២០១៧
ការពិចារណា​អំពី​សំណួរ​ពិភាក្សា​របស់​យើង
January 2017


ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ការពិចារណា អំពី​សំណួរ​ពិភាក្សា​របស់​យើង

សំណួរ​ដែល​សំខាន់​បំផុត​នោះ​អាច​ជា​សំណួរ​ដែល​គ្រូបង្រៀន​សួរ​ខ្លួន​ឯង​ពីមុន​ពួកគាត់​ទៅ​បង្រៀន ។

រូបភាព
Teacher at blackboard

រចនា​រូបភាព​ដោយ អូហ្គើស្តូ ស្សាំប៊ូណាតូ

សូម​ស្រមៃ​ថា ​អ្នក​កំពុង​អង្គុយ​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន ហើយពិភាក្សា​គ្នា​អំពី​ខ្សែ​ភាពយន្ត​ដែល​អ្នក​បាន​មើល​ជាមួយ​គ្នា ។ ក្រោយ​មក​មិត្តភក្តិ​ម្នាក់​និយាយ​ថា « តើ​មាន​នរណា​អាច​ប្រាប់​ខ្ញុំ​បាន​ទេថា តើ​ឈុតឆាក​ដែល​សំខាន់​បំផុត​នៅក្នុង​ខ្សែ​ភាពយន្ត​នោះ​គឺ​នៅ​ត្រង់​ណា ? »

អ្នក​ប្រហែល​ជា​មាន​ការងឿងឆ្ងល់​ចំពោះ​សំណួរ​នោះ​បន្តិច អ្នក​គិត​មួយ​សន្ទុះ ហើយ​និយាយ​ថា​ឈុតឆាក​ចុង​ក្រោយ​គេ​ប្រហែល​ជា​ឈុត​សំខាន់​ខ្លាំង​បំផុត ។ មិត្ត​ភក្ដិ​របស់​អ្នក​និយាយ​ថា « នោះ​គឺ​ជា​យោបល់​ល្អ ។ ប៉ុន្តែ​ឈុត​នោះ​ពុំ​មែនជា​អ្វី​ដែល​ខ្ញុំ​គិត​នោះ​ទេ ។ តើ​មាន​នរណា​គិត​ថា​ឈុត​ណា​ទៀត ? តោះ​យើង​ស្ដាប់​អ្នក​ដែល​មិន​ទាន់បាន​ចែកចាយ​នៅ​ឡើយ » ។

យើង​ពុំ​និយាយ​គ្នា​បែប​នេះ​ឡើ​យ​ក្នុង​ចំណោម​មិត្តភក្តិ​របស់​យើង ប៉ុន្តែ​ដោយ​ហេតុផល​មួយ​ចំនួន អារម្មណ៍​បែប​នេះ​ក៏​កើត​មាន​ឡើង​ជា​រឿយៗ​នៅក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ផងដែរ ។ ក្នុង​នាម​ជា​គ្រូបង្រៀន ជួនកាល​យើង​និយាយ​អ្វី​មួយក្នុង​របៀប​ដែល​ចម្លែក និង បង្ខាំង​មិន​ឲ្យ​មាន​ការសន្ទនា ជំនួស​ឲ្យ​ការពិភាក្សា​អំពី​សេចក្តីពិត​នៃ​ដំណឹង​ល្អដោយ​ងាយៗ និង ដោយ​អារម្មណ៍​ល្អ ។ យើង​សង្ឃឹម​ថា សមាជិក​ក្នុង​ថ្នាក់​ទទួល​អារម្មណ៍​ថា ពួកគេ​ស្ថិតនៅក្នុង​ចំណោមមិត្តភក្តិរបស់​ខ្លួន ហើយពួកគេ​មាន​អារម្មណ៍​ល្អ ក្នុងការ​ចែកចាយ​គំនិត របស់ពួកគេទាក់ទងនឹងគោលការណ៍​ដែល​ពួកគេ​កំពុង​រៀន ។ ការចែកចាយ​បែប​នោះ​អាច​យាង​ព្រះវិញ្ញាណ ហើយ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​បទពិសោធន៍​កាន់តែ​ល្អ ។

តើ​យើង​អាច​ប្រាកដ​ថា សំណួរ​ដែល​យើង​សួរ​នាំ​ឲ្យ​មាន​ការពិភាក្សាកាន់តែ​ប្រកបដោយ​ភាពងាយស្រួល និង មាន​អត្ថន័យ​យ៉ាង​ដូចម្តេច ? មាន​ចំណុច​ជា​ច្រើន​ដែល​គ្រូបង្រៀន​ត្រូវធ្វើ និង មិន​ត្រូវ​ធ្វើ ដែល​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង ៖ សូម​កុំ​សួរ​សំណួរ​ណា​ដែល​មាន​ចម្លើយ​ច្បាស់ៗ​ពេក ។ សូម​សួរ​សំណួរ​ដែល​មាន​ចម្លើយ​ច្រើន​ជាង​មួយ ។ សូម​កុំ​សួរ​សំណួរ​ដែល​ជា​រឿង​ផ្ទាល់​ខ្លួន​ខ្លាំង​ពេក ។

វា​ក៏​អាច​មាន​ប្រយោជន៍ ដោយ​សួរ​ខ្លួន​យើង​នូវ​សំណួរ​នេះ​ពីមុន​យើង​ចាប់ផ្តើម​រៀបចំ​សំណួរ​នៅក្នុង​ថ្នាក់​រៀន ៖ ហេតុអ្វី​ខ្ញុំ​សួរ​សំណួរ​នេះ ?

ហេតុអ្វី​អ្នក​សួរ​សំណួរ​នេះ ?

ហេតុផល​ដែល​បង្កប់​នៅក្នុង​សំណួរ​របស់​យើង​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ដ៏​ធំ ។ ឧទាហរណ៍ តើ​ជួនកាល​យើង​សួរសំណួរ ដោយសារ​តែ​យើង​មាន​អ្វី​ចង់​ប្រាប់ ប៉ុន្តែ​យើង​ចង់​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ឆ្លើយ​វា​ជំនួស​យើង​ឬ ? ពិតណាស់ យើង​ពុំចង់​និយាយ​តែ​ម្នាក់​ឯង​នោះ​ទេ ប៉ុន្តែ​យើង​ចង់​ឲ្យ​ចំណុច​ពិសេស​ណា​មួយ​កើត​ឡើង ដូច្នេះ​ជួនកាល​យើង​សួរ​សំណួរ ដែល​យើង​ដឹង​ថា​នឹង​បំផុស​ឲ្យ​មាន​ចម្លើយ​ដែល​យើង​ចង់​ឮ ។ ផ្នត់គំនិត​នេះ​នាំ​ទៅ​រក​សំណួរ​ដែល​ពិតជា​មាន​ចម្លើយ​បង្កប់ ដូច​ជា​សំណួរ​សួរ​ថា « តើ​ការចៀសវាង​ពី​ការណ៍​អាសគ្រាម​ជួយ​អ្នក​ឲ្យ​រក្សា​គំនិត​បាន​បរិសុទ្ធ​យ៉ាង​ដូចម្តេច ? » ឬ « តើ​ការអធិស្ឋាន​ប្រចាំ​ថ្ងៃ​សំខាន់​ដែរ​ឬ​ទេ ? 

មាន​កាលៈទេស​មួយ​ចំនួន​ដែល​វា​សមរម្យ​យ៉ាង​ខ្លាំង​ដើម្បី​សួរ​សំណួរ ដែល​មាន​បំណង​បំផុស​ឲ្យ​មាន​ចម្លើយ​ជាក់លាក់ ។ សំណួរ​ទាំង​នោះ​អាច​គូសបញ្ជាក់​ពី​ចំណុច​មួយ ឬ ជួយ​គ្រូបង្រៀន​បង្រៀន​កាន់តែ​ប្រសើរ​ឡើង ។ ប៉ុន្តែ​សំណួរ​បែប​នេះ​ពុំ​ទំនង​ជា​ជំរុញ ឲ្យ​មាន​ការពិភាក្សា​ប្រកប​ដោយ​អត្ថន័យ ។

ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​យើង​សួរសំណួរ ដោយសារ​យើង​ពិតជា​ចង់​ដឹងអំពីអ្វីដែល​មាន​នៅក្នុង​គំនិត និង ចិត្ត ព្រមទាំង​ជីវិត​របស់​សមាជិក​ក្នុង​ថ្នាក់​យើង​ នោះវា​នឹង​បង្ហាញ​ឡើង​នៅក្នុង​សំណួរ​ដែល​​យើង​សួរ​នោះ​ឯង ។

សំណួរ​ដែល​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​មាន​ការសន្ទនា​ដោយ​ស្មោះត្រង់ ដែល​ជំរុញ​ឲ្យ​មាន​ការរៀនសូត្រ​ខាង​វិញ្ញាណ រួម​មាន​សំណួរ​ដូចជា « នៅពេល​អ្នក​អាន​ខគម្ពីរ​នេះ​ហើយ តើ​មាន​អ្វី​ដែល​ទាក់​ទាញ​អារម្មណ៍​អ្នក​ដែរ​ឬ​ទេ ? » ឬ « តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​អំពី​ការអធិស្ឋាន​របស់​អេណុស ? » ឬ « តើ​មាន​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បាន​បង្រៀន​អ្នក​ឲ្យ​ទុកចិត្ត​លើ​ការសន្យា​របស់​ព្រះអម្ចាស់ ? » ឬ សំណួរ​ភាគច្រើន​ដែល​ចាប់ផ្តើម​ដោយ​ពាក្យ « តើ​អ្នក​គិត​ថា… ? »

សូម​ពិចារណា​ពី​ឧទាហរណ៍​ទាំង​នេះ​ ៖

  • ព្រះវិញ្ញាណ​បាន​សួរ​នីហ្វៃ « តើ​អ្នក​ប្រាថ្នា​អ្វី​ទៀត ? » ( នីហ្វៃទី១ ១១:១០ ) ។

  • ព្រះអង្គសង្គ្រោះ​បាន​សួរ​សិស្ស​របស់​ទ្រង់​ថា « ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា ? » ( ម៉ាថាយ ១៦:១៥ ) ។

  • ហើយ​ទ្រង់​មាន​បន្ទូល​ទៅ ម៉ាថា ថា « ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត… នាង​ជឿ​សេចក្តី​នេះ​ឬ​ទេ ? » ( យ៉ូហាន១១:២៥, ២៦ ) ។

សំណួរ​នីមួយៗ​នៃ​សំណួរ​ទាំង​នេះ​បាន​អញ្ជើញ​ឲ្យ​មនុស្ស​គ្រប់គ្នា​ចែកចាយ ពី​អ្វី​ដែល​មាន​នៅក្នុង​ចិត្ត​របស់​ពួកគាត់ ។ ហើយ​នៅក្នុង​ករណី​នីមួយៗ អ្វី​ដែល​បាន​កើត​ឡើង​នោះ​គឺ​ជា​បទពិសោធន៍​ខាង​វិញ្ញាណ​ប្រកប​ដោយ​ឥទ្ធិពល ។

សំណួរ​គឺ​ជា​ការ​បង្ហាញ​នៃ​សេចក្ដី​ស្រឡាញ់

ទោះ​ជឿ​ឬ​មិន​ជឿ ការសួរសំណួរ​ដែល​ជំរុញ​ឲ្យ​មាន​ការពិភាក្សា​កើត​ឡើង​ដោយ​ឯកឯង​ចំពោះ​មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា—ទោះបី​មនុស្ស​ដែល​គិត​ថា​ខ្លួន​ពួកគេ​មិនមែន​ជា​គ្រូបង្រៀន​ល្អ​ក្តី ។ យើង​សួរ​សំណួរ​នោះ​ដោយ​ពុំ​បាន​ព្រាង​ទុក​គ្រប់​ពេល ដែល​យើង​មានការសន្ទនាប្រកបដោយអត្ថន័យជាមួយមិត្តភក្តិ និង គ្រួសារ—ឬ ពេល​និយាយ​គ្នា​អំពីខ្សែ​ភាពយន្ត​ដែលចូលចិត្ត​នៅ​ពេល​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ។ ប៉ុន្តែនៅពេលយើងឈរនៅពីមុខសិស្ស យើងភ្លេច​អស់​នូវ​អ្វីៗ​ដែល​កើតឡើង​ដោយ​សាមញ្ញ​នោះ ។

ដូច្នេះ​ប្រហែល​ជា​ផ្នែក​សំខាន់​ក្នុង​ការសួរសំណួរ​ឲ្យ​មាន​ការពិភាក្សា​ល្អ​នោះ​គឺ​គិត​ចំពោះ​ខ្លួន​យើង​ថា « តើ​ខ្ញុំ​នឹង​សួរ​សំណួរ​នេះ​យ៉ាង​ដូចម្តេច ប្រសិនបើ​យើង​មិន​នៅក្នុង​ថ្នាក់​វិញ​នោះ—គឺ​ប្រសិនបើ​យើង​អង្គុយ​នៅ​ក្នុង​ផ្ទះ និយាយ​អំពី​ដំណឹង​ល្អ​ជា​ក្រុម​ជាមួយ​មិត្តភក្តិ​វិញ​នោះ ? តើ​ខ្ញុំ​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ការយល់​ដឹង និង អារម្មណ៍​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ? » ការបង្រៀន​គឺ ពិតជា មិន​ដូច​ជា​ការជជែក​គ្នា​ធម្មតា​ជាមួយ​មិត្តភក្តិ​ឡើយ ប៉ុន្តែ​វា​មាន​ចំណុច​រួម​មួយ​ដូចគ្នា ៖ វា​គប្បី​ត្រូវបាន​ជំរុញ​ដោយ​ការចាប់​អារម្មណ៍​ដោយ​ស្មោះសរ និង មាន​ក្តីស្រឡាញ់​ស្មោះត្រង់ ។

ដូច្នេះ​សូម​កុំ​បារម្ភ ប្រសិនបើ​អ្នក​ពុំ​ទាន់​មាន​ជំនាញ​ក្នុង​ការ​បង្កើន​ការសួរសំណួរ​ឲ្យ​បាន​ល្អ​នោះ ។ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​នោះ គឺ​ស្រឡាញ់​មនុស្ស​ទាំង​អស់​ដែល​អ្នក​បង្រៀន ព្រះវិញ្ញាណ​នឹង​ដឹកនាំ​អ្នក ហើយ​អ្នក​នឹង​ចេះ​កាន់តែ​ច្រើន ហើយ​ដឹង​កាន់តែ​ច្រើន​ពី​អ្វី​ដែល​ត្រូវ​និយាយ ។ ប៉ុល បាន​ប្រកាស​ថា « សេចក្តី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ » (កូរិនថូសទី១ ១៣:៨) ហើយ​រឿង​នោះ​វា​ពិត សូម្បី​តែ​អ្វី​មួយ​ដែល​សាមញ្ញ​ដូច​ជា​គ្រូបង្រៀន​សួរសំណួរ​នៅក្នុង​ថ្នាក់​រៀន ។