ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
15nelson


អំណោយ​ដ៏ទេវភាព

ដោយ​ប្រធាន រ័សុល អិម ណិលសុន

ថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២០

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ នេះ​ជា​រាត្រី​ដ៏អស្ចារ្យ​មួយ ។ វិញ្ញាណ​របស់​យើង​ត្រូវបាន​លើកតម្កើង​ដោយ​តន្រ្តី និង​សារលិខិត​ដ៏​ពីរោះ​នេះ ។ ស៊ិស្ទើរ ក្រេវិន រម្សាយ​ដួង​ចិត្ត​យើង​ជាមួយ​នឹង​គំនិត​គាត់​អំពី​ការ​ឱប​ពី​សួគ៌ា និង​ភួយ​នៃ​ការលួង​លោម​ចិត្ត ។ អែលឌើរ នែលសុន បាន​ធ្វើ​ឲ្យ​យើង​រំជួល​ចិត្ត ពេល​លោក​បាន​និទាន​ពី​ជីវិត​របស់​ឪពុក​លោក ដោយសារ​តែ​កាតព្វកិច្ច​យោធា​របស់​គាត់​បាន​ធ្វើ​ឲ្យ​គាត់​គ្មាន​បុណ្យ​គ្រីស្ទម៉ាស់​រយៈពេល​បីឆ្នាំ​ជាប់ៗ​គ្នា ។ អែលឌើរ ហូឡិន បាន​បំផុស​គំនិត​យើង ខណៈពេល​បង្រៀន​អំពី​ព្រះជន្ម​របស់​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ។

ខ្ញុំ​សូម​យក​ឱកាស​នេះ​ដើម្បី​អរគុណ​ចំពោះ​ការឆ្លើយ​តប​របស់​បងប្អូន​ទៅ​នឹង​ការអញ្ជើញ​ថ្មីៗ​នេះ​របស់​ខ្ញុំ​ឲ្យ​ពន្លិច​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាមួយ​នឹង​ការ​សម្ដែង​ការដឹងគុណ​ចំពោះ​ពរជ័យ​ជាច្រើន​របស់យើង ។ មាន​មនុស្ស​រាប់លាន​នាក់​បាន​ឆ្លើយតប ។ ហើយ​ខ្ញុំ​មាន​អំណរគុណ​ជាពិសេស​ដែល​បងប្អូន​កំពុង​តែ​បន្ត​អធិស្ឋាន​រៀងរាល់​ថ្ងៃ​ទៅ​កាន់​ព្រះវរបិតា​សួគ៌​យើង ដើម្បី​អរព្រះគុណ​ទ្រង់​ចំពោះ​ការដឹកនាំ ការការពារ ការបំផុស​គំនិត​របស់​ទ្រង់ ហើយ​សំខាន់​បំផុត​ចំពោះ​អំណោយទាន​នៃ​ព្រះរាជបុត្រា​ដ៏​ស្ងួនភ្ងា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

បុណ្យគ្រីស្ទម៉ាស់​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​អនុស្សាវរីយ៍​ជាច្រើន ។ កាល​ឆ្នាំ​ទៅ វិនឌី និង​ខ្ញុំ​បាន​មាន​ឱកាស​អបអរ​រដូវ​នេះ​ជាមួយ​នឹង​ក្មេងស្រី​តូច​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ ក្លែរ ក្រូសបាយ ដែល​បាន​ច្រៀង​ចម្រៀង​គ្រីស្ទម៉ាស់​ដ៏​ពីរោះ ។ ខ្ញុំ​សូម​ចែកចាយ​ផ្នែក​មួយ​នៃ​វីដេអូ​របស់​យើង​ដែល​បាន​ធ្វើ​សម្រាប់​កម្មវិធី « បំភ្លឺ​ពិភព​លោក » ។

ដូច​ដែល​អែលឌើរ ហូឡិន​បាន​រឮក​ដល់​យើង​ថា យប់​ដ៏​មាន​ពរ​នោះ​កាល​ពី​ជាង​ពីរ​ពាន់​ឆ្នាំ​មុន គឺ​ជា​យប់​មួយ​ដែល​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ​ដោយ​សារ​តែ​ការប្រសូត​របស់​ព្រះ​មួយ​អង្គ​ដែល​ត្រូវ​បាន​តែង​តាំង​ជា​មុន​ដើម្បី​នាំ​យក​សេចក្ដី​សុខសាន្ត​មក​កាន់​ផែនដី​នេះ និង​ដើម្បី​បំផុស​ទង្វើ​ល្អ​នៅ​ក្នុង​ចំណោម​មនុស្ស ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រសូត​មក​ដើម្បី​ប្រទាន​ពរ​ដល់​មនុស្ស​លោក​គ្រប់​រូប​ទាំង​ពី​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល ។

សូម្បី​តែ​ពេល​យើង​ច្រៀង​បទ « យប់​ដ៏សុខសាន្ត » ក៏​យើង​ដឹង​ថា ព្រះជន្ម​របស់​ព្រះឱរស​នៃ​បេថ្លេហិម​មិន​បាន​ចាប់ផ្ដើម​នៅ​ទី​នោះ​ទេ ហើយ​ក៏​មិន​បាន​បញ្ចប់​នៅ​កាល់វ៉ារី​ដែរ ។ ពី​មុន​ជីវិត​នៅ​លើ​ផែនដី ព្រះយេស៊ូវ​ត្រូវ​បាន​ចាក់​ប្រេង​តាំង​ដោយ​ព្រះវរបិតា​របស់​ទ្រង់​ឲ្យ​ធ្វើ​ជា​ព្រះមែស៊ី ព្រះគ្រីស្ទ ព្រះអង្គ​សង្គ្រោះ និង ព្រះ​ប្រោសលោះ​នៃ​មនុស្ស​លោក​ទាំងអស់ ។ ទ្រង់​ត្រូវ​បាន​តែងតាំង​ជាមុន ដើម្បី​ធ្វើ​ដង្វាយធួន​សម្រាប់​យើង ។ ទ្រង់​ត្រូវ​របួស​ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វា​យ​ជាំ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង ។ ទ្រង់​បាន​យាង​មក​ដើម្បី​ធ្វើ​ឲ្យ​អមតភាព​ក្លាយជា​ការពិត ហើយ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​អាច​កើត​មាន​ដល់​មនុស្ស​គ្រប់រូប​ដែល​មាន​ជីវិត​រស់​នៅ ។

ការណ៍​នោះ​មានន័យ​ថា យើង​គ្រប់គ្នា​នឹង​បាន​រស់​ឡើងវិញ—រួម​ទាំង​មនុស្ស​ជាទីស្រឡាញ់​របស់​បងប្អូន​ដែល​បាន​ឃ្លាត​ឆ្ងាយ​ទៅ​នៅ​អំឡុង​ឆ្នាំ​ដ៏​វឹកវរនេះ ហើយ​ដែល​ឥឡូវ​នេះ​រស់នៅ​ផ្នែក​ម្ខាងទៀត​នៃ​វាំង​នន​ផងដែរ ។ វាមានន័យ​ថា យើង​ម្នាក់ៗ​អាច​បន្ត​រីក​ចម្រើន​បាន ។ វាមានន័យ​ថា យើង​អាច​សង្ឃឹម​ចំពោះ​រឿង​ល្អៗ​នៅ​ពេល​ខាង​មុខ ។

តើ​បងប្អូន​ធ្លាប់​ឆ្ងល់​ដែរ​ទេ​ថា ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​បាន​ជ្រើស​រើស​ដើម្បី​ប្រសូត​នៅ​កន្លែង​នោះ ? ទ្រង់​អាច​ប្រសូតនៅ​ទីកន្លែង​ណាក៏បាន​នៅលើ​ផែនដី​នេះ ។ ប៉ុន្តែទ្រង់​បាន​ជ្រើស​រើស​ដែនដី​នោះ ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ ។

ព្រះ​យេស៊ូវ​បាន​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ។ ពាក្យ​នោះ​ជា​ភាសា​ហេព្រើរ​គឺ bet lehem មានន័យ​ថា « ផ្ទះ​នំប៉័ង » ។ វា​សមរម្យ​ខ្លាំង​ណាស់​ដែល​ទ្រង់​មាន​ដើម​កំណើត​មក​ពី « ផ្ទះ​នំប៉័ង » ដោយសារ​ទ្រង់​គឺជា « នំប៉័ង​ជីវិត » ។

ការ​ប្រសូត​របស់​ទ្រង់​បាន​កើត​ឡើង​ក្នុង​ស្ថានភាព​ដ៏​រាបសា​ក្នុង​ចំណោម​សត្វពាហនៈ ។ « កូនចៀម​នៃ​ព្រះ »បាន​ប្រសូត​នៅ​ទីនោះ​អំឡុង​រដូវ​បុណ្យរំលង​ក្នុង​ចំណោម​សត្វពាហនៈ ដែល​បាន​រៀបចំ​ជា​យញ្ញបូជា​សម្រាប់​បុណ្យ​ចម្លង ។ ហើយ​នៅថ្ងៃ​មួយ ទ្រង់​បាន « ដូច​ជា​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​សម្លាប់ » ។ ទ្រង់​គឺ ជា​កូនចៀម​ផង និង​ជា​អ្នកគង្វាល​ផង ។

នៅ​ឯការ​ប្រសូត​របស់​ទ្រង់ ដែល​ត្រូវ​បាន​ហៅ​ថា « អ្នក​គង្វាល​ល្អ »​ នោះ​ពួក​អ្នក​គង្វាល​គឺជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ទទួល​ការ​ប្រកាស​អំពី​ការ​ប្រសូត​ដ៏​បរិសុទ្ធ​រ​បស់​ទ្រង់ ។

នៅ​ឯការ​ប្រសូត​នៃ​ទ្រង់ ដែល​ត្រូវ​បាន​ហៅ​ថា « ផ្កាយព្រឹក​ដ៏ភ្លឺ​ចិញ្ចែង »១០ នោះ​មាន​ផ្កាយ​ថ្មី​មួយ​បាន​រះ​ឡើង​នៅលើ​មេឃ។១១

នៅ​ឯការ​ប្រសូត​នៃ​ទ្រង់ ដែល​បាន​ហៅ​អង្គ​ទ្រង់​ថា​ជា « ពន្លឺ​លោកិយ៍ »១២ នោះ​គ្មាន​សេចក្ដីងងឹត​នៅ​ទូទាំង​ពិភពលោក ដែល​ជា​ទីសម្គាល់​នៃ​ការ​ប្រសូត​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។១៣

ព្រះយេស៊ូវ​បាន​ជ្រមុជទឹក​នៅ​ក្នុង​ទឹកទន្លេ​ដ៏​ទាប​បំផុត​នៅ​លើ​ផែនដី ជា​តំណាង​ឲ្យ​ជម្រៅ​ដែល​ទ្រង់​នឹង​ចូល​ទៅ​ដើម្បី​សង្គ្រោះ​យើង ហើយ​ដែល​ទ្រង់​នឹង​យាង​ក្រោក​ឡើង​លើស​អ្វីៗ​ទាំងអស់—ដើម្បី​សង្គ្រោះយើង​ម្ដងទៀត ។១៤ ទ្រង់​បាន​បង្រៀន​ចេញ ពី​គំរូ​របស់​ទ្រង់​ថា យើង​ក៏​អាច​ក្រោក​ចេញ​ពី​ជម្រៅ​នៃ​ឧបសគ្គ​ផ្ទាល់​ខ្លួន​របស់​យើង​ម្នាក់ៗ​ផង​ដែរ​—ដូច ជា ភាព​សោកសៅ ភាព​ទន់ខ្សោយ និង​ការព្រួយ​បារម្ភ​របស់​យើង ដើម្បី​ឈាន​ទៅ​ដល់​ទីខ្ពស់​នៃ​សក្ដានុពល​ដ៏​រុង​រឿង និង​ជោគវាសនា​ដ៏​ទេវភាព​របស់​យើង​ផ្ទាល់ ។ ការណ៍​ទាំង​នេះ​អាច​កើត​ឡើង​តែ​តាមរយៈ​សេចក្ដី​មេត្តា​ករុណា និង​ព្រះគុណ​របស់​ទ្រង់​ប៉ុណ្ណោះ ។

នៅ​ទីរហោស្ថាន​នៃ​វាល ខ្សាច់​ដ៏​ស្ងួត​ហែង ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​មេរៀន​ដែល​អាច​យល់ បាន​យ៉ាងពេញ​លេញ​តែ​ចំពោះ​អ្នក​ដែល​បាន​ដឹង​ពី​អត្ថន័យ​នៃ​ការ​ស្រេក​ឃ្លាន​ប៉ុណ្ណោះ ។

ដល់​ស្ត្រី​នៅ​ឯ​អណ្ដូង​ទឹក ព្រះយេស៊ូវ​បាន​បង្រៀន​ថា ៖

« អស់​អ្នក​ណា​ដែល​ផឹក​ទឹក​នេះ នឹង​ត្រូវ​ស្រេក​ទៀត ៖

« តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ​នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ​នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ​ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច » ។១៥

បទគម្ពីរ​នេះ​រឭកខ្ញុំ​ពី​បទពិសោធន៍​ដ៏​ទន់ភ្លន់​មួយ​ដែល​ខ្ញុំ​មាន​ជាមួយ​នឹង​អែលឌើរ ម៉ាក អ៊ី ភីធើរសិន ។១៦ នៅពេលនោះ លោក​គឺជា​សមាជិក​មួយ​រូប​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ ហើយ​ពីមុន​ការហៅ​របស់​ខ្ញុំ​ទៅ​ក្នុង​កូរ៉ុម​នោះ ខ្ញុំ​បាន​មាន​ឯកសិទ្ធិ​អម​ដំណើរ​លោក​ទៅ​កាន់​ដែនដី​ដ៏​បរិសុទ្ធ​នោះ ដែល​ជា​ដំណើរ​ចុង​ក្រោយ​របស់​លោក​ក្នុង​ជីវិត​រមែង​ស្លាប់ ។

អែលឌើរ ភីធើរសិន បាន​រងទុក្ខ​យ៉ាង​ខ្លាំង​ដោយសារ​ជំងឺ​មហារីក ។ អំឡុង​ពេល​យប់​ដែល​លោក​មានការ​ឈឺចាប់​យ៉ាង​យូរ ខ្ញុំ​បាន​ព្យាយាម​អស់​ពី​លទ្ធភាព​ដើម្បី​លួង​លោម​លោក ។ ខ្ញុំ​បាន​ឃើញ​ថា លោក​អាច​បរិភោគ​អាហារ និង​ទទួល​ទាន​ទឹក​តិច​តួច បំផុត ។ នៅ​ថ្ងៃ​បន្ទាប់ លោក​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​មួយ ។

ពេល​ព្រឹក​បាន​មក​ដល់ ។ អែលឌើរ ភីធើរសិន បាន​ទៅ​មាត់​ទន្លេ​កាលីឡេ​ភាគ​ខាង​ជើង​ដោយ​ក្លាហាន ជា​កន្លែង​ដែល​ក្រុម​ជំនុំ​មួយ​ក្រុម​ធំ​បាន​រង់​ចាំ​លោក ។ លោក​បាន​ជ្រើស​បង្រៀន​ចេញ​ពី​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅលើ​ភ្នំ​នោះ ។ ពេល​អែលឌើរ ភីធើរសិន បាន​សូត្រ​បទគម្ពីរ « មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​នូវ​សេចក្តី​សុចរិត »​១៧នោះ​លោក​បាន​ស្រក់​ទឹក​ភ្នែក ។ លោក​បាន​ដាក់​កំណត់​ចំណាំ​លោក​ទៅ​ម្ខាង ងើយ​មើល​ទៅ​លើ ហើយ​សួរ​ថា « តើ​បងប្អូន ពិតជា ដឹង​ពី​អត្ថន័យ​នៃ​ការ ស្រេក និងការ ឃ្លានដែរ​ឬទេ ? » ខ្ញុំ​បាន​ដឹង​ថា លោក ពិតជា បាន​ដឹង​មែន ។ បន្ទាប់​មក លោក​បា​នបង្រៀន​ថា « ពេល​បងប្អូន​ពិត​ជា​ស្រេក​ឃ្លាន​នូវ​សេចក្ដី​សុចរិត នោះ​បងប្អូន​អាច​ក្លាយ​កាន់​តែ​ដូចជា​ព្រះគ្រីស្ទ » ។ អែលឌើរ ភីធើរសិន គឺជា​គំរូ​ដ៏​រស់រវើក​មួយ​នៃ​ការបង្រៀន​នោះ ។ ក្រោយ​មក​មិន​យូរ​ប៉ុន្មាន លោក​បាន​បញ្ចប់​ជីវិត​រមែង​ស្លាប់​នេះ ។១៨

នៅពេល​ណា​ដែល​ខ្ញុំ​សញ្ជឹង​គិត​ពី​ការ​ស្រេក​ឃ្លាន​នូវ​សេចក្ដី​សុចរិត នោះ​ខ្ញុំ​គិត​ដល់​សាវក​ដ៏​គួរ​ឲ្យ​គោរព​រូប​នេះ ដែល​បាន​ឧទ្ទិស​ការបង្រៀន​ចុងក្រោយ​មួយ​របស់​លោក​ដើម្បី​បង្រៀន​ពី​អត្ថន័យ ពិត នៃ​ការស្វែងរក​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ការស្រេកឃ្លាន​នូវ​សេចក្ដី​សុចរិត និង​ការប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។

នៅ​ឆ្នាំនេះ ស៊ិស្ទើរ ណិលសុន និង​ខ្ញុំ​បាន​ចាប់ផ្ដើម​លឿន​ក្នុង​កិច្ចការ​នៃ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្រួសារ​របស់​យើង​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់ ។ នៅដើម​ខែ​វិច្ឆិកា វិនឌី​បាន​ប្រកាស​ថា យើង​រួចរាល់​ហើយ​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់ ។ ការ​ឆ្លើយតប​ភ្លាមៗ​របស់​ខ្ញុំ​គឺ​« អូ៎! ល្អ ឥឡូវ យើង​អាច​ផ្ដោត​លើ​ព្រះអង្គ សង្គ្រោះ » ។

នៅ​ឆ្នាំ​ដ៏​វឹកវរនេះ ពេលដែល​មនុស្ស​គ្រប់រូប​នៅ​ទូទាំង​ពិភព​លោក​បាន​រងទុក្ខ​នូវ​ជំងឺ​រាតត្បាត​ជាសាកល នោះ​គ្មាន​រឿង​ណា​ដែល​យើង​អាច​ធ្វើ​បាន​នៅ​បុណ្យ​គ្រីស្ទម៉ាស់​នេះ ជាង​ការផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង និង​លើ​អំណោយ​នៃ​អត្ថន័យ​ពិត​នៃ​ព្រះជន្ម​របស់​ទ្រង់​ចំពោះ​យើង​ម្នាក់ៗ​ឡើយ ។

ព្រះ​វរបិតា​សួគ៌​ជា​ទីស្រឡាញ់​របស់​យើង « ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់ ប្រទាន ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ » ។១៩

បន្ទាប់មក ព្រះរាជ​បុត្រា​នៃ​ព្រះ​បាន​សន្យា​នឹង​យើង​ថា « ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ » ។ ២០ឱ នោះ​ជា អំណោយទាន មក​ពី​ព្រះវរបិតា និង​ព្រះរាជ​បុត្រា​ដែល​មាន​តម្លៃ​ដ៏​ធំធេង !

ខ្ញុំ​អរព្រះគុណ​ព្រះ​ចំពោះ​អំណោយ​នៃ​ព្រះរាជបុត្រា​ដ៏ស្ងួនភ្ញា​របស់​ទ្រង់ ។ ហើយ​ខ្ញុំ​អរព្រះគុណ​ចំពោះ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​របស់​យើង​ចំពោះ​ពលិកម្ម និង​បេសកកម្ម​របស់​ទ្រង់​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន ។ នៅ​ការយាង​មក​ជាលើក​ទីមួយ​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​យាង​មក​ស្ទើរតែ​ដោយ​សេចក្ដី​អាថ៌កំបាំង ។ ប៉ុន្តែ​នៅ​ឯ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ នោះ​សិរីល្អ​របស់​ព្រះអម្ចាស់ « នឹង​សម្ដែង​មក គ្រប់​មនុស្ស​ទាំងឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា » ។២១ បន្ទាប់មក ទ្រង់​នឹង « គ្រង​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់ » ។២២

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ឥឡូវនេះ ក្នុង​នាម​ជា​អ្នកបម្រើ​ដែល​មាន​សិទ្ធិ​អំណាច​មួយ​រូប​របស់​ព្រះអង្គ​សង្គ្រោះ ខ្ញុំ​សូម​ផ្ដល់​ពរជ័យ​មួយ​ដល់​បងប្អូន​ម្នាក់ៗ ។ សូម​ឲ្យ​បងប្អូន និង​ក្រុម​គ្រួសារ​បងប្អូន​មាន​ពរ​ជាមួយ​នឹង​សេចក្ដី​សុខសាន្ត សមត្ថភាព​កើន​ឡើង​ដើម្បី​ស្ដាប់​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ហើយ​ទទួល​វិវរណៈ​ជាមួយ​នឹង​ការបង្កើន​សមត្ថភាព​ដឹង​ពី​ទំហំ​នៃ​សេចក្ដី​ស្រឡាញ់ និង​ការខ្វល់ខ្វាយ​ដែល​ព្រះវរបិតា​យើង និង​ព្រះរាជបុត្រា​ទ្រង់​មាន​ចំពោះ​បងប្អូន ហើយ​ត្រៀម​ព្រះកាយ​ដើម្បី​ដឹកនាំ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់​ទាំង​ទ្វេ ។ ខ្ញុំ​សូម​ថ្លែង​ស្រប​នឹង​សម្ដី​របស់​មរ៉ូណៃ ហើយ « ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​ស្វែងរក​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ពួក​ព្យាការី និង​ពួក​សាវក​បាន​សរសេរ​មក​នេះ សូម​ឲ្យ​ព្រះគុណ​នៃ​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ … អាច​មក​សណ្ឋិត​នៅក្នុង​អ្នករហូត​ត​ទៅ » ។២៣ ខ្ញុំ​សូម​អធិស្ឋាន​សម្រាប់​ពរជ័យ​នេះ ក្នុងព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕