២០១៥
ពួកគេ​បាន​ស្គាល់​យ៉ូសែប
December 2015


ពួកគេ​បាន​ស្គាល់ យ៉ូសែប

តើ​យ៉ូសែប ស្ម៊ីធ ដែល​ជា​ព្យាការី​នៃ​ការស្តារឡើង​វិញ​នេះ​ជា​មនុស្ស​បែប​ណា ? យើង​អាច​រៀន​បន្ថែម​ទៀត​ពី​លោក តាមរយៈ​ការអាន​នូវ​អ្វី​ដែល​អស់​អ្នក​ដែល​បាន​ជួប​លោក និង អស់​អ្នក​ដែល​បាន​ស្គាល់​លោក​ច្បាស់​បាន​និយាយ​អំពី​លោក ។

អ្នក​មិនមែន​ជា​ពួកមរមន​ដែល​បាន​ជួប​យ៉ូសែប

រូបភាព
illustration of Joseph Smith and people he met

រូបគំនូរ​ដោយ ប្រូក ស្មាត

មាន​អ្នក​មិនមែន​ជា​ពួកមរមន​ជា​ច្រើន​ដែល​បាន​ជួប​យ៉ូសែប មាន​ការកោតសរសើរ​ជា​ខ្លាំង ។ ឧទាហរណ៍ ហូសាយ ឃ្វីស៊ី ដែល​រៀន​ចប់​ពី​សាលា ហាវើត ដែលមិន​យូរ​ប៉ុន្មាន​ត្រូវបាន​ជ្រើសរើស​ធ្វើ​ជា​ចៅហ្វាយ​ក្រុង បូស្តុន បាន​ទៅ​លេង​យ៉ូសែប ស្ម៊ីធ នៅ​ទីក្រុង ណៅវូ ។ គាត់​បាន​និយាយ​ថា​យ៉ូសែប​គឺជា​« មនុស្ស​ម្នាក់​ដ៏​អស្ចារ្យ​ដែល​អាច​ពន្យល់​បាន​ថា » គឺ​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវបាន​កើត​មក​ដើម្បី​ដឹកនាំ « ដ៏​មាន​អំណាច … ដែល​គួរ​ឲ្យ​គោរព » ។ គាត់​បាន​និយាយ​ថា​សៀវភៅ​អាន​នា​ពេល​ខាង​មុខ​អាច​និយាយ​ពី យ៉ូសែប ស៊្មីធ​ថា​ជា​អ្នក​ដែល « មាន​ឥទ្ធិពល​ខ្លាំង​បំផុត​លើ​ជោគវាសនា​នៃ​ប្រជាជន​ក្នុង​ប្រទេស​របស់​លោក » ។

អ្នកប្រែចិត្តជឿ​ថ្មី​ដែល​បាន​ជួប​លោក

រូបភាព
illustration of Joseph Smith and people he met

អ្នកប្រែចិត្តជឿ​ដែល​បាន​ជួប​យ៉ូសែប ស្ម៊ីធ នៅ​លើក​ដំបូង​ក៏​បាន​បង្ហាញ​ការកោត​សរសេរ​ចំពោះ​លោក​ផងដែរ ។ ប្រាំ​ថ្ងៃ​បន្ទាប់​ពី​មក​ដល់​ទីក្រុង ណៅវូ វិលាម ខ្លេតុន​ដែល​មក​ពី​ប្រទេស​អង់គ្លេស បាន​សរសេរ​សំបុត្រ​ទៅ​ផ្ទះ ៖ « យប់​មិញ​នេះ មាន​គ្នា​យើង​ជា​ច្រើន​នាក់ [ បាន​នៅ ] ជាមួយ​បងប្រុស​យ៉ូសែប ដួងចិត្ត​របស់​យើង​រីករាយ​ដោយ​បាន​ស្តាប់​គាត់​និយាយ​អំពី​នគរ​ព្រះ លោក​គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​សេចក្តី​ស្រឡាញ់ ហើយ​រួសរាយ​ចំពោះ​ពួក​យើង​គ្រប់គ្នា ។ យើង​មាន​អារម្មណ៍​ថា​ស្រឡាញ់​គាត់​ជា​ខ្លាំង ហើយ​អ្នក​ទាំងអស់គ្នា​ក៏​នឹង​ស្រឡាញ់​គាត់​ផងដែរ » ។

ម៉ារី អាលីស ខាណាន់ ឡាមប៊ើត ដែល​មាន​អាយុ ១៤ ឆ្នាំ​ពេល​នាង​បាន​មក​ដល់​ទីក្រុង​ណៅវូ បាន​និយាយ​ថា « អ្នក​ដឹកនាំ​មួយ​ចំនួន​បាន​នៅ​ទីនោះ ដើម្បី​មក​ជួប​ពួកបរិសុទ្ធ​មួយ​ក្រុម​ដែល​បាន​មក​តាមរយៈ​ការ​ជិះ [ ទូក ] ។ ក្នុង​ចំណោម​នោះ​មាន​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ ខ្ញុំ​បាន​ដឹង​ភ្លាម​នៅពេល​ខ្ញុំ​បាន​មើល​ឃើញ​លោក ហើយ​នៅពេល​នោះ​ខ្ញុំ​បានទទួល​ទីបន្ទាល់​របស់​ខ្ញុំ​ថា​លោក​គឺ​ជា​ព្យាការី​របស់​ព្រះ » ។

អស់​អ្នក​ដែល​បាន​ស្គាល់​លោក​ច្បាស់

រូបភាព
illustration of Joseph Smith and people he met

យ៉ូហាន អិម ប៊ើហ៊ីសែល ជា​សមាជិក​សាសនាចក្រ​នា​សម័យ​មុន​គឺ​ជា​វេជ្ជបណ្ឌិត ។ គាត់​ជួល​ផ្ទះ​គ្រួសារ​ស្ម៊ីធ​រស់នៅជា​ច្រើន​ខែ ។ គាត់​បាន​និយាយ​ថា យ៉ូសែប ស៊្មីធ មាន « អំណាច​ដួងចិត្ត​រឹងមាំ » មាន​ថាមពល​ច្រើន « មាន​ចំណេះដឹង​ជ្រៅជ្រះ​ពី​លក្ខណៈ​មនុស្ស » « មាន​សុភវិនិច្ឆ័យ » « មាន​ទស្សនវិស័យ​ទូលំទូលាយ » និង « ស្រឡាញ់​សេចក្តី​យុត្តិធម៌ » ។ « លោក​មាន​ចិត្ត​ល្អ ហើយ​ចូលចិត្ត​យក​អាសារ​គេ ចិត្ត​ទូលាយ ហើយ​មាន​ចិត្ត​មេត្តា រាក់ទាក់ ហើយ​រីករាយ ព្រម​ទាំង​មាន​ចរិត​ដែល​គួរ​ឲ្យ​កោតសរសើរ និង ចេះ​គិតចេះគូរ ។ គាត់​ស្មោះត្រង់ ទៀងត្រង់ ក្លាហាន និង ឯករាជ្យ ព្រមទាំង​គ្មាន [ អាការៈ​ក្លែងបន្លំ ] ដូចជា​មនុស្ស​ផ្សេង​ឡើយ ជា​មនុស្ស​កម្រ​រកបាន » ។

ហូវើត ខូរេ ជា​ស្មៀន​ម្នាក់​របស់​យ៉ូសែប មាន​ការកោតសរសើរ​ចំពោះ​សមត្ថភាព​របស់​ព្យាការី​ពេល​ជួប​នឹង​មនុស្ស​គ្រប់​ប្រភេទ — វេជ្ជបណ្ឌិត មេធាវី ពួក​សង្ឃ និង មនុស្ស​ផ្សេង​ទៀត — ដែល​បាន​មក « សួរ​សំណួរ​ពិបាកៗ »។ គាត់​បាន​សរសេរ​ថា យ៉ូសែប « មាន​ឆន្ទៈ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​តម្រូវ​ឲ្យ​គាត់​ធ្វើ ។ … ខ្ញុំ​ពិតជា​រីករាយ នៅពេល​ឃើញ​ថា​លោក​មានទំនាក់ទំនង​យ៉ាង​រលូន​ទោះ​ជា​នៅក្នុង​ចំណោម​ពួក​អ្នក​វិទ្យាសាស្ត្រ​ក្ដី ហើយ​លោក [ ត្រៀមខ្លួន​ជា​ស្រេច ] ដើម្បី​ឆ្លើយ​សំណួរ​របស់​ពួកគេ » ។

ដានីយ៉ែល ឌី ម៉ាក់អរសើរ ដែល​ក្រោយ​មក​បាន​ដឹកនាំ​ក្រុម​រទេះរុញ​ទៅ​ជ្រលង​ភ្នំ សលត៍ លេក បាន​និយាយ​ថា « ទីបន្ទាល់​របស់​ខ្ញុំ គឺ​ថា លោក​គឺ​ពិត​ជា​ព្យាការី​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ហើយ​កាលណា​ខ្ញុំ​កាន់តែ​ស្តាប់​ពាក្យ​សម្តី​របស់​លោក ហើយ​ឃើញ​កិច្ចការ​ដែល​លោក​ធ្វើ នោះ​ខ្ញុំ​កាន់តែ​ជឿ​ថា លោក​ពិតជា​បាន​ជួប​ព្រះ​គឺ​ព្រះវរបិតា និង ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ​មែន » ។

ព្យាការី​ដែល​បាន​ស្គាល់​លោក

រូបភាព
illustration of Joseph Smith and people he met

យ៉ូហាន ថេលើរ ដែល​ក្លាយ​ជា​ប្រធាន​ទីបី​នៃ​សាសនាចក្រ​បាន​មាន​ប្រសាសន៍​ថា « បើសិន​អ្នក​សួរ​យ៉ូសែប … ពី​លក្ខណៈ​របស់​អ័ដាម នោះ​លោក​នឹង​ប្រាប់​អ្នក​ភ្លាម លោក​នឹង​ប្រាប់​អ្នក​ពី​ទំហំ និង រូបរាង ព្រមទាំង​អ្វីៗ​ទាំងអស់​របស់​អ័ដាម ។ អ្នក​អាច​សួរ​លោក​ពី​លក្ខណៈ​របស់ ពេត្រុស យ៉ាកុប និង យ៉ូហាន នោះ​លោក​អាច​ប្រាប់​អ្នក​បាន​ទាំងអស់ ។ ហេតុអ្វី ? ដោយសារ​លោក​បាន​ឃើញ​ពួកគេ » ។

ក្មួយប្រុស​របស់​ព្យាការី​គឺ យ៉ូសែប អែហ្វ ស្ម៊ីធ បាន​ក្លាយ​ជា​ប្រធាន​ទី​ប្រាំមួយ​នៃ​សាសនាចក្រ ។ លោក​បាន​សរសេរ​ថា​យ៉ូសែប ស្ម៊ីធ « ពោរពេញ​ទៅដោយ​សេចក្តី​ថ្លៃថ្នូរ និង បរិសុទ្ធ​បំផុត​ក្នុង​លក្ខណៈ​ជា​មនុស្ស ដែល​តែងតែ​បង្ហាញ​ភាព​រីករាយ​ដោយ​ស្មោះស — ក្នុង​ការលេង​បាល់ វាយ​ចំបាប់​ជាមួយ​បងប្អូន​របស់​លោក … និង​រីករាយ​ចំពោះ​ខ្លួន​ឯង … លោក​ពោរពេញ​ដោយ​សេចក្តី​អំណរ លោក​ពេញ​ដោយ​សេចក្តី​រីករាយ លោក​ពេញ​ដោយ​សេចក្តី​ស្រឡាញ់ ហើយ​គ្រប់​ចរិត​ថ្លៃថ្នូរ​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រែជា​អស្ចារ្យ ហើយ​ល្អ ព្រមទាំង​មាន​ភាព​សាមញ្ញ និង បរិសុទ្ធ​ស្របពេល​ជាមួយ​គ្នា​នោះ … ដោយ​ព្រះគុណ​នៃ​ព្រះ លោក​មាន​អំណាច ដើម្បី​យល់​ដឹង​ពី​គោលបំណង​នៃ​ព្រះដ៏​មាន​គ្រប់​ព្រះចេស្តា​ផងដែរ ។ នោះ​គឺ​ជា​អត្តចរិត​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ » ។

កំណត់​ចំណាំ

  1. ហូសាយ ឃ្វីនស៊ី « Joseph Smith at Nauvoo » Figures of the Past from the Leaves of Old Journals, ការបោះពុម្ភ​លើក​ទី ៣ ( ឆ្នាំ ១៨៨៣ ) ទំព័រ ៣៧៦–៤០០ សូមមើល​ផងដែរ Richard L. Bushman, « The Character of Joseph Smith » BYU Studies, ភាគ​ទី ៤២ លេខ ២ ( ឆ្នាំ ២០០៣ ) ទំព័រ ២៩–៣០ ។

  2. Bushman « The Character of Joseph Smith » ទំព័រ ៣៣ ។

  3. ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ ( ឆ្នាំ ២០០៧ ) ទំព័រ ៤៩៦ ។

  4. ការបង្រៀន ៖ យ៉ូសែប ស្ម៊ីធ ទំព័រ ៤៩៨–៩៩ ។

  5. Bushman « The Character of Joseph Smith» ទំព័រ ២៩ ។

  6. ការបង្រៀន ៖ យ៉ូសែប ស្ម៊ីធ ទំព័រ ៤៩៦ ។

  7. ការបង្រៀន ៖ យ៉ូសែប ស្ម៊ីធ ទំព័រ ១០៣ ។

  8. ការបង្រៀន ៖ យ៉ូសែប ស្ម៊ីធ, ទំព័រ ៤៩៩ ។