២០១៥
ការ​សន្យា​ជា​ដរាប​របស់​ទ្រង់
April 2015


ការ​សន្យា​ជា​ដរាប​របស់​ទ្រង់

រ៉ូប៊ីន កាសផើរ រដ្ឋ​យូថាហ៍ ស.រ.អា

រូបភាព
drawing of a broken bike

រចនា​ដោយ ប្រេដលី អេជ ខ្លាក

ពេល​ដែល​ខ្ញុំ​អង្គុយ​នៅ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់ សញ្ជឹងគិត​ពី​ការ​អធិស្ឋាន​អំពីនំបុ័ង ពាក្យ​ទាំង​នោះ​បន្ត​សូត្រឡើងច្រំដែលៗនៅ​ក្នុង​គំនិត​ខ្ញុំថា ៖ « ប្រយោជន៍​ឲ្យ​ពួកគេ​អាច បាន​ព្រះ​វិញ្ញាណ​របស់​ទ្រង់ គង់​នៅ​ជា​មួយ​នឹង​ពួក​គេ​ជា​ដរាប » ( មរ៉ូណៃ 4:3; គ និង ស 20:77 ) ។

វា​និយាយ​ថា « ជាដរាប » — មិន​មែន​គ្រាន់​តែ​នៅ​ពេល​ជាក់​លាក់​ណាមួយ​ទេ ។ តើ​ហេតុ​អ្វី​បាន​ជា​បីបួន​ខែ​មុន​នេះ ខ្ញុំ និង​ស្វាមី​ខ្ញុំ​មិន​ត្រូវបាន​បំផុស​គំនិត​ពី​របៀប​ដើម្បី​ការពារ​កូន​ប្រុស​អាយុ 11 ឆ្នាំ​របស់​យើង ពី​មុន​គាត់​ត្រូវ​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ដែលបណ្តាល​មកពីឡាន​បុក​កង់​ដូច្នេះ ? តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​វរបិតា​សួគ៌​មិនទត​មើល​ការ​ពារ​យើង និង​ព្រមាន​យើង « ជា​ដរាប » ដូច្នេះ ?

ខ្ញុំ​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​ថ្នាក់​កុមារ ហើយ​ជឿថា​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ការពារ​យើង ។ ទ្រង់​នឹង​ប្រើ​សម្លេង​តូច​រហៀង ដើម្បី​មើល​ការ​ខុសត្រូវ ដឹកនាំ និង​ព្រមាន​យើង​ពី​គ្រោះ​ថ្នាក់ ។ គំនិត​នេះ​បានមាន​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​តាំង​ពី បិន បាន​ស្លាប់​ទៅ ។ ខ្ញុំ​នឹក​គាត់​ខ្លាំង​ណាស់ ហើយ​ដួង​ចិត្ត​ខ្ញុំ​ពេញ​ដោយ​ការ​យល់ដឹង និង​សេចក្តី​សុខសាន្ត ។

តើ​សម្លេង​ព្រមាន​របស់​ខ្ញុំ​នៅ​ឯណា​ទៅ ? តើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៅ​ឯណា ? ខ្ញុំ​មាន​អារម្មណ៍​ថា យើង​បាន​ធ្វើ​ល្អ​អស់​ពី​សមត្ថភាព​ដើម្បី​ក្លាយ​ជា​មនុស្សសុចរិត ។ យើង​បាន​បង់​ដង្វាយ​មួយ​ភាគ​ដប់ ចូល​រួម​ការ​ប្រជុំ​ទាំង​ឡាយ​របស់​យើង និង​បាន​បម្រើ​គ្រប់​ពេល​ដែល​យើង​សូម​ឲ្យ​បម្រើ ។ យើង​នៅ​ឆ្ងាយ​ពី​ភាព​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​យើង​ធ្វើ​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ និង​សិក្សា​ព្រះ​គម្ពីរ ។ យើង​កំពុងតែ​ព្យាយាម ។

នៅ​ពេល​នោះ ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្នុង​ថ្នាក់​សមា​គម​សង្គ្រោះ ពេល​ដែល​អ្នក​គ្រូបាន​ប្រាប់​រឿង​មួយ​ពី​សាច់​ញាតិ​ជិតដិត​ម្នាក់ ។ ពេល​កំពុង​រង់ចាំ​ភ្លើង​ស្តុប សាច់ញាតិ​នោះ​បាន​មាន​អារម្មណ៍​ខុសប្លែក​មួយ ឲ្យ​នៅ​ស្ងៀម​កន្លែង​ដដែល ពេល​ដែល​ភ្លើង​ប្ដូរ​ទៅ​ពណ៌​ខៀវ ។ គាត់​ស្ដាប់​តាម​ការ​បំផុស​គំនិត​នោះ ហើយ​ស្ទើរ​តែ​ភ្លាម​នោះ រថយន្ត​ដឹក​ទំនិញ​ដ៏​ធំ​មួយ បាន​មក​លឿន​ស្លុង​តាម​ផ្លូវ​ប្រសព្វ បើក​កាត់​ភ្លើង​ក្រហម ។ បើ​គាត់​មិន​ឮ ហើយ​ស្ដាប់​តាម​​សម្លេង​នោះ​ទេ គាត់ និង​កូនៗ​គាត់​ប្រហែល​ជា​មាន​គ្រោះ​ថ្នាក់ ឬ​ក៏​ត្រូវ​ស្លាប់​ហើយ​មើល​ទៅ ។

រឿង​នេះ បានចាក់ទ្លុះ​ទៅក្នុង​ដួងចិត្ត​ខ្ញុំ​ជាខ្លាំង តែ​ខ្ញុំ​អង្គុយ​នៅ​លើ​កៅ​អី​របស់​ខ្ញុំ​ដោយ​ទឹក​ភ្នែក រៀបចំ​នឹង​ចេញ​ពី​បន្ទប់​រៀន​ទៅ​ហើយ ស្រាប់​តែ​ការ​លួង​លោម​ដ៏​អស្ចារ្យ​មួយ​បាន​មាន​មក​លើ​ខ្ញុំ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​នៃ​សេចក្តី​សុខសាន្ត ដែល​ជា​ ព្រះវិញ្ញាណ​បរិសុទ្ធ​ពិត​ជា​នៅ​ជា​មួយ​ខ្ញុំ​មែន ។ ក្នុង​ករណី​របស់​ខ្ញុំ ទ្រង់​មិន​បាន​គង់​នៅ​ទី​នោះ​ជា​សម្លេង​ព្រមាន​ទេ ប៉ុន្តែ​ជា​ការ​លួង​លោម​ចិត្ត​វិញ ។

ចាប់​ពី​ពេល​នៃ​គ្រោះ​ថ្នាក់​របស់ បិន ខ្ញុំ​បាន​មាន​អារម្មណ៍​ថា មាន​កម្លាំង​លើស​ពី​កម្លាំង​ខ្ញុំ​ផ្ទាល់ ហើយ​ត្រូវ​បាន​កម្សាន្ត​ចិត្ត​ដោយ​ក្ដី​ស្រឡាញ់​របស់​ព្រះ​វរបិតា​សួគ៌​ខ្ញុំ ។ ខ្ញុំ​បាន​ខ្វះ​ការ​យល់​ដឹង​ម្តងម្កាល ពី​មូល​ហេតុ​ដែល​រឿង​មួយ​ចំនួន​កើត​ឡើង ប៉ុន្តែ​ខ្ញុំ​មិន​ដែល​សង្ស័យ​ពី​ក្ដី​ស្រឡាញ់​ទ្រង់​នោះ​ទេ ។

ខ្ញុំ​មាន​ជំនឿ​ថា ព្រះ​ជ្រាប​អ្វី​គ្រប់​យ៉ាង ហើយ​ទ្រង់​នឹង​មិន​ទុក​ខ្ញុំ​ចោល​ដោយ​គ្មាន​ការ​លួង​លោម​ចិត្ត​នោះ​ទេ ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ ដើរ​តួនាទី​ជា​ច្រើន​នៅ​ក្នុង​ជីវិត​យើង ។ ទ្រង់​អាច​ការពារ​យើង តែ​ទ្រង់​ក៏​ដឹកនាំ​យើង លួងលោម​យើង បង្រៀន​យើង និង​ប្រទាន​ការ​យល់ដឹង និង​ពរជ័យ​ផ្សេង​ទៀត ។

ខ្ញុំ​បាន​រៀន​ថា ព្រះវរបិតា​សួគ៌​ពិត​ជា​រក្សា​ការ​សន្យា​របស់​ទ្រង់​មែន ។ ទ្រង់​បាន​គង់​នៅ​ជាមួយ​ខ្ញុំ « ជា​ដរាប » ។