២០១៧
រឿង​ក្តី​សម្រាប់​ព្យាការី​នៅរស់
January 2017


លុះត្រា​ជួប​ទៀត

រឿង​ក្តី​សម្រាប់​ព្យាការី​នៅរស់

នៅក្នុង​ឆ្នាំ ១៩៣៩ ពីមុន​ផ្ទុះ​សង្គ្រាម​លោកលើក​ទី ២ ឡើង បងប្រុស​ប្រោន ត្រូវបាន​អញ្ជើញ​ដោយ​សមាជិក​ម្នាក់​នៃ​សភា​ជាន់​ទាប​ប្រទេស​អង់គ្លេស ឲ្យ​ធ្វើ​ការវែកញែក​ស្រប​ច្បាប់​មួយ​អំពី​ការប្រកាស​របស់​បងប្រុស​ប្រោន​ដែល​ថា យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី ។ នៅក្នុង​សុន្ទរកថា​ដែល​បាន​ថ្លែង​នៅក្នុង​សាកលវិទ្យាល័យ​នៅថ្ងៃ​ទី ៤ ខែ តុលា ឆ្នាំ ១៩៥៥ ដែល​មាន​ចំណង​ជើង​ថា « The Profile of a Prophet » ប្រធាន​ប្រោន​បាន​ពិពណ៌នា​អំពី​ការសន្ទនា​របស់​ពួកលោក ( សូមមើល​គេហទំព័រ speeches.byu.edu ) ។

រូបភាព
Hugh B. Brown

រចនា​រូបភាព​ដោយ ជេមស៍ ចនសុន

ខ្ញុំ​បាន​ចាប់ផ្តើម… « លោក​និយាយ​ថា​ជំនឿ​ដែល​ខ្ញុំ​ជឿថា ព្រះ​បាន​មាន​បន្ទូល​មក​កាន់​មនុស្ស​នៅក្នុង​ជំនាន់​នេះ​គឺ​ជា​រឿង​ចម្លែក និង ដែល​មិន​គួរ​ឲ្យ​ជឿ​ឬ ? »

« ចំពោះ​ខ្ញុំ​គឺ​វា​បែប​នេះ​មែន » ។

« តើ​លោក​ជឿ​ថា​ព្រះ ធ្លាប់​បាន​មាន​បន្ទូល​មក​នរណា​ម្នាក់​ដែរ​ឬ​ទេ ? »

« ប្រាកដ​ណាស់ តាមរយៈ​ព្រះគម្ពីរ​បរិសុទ្ធ យើង​មាន​ភស្តុតាង​អំពី​រឿង​នោះ » ។

« តើ​ទ្រង់​បាន​មាន​បន្ទូល​ទៅ​អ័ដាម​ដែរ​ឬ​ទេ ? »

« បាទ​មាន » ។

« ចុះ​ទ្រង់​មាន​បន្ទូល​ទៅ​ព្យាការី ហេណុក អូណេ អ័ប្រាហាំ ម៉ូសេ យ៉ាកុប យ៉ូសែប និង ព្យាការី​ផ្សេង​ទៀត​ដែរ​ឬ​ទេ ? »

« ខ្ញុំ​ជឿ​ថា​ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់​ពួកលោក » ។

« តើ​លោក​ជឿ​ថា ទំនាក់ទំនង​រវាង​ព្រះ និង មនុស្ស​បាន​ឈប់​ឬ នៅពេល​ព្រះយេស៊ូវ​បាន​បង្ហាញ​ព្រះកាយ​ទ្រង់​នៅលើ​ផែនដី​នោះ ? »

« ទេ ទំនាក់​ទំនង​បែប​នោះ​វា​ឈាន​ដល់​ចំណុច​ខ្ពស់​បំផុត​របស់​វា នា​គ្រា​នោះ » ។

« តើ​លោក​ជឿ​ទេ​ថា បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្មរស់​ឡើង​វិញ មាន​អ្នក​ច្បាប់​ម្នាក់—ដែល​យើង​ស្គាល់​ផងដែរ​ថា ជា​សុល​អ្នក​ស្រុក​តើសុស ជា​អ្នក​ធ្វើ​ត្រសាល—នៅពេល​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​ដាម៉ាស បាន​និយាយ​ជាមួយ​ព្រះ​យេស៊ូវ​ជា​អ្នក​ស្រុក​ណាសារ៉ែត ដែល​ត្រូវបាន​គេ​ឆ្កាង ដែល​បាន​មាន​ព្រះជន្ម​រស់ឡើង​វិញ ហើយ​បាន​យាង​ឡើង​ទៅ​ស្ថាន​សួគ៌​វិញ​ដែរ​ទេ​ឬ ?

« ខ្ញុំ​ជឿ » ។

« តើ​សុល​បាន​ឮ​សំឡេង​នរណា ? »

« នោះ​ជា​សំឡេង​របស់​ព្រះយេស៊ូវគ្រីស្ទ ដ្បិត​ទ្រង់​បាន​ណែនាំ​ព្រះអង្គទ្រង់ » ។

« នោះ​ខ្ញុំ​សូម​ប្រាប់​លោក​ដោយ​ម៉ឺងម៉ាត់​ថា វា​គឺ​ជា​ដំណើរការ​ដូច​គ្នា​នៅក្នុង​ជំនាន់​ព្រះគម្ពីរ​ប៊ីប ដែល​ព្រះ​មាន​បន្ទូល​មក​កាន់​មនុស្ស » ។

« ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ទទួល​ស្គាល់​រឿង​នោះ ប៉ុន្តែ​វា​បាន​ឈប់​ទៅវិញ​យ៉ាង​លឿន បន្ទាប់​ពី​សតវត្សរ៍​ទី​មួយ​នៃ​យុគសម័យ​ពួកគ្រិស្តសាសនិក » ។

« តើ​លោក​គិត​ថា ហេតុអ្វី​បាន​ជា​វា​ឈប់ ? »

« ខ្ញុំ​ពុំ​អាច​និយាយ​វា​បាន​ទេ » ។

« តើ​លោក​គិត​ថា​ព្រះ គ្មាន​បន្ទូល​តាំង​ពី​ពេល​នោះ​មក​ឬ ? »

« ខ្ញុំ​ដឹង​ច្បាស់​ថា ទ្រង់​ពុំ​បាន​មាន​បន្ទូល​ឡើយ ? »

« ច្បាស់​ជា​មាន​ហេតុផល​មួយ ។ តើ​លោក​អាច​ប្រាប់​ខ្ញុំ​ពី​ហេតុផល​នោះ​បាន​ទេ ? »

« ខ្ញុំ​មិន​ដឹង​ទេ » ។

« ខ្ញុំ​សូម​ផ្តល់​យោបល់​សមហេតុផល​មួយ​ចំនួន​បាន​ទេ ? ប្រហែល​ជា​ព្រះ​ពុំ​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​ទៀត​ឡើយ ដោយសារ​ទ្រង់​មិន​អាច​មាន​ព្រះបន្ទូល​ឡើយ ។ ទ្រង់​បាន​បាត់បង់​ព្រះចេស្តា​នោះ » ។

គាត់បាននិយាយថា « មែនហើយ​នោះ​អាច​ជា​ពាក្យប្រមាថ » ។

« អញ្ចឹង ប្រសិនបើ​លោក​ពុំ​ទទួល​ស្គាល់​រឿង​នោះ ប្រហែល​ជា​ទ្រង់​ពុំ​មាន​បន្ទូល​ទៅកាន់​មនុស្ស​ឡើយ ដោយសារ​ទ្រង់​ពុំ​ស្រឡាញ់​ពួកយើង​ទៀត​ឡើយ ហើយ​ទ្រង់​ពុំ​ចាប់​អារម្មណ៍​នឹង​កិច្ចការ​របស់​មនុស្ស​លោក​ទៀត​ទេ » ។

គាត់​និយាយ​ថា « អត់ទេ ព្រះ​ស្រឡាញ់​មនុស្ស​ទាំងអស់ ហើយ​ទ្រង់​ពុំ​រើស​មុខ​នរណា​ឡើយ » ។

« ដូច្នោះ​ប្រសិនបើ​ទ្រង់​មាន​ព្រះបន្ទូល ហើយ​ប្រសិនបើ​ទ្រង់​ស្រឡាញ់​ពួកយើង នោះ​តាម​ខ្ញុំ​យល់​ចម្លើយ​ផ្សេង​ទៀត​ដែល​សមហេតុផល​នោះ​គឺ​ថា យើង​ពុំ​ចាំបាច់​ត្រូវការ​ទ្រង់​ឡើយ ។ យើង​បាន​រីកចម្រើន​យ៉ាង​លឿន​បែប​នេះ​នៅក្នុង​ផ្នែក​វិទ្យាសាស្ត្រ ហើយ​យើង​ត្រូវ​បាន​អប់រំ​បាន​យ៉ាង​ល្អ​ថា យើង​ពុំ​ត្រូវការ​ព្រះ​ទៀត​ឡើយ » ។

ក្រោយ​មក​គាត់​បាន​និយាយ​ថា—ហើយ​សំឡេង​របស់​គាត់​ញ័រ​នៅពេល​គាត់​បាន​គិត​អំពី​សង្គ្រាម​ដែល​នឹង​កើត​ឡើង—« លោក ប្រោន គ្មាន​គ្រា​ណា​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​លោក ដែល​ត្រូវការ​សំឡេង​របស់​ព្រះ​ជាង​គ្រា​បច្ចុប្បន្ន​នេះ​ឡើយ ។ ប្រហែល​លោក​អាច​ប្រាប់​ខ្ញុំ​ពី​មូលហេតុ​ដែល​ទ្រង់​ពុំ​មាន​ព្រះបន្ទូល » ។

ចម្លើយ​របស់​ខ្ញុំ​គឺ ៖ « ទ្រង់ ពិតជា មាន​ព្រះបន្ទូល ទ្រង់​បាន​មាន​ព្រះបន្ទូល ប៉ុន្តែ​មនុស្ស​ត្រូវតែ​មាន​ជំនឿ​ដើម្បី​ស្តាប់​ទ្រង់ » ។