២០១៧
ហ្គរដុន ប៊ី ហ៊ិងគ្លី ៖ ព្យាការី​ដែល​មាន​សុទិដ្ឋិនិយម និង ទស្សនវិស័យ
January 2017


ហ្គរដុន ប៊ី ហ៊ិងគ្លី ៖ព្យាការី​ដែល​មាន​សុទិដ្ឋិនិយម និង ទស្សនវិស័យ

នៅពេល​អ្នក​សិក្សា​សៀវភៅ Teachings of Presidents of the Church: Gordon B. Hinckley នៅក្នុង​ថ្នាក់​បព្វជិតភាព និង សមាគមសង្គ្រោះ​ឆ្នាំ​នេះ អ្នក​នឹង​រៀន​អំពី​ព្យាការី​ដែល​មាន​សុទិដ្ឋិនិយម សេចក្តីស្រឡាញ់ និង ការដឹង​ជាមុន​ដែល​គ្មាន​ដែន​កំណត់ ។

រូបភាព
President Gordon B. Hinckley with cane

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​កត់ត្រា​នៅក្នុង​សៀវភៅ​ទិនានុប្បវត្តិ​របស់​លោក​កាល​លោក​អាយុ ៨២ ឆ្នាំ​ថា « ខ្ញុំ​ត្រូវ​ដាំ​ដើម​ឈើ​មួយ​ចំនួន​នៅរាល់​រដូវ​ផ្ការីក ។ ខ្ញុំ​គិត​ថា យ៉ាង​ហោច​ណាស់​ខ្ញុំ​បាន​ធ្វើ​បែប​នេះ​អស់ ៥០ ឆ្នាំ​មក​ហើយ ។ … ដើម​ឈើ​មាន​ភាពអស្ចារ្យ​ណាស់ ។ វា​ចាប់ផ្តើម​ពី​តូច ហើយ​ដុះ​ឡើង​តាម​រដូវ​កាល ។ វា​ផ្តល់​ម្លប់​ដែល​ជា​ទីជម្រក​ជ្រក​ពី​កម្តៅ​ព្រះអាទិត្យ ។ វា​ផ្តល់​ផ្លែ​ដែល​មាន​ឱ​ជា​រស​ឆ្ងាញ់ ។ វា​មាន​ដំណើរ​រស្មី​សំយោគ​ដ៏​អស្ចារ្យ ។ … ដើម​ឈើ​គឺ​ជា​ការបង្កបង្កើត​ដ៏​អស្ចារ្យ​មួយ​របស់​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ » ។

ប្រធាន ហ៊ិងគ្លី បាន​បន្ដ​ដាំ​ដើម​ឈើ​រហូត​ដល់​លោក​មាន​អាយុ ៩០ ឆ្នាំ ។ សេចក្តីស្រឡាញ់​ក្នុង​ការដាំដើម​ឈើ​របស់​លោក​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការបម្រើ​របស់​លោក ក្នុង​នាម​ជា​សាវក និង ជា​ប្រធាន​នៃ​សាសនាចក្រ​តាម​របៀប​ជាច្រើន ។ នៅពេល​លោក​បាន​ដាំ​ដើមឈើ វា​គឺ​ជា​ការបង្ហាញ​ពី​សុទិដ្ឋិនិយម ជា​បុគ្គលិក​លក្ខណៈ​មួយ ដែល​ផ្សារភ្ជាប់​នឹង​ការបង្រៀន​របស់​លោក និង ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដទៃ​ផងដែរ ។ លោក​បាន​ថែទាំ​ដើម​ឈើ​នីមួយៗ ដូច​ជា​លោក​បាន​មើល​ថែទាំ​មនុស្ស​ម្នាក់ៗ​ដែរ ។ ហើយ​លោក​បាន​សម្លឹង​ឆ្ពោះ​មើល​ទៅ​ពេល​អនាគត ដោយ​មើល​ឃើញ​ថា​តើ​ដើម​ឈើ​នោះ​នឹង​ក្លាយ​ជា​ដើម​ឈើ​បែប​ណា—គឺ​ដូច​ជា​លោក​បាន​ឃើញ​សក្តានុពល​អស់កល្ប​ជានិច្ច​របស់​បុគ្គល​ម្នាក់ៗ និង កិច្ចការ​នា​ពេល​អនាគត​ដ៏​ធំ​មហាសាល​របស់​ព្រះ​ផងដែរ ។

« យើង​មាន​ហេតុផល​ជាច្រើន​ដើម្បី​មាន​ភាពសុទិដ្ឋិនិយម »

រូបភាព
President Gordon B. Hinckley at the pulpit

« ខ្ញុំ​ជា​មនុស្ស​សុទិដ្ឋិនិយម ! » ប្រធាន ហ៊ិងគ្លី តែងតែ​បាន​ថ្លែង​បែប​នេះ ។ « ខ្ញុំ​សូម​អង្វរ​ឲ្យ​យើង​ឈប់​ស្វែងរក​ភាពងងឹត ហើយ​រីករាយ​ទាំងស្រុង​នឹង​ពន្លឺ​វិញ » ។ សុទិដ្ឋិនិយម​របស់​លោក​មាន​ច្រើន​ជាង​ទស្សនៈវិជ្ជមាន​របស់​លោក ដោយសារ​លោក​បាន​បណ្តុះ​ឲ្យ​មាន​គំនិត​នោះ ។ ប្រភព​ដ៏​សំខាន់​បំផុត​នៃ​សុទិដ្ឋិនិយម​របស់​លោក—ជា​ប្រភព​ដែល​ធ្វើ​ឲ្យ​សុទិដ្ឋិនិយម​នោះ​មាន​អំណាច—គឺ​ជា​សេចក្តីជំនឿ​របស់​លោក​លើ​ព្រះ និង ទីបន្ទាល់​របស់​លោក​អំពី​ផែនការ​នៃ​ព្រះ​សម្រាប់​សុភមង្គល និង សេចក្តីសង្គ្រោះ​របស់​កូនចៅ​ទ្រង់ ។

ភស្តុតាង​មួយ​នៃ​សុទិដ្ឋិនិយម​របស់​ប្រធាន ហ៊ិងគ្លី​គឺ​ជា​សេចក្តីជំនឿ​ដ៏​រឹងមាំ​របស់​លោក​ដែល​ថា « អ្វីៗ​នឹង​ដំណើរការ​ល្អ » ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា ឃ្លា​នោះ « ប្រហែល​ជា​ការអះអាង​ច្រើន​បំផុត​របស់​ប្រធាន ហ៊ិងគ្លី ចំពោះ​ក្រុមគ្រួសារ មិត្តភក្ដិ និង អ្នក​ធ្វើការ​ជាមួយ​លោក ។ លោក​មាន​ប្រសាសន៍​ថា ‹ ចូរ​បន្ត​ព្យាយាម › ។ ចូរ​ជឿ​ចុះ ។ ‹ ចូរ​រីករាយ​ឡើង ។ ចូរ​កុំ​បាក់​ទឹក​ចិត្ត ។ អ្វីៗ​នឹង​ដំណើរការ​ល្អ › » ។

ប៉ុន្តែ​សារលិខិត​នេះ​ពុំ​មែន​សម្រាប់​តែ​មនុស្ស​ដទៃ​នោះ​ឡើយ ។ ប្រធាន ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​ប្រាប់​ដល់​ក្រុម​ជំនុំ​មួយ​ថា « ខ្ញុំ​និយាយ​ពាក្យ​ទាំង​នោះ​ប្រាប់​ខ្លួន​ខ្ញុំ​រៀងរាល់​ព្រឹក ។ ប្រសិនបើ អ្នក​ធ្វើ​អស់​ពី​សមត្ថភាព នោះ​អ្វី​គ្រប់​យ៉ាង​នឹង​ដំណើរការ​ទៅ​បាន​យ៉ាង​ល្អ ។ សូម​ទុក​ចិត្ត​លើ​ព្រះ ហើយ​បន្ត​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្តី​ជំនឿ និង ទំនុកចិត្ត​ក្នុង​ពេល​អនាគត ។ ព្រះអម្ចាស់​នឹង​មិន​បោះបង់​យើង​ចោល​ឡើយ » ។

សុទិដ្ឋិនិយម​របស់​ប្រធាន ហ៊ិងគ្លី បាន​គាំទ្រ​លោក​ឲ្យ​ហែល​ឆ្លង​កាត់​ការសាកល្បង អារម្មណ៍​នៃ​ភាពបរាជ័យ និង អារម្មណ៍​នៃ​សម្ពាធ​ដ៏​ស្មុគស្មាញ ។ ហើយ​លោក​បាន​ក្រោក​ឈរ​ឡើង ដោយ​ជំនឿ​ស៊ប់​របស់​លោក​ថា « អ្វីៗ​នឹង​ដំណើរការ​ល្អ » ទោះបី​ជា​នៅពេល​ដែល​លោក​ជួប​ឧបសគ្គ និង ការខកចិត្ត ការខូចចិត្ត និង ភាពឯកោ​យ៉ាង​ណា​ក្តី ។

នៅក្នុង​សុទិដ្ឋិនិយម​របស់​លោក ប្រធាន ហ៊ិងគ្លី​ពុំ​បាន​កាត់បន្ថយ​បញ្ហា​ឡើយ ។ លោក​បាន​ពន្យល់​ថា « ខ្ញុំ​បាន​ឃើញ​ពី​ភាពដ៏​ធំធេង​នៃ​ផែនដី​នេះ ។ … ខ្ញុំ​ធ្លាប់​រស់នៅ​ក្នុង​តំបន់​ដែល​មាន​សង្គ្រាម ហើយ​ភាពស្អប់ខ្ពើម​បាន​ឆេះ​ងំ​នៅក្នុង​ដួងចិត្ត​មនុស្ស​ទាំង​នោះ ។ ខ្ញុំ​អាច​ឃើញ​ពី​ភាពក្រ​តោកយ៉ាក​ដែល​កើត​មាន​ឡើង​នៅក្នុង​ប្រទេស​ជាច្រើន ។ … ខ្ញុំ​បាន​មើល​ឃើញ​ពី​ក្តីបារម្ភ​នៃ​ការមិន​គោរព​សីលធម៌​សង្គម​របស់​យើង ។

« ប៉ុន្តែ​ខ្ញុំ​ជា​មនុស្ស​មាន​សុទិដ្ឋិនិយម ។ ខ្ញុំ​មាន​សេចក្តីជំនឿ​មួយ​ដ៏​សាមញ្ញ និង មុតមាំ​ថា ភាព​ត្រឹមត្រូវ​នឹង​មាន​ជ័យជម្នះ ហើយ​ថា​សេចក្តីពិត​នឹង​មាន​ភាពជោគជ័យ » ។

អំឡុងពេល​សម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន​កាសែត New York Times នៅក្នុង​ទីក្រុង ណៅវូ រដ្ឋ អិលលីណោយ ស.រ.អា. ប្រធាន ហ៊ិងគ្លី បាន​ទទួលស្គាល់​ការរីករាល​ដាល​នៃ​សោកនាដកម្ម និង បញ្ហា​នានា ហើយ​ក្រោយ​មក​លោក​បាន​ប្រើ​សេចក្តីស្រឡាញ់​របស់​លោក​ចំពោះ​ប្រវត្តិ​សាសនាចក្រ បង្រៀន​អំពី​សុទិដ្ឋិនិយម ៖

« យើង​មាន​ហេតុផល​ជាច្រើន​ដើម្បី​មាន​ភាពសុទិដ្ឋិនិយម » ។ … ចូរ​មើល​ទៅ​ទីក្រុង ណៅវូ ។ ចូរ​មើល​ទៅ​អ្វី​ដែល​ពួកគេ​បាន​សាងសង់​នៅ​ទីនេះ ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ ហើយ​ក្រោយ​មក​បាន​ចាកចេញ​ទៅ​បាត់ ។ ប៉ុន្តែ​តើ​ពួកគេ​បាន​ធ្វើ​អ្វី​ខ្លះ ? តើ​ពួកគេ​ទម្រេត​ខ្លួន ហើយ​ដេក​ស្លាប់​ឬ ? ទេ ! ពួកគេ​បាន​ចេញ​ទៅ​ធ្វើការ ។ ពួកគេ​បាន​ប្តូរ​ទី​លំនៅ​ឆ្លង​កាត់​ទ្វីប​នេះ​បាន​ពាក់​កណ្តាល​ផ្លូវ និង បាន​ប្រែក្លាយ​ដី​វាល​ខ្សាច់​នេះ ហើយ​ធ្វើ​វា​ឲ្យ​រីក​ស្រស់បំព្រង​ឡើង​ដូច​ជា​ផ្កា​កុលាប ។ ផ្អែក​លើ​មូលដ្ឋាន​នោះ សាសនាចក្រ​នេះ​បាន​រីកចម្រើន​ឡើង​ក្លាយ​ជា​អង្គការ​មួយ​ដ៏​ធំ​ទូទាំង​ពិភពលោក ដែល​ជះ​ឥទ្ធិពល​ល្អ​ដល់​មនុស្ស​ជាង ១៤០ ប្រទេស ។ ទុទិដ្ឋិនិយម ឬ ភាពសង្ស័យ​ពុំ​អាច​ហើយ​ពុំ​ធ្វើ​ឲ្យ​អ្នក​ស្ថាបនា​អ្វី​បាន​ឡើយ ។ អ្នក​ត្រូវ​មើល​ទៅមុខ​ដោយ​សុទិដ្ឋិនិយម ធ្វើការ​ដោយ​សេចក្តីជំនឿ ហើយ​លទ្ធផល​នឹង​កើត​មាន​ឡើង » ។

សុទិដ្ឋិនិយម​របស់​ប្រធាន ហ៊ិងគ្លី ក៏​ជះ​ឥទ្ធិពល​ដល់​ស្មារតី​នៃ​ចិត្តគំនិត​របស់​លោក​ផងដែរ—នោះ​គឺ​ភាពរីករាយ ភាពកំប្លុកកំប្លែង ដែល​បង្កើត​ភាព​ស្និទ្ធស្នាល​ជាមួយ​មនុស្ស​ដទៃ ។ មាន​គ្រា​មួយ​លោក​បាន​ស្នាក់​នៅ​ជាមួយ​ប្រធាន​ស្តេក គ្រួសារ​នោះ​រស់នៅ​ក្នុង​សាលា​រៀន​មួយ ដែល​ពួកគេ​បាន​កែច្នៃ​វា​ឲ្យ​ទៅ​ជា​ផ្ទះ ។ នា​យប់​នោះ​ប្រធាន ហ៊ិងគ្លី​យក​ថ្នាក់​រៀន​ធ្វើ​ជា​បន្ទប់​ដេក ។ នៅអំឡុង​ពេល​ប្រជុំ​សន្និសីទ​ស្តេក​នា​ថ្ងៃ​បន្ទាប់ លោក​បាន​មាន​ប្រសាសន៍​បែប​កំប្លែង​ថា « កាល​ពី​មុន​ខ្ញុំ​ធ្លាប់​ដេក​នៅ​ក្នុង​ថ្នាក់​ពេល​កំពុង​រៀន​ជា​ច្រើន​ដង—ពុំមែន​ដេក​លើ​គ្រែ​ឡើយ » ។

« កង្វល់​របស់​យើង​ត្រូវតែ​គិត​លើ​បុគ្គល​ម្នាក់ៗ​ជានិច្ច »

នៅក្នុង​សុន្ទរកថា​សន្និសីទ​ទូទៅ​លើក​ដំបូង​របស់​លោក​ក្នុង​នាម​ជា​ប្រធាន​សាសនាចក្រ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​យ៉ាង​ច្រើន​អំពី​ការរីកចម្រើន​របស់​សាសនាចក្រ ។ លោក​បាន​មាន​ប្រសាសន៍​ថា « យើង​កំពុង​ក្លាយ​ជា​សង្គម​មួយ​ដ៏​ធំ​នៅ​ទូទាំង​ពិភពលោក » ។ បន្ទាប់​មក​លោក​បែរ​ទៅ​គូសបញ្ជាក់​អំពី​គោលការណ៍​ដ៏​សំខាន់​នេះ ៖ « ចំណាប់​អារម្មណ៍ និង កង្វល់​របស់​យើង​ត្រូវ​គិត​លើ​បុគ្គល​ម្នាក់ៗ​ជានិច្ច ។ …« 

… យើង​និយាយ​អំពី​ចំនួន​មនុស្ស ប៉ុន្តែ​កិច្ចខិតខំ​របស់​យើង​ត្រូវតែ​បូជា​ចំពោះ​ការរីកចម្រើន​របស់​បុគ្គល​ម្នាក់ៗ » ។

អំឡុងពេល​បម្រើ​ជា​សមាជិក​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ប្រធាន ហ៊ិងគ្លី​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ឆ្ងាយ​បំផុត​នៃ​ពិភពលោក រួមទាំង​តំបន់​មាន​សង្គ្រាម ដើម្បី​បម្រើ​បុគ្គល​ម្នាក់ៗ ។ គ្មាន​ក្រុម​មនុស្ស​ណា​ដែល​នៅ​ឆ្ងាយ​ពេក ឬ តូចតាច​ពេក​ដែល​ធ្វើ​ឲ្យ​លោក​មិន​ខ្វល់ខ្វាយ​នោះ​ឡើយ ។ លោក​បាន​បន្ត​លំនាំ​នេះ​នៅពេល​លោក​ធ្វើ​ជា​ប្រធាន​សាសនាចក្រ ដោយ​ធ្វើ​ដំណើរ​ជាង​រាប់រយ​លាន​គីឡូម៉ែត្រ ទៅកាន់​ប្រទេស​ជាង ៦០ ជួនកាល​ជួប​មនុស្ស​ទាំង​ក្រុមៗ ជួនកាល​ជួប​មនុស្ស​តែ​ពីរបី​នាក់​ប៉ុណ្ណោះ ។

រូបភាព
President and Sister Hinckley in Hong Kong

ផ្ទៃ​ខាង​ក្រោយ © iStock/Thinkstock ខាង​ឆ្វេង ៖ ថតរូប​ដោយ ប៊ូសាត រូបថត ខាង​ស្តាំ ៖ ថតរូប​នៅ​ប្រទេស ចិន ដោយ ហ្គើរី អាវ៉ាន់ Deseret News ខាង​ស្តាំ​ខាង​ក្រោម ៖ រូបថត​ទទួល​បាន​សិទ្ធិ​អនុញ្ញាតជា​ផ្លូវការ​ពី​បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ និង បណ្ណាសារ

ក្នុង​ឆ្នាំ ១៩៩៦ ប្រធាន និង ស៊ីស្ទើរ ហ៊ិងគ្លី​បាន​ធ្វើ​ដំណើរ​រយៈពេល ១៨ ថ្ងៃ ទៅ​កាន់​ប្រទេស​ប្រាំបី​នៅក្នុង​តំបន់​អាស៊ី និង ប៉ាស៊ីហ្វិក ។ ដោយ​ចាប់ផ្តើម​ពី​ប្រទេស​ជប៉ុន ហើយ​បន្ត​ទៅ​មុខ​យ៉ាង​ស្វាហាប់ ពួកលោក​បាន​ជួប​មនុស្ស​រាប់ពាន់​នាក់​ដែល​មក​ពេញ​បន្ទប់ ។ ប្រធាន ហ៊ិងគ្លី បាន​កត់ត្រា​អំឡុង​ពេល​នៅ​ប្រទេស​កូរ៉េ​ថា « នេះ​ជា​បទពិសោធន៍​ដ៏​រំជួលចិត្ត​អ្វី​ម៉្លេះ​សម្រាប់​ខ្ញុំ ។ « ខ្ញុំ​បាន​ឃើញ​អ្វីៗ​ជាច្រើន​ដែល​ខ្ញុំ​មិន​ហ៊ាន​គិត​ដល់ កាល​ខ្ញុំ​មក​ប្រទេស​នេះ​ដំបូង​ក្នុង​ឆ្នាំ ១៩៦០ » ។១០ នៅក្នុង​ការធ្វើ​ដំណើរ​នោះ​លោក​ក៏​បាន​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ហុងកុង​ផងដែរ ។

កាលវិភាគ​ការធ្វើ​ដំណើរ​ចុងបញ្ចប់​គឺ​នៅ​ប្រទេស​ហ្វីលីពីន ។ បន្ទាប់​ពី​និយាយ​ទៅកាន់​មនុស្ស ៣៥០០០ នាក់​នៅក្នុង​ទីក្រុង ម៉ានីល មក​ប្រធាន ហ៊ិងគ្លី បាន​កត់ត្រា​ថា « ខ្ញុំ​បាន​ឈរ ហើយ​គ្រវី​ដៃ​ដាក់​ពួកគេ​ដោយ​អារម្មណ៍​ក្តុកក្តួល​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ។ យើង​បាន​ចាកចេញ​មក​ទាំង​ទឹក​ភ្នែក » ។ នៅ​ព្រឹក​ព្រលឹម​នា​ថ្ងៃ​នោះ លោក​បាន​ត្រឡប់​ទៅ​កន្លែង​មួយ​ដែល​លោក​បាន​ធ្វើ​ការអធិស្ឋាន​ឧទ្ទិស​ឆ្លង​កាល​ពី​ឆ្នាំ ១៩៦១ ដើម្បី​ចាប់ផ្តើម​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​ប្រទេស​ហ្វីលីពីន ។ លោក​បាន​នៅ​ចាំ​ថា « យើង​អាច​រកបាន​សមាជិក​ជនជាតិ​ហ្វីលីពីន​បាន​តែ​ម្នាក់​គត់ ។ ចាប់​ពី​សមាជិក​ម្នាក់​រហូតដល់ សាសនាចក្រ​បាន​កើន​សមាជិក​ជាង ៣០០,០០០ នាក់ » ។១១

នៅពេល​ប្រធាន និង ស៊ីស្ទើរ ហ៊ីងគ្លី​ចាប់ផ្តើម​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​សហរដ្ឋ​វិញ ពួកលោក​បាន​ដឹង​ថា យន្តហោះ​ត្រូវ​ចាក់សាំង​នៅលើ​កោះ​សាយផាន ។ ប្រធាន ហ៊ិងគ្លី​បាន​សួរ ថា​តើ​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​ចំនួន​នៅ​លើ​កោះ​សាយផាន​នោះ​ឬ​ទេ ហើយ​គេ​បាន​ប្រាប់​លោក​ថា​មាន​តិចតួច ។ ទោះបីជា​នៅគ្រា​ចុងក្រោយ​នៃ​ការធ្វើ​ដំណើរ​ដ៏​នឿយហត់​ក្តី លោក​ចង់​ជួប​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​នោះ ៖ « បើ​អាច ខ្ញុំ​សូម​ឲ្យ​យើង​អាច​នាំ​ពាក្យ​ទៅ​ប្រាប់​ពួកគេ​ថា យើង​ចង់​ចុះ​នៅ​កោះ​សាយផាន ម៉ោង ៧ យប់ ហើយ​ចង់​ទៅ​ខាង​ក្រៅ​ព្រលាន​យន្តហោះ​ដើម្បី​ស្វាគមន៍​ពួកគេ » ។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក​នៅ​សាយផាន មាន​អ្នកផ្សព្វផ្សាយសាសនា ១០ នាក់ និង សមាជិក​សាសនាចក្រ​ប្រហែល​ជា ៦០ នាក់​បាន​នៅ​ទីនោះ ដើម្បី​ស្វាគមន៍​ដល់​ប្រធាន និង ស៊ីស្ទើរ ហ៊ីងគ្លី ។ ប្រធាន ហ៊ិងគ្លី បាន​កត់ត្រា​ថា « ពួកគេ​បាន​ឱប​ពួកយើង ។ ពួកគេ​មាន​អំណរគុណ​ដែល​បាន​ជួប​ពួកយើង ហើយ​ពួកយើង​មាន​អំណរគុណ​ដែល​បាន​ជួប​ពួកគេ ។ យើង​បាន​ចំណាយ​ពេល​នៅជាមួយ​ពួកគេ​បាន​តែ​បន្តិច​ប៉ុណ្ណោះ ខណៈ​ដែល​យន្តហោះ​គ្រាន់តែ​ឈប់​ចាក់សាំង ។ យើង​បាន​បន្សល់ទុក​ពរជ័យ​របស់​យើង​ជាមួយ​ពួកគេ ហើយ​បាន​ត្រឡប់​ទៅ​យន្តហោះ​វិញ » ។១២

ឧទាហរណ៍​សាមញ្ញ​មួយ​ទៀត​អំពី​ការខ្វល់ខ្វាយ​របស់​ប្រធាន ហ៊ិងគ្លី​ចំពោះ​បុគ្គល​ម្នាក់ៗ​នោះ បាន​កើត​ឡើង​អំឡុង​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ ២០០២ ដែល​បាន​ប្រារព្ធ​ឡើង​នៅក្នុង​ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ។ លោក​បាន​ជួប​ជាមួយ​ប្រធានាធិបតី ឯកអគ្គរាជទូត និង ឥស្សរជន​ដទៃ​ផ្សេង​ទៀត​ជាច្រើន ស្ទើរតែ​រៀងរាល់​ថ្ងៃ ។ មួយ​ថ្ងៃ ពីមុន​ការប្រជុំ​ជាមួយ​ប្រធានាធិបតី​ប្រទេស​អាល្លឺម៉ង់​បន្តិច លោក​បាន​ជួប​ក្មេងស្រី​អាយុ ១៣ ឆ្នាំ នា​ថ្ងៃ​ខួបកំណើត​របស់​នាង ។ លោក​បាន​កត់ត្រា​ថា « [ នាង ] បាន​រង​ទុក្ខ​ដោយ​ជំងឺ​កង្វះ​ឈាម​ក្រហម​ដែល​បណ្តា​មក​ពី​បញ្ហា​ខួរ​ឆ្អឹង ជា​ជំងឺ​មួយ​ធ្ងន់ធ្ងរ​ណាស់ ។ យើង​មាន​ការសួរសុខទុក្ខ​មួយ​ដ៏​រីករាយ ។ … ខ្ញុំ​បាន​ប្រាប់​នាង​ថា យើង​នឹង​អធិស្ឋាន​សម្រាប់​នាង » ។១៣

ប្រធាន ហ៊ិងគ្លី​មាន​ក្តីស្រឡាញ់​ដ៏​អស្ចារ្យ​ចំពោះ​កុមារ និង យុវវ័យ​សាសនាចក្រ ហើយ​ពួកគេ​ទាំង​នោះ​ក៏​មាន​អារម្មណ៍​បែប​នោះ​ចំពោះ​លោក​ផងដែរ ។ បន្ទាប់​ពី​ស្តាប់​លោក​ថ្លែង​នៅក្នុង​ប្រទេស​ប្រេស៊ីល​មក យុវនារី​ម្នាក់​បាន​បង្ហាញ​អារម្មណ៍​នាង​ដូចនេះ ៖ « ខ្ញុំ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៃ​ព្រះ​យ៉ាង​ខ្លាំង ។ នៅពេល​ប្រធាន ហ៊ិងគ្លី​បញ្ចប់​សុន្ទរកថា​របស់​លោក ដែល​លោក​បាន​មាន​ប្រសាសន៍​មក​កាន់​ពួកយើង​ថា ‹ ប្អូនៗ​អាច​ចាកចេញ​ពី​នេះ ទៅផ្ទះ ហើយ​ភ្លេច​អ្វីៗ​ទាំងអស់ ដែល​ខ្ញុំ​បាន​និយាយ​នា​ថ្ងៃ​នេះ​បាន ប៉ុន្តែ​សូម​កុំ​ភ្លេច​ថា ខ្ញុំ​ស្រឡាញ់​ប្អូនៗ › ។ ខ្ញុំ​នឹង​មិន​ភ្លេច​ប្រសាសន៍​ទាំង​នោះ​ឡើយ » ។១៤

រូបភាព
President and Sister Hinckley

ផ្ទៃ​ខាង​ក្រោយ © iStock/Thinkstock ខាង​ឆ្វេង ៖ ថតរូប​ដោយ ប៊ូសាត រូបថត ខាង​ស្តាំ ៖ ថតរូប​នៅ​ប្រទេស ចិន ដោយ ហ្គើរី អាវ៉ាន់ Deseret News ខាង​ស្តាំ​ខាង​ក្រោម ៖ រូបថត​ទទួល​បាន​សិទ្ធិ​អនុញ្ញាតជា​ផ្លូវការ​ពី​បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ និង បណ្ណាសារ

ភរិយា​ប្រធាន ហ៊ិងគ្លី ម៉ារីជូរី គឺ​ជា​ដៃគូ និង ជា​អ្នក​មាន​ឥទ្ធិពល​ចំពោះ​ការខ្វល់ខ្វាយ​របស់​លោក​ដល់​បុគ្គល​ម្នាក់ៗ ។ លោក​បាន​កត់ត្រា​ដូចនេះ ៖ « មនុស្ស​គ្រប់​គ្នា​ដែល​គាត់​ស្គាល់ ហាក់ដូច​ជា​ស្រឡាញ់​គាត់ ដោយសារ​គាត់​មាន​ចំណាប់​អារម្មណ៍​ស្មោះត្រង់​លើ​មនុស្ស ។ គាត់​យក​ចិត្ត​ទុកដាក់​ជាមួយ​បញ្ហា និង សេចក្តីត្រូវការ​របស់​ពួកគេ ។ ខ្ញុំ​មាន​សំណាង​អ្វី​ម៉្លេះ ដែល​មាន​គាត់​ជា​ដៃគូ » ។១៥

បន្ទាប់​ពី​កូន​ទាំងប្រាំ​នាក់​របស់​ពួកលោក​បាន​ធំ​អស់​ហើយ ប្រធាន និង ស៊ិស្ទើរ ហ៊ិងគ្លី ធ្វើ​ដំណើរ​ទៅណា​មកណា​ជាមួយ​គ្នា​ជានិច្ច ហើយ​ស៊ីស្ទើរ ហ៊ិងគ្លី បាន​ផ្តល់​សេចក្តីស្រឡាញ់​ដល់​មនុស្ស​ជុំវិញ​ពិភពលោក ។ នៅពេល​ស៊ីស្ទើរ ហ៊ិងគ្លី​បាន​ជួប​អ្នក​ផ្សព្វផ្សាយ​សាសនា នោះ​គាត់​តែងតែ​ទូរសព្ទ​ទៅ​ឪពុកម្តាយ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​នោះ​នៅពេល​ស៊ីស្ទើរ ហ៊ិងគ្លី​ទៅ​ដល់​ផ្ទះ​វិញ​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ភ្ញាក់ផ្អើល ។ ស៊ីស្ទើរ ហ៊ិងគ្លី ក៏​ពូកែ​ខាង​ការទាក់ទង​ជាមួយ​ទស្សនិកជន​ជា​ក្រុម​ធំៗ​ផងដែរ ។ ប្រធាន ហ៊ិងគ្លី បាន​កត់ត្រា​បន្ទាប់​ពី​សន្និសីទ​ប្រចាំ​តំបន់​មួយ​ថា « [ ម៉ាជី ] ចេះ​និយាយ​អ្វី​ដែល​គាប់​ចិត្ត និង ជួយ​ដល់​មនុស្ស ។ « ពួកយើង​ទាំងអស់​គ្នា​បង្រៀន ប៉ុន្តែ​គាត់​បែរ​ជា​ពិភាក្សា​ជាមួយ​ពួកគេ​ដោយ​សាមញ្ញៗ​ទៅ​វិញ » ។១៦

នៅ​ពិធីបុណ្យ​សព​របស់​ប្រធាន ហ៊ិងគ្លី ប្រធាន ហិនរី ប៊ី អាវរិង ជា​ទីប្រឹក្សា​របស់​លោក បាន​សង្ខេប​ពី​ស្នាដៃ​មួយ​ចំនួន​របស់​ប្រធាន ហ៊ិងគ្លី ។ ក្រោយ​មក​លោក​បាន​សង្កេត​ឃើញ​ថា នៅក្នុង​គ្រប់​ស្នាដៃ​ទាំងអស់​មាន​អ្វី​មួយ​ដែល​ដូចគ្នា ៖

« ពួកលោក​ផ្តល់​ឱកាស​ដល់​បុគ្គល​ម្នាក់ៗ​ជានិច្ច ។ ហើយ​លោក​តែងតែ​គិតគូរ​ដល់​អស់​អ្នក​ដែល​មាន​ឱកាស​តិចតួច ជា​មនុស្ស​សាមញ្ញ​ដែល​ពុះពារ​ដោះស្រាយ​បញ្ហា​លំបាក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ និង ឧបសគ្គ​ក្នុងការរស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ លោក​បាន​យក​ដៃ​គោះ​ទ្រូង​ខ្ញុំ​ជា​ច្រើន​លើក​ច្រើន​គ្រា នៅពេល​ខ្ញុំ​ផ្តល់​យោបល់ ហើយ​លោក​មាន​ប្រសាសន៍​ថា ‹ ហល តើ​លោក​ចងចាំ​ពី​មនុស្ស​ដែល​កំពុង​ជួប​ការលំបាក​ឬ​ទេ ? › »១៧

រូបភាព
President Hinckley with youth

ទស្សនវិស័យ​សម្រាប់​ពេល​អនាគត

ភ្ជាប់​ជាមួយ​នឹង​សុទិដ្ឋិនិយម​របស់​ប្រធាន ហ៊ិងគ្លី និង ការផ្តោតចិត្ត​ទុកដាក់​របស់​លោក​ជាមួយ​បុគ្គល​ម្នាក់ៗ គឺ​ជា​ទស្សនវិស័យ​នៃ​ការព្យាករ​របស់​លោក​សម្រាប់​ពេល​អនាគត ។ គួរ​ឲ្យ​សរសើរ​បំផុត​នោះ​គឺ​ថា​ទស្សនវិស័យ​ទាក់ទង​នឹង​ព្រះវិហារ​បរិសុទ្ធ ។ ប្រធាន ហ៊ិងគ្លី បាន​គូសបញ្ជាក់​អំពី​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ថា​ជា « ពរជ័យ​អស្ចារ្យ​បំផុត ដែល​សាសនាចក្រ​ផ្តល់​ឲ្យ » ។១៨

កាល​លោក​ក្លាយ​ជា​ប្រធាន​សាសនាចក្រ​នៅក្នុង​ឆ្នាំ ១៩៩៥ មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន ៤៧ កំពុង​ដំណើរការ​នៅ​ទូទាំង​ពិភពលោក ។ ក្រោម​ការដឹកនាំ​របស់​លោក សាសនាចក្រ​បាន​បង្កើន​ចំនួន​ព្រះវិហារ​បរិសុទ្ធ​ទ្វេ​ដង​ក្នុង​រយៈពេល​ប្រាំឆ្នាំ​ដ៏​ខ្លី​ប៉ុណ្ណោះ ។ ទស្សនវិស័យ​របស់​លោក​ទាក់ទង​នឹង​ព្រះវិហារ​បរិសុទ្ធ​មាន​ភាព​រឹងប៉ឹង ហើយ ទូលំទូលាយ ប៉ុន្តែ​គោលបំណង​ទាំង​ស្រុង​នោះ​គឺ​ផ្តល់​ពរ​ដល់​បុគ្គល​គ្រប់​រូប​ម្តង​ម្នាក់ៗ ។

ការបំផុសគំនិត​សម្រាប់​យុគសម័យ​ថ្មី​នៃ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​នេះ​កើត​ឡើង​នៅក្នុង​ឆ្នាំ ១៩៩៧ នៅពេល​ប្រធាន ហ៊ិងគ្លី បាន​ទៅ​ទីក្រុង កូឡូនៀ វ៉រែស ម៉ិកស៊ិក ដើម្បី​ប្រារព្ធ​ខួប​ទី ១០០ ឆ្នាំ ដែល​សាសនាចក្រ​មាន​សាលា​រៀន​ផ្ទាល់​ខ្លួន ។ បន្ទាប់​មក អំឡុងពេល​ជិះ​ឡាន​តាម​ផ្លូវ​ដីហុយ​ដ៏​យូរ​នោះ​មក​លោក​បាន​សញ្ជឹង​គិត ។ ដុន អេច ស្តាហេលី លេខា​របស់​លោក​បាន​រំឭក​ថា « វា​មាន​សភាព​ស្ងប់ស្ងាត់ ។ ហើយ​ក្រោយ​មក តាម​ខ្ញុំ​យល់ វិវរណៈ​បាន​ចាប់ផ្តើម​កើត​មាន​ឡើង ។ លោក​បាន​គិត​អំពី​ព្រះវិហារ​បរិសុទ្ធ​ដែល​តូច​ជាង​កាល​ពី​បុរាណ ប៉ុន្តែ​លើក​នេះ​ពុំ​ដូច​លោក​គិត​កាល​ពី​មុន​ឡើយ » ។១៩

ក្រោយ​មក​ប្រធាន ហ៊ិងគ្លី បាន​ពិពណ៌នា​អំពី​ដំណើរ​ការ​ដូចនេះ ៖« ខ្ញុំ​បាន​ចាប់​ផ្តើម​សួរ​ខ្លួន​ខ្ញុំ អំពី​អ្វី​ដែល​អាច​ធ្វើ​បាន ដើម្បី​ឲ្យ​មនុស្ស​ទាំង​នេះ​អាច​ទទួល​បាន​ព្រះវិហារ​បរិសុទ្ធ ។ … នៅពេល​ខ្ញុំ​សញ្ចឹង​គិត​អំពី​រឿង​នេះ មាន​គំនិត​មួយ​ផុស​ក្នុង​ចិត្ត​ខ្ញុំ​ថា… យើង​អាច​សាងសង់​ធាតុ​ចាំបាច់​ទាំងអស់​របស់​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​អគារ​តូចៗ​បាន ។ … ខ្ញុំ​បាន​ធ្វើ​គំនូរ​គម្រោង​ព្រាង​មួយ ។ … រូបភាព​ទាំងស្រុង​បាន​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ​យ៉ាង​ច្បាស់ ។ ខ្ញុំ​ជឿ​ដោយ​អស់​ពី​ចិត្ត​ខ្ញុំ​ថា វា​គឺ​ជា​ការបំផុសគំនិត ថា​វា​ជា​វិវរណៈ​មក​ពី​ព្រះអម្ចាស់ ។ ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​និយាយ​រឿង​នោះ​ជាមួយ​ទីប្រឹក្សា​របស់​ខ្ញុំ ហើយ​ពួកលោក​បាន​អនុម័ត ។ ក្រោយ​មក​ខ្ញុំ​បាន​បង្ហាញ​រឿង​នោះ​ដល់​ពួកដប់ពីរ​នាក់ ហើយ​ពួកលោក​បាន​អនុម័ត » ។២០

បួន​ខែ​ក្រោយ​មក នៅក្នុង​សន្និសីទ​ទូទៅ​ប្រធាន ហ៊ិងគ្លី បាន​ធ្វើ​ការប្រកាស​ជា​ប្រវត្តិសាស្ត្រ​ថា សាសនាចក្រ​នឹង​ចាប់ផ្តើម​សាងសង់​ព្រះវិហារ​បរិសុទ្ធ​តូចៗ​ជាង​មុន នៅក្នុង​តំបន់​នានា ដែល​គ្មាន​សមាជិក​គ្រប់គ្រាន់​ដើម្បី​មាន​ព្រះវិហារ​បរិសុទ្ធ​ដែល​ធំៗ ។ លោក​បាន​មាន​ប្រសាសន៍​ថា « យើង​បាន​សម្រេច​ចិត្ត… នាំ​យក​ព្រះវិហារ​បរិសុទ្ធ​ទៅកាន់​មនុស្ស​ទាំង​នោះ ហើយ​ផ្តល់​ឱកាស​គ្រប់គ្រាន់​ដល់​ពួកគេ នូវ​ពរជ័យ​ដ៏​មាន​តម្លៃ​បំផុត ដែល​កើត​មក​ពី​ការថ្វាយបង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ » ។២១

នៅក្នុង​សន្និសីទ​ទូទៅ​បន្ទាប់​មក ប្រធាន ហ៊ិងគ្លី បាន​ធ្វើ​ការប្រកាស​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត​ថា មាន​គម្រោង​បន្ត​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​ដំណើរការ​ឲ្យ​បាន​ចំនួន ១០០ នៅ​ចុង​ឆ្នាំ ២០០០ ។ លោក​បាន​ថ្លែង​ថា « យើង​កំពុង​បន្ត​សាងសង់​នៅ​លើ​មាត្រដ្ឋាន​មួយ ដែល​យើង​ពុំ​ធ្លាប់​ឃើញ​ពី​មុន » ។២២ នៅពេល​លោក​បាន​ប្រាប់​ពី​ការរីកចម្រើន​នៃ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ខែ មេសា ឆ្នាំ ១៩៩៩ លោក​បាន​ប្រើ​ឃ្លា​ដែល​យើង​ធ្លាប់​ស្គាល់​ដូច​នេះ ៖ « នេះ​គឺ​ជា​កិច្ចការ​ដ៏​អស្ចារ្យ ទោះបី​ជា​មាន​បញ្ហា ការលំបាក​ជាច្រើន​ក្តី អ្វីៗ​នឹង​ដំណើរការ​ល្អ ហើយ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា យើង​នឹង​សម្រេច​បាន​គោលដៅ​របស់​យើង » ។២៣

រូបភាព
President Packer, President Hinckley, Elder Andersen at the Boston Massachusetts Temple

ផ្ទៃ​ខាង​ក្រោយ © iStock/Thinkstock ខាង​ឆ្វេង ៖ ថតរូប​ដោយ ប៊ូសាត រូបថត ខាង​ស្តាំ ៖ ថតរូប​នៅ​ប្រទេស ចិន ដោយ ហ្គើរី អាវ៉ាន់ Deseret News ខាង​ស្តាំ​ខាង​ក្រោម ៖ រូបថត​ទទួល​បាន​សិទ្ធិ​អនុញ្ញាតជា​ផ្លូវការ​ពី​បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ និង បណ្ណាសារ

នៅក្នុង​ខែ តុលា ឆ្នាំ ២០០០ ប្រធាន ហ៊ិងគ្លី បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង បូស្តុន រដ្ឋ ម៉ាស្សាឈូសេត ស.រ.អា. ដើម្បី​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ទី ១០០ របស់​សាសនាចក្រ—ជា​ព្រះវិហារ​បរិសុទ្ធ​មួយ​នៃ​ព្រះវិហារ​បរិសុទ្ធ​ទាំង ២១ ដែល​លោក​បាន​ឧទ្ទិសឆ្លង​នា​ឆ្នាំ​នោះ​នៅ​លើ​ទ្វីប​ទាំង​បួន ។ នៅពេល​លោក​ទទួល​មរណភាព ព្រះវិហារ​បរិសុទ្ធ​ចំនួន ១២៤ បានសាងសង់ចប់សព្វគ្រប់ ហើយ​មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១៣ ត្រូវបាន​ប្រកាស ឬ កំពុង​សាងសង់ ។

ទស្សនវិស័យ​របស់​ប្រធាន ហ៊ិងគ្លី ចំពោះ​អនាគត​បាន​បំផុស​លោក ឲ្យ​ស្វែងរក​ការបំផុស​គំនិត​អំពី​របៀប​ផ្សេងៗ ដើម្បី​ប្រទាន​ពរ​ដល់​កូនចៅ​របស់​ព្រះ ។ លោក​មាន​ក្តី​ឈឺ​ចាប់ចំពោះ​ការរងទុក្ខ និង ភាពក្រីក្រ​ដែល​លោក​បាន​មើល​ឃើញ ដូច្នោះ​លោក​បាន​ដឹកនាំ​ការពង្រីក​ជំនួយ​ឧបត្ថម្ភ នៃ​កិច្ចការ​មនុស្សធម៌​របស់​សាសនាចក្រ ជាពិសេស​ចំពោះ​អ្នក​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ ។ លោក​ក៏​បាន​ផ្តួចផ្តើម​មូលនិធិ​អប់រំ​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​សមាជិក​សាសនាចក្រ​ក្នុង​ប្រទេស​ដែល​មាន​ភាពក្រីក្រ​យ៉ាង​ខ្លាំង ។ តាមរយៈ​មូលនិធិ​នេះ ពួកគេ​អាច​ទទួល​បាន​ប្រាក់​កម្ចី បង់​ថ្លៃ​អប់រំ​ដែល​ពួកគេ​ត្រូវការ ដើម្បី​ទទួល​បាន​ការងារ​ប្រសើរ​ជាង​មុន ដែល​នឹង​ជួយ​ពួកគេ​កាត់ផ្តាច់​ចំណង​នៃ​ភាពក្រីក្រ ហើយ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ គិត​ដល់​ត្រឹម​ឆ្នាំ ២០១៦ មាន​មនុស្ស​ជាង ៨០,០០០ នាក់​បាន​ទទួល​ឱកាស​អប់រំ និង ការបំពាក់បំប៉ន តាមរយៈ​ប្រាក់​កម្ចី​ពី​មូលនិធិ​នេះ ។

រូបភាព
President Hinckley in Ghana

គំរូ​ផ្សេង​ទៀត​ជា​ច្រើន​អំពី​ទស្សនវិស័យ​នៃ​ការព្យាករ​របស់​ប្រធាន ហ៊ិងគ្លី មាន​ដូច​ជា « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » និង ការសាងសង់​មជ្ឈមណ្ឌល​សន្និសីទ ត្រូវបាន​ដាក់​បញ្ចូល​ទៅក្នុង Teachings of Presidents of the Church: Gordon B. Hinckley 

« ទី​បន្ទាល់​របស់​ខ្ញុំ »

ពីរបី​ថ្ងៃ​ពីមុន​ឈាន​ដល់​អាយុ ៩១ ឆ្នាំ ប្រធាន ហ៊ិងគ្លី បាន​កត់ត្រា​ដូចនេះ ៖ « ខ្ញុំ​មិន​ចាំបាច់​ដាំ​ដើម​ឈើ​ទៀត​ឡើយ ប៉ុន្តែ​ខ្ញុំ​នឹង​ដាំ​វា ។ នេះ​គឺ​ជា​ចរិត​លក្ខណៈ​របស់​ខ្ញុំ » ។២៤ មិនថា​លោក​មាន​អាយុ​ចាស់​ប៉ុណ្ណា​ឡើយ ទោះ​កាល​នៅ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង ឬ ជា​ព្យាការី​អាយុ ៩៧ ឆ្នាំ​ក្តី លោក​មាន​ចរិតលក្ខណៈ​ស្រដៀង​គ្នា ដើម្បី​ដាំ​គ្រាប់ពូជ​ដំណឹង​ល្អ ហើយ​វា​បាន​លូតលាស់​ឡើង​នៅក្នុង​ចិត្ត​មនុស្ស​ទូទាំង​ពិភពលោក ។ លោក​បាន​បម្រើ​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​អស់​រយៈ​ពេល ២០ ឆ្នាំ ។ ក្រោយ​មក​លោក​បាន​បម្រើ​ជា​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ទី​មួយ​អស់​រយៈ​ពេល ១៤ ឆ្នាំ ។ នៅពេល​លោក​ក្លាយ​ជា​ប្រធាន​សាសនាចក្រ​នៅ​អាយុ ៨៤​ឆ្នាំ នោះ​លោក​បាន​ដឹកនាំ​សាសនាចក្រ​ឲ្យ​រីកចម្រើន​យ៉ាង​ខ្លាំង​អស់​រយៈពេល​ជិត ១៣ ឆ្នាំ ។

នៅក្នុង​ការបម្រើ​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ប្រធាន ហ៊ិងគ្លី គឺ​ជា​ទីបន្ទាល់​របស់​លោក​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ។ នៅក្នុង​សុន្ទរកថា​សន្និសីទ​ទូទៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា « ទី​បន្ទាល់​របស់​ខ្ញុំ » លោក​បាន​បង្ហាញ​ពី​ទីបន្ទាល់​ដូច​តទៅ​នេះ ដោយ​និយាយ​ផ្នែក​ខ្លះ​នៃ​ទីបន្ទាល់​នោះ​ទាំង​យំ​ថា ៖

« ក្រៅ​ពី​រឿង​គ្រប់​យ៉ាង​ទាំងអស់​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថ្លែង​អំណរគុណ​នា​ព្រឹក​នេះ នោះ​មាន​រឿង​មួយ​ដែល​ខ្ញុំ​មាន​អំណរគុណ​ខ្លាំង​បំផុត ។ នោះ​គឺ​ជា​ទីបន្ទាល់​ដែល​ខ្ញុំ​មាន​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ។ …

« ទ្រង់​គឺ​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​របស់​ខ្ញុំ ។ តាមរយៈ​ការប្រទាន​ជីវិត​របស់​ទ្រង់​ដោយ​ការឈឺចាប់ និង​ការរងទុក្ខ​ដែល​មិន​អាច​ថ្លែង​បាន​នោះ ទ្រង់​បាន​លូក​ព្រះហស្ត​ចុះ​មក​លើក​ខ្ញុំ​ឡើង និង ដល់​យើង​ម្នាក់ៗ និង ដល់​បុត្រាបុត្រី​ទាំងឡាយ​របស់​ព្រះ ចេញ​ពី​អន្លង់​ដ៏​ជ្រៅ​នៃ​ភាព​ងងឹត​ដ៏​អស់កល្ប​បន្ទាប់​ពី​សេច​ក្ដីស្លាប់​ទៅ ។ …

« ទ្រង់​គឺ​ជា​ព្រះ និង ជា​ស្ដេច​របស់​ខ្ញុំ ។ ចេញពី​ភាពដ៏​អស់កល្ប ទៅ​ភាព​ដ៏​អស់កល្ប នោះ​ទ្រង់​នឹង​សោយរាជ្យ ហើយ​គ្រប់គ្រង​ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច ហើយ​ព្រះ​លើ​អស់​ទាំង​ព្រះ ។ ការគ្រប់គ្រង​របស់​ទ្រង់​គ្មាន​ទីបញ្ចប់​ឡើយ ។ សិរីល្អ​របស់​ទ្រង់​គ្មាន​ភាពងងឹត​ឡើយ ។ …

« ដោយ​អំណរគុណ និង ដោយ​សេចក្តីស្រឡាញ់​ដ៏​លើសលុប នោះ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​កិច្ចការ​ទាំង​នេះ​នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​របស់​ទ្រង់ » ។២៥

កំណត់ចំណាំ

  1. ទិនានុប្បវត្តិ របស់​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ថ្ងៃ​ទី ២២ ខែ មីនា ឆ្នាំ ១៩៩៣ ។

  2. ហ្គរដុន ប៊ី ហ៊ិងគ្លី Standing for Something: Ten Neglected Virtues That Will Heal Our Hearts and Homes ( ឆ្នាំ ២០០០ ) ទំព័រ ១០១ ។

  3. Teachings of Presidents of the Church: Gordon B. Hinckley ( ឆ្នាំ ២០១៦ ) ទំព័រ ៧០ ។

  4. ជែហ្វ្រី អ័រ ហូឡិន « President Gordon B. Hinckley: Stalwart and Brave He Stands » Ensign ខែ មិថុនា ឆ្នាំ ១៩៩៥ ទំព័រ ៤ ។

  5. Teachings: Gordon B. Hinckley ទំព័រ ៣៣៩ ។

  6. នៅក្នុង Conference Report ខែ តុលា ឆ្នាំ ១៩៦៩ ទំព័រ ១១៣ ។

  7. Teachings of Gordon B. Hinckley ( ឆ្នាំ ១៩៩៧ ) ទំព័រ ៤១២ ។

  8. ទិនានុប្បវត្តិ ថ្ងៃ​ទី ៤ ខែ វិច្ឆិកា ឆ្នាំ ១៩៧៣ ។

  9. Teachings: Gordon B. Hinckley ទំព័រ ២៩៨–៩៩ ។

  10. ទិនានុប្បវត្តិ ថ្ងៃ​ទី ២២ ខែ ឧសភា ឆ្នាំ ១៩៩៦ ។

  11. ទិនានុប្បវត្តិ ថ្ងៃ​ទី ៣០ ខែ ឧសភា ឆ្នាំ ១៩៩៦ ។

  12. ទិនានុប្បវត្តិ ថ្ងៃ​ទី ១ ខែ មិថុនា ឆ្នាំ ១៩៩៦ ។

  13. ទិនានុប្បវត្តិ ថ្ងៃ​ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០០២ ។

  14. នៅក្នុង « The Prophet Spoke to Youth » In Memoriam: President Gordon B. Hinckley ឆ្នាំ ១៩១០–២០០៨ ( អត្ថបទ​បន្ថែម​លើ Ensign ខែ មីនា ឆ្នាំ ២០០៨ ) ទំព័រ ១៥ ។

  15. ទិនានុប្បវត្តិ ថ្ងៃ​ទី ២៣ ខែ វិច្ឆិកា ឆ្នាំ ១៩៧៤ ។

  16. ទិនានុប្បវត្តិ ថ្ងៃ​ទី ១៤ ខែ ឧសភា ឆ្នាំ ១៩៩៥ ។

  17. ហិនរី ប៊ី អាវរិង នៅក្នុង Teachings: Gordon B. Hinckley ទំព័រ ២០២ ។

  18. នៅក្នុង Teachings: Gordon B. Hinckley ទំព័រ ៣១៣ ។

  19. ដុន អេច ស្តាហេលី ឯកសារ​សម្ភាសន៍​ផ្ទាល់​មាត់ ( ឆ្នាំ ២០១២ ) ទំព័រ ៨៥ Church History Library ។

  20. ទិនានុប្បវត្តិ ថ្ងៃ​ទី ៦ ខែ មីនា ឆ្នាំ ១៩៩៩ ។ ឯកសារ​នេះ​គឺ​ជា​សេចក្តីសង្ខេប​នៃ​សុន្ទរកថា​របស់​លោក នៅ​វគ្គ​ដំបូង​នៃ​ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​កូឡូនៀ វ៉រែស ម៉ិកស៊ិក ។ ប្រធាន ហ៊ិងគ្លី បាន​ពិចារណា​អំពី​ព្រះវិហារ​បរិសុទ្ធ​តូចៗ​អស់​ពេល​ជាង ២០ ឆ្នាំ ( សូមមើល Teachings: Gordon B. Hinckley ទំព័រ ៣៣ ៣០៩–១០ ) ។

  21. ហ្គរដុន ប៊ី. ហ៊ីងគ្លី « Some Thoughts on Temples, Retention of Converts, and Missionary Service » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ទំព័រ ៥០ ។

  22. Teachings: Gordon B. Hinckley ទំព័រ ៣១០ ។

  23. ហ្គរដុន ប៊ី ហ៊ីងគ្លី « The Work Moves Forward » Ensign ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៤ ។

  24. ទិនានុប្បវត្តិ ថ្ងៃ​ទី ១៨ ខែ មិថុនា ឆ្នាំ ២០០១ ។

  25. Teachings: Gordon B. Hinckley ទំព័រ ៣២១-២៣ ។