២០១៣
ការ​ក្លាយ​ខ្លួន​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​​នៃ​ប្រកាស​ដំណឹង​ល្អ​របស់​យើង
Oct 2013


ការ​ក្លាយ​ខ្លួន​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​​នៃការប្រកាស​ដំណឹង​ល្អ​របស់​យើង

ដកស្រង់​ចេញ​ពី​សុន្ទរកថា​ក្នុង​ការ​ប្រជុំ​ពិសេស​មួយ​ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​ប្រូវ៉ូ នៅ​ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2011 ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​បាន ! ព្រះអម្ចាស់​ដែល​អ្នក​ធ្វើ​ជា​តំណាង ហើយ​បម្រើ ទ្រង់​ដឹង​ថា​អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​បាន ។ ខ្ញុំ​ដឹង​ថា អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​បាន ។

ក្នុង​នាម​ជា​សាវក​ម្នាក់ តួនាទី​ទី​មួយ​ដ៏​សំខាន់​បំផុត ហើយ​ជា​និរន្តន៍​គឺ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ ដោយ​ហេតុ​ផល​នោះ ខ្ញុំ​មាន​ចិត្តរីករាយជាពិសេស​នឹង​និយាយ​ទៅកាន់​អ្នក​ក្នុងនាម​ជា​ពួក​អ្នក​បម្រើ​ដូចគ្នា​នៅ​ក្នុង​កិច្ចការ​នា​ថ្ងៃចុង​ក្រោយ​ដ៏​ធំ​អស្ចារ្យ​នេះ ។

រូបភាព
Elder missionaries teaching people outdoors.

តើ​អ្វី​ទៅ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៃប្រកាស​ដំណឹង​ល្អ​របស់​យើង ?

អ្នក​ផ្សព្វផ្សាយ​សាសនា​នៃប្រកាស​ដំណឹង​ល្អ​របស់​យើងគឺ​ជា​អ្នក​បម្រើ​ម្នាក់​របស់​ព្រះអម្ចាស់ ដែល​ត្រូវ​បាន​ហៅ​ដោយ​ការ​ព្យាករ ហើយ​ផ្ដល់​សិទ្ធិ​អំណាច​ដោយ​ការ​ដាក់​ដៃ​លើ ហើយ​ជា​អ្នក​ប្រកាស​ពី​ដំណឹងល្អ​ដ៏​អស់កល្ប ហើយ​បាន​ស្ដារ​ឡើង​វិញ​របស់ព្រះអង្គ​សង្គ្រោះ​តាម​របៀប​របស់​ទ្រង់ ( សូមមើល គ. និង ស. 50:13–14, 17–24, គ. និង ស. 68:1 ) ។

គោលបំណង​ចម្បង​របស់​អ្នកផ្សព្វផ្សាយ​សាសនា​បាន​រៀបរាប់​នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង គឺ​ដើម្បី « អញ្ជើញ​មនុស្ស​ដទៃ​មក​កាន់​ព្រះគ្រីស្ទ ​ដោយ​ការ​ជួយ​ពួកគេ​ឲ្យ​ទទួល​ដំណឹងល្អ​ ដែល​​បាន​ស្ដារឡើងវិញ​តាមរយៈ​សេចក្ដី​ជំនឿ​នៅ​លើ​ព្រះគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ការ​ប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » ។1

ទំនួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ​ដើម្បី​ប្រកាស​ដំណឹង​ល្អ​ដោយ​មាន​សិទ្ធិអំណាច ហើយ​ធ្វើ​ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ​ បាន​មាន​ដំណើរការ​ចាប់​តាំង​ពី​អ័ដាម​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​សួនច្បារ​អេដែន​មក​ម្ល៉េះ ហើយ​វា​នឹង​បន្ត​រហូត​ដល់ « ព្រះយេហូវ៉ា​ដ៏​មាន​មហិទ្ធិឫទ្ធិ​នឹង​មាន​បន្ទូល​ថា​កិច្ចការ​បាន​ចប់​សព្វគ្រប់​ហើយ » ។2

តម្រូវការ​ដើម្បី​ក្លាយ​ជា​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​នៃ ប្រកាស​ដំណឹង​ល្អ​របស់​យើង

ខ្ញុំ​ចង់​ពិភាក្សា​នូវ​តម្រូវការ​ប្រាំ​យ៉ាង​ដ៏​សំខាន់ ចំពោះ​ការ​ក្លាយ​ជា​ពួក​អ្នកផ្សព្វផ្សាយសាសនា​នៃ​ប្រកាស​ដំណឹង​ល្អ​របស់​យើង ។

តម្រូវការ​ទី 1 ៖ ពួក​អ្នកផ្សព្វផ្សាយសាសនា​នៃ ប្រកាស​ដំណឹង​ល្អ​របស់​យើង យល់​ដឹង​ថា ពួកគេ​បម្រើ ហើយ​ធ្វើ​ជា​តំណាង​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
Jesus Christ with His arm around the shoulder of the Apostle Peter. Christ points to a large number of fish lying on the beach as He speaks to Peter. Two other men and a ship sit on the beach in the background.

ពួក​អ្នកផ្សព្វផ្សាយសាសនា​នៃប្រកាស​ដំណឹង​ល្អ​របស់​យើងដឹង ហើយ​យល់ពីតួរអង្គ​ដែល​ពួកគេ​តំណាង​ឲ្យ ហេតុអ្វី​បាន​ជា​ពួកគេ​បម្រើ និង​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ ។ ពួក​អ្នកផ្សព្វផ្សាយសាសនា​ពេញ​ម៉ោង​ត្រូវបាន​ហៅ​ឲ្យ​បម្រើ ហើយ​ត្រូ​វបាន​ញែក​ចេញ​ដោយ​ត្រឹមត្រូវ​ជា​ពួក​អ្នក​បម្រើ និង​ជា​អ្នកតំណាង​នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ យើង​ថ្លែង​ជា​សាក្សី​ពី​ព្រះនាម​ទ្រង់ និងពី​ភាពពិត ទេវភាព និង​បេសកកម្ម​នៃ​ព្រះយេស៊ូវគ្រីស្ទ​ទៅ​ដល់សាសន៍ ពូជមនុស្ស ភាសា និង​ប្រជាជន​គ្រប់រូប ( គ. និង ស. 133:37 ) ។

យើង​ស្រឡាញ់ព្រះអម្ចាស់ យើង​បម្រើ​ទ្រង់ ។ យើង​ដើរ​តាម​ទ្រង់ ។ យើងធ្វើ​ជា​តំណាង​ឲ្យ​ទ្រង់ ។

ព្រះរាជបំណង​របស់​ទ្រង់​ត្រូវតែ​ជា​គោលបំណង​របស់​យើង ។ ចំណាប់​អារម្មណ៍​របស់​ទ្រង់​គប្បី​ជា​ចំណាប់អារម្មណ៍​របស់​យើង ។ កិច្ចការ​របស់​ទ្រង់​គប្បី​ជា​កិច្ចការ​របស់​យើង ។ របៀប​របស់​ទ្រង់​គប្បី​ជា​របៀប​របស់​យើង ។ ឆន្ទៈដ៏​លើសលុបរបស់​ទ្រង់​គប្បី​ជា​ឆន្ទៈ​របស់​យើង ។

ក្នុង​នាម​ជា​អ្នកតំណាង​ឲ្យ​ព្រះអង្គ​ប្រោសលោះ យើង​ប្រកាស​ពី​គោលលទ្ធិ និង គោលការណ៍​គ្រឹះ​ដ៏​សំខាន់​​នៃ​ដំណឹងល្អ​របស់​ទ្រង់​ដែល​បាន​ស្ដារ​ឡើងវិញ​ដោយ​សាមញ្ញ ហើយ​ច្បាស់លាស់ ។ យើង​មិន​ប្រើទស្សនៈ ឬគំនិតផ្ទាល់​ខ្លួនឡើយ ។ យើង​ប្រកាស ហើយ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ពិត​ដែល​បាន​ស្ដារឡើងវិញ ​ដោយ​សាមញ្ញ​តាមរបៀប​របស់​​ព្រះអម្ចាស់ និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញណ​របស់​ទ្រង់ ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៃប្រកាស​ដំណឹង​ល្អ​របស់​យើងយល់ដឹង​ថា ទំនួលខុសត្រូវ​ដើម្បី​ធ្វើ​ជា​តំណាង​ឲ្យ​ព្រះអង្គ​សង្គ្រោះ និង​ ដើម្បី​ថ្លែង​ទីបន្ទាល់​ពី​ទ្រង់​នឹង​គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ ។ សូម​ចងចាំ​ទ្រង់​នៅរាល់​កិច្ចការ​ដែល​អ្នក​គិត រាល់​កិច្ចការ​ដែល​អ្នក​ធ្វើ និង​រាល់​កិច្ចការ​ដែល​អ្នក​ព្យាយាម​នឹង​ប្រែក្លាយ ហើយ​ធ្វើ​ជា​តំណាង​ឲ្យ​ទ្រង់​ដោយ​សមរម្យ​ទៅ​កាន់​កូន​ចៅ​របស់​ព្រះវរបិតា​សួគ៌​ទាំងអស់ជាមួយ​នឹង​មនុស្ស​ ដែល​អ្នក​ធ្វើ​ការ​រួមគ្នា​នៅ​ពេល​នេះ និង​ជានិច្ច​តទៅ ។

តម្រូវការ​ទី 2 ៖ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​នៃ ប្រកាស​ដំណឹង​ល្អ​របស់​យើងមាន​ភាព​សក្ដិសម ។

រូបភាព
A young man in Fiji praying.

គុណសម្បត្តិ​មួយ​ដ៏​ចាំបាប់​ដើម្បី​ក្លាយ​ជា​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​នៃ ប្រកាស​ដំណឹង​ល្អ​របស់​យើងគឺ​ភាព​សក្ដិសម​ផ្ទាល់ខ្លួន​នៅ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។

ខ្ញុំ​សូម​លើក​ឡើង​នូវ​សេចក្ដី​ពិត​ដ៏​សាមញ្ញមួយ​ចំនួន ដែល​ខ្ញុំ​បាន​ដឹង​យ៉ាង​ច្បាស់ ។

  • យើង​ត្រូវ​បាន​ផ្ដល់​សិទ្ធិអំណាច​ធ្វើ​ជា​អ្នកតំណាង​ឲ្យ​ព្រះអង្គ​ប្រោសលោះ និង​ព្រះអង្គ​សង្គ្រោះនៃ​ពិភពលោក​នេះ ។

  • យើងត្រូវបាន​ហៅ​ឲ្យ​ប្រកាស​ពី​ដំណឹងល្អ​ដ៏​អស់កល្ប​ជានិច្ច ​របស់​ទ្រង់​ដែល​បាន​ស្ដារ​ឡើង​វិញ ។

  • យើង​មិន​អាច​មាន​ស្នាម​ប្រឡាក់​នៃ​លោកិយនេះ ហើយ​ធ្វើជា​អ្នក​តំណាង​ទ្រង់​ដោយ​សិទ្ធិអំណាច ព្រម​ទាំង​ធ្វើ​កិច្ចការ​ដោយព្រះចេស្ដា​ នៅ​ក្នុង​ព្រះនាម​បរិសុទ្ធ​របស់​ទ្រង់បាន​ឡើយ ។

  • យើង​មិន​អាច​ជួយ​អ្នកដទៃ​ឲ្យ​យក​ឈ្នះ​លើ​ចំណង​នៃ​អំពើបាប​បាន​ឡើយ ប្រសិន​បើ​យើង​ខ្លួន​ឯង​ត្រូវ​បាន​​ជាប់​ជំពាក់​ក្នុង​​អំពើបាប​នោះ ( សូមមើល គ. និង ស. 88:86 ) ។

  • យើង​មិន​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​រៀន​ប្រែចិត្ត​បាន​ឡើយ ប្រសិន​បើ​យើង​ខ្លួន​ឯង​មិន​បាន​រៀន​ប្រែចិត្ត​ដោយ​ត្រឹមត្រូវ និង​ពេញលេញ​នោះ ។

  • យើង​អាច​ថ្លែង ហើយ​ប្រកាស​ដោយ​ព្រះចេស្ដា​តែ​អ្វី​ដែល​យើង​កំពុង​ព្យាយាម​ដើម្បី​នឹង​ប្រែក្លាយ​ប៉ុណ្ណោះ ។

  • យើង​នឹង​ទទួល​ខុសត្រូវ​ចំពោះ​ព្រះ​សម្រាប់​ក្ដី​ប្រាថ្នា​ និង​ភាព​សក្ដិសម​ដ៏សុចរិត​របស់​យើង​ដើម្បី​ធ្វើ​ជា​ភ្នាក់ងារ​របស់​ទ្រង់ ។

យើង​មិន​​បាន​តម្រូវនៅ​ពេល​នេះ​ឲ្យ​មាន​ភាពល្អ​ឥតខ្ចោះ​នោះ​ទេ ។ ប៉ុន្តែ​ត្រូវ​បាន​បញ្ជា​ឲ្យ​មាន​ភាពស្អាតស្អំ ហើយ​ដើរ​ដោយ​ទៀងត្រង់​នៅ​ចំពោះ​ព្រះអង្គ​ប្រោសលោះ​នៃ​អ៊ីស្រាអែល ។ « ចូរ​អ្នករាល់គ្នា​ដែល​កាន់​ប្រដាប់​ទាំងឡាយ​នៃ​ព្រះអម្ចាស់​បាន​ជ្រះ​ស្អាត​ចុះ » ( គ. និង ស. 38:42 ) ។

ការ​ប្រែចិត្ត​គឺ​ជា​គោលការណ៍​នៃ​សេចក្ដី​សង្ឃឹម និង​ការ​ព្យាបាល​មួយ—ពុំ​មែន​ជា​គោលការណ៍​នៃ​ការ​បាក់​ទឹកចិត្ត និង​ភាព​អស់សង្ឃឹម​នោះ​ទេ ។ ពិតណាស់ ការ​ប្រែចិត្ត​គឺជាការ​បន្ទាបខ្លួន—ប៉ុន្តែ​ពុំ​មែន​ជា​ការ​ភ័យ​ខ្លាច​នោះ​ទេ ។ ការ​ប្រែចិត្ត គឺ​ជា​ការតម្រូវ​ឲ្យ​មាន និង​ជាការ​លួងលោម ជា​ការ​ម៉ឺងម៉ាត់ និង​ភាព​កម្សាន្តចិត្ត​ក្នុង​ពេល​តែ​មួយ ។ ការ​ប្រែចិត្ត​ជា​អំណោយទាន​មួយ​មាន​តម្លៃ​លើស​លុប ដែល​កើត​មាន​ឡើង​តាម​រយៈ​ដង្វាយធួន​នៃ​អង្គ​ដែល​យើង​ស្រឡាញ់ បម្រើ ហើយ​ដើរ​តាម ។

ទោះជា​អ្នកបាន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធំ​ក្ដី តែតាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ការ​ប្រែចិត្ត​ដោយ​ស្មោះ​អស់​ពី​ចិត្ត អ្នក​បាន ឬ​អាច​ធ្វើឲ្យ​ជ្រះស្អាត និង​សក្ដិសម​ជាថ្មី​ម្ដងទៀត ។

នៅ​តែ​មាន​យុវវ័យ​ដែល​ត្រូវការ​ការ​ប្រែចិត្ត​ទាំងស្រុង ។ វា​គឺ​នៅ​ពេល​នេះ ។ សូម​មេត្តា​កុំ​ពន្យារ​ពេល​នៃ​ការ​ប្រែចិត្ត​របស់​អ្នក ។

មាន​យុវវ័យ​ដែល​បាន​ប្រែចិត្ត ហើយ​កំពុង​បន្ត​ប្រែចិត្ត និង​អ្នក​ដែល​ងឿង​ឆ្ងល់​ថាតើ​ពួកគេ​បាន​ធ្វើ​នូវ​អ្វី​ដែល​ចាំបាច់​ដើម្បី​ត្រូវបាន​ទទួល​យក​ដោយ​ព្រះអម្ចាស់​ហើយ​ឬនៅ ( សូមមើល គ. និង ស. 97:8 ) ។ សូម​ចងចាំ​ថា ព្រះអម្ចាស់​តម្រូវ​ឲ្យ​អ្នក​ត្រូវ​មាន​ភាព​ស្អាត​ស្អំ ប៉ុន្តែ​ពុំ​មែន​មាន​ន័យ​ថា​ត្រូវ​ល្អ​ឥតខ្ចោះ​នោះ​ទេ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ចាប់​ផ្ដើម​គង់​នៅ​ក្នុង​ជីវិត​អ្នក​ជា​ថ្មី​ម្ដង​ទៀត​នោះ​ហើយ​គឺជា​ការ​ចង្អុល​បង្ហាញ​យ៉ាង​ពិតប្រាកដ​ពី​ការ​អភ័យទោស​ពី​ព្រះអម្ចាស់ ពីព្រោះ « ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ពុំ​គង់​នៅ​ក្នុង​ព្រះវិហារ​ណា​ដែល​ឥត​បរិសុទ្ធ​ឡើយ » ( ហេលេមិន 4:24 ) ។ ហើយ​ដឹង​ថា ការ​តម្រូវ​ឲ្យ« អត់ទោស​ដល់​មនុស្ស​ទាំងអស់ » ( គ. និង ស. 64:10 ) គឺ​រួម​បញ្ចូល​ទាំង​ការ​អត់ទោស​ឲ្យ​ខ្លួន​ឯង​ផង​ដែរ ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៃ ប្រកាស​ដំណឹង​ល្អ​របស់​យើងគឺ​ជា​សិស្ស​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ស្មោះត្រង់​នឹង​សេចក្ដី​សញ្ញា ហើយ​គោរប្រតិបត្តិ​នឹង​ព្រះបញ្ញត្តិ ។ សូម​ចងចាំ​ទ្រង់​ជានិច្ច ហើយ​មាន​ភាព​បរិសុទ្ធ ហើយនិង​សក្ដិសម​ដើម្បី​ធ្វើ​ជា​តំណាង​ឲ្យ​ទ្រង់ ។

តម្រូវការ​ទី 3 ៖ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​នៃ ប្រកាស​ដំណឹង​ល្អ​របស់​យើង រក្សា​ទុក​ព្រះ​បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

រូបភាព
Young man reading the scriptures.

ខ្ញុំ​សូម​អញ្ជើញ​អ្នក « រក្សាទុក​ក្នុង​គំនិតរបស់​អ្នករាល់គ្នា​ជា​បន្ត​នូវ​ព្រះបន្ទូល​ទាំងឡាយ​ខាង​ជីវិត » ( គ. និង ស. 84:85 ) ។ ការ​រក្សាទុក​នូវ​ព្រះបន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ​គឺ​លើស​ពី​ការ​គ្រាន់​តែ​សិក្សា ឬ​ទន្ទេញ​ចាំ​មាត់ ដូចជាការ « ទទួល​ទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ » ផងដែរ ( នីហ្វៃទី 2 31:20, សូម​មើល​ផង​ដែរ នីហ្វៃទី 2 32:3 ) គឺ​វា​លើស​ពី​ការ​គ្រាន់​តែ​ជ្រើសរើសសាមញ្ញ ឬអាហារ​សម្រន់​ទៅ​ទៀត ។ ចំពោះ​ខ្ញុំ​ការ​រក្សាទុក​គឺ​ជា​ការ​ផ្ដោត​អារម្មណ៍ និង​ការធ្វើ​ការ ការ​ស្រាវជ្រាវ និងការ​ក្រេប​ជញ្ជក់ ការ​សញ្ជឹង​គិត និង​ការ​អធិស្ឋាន ការអនុវត្ត និង​ការរៀនសូត្រ ការ​ឲ្យ​តម្លៃ និង​ការ​មាន​អំណរគុណ ហើយ​និង​ការ​រីករាយ និងការ​ពេញចិត្ត ។

សូម​រំឭក​ពី​របៀប​ដែល​បុត្រា​របស់​ម៉ូសាយ —ដែល​ជា​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យទាំងបួន​រូប​ ​ដែល​មាន​ឈ្មោះ អាំម៉ូន អើរ៉ុន អោមណើរ និងហិមណៃ​— « បាន​មាំមួន​នៅ​ក្នុង​ការ​ស្គាល់​ពី​សេចក្ដីពិត ព្រោះ​ពួកគេ​ជា​មនុស្ស​ដែល​មាន​យោបល់​ដ៏​ជ្រាលជ្រៅ ហើយ​គេ​បាន​ព្យាយាម​ពិតចារណា​មើល​បទគម្ពីរ » ( អាលម៉ា 17:2 ) ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​អង់​អាច​ក្លាហាន​ទាំងនេះ ពិតជា​បាន​រក្សា​ទុក​នូវ​ព្រះបន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ជាបន្ត​បន្ទាប់ ។ ពួកគេ​មិន​បាន​ធ្វេស​ប្រហែស ឬ​គ្រាន់តែ​បំពេញ​កាតព្វកិច្ច​​នៅ​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ និង​ជា​ដៃគូ​នោះ​ទេ ។ ចំណេះដឹង និង​ការ​យល់​ដឹង​ខាង​វិញ្ញាណ​បាន​ចាក់​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ព្រលឹង​របស់​ពួកគេ ហើយ​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹងល្អ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ដួង​ចិត្ត​របស់​ពួកគេ​ថា​ជា​ការពិត​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

ក្នុងនាម​ជា​អ្នកតំណាង​ឲ្យ​ព្រះអង្គ​សង្គ្រោះ អ្នក និង​ខ្ញុំមាន​ការ​ទំនួល​ខុសត្រូវ​ជា​បន្តបន្ទាប់​ដើម្បី​ធ្វើ​ការ​ដោយ​ព្យាយាម ហើយដាក់​បញ្ចូល​នៅ​ក្នុង​ដួងចិត្ត និង​គំនិត​របស់​យើង​នូវ​គោលលទ្ធិ និង​គោលការណ៍​ដ៏​សំខាន់​នៃ​ដំណឹងល្អ​ដែលបាន​ស្ដារ​ឡើង​វិញ ជា​ពិសេស​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។ នៅ​ពេល​យើង​ធ្វើ​កិច្ចការ​នោះ ពរជ័យ​ដែល​បាន​សន្យា​នោះ​គឺ​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង « រំឭកពី​គ្រប់​សេចក្ដី [ ដល់​យើង ] » ( យ៉ូហាន 14:26 ) ហើយ​ផ្ដល់​អំណាច​ដល់​យើង នៅ​ពេល​យើង​បង្រៀន ហើយ​ធ្វើ​ទីបន្ទាល់ ។ ប៉ុន្តែ​ព្រះវិញ្ញាណ​អាច​ធ្វើ​ការ​តាមរយៈ​យើង​បាន ប្រសិន​បើ​យើងផ្ដល់​ឲ្យ​ត្រង់​នូវ​អ្វី​ដែល​យើង​ចង់​ធ្វើ​ការ ។ ទ្រង់​មិន​អាចជួយ​យើង​ឲ្យ​ចងចាំ​នូវ​រឿង ​ដែល​យើង​មិន​បាន​រៀន​នោះទេ ( សូមមើល អាលម៉ា 31:5 ) ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​នៃប្រកាស​ដំណឹង​ល្អ​របស់​យើង រក្សាទុក​នូវ​ព្រះបន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ជា​បន្តបន្ទាប់ ពួកគេ​ពឹងផ្អែក​លើ​គុណធម៌​នៃ​ព្រះបន្ទូល​ទាំងនោះ ហើយ​ពួកគេ​មាន​ព្រះចេស្ដា​នៃ​ព្រះបន្ទូល​នោះ​នៅ​ក្នុង​ខ្លួន​ពួកគេ ។ សូម​ចងចាំ​ទ្រង់​ជានិច្ច សូម​មាន​ភាពសក្ដិសម​ដើម្បី​ធ្វើ​ជា​តំណាង​ឲ្យ​ទ្រង់​ជានិច្ច ហើយ​រក្សាទុក ព្រមទាំង​ពឹង​ផ្អែក​លើ​គុណធម៌​នៃព្រះបន្ទូល​ទាំងនោះ ។

តម្រូវការ​ទី 4 ៖ពួក​អ្នកផ្សព្វផ្សាយ​សាសនា​នៃប្រកាស​ដំណឹង​ល្អ​របស់​យើង យល់ដឹង​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​គ្រូបង្រៀន​​ដ៏​អស្ចារ្យ ​បំផុត ហើយ​ពិត ។

រូបភាព
Sister missionaries reading scriptures.

ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​សមាជិក​ទីបី​នៃ​ក្រុម​ព្រះ ហើយ​ទ្រង់​គឺជា​សាក្សី​នៃ​រាល់សេចក្ដី​ពិត និងជា​គ្រូ បង្រៀន​​ដ៏​អស្ចារ្យ​ជាង​គេ​បំផុត ហើយ​ពិត ។ មេរៀន​ដែល​យើង​បង្រៀន និង​ទីបន្ទាល់​ដែល​យើង​ថ្លែង​គឺ​ជា​ការ​រៀបចំ​ខ្លួន​ឲ្យ​អ្នករៀនថ្មីម្នាក់​ធ្វើ ហើយ​រៀន​ដោយ​ខ្លួន​ឯង ។

ក្នុង​នាម​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា តួនាទី​មួយ​ដ៏សំខាន់​បំផុត​របស់​យើង​គឺ​ដើម្បី​អញ្ជើញ​ពួក​អ្នក​រៀន​ឲ្យ​អនុវត្ត​សិទ្ធិជ្រើសរើស​របស់​ពួកគេ ហើយ​ធ្វើ​ស្រប​តាម​ការ​បង្រៀន​នៃ​ព្រះអង្គ​សង្គ្រោះ ។ ការ​ធ្វើ និង​ការ​រក្សា​ការតាំង​ចិត្ត​ខាង​​វិញ្ញាណ ដូចជា​ការ​អធិស្ឋាន​សម្រាប់​សាក្សី​មួយ​នៃ​សេចក្ដី​ពិត ការ​សិក្សា និងការ​អធិស្ឋាន​ពី​ព្រះគម្ពីរមរមន ការ​ចូល​រួម​ការ​ប្រជុំ​សាសនាចក្រ និង​ការ​គោរព​ព្រះបញ្ញត្តិ តម្រូវ​ឲ្យ​អ្នករៀនថ្មី​ម្នាក់​អនុវត្ត​សេចក្ដី​ជំនឿ ធ្វើ និង​ផ្លាស់​ប្ដូរ ។

មិនថា​យើង​បម្រើ​ដោយ​ស្មោះត្រង់ប៉ុណ្ណា​នោះ​ទេ អ្នក និង​ខ្ញុំ​មិន​អាច​រុញ ឬ​បង្ខំ​សេចក្ដី​ពិត​ឲ្យ​ចូល​ទៅ​ក្នុង​ដួងចិត្ត​នៃ​ពួកអ្នក​រៀន​បាន​ឡើយ ។ កិច្ចការ​ខិតខំ​ដ៏​ល្អបំផុត​របស់​យើង​អាច​នាំ​យក ​តែ​សារលិខិត​នៃ​សេចក្ដី​ពិតទៅកាន់​ដួង​ចិត្ត ​( សូមមើល នីហ្វៃ​ទី 2 33:1) ប៉ុណ្ណោះ ។ សំខាន់​បំផុត​ អ្នករៀនថ្មី​ម្នាក់​ត្រូវ​ធ្វើ​ក្នុង​សេចក្ដីសុចរិត ហើយ​ដើម្បី​អញ្ជើញ​សេចក្ដី​ពិតចូល​ទៅ​ក្នុង​ដួង​ចិត្ត​របស់​គាត់ ។ មាន​តែ​វិធី​នេះ​ប៉ុណ្ណោះ​ទើប​ពួក​អ្នកផ្លាស់​ប្រែចិត្ត​ជឿ​ថ្មី​ និង​ស្វែង​រក​សេចក្ដី​ពិត​ដោយ​ស្មោះ​អាច​អភិវឌ្ឍ​សមត្ថភាព​ខាង​វិញ្ញាណ​ដើម្បី​ស្វែង​រក​ចម្លើយ​សម្រាប់​ខ្លួន​ឯង​បាន ។

ដោយ​សារ​ទំនួល​ខុសត្រូវ​របស់​យើង​គឺ​ដើម្បី​ជួយ​ពួក​អ្នករៀនថ្មី​ឲ្យ​រៀន​ដោយ​សេចក្ដី​ជំនឿ និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​កិច្ចការ​នេះគឺ​ពុំមែន​សម្រាប់​ខ្ញុំ និង​អ្នក​នោះ​ទេ ។ យើង​ត្រូវធ្វើ​គ្រប់​យ៉ាង​នៅ​ក្នុង​អំណាច​របស់​យើង​ដើម្បី​បំពេញ​ទំនួស​ខុសត្រូវ​របស់​យើង​ជា​អ្នក​ផ្សព្វ​ផ្សាយ​​សាសនា ហើយ « ចេញ​ពី​ផ្លូវ » ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ធ្វើ​តួនាទី និងកិច្ចការ​ដ៏​ពិសិដ្ឋ​របស់ទ្រង់​ក្នុង​ពេល​នោះ​ដែរ ។ ពិតណាស់ អ្វីៗ​ទាំងអស់​ដែល​អ្នក ឬ​ខ្ញុំ​ធ្វើ​ក្នុង​នាម​ជា​អ្នក​តំណាង​ឲ្យ​ព្រះអង្គ​សង្គ្រោះ ដែល​ទាញ​យក​ចំណាប់​អារម្មណ៍​មក​លើ​ខ្លួន​យើង​ដោយ​ដឹង និង​ដោយ​ចេតនា—នៅ​ក្នុង​សារលិខិត​ដែល​យើង​លើក​ឡើង នៅ​ក្នុង​វិធី​សាស្ត្រ​ដែលយើង​ប្រើ ឬ​នៅ​ក្នុង​ឥរិយាបថ និង​អាកប្បករិយា​ផ្ទាល់​របស់​យើង—គឺជា​ទម្រង់​មួយ​នៃ​ឧបាយកល​ផ្នែក​សង្ឃ​ ដែល​រារាំង​ដល់​ការ​បង្រៀន​ពី​ប្រសិទ្ធភាព​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

« តើ​អ្នក​នោះ​ផ្សាយ​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត ​ដោយ​សារ​ព្រះវិញ្ញាណនៃ​សេចក្ដីពិត ឬ​តាម​មាគ៌ា​ណា​មួយ​ទៀត ? « ហើយ​បើសិន​ជាមក​តាម​មាគ៌ា​ណាមួយ​ទៀត នោះ​ពុំមែនមកពីព្រះទេ » ( គ. និង ស. 50:17– 18 ) ។

សូម​ចងចាំ​ទ្រង់​ជានិច្ច ចូរ​មាន​ភាព​សក្ដិសម​ដើម្បីធ្វើ​ជា​អ្នក​តំណាង​ឲ្យ​ទ្រង់ រក្សា​ទុក​នូវ​ព្រះបន្ទូល​ទ្រង់ ហើយ​អនុញ្ញាត​គ្រូបង្រៀន​ដ៏អស្ចារ្យ​ជាង​គេ​បំផុត ហើយ​ពិត ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​សេចក្ដី​ពិត ។

តម្រូវការ​ទី 5 ៖ ពួកអ្នកផ្សព្វផ្សាយ​សាសនា​នៃ ប្រកាស​ដំណឹង​ល្អ​របស់​យើងយល់​ថា​ការ​បង្រៀន​គឺ​លើស​ពី​ការ​និយាយ និង​ការ​ប្រាប់​ទៅទៀត ។

រូបភាព
Two elder missionaries visiting with a man in his home.

នៅ​ពេល​ព្រះអង្គ​សង្គ្រោះ​គង់​នៅ​លើ​ភ្នំ​អូលីវ ទ្រង់​បាន​ប្រកាស​ថា ៖ « កុំឲ្យ​ថប់ព្រួយ​ជា​មុន​ពី​បែប​និយាយ ឬ​ពីពាក្យ​ដែល​ត្រូវ​ថា​ឡើយ ត្រូវ​និយាយ​តែ​សេចក្ដី​ណា​ដែល​បានប្រទាន​មក​អ្នករាល់គ្នា​នៅវេលា​នោះ​ឯង ត្បិត​មិន​មែន​ជា​អ្នករាល់គ្នា​ដែល​ត្រូវ​និយាយ​ទេ គឺជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេតើ » ( ម៉ាកុស 13:11 ) ។

នៅ​ក្នុង​ជំនាន់​ដើម​នៃ​គ្រា​កាន់កាប់ត្រួតត្រា​នេះ ព្រះអង្គ​សង្គ្រោះ​បាន​ណែនាំ​ពួក​អ្នកផ្សព្វផ្សាយ​សាសនាថា « ចូរ​បើក​មាត់​របស់​អ្នក​ចុះ នោះ​មាត់​នឹង​បាន​ពោរពេញ » ( គ. និង ស. 33:8, 10 ) បើ« ចូរ​បន្លឺ​សំឡេង​របស់​អ្នក​ឡើងដល់​ប្រជាជន​នេះ​ចុះ ចូរ​ប្រាប់​គំនិត​ទាំងឡាយ​ដែល​យើង​នឹង​ដាក់​ក្នុង​ចិត្ត​របស់​អ្នក​រាល់គ្នា​ចុះ ហើយ​អ្នក​នឹងមិន​ត្រូវ​បាន​ធ្វើ​ឲ្យ​ខ្មាស់​នៅ​ចំពោះ​មនុស្ស​លោក​ឡើយ ត្បិត​សេចក្ដី​ដែល​អ្នក​ត្រូវ​និយាយ នោះ​នឹង​បាន​ប្រទាន​ដល់​អ្នក​នៅ​ម៉ោង​នោះ គឺ​នៅ​វេលា​នោះ​ឯង » ( គ. និង ស. 100:5–6 ) ។

បទគម្ពីរ​ទាំងនេះ​បាន​គូស​បញ្ជាក់​ពីគំរូ​ដ៏​ត្រឹមត្រូវ​មួយ ​ដែល​តម្រូវ​ឲ្យ​មាន​សម្រាប់​ការ​ប្រកាស និង​ការ​ជួយ​ដល់​ពួក​អ្នក​រៀន​ឲ្យ​ពី​សេចក្ដី​ពិត ។ ពួកអ្នកផ្សព្វផ្សាយ​សាសនា​នៃ ប្រកាស​ដំណឹង​ល្អ​របស់​យើងដឹង​ថា យើង​មិន​មែន​បង្រៀន​មេរៀន​ទេ គឺ​យើង​បង្រៀន​មនុស្ស ។ យើង​មិនមែន​គ្រាន់តែ​សូត្រ ឬ​បង្ហាញ​សារលិខិត​ដែល​ចាំ​ពី​ប្រធាន​បទ​នៃ​ដំណឹងល្អ​នោះ​ទេ ។ យើង​អញ្ជើញ​ពួក​អ្នក​ស្វែង​រក​សេចក្ដី​ពិត ​ឲ្យ​ទទួលបាន​បទពិសោធន៍​​នូវការ​ផ្លាស់ប្ដូរ​ដួង​ចិត្ត​ដ៏​ធំ ។ យើង​យល់​ថា ការ​និយាយ និង​ការ​ប្រាប់តែ​ម្យ៉ាង​គឺ​ពុំ​មែន​ជា​ការ​បង្រៀន​ឡើយ ។

ការ​ប្រកាស​ដំណឹងល្អ​តាម​របៀប​របស់​ព្រះអម្ចាស់​ រួម​មាន​ទាំង​ការ​សង្កេត​មើល និង​ការ​ស្ដាប់ និងការ​យល់​ដឹងដែល​តម្រូវ​ឲ្យ​មាន​ពី​មុន​ការ​និយាយ ។ លំដាប់​នៃ​ដំណើរ​ការ​ដែល​ពាក់ព័ន្ធ​គ្នា​ទាំង​បួន​នេះ​គឺ​មាន​សារៈសំខាន់​ណាស់ ។ សូម​កត់​សម្គាល់​ថា ការសង្កេតមើល និង​ការ​ស្ដាប់​ដ៏​សកម្ម​ធ្វើ​ឲ្យ​កើត​មាន​ការ​យល់​ដឹង ហើយ​ថា​ការ​សង្កេត​មើល ការ​ស្ដាប់ និង​ការ​យល់ដឹង​គឺ​មក​មុន​ការ​និយាយ ។ ការ​ប្រើ​នូវ​គំរូនេះ​អាចជួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​រក​ឃើញ ហើយ​បង្រៀន​ត្រូវ​នឹង​សេចក្ដីត្រូវការ​របស់​ពួក​អ្នក​រៀន ។

នៅ​ពេល​យើង​សង្កេត​មើល ស្ដាប់ ហើយ​យល់​ដឹង យើង​អាច​នឹងត្រូវ​បាន​ផ្ដល់​ឲ្យ « នៅចំម៉ោង​នោះ​ឯង​នូវ​ចំណែក​ដែល​នឹង​បាន​វាល់​ដល់​មនុស្ស​គ្រប់​រូប » ( គ. និង ស. 84:85 ) —ជា​សេចក្ដីពិត​ដើម្បី​គូសបញ្ជាក់ និង​ចម្លើយ​ដើម្បី​ផ្ដល់​ឲ្យ​សមស្រម​តាម​សេចក្ដី​ត្រូវ​ការ​ដ៏​ជាក់លាក់​នៃ​អ្នក​រៀន​ម្នាក់ ។ មាន​តែ​តាម​ការ​សង្កេត​មើល ការ​ស្ដាប់ និង​ការ​យល់ដឹង​ប៉ុណ្ណោះ​ទើប​យើង​អាច​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​ក្នុង​ការ​និយាយ និង​ធ្វើនូវ​រឿង​ដែល​មាន​ប្រយោជន៍​បំផុត​ដល់​មនុស្ស​ដែល​យើង​បម្រើ ។

ការ​សង្កេត​មើល​គឺជា​ការ​រៀបចំ​ខ្លួន​មួយ​ដ៏​សំខាន់​ដើម្បី​ទទួល​បាន​អំណោយទាន​នៃ​ការ​យល់​ដឹង​ខាង​វិញ្ញាណ ។ ការ​យល់ដឹង​គឺជា​ការ​មើល​ឃើញ​ដោយ​ភ្នែក​ខាង​វិញ្ញាណ ហើយ​ជា​ការ​ទទួល​អារម្មណ៍​ក្នុង​ដួងចិត្ត—ជា​ការ​មើល​ឃើញ និងការ​ទទួល​អារម្មណ៍​ពីការ​កុហក សេចក្ដី​ល្អ​នៅក្នុង​ខ្លួន​មនុស្ស​ម្នាក់​ទៀត ឬគោលការណ៍​បន្ទាប់​ដែល​ត្រូវ​ការ​ដើម្បី​ជួយ​ដល់​អ្នករៀនថ្មី​ម្នាក់ ។ ការ​យល់ដឹង​គឺ​ជា​ការ​ឮដោយ​ត្រចៀក​ខាង​វិញ្ញាណ ហើយ​ជា​ការ​ទទួល​អារម្មណ៍​ក្នុង​ដួង​ចិត្ត—ជា​ការ​ឮ និងការ​ទទួល​អារម្មណ៍​ពី​កង្វល់​ដែល​មិន​អាច​និយាយ​បាន​ក្នុង​ការ​តាំងចិត្ត ឬ​សំណួរ​មួយ ភាពស្មោះត្រង់​នៃ​ទីបន្ទាល់ ឬ​គោលលទ្ធិ ឬ​ការ​អះអាង និង​សេចក្ដី​សុខសាន្ត​ដែល​កើត​មាន​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ពួក​អ្នក​ផ្សព្វផ្សាយសាសនា​នៃប្រកាស​ដំណឹង​ល្អ​របស់​យើងធ្វើ​ដោយ​សេចក្ដី​ជំនឿ ហើយ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ​ដើម្បី​ជួយ​ពួក​អ្នក​រៀន​ឲ្យ​រៀន​ពី​សេចក្ដីពិត ។ សូម​ចងចាំ​ទ្រង់​ជានិច្ច ចូរ​មាន​ភាព​សក្ដិសម​ដើម្បី​ធ្វើ​ជា​អ្នក​តំណាង​ឲ្យ​ទ្រង់ សូម​រក្សាទុក​នូវ​ព្រះបន្ទូល​ទ្រង់ សូម​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​សេចក្ដី​ពិត ហើយ​សូម​សង្កេត​មើល ស្ដាប់ ហើយ​យល់ដឹង នៅពេល​អ្នក​ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវគ្រីស្ទ​ទៅ​កាន់​ពួក​អ្នក​ស្វែង​រក​សេចក្ដី​ពិត ។

អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​បាន !

រូបភាព
Two elder missionaries walking along a dirt road.

អ្នក​អាច​អាន​សារលិខិត​របស់ខ្ញុំ ហើយ​ជឿ​ថា យុវវ័យ​ផ្សេងទៀត​អាច ហើយ​នឹង​ធ្វើ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​រៀបរាប់ ។ ប៉ុន្តែអ្នក​អាច​ងឿង​ឆ្ងល់​ថាតើ​អ្នក​អាច​ធ្វើ​កិច្ចការ​នោះ​បាន​ដែរ​ទេ ។ សូម​ស្ដាប់ ។ អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​បាន !

ប្រសិន​បើ​ខ្ញុំមាន​ក្ដី​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​ខ្ញុំ គឺ​ខ្ញុំ​ចង់​ចំណាយ​ពេល​ពីរបី​នាទីជួប​នឹង​អ្នក​រាល់គ្នា​ម្នាក់ម្ដងៗ ។ ខ្ញុំ​នឹង​ចាប់​ដៃ​អ្នក នាំ​អ្នក​មកជិត សម្លឹង​ភ្នែក​អ្នក ហើយ​និយាយ​ថា « អ្នក​អាចធ្វើ​កិច្ចការ​នេះ​បាន ! ព្រះអម្ចាស់​ដែល​អ្ន​ក​ធ្វើ​តំណាង​ ហើយ​បម្រើដឹង​ថា​អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​បាន ។ ខ្ញុំ​ដឹង​ថា​អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​បាន ។ ហើយ​ក្នុង​នាម​ជា​អ្នក​បម្រើ​ម្នាក់​របស់​ទ្រង់ ខ្ញុំ​សូម​សន្យា​ថា​អ្នក​នឹង​ទទួល​បាន​ជំនួយ​របស់​ទ្រង់ ។ សូម​ចងចាំ​ជានិច្ច​ថា ដោយ​មាន​ជំនួយ​របស់​ទ្រង់ និង​នៅ​ក្នុង​កម្លាំង​របស់​ទ្រង់ អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​បាន ! »

ខ្ញុំ​ស្រឡាញ់​អ្នករាល់គ្នា ហើយ​សូម​អធិស្ឋាន​ថា នៅ​ពេល​អ្នក​ព្យាយាម​ដើម្បី​ប្រែក្លាយ​ទៅ​ជាមនុស្ស​ដែល​អ្នក​ចង់​ប្រែក្លាយ អ្នក​នឹង​ដឹង ហើយ​ឆ្លើយ​ដោយ​សេចក្ដីជំនឿ​ទៅ​នឹង​សំឡេង​ និង​ការ​ដឹកនាំ​របស់​ព្រះអម្ចាស់ ។ បន្ទាប់​មក អ្នកនឹង​ក្លាយ​ជា​អ្នក​តំណាង​ឲ្យ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​ប្រកប​ដោយ​អំណាច និង​ប្រសិទ្ធភាព​យ៉ាង​ពិតប្រាកដ ។

រចនា​រូប​ភាព​ដោយ​នាយកដ្ឋាន​សេវាកម្ម​បោះពុម្ពផ្សាយ, តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាង​អ្នក​ទាំង​នេះ​ឬ ? ដោយ​ ដេវីឌ លីនស៊ី

កំណត់​ចំណាំ

  1. ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការ​បម្រើ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា ( ឆ្នាំ 2004 ) ទំព័រ 1 ។

  2. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ 2007 ) ទំព័រ 142 ។