាច​ធ្វើ​ឲ្យ​អ្វីៗ​បាន​ប្រសើរ​បាន​ដែរ ។ ដូចដែល​អែលឌើរ ប៉ាលី ភី ប្រាត្ត នៅគ្រា​មួយ​បាន​សរសេរ​ថា ៖

« ព្រះ​បាន​បើក​សម្តែង​សេចក្តី​ណែនាំ សំខាន់ៗ​ជាច្រើន … តាម​មធ្យោបាយ​នៃ​ការសុបិន ។ … [ បន្ទាប់មក ]​សរសៃ​ប្រសាទ​លែង [មាន] ការ​ឈឺចាប់ ហើយ​មនុស្ស​រមែង​ស្លាប់​បាន​ស្ថិត​ក្នុង​ [​ការ​ដេក​លក់​យ៉ាង​ស្ងៀម​ស្ងាត់ ហើយ] … សិរីរាង្គ​ខាង​វិញ្ញាណ … ទាក់ទង​នឹង​ព្រះអាទិទេព … [ ជាមួយ ]​ពួក​ទេវតា ហើយ​[ ជាមួយ ]វិញ្ញាណ​នៃ​មនុស្ស​សុចរិត​បាន​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ » ។១៧

ដូច្នេះ​ហើយ វា​ជា​រាត្រី​ដ៏​អស្ចារ្យ​ដែល​យើង​ងឿងឆ្ងល់​ជាខ្លាំង ដែល​ការពិត​ជា « ក្ដី​សង្ឃឹម និង​ភាព​ភ័យ​ខ្លាច​ជា​យូរមក »​១៨ត្រូវ​បានបំពេញ​នៅ​ក្នុង​សុបិន​នៃ​ភូមិ​បេថ្លេហិម ។

រាត្រី​នោះ​[ នៅ ]​ស្រុក​យូដា

តារា​ដ៏​ចម្លែក​បាន​បញ្ចេញ​រស្មី

បុរស​ខ្វាក់​ម្នាក់​[ ដេក ]ដេក​ទាំង​រសាប់​រសល់​ក្រៃ

ដោយ​ស្រមៃ​ឃើញ​[ ថា ]​ភ្នែក​គាត់​ភ្លឺ ។

រាត្រី​នោះ​ពួក​គង្វាល​ឮ​សូរ​ចម្រៀង

ពួក​ទេវតា​ច្រៀង​នៅ​ក្បែរ​នោះ

បុរស​ថ្លង់​ម្នាក់​ដេក​មិន​លក់​សោះ

ដោយ​ស្រមៃ​ឃើញ​[ ថា ]​គាត់​ស្ដាប់​ឮ។

រាត្រី​នោះ​នៅ​ក្នុង​ក្រោល​សត្វ

ម្ដាយ និង​កុមារ​តូច​បាន​សម្រាក​[យ៉ាង​ស្ងៀម​ស្ងាត់]

បុរស​ខ្វិន​[ មា្នក់ ]​បាន​កម្រើក​ជើង​ខ្លួន

ដោយ​ស្រមៃ​ឃើញ​[ ថា ]​គាត់​[អាច​ដើរ​យ៉ាង​សម​សួន]។

រាត្រី​នោះ​ម៉ារា​ជា​ម្ដាយ​ដ៏​ទន់​ភ្លន់

ក្រោក​ឡើង​អន្រន់​បំពេរ​ទារក​តូច

បុរស​ឃ្លង់​ម្នាក់​បាន​ដេក​ទាំង​ញញឹម

ដោយ​ស្រមៃ​ដឹង​[ ថា]​ខ្លួន​គាត់​ជា​ស្អាត ។

រាត្រី​នោះ​ពេល​បៅ​ដោះ​ម្ដាយ​ទ្រង់

ព្រះរាជ​បុត្រ​តូច​ត្រូវការ​ការពារ​យ៉ាង​ផ្ចិត​ផ្ចង់

ស្រី​ពេស្យា​ម្នាក់​បាន​ដេក​លក់​ទាំង​រីករាយ

ដោយ​ស្រមៃ​[ ថា ]ថា​នាង​បាន​បរិសុទ្ធ ។

រាត្រី​នោះ​ព្រះ​អម្ចាស់​ផ្ទុំ​ក្នុង​ស្នូក

ទ្រង់​ប្រសូត​មក​ដើម្បី​សង្គ្រោះ

បុរស​ម្នាក់​បាន​ស្លាប់​ទៅ

ដោយ​ស្រមៃ​ឃើញ​ថា​គ្មាន​ផ្នូរ​ឡើយ ។១៩

ខ្ញុំ​ទុក​ជា​មួយ​បងប្អូន ជា​អំណោយ​បុណ្យគ្រីស្ទម៉ាស់​របស់​ខ្ញុំ​នូវ ក្តីសុបិន្ត​របស់​បេថ្លេហិម ។ ហើយ​ខ្ញុំ​ធ្វើ​ដូច្នេះ​ក្នុង​ព្រះនាម​ទារក​ដែល​ធ្វើ​ឲ្យ​ក្តីសុបិន្ត​ទាំងអស់​ក្លាយ​ជា​ការពិត សូម្បី​តែ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​អាម៉ែន៕