២០១៣
ត្រៀម​ខ្លូន​សម្រាប់​ថ្ងៃ​ចម្បាំង
Oct 2013


ត្រៀម​ខ្លូន​​សម្រាប់​ថ្ងៃ​ចម្បាំង

រូបភាព
អែលឌើរ អេកាដូហ្គាវ៉ារ៉ែត

ដោយ​ដាក់​សេចក្ដី​ទុកចិត្ត​របស់​យើង​លើ​ព្រះអង្គ​ស​ង្គ្រោះ ជា​ព្រះអម្ចាស់​នៃ​ពួក​ពល​បរិវារ សូម​ឲ្យ​យើង​បាន​រៀប​ចំ​ខ្លួន ហើយ​មិន​បរាជ័យ​នៅ​ឯ​សមរភូមិ ។

ក្នុងឆ្នាំ 1485 ស្តេចរីឆាដ​ទី 3 បាន​សោយរាជ្យ​នៅ​ប្រទេស​អង់គ្លេស ។ វា​ជា​ពេល​អថេរភាព ហើយសេ្តច​រីឆាដ​ត្រូវ​ការពារ​រាជបល្ល័ង្ក​របស់​ខ្លួន​ជាច្រើន​ដង ។ ប៉ុន្តែ​គាត់​ជា​ទាហាន​ជើង​ចាស់​ដែល​មាន​ជំនាញ​ខាង​យោធា មាន​ចិត្ត​ក្លាហាន ហើយ​ឈ្លាសវៃ ទ្រង់មាន​ទ័ព​ពី 8,000 ទៅ 10,000 នាក់ ។

ក្នុង​ឆ្នាំ​ដដែល​នោះ មាន​បុរស​ម្នាក់​ដែល​ចង់​ធ្វើ​ជា​ស្ដេច​នៅ​អង់គ្លេស ឈ្មោះ ហេនរី ធូឌ័រ ជា​ព្រះអម្ចាស់​នៃ​រីចមិន បាន​បបួល​រីឆាដ​តតាំង​គ្នា​នៅ​កន្លែង​មួយ​ដែល​ឲ្យ​ឈ្មោះ​ថា ៖ វាលបូសវឺថ ។ ផ្ទុយ​ពី​រីឆាដ ហេនរីមាន​បទពិសោធន៍​តិចតួច​ក្នុង​ការ​ធ្វើ​សឹកសង្គ្រាម ហើយ​ពលទ័ព​របស់​ទ្រង់មាន​តែ 5,000 នាក់​ប៉ុណ្ណោះ ។ ប៉ុន្តែ​នៅ​ក្បែរ​ខ្លួន​ទ្រង់​មាន​ពួក​ប្រឹក្សា​ល្អ​ជាច្រើន—ជា​បុរស​ថ្លៃ​ថ្នូរ​ដែល​ធ្លាប់​ប្រឡូក​នៅ​ក្នុ​ង​សឹកសង្គ្រាម​ស្រដៀង​គ្នា​នេះ ។ ព្រឹក​នៃចម្បាំង​នោះ​បាន​មក​ដល់ ហើយអ្វីៗ​គ្រប់​យ៉ាង​បាន​ប្រាប់​ថាសេ្តចរីឆាដ​នឹង​ទទួល​បាន​ជ័យជំនះ ។

មាន​រឿងព្រេង​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​មួយ​បាន​សង្ខេប​ពី​ព្រឹត្តិការណ៍​នៃ​ថ្ងៃ​ទី 22 ខែ សីហា ឆ្នាំ 1485 ។ នៅ​ព្រឹក​នោះ សេ្តច​រីឆាដ និង​ទ័ព​របស់​ទ្រង់បាន​រៀបចំ​ខ្លួន​ដើម្បី​ច្បាំង​នឹង​ទ័ព​របស់​ហេនរី ។ អ្នក​ឈ្នះ​សឹក​សង្គ្រាម​នេះ​នឹង​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​ប្រទេស​អង់គ្លេស ។ មិន​យូរ​ប៉ុន្មាន​ពី​មុន​ចម្បាំង​នោះ សេ្តចរីឆាដ បាន​ឲ្យ​អ្នក​បម្រើ​ម្នាក់​ទៅ​មើល​ថា តើ​សេះ​ដ៏​ចំណាន​របស់​ទ្រង់​បាន​រៀបចំ​រួច​ហើយ​ឬ​នៅ ។

អ្នក​បម្រើ​នោះ​បាន​បញ្ជា​ជាង​ដែក​ថា « ពាក់​ដែក​ក្រចក​ជើង​សេះ​ឲ្យ​វា​ឆាប់​ឡើង​ទៅ » ។ « ព្រះអង្គ​មាន​ព្រះ​បំណង​ចង់​ជិះ​វា​នៅ​ពី​មុខ​ពល​ទ័ព​របស់​ទ្រង់ » ។

ជាង​ដែក​នោះ​បាន​ឲ្យ​អ្នក​បម្រើ​នោះ​ត្រូវតែ​រង់​ចាំ​សិន ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​បាន​បំពាក់​ក្រចកដែកពាក់ឲ្យ​ជើង​សេះ​ឲ្យ​ទ័ព​ទាំង​មូល​របស់​ស្តេច​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ហើយ​ឥឡូវ​នេះ​ខ្ញុំ​ត្រូវ​ទៅ​យក​ដែក​មក​ថែមទៀត » ។

អ្នក​បម្រើ​ដែល​មាន​ចិត្ត​តក់ក្រហល់​រូប​នោះ​បាន​និយាយ​ថា គាត់​មិន​អាចរង់​ចាំ​បាន​ទេ ។ គាត់​បាន​និយាយ « ពេល​នេះ​សត្រូវ​របស់​ស្តេច​កំពុង​តែ​សម្រុក​ចូល​មក​ហើយ យើង​ត្រូវ​ជួប​ពួក​គេ​នៅ​ទីលាន​នោះ » ។ « ធ្វើ​តាម​អ្វី​ដែល​ឯង​មាន​ទៅ » ។

ស្រប​តាម​បញ្ជា ជាង​ដែក​នោះ​បាន​ធ្វើ​តាម​លទ្ធភាព​ដែល​គាត់​អាច​ធ្វើ​បាន ដោយ​ធ្វើ​ក្រចកដែកពាក់ជើង​សេះ​ទាំង​បួន​ពី​ដែក​មិន​ល្អ ។ បន្ទាប់​ពី​យក​ញញួរ​មក​ដំ​ដែក​នោះ​មក គាត់​បាន​ពាក់​ដែក​ក្រចក​បី​ទៅ​ឲ្យ​សេះ ។ ប៉ុន្តែ នៅ​ពេល​គាត់​កំពុង​រួសរាន់​ជាមួយ​នឹង​ដែក​ក្រចក​ទីបួន គាត់​បាន​ដឹង​ថា​គាត់​ពុំ​មាន​ដែកគោល​គ្រប់​គ្រាន់​ទេ ។

គាត់​បាន​ប្រាប់​អ្នក​បម្រើ​នោះ​ថា « ខ្ញុំ​ត្រូវការ​ក្រចក​មួយ ឬ​ពីរ​ទៀត ហើយ​វា​ត្រូវ​ការ​ពេល​មួយ​ចំនួន​ដើម្បី​ដំ​វា » ។

ប៉ុន្តែ​អ្នក​បម្រើ​នោះ ពុំ​អាច​រង់​ចាំ​ទៀត​បាន​ឡើយ ។ គាត់​បាន​ប្រាប់ថា « ឥឡូវ​ខ្ញុំ​បាន​ឮ​សំឡេង​ត្រែ​ហើយ » ។ « តើ​ឯង​មិន​អាច​ប្រើ​អ្វី​ដែល​ឯង​មាន​បាន​ទេ​ឬ​អី ? »

ជាង​ដែក​នោះ​បាន​តប​ថា គាត់​នឹង​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព ប៉ុន្តែ​គាត់​មិន​ធានា​ថា ដែក​ក្រចក​ទី​បួន​នៅ​ជាប់​នឹង​ជើង​នោះ​ឡើយ ។

អ្នក​បម្រើ​នោះ​បាន​បញ្ជា « ដាក់ដែកគោល​ចូល​ទៅ » ។ « ប្រញ៉ាប់​ឡើង បើ​មិន​ដូច្នោះ​ទេ​ស្តេច​រីឆាដ​នឹង​ខ្ញាល់​យើង​ទាំងពីរ​នាក់​ជា​ពុំ​ខាន​ឡើយ » ។

មិន​យូរ​ប៉ុន្មាន​ចម្បាំង​នោះ​បាន​ចាប់ផ្ដើម ។ ដើម្បី​រៀបចំ​ទ័ព​របស់​ទ្រង់ស្តេច រីឆាដ​បាន​ជិះ​សេះ​ចុះ​ឡើង​នៅ​ទីលាន​នោះ ដោយ​ការ​ច្បាំង និង​ដោយ​ស្រែក​ជម្រុញ​ពួក​គេ​ថា « ឆ្ពោះ​ទៅ​មុខ ! ឆ្ពោះ​ទៅ​មុខ ! »

ប៉ុន្តែ នៅពេល​សេ្តច​រីឆាដ​មើល​ទៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ទីលាន​នោះ ទ្រង់​បាន​ឃើញ​ទ័ព​របស់​ទ្រង់​មួយ​ចំនួន​កំពុង​តែ​ដកថយ ។ ដោយ​ខ្លាច​ថា​ទ័ព​របស់​ទ្រង់​ផ្សេងទៀត​ចាប់​ផ្ដើម​ដក​ថយ នោះ​ទ្រង់​បាន​ផាយ​សេះ​យ៉ាង​លឿន​ទៅ​កន្លែង​ដែល​ត្រូវ​គេ​វាយ​ប្រហារ​ដើម្បី​លើក​ទឹកចិត្ត​ដល់​ពួកគេ ។ ប៉ុន្តែ​ពី​មុន​សេ្តចរីឆាដ​បាន​ទៅ​ដល់​ពួកគេ នោះ​សេះ​របស់​ទ្រង់​បាន​ជំពប់​ជើង​ដួល ដោយ​គ្រវែង​ទ្រង់ធ្លាក់​ទៅ​លើ​ដី ។ ដូច​ដែល​ជាង​ដែក​បាន​ព្រួយ​បារម្ភ​មែន មាន​ក្រចក​ជើងដែក​មួយ​បាន​របូត​ចេញ នៅ​ពេល​ស្តេច​នោះ​កំពុង​ផាយ​សេះ​យ៉ាង​លឿន ។

សេ្តចរីឆាដ​បាន​ស្ទុះ​ងើប​ឡើង​ពី​ដី នៅ​ពេល​សេះ​របស់​ទ្រង់​បាន​ក្រោក​ឡើង ហើយ​រត់​ផាយ​ទៅ​បាត់ ។ នៅ​ពេល​ទ័ព​របស់​ទ្រង់​ហេនរី​កំពុង​មាន​ប្រៀប នោះ​សេ្តចរីឆាដ​បាន​លើក​ដាវ​របស់​ទ្រង់​គ្រវី​ឡើង​លើ ដោយ​ស្រែក​ថា « សេះ ! សេះ ! យើង​នឹង​ប្ដូរ​នគរ​របស់​យើង​នឹង​សេះ​ឥឡូវ​នេះ ! »

ប៉ុន្តែ​វា​យឺត​ពេល​ទៅ​ហើយ ។ នៅ​ពេល​នោះ ទ័ព​របស់​សេ្តច​រីឆាដ​បាន​រត់​គេច​ដោយ​ភ័យ​ខ្លាច នឹង​ទ័ព​ហេនរី​ដែល​កំពុង​មាន​ប្រៀប ហើយ​ចម្បាំង​នោះ​បាន​ទទួល​បរាជ័យ ។ ចាប់​ពី​ពេល​នោះ​មក មនុស្ស​ទូទៅ​បន្លឺ​នូវ​សុភាសិត​ថា ៖

ដោយ​សារ​គ្មាន​ដែកគោល​មួយ នោះ​ដែក​ក្រចក​ជើង​សេះ​មួយ​ត្រូវ​បាន​របូត

ដោយសារ​គ្មាន​ដែក​ក្រចក​ជើង សេះ​រត់​ទៅ​បាត់ ។

ដោយសារ​គ្មាន​សេះ ចម្បាំង​ត្រូវ​បរាជ័យ

ដោយសារ​ចង់​បាន​ចម្បាំង នគរ​ត្រូវ​រលាយ​បាត់

អ្វី​ទាំងអស់​គឺ​អាស្រ័យ​ទៅ​នឹង​ដែកគោល​មួយ​នៃ​ក្រចក​ជើង​សេះ ។1

ការកាន់​ខ្ជាប់​នឹង​​គោលការណ៍​របស់​យើង

នៅ​ពេល​ខ្ញុំ​គិត​ពី​ដំណើរ​រឿង​នេះ ខ្ញុំ​សញ្ជឹង​គិត​ពី​របៀប​ដែល​​ ​ក្រចក​ជើងសេះ​ដោយបោះដែកគោលភ្ជាប់យ៉ាង​រាក់នឹងជើងរបស់សេះ​ នាំកើត​ឲ្យ​មានភាព​ផ្ទុយ​ស្រឡះ​នៅ​ក្នុង​ព្រឹត្តិការណ៍​នានា ។ យើង​អាច​ប្រៀបធៀប​ការ​ខ្វះ​ដែកគោក​ក្រចក​ជើង​សេះ​ទៅ​នឹង​គោលការណ៍​នៃ​ដំណឹងល្អ ។ ការ​ខ្វះ​គោលការណ៍​នៃ​ដំណឹងល្អ និង​គុណតម្លៃ​ដែល​មាន​នៅ​ក្នុង​គោលការណ៍​ទាំងនោះ ហើយ​និង​ការ​អនុវត្ត ​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​នូវ​ជំនួយ​នៅ​លើ​ទីលាន​ចម្បាំង​ប្រឆាំង​នឹង​ការ​ល្បួង និង​អំពើ​អាក្រក់ ។

តើ​ការ​អនុវត្ត​អ្វី​ខ្លះ​ដែល​កំពុង​ខ្វះខាត​នៅ​ក្នុង​ជីវិត និង​ក្រុម​គ្រួសារ​របស់​យើង ? តើ​យើងកំពុង​តែ​អាក់ខាន​នឹង​ធ្វើ​ការអធិស្ឋាន​ផ្ទាល់ខ្លួន ឬ​ជា​គ្រួសារ​មែន​ទេ ? ការ​សិក្សា​ព្រះគម្ពីរ​ដោយ​ចិត្ត​ឧស្សាហ៍​មែន​ទេ ? រាត្រីជួបជុំ​ក្រុមគ្រួសារ​ជា​ទៀងទាត់​មែន​ទេ ? ការ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញ​លេញ​មែន​ទេ ? ការ​បម្រើ​ដល់​បងប្អូន​ប្រុស​ស្រី​របស់​យើង​មែន​ទេ ? ការ​គោរព​ថ្ងៃ​បរិសុទ្ធ​មែន​ទេ ? ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មែន​ទេ ? ការ​ស្រឡាញ់​អ្នក​ជិតខាង​យើង​មែន​ទេ ?

យើង​ម្នាក់ៗ​អាចសម្លឹងមើលក្នុងខ្លួន​យើង ហើយ​រក​នូវ​អ្វី​ដែល​យើង​ខ្វះ​ចន្លោះ​—​ដែល​ជា​គោលការណ៍ ឬ​ការ​អនុវត្ត​ដែល​យើងត្រូវ​កាន់​ខ្ជាប់​ឲ្យ​រឹងមាំ​ថែម​ទៀត​នៅ​ក្នុង​ជីវិតរបស់​យើង និង​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង ។ រួចហើយ បន្ទាប់​ពី​យើង​បាន​រកឃើញ​គោលការណ៍ ឬ​ការអនុវត្ត​នោះ យើងអាច​ធ្វើ​ដោយ​ចិត្ត​ឧស្សាហ៍ និង​ការ​តាំងចិត្ត​ដើម្បី ដាក់ក្រចក​នោះ​ឲ្យ​ជាប់ ដើម្បី​រស់​នៅ​តាម​គោលការណ៍​នោះ​ឲ្យ​បាន​ពេញ​លេញ និង​ដើម្បី​រៀបចំ​ខ្លួន​យើង​ និង​ក្រុម​គ្រួសារ​ឲ្យ​បាន​ប្រសើរ​ដើម្បីការពារ​អ្វី​ដែល​ត្រឹមត្រូវ ។

នៅ​ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ព្រះអម្ចាស់​បាន​ទូន្មាន​ថា « ចូរ​យើង​យក​សេចក្ដី​ស​ង្គ្រោះ​ទុក​ជា​មួក​សឹក និង ដាវ​របស់​ព្រះវិញ្ញាណ​របស់​យើង​ដែល​យើង​នឹង​ចាក់​មក​លើ​អ្នក និង ព្រះបន្ទូល​របស់​យើងដែល​យើង​បើក​សម្ដែង​ដល់​អ្នក ហើយ …មាន​ចិត្ត​ស្មោះត្រង់​រហូត​ដល់​យើង​ត្រឡប់​មក​វិញ » ( 27:18 ) ។

ព្រះអង្គសង្គ្រោះ​បាន​សន្យា​ចំពោះ​ពួក​អ្នក​បម្រើ​ស្មោះត្រង់​របស់​ទ្រង់​ថា « ដៃ​របស់​ពួកគេ​នឹង​បាន​ទៅ​ជា​ពាហុ​របស់​យើង ហើយ​នឹង​ធ្វើ​ជា​ខែល​របស់​ពួកគេ និងជា​ប្រដាប់​ការពារ​របស់​ពួកគេ ហើយ​យើង​នឹង​ក្រវាត់​ចង្កេះ​របស់​ពួកគេ ហើយ​ពួក​គេ​នឹង​ច្បាំង​យ៉ាងក្លាហាន​ជំនួស​យើង …ហើយ​ដោយសារ​ភ្លើង​នៃ​សេចក្ដី​ក្ដៅ​ក្រហាយ​របស់​យើង នោះ​យើងនឹង​រក្សា​ទុក​ឲ្យ​ពួកគេ​បាន​គង់វង្ស » ( គ. និង ស. 35:14 ) ។

ដូចជា​សុភាសិត​បាន​ចែង សូម​ឲ្យ​យើង​បាន​ចងចាំ​ថា ទោះ​ជា « ត្រៀមសេះ​ទុក​សម្រាប់​ថ្ងៃ​សឹក​សង្គ្រាម តែ​ការ​ដែល​មាន​ជ័យ​ជំនះ​នោះ​ស្រេច​នៅ​ព្រះយេហូវ៉ា​ទេ » ( 21:31 ) ។ សូម​ឲ្យ​យើង​ធ្វើ​តាម​ការ​អញ្ជើញ​របស់​មរ៉ូណៃ​ឲ្យ « ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់ » ( មរ៉ូណៃ 10:32 ) ។ ហើយ​សូម​ឲ្យ​យើង​បាន​រៀប​ចំ​ខ្លួន ហើយ​មិន​បរាជ័យ​នៅ​ឯ​សមរភូមិ​ប្រឆាំង​នឹង​អំពើ​អាក្រក់ ដោយ​ដាក់​សេចក្ដី​ទុកចិត្ត​របស់​យើង​លើ​ព្រះអង្គ​ស​ង្គ្រោះ ជា​ព្រះអម្ចាស់​នៃ​ពួក​ពល​បរិវារ ។

កំណត់​ចំណាំ

  1. សូម​មើល « For Want of a Horseshoe Nail » នៅ​ក្នុង William J. Bennett, ed. The Book of Virtues: A Treasury of Great Moral Stories ( ឆ្នាំ 1993 ) ទំព័រ 198–200 ។

រចនា​ដោយ ហ្គ្រេក ញ៉ូវបូល