២០១៧
តម្រង់​ឲ្យ​ចំ​ទីដៅ
January 2017


សារលិខិត​គណៈ​ប្រធាន​ទី​មួយ

តម្រង់ ឲ្យ​ចំ​ទីដៅ

រូបភាព
Woman shooting bow and arrow

រូបថត © Serg Myshkovsky/Getty Images

ថ្មីៗ​នេះ ខ្ញុំ​បាន​មើល​មនុស្ស​មួយ​ក្រុម​ហាត់​សម​សិល្ប៍វិជ្ជា​នៃ​ការបាញ់​ព្រួញ ។ ដោយ​គ្រាន់តែ​មើល វា​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា ប្រសិនបើ​អ្នក​ពិត​ជា​ចង់​ពូកែ​ខាង​ការកាន់ធ្នូ និង បាញ់​ព្រួញ វា​ត្រូវការ​ពេលវេលា និង ការហាត់សម ។

ខ្ញុំ​គិត​ថា អ្នក​ពុំ​អាច​បង្កើន​កេរ្តិ៍​ឈ្មោះ​ដើម្បី​ក្លាយ​ជា​អ្នក​បាញ់​ព្រួញ​ដ៏​មាន​ស្នាដៃ ដោយ​ការបាញ់​ព្រួញទៅ​លើ​ជញ្ជាំង​ទទេ​ស្អាត បន្ទាប់​មក​គូរ​រង្វង់​ជុំវិញ​ព្រួញ​នោះថា​វា​ជា​ទីដៅ​ដែល​យើង​ត្រូវបាញ់​នោះ​ឡើយ។ អ្នក​ត្រូវតែ​រៀន​ពី​សិល្ប៍វិជ្ជា​នៃ​ការស្វែងរក​ទីដៅ ហើយ​បាញ់​ឲ្យ​ចំ​ចំណុច​កណ្តាល​នៃ​ផ្ទាំងស៊ីប​នោះ ។

ការលាប​ពណ៌​ទីដៅ​នៃ​ផ្ទាំងស៊ីប

ការបាញ់​ព្រួញ​ជា​មុន ហើយ​គូរ​ទីដៅ​ជា​ក្រោយ​អាច​ទំនង​ជា​ចម្លែក​បន្តិច ប៉ុន្តែ​ជួនកាល​ខ្លួន​យើង​ផ្ទាល់​បង្ហាញ​ពី​ឥរិយាបថ​នេះ​នៅក្នុង​ដំណើរ​ជីវិត​យើង ។

ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ ជួនកាលយើង​មាន​ទំនោរភ្ជាប់​ខ្លួន​យើង​ទៅនឹងកម្មវិធី ការចេញផ្សាយ និង គោលលទ្ធិ​នានា​នៃ​ដំណឹង​ល្អ ដែល​ទំនង​ជា​គួរឲ្យ​ចាប់​អារម្មណ៍ សំខាន់ ឬ គួរ​ជា​ទី​រីករាយ​ដល់​យើង ។ យើង​ត្រូវបាន​ល្បួង​ឲ្យ​គូរ​ទីដៅ​នៅ​ជុំវិញ​សកម្មភាព​ទាំងនោះ ដោយ​ធ្វើ​ឲ្យ​យើង​ជឿ​ថា យើង​កំពុង​តម្រង់​ចំ​ទីដៅ​នៃ​ដំណឹង​ល្អ ។

រឿង​នេះ​ងាយ​ស្រួល​ធ្វើ ។

ចាប់តាំង​ពី​សម័យ​បុរាណ​មក យើង​បាន​ទទួល​ការទូន្មាន និង ការបំផុសគំនិត​ដ៏​អស្ចារ្យ​ពី​ព្យាការី​របស់​ព្រះ ។ យើង​ក៏​ទទួល​ការណែនាំ និង ការបញ្ជាក់​ពី​ឯកសារ​បោះពុម្ព សៀវភៅ​ក្បួនខ្នាត និង សៀវភៅ​សិក្សា​ជា​ច្រើន​របស់​សាសនាចក្រ​ផងដែរ ។ យើង​អាច​ជ្រើសរើស​បាន​យ៉ាង​ងាយ​នូវ​ប្រធាន​បទ​ដំណឹងល្អ​ដែល​យើង​ពេញចិត្ត គូរ​រង្វង់​ជុំវិញ​វា ហើយ​សន្មត​ថា​យើង​បាន​រកឃើញ​ចំណុច​សំខាន់​បំផុត​នៃ​ដំណឹង​ល្អ​ហើយ ។

ព្រះអង្គសង្គ្រោះ​គូស​បញ្ជាក់​យ៉ាង​ច្បាស់

នេះ​ពុំ​គ្រាន់​តែ​ជា​បញ្ហា​កើតឡើង​នៅ​ជំនាន់​របស់​យើង​នេះ​ទេ ។ កាល​ពី​បុរាណ មេដឹកនាំ​សាសនា​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​រៀបចំ​បទបញ្ញត្តិ​រាប់រយ​ជា​ក្រុម ជា​ឋានុក្រម ហើយ​ជជែក​វែក​ញែក​គ្នា​ថា​តើ​បទញ្ញត្តិ​ណា​មួយ​ជា​បទបញ្ញត្តិ​សំខាន់​បំផុត ។

ថ្ងៃ​មួយ​អ្នក​ប្រាជ្ញ​ខាង​សាសនា​មួយ​ក្រុម​មាន​បំណង​ជជែក​រកខុសត្រូវ​ជាមួយ​ព្រះអង្គសង្គ្រោះ ។ ពួកគេ​បាន​សូម​ឲ្យ​ទ្រង់​ផ្តល់​យោបល់​លើ​បញ្ហា​ដែល​មាន​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​យល់​ស្រប ។

ពួកគេ​បាន​សួរ​ទ្រង់​ថា « លោក​គ្រូ​ក្នុង​បណ្តា​ក្រឹត្យ​វិន័យ តើ​បញ្ញត្តិ​ណា​ដែល​យ៉ាង​សំខាន់​បំផុត ?

យើង​ទាំងអស់​គ្នា​បាន​ដឹង​ពី​ចម្លើយ​របស់​ព្រះយេស៊ូវ ៖ « ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត​អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ។

នេះ​ជា​បញ្ញត្តិ​យ៉ាង​សំខាន់​ទី​មួយ ។

ហើយ​បញ្ញត្តិ​ទីពីរ​ក៏​បែប​ដូច​គ្នា​គឺ​ថា ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង ។

« បណ្តា​ក្រឹត្យវិន័យ និង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សម្រេច​នៅ​បទបញ្ញត្តិ​ទាំង​ពីរ​ប្រការ​នេះ​ឯង » ។

សូម​កត់សម្គាល់​ប្រយោគ​ចុងក្រោយ ៖ « បណ្តា​ក្រឹត្យវិន័យ និង អស់​ទាំង ទំនាយ​ហោរា​ទាំង​ប៉ុន្មាន​ក៏​សម្រេច​នៅ​បទ​បញ្ញត្តិ​ទាំង​ពីរ​ប្រការ​នេះ​ឯង » ។

ព្រះអង្គសង្គ្រោះ​ពុំ​គ្រាន់តែ​បាន​បង្ហាញ​ផ្ទាំង​ស៊ីប​ដល់​យើង​ឡើយ ប៉ុន្តែ​ទ្រង់​ក៏​បាន​គូស​បង្ហាញ​ពី​ចំណុច​កណ្តាល​នៃ​ផ្ទាំងស៊ីប​ផងដែរ ។

ការបាញ់ឲ្យ​ចំ​ផ្ទាំង​ស៊ីប

ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ យើង​ចុះ​សេចក្តីសញ្ញា​ថា លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការបាន​យល់​ដឹង​ពី​ផ្នែក​ខ្លះ​នៃ​សេចក្តីសញ្ញា​នោះ​គឺ​ជា​ការយល់​ដឹង​ថា យើង​នឹង​ព្យាយាម​រៀន​អំពី​ព្រះ ស្រឡាញ់​ទ្រង់ បង្កើន​សេចក្តីជំនឿ​របស់​យើង​លើ​ទ្រង់ គោរព​ទ្រង់ ដើរ​លើ​មាគ៌ា​ទ្រង់ ហើយ​ឈរ​យ៉ាង​ខ្ជាប់ខ្ជួន​ធ្វើ​ជា​សាក្សី​ដល់​ទ្រង់ ។

កាលណា​យើង​រៀន​អំពី​ព្រះ ហើយ​ទទួល​អារម្មណ៍​នៃ​ក្តីស្រឡាញ់​របស់​ទ្រង់កាន់​តែ​ច្រើន ​នោះ​យើង​កាន់តែ​ដឹង​ថា ការបូជា​ដ៏​គ្មាន​កំណត់​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អំណោយ​ទាន​មក​ពី​ព្រះ ។ ហើយ​សេចក្តីស្រឡាញ់​របស់​ព្រះ​បំផុស​គំនិត​ឲ្យ​យើង ប្រើ​ផ្លូវ​នៃ​ការប្រែចិត្ត​ដ៏​ពិត ដែល​នឹង​នាំ​ឲ្យ​ទទួល​បាន​នូវ​អព្ភូតហេតុ​នៃ​ការអភ័យ​ទោស ។ ដំណើរការ​នេះ​អនុញ្ញាត​ឲ្យ​យើង​មាន​សេចក្តីស្រឡាញ់ និង សេចក្តី​អាណិតអាសូរ​កាន់តែ​ខ្លាំង​ដល់​មនុស្ស​នៅ​ជុំ​វិញ​យើង ។ យើង​នឹង​រៀន​មើល​មនុស្ស​លើស​ពី​សំបកខ្លួន​ខាង​ក្រៅ​របស់​ពួកគេ ។ យើង​នឹង​ចៀសផុត​ពី​ការល្បួង​ឲ្យ​ចោទប្រកាន់ ឬ វិនិច្ឆ័យ​មនុស្ស​ដទៃ​ដោយសារតែ​អំពើ​បាប ភាព​មិន​ល្អ​ឥតខ្ចោះ កំហុស គោលគំនិត​ខាង​នយោបាយ ការប្រែចិត្តជឿ​ខាង​សាសនា សញ្ជាតិ ឬ ពណ៌​សម្បុរ​របស់​ពួកគេ ។

យើង​នឹង​ចាត់ទុក​មនុស្ស​គ្រប់​គ្នា​ដែល​យើង​ជួប​ថា​ជា​បុត្រ​របស់​ព្រះវរបិតាសួគ៌—ជា​បងប្អូន​ប្រុសស្រី​របស់​យើង ។

យើង​នឹង​ឈោង​ទៅ​ជួយ​មនុស្ស​ដទៃ​ដោយ​ការយល់​ចិត្ត និង សេចក្តីស្រឡាញ់—ទោះបី​មនុស្ស​ខ្លះ​អាច​មិន​ងាយ​ស្រឡាញ់​ក្តី ។ យើង​នឹង​ទួញយំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ ហើយ​កម្សាន្ត​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​ការកម្សាន្ត​ទុក្ខ ។

ហើយ​យើង​នឹង​ដឹង​ថា យើង​ពុំ​ចាំបាច់​បារម្ភ​អំពី​ទីដៅ​ត្រឹមត្រូវ​របស់​ដំណឹង​ល្អ​ឡើយ ។

បទ​បញ្ញត្តិ​ធំ​ពីរ​នោះ​ហើយ​ដែល​ជា​ទីដៅ ។ បណ្តា​ក្រឹត្យវិន័យ និង អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សម្រេច​នៅ​បទ​បញ្ញត្តិទាំង​ពីរ​ប្រការ​នេះ​ឯង ។ នៅពេល​យើង​ទទួល​យក​បទបញ្ញត្តិ​ទាំង​នេះ នោះ​រឿង​ល្អៗ​ផ្សេង​ទៀត​នឹង​ត្រូវបាន​យល់​ទៅតាម​ភាពសំខាន់​របស់​វា ។

ប្រសិនបើ​យើង​ផ្តោត​ចិត្ត គំនិត និង កិច្ចការ​សំខាន់​របស់​យើង​លើ​ការបង្កើន​សេចក្តីស្រឡាញ់​ចំពោះ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ហើយ​ចែកចាយ​ក្តីស្រឡាញ់​របស់​យើង​ចំពោះ​មនុស្ស​ដទៃ នោះ​យើង​អាច​ដឹង​ថា យើង​រក​ឃើញ​ទីដៅ​ត្រឹមត្រូវ ហើយ​កំពុង​តម្រង់​ចំ​ចំណុច​កណ្តាល​នៃ​ផ្ទាំងស៊ីប—គឺ​ការប្រែក្លាយ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ។