២០១៧
សូម​កុំ​ភ្លេច​អធិស្ឋាន​ឲ្យ​អ៊ីរីក
January 2017


សូម​កុំ​ភ្លេច​អធិស្ឋាន​ឲ្យ​អ៊ីរីក

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ ណាវ៉ាដា ស.រ.អា. ។

« ចូរ​ដឹង​ថា​គ្រប់​គ្នា មាន​សេរី​ក្នុង​ការ​រើស​ជីវិត​ខ្លួន​ចង់​បាន » ( ទំនុកតម្កើង លេខ ១៤៩ ) ។

គ្រួសារ​របស់​ខារី​បាន​លុតជង្គង់​នៅ​ក្បែរ​សាឡុង​ដើម្បី​អធិស្ឋាន​ជា​គ្រួសារ ។ អ្នក​ទាំង​អស់​គ្នា​ឱបដៃ​របស់​ខ្លួន​ដោយ​មាន​គារវភាព ។ លោក​ប៉ា​បាន​សូម​ឲ្យ លីវ ជា​ប្អូនស្រី​របស់​ខារី​អធិស្ឋាន ។

លោក​ប៉ា​បាន​រំឭក​នាង​ថា « សូម​កុំ​ភ្លេច​ថ្លែង​អំណរគុណ​ព្រះវរបិតាសួគ៌​សម្រាប់​ពរជ័យ ជា​ច្រើន របស់​យើង​ផងដែរ » ។

ម៉ាក់​បាន​បន្ថែម​ថា « សូម​កុំ​ភ្លេច​អធិស្ឋាន​ឲ្យ​អ៊ីរីក​ផង » ។ ម៉ាក់​តែង​រំឭក​ពួកគេ​ឲ្យ​អធិស្ឋាន​សម្រាប់​អ៊ីរីក​ជានិច្ច ។

អ៊ីរីក​គឺ​ជា​បងប្រុស​របស់​ខារី ។ ពីមុន​គាត់​បាន​ចេញ​ទៅ​រៀន​មហា​វិទ្យាល័យ គាត់ និង ខារី​គឺ​ជា​កល្យាណ​មិត្ត​នឹង​គ្នា ។ នាង​ពិត​ជានឹក​រឿងរ៉ាវ​សប្បាយ​នានា ដែល​ពួកគេ​ធ្លាប់​លេង​ជាមួយ​គ្នា ។

ប៉ុន្មាន​ខែ​ក្រោយ​មក អ៊ីរីក​បាន​ប្រាប់​ម៉ាក់ និង ប៉ា​ថា គាត់​មិន​ចង់​ក្លាយ​ជា​សមាជិក​សាសនាចក្រ​ត​ទៅ​ទៀត​ឡើយ ។ ខារី និង គ្រួសារ​នាង​មាន​ការភ្ញាក់ផ្អើល ហើយ​កើត​ទុក្ខ ។ ពួកគេ​បាន​ចាប់ផ្តើម​អធិស្ឋាន​ឲ្យ​អ៊ីរីក​រៀងរាល់​យប់ ។ ជួនកាល​ពួកគេ​បាន​អធិស្ឋាន​សូម​ឲ្យ​គាត់​នឹង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ចង់​ត្រឡប់​មក​កាន់​ព្រះវិហារ​វិញ ។ ប៉ា​បាន​អធិស្ឋាន​ថា សូម​ឲ្យ​ដួងចិត្ត​របស់​អ៊ីរីក​មាន​ភាព​ជ្រះ​ស្រឡះ​ដើម្បី​សម្រេច​ចិត្ត​ឲ្យ​បាន​ល្អ ។ ជារឿយៗ ម៉ាក់​បាន​អធិស្ឋាន​ថា សូម​ឲ្យ​មាន​នរណា​ម្នាក់​ដែល​អ៊ីរីក​ទុក​ចិត្ត អាច​ជួយ​គាត់​រក​ផ្លូវ​ត្រឹមត្រូវ ។ ក្រៅ​ពី​ការអធិស្ឋាន​របស់​ពួកគេ ខារី​អត់​ទ្រាំ​ខឹង​មិន​បាន​ឡើយ ។ ហេតុអ្វី​ព្រះវរបិតាសួគ៌​ពុំ​នាំ​អ៊ីរីក​ត្រឡប់​មក​ព្រះវិហារ​វិញ ?

ទីបំផុត​នៅពេល លីវ បាន​បើក​មាត់​គាត់​អធិស្ឋាន ខារី​អត់​ទ្រាំ​នឹង​ទប់​ពាក្យសម្តី​របស់​នាង​ពុំ​បាន​ទៀត​ឡើយ ។ នាង​បាន​របូត​មាត់​និយាយ​ថា « ហេតុអ្វី​ព្រះវរបិតាសួគ៌​ពុំ​ឆ្លើយតប​ការអធិស្ឋាន​របស់​យើង ? » អ្នក​គ្រប់​គ្នា​បាន​មើល​មុខ​ខារី​ដោយ​ក្តី​ភ្ញាក់ផ្អើល ប៉ុន្តែ​នាង​អន់​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​ការខ្វល់ខ្វាយ​ពី​រឿង​នោះ ។ គ្មាន​នរណា​និយាយ​អ្វី​ឡើយ​អស់​មួយ​សន្ទុះ ។

ប៉ា​បាន​និយាយ​ថា « ខារី ពេល​កូន​មក​ពី​សាលា​រៀន​ថ្ងៃ​នេះ តើ​កូន​បាន​ទុក​កាបូប​ស្ពាយ​របស់​កូន​ត្រឹមត្រូវ​ឬ​ទេ ? »

« ប៉ា​ថា​ម៉េច ? » ខារី​បាន​សួរ​ដោយ​ងឿងឆ្ងល់ ។ តើ​កាបូប​ស្ពាយ​របស់​នាង​ពាក់ព័ន្ធ​អ្វី​ដែរ​នឹង​រឿង​នេះ ? នាង​បាន​ក្រឡេក​មើល​ទៅ​ទ្វារ​មុខ ហើយ​បាន​ឃើញ​កាបូប​ស្ពាយ​របស់​ខ្លួន ទម្លាក់​ចោល​ក្បែរ​ជញ្ជាំង ដោយ​មិន​ព្យួរ​ជាប់​ជញ្ជាំង​ក្បែរ​កាបូប​របស់​លីវ​ឡើយ ។ « អត់​ទេ … កូន​សូមទោស » ។

« តើ​ម៉ាក់​ពុំ​បាន​រំឭក​កូន​ឲ្យ​ព្យួរ​វា​ទេ​ឬ​អី ? »

ខារី​បាន​ឆ្លើយ « ចា៎ស » ។ នាង​បាន​ឈ្ងោក​មុខ​ចុះ ។

« តើ​ជារឿយៗ ម៉ាក់​ពុំ​បាន​រំឭក​កូន​ឲ្យ​ព្យួរ​កាបូប​ស្ពាយ​របស់​កូន​ទេ​ឬ​អី ? »

ខារី​បាន​ឆ្លើយ​ខ្សាវៗ​ថា « ចា៎ស » ។ នាង​នៅតែ​ពុំ​ដឹង​ថា​តើ​រឿង​នេះ​វា​ពាក់ព័ន្ធ​នឹង​រឿង​ផ្សេង​ទៀត​ដោយ​របៀប​ណា​នោះ​ទេ ។ តើ​ប៉ា​ពុំ​បាន​ចាត់ទុក​សំណួរ​របស់​នាង​ជា​សំណួរ​សំខាន់​ទេ​ឬ​អី ?

« ប៉ា​ដឹង​ថា​នៅពេល​យើង​អធិស្ឋាន​ឲ្យ​អ៊ីរីក ព្រះវរបិតាសួគ៌ ពិតជា ឆ្លើយតប​ការអធិស្ឋាន​របស់​យើង—គ្រប់​ពេល ។ បញ្ហា​នោះ​គឺ​ថា អ៊ីរីក​អាច​ពុំ​ស្តាប់​នរណា​ឡើយ​នៅពេល​នេះ ។ អ៊ីរីក​ត្រូវរើស​ថា​តើ​គាត់​ស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬ​អត់ គឺ​ដូច​ជា​កូន​ជ្រើសរើស​ស្តាប់​ម្តាយ​កូន​ឲ្យ​ព្យួរ​កាបូប​ស្ពាយ​របស់​កូន​ឬ​ក៏​មិន​ស្តាប់​ដូច្នោះ​ដែរ ។ ប៉ុន្តែ​តើ​កូន​គិត​ថា កូន​នឹង​អើពើ​ជាមួយ​ម៉ាក់​កូន ជានិច្ច ឬ ពេល​គាត់ សូម​ឲ្យ​កូន​ព្យួរ​កាបូប​ស្ពាយ​របស់​កូន​នោះ ? »

ខារី​បាន​តប​ថា « កូន​គិត​ថា​អត់​ទេ » ។

« ថ្ងៃ​ណា​មួយ​នាង​នឹង​ស្តាប់​តាម ! » ម៉ាក់​បាន​និយាយ​ដោយ​មិច​ភ្នែក​ដាក់​ខារី ។ ខារី​បាន​ញញឹម ។

ខារី​បាន​បន្ថែម​ថា « ដូច្នោះ​ថ្ងៃ​ណាមួយ​អ៊ីរីក​នឹង​មាន​ចិត្ត​ស្តាប់​ផងដែរ »

ម៉ាក់​បាន​និយាយ​ថា « ប្រាកដ​ណាស់ » ។ « ការស្តាប់​ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ជា​ជំនាញ​មួយ​ដែល​កូន​ត្រូវ​អភិវឌ្ឍ ។ ប្រហែល​ជា​អ៊ីរីក​មិន​បាន​រៀន​ពី​ជំនាញ​នោះ​នៅ​ឡើយ​ទេ » ។ ខារី​ចាប់ផ្ដើម​មាន​អារម្មណ៍​ធូរ​ស្បើយ​បន្តិច ។

ពួកគេ​បាន​ឱនក្បាល ខណៈ​ដែល​លីវ​បាន​អធិស្ឋាន ។ នាង​បាន​អធិស្ឋាន​សូម​ឲ្យ អ៊ីរីក​នឹង​រៀន​ស្ដាប់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អំឡុង​ពេល​ដែល​លីវ​កំពុង​អធិស្ឋាន ខារី​មាន​អារម្មណ៍​សុខសាន្ត ហើយ​កក់ក្តៅ ។ នាង​បានដឹង​ថា ព្រះវរបិតា​សួគ៌​ទ្រង់​កំពុង​ព្រះសណ្តាប់​ការអធិស្ឋាន​របស់​ពួកគេ ។ នៅពេល​លីវ​បាន​ថ្លែង​អំពី​ពរជ័យ​មួយ​ចំនួន​ដែល​គ្រួសារ​របស់​ពួកគេ​បាន​ទទួល ខារី​បាន​គិត​អំពី​ពរជ័យ​មួយ​ទៀត​បន្ថែម​ពី​លើ​នោះ—ឥឡូវ​នេះ​នាង​បាន​យល់​កាន់តែ​ប្រសើរ​ឡើង​អំពី​ការអធិស្ឋាន​ហើយ !

នៅពេល​ចប់​ការអធិស្ឋាន ខារី បាន​ដឹង​ថា ព្រះវរបិតាសួគ៌​ពុំ​បំភ្លេច​អ៊ីរីក​ឡើយ ។ នាង​ក៏​បាន​ដឹង​ដែរ​ថា ទ្រង់​នឹង​មិន​ភ្លេច​នាង​ឡើយ !

រូបភាព
Don’t Forget to Pray for Erik