២០១៧
កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេងៗ នោះ​ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង
January 2017


កំពុង​ដែល​ខំព្យាយាម​ឲ្យ​បាន​របស់​ផ្សេងៗ នោះ​ចូរ​ខំ​ឲ្យ​បាន យោបល់​ផង

ដកស្រង់​ពី​សុន្ទរកថា​ការប្រជុំ​ធម្មនិដ្ឋាន មួយ « Lean Not unto Thine Own Understanding » បាន​ថ្លែង​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅថ្ងៃ​ទី ១៤ ខែ មករា ឆ្នាំ ២០១៥ ។ ដើម្បី​ទទួល​បាន​សុន្ទរកថា​ទាំងស្រុង ជា​ភាសា​អង់គ្លេស សូម​ចូល​ទៅ speeches.byu.edu ។

យោបល់​ពិតប្រាកដ​នឹង​កើត​មាន​ចំពោះ​អ្នក នៅពេល​អ្នក​ទទួល​ស្គាល់​ទំនាក់ទំនង​នៃ​ការសិក្សា និង ការអធិស្ឋាន នៅពេល​អ្នក​រក្សា​ការតាំងចិត្ត​បម្រើ​អំឡុងពេល​រៀន និង ធ្វើការ​រក​ប្រាក់​ចំណូល ព្រមទាំង​នៅពេល​អ្នក​ទុកចិត្ត ហើយ ពឹងផ្អែក​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។

រូបភាព
Woman reading

រចនា​រូបថត​ដោយ រ៉ូប៊ើត ហាន់

ខ្ញុំ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន រៀន​នៅក្នុង​បណ្ណាល័យ​កាល​ខ្ញុំ​ជា​និស្សិត​មហាវិទ្យាល័យ ។ គ្រប់​ពេល​ខ្ញុំ​បាន​ចូល​ក្នុង​បណ្ណាល័យ នោះ​មាន​សញ្ញា​មួយ​ដាក់​សម្រាប់​ស្វាគមន៍​នៅ​លើ​ច្រកចូល​ដែល​សរសេរ​ថា « កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេងៗ នោះ​ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង » ( សុភាសិត ៤:៧ ) ។

យើង​ទាំង​អស់​គ្នា​ដឹង​ថា ការធ្វើ​ច្រំដែលៗ​ធ្វើ​ឲ្យ​មានការ​ចងចាំ ។ ហេតុដូច្នោះហើយ ខ្ញុំ​បាន​ឆ្លាក់​ខគម្ពីរ​ដែល​ដកស្រង់​ពី​គម្ពីរ​សុភាសិត​នេះ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ជានិច្ច ដោយ​អាន​វា​គ្រប់​ពេល​ដែល​ខ្ញុំ​ចូល​ទៅក្នុង​បណ្ណាល័យ អំឡុងពេល​បួន​ឆ្នាំ​នៃ​ការសិក្សា​នៅ​មហាវិទ្យាល័យ ។

ខ្ញុំ​សូម​ផ្តល់​ការទូន្មាន​ដូចគ្នា​នេះ​ចំពោះអ្នក​រាល់គ្នា ៖ « កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេងៗ​នោះ ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង » ។ ខ្ញុំ​ក៏​សំណូម​ពរ​ឲ្យ អ្នក​គិត​ពី​អត្ថន័យ​នៃ​ខគម្ពីរ​នេះ និង របៀប​ដែល​ខគម្ពីរ​នេះ​ផ្តល់​ប្រយោជន៍​ដល់​អ្នក ។ ខ្ញុំ​បាន​ធ្វើ​ដូច្នោះ​ហើយ ។ ខ្ញុំ​បាន​ពិចារណា​អំពី​ខគម្ពីរ​នេះ​ក្នុង​ចិត្ត​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត ហើយ​ការបកស្រាយ​របស់​ខ្ញុំ​អំពី​អត្ថន័យ​នៃ​ខគម្ពីរ​នេះ​បាន​ផ្លាស់ប្តូរ​ជាច្រើន ។ ប្រហែល​ជា​អ្នក​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការសង្កេត​របស់​ខ្ញុំ ។

ដួងចិត្ត​ដែល​មាន​យោបល់

កាល​ជា​អ្នក​ផ្សព្វផ្សាយសាសនា​វ័យ​ក្មេង​នៅ​ប្រទេស​ជប៉ុន ដោយ​ពុះពារ​រៀន​ភាសា​ដ៏​លំបាក នោះ​ខ្ញុំ​បាន​ស្តាប់​ឮ​វាក្យសព្ទ​មួយ​ចំនួន​យ៉ាង​លឿន និង ញាប់ ។ ពាក្យ​ស្វាគមន៍​ដូចជា​ពាក្យ​ទាំង​ពីរ​នេះ ohayo gozaimasu ( អរុណសួស្តី ) ឬ konnichiwa ( សាយ័ណ្ហសួស្តី ) ។ ពាក្យ​មួយ​ទៀត​គឺ wakarimasen, ដែល​មាន​ន័យ​ថា « ខ្ញុំ​មិន​យល់​ទេ » ។ ពេល​និយាយ​ពាក្យ​នេះ​គេ​ចាប់ដៃ​គ្នា​ទៅវិញ​ទៅមក ហាក់បីដូច​ជា​ការឆ្លើយ​តប​យ៉ាង​ពេញចិត្ត​មួយ​ពី​សំណាក់​ប្រជាជន​ជប៉ុន​ទៅ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង នៅពេល​ពួកគេ​ព្យាយាម​សន្ទនា​ជាមួយ​ប្រជាជន​នោះ ។

ដំបូង នៅពេល​ខ្ញុំ​បាន​គិត​អំពី​អត្ថន័យ​នៃ​ឃ្លា « កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេងៗ​នោះ ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង » ខ្ញុំ​បាន​គិត​អំពី​ពាក្យ យោបល់ ទាក់ទង​នឹង​ពាក្យ​ការយល់​ដឹង​ច្រើនជាង ៖ គឺ​ជា​អ្វី​ដែល​ខ្ញុំ​អាច​ស្តាប់​ឮ​ដោយ​ត្រចៀក​ខ្ញុំ និង យល់​ក្នុង​ចិត្ត​ខ្ញុំ ។ ខ្ញុំ​បាន​គិត​ដល់​ពាក្យ​របស់​ភាសា​ជប៉ុន​ដែល​និយាយ​ថា wakarimasen ។ តើ​ខ្ញុំ​យល់ ឬ មិន​យល់ ?

នៅពេល​ខ្ញុំ​បាន​សិក្សា និង សង្កេត​មើល​ការប្រើ​ពាក្យ យោបល់ នៅក្នុង​ព្រះគម្ពីរ និង ប្រសាសន៍​មក​ពី​ព្យាការី​ដែល​នៅរស់ នោះ​ខ្ញុំ​បាន​យល់​ពី​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​របស់​វា ។ សូម​ពិចារណា​អំពី​ប្រសាសន៍​នេះ​មក​ពី​អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ កាល​លោក​ជា​ប៊ីស្សព​ជា​អធិបតី​នៃ​សាសនាចក្រ ៖

« ដំបូង​យើង​ចាប់ផ្តើម​ដោយ​បញ្ញា ជា​បញ្ញា​ដែល​យើង​មាន​មក​តាំង​ពី​កំណើត ។ នៅ​ពេល​យើង​ស្រាវជ្រាវ​រក​ចម្លើយ សិក្សា ហើយ អប់រំ​ខ្លួន​យើង មាន​ន័យ​ថា យើង​បន្ថែម​ចំណេះដឹង​ទៅ​លើ​បញ្ញា​ដែល​មាន​មក​ជាមួយ​យើង​នោះ ។ យើង​បន្ថែម​បទពិសោធន៍​ទៅ​លើ​ចំណេះ​ដឹង​របស់​យើង ដែល​នាំ​យើង​ទៅ​រក​កម្រិត​មួយ​នៃ​ប្រាជ្ញា ។ ក្រៅ​ពី​ប្រាជ្ញា​របស់​យើង យើង​បន្ថែម​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​តាមរយៈ​ការអធិស្ឋាន​ដោយ​សេចក្តីជំនឿ​របស់​យើង ទូល​សូម​ការណែនាំ​ខាង​វិញ្ញាណ និង កម្លាំង ។ លំដាប់​នោះ យើង​ឈាន​ដល់ យោបល់ មួយ​នៅក្នុង​ចិត្ត​របស់​យើង—ដែល​ជំរុញ​យើង​ឲ្យ ‹ ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ចូរ​ឲ្យ​ផល​មក​តាម​ក្រោយ › ( ទំនុកតម្កើង ឆ្នាំ ១៩៨៥ លេខ ១៤៧ ។ អារម្មណ៍​នៃ​ដួងចិត្ត​ដែល​មាន យោបល់ ផ្តល់​ស្មារតី​នៃ​ការធានា​អះអាង​ដ៏​ជឿជាក់​ដល់​យើង គឺ​មិនត្រឹម​តែ​ដឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ទោះបី​ជា​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក្តី ។ យោបល់ នៅក្នុង​ដួងចិត្ត​របស់​យើង​កើត​ឡើង​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ការសិក្សា និង ការអធិស្ឋាន » ។

រូបភាព
stairs

ឥឡូវ​នេះ​ចូរ​ពិចារណា​ម្តង​ទៀត ៖ « កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេងៗ​នោះ ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង » ។ យោបល់​នៅក្នុង​បរិបទ​នេះ​កើត​មក​ពី​បញ្ញា ចំណេះ​ដឹង បទពិសោធន៍ ប្រាជ្ញា និង ការបំផុសគំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ—ដែល​ទាំង​អស់​នេះ​ដឹកនាំ​យើង​ឲ្យ​ស្គាល់ ហើយ ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។

ភាគច្រើន​អ្នក​ទាំងអស់​គ្នា​កំពុង​ឆ្ពោះ​ទៅ ឬ បាន​ចូល​ដល់​ដំណាក់កាល​នៃ​ការសម្រេច​ចិត្ត​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​អ្នក ។ អ្នក​ប្រែ​កាន់តែ​មាន​ភាពឯករាជ្យ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​អ្នក​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ « ខំ​ឲ្យ​បាន​របស់​ផ្សេងៗ » នៅក្នុង​ដំណាក់កាល​នៃ​ជីវិត​របស់​អ្នក ។ តើ​អ្នក​កំពុង​តែ​ខំ​ឲ្យ​បាន​អ្វី​ខ្លះ ? អ្នក​ប្រហែល​ជា​ខំ​ឲ្យ​បាន​ស្វាមី ឬ ភរិយា មាន​គ្រួសារ​ផ្ទាល់​ខ្លួន និង ការងារ​ជាដើម ។

ដើម្បី​រៀបចំ​កិច្ចការ​សំខាន់ៗ​ទាំង​នេះ ដែល​យើង « ខំ​ឲ្យ​បាន » នោះ​យើង​ក៏​ត្រូវ​ទទួល « យោបល់ » ដូច​ខគម្ពីរ​បង្រៀន​ដែរ ។ យោបល់​នេះ​កើត​ឡើង​តាមរយៈការ​ពឹង​ផ្អែក​ទាំង​លើ​ការសិក្សា និង ការអធិស្ឋាន ។ និយាយ​ម្យ៉ាង​ទៀត យើង​ត្រូវ​ទុកចិត្ត ហើយ​ពឹង​ផ្អែក​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ អាលម៉ា​ពិពណ៌នា​ការណ៍​នេះ នៅពេល​លោក​ប្រដូច​ព្រះបន្ទូល​ទៅ​នឹង​គ្រាប់​ពូជ​មួយ​គ្រាប់ ។ ដូច​លោក​បាន​ថ្លែង​ថា « វា​ចាប់ផ្តើម​បំភ្លឺ យោបល់ របស់​ខ្ញុំ មែន​ហើយ​វា​ចាប់ផ្តើម​មាន​រសជាតិ​ឆ្ងាញ់​ចំពោះ​ខ្ញុំ » ( អាលម៉ា ៣២:២៨ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

ជារឿយៗ​ប្រធាន ថូម៉ាស អេស ម៉នសុន ដកស្រង់​ខគម្ពីរ​មក​ពី​គម្ពីរ​សុភាសិត​ដែល​ជួយ​បន្ថែម​ឲ្យ​យល់​ពី​ការណ៍​នេះ ៖ « ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត និង កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ » ( សុភាសិត ៣:៥ ) ។

នៅពេល​យើង​ទុកចិត្ត ហើយពឹងផ្អែក​លើ​ព្រះអម្ចាស់ នោះ​ទំហំ​នៃ​យោបល់​កើត​ឡើង​ពី​ទ្រង់​ចូល​ទៅក្នុង​ដួងចិត្ត​របស់​យើង ។

« ព្រះ​ហស្ត​របស់​ព្រះអម្ចាស់​នៅ​លើ​ពួកយើង »

ខ្ញុំ​សូម​ផ្តល់​ឧទាហរណ៍​មួយ​អំពី​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ដែល​បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅក្នុង​ការស្តារ​ឡើង​វិញ ដែល​បាន​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ហើយ​ពុំ​បាន​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​គាត់​ឡើយ ។

មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​សាសនាចក្រ​បាន​បង្កើត​ឡើង​នៅក្នុង​ទីក្រុង ប៉ាលម៉ៃរ៉ា រដ្ឋ នូវ យ៉ោក ម្តាយ​របស់​យ៉ូសែប លូស៊ី ម៉ាក ស្ម៊ីធ បាន​បន្ត​នៅទីក្រុង វ៉តធើរ​លូ រដ្ឋ នូវ យ៉ោក ជាមួយ​ពួកបរិសុទ្ធ​មួយ​ក្រុម​ធំ អំឡុង​ពេល​ដែល​ស្វាមី​របស់​គាត់ យ៉ូសែប ស៊ីញ័រ និង កូនប្រុស​មួយ​ចំនួន​របស់​ពួកគេ រួមមាន​ទាំង យ៉ូសែប ជុញ្ញ័រ បាន​ចាកចេញ​មុន​គាត់​ទៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ។ ការទទួលខុសត្រូវ​របស់​គាត់​គឺ​ត្រូវ​នាំ​ពួកបរិសុទ្ធ​ក្រុម​នេះ​ទៅ​រដ្ឋ អូហៃអូ នៅពេល​គាត់​បាន​ទទួល​សារលិខិត​ពី​កូនប្រុស​របស់​គាត់ ដែល​ជា​ព្យាការី ។

សារលិខិត​នោះ​បាន​មក​ដល់​គាត់​នៅ​ដើម​រដូវ​ផ្ការីក​ឆ្នាំ ១៨៣១ ។ ដោយ​មាន​ជំនួយ​មក​ពី​បងប្អូនប្រុស​មួយ​ចំនួន លូស៊ី បាន​ចាប់ផ្តើម​នាំ​ក្រុម​នោះ​ទៅ​ទីក្រុង បាសហ្វាឡូ រដ្ឋ នូវ យ៉ោក ដោយ​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​រដ្ឋ អូហៃអូ ដោយ​ជិះ​ទូក​កាត់​ព្រែក​អេរី ។ គាត់​បាន​និយាយ​ដូចនេះ ៖ « នៅពេល​បងប្អូន​ប្រុស​បាន​គិត​ថា រដូវ​ផ្ការីក​គឺ​ជា​ពេល​សម​ល្មម ដើម្បី​ធ្វើ​ដំណើរ​តាម​ជើង​ទឹក យើង​ទាំងអស់​គ្នា​បាន​ចាប់ផ្តើម​រៀបចំ ដើម្បី​ចេញ​ដំណើរ​ទៅ​ទីក្រុង ខឺត​ឡង់ ។ យើង​បាន​ជួល​ទូក​មួយ… ហើយ… ពួកយើង​មាន​គ្នា​ចំនួន​ប៉ែតសិប​នាក់ » ។

ក្រោយ​មក នៅពេល​ពួកគេ​បាន​ជិះ​ទូក​ទៅដល់ ព្រែក​អេរី ហើយ​បាន​ឆ្ពោះ​ទៅ​ទីក្រុង បាហ្វាឡូ នោះ​គាត់​និយាយ​ដូចនេះ ៖ « ខ្ញុំ​បាន​ហៅ​បងប្អូន​ប្រុសស្រី​ឲ្យ​ជុំ​គ្នា ហើយ​រំឭក​ពួកគេ​ថា យើង​ធ្វើ​ដំណើរ​ដោយសារ​តែ​សេចក្ដីត្រាស់បង្គាប់​របស់​ព្រះអម្ចាស់ គឺ​ដូចជា​លោក​ឪពុក​លីហៃ កាល​លោក​បាន​ចាកចោល​ទីក្រុង​យេរូសាឡិម ហើយ​ដោយ​ភក្ដីភាព នោះ យើង​មាន​ហេតុផល​នឹង​រំពឹង​បាន​ពរជ័យ​ដូចគ្នា​នោះ​ដែរ​មក​ពី​ព្រះ ។ ក្រោយ​មក​ខ្ញុំ​បាន​សូម​ពួកគេ​ឲ្យ​មាន​ចិត្ត​រឹងប៉ឹង ហើយ​តម្រង់​ចិត្ត​របស់​ពួកគេ​ឡើង​ចំពោះ​ព្រះ​ជា​បន្ត​បន្ទាប់នៅក្នុង​ការអធិស្ឋាន ប្រយោជន៍​ឲ្យ​យើង​អាច​ចម្រើន​ឡើង » ។

នៅ​ប្រហែល​ជា​ពាក់​កណ្តាល​ផ្លូវ​ទៅ​ទីក្រុង បាហ្វាឡូ ដែល​ចេញ​ពី​វ៉តធើរ​លូ គឺ​ការធ្វើ​ដំណើរ​តាម​ព្រែក​ជីក​នោះ​បាន​ប្រែ​ជា​ពុំ​អាច​ធ្វើ​ដំណើរ​បាន ។ ស្ថានភាព​សម្រាប់​ពួកបរិសុទ្ធ ៨០ នាក់​គ្មាន​ភាពងាយ​ស្រួល​ឡើយ ហើយ​ការរអ៊ូរទាំ​បាន​ចាប់ផ្តើម​ឡើង​ភ្លាម ។ លូស៊ី​បាន​បង្រួបបង្រួម​សេចក្តីជំនឿ​របស់​ពួកគេ​ដោយ​ពឹងផ្អែក​លើ​ព្រះអម្ចាស់ ។ គាត់​ប្រាប់​ពួកគេ​ដូចនេះ ៖ « ទេ ទេ … បងប្អូន​មិន​ស្រែកឃ្លាន​ឡើយ ទោះ​ជា​បងប្អូន​ប្រុស ឬ នរណា​ផ្សេង​ទៀត​ក្តី សូម​មាន​ចិត្ត​អត់ធ្មត់ ហើយ​ឈប់​រអ៊ូរទាំ ។ ខ្ញុំ​គ្មាន​ចិត្ត​សង្ស័យ​ឡើយ ហើយ​ព្រះហស្ត​របស់​ព្រះអម្ចាស់​នៅ​លើ​ពួកយើង » ។

នៅពេល​ពួកគេ​បាន​ទៅ​ដល់​ទីក្រុង បាហ្វាឡូ​នៅ​ថ្ងៃ​ទី ៥​បន្ទាប់​ពី​ចេញ​ពី​វ៉តធើរ​លូ កំពង់ផែ​ដែល​ត្រូវ​នាំ​ទៅ​ដល់​ព្រែក​អេរី​នោះ​បាន​កក ។ ពួកគេ​បាន​ធ្វើ​ដំណើរ​លើ​ទូក​ជាមួយ​មេបញ្ជាការ ប្លេក ជា​បុរស​ម្នាក់​ដែល​បាន​ស្គាល់ លូស៊ី ស៊្មីធ និង គ្រួសារ​របស់​គាត់ ។

ពីរបី​ថ្ងៃ​ក្រោយ​មក ទោះបី​ជា​ស្ថានភាព​នៅ​លើ​ទូក​នោះ​មិន​អំណោយផល​ដល់​ពួកគេ​ទាំងអស់​គ្នា​ឲ្យ​បន្ត​ស្នាក់​នៅ អំឡុង​ពេល​រង់ចាំ​ការប្រាប់​ឲ្យ​ចេញ​ដំណើរ​ក្តី លូស៊ី បាន​រៀបរាប់​ថា « ចាប់តាំង​ពី​ពេល​នោះ​មក​មេបញ្ជាការ ប្លេក បាន​ស្នើសុំ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​បន្ត​ជិះ​នៅ​លើ​ទូក​នោះ​ទៀត ដោយសារ​គាត់​ចង់​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ចាប់ផ្តើម​គ្រា​នៃ​ការប្រុងប្រយ័ត្ន ក្នុង​ពេល​ដំណាល​គ្នា​នោះ​ដែរ គាត់​បាន​បញ្ជូន​មនុស្ស​ម្នាក់​ឲ្យ​ទៅ​វាស់វែង​មើល​ជម្រៅ​នៃ​ទឹកកក ហើយ​នៅពេល​បុរស​នោះត្រឡប់​មក​វិញ​បាន​រាយការណ៍​ថា ទឹកកក​នោះ​កករឹង​កម្ពស់ ៦ ម៉ែត្រ ហើយ​ថា​តាម​គំនិត​របស់​គាត់ នោះ​យើង​នឹង​បន្ត​នៅ​លើ​កំពង់ផែ​នេះ យ៉ាងហោច​ណាស់​ពីរសប្តាហ៍​ទៀត » ។

ព័ត៌មាន​នេះ​ធ្វើ​ឲ្យ​មនុស្ស​នៅក្នុង​ក្រុម​មាន​ការភ័យ​រន្ធត់​ជា​ខ្លាំង ។ គ្រឿង​បរិក្ខារ​ប្រើប្រាស់​បាន​អស់ ហើយ​ស្ថានភាព​មាន​ការលំបាក ។ លូស៊ី ម៉ាក ស្ម៊ីធ បាន​រៀបរាប់​បន្ថែម​ទៀត​អំពី​ការក្រើន​រំឭក​ដល់​ពួកបរិសុទ្ធ​ដូច្នេះ ៖ « បងប្អូន​និយាយ​ថា បងប្អូន​ដាក់​ទីទុកចិត្ត​របស់​ខ្លួន​លើ​ព្រះ ដូច្នេះ​តើ​បងប្អូន​អាច​មាន​អារម្មណ៍​រអ៊ូរទាំ និង ស្តីបន្ទោស​ដូច​បងប្អូន​បាន​ធ្វើ​នេះ​យ៉ាង​ដូចម្តេច ! បងប្អូន​កាន់តែ​គ្មាន​ហេតុផល​ជាង​ពួកកូនចៅ​សាសន៍​អ៊ីស្រាអែល​ទៅ​ទៀត ដ្បិត​បងប្អូន​ស្រី​ក្នុង​សាសនាចក្រ​របស់​ខ្ញុំ​ចង់​បាន​កៅអី​ដ៏​សុខស្រួល​របស់​ពួកគេ ហើយ​បងប្អូន​ប្រុស​ដែល​ខ្ញុំ​រំពឹង​ថា​ជា​អ្នក​ដែល​រឹងប៉ឹង និង មាន​កម្លាំង​ប្រកាស​ថា​ពួកគេ​ជឿ​យ៉ាង​ប្រាកដ​ថា ពួកគេ​នឹង​ឃ្លាន​ដាច់​ពោះ​ស្លាប់ ពីមុន​ពួកគេ​ទៅ​ដល់​គោលដៅ​នៃ​ដំណើរ​របស់​ពួកគេ ។ ហើយ​ហេតុអ្វី​វា​ប្រែ​ជា​បែប​នេះ ? តើ​មាន​នរណា​ម្នាក់​គ្មាន​អាហារ​គ្រប់គ្រាន់​ឬ ? … តើ​សេចក្ដីជំនឿ​របស់​បងប្អូន​នៅ​ឯណា ? តើ​ការទុកចិត្ត​របស់​បងប្អូន​ទៅលើ​ព្រះ​នៅ​ត្រង់​ណា ? តើ​បងប្អូន​មិន​ដឹង​ទេ​ឬ​ថា អ្វីៗ​ទាំងអស់​គឺ​ទ្រង់​ជា​អង្គ​ដែល​ធ្វើ​កិច្ចការ​ទាំង​នេះ ហើយ​ថា​ទ្រង់​គ្រប់គ្រង​លើ​កិច្ចការ​ទាំងនេះ​ដោយ​ព្រះហស្ត​របស់​ទ្រង់​ផ្ទាល់ ? ហើយ​គិត​ថា ពួកបរិសុទ្ធ​ទាំងអស់​នៅ​ទីនេះ​គួរតែ​តម្រង់​ចិត្ត​របស់​ខ្លួន​ឡើង ដោយ​ការអធិស្ឋាន​ទៅ​កាន់​ព្រះ​ថា នឹង​មាន​ផ្លូវ​អាច​បើក​បាន​នៅ​ចំពោះ​មុខ​យើង នោះ​វា​ពិត​ជា​ងាយ​ណាស់​សម្រាប់​ទ្រង់ ដើម្បី​បំបែក​ទឹក​កក​នោះ ប្រយោជន៍​ឲ្យ​យើង​អាច​បន្ត​ដំណើរ​របស់​យើង​ទៅមុខ​ទៀត ! »

រូបភាព
Saints on boat

ឥឡូវ​នេះ សូម​អង្កេត​ពី​សេចក្តីជំនឿ​ដ៏​អស្ចារ្យ​របស់​អ្នក​ម្តាយ​ស្ម៊ីធ—ថា​តើ​គាត់​បាន​ជ្រើសរើស​ទុកចិត្ត​លើ​ព្រះអម្ចាស់​ខ្លាំង​ប៉ុណ្ណា ហើយ​ថា​គាត់​បាន​សូម​ឲ្យ​ពួកបរិសុទ្ធ​ដែល​នៅ​ជាមួយ​គាត់ កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ពួកគេ​ខ្លាំង​ប៉ុណ្ណា ៖

« ‹ ឥឡូវនេះ ឱ​បងប្អូន​ប្រុស​ស្រី​ទាំងឡាយ​អើយ ប្រសិនបើ​បងប្អូន​ទាំងអស់​គ្នា​នឹង​អំពាវនាវ​ទៅ​ដល់​ស្ថានសួគ៌ អំពី​បំណងប្រាថ្នា​របស់​បងប្អូន ដើម្បី​ឲ្យ​ដុំ​ទឹកកក​នេះ​អាច​នឹង​បែក ហើយ​ដើម្បី​ឲ្យ​យើង​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន ដរាប​ណា​ព្រះអម្ចាស់​មាន​ព្រះជន្មរស់ នោះ​វា​នឹង​សម្រេច​បាន​យ៉ាង​ដូច្នោះ › ។ រំពេច​នោះ មាន​សំឡេង​មួយ​បន្លឺ​ឡើង​ដូចជា​ផ្គរ​លាន់ ។ មេបញ្ជាការ​បាន​ស្រែក​ថា ‹ អ្នក​គ្រប់​គ្នា ចូរ​ទៅ​កាន់​កន្លែង​រៀង​ខ្លួន › ។ ដុំ​ទឹកកក​បាន​បែក​ប្រេះ​ចេញ ដោយ​ទុក​ច្រក​តូច​មួយ​សម្រាប់​ទូក ហើយ​នៅពេល​ទូក​បាន​ឆ្លងកាត់​តាម​ផ្លូវ​តូច​ចង្អៀត​នោះ ស្លាប​ចាក់​របស់​ម៉ាស៊ីន​ទូក​បាន​បាក់​ដោយសារ​ការប៉ះទង្គិច​ជាមួយ​ទឹកកក ទាំង​សំឡេង​ស្រែក​បញ្ជា​ពី​មេបញ្ជាការ រួម​នឹង​សំឡេង​ស្រែក​យ៉ាង​ពេញ​ទំហឹង​របស់​អ្នក​បើក​ក្ដោង​ទូក និង សំឡេង​ទឹក​កក ព្រមទាំង​សំឡេង​ស្រែក​របស់​អ្នក​មើល​ពី​លើ​ដីគោក បាន​បង្ហាញ​ពី​ឈុតឆាក​ដែល​គួរ​ឲ្យ​រន្ធត់​ខ្លាំង​បំផុត ។ យើង​បាន​ឆ្លង​ផុត​តែ​បន្ដិច​តាម​ផ្លូវ​ដែល​ទឹកកក​នោះ​បាន​ប្រេះ​ចេញ​ពី​គ្នា ពី​មុន​ពេល​ដែល​ទឹកកក​ភ្ជិត​ជាប់​គ្នា​វិញ​ម្ដង​ទៀត ហើយ​បងប្អូន​ប្រុស​នៅ​ទីក្រុង​ខូលស្វិល ត្រូវ​បាន​ទុក​ឲ្យ​នៅ​ទីក្រុង​បាហ្វាឡូ ដោយ​ពុំ​មក​តាម​យើង​ឡើយ ។

« នៅពេល​យើង​ចាកចេញ​ពី​កំពង់ផែ មាន​មនុស្ស​ម្នាក់​ដែល​មើល​ពី​លើដី​គោក​បាន​ស្រែក​ឡើង​ថា ‹ នោះន៎​ក្រុម​អ្នក​ដំណើរ « មរមន » ! ទូក​នោះ​បាន​លិច​ចុះ​ទៅ​ក្នុង​ទឹក​ជ្រៅ​ជាង​មុន​២៣​សង់ទីម៉ែត្រ ហើយ​ឃើញ​ថា ទូក​នោះ​នឹង​លិច—វា​ប្រាកដ​ជា​លិច › ។ ប្រាកដ​ណាស់ ពួកគេ​ប្រាកដ​ក្នុង​ចិត្ត​ថា​ដូច្នោះ ទើប​ពួកគេ​បាន​ដើរ​សំដៅ​ទៅរក​ការិយាល័យ [ សារព័ត៌មាន ] ហើយ​ឲ្យ​គេ​ចុះផ្សាយ​អំពី​រឿង​នោះ​ថា ពួកយើង​បាន​លិច​ទូក ដូច្នោះ​នៅពេល​ពួកយើង​បាន​ទៅ​ដល់​ហ្វែផត នោះ​យើង​អាន​ព័ត៌មាន​អំពី​ការស្លាប់​របស់​យើង​ផ្ទាល់ » ។

« កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ »

« កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេងៗ នោះ​ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង » ឬ និយាយ​ម្យ៉ាង​ទៀត​ថា « ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត និង កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ » ( សុភាសិត ៣:៥ ) ។

ខ្ញុំ​បាន​សង្កេត​មើល​ផ្ទាល់​អំពីទុក្ខព្រួយ និង ការបំផ្លិចបំផ្លាញ​ផ្ទាល់ ធ្លាក់​ទៅលើ​អស់​អ្នក​ដែល​ផ្តោតចិត្ត​លើ « ការខំ​ឲ្យ​បាន » របស់​ខាង​លោកិយ ដោយ​មិន​ផ្តោត​លើ « យោបល់ » របស់​ព្រះអម្ចាស់ ។ វា​ហាក់បី​ដូចជា​អស់​អ្នក​ដែល​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន ឬ ដាក់​ទី​ទុកចិត្ត​របស់​ខ្លួន​ទៅ​លើ​ដៃ​នៃ​មនុស្ស ទំនង​ជា​បង្កើត​វិសមាមាត្រ​នៃ​ការផ្តោតចិត្ត​ទុកដាក់ ឬ ការលោភ​ចង់​បាន​វត្ថុ​នានា កិត្យានុភាព អំណាច និង មុខនាទី ។ ប៉ុន្តែ​ការបន្ត « ខំ​ឲ្យ​បាន » ដែល​ស្រប​ជាមួយ​នឹង​ការណែនាំ​ពី​ខគម្ពីរ​អំពី « យោបល់ » នឹង​គ្រប់គ្រង​ចំណង់​ចង់បាន​ខាង​លោកិយ​របស់​អ្នក ។ វា​នឹង​ធ្វើ​ឲ្យ​មាន​បរិបទ​ត្រឹមត្រូវ​សម្រាប់​សកម្មភាព​របស់​អ្នក ថា​ជា​សមាជិក​ដែល​មាន​ប្រយោជន៍​ចំពោះ​សង្គម និង នគរ​របស់​ព្រះអម្ចាស់ ។

កាល​ជា​និស្សិត​វ័យក្មេង ដែល​ពោរពេញ​ដោយ​មហិច្ឆិតា ខ្ញុំ​ចាំ​ពី​ការស្តាប់​តាម​អ្នក​ប្រឹក្សា​ដែល​គួរ​ឲ្យ​គោរព និង មាន​ជោគជ័យ ដែល​ផ្តល់​យោបល់​ថា យើង​ចាត់ចែង​មហិច្ឆិតា​ឲ្យ​បាន​ត្រឹមត្រូវ តាមរយៈ​ការធ្វើ​តាម​របៀបរបប​មួយ​នៃ « ការរៀន, ការរកប្រាក់​ចំណូល, ការបម្រើ » ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បាន​បង្រៀន​គំរូ​មួយ ដែល​នាំ​ឲ្យ​មាន​ទីទុកចិត្ត​លើ​ព្រះអម្ចាស់ និង ពឹងផ្អែក​លើ​ទ្រង់​ជាង​ពឹងលើ​ខ្លួន​យើង ។ លោក​មាន​ប្រសាសន៍​ដូចនេះ ៖ « យើង​ម្នាក់ៗ​មាន​ការទទួលខុសត្រូវ​បួន​យ៉ាង ។ ទីមួយ យើង​មាន​ការទទួលខុសត្រូវ​ចំពោះ​គ្រួសារ​យើង ។ ទីពីរ យើង​មាន​ការទទួលខុសត្រូវ​ចំពោះ​និយោជក​យើង ។ ទីបី យើង​មាន​ការទទួលខុសត្រូវ​ចំពោះ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ទីបួន យើង​មាន​ការទទួលខុសត្រូវ​ចំពោះ​ខ្លួន​យើង » ។

យើង​ត្រូវ​ចេះ​ថ្លឹងថ្លែង​វា ។ ប្រធាន ហ៊ិងគ្លី បាន​ផ្តល់​យោបល់​ថា យើង​បំពេញ​ការទទួលខុសត្រូវ​ទាំង​បួន​នេះ តាមរយៈ​ការអធិស្ឋាន​ជា​គ្រួសារ រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ការសិក្សា​ព្រះគម្ពីរ​ជាគ្រួសារ ភាពទៀងត្រង់ និង ភាពស្មោះត្រង់​ចំពោះ​និយោជក​របស់​យើង បំពេញ​ការទទួលខុសត្រូវ​របស់​យើង​ចំពោះ​សាសនាចក្រ ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ការសម្រាក ការកម្សាន្ត និង ការហាត់ប្រាណ ។

អ្នក​ប្រាជ្ញ​ទស្សនវិជ្ជា​អាមេរិក និង កវីនិពន្ធ រ៉ាលហ្វ វ៉លដូ អែមើសុន បាន​និយាយ​ដូចនេះ « គ្រា​នេះ ក៏​ដូច​ជា​គ្រា​ណាៗ​ដែរ វាគឺ​ជា​គ្រាមួយ​ដ៏​ល្អ​បំផុត ប្រសិនបើ​យើង​ដឹង​ថា ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​នៅ​គ្រានោះ » ។

សំណាង​ល្អ​ណាស់ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ជានិច្ច ។ ដោយ​ការចេះដឹង​របស់​អ្នក​អំពី​ព្រះវរបិតាសួគ៌​ដែល​ពោរពេញ​ដោយ​ក្តីស្រឡាញ់ និង ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា នោះ​អ្នក​ដឹង​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ ។ ឥឡូវ​នេះ សូម​ប្រឹងប្រែង​ឲ្យ​កាន់តែ​ខ្លាំងឡើង ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក ។

នៅក្នុង​សុន្ទរកថា​សន្និសីទ​ទូទៅ ប្រធាន ម៉នសុន​បាន​ដកស្រង់​ពីគម្ពីរ​សុភាសិត ដែល​លោក​ធ្លាប់​បាន​ដកស្រង់​ពីមុន ៖ « ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ » ។ « ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​អ្នក​ចុះ នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​អ្នក » ។ បន្ទាប់​មក​លោក​មាន​ប្រសាសន៍​ថា « នោះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​ជីវិត​របស់​ខ្ញុំ » ។ ឱ នោះ​គឺ​ជា​ជីវិត​មួយ​ដែល​គួរ​តែ​យក​ធ្វើ​ជា​គំរូ​ណាស់ ។

ខ្ញុំ​មាន​ក្តីសង្ឃឹម​ដ៏​ធំធេង​ពី​អ្នករាល់គ្នា ហើយ​ព្រះវរបិតា និង ព្រះរាជបុត្រា​ក៏​មាន​ក្តីសង្ឃឹម​បែប​នោះ​ដែរ ។ ខ្ញុំ​សូម​បញ្ចប់​នៅ​ត្រង់​ចំណុច​ដែល​ខ្ញុំ​បាន​ចាប់ផ្តើម—ជា​មួយ​នឹង​ការដាស់តឿន ដែល​មាន​នៅក្នុង​គម្ពីរ​សុភាសិត ៖ « កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេងៗ​នោះ ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង » ។

ចូរ​ខំ​ឲ្យ​បាន​យោបល់​ពិតប្រាកដ ។ យោបល់​ពិតប្រាកដ​នឹង​កើត​មាន​ចំពោះ​អ្នក នៅពេល​អ្នក​ទទួល​ស្គាល់​ទំនាក់ទំនង​នៃ​ការសិក្សា និង ការអធិស្ឋាន នៅពេល​អ្នក​រក្សា​ការតាំងចិត្ត​ដើម្បី​បម្រើ​អំឡុង​ពេល​រៀន និង ធ្វើការ​រក​ប្រាក់​ចំណូល ព្រមទាំង​នៅពេល​អ្នក​មិន​ពឹងផ្អែក​លើ​ខ្លួន​ឯង ប៉ុន្តែ​ពឹងផ្អែក​លើ​ព្រះអម្ចាស់​វិញ​នោះ ។

កំណត់​ចំណាំ

  1. រ៉ូបឺត ឌី ហែល « Making Righteous Choices at the Crossroads of Life » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៨ ទំព័រ ១០ ការគូសបញ្ជាក់​បាន​បន្ថែម ។

  2. ឧទាហរណ៍​សូម​មើល ថូម៉ាស អេស. ម៉នសុន « A Word at Closing » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ១១២ ។

  3. លូស៊ី ម៉ាក ស្ម៊ីធ History of Joseph Smith by His Mother, Lucy Mack Smith ( ឆ្នាំ ១៩៧៩ ) សូមមើល​ទំព័រ ១៩៥–៩៩, ២០២–២០៥ ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  4. សូមមើល ហ្គរដុន ប៊ី ហ៊ិងគ្លី « Rejoicing in the Privilege to Serve » Worldwide Leadership Training Meeting ថ្ងៃ​ទី ២១​ខែ មិថុនា ឆ្នាំ ២០០៣ ទំព័រ ២២, ២៣ ។

  5. រ៉ាលហ្វ វ៉លដូ អែមើសុន នៅក្នុង « The American Scholar » សុន្ទរកថា​ដែល​បាន​ថ្លែង​នៅ​ថ្ងៃ​ទី ៣១ ខែ សីហា ឆ្នាំ ១៨៣៧ នៅ​មហាវិទ្យាល័យ​ខេមប្រ៊ីដ ។

  6. ថូម៉ាស អេស. ម៉នសុន « A Word at Closing » ទំព័រ ១១២ ដកស្រង់​ពី សុភាសិត ៣:៥–៦ ។