២០១៧
ការគោរព​ស្ត្រី—ដោយ​មិន​គិត​ពី​អាយុ​ឡើយ
January 2017


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ការគោរព​ស្ត្រី—ដោយ​មិន​គិត​ពី​អាយុ​ឡើយ

រូបភាព
People on bus

រចនា​រូបភាព​ដោយ យ៉ូស្វេ ដេននីស

ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​បង្រៀន​ថ្នាក់​បព្វជិតភាព​អើរ៉ុន​នៅក្នុង​សាខា​របស់​ខ្ញុំ ហើយ​នៅ​ថ្ងៃ​អាទិត្យ​មួយ​ខ្ញុំ​ត្រូវ​បង្រៀន​ប្រធានបទ​អំពី​ការគោរព​ដល់​ស្ត្រី​ភេទ ។ អំឡុង​ពេល​បង្រៀន​យើង​បាន​ពិភាក្សា​ថា ការគោរព​នោះ​គប្បី​បង្ហាញ​ចំពោះ​ស្ត្រី​គ្រប់​រូប តាំង​ពី​កូនក្មេង​រហូត​ដល់​មនុស្ស​ពេញវ័យ ដូចដែល​បាន​ចែង​នៅក្នុង​សៀវភៅ​សិក្សា​បព្វជិតភាព​អើរ៉ុន ។

ហ្គាព្រីយ៉ែល ( ឈ្មោះ​ត្រូវ​បាន​ប្តូរ ) ជា​យុវជន​ម្នាក់​នៅក្នុង​ថ្នាក់ បាន​និយាយ​ថា ចំពោះ​រូបគាត់ ស្ត្រី​គឺ​ជា​មនុស្ស​ស្រី​ដែល​មាន​អាយុ​ចាស់​ល្មម ដែល​ស្មើ​នឹង​ម្តាយ​របស់​គាត់ ហើយ​មនុស្ស​ស្រី​ដែល​ក្មេង​ជាង​នោះ គប្បី​គោរព​ដល់​គាត់​ដោយសារ​គាត់​គឺ​ជា​បុរស ។ គ្មាន​នរណា​ម្នាក់​នៅក្នុង​ថ្នាក់​នោះ​យល់​ស្រប​ជាមួយ​គាត់​ឡើយ ដែល​ធ្វើ​ឲ្យ​គាត់​នឹក​ស្មាន​មិន​ដល់ ។

យើង​បាន​បន្ត​ពិភាក្សា​អំពី​របៀប​នានា ដើម្បី​បង្ហាញ​ការគោរព​ដល់​ស្ត្រី​ភេទ ហើយ​ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា កិច្ចការ​មួយ​ដែល​ខ្ញុំ​ធ្វើ​នោះ​គឺ ខ្ញុំ​សុខចិត្ត​ឲ្យ​កៅអី​របស់​ខ្ញុំ​នៅ​លើ​ឡាន​ដឹក​អ្នក​ដំណើរ​សាធារណៈ នៅពេល​មាន​ស្ត្រី​ឡើង​ជិះ​លើ​ឡាន​នោះ ទោះបី​ជា​ខ្ញុំ​ត្រូវ​ឈរ​រហូត​ដល់​ទៅ ៣០-៤០​នាទី ពីមុន​ដល់​គោលដៅ​ដែល​ខ្ញុំ​ត្រូវ​ចុះ​ក្តី ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា បុរសៗ​គួរតែ​ឈរ ហើយ​ឲ្យ​ស្ត្រី​អង្គុយ​វិញ ។ ហ្គាព្រីយ៉ែល​នៅតែ​គ្មាន​អារម្មណ៍​ពេញចិត្ត​នឹង​មេរៀន​នោះ ។

ពីរថ្ងៃ​ក្រោយ​មក ខ្ញុំ​បាន​ជិះ​ឡាន​ក្រុង ហើយ​អង្គុយ​នៅ​កៅអី​មុខ ។ គ្មាន​កៅអី​ទំនេរ​ឡើយ ពេល​បុរស​ម្នាក់ និង កូនស្រី​របស់​គាត់​បាន​ឡើង​ជិះ​ឡាន​នោះ ហើយ​បាន​ដើរ​ទៅ​ជួរ​ក្រោយ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក មាន​ស្ត្រី​ចំណាស់​ម្នាក់​បាន​ឡើង​ឡាន​ក្រុង​នោះ ហើយ​ខ្ញុំ​បាន​ក្រោក​ឈរ​ឡើង ហើយ​ឲ្យ​កៅអី​ទៅ​គាត់​អង្គុយ ។

បុរស​ម្នាក់​នៅ​អង្គុយ​ពី​ក្រោយ​ខ្ញុំ​បាន​គោះ​ស្មា​ខ្ញុំ ដោយ​ចង្អុល​ទៅ​ខាង​ក្រោយ​នោះ ហើយ​បាន​ប្រាប់​ខ្ញុំ​ថា មាន​យុវជន​ម្នាក់​បាន​សូម​ឲ្យ​គាត់​ឃ្លាំ​មើល​ពី​សកម្មភាព​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ដើរ​ទៅ​ខាង​ក្រោយ ដើម្បី​មើល​ថា​តើ​យុវជន​នោះ​ជា​នរណា ។ អ្នក​នៅ​ក្បែរ​នោះ​បាន​ញញឹម ដោយសារ​យុវជន​នោះ​បាន​ឲ្យ​កៅអី​របស់​ខ្លួន​ទៅ​បុរស​ដែល​មាន​កូនស្រី​អាយុ​បួន​ឆ្នាំ​នោះ​អង្គុយ ដែល​ពួកគេ​ទើប​តែ​បាន​ឡើង​ជិះ​ឡាន​មុន​នោះ​បន្តិច ។ យុវជន​នោះ​គឺ​ជា ហ្គាព្រីយ៉ែល ដែល​ជា​យុវជន​នៅក្នុង​ថ្នាក់​បព្វជិតភាព​របស់​ខ្ញុំ ដែល​មិន​សូវ​ពេញចិត្ត​នឹង​ប្រធានបទ​អំពី​ការគោរព​ដល់​ស្ត្រី​ភេទ​នោះ ។

គាត់​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា « ខ្ញុំ​បាន​អង្គុយ​មើល ថា​តើ​អ្នក​នឹង​ក្រោកឈរ​ឲ្យ​ស្ត្រី​ដែល​ឡើង​ជិះ​ឡាន​នោះ​អង្គុយ​ដែរ​ឬ​ទេ ។ ខ្ញុំ​រំជួលចិត្ត​យ៉ាង​ខ្លាំង នៅពេល​ខ្ញុំ​ឃើញ​ថា​អ្នក​បាន​ធ្វើ​ដូច្នោះ​មែន ហើយ​ខ្ញុំ​ចាំ​ពី​មេរៀន​របស់​យើង​កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​ខ្ញុំ​បាន​ក្រោក​ឈរ​ឡើង​ទុក​កៅអី​ឲ្យ​ក្មេង​ស្រី​តូច និង ឪពុក​របស់​នាង​អង្គុយ​វិញ » ។

ខ្ញុំ​រីករាយ​យ៉ាង​ខ្លាំង ដោយ​ខ្ញុំ​បាន​ឃើញ​ថា​យុវជន​របស់​យើង រស់នៅ​តាម​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​សាសនាចក្រ ។ គាត់​ធ្លាប់​គិត​ថា ការគោរព​នោះ​គឺ​សម្រាប់​តែ​ស្ត្រី​វ័យ​ចំណាស់​ប៉ុណ្ណោះ ប៉ុន្តែ​បន្ទាប់​ពី​យើង​បាន​រៀន​មេរៀន​នៅ​ថ្ងៃ​អាទិត្យ​នោះ​មក គាត់​បាន​ជ្រើស​យក​ការបង្ហាញ​ការគោរព​ដល់​ក្មេង​ស្រី​អាយុ​បួន​ឆ្នាំ ។

ខ្ញុំ​ក៏​រីករាយ​ផងដែរ ដែល​ខ្ញុំ​បាន​ជ្រើស ដើម្បី​រស់នៅ​តាម​អ្វី​ដែល​ខ្ញុំ​បង្រៀន ដោយ​ជួយ​គាត់​ឲ្យ​រៀន​បង្ហាញ​ការគោរព​ដល់​ស្ត្រី​គ្រប់​វ័យ​ទាំង​អស់ ។ ខ្ញុំ​បាន​ឆ្ងល់​ថា តើ​គាត់​មាន​អារម្មណ៍​បែប​ណា ប្រសិនបើខ្ញុំ​ពុំ​បាន​ក្រោក​ឈរ​ឡើង ហើយ​ឲ្យ​កៅអី​ទៅ​ស្ត្រី​នៅ​ក្នុង​ឡាន​នោះ​អង្គុយ ។ ខគម្ពីរ​មួយ​បាន​ផុស​ឡើង​ក្នុង​ចិត្ត​ខ្ញុំ ៖ « បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្តី​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​មាន​ពរ​ហើយ » (យ៉ូហាន ១៣:១៧) ។