២០១៥
យ៉ូសែប ស៊្មីធ និង គម្ពីរ​វិវរណៈ
December 2015


យ៉ូសែប ស៊្មីធ និង គម្ពីរ​វិវរណៈ

ព្យាការី យ៉ូសែប ស៊្មីធ បាន​ជួយ​ដក​យក​អាថ៌កំបាំង​មួយ​ចំនួន​ទាក់ទង​នឹង​គម្ពីរ​វិវរណៈ ហើយ​បង្ហាញ​ពី​ទំនាក់ទំនង​របស់​វា​នៅក្នុង​សម័យ​យើង​នេះ ។

រូបភាព
Product Shot from December 2015 Liahona
រូបភាព
Actor - Movie still from "Joseph Smith; Prophet of the Restoration"

រចនា​លម្អរូបថត​ដោយ គ្រីស្ទីណា ស្ម៊ីធ យ៉ូហាន​នៅលើ​កោះ ប៉ាត់ម៉ុស ដោយ​ម៉ាក ស្ទេនើរ © Providence Collection

គម្ពីរវិវរណៈ​ត្រូវបាន​សរសេរ​នៅ​សតវត្ស​ទីមួយ​នៃ គ. ស., ប៉ុន្តែ​វា​គឺ​ជា​គម្ពីរ​ចុងក្រោយ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដែល​ត្រូវបាន​ទទួល​ស្គាល់​ថា​ជា​កាណុង ( ព្រះ​គម្ពីរ​ជា​ផ្លូវការ ) ។ អ្នក​ប្រាជ្ញ​គ្រីស្ទាន​មួយ​ចំនួន​នៅ​សតវត្ស​ក្រោយៗ​មក​ទៀត បាន​ចោទ​ជា​ចម្ងល់​អំពី​ការនិពន្ធ​នៃ​គម្ពីរ​នេះ និង​បាន​បដិសេធនឹង​គោលលទ្ធិ​មួយ​ចំនួន​របស់​វា ( ឧទាហរណ៍ ការបង្រៀន​របស់​គម្ពីរ​នេះ​អំពី​សហស្សវត្សរ៍ ឬ ការបង្រៀន​របស់​វា​ដែល​ថា​មនុស្ស​នឹង​ត្រូវបាន​ជំនុំជំរះ​តាមកិច្ចការ​របស់​ខ្លួន ) ហើយ​ពួកគេ​បានឃើញ​ថា​ឯកសារ​យោង និង ដំណើររឿង​នៃ​ការនិមិត្ត​ទាក់ទង​នឹង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដូចជា​ចម្លែក និង ខុស​គ្នា​យ៉ាង​ខ្លាំង​ពី​ការសរសេរ​នានា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ផ្សេងទៀត ។

ប៉ុន្តែ ភាពពិត​ដែល​មិន​អាច​បដិសេធ​បាន​នេះ បាន​នាំ​ឲ្យ​មនុស្ស​ទូទៅ​ទទួល​ស្គាល់​ព្រះគម្ពីរ​នេះ ។ ឧទាហរណ៍ មាន​ពួកអ្នក​និពន្ធ​គ្រីស្ទាន​ពី​ជំនាន់​ដើម​ជា​ច្រើន បាន​និយាយ​ពី​គម្ពីរ​វិវរណៈ​ដែល​បាន​ចាត់តាំង​ឲ្យ​យ៉ូហាន​ជា​អ្នក​សរសេរ​វា ព្រមទាំង​ដកស្រង់​វា​យ៉ាង​ច្រើន និង ដោយ​ពេញចិត្ត​ក្នុង​ការសរសេរ​របស់​ខ្លួន ។ សៀវភៅ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​ត្រូវបាន​ទទួល​ស្គាល់​ថា​ជា​គម្ពីរ ពុំ​អាច​បង្ហាញ​ភស្តុតាង​បែប​នេះ​ឡើយ ។

នៅ​ដើម​សតវត្ស​ទី ១៩ នៅពេល​ដែល​ព្រះ​បាន​ហៅ​យ៉ូសែប ស្ម៊ីធ​ធ្វើ​ជា​ព្យាការី​នៃ​ការស្តារឡើង​វិញ នោះ​គម្ពីរ​វិវរណៈ​ត្រូវបាន​រួម​បញ្ចូល​ស្ទើរតែ​ទាំងអស់​នៅក្នុង​គ្រប់​កំណែ​នៃ​ព្រះគម្ពីរ​ប៊ីប និង ត្រូវបាន​អាន​យ៉ាង​ទូលំទូលាយ ។ ការស្រមៃ​អំពី​ការនិមត្ត​របស់​យ៉ូហាន ជះឥទ្ធិពល​ដល់​ការគិត​របស់​មនុស្ស និង ផ្តល់​លទ្ធផល​ជាច្រើន​ដល់​អ្នកបកប្រែ​ផ្សេងៗ ដូចដែល​វា​បន្ត​មក​ដល់​ជំនាន់​របស់​យើង​នេះ​ផងដែរ ។

ក្នុង​នាម​ជា​ព្យាការី​នៅ​សម័យ​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់​នេះ យ៉ូសែប ស៊្មីធ មាន​មុខងារ​មួយ​ដ៏​ពិសេស ដើម្បី​បើក​បង្ហាញ​ពន្លឺ​នៃ​គម្ពីរ​វិវរណៈ​នេះ ហើយ​ជួយ​បន្ថយ​ការភ័យខ្លាច​ក្នុង​ការ​អាន និង ស្វែងយល់​ពី​វា ។ យ៉ាងហោច​ណាស់ លោក​បាន​ធ្វើ​ការណ៍​នេះ​​តាមរយៈ​របៀប​ពីរ​យ៉ាង ៖ ( ១ ) លោក​បាន​ពន្យល់​ផ្នែក​ពិសេសៗ​នៃ​គម្ពីរ​វិវរណៈ ហើយ​បាន​បើកបង្ហាញ​បរិបទ​របស់​វា​ទាំងអស់ និង ( ២ ) លោក​បាន​ពន្យល់​បំភ្លឺ​វា​កាន់តែ​ច្បាស់ ។

ពន្យល់ និង ពង្រីក​ការយល់​ដឹង

គំរូ​ដ៏​ល្អ​បំផុត​នៃ​ការពន្យល់​របស់​យ៉ូសែប ស្ម៊ីធ​អំពី​គម្ពីរ​វិវរណៈ​គឺ​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧ ។ ដោយ​បាន​ទទួល​នៅក្នុង​ខែ មិនា ឆ្នាំ ១៨៣២ វិវរណៈ​នេះ​រួម​មាន​សំណួរ និង​ចម្លើយ​អំពី​ខគម្ពីរ​ជាក់លាក់​នៅក្នុង​គម្ពីរ​វិវរណៈ​ជំពូក ៤–១១ ។ ព្យាការី​បាន​មាន​ប្រសាសន៍​ថា ការពន្យល់​នេះ​ត្រូវបាន​បើក​សម្តែង​ដល់​លោក​អំឡុងពេល​ដែល​លោក​បាន​បកប្រែ​ព្រះគម្ពីរ​ប៊ីប​ប្រកប​ដោយ​ការ​បំផុស​គំនិត ( សូមមើល គ. និង ស. ៧៧ សេចក្តីណែនាំ​កណ្ឌ ) ។

សំណួរ​ត្រង់ៗ​ទាំង​នោះ​បាន​ចោទសួរ​ឡើង​ជាពិសេស​ថា « តើ​ការណ៍​នេះ មាន​ន័យ​ដូចម្តេច ? » និង « តើ​នៅពេល​ណា​ការណ៍​នេះ​នឹង​កើត​ឡើង ? » ចម្លើយ​ទាំង​នោះ​បាន​ទទួល​ភ្លាម ទោះបីជា​វា​មិន​ពេញលេញ​ទាំងស្រុង​ជានិច្ច​ក៏​ដោយ ។ ចម្លើយ​នានា​ដែល​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ស្វែងរក និង បាន​ទទួល​ បាន​នាំ​មក​នូវ​ភាពប្រាកដ​ប្រជា​ដល់​ការបកប្រែ​ទាំងឡាយ ដែល​បាន​ធ្វើ​ដោយ​ការប៉ានស្មាន​​​នោះ ហើយ​ជា​ទូទៅ​ជួយ​យើង​ឲ្យ​យល់​ពី​របៀប​ដែល​ការនិមិត្ត​របស់​យ៉ូហាន​ទាក់ទង​នឹង​កិច្ចការ​ថ្ងៃ​ចុងក្រោយ ។

ឧទាហរណ៍ វិវរណៈ​នេះ​ជួយ​យើង​ឲ្យ​ឃើញ​ថា ត្រា​ទាំង​ប្រាំពីរ​នៅក្នុង​គម្ពីរ​នេះ​ដែល​បាន​ពិពណ៌នា​ដោយ​យ៉ូហាន​ចាប់ផ្តើម​ពី​ជំពូក ៥ នៃ​វិវរណៈ តំណាង​ឲ្យ​រយៈពេល​សំខាន់ៗ​ទាំង​ប្រាំពីរ​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ផែនដី​នេះ ហើយ​ថា​ត្រា​​ពីរ​ចុងក្រោយ​គឺ​ជា​ត្រា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សម័យ​របស់​យើង​នេះ និង សម័យ​ក្រោយៗ​ទៀត ( សូមមើល គ. និង ស. ៧៧:៦–៧ ) ដែល​ជួយ​យើង​ឲ្យ​យល់​ពី​មូលហេតុ ដែល​ការនិមិត្ត​របស់​យ៉ូហាន​ប្រើ​រយៈពេល​យ៉ាង​ច្រើន​ជាមួយ​នឹង​ត្រា​ទី​ប្រាំមួយ និង ទីប្រាំពីរ ។ បន្ទាប់មក​វិវរណៈ​របស់​យ៉ូសែប ស្ម៊ីធ បន្ត​ពន្យល់​ពី​របៀប​ដែល​រូប​មួយ​ចំនួន​នៅក្នុង​ត្រា​ទី​ប្រាំមួយ ( ទេវតា​បួន​អង្គ អ្នក​បម្រើ​បិទ​ត្រា​១៤៤,០០០​ចេញ​ពី​គ្រប់ពូជ​អំបូរ​អ៊ីស្រាអែល ) ទាក់ទង​នឹង​កិច្ចការ​នៃ​ការស្តារឡើង​វិញ និង ការប្រមូល​ផ្តុំ​នៅ​ថ្ងៃ​ចុងក្រោយ ( សូមមើល គ. និង ស. ៧៧:៩–១១ ) ។

ពិតណាស់ ការពន្យល់​អំពី​វិវរណៈ​នេះ មិន​គ្រាន់តែ​ជាការរួម​ចំណែក​របស់​ព្យាការី យ៉ូសែប ស៊្មីធ ដើម្បី​ឲ្យ​យើង​យល់​ពី​គម្ពីរ​វិវរណៈ​ចេញ​ពី ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​របស់​លោក​ប៉ុណ្ណោះ​ទេ ។ ខណៈ​ដែល​លោក​បាន​បកប្រែ នោះ​មាន​ពេលខ្លះ លោក​ត្រូវបាន​បំផុស​គំនិត​ឲ្យ​បញ្ជាក់​អត្ថបទ​នោះ​កាន់តែ​ច្បាស់, ប៉ុន្តែ​ជាញឹកញាប់ លោក​ក៏​ត្រូវបាន​បំផុស​គំនិត​ឲ្យ​បន្ថែម ឬ បន្ថយ​អត្ថបទ​ដើម្បី​ធ្វើ​ឲ្យ​វា​ភ្ជាប់​ទៅ​នឹង​ខគម្ពីរ​ផ្សេង​ទៀត ដើម្បី​ឲ្យ​វា​បញ្ជាក់​ន័យ​ដល់​គ្នា​ទៅវិញ​ទៅមក ។ ក្រោយមក ផ្នែក​មួយ​នៃ​ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​របស់​យ៉ូសែប ស្ម៊ីធ​នោះ បង្ហាញ​ពី​ការបង្កើត​ទំនាក់ទំនង​រួម​រវាង​ខគម្ពីរ​ផ្សេង ដើម្បី​បង្ហាញ​ពី​ដំណើរ​រួមគ្នា​នៃ​ការបង្រៀន និង ការព្យាករណ៍​នានា ព្រមទាំង​គោលការណ៍​នេះ​ក៏​អនុវត្ត​ចំពោះ​គម្ពីរ​វិវរណៈ​នេះ​ដែរ ។

រូបភាព
John writing on s scroll about the second coming of Christ.

ដកស្រង់​ចេញ​ពី The Revelation of St. John the Divine ដោយ ផល ម៉ាន ដកស្រង់​ចេញ​ពី ព្រះគ្រីស្ទ​នៅ​វាលស្រែ ដោយ ថូម៉ាស ហ្វ្រានស៊ីស ឌីកស៊ី

ក្រៅពីនេះ តាមរយៈ​វិវរណៈ និង ការបកប្រែ​ផ្សេង​ទៀត យ៉ូសែប ស៊្មីធ បាន​ពង្រីក​បរិបទ​នៃ​គម្ពីរ​វិវរណៈ ដោយ​បង្ហាញ​ថា​វា​ធ្វើ​តាម​គំរូ​នៃ​ការនិមិត្ត​ជាច្រើន​ដែល​បាន​ប្រទាន​ឲ្យ​ព្យាការី​នានា​ទូទាំង​សម័យកាល ។ នៅក្នុង​ព្រះគម្ពីរ​មរមន និង មុក្តាដ៏​មាន​តម្លៃ​មហិមា យើង​រៀន​ថា​នីហ្វៃ បងប្រុស​យ៉ារេឌ ម៉ូសេ និង អេណុក ទាំងអស់​គ្នា​នេះ មាន​ការនិមិត្ត​ស្រដៀង​គ្នា​ដែល​បង្ហាញ​ពី​ដំណើរ​ទូទៅ​នៃ​ប្រវត្តិសាស្ត្រ​មនុស្ស រួម​ទាំង​ចុង​បញ្ចប់​នៃ​ពិភពលោក​ផងដែរ ។ យើង​ក៏​បាន​រៀន​ផងដែរ​ថា ទោះបីជា​ព្យាការី​ផ្សេង​ទៀត​បាន​ឃើញ​ពី​ចុងបំផុត​នៃ​ពិភពលោក​ក្តី ក៏​ពួកលោក​ត្រូវបាន​ហាមប្រាម​មិន​ឲ្យ​ចែកចាយ​វាជាមួយ​ពិភពលោក​ឡើយ ដោយសារ​យ៉ូហាន​ត្រូវបាន​តែងតាំង​ពីមុន​ផែនដី​ដើម្បី​សរសេរ​វា ( សូមមើល នីហ្វៃទី ១ ១៤:២៥–២៦ ) ។ ដូច្នេះ ព្រះគម្ពីរ​មរមន ត្រូវបាន​នាំ​ចេញ​មក​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ បង្រៀន​យើង​ថា យើង​ត្រូវបាន​ប្រាប់​ពី​ការពិពណ៌នា​របស់​យ៉ូហាន​អំពី​ព្រឹត្តិការណ៍​នានា​ដែល​នាំ​ទៅរក​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ថា​វា​សក្តិសម​នឹង​ការសិក្សា​របស់​យើង ។

ដោយសារ​ការបើកសម្តែង​ពន្លឺ​បន្ថែម​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ នោះ​យើង​មើល​ឃើញ​ប្រធាន​បទ​សាមញ្ញៗ​នៃ​វិវរណៈ ៖ ថា​« នៅទីបំផុត នឹង​មាន​ជោគជ័យ​របស់​ព្រះអម្ចាស់​នៅលើ​ផែនដីនេះ យក​ឈ្នះ​លើ​អារក្ស ជា​ជ័យជំនះ​ដ៏​និរន្ដរ​មួយ​នៃ​សេចក្ដីល្អ​លើ​សេចក្ដីអាក្រក់ នៃ​ពួក​បរិសុទ្ធ​លើ​ពួក​បៀតបៀន​ពួកគេ នៃ​នគរ​ព្រះ​លើ​នគរ​មនុស្ស និង​សាតាំង ។ … ជ័យជំនះ [ នឹង ] ត្រូវបាន​សម្រេច​តាមរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ » ។ លើស​ពី​នេះ​ទៅ​ទៀត យ៉ូសែប ស៊្មីធ បាន​គូស​បញ្ជាក់​ថា​សារលិខិត​នៃ​គម្ពីរ​វិវរណៈ​ផ្តោតលើ​ព្រះយេស៊ូវគ្រីស្ទ​ដូចជា​ការផ្តោត​លើ​សេចក្តី​សង្ឃឹម​របស់​យើង ហើយ​បង្រៀន​យើង​ថា តាមរយៈ​ការស្មោះត្រង់​របស់​យើង​ចំពោះ​ទ្រង់ និង កិច្ចការ​របស់​ទ្រង់​នៅ​ថ្ងៃ​ចុងក្រោយ នោះ​យើង​អាច​យកឈ្នះ​ពិភពលោក​បាន ។

ពន្យល់​បំភ្លឺ​កាន់តែ​ច្បាស់

នៅក្នុង​សន្និសីទ​សាសនាចក្រ​នៅថ្ងៃ​ទី ៨ ខែ មេសា ឆ្នាំ ១៨៤៣ ព្យាការី​យ៉ូសែប ស្ម៊ីធ មាន​ប្រសាសន៍​ថា « គម្ពីរវិវរណៈ​គឺ​ជា​គម្ពីរ​ដ៏​ច្បាស់លាស់​បំផុត​ដែល​ព្រះ​បាន​បណ្តាល​ឲ្យ​សរសេរ​ឡើង » ។ សេចក្ដី​ថ្លែងការណ៍​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ភ្ញាក់ផ្អើល ដោយសារ​វា​ពិតជា​ផ្ទុយ​ទាំងស្រុង​ទៅនឹង​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​ពួកគេ​មាន ។ តើ​ព្យាការី​មាន​ប្រសាសន៍​បែប​នេះ​ចង់​មាន​ន័យ​ថា​ដូចម្តេច ?

ខណៈ​ដែល​យ៉ូសែប ស្ម៊ីធ បាន​បើកសម្តែង​អាថ៌កំបាំង​មួយ​ចំនួន​នៃ​គម្ពីរ​វិវរណៈ​នោះនៅក្នុង​សុន្ទរកថា​នេះ​លោក​ហាក់បី​ដូចជា​មាន​បំណង​ចង់​ពន្យល់​បំភ្លឺ​វា​ឲ្យ​កាន់តែ​ច្បាស់ ។ លោក​បាន​ធ្វើ​បែប​នេះ តាមរយៈ​ការបង្ហាញ​ថា ភាព​អាថ៌កំបាំង​នៃ​គម្ពីរ​មិនមែន​នៅ​អាថ៌កំបាំង​ដូច​ដែល​យើង​តែងតែធ្លាប់​គិត​នោះ​ទេ ហើយ​ថា​កាលដែល​យើង​មើល​​ព្រះគម្ពីរ​ពុំយល់​នោះ ពុំ​មាន​ន័យ​ថា​វា​គ្មាន​សារៈសំខាន់ ឬ គ្មាន​ន័យ​ចំពោះ​យើង​នោះ​ឡើយ ។

ឧទាហរណ៍ មាន​កន្លែង​ផ្សេង​ទៀត​នៅក្នុង​សុន្ទរកថា​នេះ យ៉ូសែប ស៊្មីធ បាន​បង្ហាញ​ថា​ការអាន​គម្ពីរ​វិវរណៈ​ដោយ​យក​ចិត្ត​ទុកដាក់​អាច​កំណត់​ពីរបៀប​ដែល​វា​ត្រូវបាន​បកស្រាយ ។ លោក​បាន​គូសបង្ហាញ​ថា នៅ​ជំពូក​បី​ដំបូង​នៃ​គម្ពីរ​ទាក់ទង​នឹង​សម័យ​របស់​យ៉ូហាន និង « អស់​ទាំង​ការណ៍ ដែល​បន្តិច​ទៀត​ត្រូវ​កើត​មាន » ( វិវរណៈ ១:១ ) ហើយ​ថា​ផ្នែក​ដែល​នៅសល់​ទាំងអស់​នៃ​គម្ពីរ​នេះ​ទាក់ទង​នឹង « ការណ៍ ដែល​ត្រូវ​មក​ខាង​ក្រោយ​ទៀត » ( វិវរណៈ ៤:១ ) ឬ សម័យ​ក្រោយ​ពី សម័យ​យ៉ូហាន​ទៀត ។ តាមរយៈ​ការ​ដាក់​កំណត់​លើ​អ្វី​ដែល​ការនិមិត្ត​នៅក្នុង​ផ្នែក​ទាំង​ឡាយ​នៃ​គម្ពីរ​នេះ​អាច​អនុវត្ត​បាន នោះ​ពេលវេលា​ទាំង​នេះ​ធ្វើ​ឲ្យ​ខគម្ពីរ​ទាំង​បន្ថយ​នូវ​ភាព​អាថ៌​កំបាំង​របស់​វា ។

បន្ថែម​លើ​នោះ យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា ពេលខ្លះ​ពាក្យ​តួមាន​ជីវិត​គឺ​ពុំ​តំណាង​ឲ្យ​អ្វី​ឡើយ ។ លោក​បាន​ពន្យល់​ថា នៅពេល​យ៉ូហាន​បាន​និយាយ​ថា​លោក​បាន​ឃើញ​តួមាន​ជីវិត​នៅលើ​ឋានសួគ៌ ( សូមមើល វិវរណៈ ៤:៦ ) អ្វី​ដែល​លោក​ពិត​ជា​ឃើញ​នោះ​គឺ … សត្វ​នៅ​លើ​ឋានសួគ៌ ។ ព្យាការី​បាន​បង្ហាញ​ដូច្នេះ​ថា យ៉ាងហោច​ណាស់​ការពិពណ៌នា​មួយ​ចំនួន​របស់​យ៉ូហាន​អំពី​ការនិមិត្ត​របស់​លោក​ថា​ខ្លះ​មាន​ន័យ​ត្រង់ ឯខ្លះ​ទៀត​ជា​ការប្រៀបធៀប ។ លោក​ក៏​បាន​ពន្យល់​ពី គោលការណ៍​មួយ​ដែល​ទាក់ទង​នឹង​ការប្រៀបធៀប​នោះ ៖

« នៅពេល​ណា​ក៏​ដោយ​ដែល​ព្រះ​បាន​ប្រទាន​ការនិមិត្ត​អំពី រូបភាព ឬ សត្វ ឬ រូប​អ្វី​ក៏​ដោយ នោះទ្រង់​មាន​ទំនួល​ខុសត្រូវ​ចំពោះ​អង្គទ្រង់​ផ្ទាល់​ដើម្បី​ប្រទាន​វិវរណៈ ឬ ការបកស្រាយ​អំពី​អត្ថន័យ​នៃ​រូប​ទាំងនោះ បើមិន​ដូច្នោះ​ទេ​យើង​ពុំ​ទទួល​ខុសត្រូវ​ចំពោះ​ជំនឿ​របស់​យើង​លើ​ការនិមិត្ត​នោះ​ឡើយ ។ សូម​កុំ​ខ្លាច​ថា​ត្រូវបាន​ដាក់​ទោស​ដោយព្រោះ​ពុំ​ដឹង​ពី​អត្ថន័យ​នៃ​ការនិមិត្ត ឬ រូប​អ្វី​មួយ​ឡើយ បើសិន​ព្រះ​ពុំ​បាន​ប្រទាន​វិវរណៈ ឬ បកស្រាយ​ពី​ប្រធាន​បទ​ទេ​នោះ » ។

ការដឹង​ពី​ការបកស្រាយ​គ្រប់ជំហាន​លម្អិត​អំពី​ការនិមិត្ត​អាថ៌កំបាំង គឺពុំ​សំខាន់​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​យើង​ឡើយ ។ អាថ៌កំបាំង​នៃ​ភាសា​ប្រៀបធៀប​របស់​ព្យាការី​គឺ​ពុំដូច​ជា​អាថ៌កំបាំង​នៃ​ព្រះ​ឡើយ អាថ៌កំបាំង​នៃ​ព្រះ​ត្រូវបាន​ប្រទាន​ដល់​មនុស្ស​ដែល « បាន​ប្រែចិត្ត ហើយ​អនុវត្ត​សេចក្តី​ជំនឿ ហើយ​បញ្ចេញ​មក​នូវ​កិច្ចការ​ល្អៗ ហើយ​អធិស្ឋាន​រហូត​ដោយ​ឥត​ឈប់ឈរ » ។ ( អាលម៉ា ២៦:២២ ) ។

ដោយ​ការពន្យល់​បំភ្លឺ​កាន់តែ​ច្បាស់​អំពី​គម្ពីរ​វិវរណៈ ព្យាការី​បាន​ដកចេញ​នូវ​ការរំខាន​ទាំងឡាយ​ដែល​នឹង​អាច​មាន​មកពី​​គោលលទ្ធិ​ជ្រៅៗនៃ​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ។ ពិតណាស់ ការនិមិត្ត​របស់​យ៉ូហាន​ផ្តល់​នូវ​ព័ត៌មាន​សំខាន់​ដល់​យើង​អំពី​ថ្ងៃ​ចុងក្រោយ ៖ ការក្បត់សាសនា និង ការស្តារឡើងវិញ ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះ​យេស៊ូវគ្រីស្ទ ជ័យជំនះ​របស់​ទ្រង់​លើ​អារក្ស រជ្ជកាល​នៃ​សហស្សវត្សរ៍​របស់​ទ្រង់ និង ការ​រស់​ឡើង​វិញ ព្រមទាំង​ការជំនុំ​ជម្រះ​ចុង​ក្រោយ ។ ការណ៍​ទាំងនេះ​អាច​ជួយ​យើង នៅពេល​យើង​ព្យាយាម​ស្វែងរក​សេចក្តីពិត និង ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ។ ប៉ុន្តែ បើសិន​យើង​ផ្តោត​យកចិត្ត​ទុកដាក់​ខ្លាំង​ពេក​លើ​ការបកស្រាយ​ជាក់លាក់​អំពី​រូប​ដែល​បាន​ពិពណ៌នា​ក្នុង​ការនិមិត្ត​នោះ នោះ​យើង​ប្រហែល​ជា​នឹង​ខកខាន​មិន​បាន​ដឹង​ពី​រឿង​ដែល​សំខាន់​បំផុត​ហើយ ។

នៅពេល​យើង​សិក្សា​គម្ពីរ​វិវរណៈ ហើយ​ទទួល​យក​ប្រយោជន៍​ពី​ការបើក​សម្តែង​ដែល​វា​មាន​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ នោះ​យើង​អាច​យល់​ពី​គោលជំហរ​ផ្ទាល់​របស់​ខ្លួន​ជាមួយ​នឹង​ ទស្សនវិស័យ​ដ៏​ទូលំទូលាយ​អំពី​ប្រវត្តិ​សាស្ត្រ​ពិភពលោក និង ទំនាក់ទំនងរបស់​ព្រះ​ជាមួយ​កូនចៅ​របស់​ទ្រង់ ។ ការដឹង​ពីការណ៍​នេះ​នាំ​ឲ្យ​យើង​អាច​ឃើញ​ពី​សារៈសំខាន់​នៃ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​យើង​អំពី​ព្រះ​យេស៊ូវគ្រីស្ទ និង ការចូលរួម​ពេញលេញ​នៅក្នុង​កិច្ចការ​របស់​ទ្រង់​នៅ​ថ្ងៃ​ចុង​ក្រោយ ។ បន្ទាប់​មក​យើង​អាច​យក​ឈ្នះ​លើ​ពិភពលោក ហើយ​ជាមួយ​ព្រះគ្រីស្ទ គ្រង​មរតក​នៃ​អ្វីៗ​ទាំងអស់​ពី​ព្រះវរបិតា ( សូមមើល វិវរណៈ ៣:២១; ២១:៧ ) ។

កំណត់​ចំណាំ

  1. សូមមើល ឧទាហរណ៍ វិវរណៈ ២:១, លេខយោង ; ឬ វិវរណៈ ៦:១៤, លេខយោង ក ។

  2. ឧទាហរណ៍ ការប្រាប់​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ​អំពី វិវរណៈ ១:៧ ( នៅក្នុង Bible appendix ) អាន​ថា « មើល ទ្រង់​យាង​មក តាម ពពក ជាមួយ​នឹង​ពួក​បរិសុទ្ធ​ទ្រង់​ទាំង​សល់​សែន​នៅក្នុង​នគរ បំពាក់​ដោយ​សិរីល្អ​នៃ​ព្រះ​វរបិតា​ទ្រង់ ។ នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ទ្រង់ ព្រម​ទាំង​ពួក​អ្នក​ដែល​ចាក់​ទ្រង់​ផង រួច​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​យំ​សោក ដោយ​ព្រោះ​ទ្រង់ » ។ ពាក្យ​បន្ថែម​ដោយ​យ៉ូសែប ស្ម៊ីធ ( អក្សរ​ទ្រេត ) ភ្ជាប់​ខគម្ពីរ​នេះ​ជាមួយ​នឹង​ការបង្រៀន​ពី​ខគម្ពីរ​ពីរ​ផ្សេង​ទៀត​អំពី​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះគ្រីស្ទ — ឧទាហរណ៍ ម៉ាថាយ ១៦:២៧ ( « សិរីល្អ​នៃ​ព្រះវរបិតា » ) និង យូដាស ១:១៤ ( « ​ពួក​បរិសុទ្ធ​ទ្រង់​ទាំង​សល់​សែន » ) ។

  3. Bible Dictionary, « Revelation of John » ។

  4. ប្រវត្តិ​សាសនាចក្រ ៥:៣៤២ ។

  5. ពិតណាស់ ដូចជា​អ្វី​ដែល​យ៉ូសែប ស្ម៊ីធ បាន​ដឹង ត្រា​ប្រាំ​ដំបូង​នៃ​ត្រា​ទាំង​ប្រាំពីរ​ទាក់ទង​នឹង​ព្រឹត្តិ​ការណ៍​ពី​អតីតកាល ប៉ុន្តែ​ចំណុច​នេះ​គឺ​ជា​ប្រធាន​បទសំខាន់​នៃ​គោលបំណង ឬ ចំណុច​បញ្ចប់​នៃ​ប្រវត្តិសាស្ត្រ​មនុស្ស ដែល​បញ្ចប់​ដោយ​ព្រឹត្តិការណ៍​ដែល​នាំ​ទៅ​ការយាងមក​ជា​លើក​ទីពីរ — ក្រោយ​ពី​សម័យ​របស់​យ៉ូហាន ។

  6. នៅក្នុង​ឧទាហរណ៍​ពិសេស​នេះ ពាក្យ​សត្វ​នេះ​គឺ​មាន​ន័យ​ត្រង់ ដែលតំណាង​ឲ្យ​សត្វ​បួន​ក្បាល ខណៈ​ដែល ការពិពណ៌នា របស់​យ៉ូហាន​អំពី​ពួក​វា​ថា​មាន​អ្វីៗ​ប្រៀបធៀប​ជាច្រើន ( ភ្នែក និង ស្លាប​ច្រើន ) តំណាង​ឲ្យ​លក្ខណៈ​អរូបី​របស់​វា​ជាជាង​រូបរាង​ពិត​របស់​វា ( សូមមើល វិវរណៈ ៤:៦–៨; គ. និង ស. ៧៧:៤ ) ។

  7. ប្រវត្តិ​សាសនាចក្រ ៥:៣៤៣ ។

  8. យ៉ូសែប ស៊្មីធ មាន​អារម្មណ៍​ថា​នេះ​ជា​ការពិត​ដ៏​ពិសេស​មួយ​សម្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងឡាយ ។ លោក​បាន​មាន​ប្រសាសន៍ ៖ « ឱ ពួក​អែលឌើរ​នៃ​អ៊ីស្រាអែល ចូរស្តាប់​តាម​ពាក្យ​យើង​ចុះ នៅពេល​អ្នក​ត្រូវបាន​បញ្ជូន​ឲ្យ​បង្រៀន​ដល់​ពិភពលោក ចូរ​ប្រាប់​នូវ​រឿង​ទាំងនោះ​ដែល​អ្នក​ត្រូវ​បាន​បញ្ជូន​ឲ្យ​ប្រាប់ បង្រៀន ហើយ​ស្រែក​ឲ្យ​ឮៗ ‹ ចូរ​ប្រែ​ចិត្ត​ឡើង ដ្បិត​នគរ​ស្ថានសួគ៌​ជិត​ដល់​ហើយ ចូរ​ប្រែចិត្ត ហើយ​ជឿ​ដំណឹង​ល្អ​ចុះ › ។ សូម​ប្រកាស​គោលការណ៍​ដំបូង ហើយ​ចូរទុក​អាថ៌កំបាំង​នោះ​មួយ​ឡែក​ចុះ បើមិន​ដូច្នោះ​ទេ​អ្នក​នឹងត្រូវ​ដួលចុះ ។ ចូរកុំ​ខ្វល់ខ្វាយ​ពី​ការនិមិត្ត​នៃ​សត្វ និង ប្រធានបទ​ដែល​អ្នក​ពុំ​យល់​នោះ​ឡើយ » ( ប្រវត្តិ​សាសនាចក្រ ៥:៣៤៤ ) ។