២០១៣
សូម​អនុវត្ត​ផ្នែកអ្នក​ឲ្យ​បាន​ល្អប្រពៃ
Oct 2013


សូម​អនុវត្ត​ផ្នែកអ្នក​​​ឲ្យ​បាន​ល្អប្រពៃ

ដក​ស្រង់​ចេញ​ពី​ការ​ប្រជុំ​របស់​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​សម្រាប់​ពួក​មជ្ឈិមវ័យ​វ័យ​ក្មេង​ធ្វើ​ឡើង​នៅ​សកលវិទ្យាល័យ​ព្រិកហាំ យ៉ង់–អៃដាហូ នៅថ្ងៃ​ទី 4 ខែ មិនា ឆ្នាំ 2012 ។ សម្រាប់​អត្ថបទ​ទាំង​ស្រុង​ជា​ភាសា​អង់​គ្លេស សូម​ចូល​ទៅ​កាន់ lds.org/broadcasts/archive/ces-devotionals/2012/01?lang=eng ។

រូបភាព
អែលឌើរ ឃ្វីនធិន អិល ឃុក

ចូរ​ធ្វើ​ជា​មនុស្ស​សុចរិត ។ ស្ថាបនា​គ្រួសារ​មួយ ។ សូម​ស្វែង​រក​វិធី​ផ្គត់ផ្គង់​មួយ​ដ៏​សមរម្យ ។ បម្រើ​នៅ​ពេល​បាន​ហៅ ។ រៀបចំ​ខ្លួនជួប​នឹង​ព្រះ ។

ប្រធាន ដេវីឌ អូ មិកឃេ ( 1873–1970 ) ជា​រឿយៗ បាន​លើក​ឡើង​ពី​ដំណើរ​រឿង​មួយ​ដែល​​បាន​កើត​ឡើង នៅ​ពេល​លោក​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​បម្រើ​នៅ​ប្រទេស​ស្កត់ឡែន ។ លោក​មាន​អារម្មណ៍​នឹក​ផ្ទះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​លោក​បានបម្រើ​បេសកកម្ម​មួយ​រយៈពេល​​ខ្លី ហើយ​បាន​ចំណាយ​ពេល​ពីរបី​ម៉ោង​ដើម្បី​ដើរ​មើល​ប្រាសាទ​ស្ទើលឡីង​នៅ​ក្បែរ​នោះ ។ នៅ​ពេល​លោក ហើយ​និង​ដៃ​គូរ​បាន​ត្រលប់​មក​ពី​ការ​ដើរ​មើល​ប្រាសាទ​នោះ​វិញ ពួកគាត់​ដើរ​កាត់​អគារ​មួយ​ដែល​មាន​ពាក្យ​ស្លាក​មួយ​ចារិក​នៅលើ​ផ្ទាំង​ថ្មី​លើ​មាត់​ទ្វារ ជា​ពាក្យ​ស្លោក​របស់​លោក​ស្ហេកស្ពាដែល​ថ្លែង​ថា « ទោះបី​អ្នក​ជា​អ្វី​ក៏​ដោយ សូម​ធ្វើ​ផ្នែក​របស់​អ្នក​ឲ្យ​បាន​ល្អ » ។

ដោយ​នឹក​ចាំ​ពី​បទពិសោធន៍​នេះ ប្រធាន មិកឃេ បាន​ពន្យល់ថា ៖ « ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯងឬ​មាន​ព្រះវិញ្ញាណ​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ថា ‹ អ្នក​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ជាង​នោះ​ទៅ​ទៀត អ្នក​នៅ​ទីនេះ​គឺ​ជា​អ្នក​តំណាង​ឲ្យ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​បាន​ទទួល​យក​ទំនួល​ខុសត្រូវ​ជា​អ្នក​តំណាង​ម្នាក់​របស់​សាសនាចក្រ​នេះ › ។ បន្ទាប់​មក​ខ្ញុំ​បាន​គិត [ ពី ] អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​ព្រឹក​នោះ ។ យើង​បាន​ដើរ​ទស្សនា​កម្សាន្ត យើង​បាន​ទទួល​ការណែនាំ និង​ព័ត៌មាន​អំពី​ប្រវត្តិសាស្ត្រ វា​គឺជា​ការ​ពិត ហើយ​ខ្ញុំ​មាន​ចិត្ត​រំភើប​នឹង​កិច្ចការ​នេះ ។ … ទោះ​ជា​យ៉ាង នោះ​ពុំ​មែន​ជា​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ឡើយ ។ … ខ្ញុំ​បាន​ទទួល​យក​សារលិខិត​ដែល​បាន​ផ្ដល់​មក​ឲ្យ​ខ្ញុំ​នៅ​លើ​ផ្ទាំង​ថ្ម​នោះ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក យើង​បាន​ព្យាយាម​ធ្វើ​ផ្នែក​របស់​យើង​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​ប្រទេស​ស្កត់ឡែន » ។1

សារលិខិត​នេះ​មាន​សារៈសំខាន់​ណាស់ ហើយ​វា​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​រូប​លោក រហូត​ដល់​ប្រធាន មិកឃេ បាន​ប្រើ​សារលិខិត​នោះ​ជា​ការ​បំផុស​គំនិត​ពេញ​មួយ​ជីវិត​របស់​លោក ។ លោក​បាន​តាំង​ចិត្ត​ថា ទំនួល​ខុសត្រូវ​អ្វី​ក៏ដោយ​ដែល​លោក​មាន លោក​នឹងបំពេញតាម​ផ្នែក​របស់​លោក​ឲ្យ​បាន​ល្អ​បំផុត ។

ជៀសវាងបញ្ចេញអាកប្បកិរិយាមិនត្រឹមត្រូវ

នៅ​ក្នុង​ទិដ្ឋភាព​នៃ​សក្ដានុពល​ដ៏​ធំ​សម្បើម​សម្រាប់​សេចក្ដី​ល្អ ដែល​អ្នករាល់គ្នា​ជា​ក្មេង​ជំនាន់​ក្រោយ​របស់​សាសនាចក្រ​មាន តើ​អ្វី​ទៅ​ជា​កង្វល់​របស់​ខ្ញុំ​ចំពោះ​អនាគត​របស់​អ្នក ? តើ​អ្វី​ទៅ​ជា​ការទូន្មាន​ដែល​ខ្ញុំ​អាច​ផ្ដល់​ដល់​អ្នក ? ទី​មួយ អ្នក​នឹង​ប្រឈម​មុខ​នឹង​សម្ពាធ​ដ៏​ធំ​ ដើម្បី​សម្ដែង​ចេញ​នូវ​អាកប្បកិរិយា—ថែម​ទាំង​ពាក់​ស្រោម​​មុខ—ក្លាយ​ទៅ​ជា​មនុស្ស​ណា​ម្នាក់​ទៀត​ដែល​ពុំ​មែន​ជា​រូប​អ្នក ឬ​ថា​ជា​លក្ខណៈសម្បត្តិមួយ​ដែល​អ្នក​ចង់​បង្ហាញ​នោះ​ឡើយ ។

នៅ​ដើម​ប្រវត្តិសាស្ត្រ​របស់​សាសនាចក្រ ព្យាការី យ៉ូសែប អិមម៉ា និង​កូន​ភ្លោះ​ពីរ​នាក់​ដែល​មាន​អាយុ 11 ខែ របស់​ពួក​គាត់ ឈ្មោះ​យ៉ូសែប និង​ជូលា បាន​រស់​នៅ​ភូមិ​ហៃរាំ រដ្ឋ​អូហៃអូ ក្នុង​ផ្ទះ​របស់ចន និង​អាលីស ចនសិន ។ កូន​ទាំង​ពីរ​នាក់​នោះ​បាន​កើត​ជំងឺ​កញ្ច្រិល ។ យ៉ូសែប និង​កូន​ប្រុស​តូច​របស់​លោក​បាន​សម្រាក​នៅ​លើ​គ្រែ​រុញ​មួយ​ក្បែរ​ទ្វារ​មុខ​ផ្ទះ ។

នៅយប់​នោះ មាន​បុរស​មួយ​ក្រុម​លាប​មុខ​ពណ៌​ខ្មៅ​បាន​ទម្លាយ​ទ្វារ​ចូល​មក ហើយ​បាន​អូស​ព្យាការី​ចេញ​ទៅ​ខាង​ក្រៅ ហើយ​ពួកគេ​បាន​វាយ​ដំ​លោក ព្រម​ទាំង​បាន​ចាក់​ជ័រ​កៅស៊ូ​មក​លើ​រូប​លោក និង​ស៊ីឌនី រិកដុន​ទៀត​ផង ។

ផ្នែក​ដ៏​សោកសៅ​បំផុត​នៃ​ការ​រុកគួន​នេះ​គឺ​ថា យ៉ូសែប​ដែល​ជា​កូន​ត្រូវ​បាន​រង​នូវ​ខ្យល់​នា​ពេល​យប់ ហើយ​បណ្ដាល​ឲ្យ​មាន​ជំងឺ​ផ្ដាសាយ​ធ្ងន់ធ្ងរ នៅ​ពេល​ឪពុក​ខ្លួន​ត្រូវ​បាន​គេ​អូស​ចេញ​ទៅ​ខាង​ក្រៅ ។ ជា​លទ្ធផល គាត់​បាន​ស្លាប់​នៅ​ពីរ​បី​ថ្ងៃ​ក្រោយ​មក ។2

ពួក​អ្នក​ដែល​បាន​ចូល​រួម​ធ្វើ​បាប​ដល់​ព្យាការី និង​បងប្រុស​របស់​លោក​ហៃ​រុម​ក៏​បានលាប​មុខ​របស់​ពួកគេ​ដើម្បី​បិទបាំង​ពី​អត្តសញ្ញាណ​ពិត​របស់​ខ្លួន ។3

នៅ​សម័យ​របស់​យើង នៅ​ពេល​ការ​លាក់កំបាំង​ពី​អត្តសញ្ញាណ​ពិត​របស់​យើង​ គឺ​ជា​រឿង​ដ៏​ងាយ​ស្រួល​បំផុត នោះ​មាន​គោលការណ៍​ដ៏​សំខាន់ៗ​ ដែល​​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​មិន​ពាក់​ស្រោម​មុខ និង​​ការ​មាន​ « ភក្ដីភាព​ចំពោះ​សេចក្ដី​ជំនឿ … ​ដែល​បាន​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ស្លាប់ » ។4

ការ​ការ​ពារ​ដ៏​ធំ​បំផុត​មួយ​របស់​អ្នក​ប្រឆាំង​នឹង​ការ​ជ្រើស​រើស​មិន​ត្រឹមត្រូវ គឺ​ការ​មិន​ពាក់​ស្រោម​មុខ​ណា​មួយ​ដើម្បី​លាក់​បាំង​ពី​អត្តសញ្ញាណ​ពិត​របស់​ខ្លួន​ ។ ប្រសិន​បើ​អ្នក​ដឹងថា​ខ្លួន​ឯង​ចង់​ធ្វើ​រឿង​បែប​នោះ សូម​ដឹង​ថា​វា​ជា​សញ្ញា​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់​ធ្ងរ​មួយ ហើយ​ជា​ឧបករណ៍​មួយ​របស់​មារសត្រូវ ដើម្បី​អូស​ទាញ​អ្នក​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​អ្នក​ពុំ​គួរ​ធ្វើ ។

វា​គឺជា​រឿង​ធម្មតា​សម្រាប់​ពេល​សព្វ​ថ្ងៃ​នេះ ដើម្បី​លាក់​អត្តសញ្ញាណ​របស់​ខ្លួន នៅ​ពេល​សរសេរ​ការ​ទំនាក់ទំនង ​ពី​ការ​ស្អប់ ការ​ឈឺចាប់ ការ​ងងឹត​ងងល់​តាម​អ៊ិនធើរណែត​ដោយ​អនាមិក ។ មាន​មនុស្ស​មួយ​ចំនួន​បាន​ហៅ​វា​ថាកំហឹង ។

សាវក​ប៉ុល​បាន​សរសេរ​ថា ៖

« កុំ​ឲ្យ​ច្រឡំ​ឡើយ ពីព្រោះ​ពួក​ម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ ។

« ចូរ​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ខាង​ឯ​សេចក្ដី​សុចរិត​ចុះ កុំ​ឲ្យ​ធ្វើ​បាប​ឡើយ ត្បិត​អ្នករាល់គ្នា​ខ្លះ​មិន​ស្គាល់​ព្រះ​ទេ » ( កូរិនថូស​ទី 1 15:33–34 ) ។

វា​គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ទំនាក់ទំនង​អាក្រក់​ពុំ​មែន​គ្រាន់​តែ​ជា​បញ្ហា​នៃ​កិរិយា​អាក្រក់​មួយ​នោះ​ទេ ។ ប្រសិន​បើ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ធ្វើ​ដូច្នេះ នោះ​វា​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ជន​ដែល​គ្មាន​ចំណេះដឹង​ពី​ព្រះ ឬ​ទីបន្ទាល់​ពី​ព្រះអង្គ​សង្គ្រោះ ។

ការ​ប្រើ​អ៊ិនធើរណែត​ដើម្បីបំផ្លាញ​កេរ្តិ៍​ឈ្មោះ ឬ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មនុស្ស​អាក្រក់​ដោយ​ប្រការ​ណា​មួយ​គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ ។ អ្វី​ដែល​យើង​កំពុង​មើល​ឃើញ​នៅ​ក្នុង​សង្គម​គឺ​ថា នៅ​ពេល​មនុស្ស​ពាក់​ស្រោម​មុខ​អនាមិក ពួកគេ​ចូល​ចិត្ត​បញ្ចេញ​​ឥរិយាបថ​បែប​នេះ ដែល​ជា​ការ​បំផ្លិច​បំផ្លាញ​ដ៏​ធំ​ដល់​ការ​បញ្ចេញ​យោបល់​របស់​មនុស្ស​ទូទៅ ។ វា​ក៏​រំលោភបំពាន​ដល់​គោលការណ៍​មូលដ្ឋាន ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ផង​ដែរ ។

ព្រះអង្គ​សង្គ្រោះ​បាន​ពន្យល់​ថា ទ្រង់​ពុំ​បាន​យាង​មក​ដើម្បី​ផ្តន្ទាទោស​ដល់​លោកិយ​នេះ​ទេ ប៉ុន្តែ​ដើម្បី​មក​សង្គ្រោះ​ដល់​លោកិយ​វិញ ។ បន្ទាប់​មក​ទ្រង់​បាន​រៀបរាប់ពី​អត្ថន័យ​នៃ​ការ​ផ្ដន្ទា​ទោស​ថា ៖

« ហើយ​ទោស​នេះ​គឺ​ថា ពន្លឺ​បាន​មក​ក្នុង​លោកិយ តែ​មនុស្ស​លោក​ចូល​ចិត្ត​នឹង​សេចក្ដីងងឹត​ជាជាង​ពន្លឺ ពីព្រោះ​អំពើ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​អាក្រក់ ។

« ត្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​តែង​ស្អប់​ដល់​ពន្លឺ ហើយ​មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​បាន​បើក​ឲ្យ​ឃើញ ។

« តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​វិញ នោះ​តែង​មក​ឯ​ពន្លឺ ដើម្បី​ឲ្យ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​បាន​សម្តែង​មក​ឲ្យ​ដឹង​ថា បាន​ធ្វើ​ដោយ​ព្រះ » ។ ( យ៉ូហាន 3:19–21, សូម​មើល​ផង​ដែរ ខ 17–18 ) ។

ពួក​សុចរិត​ពុំ​ចាំបាច់​ត្រូវ​ពាក់​ស្រោម​មុខ ​ដើម្បី​លាក់​បាំង​ពី​អត្តសញ្ញាណ​របស់​ខ្លួន​ឡើយ ។

ប្រព្រឹត្ត​ស្រប​តាម​ជំនឿ​ពិត​របស់​អ្នក

អ្នក​ប្រព្រឹត្ត​ស្រប​តាម​ជំនឿ​ពិត​របស់​អ្នក​ ដោយ​ចំណាយ​ពេលវេលា​របស់​អ្នក​ទៅ​លើ​រឿង​ទាំងឡាយ​ដែល​នឹង​កសាង ហើយ​អភិវឌ្ឍ​អាកប្បកិរិយា​របស់​អ្នក ព្រមទាំង​ជួយ​ឲ្យ​ក្លាយ​ដូចជា​ព្រះគ្រីស្ទ​ទៀតផង ។ ខ្ញុំ​សង្ឃឹម​ថា ក្នុង​ចំណោម​អ្នករាល់គ្នា​គ្មាន​នរណា​ម្នាក់​មើល​ជីវិត​គ្រាន់​តែ​ជា​ការ​សប្បាយ និង​ល្បែង​នោះ​ឡើយ ផ្ទុយ​ទៅវិញ​ថា​អ្នក​នឹង​មើល​វា​ថា​ជា​ពេលវេលា​មួយ​ដើម្បី « ប្រុង​ប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ » ( អាលម៉ា 34:32 ) ។

គំរូ​ដ៏​អស្ចារ្យ​មួយ​នៃ​ការ​ធ្វើ​ផ្នែក​របស់​អ្នក និង​ការ​ប្រើ​ពេលវេលា​ឲ្យ​បាន​សមរម្យ​គឺ​មាន​នៅ​ក្នុង​ជីវិត​របស់​អែលឌើរ អិល ថម ភែរី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ នៅ​ពេល​លោក​ជា​ទាហាន​ជើង​ទឹក​មួយ​រូប លោក​ស្ថិត​ក្នុង​ពលទ័ព​សហរដ្ឋ​ ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ជប៉ុន​នា​សង្គ្រាម​លោក​លើក​ទី II ។ អែលឌើរ ភែរី បាន​ចែក​ចាយ​ដំណើរ​រឿង​នេះ​ នៅ​ពេល​លោកបាន​កត់ត្រា​នូវ​សាក្សី​ពិសេស​របស់​លោក​ពី​ព្រះអង្គ​សង្គ្រោះ ។

« ខ្ញុំ​ស្ថិត​នៅ​ក្នុង​កងទ័ព​ជើងទឹក​ក្រុម​ទីមួយ ដើម្បី​ទៅ​កាន់​ប្រទេសជប៉ុន បន្ទាប់​ពី​ការ​ចុះ ហត្ថលេខា​កិច្ចព្រមព្រៀង​សន្តិភាព បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី II ។ ពេល​ចូល​ទៅ​ដល់ ទីក្រុងណាហ្គាសាគី ឃើញ​ទីក្រុងហិនហោច​អស់ នោះ​គឺ​ជា​បទពិសោធន៍​ដ៏​សោក​សៅបំផុត ក្នុង​ជីវិត​របស់​ខ្ញុំ ។ មួយ​ផ្នែក​ធំ​នៃ​ទីក្រុង​ត្រូវ បាន​បំផ្លាញ​ស្ទើរ​តែ​ទាំងស្រុង ។ សាក​សព​មួយ​ចំនួន​មិន​ទាន់​បាន​បញ្ចុះ​នៅ​ឡើយ ។ ក្នុង​នាម​ជា​ទាហានជំនាញ យើង​បាន​រៀបចំ​ទីស្នាក់ការ​កណ្ដាល​នានា ហើយ​ចេញ​ទៅ​ធ្វើការ ។

« ស្ថានភាព​នោះ​ងងឹត​អាប់អួរ​ណាស់ ហើយ​ពួក​យើង​មួយ​ចំនួន​ចង់​ធ្វើការ ឲ្យ​បាន​ច្រើន​ជាង​នោះ ។ យើងបានទៅជួបបព្វជិត​ ហើយក្រុមយើងបានសុំការអនុញ្ញាត ដើម្បីជួយសង់​ព្រះវិហារគ្រីស្ទានសារឡើងវិញ ។ ដោយសារ​ការដាក់កំហិត របស់​រដ្ឋាភិបាល​យ៉ាង​តឹងរឹង​អំឡុង​ពេល​សង្គ្រាម នោះ​ព្រះវិហារ​ទាំងនេះ​ស្ទើរ​តែ​ឈប់​ដំណើរការ ។ អគារ​មួយ​ចំនួន​របស់​ពួកគេ ត្រូវ​ខូចខាត​យ៉ាង​ច្រើន​ក្រៃលែង ។ ពួក​យើង​មួយ​ក្រុម​បានស្មគ្រ័ចិត្តជួសជុល ហើយលាបកំបោរ​សាលា​ប្រជុំទាំងនោះឡើងវិញ​នៅ​ពេល​ទំនេរ​ពីកាតព្វកិច្ចរបស់យើង ដើម្បីឲ្យមានអគារ​នោះ​សម្រាប់ធ្វើពិធីសម្រាប់ពួកគ្រីស្ទានម្តង​ទៀត ។

« … យើងបានរកឃើញពួកគ្រូគង្វាល ដែលមិនបានធ្វើការបម្រើអំឡុងពេលសង្គ្រាម ហើយ​បានលើកទឹកចិត្តដល់ពួកគេ​ ​ឲ្យ​ត្រឡប់ទៅកាន់ការបម្រើរបស់​ពួកគេវិញ ។ យើងមានបទ​ពិសោធន៍ដ៏អស្ចារ្យ​ជាមួយនឹងប្រជាជនទាំងនេះ នៅពេលពួកគេ​បានទទួលបទពិសោធន៍​ដោយមាន​សេរីភាព​ដើម្បីអនុវត្តជំនឿពួកគ្រីស្ទានរបស់ពួកគេម្តងទៀត ។

«ព្រឹត្តការណ៍មួយ​បានកើតឡើង នៅពេលយើងចាកចេញពីណាហ្គាសាគី​ត្រឡប់មកផ្ទះវិញ ដែលខ្ញុំនៅ តែចងចាំជានិច្ច ។ នៅពេលយើងឡើងជិះរថភ្លើង​ទៅ​កាន់កប៉ាល់​ដើម្បី​យើង​ជិះត្រឡប់មកផ្ទះវិញ ពួកយើងត្រូវបាន​ពួកនាវិក​​ដទៃទៀត​ជាច្រើនចំអន់លេង ។ ពួកគេមាន​មិត្តស្រីនៅជាមួយ ហើយ​ [ បាន ] និយាយលាពួកគេ ។ ពួកគេ​សើច​ចំអក​ដល់​យើង ហើយ​និយាយ​ថា យើង​មិន​បាន​ជួប​នឹង​រឿង​សប្បាយៗ ពេល​នៅ​ក្នុង​ប្រទេសជប៉ុន​ទេ ។ យើង​បាន​ចំណាយ​ពេល​ឥត​ប្រយោជន៍​ទៅ​ធ្វើការលាបកំបោរជញ្ជាំង​ទៅ​វិញ ។

« ពេល​ពួកគេ​កំពុង​តែ​ចំអន់​លេង​កាន់​តែ​ខ្លាំង រថភ្លើង​ធ្វើ​ដំណើរ​ឡើង​ទួល​ទៅ​ជិត​នឹង​ស្ថានីយ៍រថភ្លើង នោះ ស្រាប់​តែ​មាន​ពួកគ្រីស្ទាន​ជនជាតិជប៉ុន​ដ៏​ល្អ​ប្រហែលជា 200 នាក់ មក​ពី​ព្រះវិហារ​ដែល​ពួក​យើង​បាន​ជួសជុលដោយ​ច្រៀង​បទ ‹ Onward, Christian Soldiers › ។ ពួកគេ​បាន​ចុះ​មក ហើយ​ឲ្យ​អំណោយ​ដល់​ពួក​យើង​យ៉ាង​ច្រើន ។ បន្ទាប់​មក​ពួកគេ​ឈរ​ជា​ជួរ​តាម​ដង​ផ្លូវ​រថភ្លើង​នោះ ។ ហើយ​នៅពេល​រថភ្លើង​ចេញ​ដំណើរ​ទៅ យើង​បាន​ហុច​ដៃ​ទៅ​ប៉ះ​នឹង​ម្រាមដៃ​របស់​ពួកគេ ។ យើង​គ្មាន​ពាក្យ​នឹង​ថ្លែង​ឡើយ ព្រោះ​តែ​អួលដើមក ។ ប៉ុន្តែ​យើង​មាន​អំណរគុណ ដែល​យើង​អាច​ជួយ​តាម​របៀប​ដ៏​តូច​មួយ នៅ​ក្នុង​ការស្ថាបនាសាសនា​គ្រីស្ទ ឲ្យ​ជាតិសាសន៍​មួយ​ឡើង​វិញ​បន្ទាប់​ពី​សង្គ្រាម » ។5

សូម​ពិចារណា ហើយ​ធ្វើ​ឲ្យ​មាន​ប្រយោជន៍​នៅ​ក្នុង​ការ​ជ្រើសរើស​ពី​របៀប​ដែល​អ្នក​ប្រើ​ពេល​វេលា​របស់​អ្នក ។ ដូច​អ្នក​អាច​ឃើញ​ពី​គំរូ​របស់​អែលឌើរ ភែរី ខ្ញុំ​ពុំ​បាន​និយាយ​ពី​ការផ្សព្វផ្សាយសាសនា​របស់​អ្នកដល់មនុស្សគ្រប់រូប ឬ​ការ​គ្រាន់​តែ​ស្មោះ​ត្រង់​នោះ​ទេ ។ ការណ៍​នោះ​អាច​ធ្វើ​ឲ្យ​មាន​ភាព​អាម៉ាស់​ចំពោះ​អ្នក និង​សាសនាចក្រ ។ ខ្ញុំ​កំពុង​និយាយ​ពី​អ្នក​ក្លាយ​ជា​អ្វី​ដែល​អ្នក​គួរ​តែ​ប្រែ​ក្លាយ ។

ដាក់​គោលដៅ​សមរម្យ

ការ​ទូន្មាន​ទី​បី​របស់​ខ្ញុំ​ទាក់​ទង​នឹង​គោលដៅ​មួយ​ចំនួន ដែល​អ្នក​គួរ​ធ្វើ​ការ​ពិចារណា ។ ប្រហែល​ជា​ពេល​ជាមួយ​គ្នា​ដែល​អែលឌើរ​ ភែរី​ នៅ​ប្រទេស​ជប៉ុន​ក្នុង​ទ័ព​ជើងទឹក ប្រធាន ប៊យដ៍ ឃេ ផាកកឺ ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ បាន​បម្រើ​នៅ​ប្រទេស​ជប៉ុន​ក្នុង​កងទ័ព​អាកាស​នា​ចុង​បញ្ចប់​សង្គ្រាម​លោក​លើក​ទី II នោះដែរ។

ក្នុង​ឆ្នាំ 2004 ខ្ញុំ​បាន​អប​ដំណើរ​ប្រធាន ផាកកឺ និង​អ្នក​ផ្សេងទៀត​ទៅ​ប្រទេស​ជប៉ុន ។ លោក​បាន​មាន​ឱកាស​រំឭក​ឡើង​វិញ​នូវ​ដំណើរ​មួយ​ចំនួន​របស់​លោក ហើយ​ពិចារណា​ពី​បទពិសោធន៍ និង​ការ​សម្រេច​ចិត្ត​មួយ​ចំនួន​ដែល​លោក​បាន​ធ្វើ​នៅ​ពេល​នោះ ។ ដោយ​មាន​ការ​អនុញ្ញាត​ពី​លោក ខ្ញុំ​សូម​ចែក​ចាយ​ពី​គំនិត និង​អារម្មណ៍​មួយ​ចំនួន​របស់​លោក ។

ប្រធាន​ផាកកឺ បាន​រៀប​រាប់​ពី​បទពិសោធន៍​ដែល​បាន​កើត​ឡើង​នៅ​កោះ​មួយ​ដែល​នៅ​ឆ្ងាយ​ពី​ឈូង​សមុទ្រ​អូគីណាវ៉ា ។ លោក​បាន​ចាត់​ទុក​ថា នេះ​ជា​ភាព​រឹង​មាំ​របស់​លោក​ក្នុង​ទីរហោស្ថាន ។ ការ​រៀបចំ​ខ្លួន​របស់​លោក​ផ្ទាល់ និង​ការ​ជួប​នឹង​សមាជិក​ផ្សេង​ទៀត​បាន​ធ្វើ​ឲ្យ​ជំនឿ​របស់​លោក​លើ​ការ​បង្រៀន​នៃ​ដំណឹងល្អ​កាន់​តែ​ស៊ីជម្រៅ ។ ប៉ុន្តែ​អ្វី​ដែល​លោក​នៅ​ខ្វះ​គឺ​ការ​បញ្ជាក់—ជា​ចំណេះដឹង​ពិត​ប្រាកដ​ពី​អ្វី​ដែល​លោក​បាន​ទទួល​អារម្មណ៍​ថា​ពិត​រួច​ទៅ​ហើយ​នោះ ។

អ្នក​សរសេរ​ជីវប្រវត្តិ​របស់​ប្រធាន​ផាកកឺ​បាន​រៀបរាប់​ពី​អ្វី​ដែល​បាន​កើត​ឡើង​ថា ៖ « ផ្ទុយ​ពី​សេចក្ដី​សុខសាន្ត​នៃ​ការ​បញ្ជាក់​ដែល​លោក​បានស្វែងរក នោះ​លោក​បាន​ប្រឈម​មុខ​ដោយ​ផ្ទាល់​នឹង​ស្ថាននរគ​នៃ​សង្គ្រាម​ប្រឆាំង​នឹង​មនុស្ស​គ្មាន​ទោស ។ ដោយ​ស្វែង​រក​កន្លែង​ស្ងាត់​មួយ​ដើម្បី​គិត មាន​ថ្ងៃ​មួយ​លោក​បាន​ឡើង​ទៅ​លើ​កូន​ភ្នំ​មួយ​ក្នុង​មហា​សមុទ្រ​នោះ ។ នៅ​ទី​នោះ​លោក​បាន​រក​ឃើញ​ផ្ទះ​ចម្ការ​តូច​មួយ និង​វាល​ដាំ​ដំឡូងនៅ​ក្បែរ​នោះ ។ ហើយ​ដោយ​ទម្រេត​ខ្លួន​នៅ​លើ​រុក្ខជាតិ​ដែល​ក្រៀម​ស្វិតនោះ លោក​បាន​ឃើញ​សព​ម្ដាយ និង​កូន​ពីរ​នាក់​ដែល​ត្រូវ​បាន​គេ​សម្លាប់ ។ រូបភាព​នោះ​បាន​ធ្វើ​ឲ្យ​ចិត្ត​លោក​សោកសៅ​យ៉ាង​ខ្លាំង​ លាយ​ឡំ​នឹង​អារម្មណ៍​នៃ​សេចក្ដីស្រឡាញ់​ចំពោះ​​គ្រួសារ​របស់​លោក​ផ្ទាល់ និង​ចំពោះ​ក្រុម​គ្រួសារ​ទាំង​អស់ » ។6

ក្រោយមក​លោក​បាន​ដើរ​ចូល​ទៅ​ក្នុង​ត្រង់សេ​បណ្ដោះ​អាសន្ន​មួយ ជា​ទីកន្លែង​ដែល​លោក​បាន​គិត ពិចារណា ហើយ​បាន​អធិស្ឋាន ។ ដោយ​សម្លឹង​មើល​ពី​ហេតុការណ៍​នេះ​ឡើង​វិញ ប្រធាន​ផាកកឺ​បាន​រៀបរាប់​ពី​អ្វី​ដែល​នឹង​ហៅ​ថា​ជា​ការ​បញ្ជាក់​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ ។ លោក​បាន​ទទួល​អារម្មណ៍​បំផុស​គំនិត​ចំពោះ​អ្វី ​ដែល​លោក​គួរ​ធ្វើ​ក្នុង​ជីវិត​របស់​លោក ។ ពិតណាស់ លោក​ពុំ​បាន​ដឹង​ថា លោក​នឹង​ត្រូវបាន​ហៅ​ក្នុង​ការ​ហៅ​ដ៏​ខ្ពស់ ហើយ​បរិសុទ្ធ​ដែល​លោក​បាន​មាន​នៅ​សព្វ​ថ្ងៃ​នេះ​ឡើយ ។ ទស្សនវិស័យ​របស់​លោក​គឺ​ថា លោក​ចង់​ធ្វើ​ជា​គ្រូប​ង្រៀន​ម្នាក់ ដោយ​គូស​បញ្ជាក់​ពី​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។ លោក​បាន​តាំង​ចិត្ត​ថា លោក​នឹង​រស់​នៅ​ក្នុង​ជីវិត​មួយ​ដ៏សុចរិត ។

លោក​បាន​មាន​គំនិត​ថា លោក​ត្រូវ​រក​ភរិយា​ដ៏​សុចរិត​ម្នាក់ ហើយ​ថា​ពួកគាត់​នឹង​បង្កើត​ក្រុម​គ្រួសារ​មួយ​ដ៏​ធំ​រួម​គ្នា ។ យោធា​វ័យ​ក្មេងរូបនេះ​បាន​ទទួល​ស្គាល់​ថា ការ​ជ្រើស​រើស​អាជីព​របស់​ខ្លួន​នឹង​ទទួល​បាន​ប្រាក់​កម្រៃ​តិចតួច ហើយ​ថា​ភរិយា​ជា​ទី​ស្រឡាញ់​របស់​លោក​នឹង​ត្រូវ​ចែក​ចាយ​អាទិភាព​ដូចគ្នា ហើយ​មាន​ឆន្ទៈ​ដើម្បី​រស់នៅ​ដោយ​គ្មាន​សម្ភារ​មួយ​ចំនួន ។ ស៊ិស្ទើរ ដុនណា ផាកកឺ ជា​ដៃ​គូរ​ដ៏​សក្ដិសម​បំផុត​សម្រាប់ប្រធាន​ផាកកឺ ។ ពួកគាត់​ពុំ​ដែលមាន​ប្រាក់​ច្រើន ប៉ុន្តែ​ក៏​ពុំ​មាន​អារម្មណ៍​ថា​ខ្វះ​ខាត​ដោយ​ប្រការ​ណា​មួយ​ដែរ ។ ពួក​គាត់​​បាន​ចិញ្ចឹម​កូន 10 នាក់ ហើយ​ពួកគាត់​បាន​ធ្វើ​ពលិកម្ម ។ ឥឡូវ​នេះ ពួកគាត់​មាន​ចៅ 60 នាក់ ហើយ​មាន​ចៅ​ទួត​ច្រើន​ជាង 80 នាក់ ។

ខ្ញុំ​ចែកចាយ​ពី​ដំណើរ​រឿង​ពិត​នេះ​ ដោយសារ​ជា​ទូទៅ​គោលដៅ​របស់​យើង​គឺ​ផ្អែក​ទៅ​លើ​អ្វី​ ដែល​ពិភពលោក​នេះ​ឲ្យ​តម្លៃ ។ កត្តា​ដ៏​សំខាន់​គឺ​ជា​រឿង​ដ៏​សាមញ្ញ​ សម្រាប់​សមាជិក​ដែល​បាន​ទទួល​ពិធី​បរិសុទ្ធ​នៃសេចក្ដី​សង្គ្រោះ ។ ចូរ​ធ្វើ​ជា​មនុស្ស​សុចរិត ។ ស្ថាបនា​គ្រួសារ​មួយ ។ សូម​ស្វែង​រក​វិធី​មួយ​សមរម្យ​ដើម្បី​ផ្គត់​ផ្គង់ ។ បម្រើ​នៅ​ពេល​បាន​ហៅ ។ ប្រុងប្រៀប​ខ្លួន​ដើម្បី​ជួប​នឹង​ព្រះ ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិសុទ្ធ​ទេ » ( លូកា 12:15 ) ។

ស្ថាបនា​ប្រទេស និង​សហគមន៍​របស់​អ្នក

បន្ថែម​ទៅ​លើ​ឥរិយាបថ គុណសម្បត្តិ និង​ការ​សម្រេចចិត្ត ​ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​ជំនាន់​ដែល​អ្នក​ចង់​ក្លាយ អ្នក​ត្រូវ​ស្ថាបនា​ប្រទេស និង​សហគមន៍​របស់​អ្នក​ដែល​ជា​កន្លែង​ដែល​អ្នក​រស់​នៅ ។ ជំនាន់​របស់​អ្នក​ត្រូវការ​ពារ​សេចក្ដី​សុចរិត និង​សេរីភាពខាង​សាសនា ។ កេរមរកត​ខាង​យូដា-គ្រីស្ទាន ​ដែល​យើង​មាន​គឺ​ពុំ​មែន​មាន​តម្លៃ​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​វា​មាន​សារៈ​សំខាន់​ចំពោះ​ផែនការ​របស់​ព្រះវរបិតា​យើង ​ដែល​គង់​នៅ​ស្ថាន​សួគ៌​ផង​ដែរ ។ យើង​ត្រូវ​រក្សា​វា​ទុក​សម្រាប់​ជំនាន់​នា​ពេល​អនាគត ។ យើង​ត្រូវ​ចូល​រួម​នឹង​មនុស្ស​ល្អ រួម​បញ្ចូល​ទាំង​ជន​នៃ​ជំនឿ​ទាំង​អស់​ផងដែរ ជា​ពិសេស​ជនដែល​មាន​អារម្មណ៍​ថាការ​ប្រព្រឹត្ត​របស់​ពួកគេ​ត្រូវទទួល​ខុសត្រូវ​នៅ​ចំពោះ​ព្រះ ។ ជន​ទាំងនេះ​ជា​មនុស្ស​ដែល​បាន​យល់​ដឹង​ពី​ការ​ទូន្មាន​ថា « ទោះបី​អ្នក​ជា​អ្វី​ក៏​ដោយ សូមបំពេញ​ផ្នែក​របស់​អ្នក​ឲ្យ​បាន​ល្អ » ។ ការ​លើក​កម្ពស់​ប្រកប​ដោយ​ជោគជ័យ​ចំពោះ​តម្លៃ​ខាង​គ្រីស្ទាន-យូដា និង​សេរីភាព​សាសនា​នឹង​កត់​សម្គាល់​ជំនាន់​របស់​អ្នក​ថា ​ជា​ជំនាន់​ដ៏​អស្ចារ្យ​ដែល​វា​ចាំបាច់​ត្រូវ​មាន ។

រួម​នឹង​ឧបសគ្គ​ដែល​កើត​មាន​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ គណៈប្រធាន​ទី​មួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​មាន​ការព្រួយ​បារម្ភ​ជា​ពិសេស​ថា អ្នក​បាន​ចូលរួម​យ៉ាង​សមរម្យ​នៅ​ក្នុង​ដំណើរ​ការ​ខាង​នយោបាយ​ក្នុង​ប្រទេស​ដែល​អ្នក​រស់​នៅ ។ សាសនាចក្រ​មាន​ភាព​អព្យាក្រឹត្យ​ក្នុង​ការ​ប្រកួត​ប្រជែង​ខាង​នយោបាយ ហើយ​មិន​គាំទ្រ​ដល់​បេក្ខជន ឬ​គណបក្ស​ទាំងឡាយ ។ ប៉ុន្តែ​យើង​ពិតជា​រំពឹង​ទុក​ថា សមាជិក​របស់​យើង​នឹងចូល​រួម​ចំណែក​យ៉ាង​ពេញ​ទំហឹង​ ក្នុង​ការ​គាំទ្រ​ដល់​បេក្ខជន និងគណបក្ស​ដែល​ខ្លួន​ជ្រើសរើស ដោយ​ផ្អែក​លើ​គោលការណ៍​ដែល​ការពារ​ដល់​រដ្ឋាភិបាល​ល្អ ។ គោលលទ្ធិ​របស់​យើងគឺ​មាន​ភាព​ច្បាស់លាស់ ៖ ជន​ដែល​ជា​មនុស្ស​ល្អ « … ទៀង​ត្រង់ និង​មាន​គំនិត… គួរ​ព្យាយាម​ស្វែង​រក » ( គ. និង ស. 98:10 ) ។

យើង​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អ្នក ។ ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ​ជឿ​ដោយ​ស្មោះ​ថា អ្នក​អាច​ស្ថាបនា​នគរ​លើស​ពី​ជំនាន់​មុនៗ ។ អ្នក​ពុំ​មែន​គ្រាន់​តែ​ជា​សេចក្ដី​ស្រឡាញ់ និង​ជាទំនុកចិត្ត​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការអធិស្ឋាន និង​ពរជ័យ​របស់​យើង​ផង​ដែរ ។ យើង​ដឹង​ថា ភាព​ជោគជ័យ​នៃ​ជំនាន់​របស់​អ្នក គឺ​ចាំបាច់​ដល់​ការ​ស្ថាបនា​បន្ត​នៃ​សាសនាចក្រ និង​ការរីកចម្រើន​នៃ​នគរនេះ ។ យើង​សូម​អធិស្ឋាន​ថាអ្នក​នឹងសូម​អនុវត្ត​ផ្នែកអ្នក​ឲ្យ​បាន​ល្អប្រពៃ នៅ​ពេល​អ្នក​ជៀសវាងពី​ការ​លាក់​បាំង​អត្ត​សញ្ញាណ​ពិត​របស់​ខ្លួន ប្រព្រត្តិ​ស្រប​នឹង​អត្តសញ្ញាណ​ពិត​របស់​អ្នក ដាក់​គោលដៅ​សមរម្យ ហើយ​ស្ថាបនា​ប្រទេស និង​សហគមន៍​របស់​អ្នក ។

កំណត់​ចំណាំ

  1. ដេវីឌ អូ មិកឃេ នៅ​ក្នុង ហ្វ្រេន​ស៊ីស អិម ហ្គិបប៊ិន David O. McKay: Apostle to the World, Prophet of God ( ឆ្នាំ 1986 ) ទំព័រ 45 ។

  2. សូម​មើល ម៉ាក អិល ស្តាកកឺ « Remembering Hiram, Ohio » Ensign ខែ តុលា ឆ្នាំ 2002 ទំព័រ 32, 35 ។

  3. សូមមើល ការ​បង្រៀន​របស់​ប្រធាន​សាសនា​ចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ 2007 ) ទំព័រ 24 ។

  4. « True to the Faith » Hymns លេខ 254 ។

  5. អិល ថម ភែរី នៅ​ក្នុង « Joy—for Us and Others—Comes by Following the Savior » http://lds.org/prophets-and-apostles/what-are-prophets-testimonies?lang=eng ។

  6. លូស៊ីល ស៊ី ធេត Boyd K. Packer: A Watchman on the Tower ( ឆ្នាំ 1995 ) ទំព័រ 58–59 ។

រូបថត​អែលឌើរ ឃ្វីនថិន អិល ឃុក ដោយ ក្រេហ្គ ដាយមិន ។ រចនា​រូបថត​ដោយ​ ស្កត ដាវីស

អែលឌើរ អិល ថម ភែរី បាន​ធ្វើ​ផ្នែក​លោក​បាន​យ៉ាង​ល្អ​ខណៈ ​ដែល​លោក​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុន ។

រូបថត​របស់​អែលឌើរ អិល ថម ភែរី© IRI

ប្រធាន​ប៊យដ៍ ឃេ ផាកកឺ បាន​ទទួល​ពរជ័យ​ដោយសារ​ការ​ដាក់​គោលដៅ​ដ៏​សុចរិត ។

រូបថត​របស់​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ហាម​ថត​ចម្លង ។