២០១៣
តើ​អ្វី​ខ្លះ​ដែល​ខ្ញុំ​ត្រូវ​សារភាព​នឹង​ប៊ីស្សព​របស់​ខ្ញុំ ? ហេតុអ្វី ?
Oct 2013


តើ​អ្វី​ខ្លះ​ដែល​ខ្ញុំ​ត្រូវ​សារភាព​នឹង​ប៊ីស្សព​របស់​ខ្ញុំ ? ហេតុអ្វី ?

រូបភាព
អែលឌើរ ស៊ី ស្កត ហ្គ្រូ

ការ​ជួយ​អ្នក​ឲ្យ​ប្រែចិត្ត​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការហៅ​របស់​ប៊ីស្សព ។ សតិសម្បជញ្ញៈ​របស់​អ្នក​នឹង​ប្រាប់​អ្នក ​នៅ​ពេល​អ្នក​ត្រូវការ​និយាយ​នឹង​គាត់ ។

អ្នក​ប្រហែល​ជា​ងឿងឆ្ងល់ថា ​ហេតុអ្វី​បាន​អ្នក​ត្រូវ​បាន​បង្រៀន​ឲ្យសារភាព​នឹង​ប៊ីស្សព​ ឬ​ប្រធាន​សាខា​របស់​អ្នក នៅ​ពេល​អ្នក​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ ។ អ្នក​ប្រហែល​និយាយ​នឹង​ខ្លួន​ឯង​ថា « តើ​ការ​ប្រែចិត្ត​ពុំមែនជារឿង​ផ្ទាល់ខ្លួន​រវាង​ខ្ញុំ​ និងព្រះអម្ចាស់​ទេ​ឬ ? ប្រសិនបើ​ខ្ញុំបញ្ឈប់​ឥរិយាបថ​ខុសឆ្គង​របស់​ខ្ញុំ ហើយ​សារភាពចំពោះ​ព្រះ ហេតុអ្វីខ្ញុំ​ត្រូវ​និយាយ​នឹង​ប៊ីស្សព​របស់​ខ្ញុំ ? »

រូបភាព
A young woman seated across the desk from her bishop.

រចនា រូបថត ដោយ គ្រីស្ទីណា ស៊្មីធ

ហេតុអ្វី​ជា​ប៊ីស្សព តែ​មិនមែន​មនុស្ស​ម្នាក់​ណា​ផ្សេងទៀត​ទៅវិញ ?

យុវវ័យ​ជាច្រើន​មាន​អារម្មណ៍​សុខស្រួល​ក្នុង​ចិត្ត​ជាង ​ដោយ​សារភាព​កំហុស​ពួកគេ​ទៅ​ឪពុកម្ដាយ​ ​របស់​ពួកគេ ឬ​ពួកអ្នកដឹកនាំ​យុវវ័យ ។ ទោះជា​ឪពុកម្ដាយ​ និង​ពួកអ្នកដឹកនាំ​របស់​អ្នក​អាច​ផ្ដល់​ការ​គាំទ្រ និង​ការ​ទូន្មាន​ចាំបាច់​ក្ដី តែ​ព្រះអម្ចាស់​បាន​ប្រកាស​ថា ប៊ីស្សព​គឺជា​ចៅក្រម​ទូទៅ​នៃ​អ៊ីស្រាអែល ( សូមមើល គ. និង ស. 107:72, 74 ) ។ គាត់​មានទំនួលខុសត្រូវ​ដើម្បី​កំណត់​ពី​ភាពសក្ដិសម​របស់​សមាជិក​ក្នុង​វួដ​របស់គាត់ ។ តាមរយៈ​ការតែងតាំង និងការ​រស់នៅ​ដោយ​សុចរិត ប៊ីស្សព​មាន​សិទ្ធិទទួល​វិវរណៈ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ស្ដី​ពី​សមាជិក​ក្នុង​វួដ​របស់​គាត់ រួមទាំង​អ្នក​ផង​ដែរ ។

ប៊ីស្សព​អាច​ជួយ​អ្នក​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ប្រែចិត្ត​តាមរបៀប​ដែល​ឪពុកម្ដាយ ឬ​អ្នកដឹកនាំ​របស់​អ្នក​ផ្សេងទៀត​មិន​អាច​ធ្វើ​បាន ។ ប្រសិនបើ​អំពើ​បាប​នោះ​ធ្ងន់ធ្ងរ​ល្មម​គ្រប់​គ្រាន់ គាត់​អាច​កំណត់ថា​ឯកសិទ្ធិ​របស់​អ្នក​នៅ​ក្នុង​សាសនា​ចក្រ​គួរ​ត្រូវ​បាន​រឹតបន្តឹង ។ ឧទាហរណ៍ ជាផ្នែក​មួយ​នៃ​ដំណើរការ​ប្រែចិត្ត​របស់​អ្នក គាត់​អាច​សុំ​ឲ្យ​អ្នក​ផ្អាក​ទទួលទាន​សាក្រាម៉ង់ ឬ​អនុវត្ត​បព្វជិតភាព​មួយ​រយៈពេល ។ គាត់​នឹង​ធ្វើ​ការ​ជាមួយ​អ្នក ហើយ​កំណត់​ពី​ពេលវេលា​ដែល​អ្នក​អាច​មាន​ភាព​សក្ដិសម​ជាថ្មី ដើម្បីបន្ត​សកម្មភាព​ពិសិដ្ឋ​ទាំងនោះ​វិញ ។

ប៊ីស្សព​របស់​អ្នក​នឹង​ទូន្មាន​អ្នក​ពី​អ្វី​ដែល​អ្នក​ធ្វើ​ ដើម្បីពង្រឹង​ដល់​សមត្ថភាព​របស់​អ្នក ​នៅ​ក្នុង​ការ​ការពារ​ដល់​ការល្បួង ។ គាត់​អាច​លើក​ទឹកចិត្ត​អ្នក​ឲ្យ​សិក្សា​ប្រធាន​បទ​គោលលទ្ធិ​មួយ ដូច​ជា​ការ​ប្រែចិត្ត រួចហើយ​ចែកចាយ​នឹង​គាត់​ពី​អ្វី​ដែល​អ្នក​បាន​រៀន ។ គាត់​អាចសុំ​ឲ្យ​អ្នក​ជួប​នឹង​គាត់​រាល់​សប្ដាហ៍​ ដើម្បី​រាយការណ៍​ថាតើអ្នក​មាន​សុខទុក្ខ​យ៉ាង​ណា​ដែរ ​នៅ​ក្នុង​ការ​ដក​យក​ស្ថានភាព​នៃ​ការ​ល្បួង​ចេញ​ពី​ខ្លួន​អ្នក​នោះ ។

តើ​ខ្ញុំ​គួរ​និយាយ​នឹង​គាត់​នៅ​ពេល​ណា ?

អ្នក​ប្រហែល​ជា​កំពុង​គិត​ថា « ការ​ទាំងនោះ​ខ្ញុំ​អាច​ធ្វើ​បាន ចុះ​តើ​ខ្ញុំ​អាច​ដឹង​បាន​ដោយ​របៀបណា ​ថាតើ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​គឺ​វា​ធ្ងន់ធ្ងរ​ល្មម ​ដែល​ខ្ញុំ​ត្រូវ​និយាយ​នឹង​ប៊ីស្សព​នោះ ? » ចម្លើយ​ដ៏​ខ្លី​គឺ​ថា ៖ « សតិសម្បជញ្ញៈ​របស់​អ្នក​នឹង​ប្រាប់​អ្នក » ។ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថាទទួល​ការ​បំផុស​ពី​សតិសម្បជញ្ញៈ សូម​ធ្វើ​វា​ភ្លាម ( សូមមើល អាលម៉ា 34:31–34 ) ។

ទាក់ទង​នឹង​ការ​ប្រែចិត្ត ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ថា « យើង​ពុំ​អាច​ប្រាប់​អ្នករាល់គ្នា​ឲ្យ​អស់​នូវការណ៍​ទាំងឡាយដែល​អ្នករាល់គ្នា​អាច​ប្រព្រឹត្ត​អំពើ​បាប​នោះទេ ព្រោះ​មាន​ផ្លូវ និង​បែប​ផ្សេងៗ​គ្នា​គឺ​​មាន​ច្រើន​ណាស់​ដែល​យើង​ពុំ​អាច​រៀបរាប់​បាន​ឡើយ » ( ម៉ូសាយ 4:29 ) ។ ដូច្នេះ​ជា​ជាង​ផ្ដល់​នូវ​បញ្ជី​លម្អិត​នៃ​រឿង ​ដែល​អ្នក​ត្រូវ​សារភាពដល់​ប៊ីស្សព​របស់​អ្នកនោះ ខ្ញុំ​សូម​ចែកចាយ​នូវ​គោលការណ៍​មួយ​ចំនួន ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ ។

តើ​ខ្ញុំ​ត្រូវ​សារភាពអ្វីខ្លះ ?

ខ្ញុំ​ដឹង​ថា អ្នក​បាន​ព្យាយាម​គោរពប្រតិបត្តិ ប៉ុន្តែ​ប្រហែលជា​អ្នក​បាន​ធ្វើ​នូវ​កំហុស​មួយ​ចំនួន រួមទាំង​កំហុស​ធ្ងន់ធ្ងរ​មួយ​ចំនួន​ផងដែរ ។ កំហុស​ភាគច្រើន​ដែល​មនុស្ស​ធ្វើ​អាច​ដោះស្រាយ​ តាមរយៈ​ការ​អធិស្ឋាន​ផ្ទាល់​ខ្លួន និង​ការប្រែចិត្ត​ដោយ​ស្មោះ ។ កំហុស​មួយ​ចំនួន ជាពិសេស កំហុស​ដែល​ទាក់ទង​នឹង​ភាព​អសីលធម៌ តម្រូវ​ឲ្យ​មាន​ការ​សារភាព​ចំពោះ​ប៊ីស្សព​ ពី​មុន​អ្នក​អាច​ទទួល​បាន​ការ​អភ័យទោស​ពី​ព្រះអម្ចាស់ ។

នៅ​ពេល​អ្នក​គិត​ពី​កំហុស​ដែល​អ្នក​បាន​ធ្វើ អ្នកប្រហែល​ជា​មាន​អារម្មណ៍​ខុស​ឆ្គង ពិបាក​ចិត្ត ឬ​ថែមទាំងសោកសៅ​ទៀត​ផង ។ ប្រសិន​បើ​អ្នក​កំពុង​មាន​នូវ​អារម្មណ៍​ទាំងនេះ នោះ​អ្នក​ប្រហែល​ជា​ត្រូវការ​និយាយ​នឹង​ប៊ីស្សព​របស់​អ្នក​ពី​កំហុស​ទាំងនោះ ។

កុំ​ព្យាយាម​ដោះសារ​ចំពោះ​ខ្លួន​ឯង ឬបង្វែរ​ផ្លូវ​របស់​អ្នក ។ អ្នក​អាច​គិត​ថា « វា​គួរ​ឲ្យ​ខ្មាស់អៀនណាស់​ដើម្បី​ប្រាប់​ប៊ីស្សព​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ។ គាត់​គិត​ថា​ខ្ញុំ​ជា​មនុស្ស​ដែល​ល្អ​ជាង​នោះ ។ គាត់​នឹង​ភ្ញាក់ផ្អើល ប្រសិន​បើ​ខ្ញុំ​ប្រាប់​គាត់​ពី​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ។ គាត់​នឹង​មិន​ចូលចិត្ត​ខ្ញុំ​ទៀតទេ » ។

ខ្ញុំ​សន្យានឹងអ្នក​ថា គាត់​នឹង​មិន​ថ្កោលទោស​អ្នក​ឡើយ ។ ក្នុងនាម​ជា​អ្នកបម្រើ​នៃ​ព្រះអម្ចាស់ គាត់​នឹង​មាន​សណ្ដានចិត្ត​ល្អ ហើយ​យល់ចិត្ត នៅពេល​គាត់​ស្ដាប់​អ្នក ។ បន្ទាប់​មក​គាត់​នឹង​ជួយ​អ្នក​ក្នុង​ដំណើរការ​ប្រែចិត្ត​នេះ ។ គាត់​គឺជា​សារទូត​នៃ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្អាតស្អំ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះអម្ចាស់​ធ្លាប់​មាន​បន្ទូល​ថា ៖ « មើលចុះ អ្នកណា​ដែល​ប្រែចិត្ត​ពីអំពើបាប​ទាំងឡាយ​របស់​ខ្លួន អ្នកនោះ​ឈ្មោះថា​បាន​អត់ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​ព្រះអម្ចាស់​មិនចាំ​ពីអំពើ​បាប​ទាំងនោះ​ទៀតទេ ។

« តាម​របៀប​នេះ​អ្នក​រាល់​គ្នា​អាច​ដឹង​បើ​សិន​ជា​មនុស្ស​ណា​ម្នាក់​ប្រែចិត្តពី​អំពើ​បាប​ទាំងឡាយ​របស់​ខ្លួន​មែន ឬ អត់—មើល​ចុះ​អ្នក​នោះ​នឹង​សារភាព​អំពី​អំពើ​បាប​ទាំងឡាយ ហើយ​លះបង់​ចោល​អំពើ​បាប​ទាំងនោះ » ( គ. និង ស. 58:42–43 ) ។

នៅពេល​អ្នក​សារភាព ហើយ​លះបង់ចោល​អំពើ​បាប​របស់​អ្នក នោះ​ព្រះអម្ចាស់​នឹង​អភ័យទោស​ដល់​អ្នក ។ អ្នក​នឹង​មិន​ចាំបាច់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ទ្រង់សម្រាប់​អំពើបាប​ទាំងនោះ​ នៅ​ពេល​អ្នក​នឹង​ត្រូវ​នាំ​យក​ទៅ​កាត់​សេចក្ដី​នោះ​ទេ ។

ចុះ​បើ​ខ្ញុំ​មិន​សារភាព ?

ពេលខ្លះ​មនុស្ស​ម្នាក់​នឹងឈប់​ធ្វើ​ខុស ប៉ុន្តែ​ពុំ​សារភាពទៅ​ប៊ីស្សព​របស់​ខ្លួន នៅពេល​ដែល​គួរ​តែ​ធ្វើ​នោះ​ទេ ។ ជា​លទ្ធផល បុគ្គល​ម្នាក់​នោះ​បន្ត​ទូល​បន្ទុក​នៃ​អំពើបាប​តែ​ម្នាក់ឯង ជាជាង​ការ​អនុញ្ញាត​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ដកយក​បន្ទុក​នោះចេញ ។

ខ្ញុំ​សូម​ឲ្យ​ឧទាហរណ៍​មួយ​ដល់​អ្នក ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន នា​ល្ងាច​មួយ ខ្ញុំ​បាន​សម្ភាសន៍​មនុស្ស​ពេញវ័យ​ធ្វើ​​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ពួកគេ​​ឡើង​វិញ ។ មាន​ស្ត្រី​វ័យ​កណ្ដាល​ម្នាក់​បាន​ចូល​មក​សម្រាប់​ការ​សម្ភាស​របស់​គាត់ ។ នាង​បាន​រៀបការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​សកម្ម​ក្នុង​សាសនាចក្រ​ពេញ​មួយ​ជីវិត​របស់​គាត់ ។

ខ្ញុំ​ទទួល​អារម្មណ៍​ពី​ភាពសោកសៅ​ដ៏​ខ្លាំង​មួយ​នៅ​ក្នុង​ព្រលឹង​របស់​គាត់ ។ នៅ​ពេល​ការ​សម្ភាស​ចេះ​តែបន្ត ខ្ញុំ​បាន​ទទួលការ​បំផុស​ខាង​វិញ្ញាណ​មួយ ។ ខ្ញុំ​បាន​និយាយ​ទៅកាន់​គាត់​ថា « ប្អូនស្រី ខ្ញុំ​មាន​អារម្មណ៍​ថា ប្អូន​បាន​ធ្វើ​កំហុស​ធំមួយ ពេល​ប្អូន​នៅ​វ័យ​ជំទង់​ដែល​ប្អូន​មិន​ទាន់​បាន​សារភាព​ដល់​អ្នកដឹកនាំ​បព្វជិតភាព​នៅ​ឡើយ ។ តើ​ប្អូន​អាចប្រាប់​ខ្ញុំ​ពី​បញ្ហា​នោះ​បានទេ ? »

រំពេចនោះ គាត់បាន​ចាប់ផ្ដើម​យំ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា វា​ជាការពិត ប៉ុន្តែ​គាត់​តែ​មាន​អារម្មណ៍​ថា​ខ្មាស់​អៀន​ពេក ​ដើម្បី​សារភាពបញ្ហានោះ​ដល់​ប៊ីស្សព ។ នៅ​ពេល​គាត់​បាន​សារភាព​ពី​អ្វី​ដែល​គាត់​បាន​ធ្វើ គាត់បានចែក​ចាយ​ពី​សេចក្តី​លម្អិត​គ្រប់គ្រាន់ ​ដើម្បី​ឲ្យ​ខ្ញុំ​ធ្វើ​ការ​កំណត់​ពី​ភាព​សក្ដិសម​របស់​គាត់ ។

ការ​សារភាព​ពី​អំពើ​បាប​របស់​គាត់​ទៅ​អ្នកដឹកនាំ​បព្វជិតភាព ​បាន​កំណត់​នូវ​ចុង​បញ្ចប់​នៃ​ដំណើរការ​ប្រែចិត្ត​របស់​គាត់ជាជាង​ការ​ចាប់ផ្ដើម ។ គាត់បាន​ទូល​បន្ទុក និង​សោកសៅដែល​ពុំ​ចាំបាច់​នៃ​អំពើបាប​នោះ​លើស​ពី 30 ឆ្នាំមកហើយ ។

ដោយសារ​គាត់​បាន​បញ្ចប់ជំហាន​ចុងក្រោយ​នៃ​ការ​ប្រែចិត្ត កំហុស​របស់គាត់ត្រូវបាន​លុប​ចេញ ។ ម្ដងម្កាល​ខ្ញុំ​បាន​ជួបគាត់ បន្ទាប់ពី​ការ​សម្ភាស​នៅ​យប់​នោះ​មក ។ ផ្ទៃមុខ​របស់​គាត់​មាន​ភាព​ស្រស់​ថ្លា ហើយ​នាង​មាន​ចិត្ត​រីករាយ ។

ខ្ញុំចង់ឲ្យ​អ្នកដឹងថា ខ្ញុំ​មិន​ចាំ​ឈ្មោះ​គាត់​នោះ​ទេ ។ ព្រះអម្ចាស់​អាច​ដក​យក​ការ​ចងចាំ​នោះ​ចេញ​ពី​ប៊ីស្សព ។ អ្វីដែល​ខ្ញុំ​នៅ​ចាំ​គឺ​ថា ​តាមរយៈ​ការសារភាព​ទៅ​កាន់​អ្នកដឹកនាំ​បព្វជិតភាព​របស់​គាត់ ស្ត្រី​វ័យ​កណ្ដាលម្នាក់​នោះ​បាន​ធូរស្រាល​ពីអារម្មណ៍​នៃ​កំហុស​ដែល​គាត់​បាន​មាន​អស់រយៈពេល​ជាច្រើន​ឆ្នាំ ។

សូម​កុំ​ធ្វើ​កំហុស​នោះ ។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​នៃ​ការ​ធ្វើ​ខុស ប៉ុន្តែ​មិន​ប្រាកដ​ថាអ្នក​ត្រូវ​សារភាពចំពោះ​ប៊ីស្សព​របស់​អ្នក​ ឬ​អត់ នោះ​សូម​ទៅ​ជួបគាត់ ។ សូម​ឲ្យគាត់​ជួយ​ដល់​អ្នក ។ កុំ​ប្រថុយ​ទូល​បន្ទុក​មួយ​ដែល​មិន​ចាំបាច់​នៅ​ក្នុង​ជីវិត​របស់​អ្នក ដែល​វា​នឹង​បន្សល់ទុក​ឲ្យ​អ្នក​នូវ​អារម្មណ៍​សោកសៅ ។ តាមរយៈ​ការសារភាព​របស់​អ្នក​ចំពោះ​ប៊ីស្សព និង​ការ​ប្រែចិត្ត​របស់​អ្នក នោះ​ព្រះអម្ចាស់​នឹង​លើក​បន្ទុក​នោះ​ចេញ​ពី​ព្រលឹង​របស់​អ្នក ( សូមមើល អេសាយ 1:18 ) ។

ហេតុអ្វី​ខ្ញុំ​ត្រូវ​ប្រែចិត្ត ?

រូបភាព
A young woman seated across the desk from her bishop.

ព្រះយេស៊ូវគ្រីស្ទ​បាន​បង់ថ្លៃ​អំពើបាប​នៃ​មនុស្ស​លោក​គ្រប់​រូប តាមរយៈ​ការលះបង់​ដែល​ធ្វើ​ឲ្យ​ធួន​របស់​ទ្រង់ ។ ទ្រង់​អញ្ជើញ​អ្នក​ឲ្យ​ប្រែចិត្ត ហើយ​ជៀសចេញ​ពី​សោកសៅ និង​ការរងទុក្ខ​បន្ថែម​ទៀត ។ « ចូរប្រែចិត្តចុះ បើ​ពុំ​នោះ​សោតទេ … សេចក្ដី​រងទុក្ខ​ទាំងឡាយ​របស់​អ្នក​នឹង​ឈឺចាប់​ណាស់—គឺ​ឈឺ​ដល់​ណា​នោះ​អ្នក​មិន​ដឹង​ទេ ជ្រួតជ្រាប​ដល់​ណា​នោះ​អ្នក​មិន​ដឹង​ទេ មែន​ហើយ ធ្ងន់ធ្ងរ​ដល់​ណា​នោះ​អ្នក​ក៏​មិន​ដឹង​ដែរ ។

« ត្បិត​មើល​ចុះ យើង​ជា​ព្រះ​បាន​រងទុក្ខ​នូវ​ការ​ទាំង​នេះ​ជំនួស​មនុស្ស​​ទាំងអស់​ដើម្បី​កុំ​ឲ្យ​គេ​អាច​រងទុក្ខ បើសិនជា​ពួកគេ​ប្រែចិត្ត

« ប៉ុន្ដែ បើសិនជា ពួកគេ​មិន​ព្រមប្រែចិត្ត​ទេ នោះ​ពួកគេ​ត្រូវ​រ​ងទុក្ខ​ដូច​ជា​យើង​ដែរ ។ …

« ហេតុដូច្នេះ​ហើយ ជា​ថ្មី​ទៀត យើង​បញ្ជា​ឲ្យ​អ្ន​កប្រែចិត្ត … ហើយ​ឲ្យ​អ្នក​សារភាព​នូវ​អំពើ​បាប​ទាំងឡាយ​របស់​អ្នក បើ​ពុំ​នោះ​សោតទេ នោះ​អ្នក​នឹង​រង​ទោស​ទាំងឡាយ​ដែល​យើង​បាន​មាន​បន្ទូល​មក » ( គ. និង ស. 19:15–17, 20 ) ។

ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា ការរងទុក្ខ​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ បាន​បង់ថ្លៃ​សម្រាប់​អំពើ​បាប​របស់​អ្នក​រួច​ហើយ ។ អ្នក​អាចទទួល​បាន​ការ​អភ័យទោស ដរាបណា​អ្នក​ប្រែចិត្ត ។ កុំព្យាយាម​បង់ថ្លៃ​សម្រាប់​អំពើបាប​របស់​អ្នក ។ គ្មាន​ទំហំនៃ​ការរងទុក្ខ​ណាមួយ​របស់​អ្នក​អាច​ប្រោសលោះ​អ្នក​បាន​ឡើយ គឺ​មាន​តែ​តាមរយៈ​ដង្វាយ​ធួន​ប៉ុណ្ណោះ​ដែល​អ្នក​អាច​ទទួល​បាន​ការអភ័យទោស ។

សូម​ឲ្យ​យើង​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​ថា តាមរយៈ​ការប្រែចិត្ត រួមមាន​ទាំង​ការ​សារភាព​ទៅ​ប៊ីស្សព​របស់​អ្នក​ពេល​ចាំបាច់ នោះ​អ្នក​នឹង​បាន​ស្អាតស្អំ ។ លើស​ពី​នេះ​ទៀត តាមរយៈ​សេចក្ដីមេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ—ព្រះចេស្ដា​ជួយ​គាំទ្រ​របស់​ទ្រង់—អ្នក​អាច​ទទួល​បាន​ភាពរឹងមាំ ​នៅ​ក្នុង​សមត្ថភាព​របស់​អ្នក​ ដើម្បី​តតាំង​នឹង​ការល្បូង​នា​ពេល​អនាគត ។ ដូច្នេះ អ្នក​នឹង​មាន​សេចក្ដី​សុខសាន្ត​ក្នុង​គំនិត និង​សុភមង្គល​ក្នុង​ជីវិតនេះ ហើយ​អ្នក​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅ​ជីវិត​ក្រោយ ។