២០១៣
ការ​ក្លាយ​ខ្លួន​ជា​មនុស្ស​មាន​សេចក្ដី​សុខសាន្ត
Oct 2013


ការ​ក្លាយ​ខ្លួន​ជា​ មនុស្ស​មាន​សេចក្ដី​សុខសាន្ត

ព្រះវិហារ​បរិសុទ្ធ បេសកកម្ម និង​ការ​បម្រើ​បាន​ជួយ​ដល់​រ៉ចឺរ៍ និង​គ្រួសារ​របស់​គាត់​ដើរ​ឆ្ពោះ​ទៅ​មុខ​ក្លាយ​ជា​គ្រួសារ​មួយ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

រ៉ចឺរ៍ រ៉េនឌ្រីយ៉ានណារីសុន​ បាន​ដឹង​ថា​ហាក់ដូចជា​បាត់បង់​អ្វី​មួយ​នៅ​ក្នុង​ជីវិត​គ្រួសារ​របស់​គាត់ ។

គាត់​បាន​និយាយ​ថា « ខ្ញុំ​បាន​អធិស្ឋាន​ទៅ​ព្រះ​ឲ្យ​ជួយ​ខ្ញុំស្វែង​រក​អ្វី​មួយ​ដើម្បី​ដឹកនាំ​ដល់​គ្រួសារ​របស់​ខ្ញុំ » ។ « ខ្ញុំ​មាន​ក្ដីប្រាថ្នា​មួយ​ដើម្បី​នាំ​គ្រួសារ​ខ្ញុំ​ទៅ​រក​អ្វី​មួយ​ដែល​ល្អ ជា​អ្វី​មួយ​ដែល​នឹង​ដឹកនាំ​ទៅ​រក​ផ្លូវ​ត្រូវ » ។

គាត់​បាន​ព្រួយបារម្ភ​ អំពី​របៀប​ដែល​​គាត់​ត្រូវ​ចិញ្ចឹម​កូន​ទាំង​បី​របស់​គាត់​ដោយ​របៀប​ណា—រួម​មាន​កូន​ប្រុស​ឈ្មោះ រ៉េនឌ្រីយ៉ានណាន់ឌ្រី និង សេឌីនីរីណា ហើយ​និង​កូន​ស្រី នីរីណា ។ គាត់​ពិបាក​ចិត្ត​ដោយសារការ​ ដែល​គាត់​ឆាប់​ខឹង​បាន​នាំ​ឲ្យ​មាន​បញ្ហា​នៅ​ក្នុង​គ្រួសារ ។ គាត់​ចង់ក្លាយ​ជា​ឪពុក​ម្នាក់​ដែល​មានសណ្ដាន​ចិត្ត​ល្អ​ជាង​មុន ។

គាត់​បាន​និយាយ​ថា « ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​កែប្រែ ពី​ព្រោះ​ខ្ញុំ​បាន​ឃើញ​ថា​ខ្ញុំ​ជា​មនុស្ស​បែប​ណា » ។

រ៉ចឺរ៍​បាន​បាត់បង់​អាជីវកម្ម​ខាង​សំណង់​របស់​គាត់​កាល​ពី​ពីរ​បី ឆ្នាំ​មុន ហើយ បាន​ធ្វើ​ការ​ជា​អ្នក​បើក​រថយន្ត​តាក់ស៊ី​នៅ អង់តាណាណារីវ៉ូ ម៉ាដាហ្គាស្កា ។ មាន​ថ្ងៃ​មួយ​គាត់​បាន​ដឹក​ពួក​អ្នក​ផ្សព្វផ្សាយសាសនា​ស្រី​ពីរ​នាក់ ។

គាត់​បាន​និយាយ​ថា « ពេល​ពួកគេ​ចូល​មក​ក្នុង​ឡាន ពួកគេ​បាន​សួរ​ឈ្មោះ​ខ្ញុំ និង​ពី​គ្រួសារ​របស់​ខ្ញុំ » ។ « ពួក​គេ​បាន​សួរ​ថា តើ​ខ្ញុំ​ដឹង​ថា ព្រះ​ជា​នរណា​ដែរ​ទេ ហើយ​ថា តើ​ខ្ញុំ​បាន​អធិស្ឋាន​ទៅ​ទ្រង់​ដែរ​ទេ » ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ​បាន​ច្រៀង​ចម្រៀង​ជាមួយ​នឹង​រ៉ចឺរ៍ នៅ​ពេល​កំពុង​ជិះ​ឡាន ហើយ​បាន​អញ្ជើញ​គាត់​ទៅ​ព្រះវិហារ ។ គាត់​បាន​ព្យាយាម​ទៅ​ពីរ​បីដង​ដែរ ប៉ុន្តែ​ពុំ​អាច​ទៅ​បាន​ដោយសារ​តែ​កាលវិភាគ​របស់​គាត់ ហើយ​ក៏​បាន​ដាច់​ទំនាក់ទំនង​នឹង​ពួក​អ្នកផ្សព្វផ្សាយ​សាសនានោះទៅ ។

ប្រហែល​ជា​ប្រាំ​ខែ​ក្រោយ​មក មាន​ថ្ងៃ​មួយ​ពេល​រ៉ចឺរ៍កំពុង​ធ្វើ​កិច្ចការ​ផ្ទះ គាត់​បាន​ឮ​ពួក​អ្នកផ្សព្វផ្សាយ​ពីរ​នាក់​កំពុង​និយាយ​នឹង​មនុស្ស​ម្នាក់​នៅ​ក្រៅ​របង​របស់​គាត់ ។ រ៉ចឺរ៍​បាន​ដឹង​ថា​ពួកគេ​នឹង​មក​និយាយ​នឹង​គាត់ ។ គាត់​មាន​អារម្មណ៍ថា​គាត់​គួរ​តែ​ឆ្លើយ​ថា បាទ​ចំពោះ​សំណួរ​អ្វី​ក៏​ដោយ​ដែល​ពួកគេ​នឹង​សួរ​ដល់​គាត់ ។

បន្ទាប់​ពី​ណែនាំ​ខ្លួន​ឯង​មក ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ​បាន​សួរ​ថា តើ​គាត់​បាន​ដឹង​ពី​ព្រះ​ដែរ​ទេ ។ បាន ។ តើ​គាត់​ធ្លាប់​ចង់​អធិស្ឋាន​ទៅ​កាន់​ព្រះ​ដែរ​ទេ ? ធ្លាប់ ។ តើ​គាត់​ធ្លាប់​ចង់​និយាយជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែរទេ ? ធ្លាប់ ។ ពេលណា ? ពេល​នេះ ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​នោះ​បាន​និយាយ​ថា ពួកគេ​នឹង​ត្រឡប់​មក​វិញ​នៅ 20 នាទី​ទៀត ។ នៅ​ពេល​ពួកគេ​បាន​ត្រឡប់​មក​វិញ ពួកគេ​បាន​នាំ​សមាជិក​ម្នាក់​ដែល​រស់​នៅ​ក្បែរ​នោះ​មក​ជាមួយ ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​រ៉ចឺរ៍​ជា​ច្រើន​ដង​អស់​រយៈពេល​មួយ​ខែ​នៅ​ក្នុង​ផ្ទះ​របស់​គាត់ ។ ដោយសារ​តែ​អ្វី​ដែល​ពួកគាត់​បាន​ឮ​ពី​សាសនាចក្រ សមាជិក​គ្រួសារ​គាត់​ផ្សេង​ទៀត​មិន​ចង់​រៀន​ជាមួយ​នឹង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ឡើយ ។ បន្ទាប់​ពី​រៀន​ពីដំណឹងល្អ​បាន​មួយ​ខែ រ៉ចឺរ៍​បាន​ទៅ​ព្រះវិហារ​ជាមួយ​នឹង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។ ការ​ស្វាគមន៍​រាក់ទាក់​ដែល​គាត់​បាន​ឃើញ​បានផ្តល់​ដល់​គាត់​នូវ​ការ​កោត​សសើរនៅ​ក្នុង​ចិត្ត​គាត់ ។ គាត់​បាន​និយាយ​ថា « សមាជិក​ទាំងឡាយ​នៅ​ទីនោះ​បាន​រាក់ទាក់​នឹង​ខ្ញុំ​ដូច​ជា​ពួកគេ​ធ្លាប់​ស្គាល់​ខ្ញុំ​ជា​យូរ​មក​ហើយ » ។

រ៉ចឺរ៍បាន​ចេញ​ពី​ព្រះវិហារ ​ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​បាន​ប្រាប់​គ្រួសារ​របស់​គាត់​ថា គាត់​នឹង​ជ្រមុជទឹក​ក្នុង​រយៈពេល​មួយ​ខែ​ទៀត ហើយ​ថា​ពួក​គេ​មាន​សិទ្ធិ​សេរីភាពជ្រើសរើស​ដើម្បី​ចូល​រួម​ ឬ​មិន​ចូលក្នុងសាសនាចក្រ ។ ពួក​គេ​បាន​សុំ​ឲ្យ​គាត់​រង់ចាំ​ដើម្បី​ពួកគេ​អាច​ចូល​រួម​នឹង​គាត់​ដែរ ។ ពួក​គេ​បាន​ចាប់ផ្ដើម​ចូល​រួម​ការ​ប្រជុំ ហើយ​ក៏​មាន​ការ​ភ្ញាក់ផ្អើល​ដ៏​រីករាយ​ដែរ ។

កាល​រ៉េនឌ្រីយ៉ានណាន់ឌ្រី ជា​កូន​ប្រុស​ច្បង​របស់​រ៉ចឺរ៍​បាន​ចូល​រួម​ក្នុង​ការ​ប្រជុំ​របស់​សាសនាចក្រ​​ជា​លើក​ដំបូង គាត់​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ។ គាត់​បាន​និយាយ​ថា « លើក​ដំបូង​ដែល​ខ្ញុំ​មក​ព្រះវិហារ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​មនុស្ស​ទាំង​អស់​មាន​ចិត្ត​រាបសា​ណាស់ » ។ « ទីមួយ ពួកគេ​ស្លៀកពាក់​សមរម្យ​មក​ព្រះវិហារ ។ បន្ទាប់​ពី​នោះ​មក​ខ្ញុំ​បាន​ដឹង​ថា​ ពួកគេ​បាន​នៅ​ទីនោះ​សម្រាប់​គោលបំណង​ដ៏​ពិត​មួយ ពុំ​មែន​ដើម្បី​បង្អួត​ដល់​មនុស្ស​ដទៃ​នោះទេ » ។

គ្រួសារ​រ៉េនឌ្រីយ៉ានណារីសុន​បាន​ជ្រមុជទឹក​ទាំង​ក្រុម​គ្រួសារ​នៅ​ថ្ងៃ​ទី 20 ខែ កុម្ភៈ ឆ្នាំ 2003 ។ នៅ​ពេល​នោះ នីរីណា មាន​អាយុ 8 ឆ្នាំ សេឌីនីរីណា មាន​អាយុ 17 ឆ្នាំ ហើយ រ៉េនឌ្រីយ៉ានណាន់ឌ្រី មាន​អាយុ 19 ឆ្នាំ ។ គ្រួសារ​នេះ​បាន​ឈប់​ធ្វើ​ការ​នៅ​ថ្ងៃ​អាទិត្យ ហើយ​បាន​យក​ការ​រស់​នៅ​តាម​ដំណឹងល្អ​ទុកជា​អាទិភាព​សំខាន់ ។

ការ​ផ្លាស់​ប្ដូរ

អារ៉េលីណា ជា​ភរិយា​របស់​រ៉ចឺរ៍​បាន​និយាយ​ថា « បន្ទាប់​ពី​ខ្ញុំ​បាន​ជ្រមុជទឹក ខ្ញុំ​បាន​ឃើញ​ការ​ផ្លាស់​ប្ដូរ​ដ៏ច្រើន​នៅ​ក្នុង​ផ្ទះ​របស់​យើង » ។ « ផ្ទះ​ខ្ញុំ​បាន​ក្លាយ​ជា​ផ្ទះ​មួយ​ដែល​មាន​ព្រះវិញ្ញាណ និង​ពរជ័យ​យ៉ាង​ច្រើន ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ដែល​បាន​កើត​មាន​ដោយ​ការ​រស់​នៅ​តាម​ដំណឹងល្អ » ។

នៅ​ក្នុង​ទស្សនៈ​ខាង​លោកិយ រ៉ចឺរ៍​បាន​ជឿ​ថា​ព្រះវរបិតា​សួគ៌​បាន​ជួយ​គាត់​បង្កើត​អាជីវកម្ន​របស់​គាត់​ឡើង​វិញ ។ បន្ទាប់ពី​ពីរ​ឆ្នាំ​នៃ​ការ​បើក​រថយន្ត​តាក់ស៊ី និង​ការ​ធ្វើ​នូវ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន ​ដើម្បី​ផ្គត់ផ្គង់​ដល់​គ្រួសារ​គាត់ គាត់​បាន​ចាប់​ផ្ដើម​ទទួល​កិច្ចសន្យា​សាងសង់​ជា​ច្រើន ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​ជឿ​ថា ព្រះ​តែង​តែ​ប្រទាន​ពរ​ដល់​ខ្ញុំ​នៅ​ពេល​ខ្ញុំ​សម្រេច​ចិត្ត​ដើរ​តាម​ទ្រង់ » ។

ប៉ុន្តែ​ពួក​កូន​ប្រុស​របស់​គាត់​និយាយ​ថា ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​បំផុស​ដែល​ពួកគេ​បាន​ឃើញ​គឺ​នៅ​ក្នុង​ការ​អធ្យាស្រ័យ​របស់​ឪពុក​ពួកគេ ។ ឥឡូវ​នេះ ពួក​គេ​បាន​រៀបរាប់​ថា គាត់​ជា​គំរូ​មួយ​នៃ​សេចក្ដី​បន្ទាប​ខ្លួន និង​ចិត្ត​មេត្តា ។ ​រ៉ចឺរ៍​បាន​និយាយ​ថា ដំណឹងល្អ​បាន​ធ្វើ​ឲ្យ​គាត់​ជឿ​ថា​គាត់​ត្រូវ​បាន​ផ្លាស់​ប្ដូរ ។ ចាប់តាំង​ពី​គាត់​បាន​ចាប់​ផ្ដើម​សិក្សា​ដំណឹងល្អ​មក រ៉ចឺរ៍​បាន​ព្យាយាម​បំពេញ​ជីវិត​របស់​គាត់​នឹង​រឿង​ល្អៗ​ទាំងឡាយ ។

គាត់​បាន​និយាយ​ថា « ដោយសារ​តែ​ការ​បង្រៀន​នៃ​ដំណឹងល្អ ខ្ញុំ​ពុំ​ឆាប់​ខឹង​ទៀត​ឡើយ » ។ « ពេល​ខ្លះ​មាន​ការ​បង្ក​ហេតុ ប៉ុន្តែ​ដំណឹងល្អ​គឺ​ស្ថិត​នៅ​ក្នុង​ចិត្ត គំនិត និង​វិញ្ញាណ​របស់​ខ្ញុំ ។ « ដំណឹងល្អ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ចិត្ត​ស្ងប់ » ។

នៅ​ពេល​ស្ថានភាព​រកាំ​ចិត្ត​បាន​កើត​ឡើង រ៉ចឺរ៍​គឺជា​មនុស្ស​ម្នាក់​ដែល​រំងាប់​ចិត្ត​ដល់​សមាជិក​គ្រួសារ ហើយ​រំឭក​ពួកគេ​ឲ្យ​ធ្វើ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ ។​​

សេឌីនីរីណា បាន​និយាយ​ថា « ឪពុក​ខ្ញុំ​បាន​មាន​ចិត្ត​រាបសា ហើយ​មើល​ថែ​គ្រួសារ​យើង​ដោយ​សេចក្ដី​ស្រឡាញ់ » ។ « នៅ​ពេល​ខ្ញុំ​សម្លឹង​មើល​ពី​ភាព​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ខ្លួន​គាត់ ខ្ញុំ​មាន​អំណរ​គុណ​ជា​ខ្លាំង​ចំពោះ​ព្រះវរបិតា​សួគ៌ ចំពោះ​ដំណឹងល្អ និង​ចំពោះ​ការ​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​នេះ » ។

គ្រួសារ​ដ៏​នៅ​អស់​កល្ប​ជានិច្ច

នៅ​ឆ្នាំ 2006 ដោយ​មាន​ជំនួយ​ពី​មូលនិធិ​ជំនួយ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ​ទូទៅ រ៉ចឺរ៍ និង​ អារ៉េលីណា បាន​ទៅ ចូហាន់ណេស្ប៊ឺក អាហ្វ្រិក​ខាង​ត្បូង ដើម្បី​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ពី​ឆ្នាំ 2009 ដល់​ឆ្នាំ 2011 សេឌីនីរីណា និង រ៉ាន់ឌ្រីយ៉ាណាន់ឌ្រី បាន​បម្រើ​បេសកកម្ម​នៅ​អាហ្វ្រិក​ខាង​ត្បូង—សេឌីនីរីណានៅកាប៉េ​ថោន ហើយ រ៉ាន់ឌ្រីយ៉ាណាន់ឌ្រី នៅ ចូហាន់ណេស្ប៊ឺក ។ ​ផ្នែក​នៃ​ការ​លើក​ទឹកចិត្ត​របស់​ពួកគេ​ដើម្បី​បម្រើ​គឺ​ដើម្បី​ជួយ​ផ្លាស់​ប្ដូរ​ក្រុម​គ្រួសារ​ផ្សេង​ទៀត ឲ្យ​ដូច​គ្រួសារ​របស់​ពួកគេ​ដែរ ។

រ៉ាន់ឌ្រីយ៉ាណាន់ឌ្រី បាន​និយាយ​ថា « អព្ភូតហេតុ​មួយ​ដូច​គ្នា​នេះ​អាច​កើត​ឡើង​បាន ហើយ​វា​បាន​កើត​ឡើង​ដោយ​សារ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​មក​ផ្ទះ​របស់​យើង » ។ « ដូច្នេះ​ខ្ញុំ​មាន​ក្ដី​ប្រាថ្នា​ធ្វើ​រឿង​ដូចគ្នា​នេះ​សម្រាប់​គ្រួសារ​មួយ​នៅ​កន្លែង​មួយ​ផ្សេង​ទៀត » ។

ការ​សម្រេច​ចិត្ត​នោះ​បាន​នាំ​មក​នូវ​ពរជ័យ​មួយ​ទៀត​ដល់​គ្រួសារ​រ៉ាន់ឌ្រីយ៉ាណារី​សុន ។ សេឌីនីរីណា និង រ៉ាន់ឌ្រីយ៉ាណាន់ឌ្រី បាន​នៅ​មជ្ឈមណ្ឌល​បំពាក់​បំប៉ន​ពួក​អ្នក​ផ្សាយសាសនា​ចូ​ហាន់ណេស្ប៊ឺក​រយៈពេល​ប្រាំបួន​ថ្ងៃ ។ រ៉ចឺរ៍​បាន​រៀបចំ​ជើង​យន្តហោះ​ទៅ​អាហ្វ្រិក​ខាង​ត្បូង​ជាមួយ​អារ៉េលីណា និង​កូនស្រី​ពួកគេ នីរីណា ដើម្បី​គ្រួសារ​ទាំងមូល​អាច​ទទួល​ការ​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នីរីណា ដែល​មាន​អាយុ 14 ឆ្នាំ​នៅ​ពេល​នោះ បាន​និយាយ​ថា វា​ពិបាក​រៀបរាប់​ពី​បទពិសោធន៍​នោះ និង​អារម្មណ៍​ដែល​នាង​មាន​ណាស់ ។

នាង​បាន​និយាយ​ថា « វា​បាន​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​ខ្ញុំ ហើយ​បាន​ជួយ​ខ្ញុំ​ឲ្យ​មានអារម្មណ៍​ខិត​ជិត​នឹង​ព្រះ » ។

សព្វថ្ងៃ​នេះ​សមាជិក​គ្រួសារ​យើង​ធ្វើការ ដើម្បី​ជួយ​ពង្រឹង​ដល់​ជន​ដែល​រស់​នៅ​ជុំវិញ​ខ្លួន​យើង ។ រ៉ចឺរ៍​បាន​បម្រើ​ជា​ប៊ីស្សព​ក្នុង​វួដ​របស់​គាត់ ។ អារេលីណា​បាន​បម្រើ​នៅ​ក្នុង​អង្គការ​បឋម​សិក្សា​ជាមួយ​កម្មវិធី​សេចក្ដី​ជំនឿ​ជឿ​លើ​ព្រះ ។ សេឌីនីរីណា​ជា​ជំនួយការ​របស់​ស្មៀន​ស្តេក ។ រ៉ាន់ឌ្រីយ៉ាណាន់ឌ្រី​ជា​ជំនួយ​ការ​របស់​ស្មៀន​វួដ ។ នីរីណា​ជា​នាយក​ផ្នែក​តន្ត្រី​ប្រចាំ​វួដ ។

ដំណឹងល្អ​បាន​ឆ្លើយតប​នឹង​ការ​អធិស្ឋាន​ នៅ​ក្នុង​ផ្ទះ​របស់​គ្រួសារ​រ៉ាន់ឌ្រីយ៉ាណារីសុន ។ ដំណឹងល្អ​បាន​ព្យាបាល​របួស​ចាស់ ហើយ​បាន​នាំ​ពួកគេ​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ ហើយ​បាន​ផ្ដល់​ឱកាស​ដល់​ពួកគេ​បាន​រួមរស់​នឹង​គ្នា​ជា​និរន្តរ ។ ​ដំណឹងល្អ​បាន​បង្រៀន​ដល់​រ៉ចឺរ៍​ឲ្យ​ចេះ​ស្រឡាញ់ ។ គាត់​បាន​និយាយ​ថា « ជីវិត​គ្រួសារ​គឺ​ជា​ជីវិត​មួយ​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់ » ។

ការ​ដឹក​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​ឡាន​តាក់ស៊ី​មួយ​បាន​ជួយ​ចាប់ផ្ដើម រ៉ចឺរ៍ រ៉េនឌ្រីយ៉ានណារីសុន នៅ​លើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស ។

រូបថត​របស់​គ្រួសារ​រ៉េនឌ្រីយ៉ានណារីសុន ដោយ ម៉ាថាយ ឌី ភ្លីតតុន

ការ​សិក្សា​ដំណឹងល្អ​ជា​គ្រួសារ​បាន​ជួយ​គ្រួសារ​រ៉េនឌ្រីយ៉ានណារីសុន កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា ។

ការ​ធ្វើ​ដំណើរ​ទៅ​អាហ្វ្រិក​ខាង​ត្បូង ដើម្បី​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​​ចូហាន់ណេស្ប៊ឺក បាន​ពង្រឹង​ដល់​គ្រួសារ​​រ៉េនឌ្រីយ៉ានណារីសុន ។

ខាង​លើ ៖ រូបថត​ដោយ ដេវីឌ វិល្លាម ញ៉ូវ​មិន © IRI, ខាង​ក្រោម ៖ រូបថត©ឡូរ៉ា ផាកកឺ